តើនេះជាគោលបំណងរបស់ព្រះទេ?
បើអ្នកអានកាសែត មើលទូរទស្សន៍ ឬស្ដាប់វិទ្យុ អ្នកនឹងឃើញ ហើយឮព័ត៌មានជាច្រើនណាស់អំពីឧក្រិដ្ឋកម្ម សង្គ្រាម និងភេរវកម្ម។ ម្យ៉ាងទៀត អ្នកក៏មានបញ្ហាផ្ទាល់ខ្លួនដែរ។ ប្រហែលអ្នកកំពុងតែឈឺចាប់ខាងផ្លូវកាយដោយសារជំងឺណាមួយ ឬក៏ប្រហែលជាអ្នកឈឺចាប់ខាងផ្លូវចិត្តដោយសារមនុស្សជាទីស្រឡាញ់របស់អ្នកបានស្លាប់ទៅ។ អ្នកប្រហែលជាមានអារម្មណ៍ដូចបុរសល្អម្នាក់ឈ្មោះយ៉ូបដែលមានអារម្មណ៍ថាគាត់បាន«លិចលង់ទៅក្នុងទុក្ខវេទនា»។—យ៉ូប ១០:១៥, ខ.ស.
សូមសួរខ្លួនឯង:
តើព្រះមានគោលបំណងឲ្យខ្ញុំនិងមនុស្សឯទៀតទទួលរងការឈឺចាប់ដូច្នេះទេ?
តើខ្ញុំអាចរកជំនួយនៅឯណាដើម្បីស៊ូទ្រាំឬដោះស្រាយបញ្ហារបស់ខ្ញុំ?
តើមានហេតុឲ្យសង្ឃឹមថានៅថ្ងៃមួយនឹងមានសេចក្ដីសុខទូទាំងផែនដីទេ?
ព្រះគម្ពីរមានចម្លើយចំពោះសំនួរទាំងនេះដែលធ្វើឲ្យយើងអស់ចម្ងល់។
ព្រះគម្ពីរបង្រៀនថាព្រះនឹងធ្វើឲ្យផែនដីមានស្ថានភាពដូចតទៅនេះ
«ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ»។—វិវរណៈ ២១:៤
«មនុស្សខ្វិននឹងលោតដូចជាប្រើស»។—អេសាយ ៣៥:៦
«ភ្នែករបស់មនុស្សខ្វាក់នឹងបានភ្លឺឡើង»។—អេសាយ ៣៥:៥
«មនុស្សស្លាប់ទាំងប៉ុន្មាននឹង . . . ចេញពីផ្នូរមក»។—យ៉ូហាន ៥:២៨, ២៩, ខ.ស.
«គេនឹងមិនថា ខ្ញុំឈឺទៀតឡើយ»។—អេសាយ ៣៣:២៤
«នឹងមានស្រូវជាបរិបូរ»។—ទំនុកដំកើង ៧២:១៦
ចូរទទួលប្រយោជន៍ពីសេចក្ដីបង្រៀនក្នុងព្រះគម្ពីរ
សូមកុំឆាប់សន្និដ្ឋានថាអ្វីដែលអ្នកទើបតែអាននៅទំព័រមុនៗជាការស្រមើស្រមៃនោះឡើយ។ ព្រះបានសន្យាថាទ្រង់នឹងធ្វើឲ្យនោះកើតឡើង ហើយព្រះគម្ពីរពន្យល់របៀបដែលទ្រង់នឹងធ្វើដូច្នេះ។
ប៉ុន្តែព្រះគម្ពីរក៏ផ្ដល់ប្រយោជន៍ថែមទៀត។ ព្រះគម្ពីរប្រាប់វិធីដែលអ្នកអាចមានជីវិតដ៏គាប់ចិត្ត សូម្បីតែនៅឥឡូវនេះក៏ដោយ។ សូមគិតបន្ដិចអំពីទុក្ខលំបាកនិងកង្វល់កង្វាយរបស់អ្នកផ្ទាល់។ ប្រហែលជាមានបញ្ហាលុយកាក់ បញ្ហាក្រុមគ្រួសារ បញ្ហាសុខភាព ឬមានទុក្ខសោកដោយសារមនុស្សជាទីស្រឡាញ់បានស្លាប់ទៅនោះ។ ព្រះគម្ពីរអាចជួយឲ្យអ្នកស៊ូទ្រាំនឹងបញ្ហាដែលអ្នកមានសព្វថ្ងៃនេះ ហើយក៏អាចសម្រាលទុក្ខអ្នកដោយផ្ដល់ចម្លើយចំពោះសំនួរផ្សេងៗដូចតទៅនេះ:
ហេតុអ្វីយើងទទួលរងការឈឺចាប់?
តើយើងអាចប្រឈមមុខនឹងកង្វល់កង្វាយនៃជីវិតយ៉ាងដូចម្ដេច?
តើយើងអាចធ្វើឲ្យមានសុភមង្គលច្រើនជាងក្នុងជីវភាពគ្រួសារយ៉ាងដូចម្ដេច?
តើមានអ្វីកើតឡើងនៅពេលយើងស្លាប់?
តើយើងនឹងអាចជួបមនុស្សជាទីស្រឡាញ់របស់យើងដែលបានស្លាប់ទៅបានទេ?
ហេតុអ្វីយើងអាចប្រាកដថា នៅអនាគតព្រះនឹងធ្វើឲ្យសេចក្ដីសន្យារបស់ទ្រង់បានសម្រេច?
ដោយសារអ្នកកំពុងតែអានសៀវភៅនេះ នោះបង្ហាញថាអ្នកចង់ដឹងអ្វីដែលព្រះគម្ពីរបង្រៀន។ សៀវភៅនេះនឹងជួយអ្នកឲ្យយល់ពីព្រះគម្ពីរបាន។ សូមកត់សម្គាល់ថា វគ្គទាំងប៉ុន្មានមានសំនួរ។ មនុស្សរាប់លាននាក់ចូលចិត្តរៀនព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ាដោយប្រើសំនួរនិងចម្លើយ។ យើងសង្ឃឹមថាអ្នកនឹងចូលចិត្តវិធីនោះដែរ។ សូមឲ្យព្រះប្រទានពរពេលដែលអ្នកចាប់ផ្ដើមធ្វើអ្វីមួយដែលគួរឲ្យរំភើបចិត្តណាស់ ពោលគឺការរៀនអ្វីដែលព្រះគម្ពីរពិតជាបង្រៀន!