-
អ្នកចាស់ទុំទាំងឡាយ តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការបង្ហាត់បង្រៀនបងប្អូនឯទៀត?ទស្សនាវដ្ដីប៉មយាម ២០១៥ | ១៥ មេសា
-
-
អ្នកចាស់ទុំទាំងឡាយ តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការបង្ហាត់បង្រៀនបងប្អូនឯទៀត?
«មានពេលសំរាប់គ្រប់ទាំងអស់»។—សាស្ដា ៣:១
១, ២. នៅក្រុមជំនុំជាច្រើន តើអ្នកត្រួតពិនិត្យប្រចាំមណ្ឌលបានកត់សម្គាល់អ្វី?
អ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់ហៀបនឹងបញ្ចប់កិច្ចប្រជុំជាមួយនឹងពួកអ្នកចាស់ទុំ។ កាលដែលគាត់មើលមុខបងប្អូនទាំងនោះ គាត់មានចិត្តស្រឡាញ់យ៉ាងខ្លាំងចំពោះពួកគាត់ដែលមានចិត្តខ្នះខ្នែង។ ពួកគាត់ខ្លះមានអាយុអាចធ្វើជាឪពុករបស់គាត់បាន។ ក៏ប៉ុន្តែ មានរឿងដ៏សំខាន់មួយដែលធ្វើឲ្យគាត់ព្រួយបារម្ភ។ គាត់បានសួរពួកអ្នកចាស់ទុំថា៖ «បងប្អូន តើបងប្អូនបានធ្វើអ្វីដើម្បីបង្ហាត់បង្រៀនបងប្អូនឯទៀតឲ្យទទួលភារកិច្ចថែមទៀតក្នុងក្រុមជំនុំ?»។ ពួកអ្នកចាស់ទុំបានដឹងថា ក្នុងអំឡុងទស្សនកិច្ចលើកមុនរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល គាត់បានលើកទឹកចិត្តពួកគាត់ឲ្យចំណាយពេលថែមទៀតក្នុងការបង្ហាត់បង្រៀនបងប្អូនឯទៀត។ នៅទីបំផុត អ្នកចាស់ទុំម្នាក់បានសារភាពថា៖ «យើងមិនសូវបានបង្ហាត់បង្រៀនបងប្អូនឯទៀតទេ»។ អ្នកចាស់ទុំឯទៀតក៏បានយល់ស្របដែរ។
២ បើអ្នកជាអ្នកចាស់ទុំ អ្នកក៏ប្រហែលជានឹងឆ្លើយដូចនោះដែរ។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលបានកត់សម្គាល់ថា អ្នកចាស់ទុំជាច្រើនត្រូវចំណាយពេលថែមទៀតក្នុងការបង្ហាត់បង្រៀនបងប្អូនដែលមានវ័យក្មេងនិងវ័យចាស់ដើម្បីជួយថែរក្សាក្រុមជំនុំ។ ក៏ប៉ុន្តែ នេះប្រហែលជាការពិបាកណាស់។ ហេតុអ្វីដូច្នោះ?
៣. (ក) តើតាមរបៀបណាគម្ពីរបង្ហាញថាការបង្ហាត់បង្រៀនបងប្អូនឯទៀតគឺសំខាន់ចាំបាច់ ហើយហេតុអ្វីយើងទាំងអស់គ្នាគួរចាប់អារម្មណ៍អំពីការបង្ហាត់បង្រៀននេះ? (សូមមើលកំណត់សម្គាល់) (ខ) ហេតុអ្វីប្រហែលជាពិបាកសម្រាប់អ្នកចាស់ទុំខ្លះក្នុងការបង្ហាត់បង្រៀនបងប្អូនឯទៀត?
៣ ក្នុងនាមជាអ្នកចាស់ទុំ អ្នកដឹងថាការចំណាយពេលបង្ហាត់បង្រៀនបងប្អូនឯទៀតគឺសំខាន់ចាំបាច់។a (សូមមើលកំណត់សម្គាល់) អ្នកដឹងថាក្រុមជំនុំត្រូវការបងប្អូនប្រុសថែមទៀតដើម្បីជួយក្រុមជំនុំឲ្យមានចំណងមិត្តភាពរឹងមាំជាមួយនឹងព្រះនៅឥឡូវនេះ និងដើម្បីជួយក្រុមជំនុំថ្មីនៅអនាគត។ (សូមអាន អេសាយ ៦០:២២) អ្នកក៏ដឹងដែរថា បណ្ដាំរបស់ព្រះដាស់តឿនអ្នកឲ្យ‹បង្រៀនអ្នកឯទៀត›។ (សូមអាន ធីម៉ូថេទី២ ២:២) ក៏ប៉ុន្តែ ប្រហែលជាអ្នកពិបាកចំណាយពេលធ្វើដូច្នោះ ពីព្រោះអ្នកត្រូវបំពេញសេចក្ដីត្រូវការរបស់ក្រុមគ្រួសារអ្នក ហើយក៏ត្រូវធ្វើការងាររបស់អ្នកដែរ។ ម្យ៉ាងទៀត អ្នកត្រូវបំពេញសេចក្ដីត្រូវការរបស់ក្រុមជំនុំ និងត្រូវធ្វើកិច្ចការផ្សេងទៀតជាបន្ទាន់។ ដោយសារមានកិច្ចការជាច្រើនដែលត្រូវធ្វើ ដូច្នេះសូមយើងពិចារណាថា ហេតុអ្វីជាការសំខាន់ដែលអ្នកត្រូវលៃពេលដើម្បីបង្ហាត់បង្រៀនបងប្អូនឯទៀត?
ការបង្ហាត់បង្រៀនជាកិច្ចការដែលត្រូវធ្វើជាបន្ទាន់
៤. ហេតុអ្វីជួនកាលអ្នកចាស់ទុំខ្លះបង្អែបង្អង់ក្នុងការបង្ហាត់បង្រៀនបងប្អូនប្រុសឯទៀត?
៤ ហេតុអ្វីអ្នកចាស់ទុំខ្លះប្រហែលជាពិបាកលៃពេលដើម្បីបង្ហាត់បង្រៀនបងប្អូនប្រុសក្នុងក្រុមជំនុំ? ពួកគាត់ខ្លះប្រហែលជាគិតថា ‹មានកិច្ចការផ្សេងទៀតក្នុងក្រុមជំនុំដែលប្រញាប់ជាង ហើយត្រូវធ្វើភ្លាមៗ។ ទោះជាខ្ញុំមិនបង្ហាត់បង្រៀនបងប្អូនឯទៀតភ្លាមៗក្ដី ក៏នឹងមិនប៉ះពាល់ដល់ក្រុមជំនុំដែរ›។ តើនោះជាការពិតឬទេ? មានរឿងផ្សេងទៀតដែលប្រហែលជាតម្រូវឲ្យអ្នកដោះស្រាយភ្លាមៗ។ ប៉ុន្តែ បើអ្នកបង្អែបង្អង់ក្នុងការបង្ហាត់បង្រៀនបងប្អូនប្រុសឯទៀត នោះអ្នកអាចធ្វើឲ្យក្រុមជំនុំមិនសូវជឿនទៅមុខខាងការគោរពប្រណិប័តន៍។
៥, ៦. តើយើងអាចទាញមេរៀនអ្វីពីឧទាហរណ៍អំពីអ្នកបើកឡាន ហើយតើតាមរបៀបណាគាត់អាចថែរក្សាឡានរបស់គាត់ឲ្យនៅល្អ? តើឧទាហរណ៍នេះជាប់ទាក់ទងនឹងការបង្ហាត់បង្រៀនបងប្អូនក្នុងក្រុមជំនុំយ៉ាងដូចម្ដេច?
៥ សូមគិតអំពីឧទាហរណ៍មួយ។ ដើម្បីថែរក្សាឡានឲ្យនៅល្អ អ្នកបើកបរដឹងថាគាត់ត្រូវដូរប្រេងជាទៀងទាត់។ ក៏ប៉ុន្តែ គាត់ប្រហែលជាគិតថាអ្វីដែលត្រូវធ្វើជាបន្ទាន់គឺចាក់សាំងសិន ពីព្រោះបើគ្មានសាំងទេ ឡានមិនអាចទៅមុខបានឡើយ។ គាត់ក៏ប្រហែលជាគិតដែរថា បើគាត់រវល់ពេក គាត់អាចប្ដូរប្រេងឡាននៅពេលក្រោយក៏បាន។ យ៉ាងណាមិញ ឡាននៅតែទៅមុខសម្រាប់មួយរយៈពេល។ ប៉ុន្តែ នេះអាចនាំឲ្យមានគ្រោះថ្នាក់។ បើអ្នកបើកឡានមិនប្ដូរប្រេងពេលដែលត្រូវប្ដូរទេ មិនយូរមិនឆាប់ឡាននោះនឹងខូច។ នៅទីបំផុត គាត់នឹងត្រូវចំណាយពេលវេលានិងលុយច្រើនដើម្បីជួសជុលឡាននោះ។ តើយើងទាញមេរៀនអ្វីពីឧទាហរណ៍នេះ?
