របៀបរកផ្លូវដែលនាំឲ្យមានសុភមង្គល
សុខភាពល្អនិងការចេះស៊ូទ្រាំ
ជំងឺរ៉ាំរ៉ៃឬពិការភាពអាចធ្វើឲ្យជីវិតរបស់មនុស្សពិបាកយ៉ាងខ្លាំង។ បុរសម្នាក់ឈ្មោះអ៊ុហ្វធ្លាប់មានកម្លាំងមាំមួននិងសុខភាពល្អ ក្រោយមកគាត់មានជំងឺស្លាប់ដៃស្លាប់ជើង។ គាត់បាននិយាយថា៖ «ខ្ញុំតានតឹងចិត្តខ្លាំងណាស់។ ខ្ញុំលែងមានកម្លាំងកាយកម្លាំងចិត្ត និងគ្មានទំនុកចិត្ត។ . . . ខ្ញុំមានអារម្មណ៍ថាដូចជាស្លាប់ទាំងរស់»។
បទពិសោធន៍របស់អ៊ុហ្វរំលឹកយើងថាគ្មានអ្នកណាអាចគ្រប់គ្រងសុខភាពរបស់ខ្លួនទាំងស្រុងបានឡើយ។ ប៉ុន្តែ យើងអាចធ្វើអ្វីមួយចំនួនដែលជួយកាត់បន្ថយលទ្ធភាពដែលនាំឲ្យឈឺ។ ចុះយ៉ាងណាបើសុខភាពរបស់យើងកាន់តែខ្សោយទៅៗ? តើនេះមានន័យថាយើងមិនអាចមានសុភមង្គលឬ? មិនមែនទាល់តែសោះ។ យើងនឹងពិចារណាចំណុចនេះ។ ជាបឋម សូមយើងពិចារណាគោលការណ៍ខ្លះដែលអាចជួយឲ្យមានសុខភាពល្អ។
«ប្រព្រឹត្តដោយមានតុល្យភាព»។ (ធីម៉ូថេទី១ ៣:២, ១១) ការមានទម្លាប់បរិភោគនិងផឹកហួសប្រមាណ មានផលអវិជ្ជមានជាច្រើនដែលប៉ះពាល់ដល់សុខភាពរបស់យើង ហើយក៏នាំឲ្យអស់ថវិកាច្រើនដែរ។ «កុំឲ្យនៅកណ្ដាលពួកអ្នកប្រមឹកស្រា ឬក្នុងពួកល្មោភស៊ីឡើយ។ ដ្បិតមនុស្សប្រមឹក នឹងមនុស្សល្មោភនឹងទៅជាក្រ»។—សុភាសិត ២៣:២០, ២១
កុំបំពុលរូបកាយរបស់ខ្លួនឡើយ។ «ចូរយើងសម្អាតចិត្តនិងកាយរបស់យើងឲ្យស្អាតពីអ្វីៗទាំងអស់ដែលនាំឲ្យស្មោកគ្រោក»។ (កូរិនថូសទី២ ៧:១) ពេលមនុស្សជក់ឬទំពាថ្នាំជក់ ផឹកស្រាហួសប្រមាណ ឬប្រើគ្រឿងញៀន ពួកគេកំពុងធ្វើឲ្យរូបកាយរបស់ពួកគេស្មោកគ្រោក។ ជាឧទាហរណ៍ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសហរដ្ឋអាម៉េរិករៀបរាប់ថា ការជក់បារី«អាចនាំឲ្យមានជំងឺផ្សេងៗ ពិការភាព និងបង្ខូចសរីរាង្គស្ទើរតែទាំងអស់»។
ចាត់ទុករូបកាយនិងជីវិតថាជាអំណោយដ៏ពិសេស។ «ដោយសារ[ព្រះ] ទើបយើងមានជីវិត ក៏អាចធ្វើចលនាផង»។ (សកម្មភាព ១៧:២៨) ពេលយើងមានទស្សនៈបែបនេះ នោះជំរុញចិត្តយើងឲ្យជៀសវាងការប្រថុយប្រថានដែលមិនចាំបាច់ មិនថាពេលយើងកំពុងធ្វើការ បើកបរ ឬកម្សាន្តក្ដី។ គឺមិនសមហេតុផលទេបើនាំឲ្យខ្លួនមានពិការភាព ព្រោះតែចង់ទទួលអារម្មណ៍រំភើបមួយភ្លែតនោះ!
