ថ្ងៃច័ន្ទ ទី១ ខែកញ្ញា
យើងនឹងឃើញពន្លឺភ្លឺមកលើយើង ដូចជាពន្លឺថ្ងៃរះ។—លូក. ១:៧៨
ព្រះបានឲ្យលោកយេស៊ូមានឫទ្ធានុភាពដើម្បីដោះស្រាយបញ្ហាទាំងអស់របស់មនុស្សជាតិ។ ពេលលោកយេស៊ូបានធ្វើអព្ភូតហេតុ លោកបានបង្ហាញថាលោកអាចដោះស្រាយបញ្ហាទាំងអស់ដែលយើងមិនអាចដោះស្រាយដោយខ្លួនឯង។ ជាឧទាហរណ៍ លោកមានឫទ្ធានុភាពដើម្បីរំដោះយើងឲ្យរួចពីភាពខុសឆ្គងដែលយើងបានទទួល ដែលជាដើមហេតុនៃបញ្ហារបស់យើង ហើយពីលទ្ធផលនៃភាពខុសឆ្គងនោះដែលរួមមានជំងឺនិងសេចក្ដីស្លាប់។ (ម៉ាថ. ៩:១-៦; រ៉ូម ៥:១២, ១៨, ១៩) អព្ភូតហេតុរបស់លោកបង្ហាញថាលោកអាចធ្វើឲ្យមនុស្សជាសះស្បើយពីជំងឺ«គ្រប់ប្រភេទ» ហើយថែមទាំងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ (ម៉ាថ. ៤:២៣; យ៉ូន. ១១:៤៣, ៤៤) លោកក៏មានឫទ្ធានុភាពដើម្បីគ្រប់គ្រងខ្យល់ព្យុះដ៏ខ្លាំង ហើយរំដោះមនុស្សឲ្យរួចពីឥទ្ធិពលនៃពួកវិញ្ញាណអាក្រក់។ (ម៉ាក. ៤:៣៧-៣៩; លូក. ៨:២) ការដឹងថាព្រះយេហូវ៉ាបានផ្ដល់ឫទ្ធានុភាពបែបនេះដល់បុត្ររបស់លោក គឺគួរឲ្យលើកទឹកចិត្តណាស់! យើងអាចមានទំនុកចិត្តទាំងស្រុងថាពរនៅថ្ងៃអនាគតក្រោមរាជាណាចក្រព្រះនឹងក្លាយជាការពិត។ អព្ភូតហេតុដែលលោកយេស៊ូបានធ្វើកាលដែលនៅផែនដី បង្រៀនយើងអំពីអ្វីដែលលោកនឹងធ្វើនៅទូទាំងផែនដីក្នុងនាមជាស្ដេចនៃរាជាណាចក្រព្រះ។ w២៣.០៤ ទំ.៣-៤ វ.៥-៧
ថ្ងៃអង្គារ ទី២ ខែកញ្ញា
ឫទ្ធានុភាពរបស់លោកស្ទង់មើលអ្វីៗទាំងអស់ សូម្បីតែសេចក្ដីជ្រាលជ្រៅរបស់ព្រះ។—១កូ. ២:១០
បើអ្នកនៅក្រុមជំនុំធំ ហើយលើកដៃ តែមានអារម្មណ៍ថាអ្នកដឹកនាំមើលរំលងអ្នកជារឿយៗ អ្នកប្រហែលជាចង់ឈប់ព្យាយាមឆ្លើយ។ ប៉ុន្តែ សូមកុំឈប់ព្យាយាមឡើយ។ សូមរៀបចំចម្លើយច្រើនសម្រាប់រាល់កិច្ចប្រជុំ។ យ៉ាងនេះ បើអ្នកមិនបានត្រូវជ្រើសរើសឲ្យឆ្លើយនៅដើមដំបូងក្នុងការសិក្សាទេ អ្នកនឹងនៅតែមានឱកាសឆ្លើយនៅពេលក្រោយមកទៀតក្នុងអំឡុងកិច្ចប្រជុំនោះ។ ពេលរៀបចំទស្សនាវដ្ដីប៉មយាមសម្រាប់សិក្សា