៦ ពួកអ្នកចាស់ទុំត្រូវដោះស្រាយឲ្យបានឆាប់រហ័សនូវរឿងដែលសំខាន់ៗ។ បើពួកគាត់មិនធ្វើដូច្នោះទេ នោះនឹងប៉ះពាល់ដល់ការគោរពប្រណិប័តន៍របស់ក្រុមជំនុំ។ ដូចអ្នកបើកឡានដែលត្រូវចាក់សាំងជាទៀងទាត់ នោះអ្នកចាស់ទុំត្រូវ«ដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។ (ភីលីព ១:១០) ក៏ប៉ុន្តែ អ្នកចាស់ទុំខ្លះប្រហែលជាជាប់រវល់ក្នុងរឿងសំខាន់ៗរហូតដល់ពួកគាត់គ្មានពេលបង្ហាត់បង្រៀនបងប្អូនឯទៀតទេ។ នេះប្រៀបដូចជាអ្នកបើកឡានដែលមិនបានប្ដូរប្រេង។ បើអ្នកចាស់ទុំបង្អែបង្អង់ក្នុងការបង្ហាត់បង្រៀនបងប្អូនប្រុស មិនយូរមិនឆាប់ក្រុមជំនុំនឹងខ្វះបងប្អូនប្រុសដែលមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីធ្វើអ្វីទាំងអស់ដែលចាំបាច់សម្រាប់ក្រុមជំនុំ។
៧. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះអ្នកចាស់ទុំដែលលៃពេលដើម្បីបង្ហាត់បង្រៀនបងប្អូនឯទៀត?
៧ ដូច្នេះ សូមកុំគិតឲ្យសោះថាការបង្ហាត់បង្រៀននោះមិនមែនជារឿងដែលត្រូវធ្វើជាបន្ទាន់នោះឡើយ។ ពួកអ្នកចាស់ទុំដែលគិតអំពីអនាគតរបស់ក្រុមជំនុំ ហើយដែលលៃពេលដើម្បីបង្ហាត់បង្រៀនបងប្អូនឯទៀត គឺជាអ្នកបម្រើដែលឈ្លាសវៃ ហើយមានតម្លៃចំពោះបងប្អូនក្នុងក្រុមជំនុំ។ (សូមអាន ពេត្រុសទី១ ៤:១០) តើក្រុមជំនុំទទួលប្រយោជន៍យ៉ាងដូចម្ដេច?
ចូរចេះលៃពេលវេលា
៨. (ក) តើមានមូលហេតុអ្វីខ្លះដែលអ្នកចាស់ទុំត្រូវបង្ហាត់បង្រៀនបងប្អូនឯទៀត? (ខ) អ្នកចាស់ទុំដែលបម្រើនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង តើពួកគាត់មានភារកិច្ចអ្វីដែលត្រូវធ្វើជាបន្ទាន់? (សូមមើលប្រអប់«ភារកិច្ចដែលត្រូវធ្វើជាបន្ទាន់»)
៨ ទោះជាពួកអ្នកចាស់ទុំមានបទពិសោធន៍ច្រើនយ៉ាងណាក្ដី ពួកគាត់ក៏ត្រូវមានចិត្តរាបទាប ហើយទទួលស្គាល់ថាពេលដែលពួកគាត់កាន់តែចាស់ ពួកគាត់នឹងមិនអាចធ្វើច្រើនដូចដែលពួកគាត់ធ្វើនៅឥឡូវនេះទេ។ (មីកា ៦:៨) ម្យ៉ាងទៀត អ្នកចាស់ទុំគួរដឹងថា«ពេលវេលានឹងឱកាស»ដែលមិនបានរំពឹងទុកអាចកើតឡើងភ្លាមៗដែលធ្វើឲ្យពួកគាត់ពិបាកបំពេញភារកិច្ចរបស់ខ្លួន។ (សាស្ដា ៩:១១, ១២; យ៉ាកុប ៤:១៣, ១៤) ដូច្នេះ ដោយសារពួកអ្នកចាស់ទុំស្រឡាញ់រាស្ត្ររបស់ព្រះយេហូវ៉ា ហើយយកចិត្តទុកដាក់ចំពោះពួកគេ នោះពួកគាត់ខំព្យាយាមបង្រៀនបងប្អូនវ័យក្មេងនូវអ្វីដែលពួកគាត់បានរៀនអស់ជាច្រើនឆ្នាំមកហើយ។—សូមអាន ទំនុកតម្កើង ៧១:១៧, ១៨
៩. តើមានព្រឹត្ដិការណ៍អ្វីនៅអនាគតដែលធ្វើឲ្យការបង្ហាត់បង្រៀនកាន់តែសំខាន់?
៩ ពួកអ្នកចាស់ទុំដែលបង្ហាត់បង្រៀនបងប្អូនឯទៀតក៏មានតម្លៃដែរ ពីព្រោះការព្យាយាមរបស់ពួកគាត់នឹងជួយពង្រឹងជំនឿរបស់ក្រុមជំនុំ។ ការបង្ហាត់បង្រៀននោះនឹងជួយបងប្អូនប្រុសកាន់តែច្រើនឲ្យត្រៀមខ្លួនដើម្បីជួយក្រុមជំនុំឲ្យនៅតែមានសាមគ្គីភាព ហើយនៅស្មោះត្រង់ចំពោះព្រះ។ កិច្ចការនេះគឺសំខាន់នៅឥឡូវនេះ ហើយនឹងកាន់តែសំខាន់ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងដែលជិតមកដល់។ (អេសេគាល ៣៨:១០-១២; មីកា ៥:៤, ៥) ដូច្នេះ អ្នកចាស់ទុំជាទីស្រឡាញ់អើយ សូមលៃទុកពេលជាទៀងទាត់ដើម្បីបង្ហាត់បង្រៀនបងប្អូនឯទៀត។ សូមចាប់ផ្ដើមពីថ្ងៃនេះ។
១០. ដើម្បីមានពេលបង្ហាត់បង្រៀនបងប្អូនឯទៀត តើអ្នកចាស់ទុំប្រហែលជាត្រូវធ្វើអ្វី?
១០ យើងដឹងថាអ្នករវល់ខ្លាំងណាស់ ដោយសារអ្នកត្រូវដោះស្រាយរឿងសំខាន់ជាច្រើនក្នុងក្រុមជំនុំ។ ហេតុនេះ អ្នកប្រហែលជាត្រូវលៃពេលខ្លះពីការបំពេញភារកិច្ចទាំងនោះ ដើម្បីបង្ហាត់បង្រៀនបងប្អូនឯទៀត។ (សាស្ដា ៣:១) ការធ្វើដូច្នោះនឹងជួយអ្នកឲ្យចេះលៃពេលវេលារបស់អ្នក ហើយនេះក៏នឹងជួយក្រុមជំនុំឲ្យទទួលប្រយោជន៍នៅពេលអនាគតដែរ។
ចូរបង្កើតឲ្យមានបរិយាកាសល្អ
១១. (ក) ស្តីអំពីយោបល់របស់អ្នកចាស់ទុំពីប្រទេសផ្សេងៗក្នុងការបង្ហាត់បង្រៀនបងប្អូនប្រុស តើមានចំណុចអ្វីដែលគួរឲ្យចាប់អារម្មណ៍? (ខ) យោងទៅតាមសុភាសិត ១៥:២២ ហេតុអ្វីជាការសំខាន់ដែលយើងពិចារណាយោបល់របស់អ្នកចាស់ទុំឯទៀត?
១១ នៅពេលថ្មីៗនេះ យើងបានសួរអ្នកចាស់ទុំខ្លះអំពីរបៀបដែលពួកគាត់មានជោគជ័យក្នុងការបង្ហាត់បង្រៀនបងប្អូនប្រុសឲ្យធ្វើកិច្ចការថែមទៀតក្នុងក្រុមជំនុំ។b (សូមមើលកំណត់សម្គាល់) អ្នកចាស់ទុំទាំងអស់នោះបានជូនយោបល់ស្រដៀងគ្នា ទោះជាពួកគាត់មានស្ថានភាពខុសគ្នាឆ្ងាយក៏ដោយ។ តើនេះជាភ័ស្តុតាងបញ្ជាក់អ្វី? នេះបញ្ជាក់ថាការបង្ហាត់បង្រៀនដែលមានមូលដ្ឋានលើគម្ពីរគឺមានប្រយោជន៍ចំពោះអ្នករៀន«ក្នុងក្រុមជំនុំទាំងឡាយនៅគ្រប់ទីកន្លែង»។ (កូរិនថូសទី១ ៤:១៧) ដូច្នេះ នៅក្នុងអត្ថបទនេះនិងអត្ថបទបន្ទាប់ យើងនឹងពិចារណាយោបល់ខ្លះរបស់អ្នកចាស់ទុំទាំងនោះ។ (សុភាសិត ១៥:២២) យើងហៅអ្នកដែលផ្ដល់ការបង្ហាត់បង្រៀនថា អ្នកបង្រៀន ហើយហៅអ្នកដែលទទួលការបង្ហាត់បង្រៀនថា អ្នករៀន។
១២. តើអ្នកបង្រៀនត្រូវបង្កើតឲ្យមានអ្វី ហើយហេតុអ្វី?
