-
តើពួកអ្នកចាស់ទុំជួយក្រុមជំនុំយ៉ាងដូចម្ដេច?នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី១៥
តើពួកអ្នកចាស់ទុំជួយក្រុមជំនុំយ៉ាងដូចម្ដេច?
ហ្វាំងឡង់
បង្រៀន
ពង្រឹងជំនឿ
ផ្សព្វផ្សាយ
ក្នុងអង្គការរបស់យើង គ្មានបព្វជិតដែលទទួលប្រាក់ខែទេ។ ផ្ទុយទៅវិញ អ្នកត្រួតពិនិត្យដែលមានគុណសម្បត្ដិគ្រប់គ្រាន់បានត្រូវតែងតាំងឡើង«ដើម្បីឃ្វាលក្រុមជំនុំរបស់ព្រះ» ដូចពេលដែលក្រុមជំនុំគ្រិស្តសាសនិកទើបចាប់ផ្ដើមមានឡើងដែរ។ (សកម្មភាព ២០:២៨) ពួកអ្នកចាស់ទុំជាបុរសដែលមានគុណសម្បត្ដិគ្រប់គ្រាន់ ហើយនាំមុខ និងឃ្វាលឬពង្រឹងជំនឿបងប្អូនក្នុងក្រុមជំនុំ«មិនមែនឃ្វាលដោយបង្ខំចិត្តទេ តែដោយស្ម័គ្រចិត្ត ហើយមិនមែនដោយចង់បានប្រយោជន៍ផ្ទាល់ខ្លួនឡើយ តែដោយស្មោះអស់ពីចិត្ត»។ (ពេត្រុសទី១ ៥:១-៣) តើពួកគាត់ធ្វើអ្វីខ្លះដើម្បីផ្ដល់ជាប្រយោជន៍សម្រាប់យើង?
ពួកគាត់មើលថែរក្សានិងយកចិត្តទុកដាក់ចំពោះយើង។ ពួកអ្នកចាស់ទុំផ្ដល់ការណែនាំនិងជួយក្រុមជំនុំឲ្យរក្សាចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ ដោយដឹងថា ព្រះបានប្រគល់ភារកិច្ចដ៏សំខាន់ដល់ពួកគាត់ នោះពួកអ្នកចាស់ទុំមិនចង់ធ្វើជាម្ចាស់លើរាស្ត្រលោកទេ ប៉ុន្តែពួកគាត់ជួយយើងឲ្យមានអំណរនិងសេចក្ដីសុខវិញ។ (កូរិនថូសទី២ ១:២៤) ដូចគង្វាលដែលយកចិត្តទុកដាក់ថែរក្សាចៀមនីមួយៗរបស់គាត់ នោះពួកអ្នកចាស់ទុំក៏ព្យាយាមស្គាល់សមាជិកម្នាក់ៗក្នុងក្រុមជំនុំដែរ។—សុភាសិត ២៧:២៣
ពួកគាត់បង្រៀនយើងនូវរបៀបធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ រៀងរាល់សប្ដាហ៍ ពួកអ្នកចាស់ទុំដឹកនាំកិច្ចប្រជុំក្នុងក្រុមជំនុំដើម្បីពង្រឹងជំនឿរបស់យើងទាំងអស់គ្នា។ (សកម្មភាព ១៥:៣២) បុរសស្មោះត្រង់ទាំងនេះក៏នាំមុខក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អដែរ ដោយផ្សព្វផ្សាយជាមួយយើង និងបង្រៀនអំពីរបៀបផ្សេងៗដែលយើងអាចផ្សព្វផ្សាយ។
ពួកគាត់លើកទឹកចិត្តយើងម្នាក់ៗ។ ដើម្បីជួយយើងម្នាក់ៗឲ្យពង្រឹងចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា ពួកអ្នកចាស់ទុំប្រហែលជាមកលេងយើងនៅឯផ្ទះ ឬប្រហែលជានិយាយជាមួយនឹងយើងនៅឯសាលប្រជុំដើម្បីជួយលើកទឹកចិត្តនិងសម្រាលទុក្ខយើងដោយប្រើបទគម្ពីរ។—យ៉ាកុប ៥:១៤, ១៥
បន្ថែមពីលើភារកិច្ចដែលមាននៅក្នុងក្រុមជំនុំ អ្នកចាស់ទុំភាគច្រើនក៏ធ្វើការដើម្បីចិញ្ចឹមជីវិត និងមានភារកិច្ចក្នុងក្រុមគ្រួសារដែលពួកគាត់ត្រូវគិតនិងចំណាយពេលដែរ។ ពួកអ្នកចាស់ទុំដែលធ្វើការនឿយហត់ទាំងនេះសមនឹងទទួលការគោរពពីយើងមែន។—ថែស្សាឡូនិចទី១ ៥:១២, ១៣
តើពួកអ្នកចាស់ទុំក្នុងក្រុមជំនុំមានតួនាទីអ្វីខ្លះ?