សូមគិតអំពីរបៀបដែលវគ្គនីមួយៗជាប់ទាក់ទងនឹងបទគម្ពីរជាមូលដ្ឋាននៃអត្ថបទនោះ។ បើអ្នកធ្វើដូច្នេះ អ្នកនឹងទំនងជារកឃើញចម្លើយល្អដើម្បីទុកឆ្លើយក្នុងអំឡុងការសិក្សានោះ។ បន្ថែមទៅទៀត អ្នកអាចរៀបចំចម្លើយនៅវគ្គដែលពិគ្រោះសេចក្ដីបង្រៀនជ្រាលជ្រៅជាងពីគម្ពីរដែលពិបាកពន្យល់ជាង។ ហេតុអ្វី? ពីព្រោះប្រហែលជាមិនសូវមានអ្នកលើកដៃឆ្លើយវគ្គបែបនោះទេ។ ចុះបើក្រោយពីកិច្ចប្រជុំច្រើនដង អ្នកឃើញថាអ្នកនៅតែមិនមានឱកាសឆ្លើយ? សូមប្រាប់អ្នកដឹកនាំមុនកិច្ចប្រជុំអំពីសំណួរណាដែលអ្នកចង់ឆ្លើយ។ w២៣.០៤ ទំ.២១-២២ វ.៩-១០
ថ្ងៃពុធ ទី៣ ខែកញ្ញា
យ៉ូសែប . . . យកប្រពន្ធទៅផ្ទះរបស់គាត់ ដូចដែលទេវតារបស់ព្រះយេហូវ៉ាបានបង្គាប់។—ម៉ាថ. ១:២៤
យ៉ូសែបឆាប់ធ្វើតាមការណែនាំពីព្រះយេហូវ៉ា ហើយនោះបានជួយគាត់ឲ្យទៅជាប្ដីដ៏ល្អប្រសើរជាង។ យ៉ាងហោចណាស់អស់បីដង គាត់បានទទួលការណែនាំពីព្រះចំពោះក្រុមគ្រួសាររបស់គាត់។ រាល់ដង គាត់ឆាប់ធ្វើតាមការណែនាំនោះ ទោះជានៅពេលពិបាកចំពោះគាត់ក្ដី។ (ម៉ាថ. ១:២០; ២:១៣-១៥, ១៩-២១) ដោយធ្វើតាមការណែនាំពីព្រះ យ៉ូសែបបានការពារម៉ារៀ ព្រមទាំងគាំទ្រនិងផ្គត់ផ្គង់នាង។ សូមស្រមៃគិតថាការប្រព្រឹត្តរបស់យ៉ូសែបច្បាស់ជាបានទាញចិត្តម៉ារៀឲ្យកាន់តែស្រឡាញ់និងគោរពគាត់យ៉ាងណាទៅ! ប្ដីទាំងឡាយ អ្នកអាចយកតម្រាប់យ៉ូសែបដោយស្វែងរកយោបល់ដែលមានមូលដ្ឋានលើគម្ពីរអំពីរបៀបថែរក្សាក្រុមគ្រួសារ។ ពេលអ្នកធ្វើតាមយោបល់នេះ ទោះជានោះមានន័យថាអ្នកត្រូវធ្វើការផ្លាស់ប្ដូរក្ដី អ្នកបង្ហាញសេចក្ដីស្រឡាញ់ចំពោះប្រពន្ធ ហើយពង្រឹងចំណងអាពាហ៍ពិពាហ៍របស់អ្នក។ បងស្រីម្នាក់នៅកោះវ៉ានូទូដែលបានរៀបការជាង២០ឆ្នាំ និយាយថា៖ «ពេលប្ដីខ្ញុំស្វែងរកនិងធ្វើតាមការណែនាំពីព្រះយេហូវ៉ា ខ្ញុំកាន់តែគោរពគាត់។ ខ្ញុំមានអារម្មណ៍ថាខ្ញុំមានសុវត្ថិភាព ហើយខ្ញុំមានទំនុកចិត្តលើការសម្រេចចិត្តរបស់គាត់»។ w២៣.០៥ ទំ.២១ វ.៥