១២ មុនដំបូង អ្នកបង្រៀនត្រូវបង្កើតឲ្យមានបរិយាកាសល្អសិន។ ហេតុអ្វីនេះសំខាន់? ដូចអ្នកថែសួនដំណាំត្រូវជ្រួយដីសិន មុននឹងដាំគ្រាប់ពូជ នោះអ្នកបង្រៀនត្រូវជួយអ្នករៀនឲ្យត្រៀមចិត្តសិន មុននឹងគាត់អាចបង្រៀននូវជំនាញថ្មី។ ដូច្នេះ តើតាមរបៀបណាអ្នកបង្រៀនអាចបង្កើតឲ្យមានបរិយាកាសល្អសម្រាប់ការបង្ហាត់បង្រៀន? គាត់អាចធ្វើតាមគំរូរបស់អ្នកបង្រៀនដ៏ប៉ិនប្រសប់ម្នាក់នៅអតីតកាល គឺអ្នកប្រកាសទំនាយសាំយូអែល។
១៣-១៥. (ក) តើព្រះយេហូវ៉ាបានប្រាប់សាំយូអែលឲ្យធ្វើអ្វី? (ខ) តើតាមរបៀបណាសាំយូអែលបានជួយសូលឲ្យត្រៀមខ្លួនសម្រាប់ភារកិច្ចថ្មី? (សូមមើលរូបភាពនៅដើមអត្ថបទ) (គ) ហេតុអ្វីកំណត់ហេតុគម្ពីរអំពីសាំយូអែលមានមេរៀនសំខាន់ចំពោះអ្នកចាស់ទុំនៅសព្វថ្ងៃនេះ?
១៣ កាលពីជាង៣.០០០ឆ្នាំមុន មានថ្ងៃមួយព្រះយេហូវ៉ាបានប្រាប់អ្នកប្រកាសទំនាយវ័យចាស់ម្នាក់ឈ្មោះសាំយូអែលថា៖ «ដល់ថ្ងៃស្អែកពេលថ្មើរណេះ អញនឹងចាត់មនុស្សម្នាក់ពីស្រុកបេនយ៉ាមីនមកឯឯង ត្រូវឲ្យឯងចាក់ប្រេងតាំងអ្នកនោះឲ្យគ្រប់គ្រងលើពួកអ៊ីស្រាអែល»។ (សាំយូអែលទី១ ៩:១៥, ១៦) សាំយូអែលយល់ថា គាត់នឹងលែងធ្វើជាអ្នកដឹកនាំប្រជាជាតិអ៊ីស្រាអែលទៀត ហើយយល់ថាព្រះយេហូវ៉ាចង់ឲ្យគាត់ចាក់ប្រេងតែងតាំងអ្នកដឹកនាំថ្មី។ ដូច្នេះ ដើម្បីជួយបុរសនោះឲ្យត្រៀមខ្លួនសម្រាប់ភារកិច្ចថ្មី នោះសាំយូអែលមានគំនិតមួយ ហើយគាត់ក៏បានបង្កើតគម្រោងមួយដែរ។
១៤ នៅថ្ងៃបន្ទាប់ អ្នកប្រកាសទំនាយសាំយូអែលបានជួបសូល ហើយព្រះយេហូវ៉ាបានប្រាប់គាត់ថា គឺ«មនុស្ស»នេះហើយ។ ភ្លាមៗនោះ សាំយូអែលបានធ្វើអ្វីដូចដែលគាត់បានគ្រោងទុក។ គាត់បានបង្កើតឲ្យមានឱកាសល្អដើម្បីគាត់អាចនិយាយជាមួយនឹងសូល។ សាំយូអែលបានអញ្ជើញសូលនិងអ្នកបម្រើគាត់មកពិសាអាហារ ហើយឲ្យពួកគាត់អង្គុយនៅកន្លែងល្អបំផុត ព្រមទាំងយកសាច់ត្រង់កន្លែងដែលឆ្ងាញ់ជាងគេមកជូនពួកគាត់ រួចសាំយូអែលនិយាយថា៖ «អញ្ជើញពិសាចុះ ដ្បិតបានបំរុងទុកដល់ពេលកំណត់សំរាប់អ្នក»។ បន្ទាប់ពីពិសាអាហាររួច សាំយូអែលអញ្ជើញសូលទៅផ្ទះរបស់គាត់។ នៅតាមផ្លូវ ពួកគាត់ទាំងពីរនាក់បាននិយាយគ្នាយ៉ាងសប្បាយរីករាយ។ ពេលពួកគាត់មកដល់ផ្ទះសាំយូអែល ពួកគាត់បានឡើងទៅខាងលើដំបូលផ្ទះ រួចមកសាំយូអែលនិងសូល«ក៏និយាយគ្នានៅលើដំបូលផ្ទះ»រហូតដល់ពួកគាត់ចូលសម្រាន្ត។ នៅថ្ងៃបន្ទាប់មកទៀត សាំយូអែលបានចាក់ប្រេងតែងតាំងសូល ហើយថើបគាត់ ព្រមទាំងប្រាប់ការណែនាំថែមទៀតដល់គាត់។ ក្រោយពីសូលចាកចេញទៅ គាត់បានត្រៀមខ្លួនសម្រាប់អ្វីដែលនឹងកើតឡើងក្រោយមក។—សាំយូអែលទី១ ៩:១៧-២៧; ១០:១
១៥ ការដែលសាំយូអែលបានចាក់ប្រេងតែងតាំងសូលឲ្យធ្វើជាអ្នកដឹកនាំប្រជាជាតិអ៊ីស្រាអែល គឺពិតជាខុសគ្នាឆ្ងាយណាស់ពីការបង្ហាត់បង្រៀនបងប្អូនប្រុសឲ្យក្លាយទៅជាអ្នកចាស់ទុំ ឬជំនួយការខាងកិច្ចបម្រើក្នុងក្រុមជំនុំ។ ក៏ប៉ុន្តែ អ្នកចាស់ទុំអាចរៀនមេរៀនសំខាន់ៗជាច្រើនពីរបៀបដែលសាំយូអែលបានជួយសូលឲ្យត្រៀមចិត្ត។ សូមឲ្យយើងពិចារណាមេរៀនពីរ។
ចូរធ្វើជាអ្នកបង្រៀនដោយស្ម័គ្រពីចិត្ត ហើយធ្វើជាមិត្តល្អ
១៦. (ក) តើសាំយូអែលមានអារម្មណ៍យ៉ាងណា ពេលដែលបណ្ដាជនអ៊ីស្រាអែលទាមទារឲ្យមានស្តេច? (ខ) តើសាំយូអែលមានប្រតិកម្មយ៉ាងណា ពេលព្រះយេហូវ៉ាប្រាប់គាត់ឲ្យចាក់ប្រេងតែងតាំងសូល?
១៦ ចូរធ្វើដោយស្ម័គ្រពីចិត្ត កុំស្ទាក់ស្ទើរឡើយ។ ពេលដែលសាំយូអែលបានឮជាលើកដំបូងថាបណ្ដាជនអ៊ីស្រាអែលចង់បានមនុស្សម្នាក់មកធ្វើជាស្តេចរបស់ពួកគេ នោះគាត់បានខកចិត្ត ហើយមានអារម្មណ៍ថាពួកគេលែងស្រឡាញ់គាត់ទៀត។ (សាំយូអែលទី១ ៨:៤-៨) អស់បីដងដែលព្រះយេហូវ៉ាបានប្រាប់សាំយូអែលឲ្យស្ដាប់បណ្ដាជន ពីព្រោះគាត់មិនចង់ឲ្យពួកគេមានស្តេចឡើយ។ (សាំយូអែលទី១ ៨:៧, ៩, ២២) ទោះជាសាំយូអែលមានអារម្មណ៍ដូច្នេះក៏ដោយ គាត់មិនបានច្រណែន ឬខឹងបុរសដែលនឹងធ្វើជាអ្នកដឹកនាំជំនួសគាត់ទេ។ ពេលព្រះយេហូវ៉ាប្រាប់គាត់ឲ្យចាក់ប្រេងតែងតាំងសូល សាំយូអែលមិនបានស្ទាក់ស្ទើរឡើយ។ គាត់បានធ្វើតាមដោយស្ម័គ្រពីចិត្ត មិនគ្រាន់តែដោយសារគាត់ត្រូវតែធ្វើនោះទេ តែដោយសារគាត់ស្រឡាញ់ព្រះយេហូវ៉ា។
អ្នកបង្រៀនទាំងឡាយ សូមចំណាយពេលជាមួយនឹងអ្នករៀន ទោះជាអ្នករវល់យ៉ាងខ្លាំងក្ដី
១៧. តើតាមរបៀបណាពួកអ្នកចាស់ទុំនៅសព្វថ្ងៃនេះយកតម្រាប់សាំយូអែល ហើយហេតុអ្វីនោះធ្វើឲ្យពួកគាត់សប្បាយរីករាយ?