តើពួកអ្នកចាស់ទុំយកចិត្តទុកដាក់ចំពោះយើងម្នាក់ៗតាមរបៀបណា?
-
-
តើជំនួយការខាងកិច្ចបម្រើមានតួនាទីអ្វីខ្លះ?នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី១៦
តើជំនួយការខាងកិច្ចបម្រើមានតួនាទីអ្វីខ្លះ?
មីយ៉ាន់ម៉ា
សុន្ទរកថា
ប្រជុំផ្សព្វផ្សាយ
សម្អាតសាលប្រជុំ
គម្ពីរបានរៀបរាប់អំពីបុរសគ្រិស្តសាសនិកពីរក្រុមដែលមានភារកិច្ចក្នុងក្រុមជំនុំ គឺ«អ្នកត្រួតពិនិត្យនិងពួកជំនួយការខាងកិច្ចបម្រើ»។ (ភីលីព ១:១) តាមធម្មតា ក្រុមជំនុំនីមួយៗមានពួកអ្នកចាស់ទុំនិងពួកជំនួយការខាងកិច្ចបម្រើច្រើននាក់។ តើពួកជំនួយការខាងកិច្ចបម្រើធ្វើកិច្ចការអ្វីខ្លះដើម្បីជាប្រយោជន៍សម្រាប់យើង?
ពួកគាត់ជួយក្រុមអ្នកចាស់ទុំ។ ជំនួយការខាងកិច្ចបម្រើជាបុរសវ័យក្មេងឬវ័យចាស់ដែលមានចំណងមិត្តភាពរឹងមាំជាមួយនឹងព្រះយេហូវ៉ា ហើយគួរជាទីទុកចិត្ត និងបំពេញភារកិច្ចដោយយកចិត្តទុកដាក់។ ពួកគាត់មានកិច្ចការដ៏សំខាន់ដែលត្រូវធ្វើជាទៀងទាត់ក្នុងក្រុមជំនុំ។ ភារកិច្ចនោះតម្រូវឲ្យពួកគាត់ធ្វើការងារធ្ងន់ស្រាលផ្សេងៗសម្រាប់ក្រុមជំនុំ។ ដោយមានជំនួយពីពួកគាត់ ពួកអ្នកចាស់ទុំអាចផ្ចង់អារម្មណ៍ទៅលើភារកិច្ចក្នុងការបង្រៀននិងពង្រឹងជំនឿបងប្អូន។
ពួកគាត់ជួយយើង។ ជំនួយការខាងកិច្ចបម្រើខ្លះបានត្រូវតែងតាំងឲ្យទទួលស្វាគមន៍អ្នកដែលមកចូលរួមកិច្ចប្រជុំ។ ខ្លះទៀតប្រហែលជាមានភារកិច្ចផ្នែកប្រព័ន្ធសំឡេង ផ្នែកចែកសៀវភៅ ផ្នែកគណនីរបស់ក្រុមជំនុំ និងផ្នែកចែកតំបន់ផ្សាយដល់បងប្អូនក្នុងក្រុមជំនុំ។ ពួកគាត់ក៏ជួយសម្អាតនិងថែទាំសាលប្រជុំដែរ។ ពួកអ្នកចាស់ទុំប្រហែលជាសុំពួកគាត់ឲ្យជួយបងប្អូនវ័យចាស់។ ដោយសារពួកជំនួយការខាងកិច្ចបម្រើស្ម័គ្រចិត្តធ្វើកិច្ចការទាំងអស់ដែលពួកគាត់ទទួល នោះបងប្អូនក្នុងក្រុមជំនុំគួរគោរពនិងឲ្យតម្លៃចំពោះកិច្ចការដ៏នឿយហត់និងចិត្តគំនិតលះបង់ប្រយោជន៍ខ្លួនរបស់ពួកគាត់។—ធីម៉ូថេទី១ ៣:១៣