គ្រប់គ្រងអារម្មណ៍មិនល្អ។ ចិត្តគំនិតនិងរូបកាយជាប់ទាក់ទងគ្នាយ៉ាងខ្លាំង។ ដូច្នេះ យើងគួរព្យាយាមជៀសវាងការខ្វល់ខ្វាយដែលមិនចាំបាច់ ការមិនទប់កំហឹង ការច្រណែន និងអារម្មណ៍មិនល្អឯទៀត។ ទំនុកតម្កើង ៣៧:៨ ចែងថា៖ «ចូរឈប់ពីសេចក្ដីកំហឹង ហើយបោះបង់សេចក្ដីឃោរឃៅចោលចេញ»។ គម្ពីរក៏ចែងដែរថា៖ «កុំខ្វល់ខ្វាយអំពីថ្ងៃស្អែកឲ្យសោះ ពីព្រោះថ្ងៃស្អែកនឹងមានកង្វល់សម្រាប់ថ្ងៃស្អែក»។—ម៉ាថាយ ៦:៣៤
ព្យាយាមមានទស្សនៈល្អ។ សុភាសិត ១៤:៣០ ពីព្រះគម្ពីរភាសាខ្មែរសម្រាយ ចែងថា៖ «ចិត្តស្ងប់ តែងតែធ្វើអោយមានសុខភាពល្អ»។ គម្ពីរក៏ប្រាប់ដែរថា៖ «ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស»។ (សុភាសិត ១៧:២២) ពាក្យទាំងនេះពិតជាសមត្រឹមត្រូវតាមវិទ្យាសាស្ត្រមែន។ គ្រូពេទ្យម្នាក់នៅប្រទេសស្កុតឡែន បានរៀបរាប់ថា៖ «បើយើងសប្បាយចិត្ត នោះនៅថ្ងៃមុខយើងទំនងជាមិនសូវប្រឈមមុខនឹងជំងឺច្រើនដូចមនុស្សដែលមិនសប្បាយចិត្ត»។
រៀនឲ្យចេះស៊ូទ្រាំ។ ដូចអ៊ុហ្វដែលបានត្រូវរៀបរាប់ខាងលើ យើងប្រហែលជាគ្មានជម្រើស មានតែទ្រាំនឹងទុក្ខលំបាក។ ប៉ុន្តែ យើងអាចមានវិធីដើម្បីស៊ូទ្រាំបាន។ មនុស្សខ្លះធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ហើយនេះធ្វើឲ្យបញ្ហាកាន់តែយ៉ាប់ទៅប៉ុណ្ណោះ។ សុភាសិត ២៤:១០ ចែងថា៖ «បើឯងអន់ថយក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ»។
មនុស្សខ្លះទៀតប្រហែលជាធ្លាក់ទឹកចិត្តនៅដើមដំបូង តែក្រោយមកមានកម្លាំងចិត្តឡើងវិញ។ ពួកគេចេះប្រែប្រួលតាមកាលៈទេសៈ។ ពួកគេចេះរកវិធីដើម្បីយកឈ្នះ។ អ៊ុហ្វបានធ្វើដូច្នេះ។ គាត់បាននិយាយថាក្រោយពីគាត់បានអធិដ្ឋាននិងរំពឹងគិតជាច្រើនទៅលើព័ត៌មានដ៏ល្អក្នុងគម្ពីរ គាត់បាន«យល់ឃើញថាមានអ្វីផ្សេងៗដែលអាចធ្វើ ជាជាងគិតអំពីអ្វីដែលមិនអាចធ្វើ»។ លើសពីនេះទៀត ដូចមនុស្សជាច្រើនដែលជួបទុក្ខលំបាកធំៗ គាត់បានទាញមេរៀនសំខាន់អំពីការមានចិត្តមេត្ដាករុណានិងអាណិតអាសូរ ដែលបានជំរុញចិត្តគាត់ឲ្យប្រាប់ដំណឹងពីគម្ពីរដល់អ្នកឯទៀតដើម្បីសម្រាលទុក្ខពួកគេ។
បុរសម្នាក់ទៀតឈ្មោះស្ទេវ បានរងទុក្ខយ៉ាងខ្លាំង។ ពេលអាយុ១៥ឆ្នាំ គាត់បានជួបគ្រោះថ្នាក់មួយដែលធ្វើឲ្យគាត់ពិការចាប់ពីក ចុះក្រោម។ ពេលអាយុ១៨ឆ្នាំ គាត់បានទទួលកម្លាំងដៃមកវិញ។ ក្រោយមកគាត់បានចូលសកលវិទ្យាល័យ។ នៅទីនោះគាត់បានធ្លាក់ខ្លួនប្រព្រឹត្តអំពើអបាយមុខផ្សេងៗដូចជា ប្រើគ្រឿងញៀន ប្រមឹកស្រា និងប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ គាត់អស់សង្ឃឹមក្នុងជីវិត រហូតដល់ពេលគាត់បានចាប់ផ្ដើមសិក្សាគម្ពីរ ព្រោះនោះបានជួយគាត់ឲ្យមានទស្សនៈថ្មីអំពីជីវិត ហើយជួយគាត់ឲ្យលះចោលអំពើអបាយមុខផ្សេងៗ។ គាត់បាននិយាយថា៖ «ខ្ញុំលែងមានអារម្មណ៍ថាជីវិតខ្ញុំគ្មានន័យខ្លឹមសារទៀត។ ជីវិតខ្ញុំឥឡូវពោរពេញដោយសេចក្ដីសុខ សុភមង្គល និងការស្កប់ចិត្ត»។
ការរៀបរាប់របស់ស្ទេវនិងអ៊ុហ្វធ្វើឲ្យយើងនឹកឃើញដល់ពាក្យនៅទំនុកតម្កើង ១៩:៧, ៨ ដែលថា៖ «ក្រិត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍ ក៏[ធ្វើឲ្យមានកម្លាំងចិត្ត]ឡើងវិញ . . . សេចក្ដីបញ្ញត្តរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ ក៏បណ្ដាលឲ្យចិត្តរីករាយសប្បាយ ក្រិត្យក្រមនៃព្រះយេហូវ៉ាជាសុទ្ធសាធ ក៏បំភ្លឺភ្នែក»។