១៧ នៅសព្វថ្ងៃនេះ មានអ្នកចាស់ទុំជាច្រើននាក់ដែលមានបទពិសោធន៍បានយកតម្រាប់សាំយូអែល ហើយបានបង្ហាត់បង្រៀនបងប្អូនឯទៀតដោយសេចក្ដីស្រឡាញ់។ (ពេត្រុសទី១ ៥:២) អ្នកចាស់ទុំដែលមានចិត្តសប្បុរសទាំងនេះស្ម័គ្រចិត្តបង្រៀនបងប្អូនឯទៀត ហើយពួកគាត់មិនខ្លាចនឹងចែករំលែកឯកសិទ្ធិខ្លះក្នុងក្រុមជំនុំដល់អ្នករៀនឡើយ។ ផ្ទុយទៅវិញ ពួកគាត់មានអារម្មណ៍ថាបងប្អូនប្រុសទាំងនេះ«ជាអ្នករួមការងារ»ដ៏ថ្លៃវិសេស ដែលនឹងជួយពួកគាត់ក្នុងការបំពេញសេចក្ដីត្រូវការរបស់ក្រុមជំនុំ។ (កូរិនថូសទី២ ១:២៤; ហេប្រឺ ១៣:១៦) ម្យ៉ាងទៀត អ្នកចាស់ទុំដែលមិនគិតប្រយោជន៍ខ្លួនទាំងនេះសប្បាយរីករាយ ដោយឃើញអ្នករៀនប្រើសមត្ថភាពរបស់ពួកគេដើម្បីជួយរាស្ត្ររបស់ព្រះយេហូវ៉ា។—សកម្មភាព ២០:៣៥
១៨, ១៩. តើតាមរបៀបណាអ្នកចាស់ទុំអាចជួយអ្នករៀនឲ្យត្រៀមចិត្តសម្រាប់ការបង្ហាត់បង្រៀន ហើយហេតុអ្វីការធ្វើដូច្នោះគឺសំខាន់?
១៨ ចូរធ្វើជាមិត្ត មិនគ្រាន់តែជាអ្នកបង្រៀនប៉ុណ្ណោះទេ។ ពេលដែលអ្នកប្រកាសទំនាយសាំយូអែលបានជួបសូល គាត់អាចតែងតាំងសូលឲ្យធ្វើជាស្តេចភ្លាមៗ ដោយយកប្រេងចាក់លើក្បាលរបស់គាត់។ ពេលនោះស្តេចថ្មីនឹងត្រូវតែងតាំង ប៉ុន្តែសូលច្បាស់ជាមិនទាន់បានត្រៀមខ្លួនដើម្បីដឹកនាំរាស្ត្ររបស់ព្រះទេ។ ផ្ទុយទៅវិញ សាំយូអែលបានចំណាយពេលជួយសូលឲ្យត្រៀមចិត្តសម្រាប់ភារកិច្ចថ្មីរបស់គាត់។ មុននឹងសាំយូអែលតែងតាំងសូល ពួកគាត់បានពិសាអាហារជាមួយគ្នា ដើរតាមផ្លូវជាមួយគ្នាយ៉ាងសប្បាយរីករាយ ហើយបាននិយាយគ្នាយ៉ាងយូរ ព្រមទាំងបានសម្រាន្តយ៉ាងស្រួលផងដែរ។ សាំយូអែលបានរង់ចាំពេលត្រឹមត្រូវដើម្បីតែងតាំងស្តេចថ្មី។
១៩ សព្វថ្ងៃនេះក៏ដូចគ្នាដែរ។ មុននឹងអ្នកចាស់ទុំចាប់ផ្ដើមបង្ហាត់បង្រៀនបងប្អូនប្រុសណាម្នាក់ គាត់គួរខំព្យាយាមធ្វើជាមិត្តជាមួយនឹងអ្នករៀនសិន។ អ្វីដែលអ្នកចាស់ទុំធ្វើដើម្បីជួយអ្នករៀនឲ្យមានអារម្មណ៍ស្រួលគឺខុសៗគ្នាពីប្រទេសមួយទៅប្រទេសមួយ អាស្រ័យទៅលើស្ថានភាពនិងវប្បធម៌របស់ពួកគាត់។ ប៉ុន្តែ ទោះជាអ្នករស់នៅប្រទេសណាក៏ដោយ បើអ្នកលៃទុកពេលមួយសម្រាប់អ្នករៀន ទោះជាអ្នករវល់យ៉ាងខ្លាំងក្ដី នោះអ្នករៀននឹងដឹងថាគាត់សំខាន់ចំពោះអ្នក។ (សូមអាន រ៉ូម ១២:១០) អ្នករៀនពិតជាដឹងគុណអ្នកយ៉ាងខ្លាំង ដោយសារអ្នកបង្ហាញសេចក្ដីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះពួកគាត់។
២០, ២១. (ក) ដូចម្ដេចដែលហៅថាអ្នកបង្រៀនដែលមានជោគជ័យ? (ខ) តើយើងនឹងពិចារណាអ្វីនៅអត្ថបទបន្ទាប់?
២០ ពិតមែនតែអ្នកបង្រៀនដែលមានជោគជ័យសប្បាយចិត្តនឹងបង្ហាត់បង្រៀនបងប្អូនឯទៀត ប៉ុន្តែគាត់ក៏ត្រូវស្រឡាញ់បុគ្គលដែលគាត់បង្ហាត់បង្រៀនដែរ។ (សូមពិនិត្យបន្ថែម យ៉ូហាន ៥:២០) ហេតុអ្វីនេះសំខាន់? ពីព្រោះបើអ្នករៀនមានអារម្មណ៍ថាអ្នកពិតជាយកចិត្តទុកដាក់ចំពោះគាត់ នោះគាត់នឹងសុខចិត្តរៀនពីអ្នក។ ដូច្នេះ អ្នកចាស់ទុំទាំងឡាយអើយ សូមខំព្យាយាមអស់ពីសមត្ថភាពមិនគ្រាន់តែក្នុងការបង្ហាត់បង្រៀនប៉ុណ្ណោះទេ តែសូមធ្វើជាមិត្តល្អរបស់គាត់។—សុភាសិត ១៧:១៧; យ៉ូហាន ១៥:១៥
២១ ក្រោយពីបានជួយអ្នករៀនឲ្យត្រៀមចិត្តហើយ អ្នកចាស់ទុំអាចចាប់ផ្ដើមបង្ហាត់បង្រៀនគាត់។ តើអ្នកចាស់ទុំអាចប្រើវិធីអ្វីខ្លះ? យើងនឹងពិចារណាវិធីទាំងនោះនៅអត្ថបទបន្ទាប់។
a អត្ថបទនេះនិងអត្ថបទបន្ទាប់បានត្រូវសរសេរជាពិសេសសម្រាប់អ្នកចាស់ទុំ។ ប៉ុន្តែ យើងទាំងអស់គ្នាគួរចាប់អារម្មណ៍អំពីព័ត៌មាននេះ។ ហេតុអ្វី? ពីព្រោះនេះនឹងជួយបងប្អូនប្រុសទាំងអស់ឲ្យដឹងថា ពួកគាត់ត្រូវការការបង្ហាត់បង្រៀនដើម្បីធ្វើកិច្ចការថែមទៀតក្នុងក្រុមជំនុំ។ ពេលមានបងប្អូនប្រុសកាន់តែច្រើនដែលបានទទួលការបង្ហាត់បង្រៀនដើម្បីជួយក្រុមជំនុំ នោះបងប្អូនគ្រប់រូបនឹងទទួលប្រយោជន៍។
b អ្នកចាស់ទុំទាំងនេះរស់នៅប្រទេសអូស្ដ្រាលី បង់ក្លាដេស បែលហ្សិក ប្រេស៊ីល បារាំង គ្វីយ៉ាណារបស់បារាំង ជប៉ុន កូរ៉េ ម៉ិចស៊ិក ណាមីប៊ី នីហ្សេរីយ៉ា រីយូនៀន រុស្ស៊ី អាហ្វ្រិកខាងត្បូង និងសហរដ្ឋអាម៉េរិក។
-
-
វិធីដែលអ្នកចាស់ទុំបង្ហាត់បង្រៀនបងប្អូនឲ្យមានគុណសម្បត្ដិគ្រប់គ្រាន់ទស្សនាវដ្ដីប៉មយាម ២០១៥ | ១៥ មេសា
-
-
វិធីដែលអ្នកចាស់ទុំបង្ហាត់បង្រៀនបងប្អូនឲ្យមានគុណសម្បត្ដិគ្រប់គ្រាន់
«សេចក្ដីដែលអ្នកបានឮពីខ្ញុំ . . . ចូរផ្ញើទុកនឹងបុរសស្មោះត្រង់»។—ធីម៉ូថេទី២ ២:២
១. (ក) ស្តីអំពីការបង្ហាត់បង្រៀន តើអ្នកបម្រើរបស់ព្រះទទួលស្គាល់ជានិច្ចអំពីអ្វី ហើយនៅសព្វថ្ងៃនេះ តើយើងទាញមេរៀនអ្វី? (ខ) តើយើងនឹងពិចារណាអ្វីនៅអត្ថបទនេះ?