ពួកគាត់ទុកគំរូល្អក្នុងនាមជាគ្រិស្តសាសនិកម្នាក់។ ពួកគាត់បានត្រូវតែងតាំងជាជំនួយការខាងកិច្ចបម្រើ ដោយសារពួកគាត់មានគុណសម្បត្ដិដ៏ល្អជាគ្រិស្តសាសនិក។ ពេលពួកគាត់ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ នោះជួយពង្រឹងជំនឿរបស់យើង។ គំរូដ៏ល្អរបស់ពួកគាត់ក្នុងកិច្ចផ្សព្វផ្សាយជួយយើងឲ្យមានចិត្តខ្នះខ្នែងថែមទៀត។ ដោយសារពួកគាត់សហការយ៉ាងល្អជាមួយពួកអ្នកចាស់ទុំ នេះធ្វើឲ្យមានអំណរនិងសាមគ្គីភាព។ (អេភេសូរ ៤:១៦) ក្រោយមក ពួកគាត់ក៏អាចមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកចាស់ទុំដែរ។
តើជំនួយការខាងកិច្ចបម្រើជាមនុស្សប្រភេទណា?
តើជំនួយការខាងកិច្ចបម្រើជួយធ្វើឲ្យក្រុមជំនុំមានដំណើរការល្អយ៉ាងដូចម្ដេច?
-
-
តើអ្នកត្រួតពិនិត្យប្រចាំមណ្ឌលជួយយើងយ៉ាងដូចម្ដេច?នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី១៧
តើអ្នកត្រួតពិនិត្យប្រចាំមណ្ឌលជួយយើងយ៉ាងដូចម្ដេច?
ម៉ាឡាវី
ប្រជុំផ្សព្វផ្សាយ
ផ្សព្វផ្សាយ
កិច្ចប្រជុំពួកអ្នកចាស់ទុំ
បទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចរៀបរាប់ច្រើនដងអំពីបាណាបាសនិងសាវ័កប៉ូល។ ពួកគាត់បម្រើជាអ្នកធ្វើដំណើរត្រួតពិនិត្យ ដោយធ្វើទស្សនៈកិច្ចក្រុមជំនុំនៅជំនាន់ដើម។ ហេតុអ្វី? ពីព្រោះពួកគាត់យកចិត្តទុកដាក់យ៉ាងស្មោះចំពោះសុខទុក្ខរបស់បងប្អូនរួមជំនឿ។ ប៉ូលបាននិយាយថា គាត់ចង់«ត្រឡប់ទៅឯបងប្អូន»ដើម្បីសួរសុខទុក្ខពួកគេ។ គាត់ស្ម័គ្រចិត្តធ្វើដំណើររាប់រយគីឡូម៉ែត្រដើម្បីទៅជួបនិងលើកទឹកចិត្តពួកគេ។ (សកម្មភាព ១៥:៣៦) ពួកអ្នកធ្វើដំណើរត្រួតពិនិត្យនៅសព្វថ្ងៃនេះក៏មានបំណងប្រាថ្នាដូចគ្នាដែរ។