រាស្ត្ររបស់ព្រះទទួលស្គាល់ជានិច្ចថាការបង្ហាត់បង្រៀននាំឲ្យមានលទ្ធផលល្អ។ ជាឧទាហរណ៍ អាប់រ៉ាមបានប្រមូល«មនុស្សថ្នឹកសង្គ្រាម»ដើម្បីរំដោះឡុត ហើយពួកគេបានទទួលជោគជ័យ។ (លោកុប្បត្តិ ១៤:១៤-១៦) អ្នកចម្រៀងនៅសម័យស្តេចដាវីឌបាន«ហាត់»ច្រៀងចម្រៀងសរសើរព្រះយេហូវ៉ា។ (របាក្សត្រទី១ ២៥:៧) សព្វថ្ងៃនេះ យើងត្រូវប្រយុទ្ធប្រឆាំងសាថាននិងពិភពលោករបស់វា។ (អេភេសូរ ៦:១១-១៣) ម្យ៉ាងទៀត យើងខំព្យាយាមសរសើរព្រះយេហូវ៉ាដោយនិយាយប្រាប់អ្នកឯទៀតអំពីនាមរបស់លោក។ (ហេប្រឺ ១៣:១៥, ១៦) ដូចអ្នកបម្រើព្រះនៅសម័យមុន ដើម្បីបានជោគជ័យ យើងត្រូវទទួលការបង្ហាត់បង្រៀន។ នៅក្នុងក្រុមជំនុំ ព្រះយេហូវ៉ាបានឲ្យអ្នកចាស់ទុំនូវភារកិច្ចបង្ហាត់បង្រៀនបងប្អូនឯទៀត។ (ធីម៉ូថេទី២ ២:២) តើពួកអ្នកចាស់ទុំបានប្រើវិធីអ្វីខ្លះដើម្បីបង្ហាត់បង្រៀនបងប្អូនប្រុសឲ្យថែរក្សារាស្ត្ររបស់ព្រះយេហូវ៉ា?
ចូរជួយអ្នករៀនឲ្យស្រឡាញ់ព្រះយេហូវ៉ាកាន់តែខ្លាំង
២. មុនអ្នកចាស់ទុំបង្ហាត់បង្រៀនអ្នករៀននូវជំនាញថ្មី តើគាត់ប្រហែលជាចង់ធ្វើអ្វី ហើយហេតុអ្វី?
២ អ្នកចាស់ទុំអាចប្រៀបដូចជាអ្នកថែសួនដំណាំ។ មុនដាំគ្រាប់ពូជ អ្នកថែសួនដំណាំប្រហែលជាត្រូវដាក់ជីក្នុងដីដើម្បីឲ្យដំណាំនោះបង្កើតផលឲ្យបានច្រើនជាង។ ស្រដៀងគ្នាដែរ មុនអ្នកចាស់ទុំបង្ហាត់បង្រៀនអ្នករៀននូវជំនាញថ្មី គាត់ប្រហែលជាចង់ប្រាប់គោលការណ៍គម្ពីរខ្លះដែលនឹងជួយអ្នករៀនឲ្យត្រៀមខ្លួនដើម្បីធ្វើតាមអ្វីដែលគាត់រៀន។—ធីម៉ូថេទី១ ៤:៦
៣. (ក) តើតាមរបៀបណាយើងអាចប្រើពាក្យរបស់លោកយេស៊ូនៅម៉ាកុស ១២:២៩, ៣០ ក្នុងការសន្ទនាជាមួយនឹងអ្នករៀន? (ខ) តើសេចក្ដីអធិដ្ឋានរបស់អ្នកចាស់ទុំអាចមានឥទ្ធិពលយ៉ាងណាលើអ្នករៀន?
៣ ជាការសំខាន់ដែលអ្នកត្រូវយល់ថាសេចក្ដីពិតមានឥទ្ធិពលយ៉ាងណាទៅលើគំនិតនិងអារម្មណ៍របស់អ្នករៀន។ ដើម្បីធ្វើដូច្នេះ អ្នកអាចសួរគាត់ថា តើការប្រគល់ខ្លួនរបស់គាត់ជូនព្រះយេហូវ៉ាមានឥទ្ធិពលយ៉ាងណាលើការសម្រេចចិត្តរបស់គាត់ក្នុងជីវិត? សំណួរនោះអាចនាំឲ្យមានការសន្ទនាអំពីរបៀបដែលយើងអាចបម្រើព្រះយេហូវ៉ាអស់ពីដួងចិត្ត។ (សូមអាន ម៉ាកុស ១២:២៩, ៣០) អ្នកក៏ប្រហែលជាចង់អធិដ្ឋានជាមួយនឹងបងប្អូនប្រុសនោះដែរ ហើយសុំព្រះយេហូវ៉ាផ្ដល់សកម្មពលបរិសុទ្ធដែលគាត់ត្រូវការដើម្បីទទួលការបង្ហាត់បង្រៀន។ ពេលបងប្អូនប្រុសនោះឮអ្វីដែលអ្នកអធិដ្ឋានឲ្យគាត់ នេះទំនងជានឹងលើកទឹកចិត្តគាត់ឲ្យជួយធ្វើកិច្ចការថែមទៀតក្នុងក្រុមជំនុំ។
៤. (ក) សូមលើកឧទាហរណ៍ពីកំណត់ហេតុគម្ពីរដែលអាចជួយអ្នករៀនឲ្យរីកចម្រើន។ (ខ) ពេលបង្ហាត់បង្រៀនបងប្អូនឯទៀត តើអ្នកចាស់ទុំគួរមានគោលដៅអ្វី?
៤ នៅដំណាក់កាលដំបូងដែលអ្នកចាប់ផ្ដើមបង្ហាត់បង្រៀនបងប្អូនឯទៀត ជាការល្អដែលអ្នកគួរពិភាក្សាកំណត់ហេតុគម្ពីរដែលនឹងជួយអ្នករៀនឲ្យយល់អំពីសារៈសំខាន់នៃការជួយអ្នកឯទៀត ការធ្វើជាអ្នកដែលគួរឲ្យទុកចិត្ត និងការធ្វើជាមនុស្សដែលមានចិត្តរាបទាប។ (ពង្សាវតារក្សត្រទី១ ១៩:១៩-២១; នេហេមា ៧:២; ១៣:១៣; សកម្មភាព ១៨:២៤-២៦) គុណសម្បត្ដិទាំងនោះគឺសំខាន់ចំពោះអ្នករៀន ដូចជីមានប្រយោជន៍ចំពោះដី។ គុណសម្បត្ដិទាំងនោះនឹងជួយអ្នករៀនឲ្យរីកចម្រើន ពោលគឺឲ្យជឿនទៅមុខកាន់តែលឿន។ អ្នកចាស់ទុំម្នាក់ឈ្មោះហ្សង់ ក្លូដដែលមកពីប្រទេសបារាំងនិយាយថា គោលដៅរបស់គាត់ពេលបង្ហាត់បង្រៀនបងប្អូនឯទៀត គឺដើម្បីជួយពួកគេឲ្យធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវដែលមានមូលដ្ឋានលើគោលការណ៍គម្ពីរ។ គាត់និយាយថា៖ «ខ្ញុំរកមើលពេលដែលយើងអាចអានបទគម្ពីរមួយជាមួយគ្នាដើម្បី‹បំភ្លឺភ្នែក›អ្នករៀនឲ្យឃើញ‹សេចក្ដីអស្ចារ្យ›ក្នុងបណ្ដាំរបស់ព្រះ»។ (ទំនុកតម្កើង ១១៩:១៨) តើមានវិធីអ្វីខ្លះទៀតដើម្បីជួយអ្នករៀនឲ្យស្រឡាញ់ព្រះយេហូវ៉ាកាន់តែខ្លាំង?
ចូរឲ្យយោបល់អំពីគោលដៅផ្សេងៗ ហើយប្រាប់អំពីមូលហេតុ
៥. (ក) តើការនិយាយជាមួយនឹងអ្នករៀនអំពីគោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ាគឺសំខាន់យ៉ាងណា? (ខ) ហេតុអ្វីអ្នកចាស់ទុំគួរបង្ហាត់បង្រៀនបងប្អូនប្រុសដែលនៅក្មេង? (សូមមើលកំណត់សម្គាល់)
៥ សូមសួរអ្នករៀនថា តើគាត់មានគោលដៅអ្វីខ្លះក្នុងកិច្ចបម្រើព្រះយេហូវ៉ា? បើគាត់មិនមានគោលដៅទេ សូមជួយគាត់ឲ្យកំណត់គោលដៅមួយដែលគាត់អាចសម្រេចបាន។ សូមប្រាប់គាត់ដោយចិត្តរំភើបអំពីគោលដៅមួយដែលអ្នកមាន ហើយប្រាប់គាត់អំពីអារម្មណ៍របស់អ្នកពេលអ្នកបានសម្រេចគោលដៅនោះ។ វិធីនេះសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាព។ បងប្រុសវីកទឺរដែលជាអ្នកចាស់ទុំនិងជាអ្នកត្រួសត្រាយនៅទ្វីបអាហ្វ្រិក និយាយថា៖ «ពេលខ្ញុំនៅក្មេង អ្នកចាស់ទុំម្នាក់បានសួរខ្ញុំនូវសំណួរមួយចំនួនអំពីគោលដៅរបស់ខ្ញុំ។ សំណួរទាំងនោះបានជួយខ្ញុំឲ្យចាប់ផ្ដើមគិតយ៉ាងដិតដល់អំពីកិច្ចបម្រើផ្សាយរបស់ខ្ញុំ»។ អ្នកចាស់ទុំដែលមានបទពិសោធន៍ម្នាក់និយាយថា ជាការសំខាន់ដែលអ្នកចាស់ទុំត្រូវបង្ហាត់បង្រៀនបងប្អូនប្រុសកាលដែលពួកគេនៅក្មេង ប្រហែលជាពេលពួកគេនៅវ័យជំទង់។ អ្នកអាចប្រគល់ភារកិច្ចខ្លះក្នុងក្រុមជំនុំឲ្យពួកគេស្របតាមអាយុរបស់ពួកគេ។ បើបងប្អូនប្រុសបានទទួលការបង្ហាត់បង្រៀនកាលដែលពួកគេនៅក្មេង នេះអាចជួយពួកគេឲ្យបន្តផ្ដោតអារម្មណ៍ទៅលើគោលដៅរបស់ពួកគេ ទោះជាពេលពួកគេមានអាយុកាន់តែច្រើន ហើយមានការបំបែរអារម្មណ៍ជាច្រើនក៏ដោយa(សូមមើលកំណត់សម្គាល់)។—សូមអាន ទំនុកតម្កើង ៧១:៥, ១៧
៦. តើលោកយេស៊ូបានប្រើវិធីដ៏សំខាន់អ្វីដើម្បីបង្ហាត់បង្រៀនអ្នកឯទៀត?
៦ ដើម្បីជំរុញចិត្តអ្នករៀនឲ្យបម្រើក្រុមជំនុំ អ្នកមិនគ្រាន់តែប្រាប់គាត់នូវអ្វីដែលគាត់គួរធ្វើប៉ុណ្ណោះទេ តែអ្នកក៏ត្រូវពន្យល់គាត់អំពីមូលហេតុដែលការធ្វើដូច្នោះគឺសំខាន់ដែរ។ លោកយេស៊ូដែលជាគ្រូដ៏ឧត្តមបានបង្គាប់ពួកសាវ័ករបស់លោកឲ្យផ្សព្វផ្សាយ។ ប៉ុន្តែ ដំបូងលោកបានប្រាប់ពួកគេអំពីមូលហេតុដែលពួកគេគួរធ្វើតាមបង្គាប់នោះ។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំបានទទួលគ្រប់ទាំងអំណាចនៅស្ថានសួគ៌និងនៅផែនដី។ ដូច្នេះ ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»។ (ម៉ាថាយ ២៨:១៨, ១៩) តើតាមរបៀបណាអ្នកអាចធ្វើតាមវិធីបង្ហាត់បង្រៀនរបស់លោកយេស៊ូ?
៧, ៨. (ក) តើតាមរបៀបណាអ្នកចាស់ទុំសព្វថ្ងៃនេះអាចធ្វើតាមវិធីបង្ហាត់បង្រៀនរបស់លោកយេស៊ូ? (ខ) តើការសរសើរអ្នករៀនគឺសំខាន់យ៉ាងណា? (គ) តើមានយោបល់អ្វីខ្លះដែលអាចជួយអ្នកចាស់ទុំឲ្យបង្ហាត់បង្រៀនបងប្អូនឯទៀត? (សូមមើលប្រអប់«វិធីបង្ហាត់បង្រៀនបងប្អូនឯទៀត»)
៧ ពេលអ្នកសុំបងប្អូនប្រុសឲ្យធ្វើកិច្ចការខ្លះ ចូរប្រើគម្ពីរដើម្បីពន្យល់គាត់អំពីមូលហេតុដែលកិច្ចការនោះគឺសំខាន់។ ដោយធ្វើដូច្នេះ អ្នកកំពុងបង្រៀនគាត់ឲ្យធ្វើកិច្ចការផ្សេងៗ ដោយគិតអំពីគោលការណ៍គម្ពីរជាជាងគិតអំពីការណែនាំដែលត្រូវធ្វើតាម។ ជាឧទាហរណ៍ បើអ្នកសុំបងប្អូនប្រុសឲ្យសម្អាតផ្លូវចូលនៃសាលប្រជុំឲ្យបានស្អាតនិងឲ្យមានសុវត្ថិភាពពេលបងប្អូនឯទៀតដើរ នោះអ្នកអាចបង្ហាញគាត់ខគម្ពីរនៅទីតុស ២:១០។ សូមពន្យល់គាត់ថាកិច្ចការដែលគាត់ធ្វើអាចជួយមនុស្សកាន់តែច្រើនឲ្យចង់ស្ដាប់ដំណឹងអំពីរាជាណាចក្រ។ ម្យ៉ាងទៀត សូមឲ្យអ្នករៀនគិតអំពីបងប្អូនវ័យចាស់នៅក្នុងក្រុមជំនុំ ហើយសួរគាត់ថាការធ្វើកិច្ចការនេះនឹងជួយបងប្អូនទាំងនោះយ៉ាងណា។ ការសន្ទនាបែបនេះគឺជាផ្នែកមួយនៃការបង្ហាត់បង្រៀនដែលនឹងជួយអ្នករៀនឲ្យគិតច្រើនជាងអំពីមនុស្សជាជាងគិតអំពីការណែនាំដែលត្រូវធ្វើតាម។ ពេលគាត់ឃើញថាបងប្អូនបានទទួលប្រយោជន៍ពីកិច្ចការដែលគាត់ធ្វើ នោះគាត់នឹងមានអារម្មណ៍សប្បាយរីករាយ ដោយសារគាត់កំពុងបម្រើបងប្អូនឯទៀត។
៨ មួយវិញទៀត សូមកុំភ្លេចសរសើរអ្នករៀនដែលបានធ្វើតាមអ្វីដែលអ្នកបានប្រាប់គាត់។ តើការធ្វើដូច្នេះគឺសំខាន់យ៉ាងណា? ដូចទឹកជួយដំណាំឲ្យដុះលូតលាស់ល្អនិងឲ្យបង្កើតផលច្រើន ការសរសើរអ្នករៀន ក៏នឹងជួយគាត់ឲ្យជឿនទៅមុខក្នុងកិច្ចបម្រើព្រះយេហូវ៉ាដែរ។—សូមពិនិត្យបន្ថែម ម៉ាថាយ ៣:១៧
ការពិបាកមួយទៀត
៩. (ក) ស្តីអំពីការបង្ហាត់បង្រៀន តើអ្នកចាស់ទុំដែលរស់នៅប្រទេសអ្នកមាន ប្រហែលជាជួបការពិបាកអ្វី? (ខ) ហេតុអ្វីបងប្អូនប្រុសវ័យក្មេងខ្លះមិនដែលចាត់ទុកកិច្ចបម្រើព្រះជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់ពួកគេ?
៩ អ្នកចាស់ទុំដែលរស់នៅប្រទេសអ្នកមាន ប្រហែលជាពិបាកលើកទឹកចិត្តបងប្អូនប្រុសដែលមានអាយុ២០ឆ្នាំប្លាយ ឬ៣០ឆ្នាំប្លាយដែលបានទទួលការជ្រមុជទឹក ឲ្យធ្វើកិច្ចការថែមទៀតក្នុងក្រុមជំនុំ។ ពួកអ្នកចាស់ទុំដែលមានបទពិសោធន៍ដែលនៅ២០ប្រទេសបានប្រាប់យើងអំពីមូលហេតុដែលពួកគាត់គិតថា បងប្អូនប្រុសវ័យក្មេងខ្លះមិនហ៊ានទទួលយកភារកិច្ចក្នុងក្រុមជំនុំ។ ពួកគាត់ភាគច្រើនបាននិយាយថាពេលបងប្អូនប្រុសខ្លះនៅក្មេង ឪពុកម្ដាយរបស់ពួកគេមិនបានលើកទឹកចិត្តពួកគេឲ្យមានគោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ាឡើយ។ ម្យ៉ាងទៀត ពេលបងប្អូនប្រុសវ័យក្មេងខ្លះចង់ធ្វើកិច្ចការថែមទៀតក្នុងក្រុមជំនុំ ឪពុកម្ដាយបានលើកទឹកចិត្តពួកគេឲ្យមានគោលដៅផ្សេងៗដែលរួមមានការសិក្សានៅសកលវិទ្យាល័យ ឬការងារល្អក្នុងពិភពលោក។ ដូច្នេះ ពួកគេមិនដែលចាត់ទុកកិច្ចបម្រើព្រះជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់ពួកគេឡើយ។—ម៉ាថាយ ១០:២៤
១០, ១១. (ក) តើអ្នកចាស់ទុំអាចជួយផ្លាស់ប្ដូររបៀបគិតគូររបស់បងប្អូនប្រុសបន្ដិចម្ដងៗយ៉ាងដូចម្ដេច? (ខ) តើអ្នកចាស់ទុំអាចប្រើបទគម្ពីរណាខ្លះដើម្បីជំរុញចិត្តបងប្អូនប្រុស ហើយហេតុអ្វី? (សូមមើលកំណត់សម្គាល់)
១០ បើបងប្អូនប្រុសមើលទៅមិនចង់ធ្វើកិច្ចការថែមទៀតក្នុងក្រុមជំនុំ នោះអ្នកត្រូវខំប្រឹងយ៉ាងខ្លាំង ហើយត្រូវមានចិត្តអត់ធ្មត់ដើម្បីផ្លាស់ប្ដូររបៀបគិតគូររបស់គាត់។ ប៉ុន្តែអ្នកអាចធ្វើបាន។ អ្នកថែសួនដំណាំម្នាក់អាចជួយដំណាំរបស់គាត់ឲ្យដុះលូតលាស់ល្អ ដោយតម្រង់ដើមរបស់វាបន្ដិចម្ដងៗ។ ស្រដៀងគ្នាដែរ អ្នកអាចជួយបងប្អូនប្រុសបន្ដិចម្ដងៗឲ្យយល់ថា គាត់ត្រូវផ្លាស់ប្ដូរចិត្តគំនិតរបស់ខ្លួនអំពីការទទួលយកភារកិច្ចថែមទៀតក្នុងក្រុមជំនុំ។ ប៉ុន្តែ តើតាមរបៀបណា?
១១ ចូរចំណាយពេលធ្វើជាមិត្តជាមួយនឹងបងប្អូនប្រុសដែលមានចិត្តគំនិតបែបនោះ។ សូមប្រាប់គាត់ថាក្រុមជំនុំត្រូវការគាត់។ ពេលក្រោយៗមក សូមពិគ្រោះជាមួយគាត់អំពីបទគម្ពីរណាមួយដែលអាចជួយគាត់ឲ្យគិតអំពីមូលហេតុដែលគាត់បានប្រគល់ខ្លួនជូនព្រះយេហូវ៉ា។ (សាស្ដា ៥:៤; អេសាយ ៦:៨; ម៉ាថាយ ៦:២៤, ៣៣; លូកា ៩:៥៧-៦២; កូរិនថូសទី១ ១៥:៥៨; កូរិនថូសទី២ ៥:១៥; ១៣:៥) ចូរព្យាយាមយល់អារម្មណ៍របស់គាត់ដោយសួរសំណួរដូចជា: ‹តើអ្នកបានសន្យាអ្វីចំពោះព្រះយេហូវ៉ាពេលអ្នកប្រគល់ជីវិតរបស់អ្នកជូនលោក? តើអ្នកគិតថាព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលអ្នកទទួលការជ្រមុជទឹក?›។ (សុភាសិត ២៧:១១) ‹តើសាថានមានអារម្មណ៍យ៉ាងណា?›។ (ពេត្រុសទី១ ៥:៨) បទគម្ពីរទាំងនេះអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចិត្តរបស់គាត់b (សូមមើលកំណត់សម្គាល់)។—សូមអាន ហេប្រឺ ៤:១២
អ្នករៀនទាំងឡាយ ចូរបង្ហាញថាអ្នកជាមនុស្សស្មោះត្រង់
១២, ១៣. (ក) ក្នុងនាមជាអ្នករៀន តើអេលីសេបានបង្ហាញចិត្តគំនិតបែបណា? (ខ) ដោយសារអេលីសេស្មោះត្រង់ តើព្រះយេហូវ៉ាបានឲ្យរង្វាន់អ្វីដល់គាត់?
១២ បងប្អូនប្រុសវ័យក្មេងទាំងឡាយ ក្រុមជំនុំត្រូវការឲ្យអ្នកជួយ! តើចិត្តគំនិតបែបណានឹងជួយអ្នកឲ្យមានជោគជ័យក្នុងកិច្ចបម្រើព្រះយេហូវ៉ា? ដើម្បីដឹងចម្លើយ សូមពិចារណាអំពីព្រឹត្ដិការណ៍ខ្លះក្នុងជីវិតរបស់អ្នករៀនម្នាក់នៅសម័យមុន នោះគឺអេលីសេ។
១៣ ប្រហែលជា៣.០០០ឆ្នាំមុន អ្នកប្រកាសទំនាយអេលីយ៉ាបានអញ្ជើញបុរសវ័យក្មេងម្នាក់ឈ្មោះអេលីសេឲ្យធ្វើជាជំនួយការរបស់គាត់។ អេលីសេបានយល់ព្រមភ្លាមៗ ហើយគាត់បានបម្រើអ្នកប្រកាសទំនាយនោះយ៉ាងស្មោះត្រង់ដោយធ្វើកិច្ចការដែលមនុស្សមិនសូវឲ្យតម្លៃ។ (ពង្សាវតារក្សត្រទី២ ៣:១១) អេលីយ៉ាបានបង្ហាត់បង្រៀនអេលីសេអស់រយៈពេលជិត៦ឆ្នាំ។ ក្រោយមក ពេលដែលអេលីយ៉ាហៀបនឹងបញ្ចប់ភារកិច្ចរបស់គាត់នៅស្រុកអ៊ីស្រាអែល អ្នកប្រកាសទំនាយនោះបានប្រាប់ជំនួយការរបស់គាត់ឲ្យឈប់បម្រើគាត់ទៀត។ ប៉ុន្តែ អេលីសេបាននិយាយអស់បីដងថា៖ «ខ្ញុំមិនព្រមឃ្លាតពីលោកទេ»។ អេលីសេបានតាំងចិត្តនៅជាមួយនឹងអ្នកបង្រៀនរបស់គាត់ឲ្យបានយូរបំផុត។ ដោយសារអេលីសេស្មោះត្រង់និងមានភក្ដីភាព ដូច្នេះព្រះយេហូវ៉ាបានឲ្យរង្វាន់ដល់គាត់ដោយអនុញ្ញាតឲ្យគាត់ឃើញអេលីយ៉ាបានត្រូវខ្យល់កួចយកទៅបាត់។—ពង្សាវតារក្សត្រទី២ ២:១-១២
១៤. (ក) តើតាមរបៀបណាអ្នករៀនសព្វថ្ងៃនេះអាចយកតម្រាប់អេលីសេ? (ខ) ហេតុអ្វីជាការសំខាន់ដែលអ្នករៀនត្រូវស្មោះត្រង់?
១៤ ក្នុងនាមជាអ្នករៀន តើតាមរបៀបណាអ្នកអាចយកតម្រាប់អេលីសេ? សូមឆាប់ទទួលយកភារកិច្ចផ្សេងៗ ទោះបីនោះជាកិច្ចការដែលមនុស្សមិនសូវឲ្យតម្លៃក៏ដោយ។ សូមចាំថាអ្នកបង្រៀនរបស់អ្នកគឺជាមិត្តរបស់អ្នក។ ចូរប្រាប់អ្នកបង្រៀនថាអ្នកឲ្យតម្លៃចំពោះអ្វីដែលគាត់កំពុងធ្វើសម្រាប់អ្នក ហើយបង្ហាញគាត់ថាអ្នកចង់បន្តរៀនពីគាត់។ សំខាន់បំផុត ចូរស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់អ្នក។ ហេតុអ្វី? ពីព្រោះពេលអ្នកបង្ហាញថាអ្នកជាមនុស្សស្មោះត្រង់និងគួរឲ្យទុកចិត្ត អ្នកចាស់ទុំអាចមានទំនុកចិត្តថាព្រះយេហូវ៉ាចង់ឲ្យអ្នកមានភារកិច្ចថែមទៀតក្នុងក្រុមជំនុំ។—ទំនុកតម្កើង ១០១:៦; សូមអាន ធីម៉ូថេទី២ ២:២
ចូរគោរពអ្នកចាស់ទុំដែលមានបទពិសោធន៍
១៥, ១៦. (ក) តើតាមរបៀបណាអេលីសេបានបង្ហាញការគោរពចំពោះអ្នកបង្រៀនគាត់? (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) ហេតុអ្វីអ្នកប្រកាសទំនាយឯទៀតមានទំនុកចិត្តលើអេលីសេ?
១៥ កំណត់ហេតុអំពីអេលីសេក៏បង្ហាញដែរថា ជាការសំខាន់ដែលបងប្អូនប្រុសសព្វថ្ងៃនេះបង្ហាញការគោរពចំពោះអ្នកចាស់ទុំដែលមានបទពិសោធន៍។ ក្រោយពីអេលីយ៉ានិងអេលីសេបានទៅជួបអ្នកប្រកាសទំនាយមួយក្រុមនៅក្រុងយេរីខូហើយ បុរសទាំងពីរនាក់នោះបានទៅទន្លេយ៉ូដាន់។ រួចមក «អេលីយ៉ាលោកយកក្រមារបស់លោកបត់វាយទឹក នោះទឹកក៏ញែកចេញពីគ្នា»។ ពួកគាត់ក៏បានដើរឆ្លងទន្លេយ៉ូដាន់តាមបាតដែលស្ងួត ហើយបានបន្ត«ដើរទៅ ហើយនិយាយគ្នា»។ អេលីសេបានស្ដាប់យ៉ាងយកចិត្តទុកដាក់នូវអ្វីទាំងអស់ដែលអ្នកបង្រៀនបាននិយាយ ហើយបន្តរៀនពីគាត់។ អេលីសេមិនដែលគិតថាគាត់ចេះសព្វគ្រប់នោះទេ។ បន្ទាប់មក អេលីយ៉ាបានត្រូវខ្យល់កួចយកទៅ ហើយអេលីសេបានត្រឡប់ទៅទន្លេយ៉ូដាន់វិញ។ នៅទីនោះ គាត់បានយកក្រមារបស់អេលីយ៉ាវាយទឹក ហើយនិយាយថា៖ «តើព្រះយេហូវ៉ាជាព្រះនៃអេលីយ៉ា ទ្រង់គង់នៅឯណា?»។ ទឹកទន្លេនោះបានញែកចេញពីគ្នាម្ដងទៀត។—ពង្សាវតារក្សត្រទី២ ២:៨-១៤
១៦ តើអ្នកបានកត់សម្គាល់ថាអព្ភូតហេតុដំបូងដែលអេលីសេបានធ្វើគឺដូចគ្នានឹងអព្ភូតហេតុចុងក្រោយរបស់អេលីយ៉ាឬទេ? តើយើងទាញមេរៀនអ្វី? អេលីសេមិនបានគិតថាដោយសារឥឡូវគាត់ជាអ្នកប្រកាសទំនាយជំនួសអេលីយ៉ា ដូច្នេះគាត់ត្រូវធ្វើតាមវិធីផ្សេងពីវិធីដែលអេលីយ៉ាបានធ្វើនៅទន្លេយ៉ូដាន់នោះទេ។ ផ្ទុយទៅវិញ ដោយធ្វើតាមវិធីរបស់អេលីយ៉ា អេលីសេបានបង្ហាញថាគាត់គោរពអ្នកបង្រៀនរបស់គាត់។ ការធ្វើដូច្នេះបានជួយអ្នកប្រកាសទំនាយឯទៀតឲ្យមានទំនុកចិត្តលើអេលីសេ។ (ពង្សាវតារក្សត្រទី២ ២:១៥) អេលីសេបានធ្វើជាអ្នកប្រកាសទំនាយអស់រយៈពេល៦០ឆ្នាំ ហើយព្រះយេហូវ៉ាបានឲ្យគាត់មានសមត្ថភាពធ្វើអព្ភូតហេតុច្រើនជាងអេលីយ៉ាទៅទៀត។ តើអ្នករៀនសព្វថ្ងៃនេះអាចទាញមេរៀនអ្វី?
១៧. (ក) តើតាមរបៀបណាអ្នករៀនសព្វថ្ងៃនេះអាចមានចិត្តគំនិតដូចអេលីសេ? (ខ) តើក្រោយមកព្រះយេហូវ៉ាអាចប្រើអ្នករៀនដែលមានចិត្តស្មោះត្រង់យ៉ាងដូចម្ដេច?
១៧ ពេលអ្នកទទួលភារកិច្ចថែមទៀតក្នុងក្រុមជំនុំ សូមកុំមានអារម្មណ៍ថាអ្នកត្រូវធ្វើតាមវិធីខុសគ្នាទាំងស្រុងពីវិធីដែលអ្នកចាស់ទុំធ្លាប់ធ្វើពីមុននោះឡើយ។ សូមចាំថា មូលហេតុដែលអ្នកផ្លាស់ប្ដូរវិធី គឺដោយសារសេចក្ដីត្រូវការក្នុងក្រុមជំនុំ ឬដោយសារមានការណែនាំពីអង្គការរបស់ព្រះយេហូវ៉ា។ អ្នកមិនគួរផ្លាស់ប្ដូរវិធីផ្សេងៗ ដោយសារតែអ្នកចង់ផ្លាស់ប្ដូរនោះទេ។ ដោយបន្តប្រើវិធីរបស់អេលីយ៉ា អេលីសេបានជួយអ្នកប្រកាសទំនាយឯទៀតឲ្យមានទំនុកចិត្តលើគាត់ ហើយនេះបានបង្ហាញថាគាត់គោរពអ្នកបង្រៀនរបស់គាត់។ ស្រដៀងគ្នាដែរ បើអ្នកបន្តប្រើវិធីដែលមានមូលដ្ឋានលើគម្ពីរដូចអ្នកបង្រៀនរបស់អ្នក នោះមានន័យថាអ្នកបង្ហាញការគោរពចំពោះអ្នកចាស់ទុំដែលមានបទពិសោធន៍ ហើយបងប្អូននឹងមានទំនុកចិត្តលើអ្នក។ (សូមអាន កូរិនថូសទី១ ៤:១៧) កាលដែលអ្នកមានបទពិសោធន៍កាន់តែច្រើន អ្នកនឹងស្នើសុំការផ្លាស់ប្ដូរដើម្បីអាចជួយក្រុមជំនុំឲ្យតាមទាន់អង្គការរបស់ព្រះយេហូវ៉ាដែលជឿនទៅមុខជានិច្ច។ ម្យ៉ាងទៀត ក្រោយមកព្រះយេហូវ៉ាប្រហែលជាជួយអ្នកឲ្យធ្វើកិច្ចការច្រើនជាងអ្នកដែលបង្រៀនអ្នកទៅទៀត ដូចលោកបានជួយអេលីសេដែរ។—យ៉ូហាន ១៤:១២
១៨. ហេតុអ្វីការបង្ហាត់បង្រៀនបងប្អូនឯទៀតក្នុងក្រុមជំនុំគឺជាកិច្ចការដែលត្រូវធ្វើជាបន្ទាន់?
១៨ យើងសង្ឃឹមថាយោបល់ក្នុងអត្ថបទនេះនិងអត្ថបទមុនជំរុញចិត្តអ្នកចាស់ទុំកាន់តែច្រើនឲ្យចំណាយពេលដើម្បីបង្ហាត់បង្រៀនបងប្អូនឯទៀត។ ម្យ៉ាងទៀត យើងអធិដ្ឋានសុំឲ្យមានបងប្អូនប្រុសថែមទៀតដែលសុខចិត្តទទួលការបង្ហាត់បង្រៀនប្រើអ្វីដែលពួកគាត់បានរៀនដើម្បីថែរក្សារាស្ត្ររបស់ព្រះយេហូវ៉ា។ នេះនឹងពង្រឹងក្រុមជំនុំទូទាំងពិភពលោក ហើយនឹងជួយយើងម្នាក់ៗឲ្យរក្សាចិត្តស្មោះត្រង់ក្នុងអំឡុងគ្រាដ៏គួរឲ្យរំភើបចិត្តដែលនឹងមកដល់នៅពេលខាងមុខ។
a បើបងប្អូនប្រុសដែលមានវ័យក្មេងបង្ហាញថាគាត់មានភាពចាស់ទុំនិងមានចិត្តរាបទាប ហើយមានគុណសម្បត្ដិឯទៀតដែលចាំបាច់ដើម្បីបម្រើក្នុងក្រុមជំនុំ អ្នកចាស់ទុំអាចលើកឈ្មោះគាត់ដើម្បីគាត់អាចទទួលការតែងតាំងឲ្យធ្វើជាជំនួយការខាងកិច្ចបម្រើ ទោះជាគាត់មិនទាន់ដល់អាយុ២០ឆ្នាំក៏ដោយ (សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៩ នៅទំព័រ២៩ ជាភាសាអង់គ្លេស)។—ធីម៉ូថេទី១ ៣:៨-១០, ១២
b អ្នកអាចពិចារណាចំណុចទាំងនេះក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១២ ទំព័រ១៤-១៦ វគ្គ៨-១៣ និងសៀវភៅ«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់» ជំពូកទី១៦ វគ្គ១-៣។
-