ពួកគាត់មកដើម្បីលើកទឹកចិត្តយើង។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់ៗធ្វើទស្សនៈកិច្ចក្រុមជំនុំ២០ឬច្រើនជាង ដោយចំណាយពេលមួយសប្ដាហ៍ជាមួយនឹងក្រុមជំនុំនីមួយៗ ហើយពួកគាត់ធ្វើដូច្នេះពីរដងក្នុងមួយឆ្នាំ។ យើងអាចទទួលប្រយោជន៍យ៉ាងច្រើនដោយស្ដាប់បទពិសោធន៍ពួកគាត់និងប្រពន្ធរបស់ពួកគាត់បើរៀបការហើយ។ ពួកគាត់ព្យាយាមស្គាល់បងប្អូនទាំងចាស់ទាំងក្មេង ហើយពួកគាត់ចូលរួមក្នុងកិច្ចផ្សព្វផ្សាយនិងការបង្រៀនគម្ពីរជាមួយយើង។ អ្នកត្រួតពិនិត្យប្រចាំតំបន់រៀបចំទៅជួបដើម្បីពង្រឹងជំនឿបងប្អូនជាមួយនឹងពួកអ្នកចាស់ទុំ ហើយគាត់លើកទឹកចិត្តយើងតាមរយៈសុន្ទរកថានៅឯកិច្ចប្រជុំនិងសន្និបាត។—សកម្មភាព ១៥:៣៥
ពួកគាត់យកចិត្តទុកដាក់ចំពោះយើងទាំងអស់គ្នា។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានភាពក្នុងក្រុមជំនុំដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ។ ពួកគាត់ប្រជុំគ្នាជាមួយនឹងពួកអ្នកចាស់ទុំ និងជំនួយការខាងកិច្ចបម្រើដើម្បីពិភាក្សាអំពីការរីកចម្រើនក្នុងក្រុមជំនុំ និងផ្ដល់ឱវាទដែលពួកអ្នកចាស់ទុំនិងពួកជំនួយការខាងកិច្ចបម្រើងាយធ្វើតាមដើម្បីបំពេញភារកិច្ចរបស់ពួកគេ។ ពួកគាត់ជួយអ្នកត្រួសត្រាយពេញពេលឲ្យទទួលជោគជ័យក្នុងការផ្សព្វផ្សាយ ហើយពួកគាត់ក៏រីករាយស្គាល់អ្នកថ្មីដែលចូលរួមកិច្ចប្រជុំ ថែមទាំងរីករាយស្ដាប់អំពីការខំព្យាយាមរីកចម្រើនរបស់ពួកគេក្នុងសេចក្ដីពិតដែរ។ ពួកអ្នកត្រួតពិនិត្យទាំងនេះស្ម័គ្រចិត្តធ្វើជា«អ្នករួមធ្វើការដើម្បីឲ្យ[យើង]រាល់គ្នាទទួលប្រយោជន៍»។ (កូរិនថូសទី២ ៨:២៣) យើងគួរយកតម្រាប់តាមជំនឿនិងចិត្តស្មោះភក្ដីរបស់ពួកគាត់ចំពោះព្រះ។—ហេប្រឺ ១៣:៧
តើពួកអ្នកត្រួតពិនិត្យប្រចាំមណ្ឌលធ្វើទស្សនៈកិច្ចក្រុមជំនុំនានាដោយមានគោលបំណងអ្វី?
តើអ្នកអាចទទួលប្រយោជន៍យ៉ាងណាពីការធ្វើទស្សនៈកិច្ចរបស់ពួកគាត់?
-
-
តើយើងជួយបងប្អូនរបស់យើងពេលមានទុក្ខលំបាកយ៉ាងដូចម្ដេច?នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី១៨
តើយើងជួយបងប្អូនរបស់យើងពេលមានទុក្ខលំបាកយ៉ាងដូចម្ដេច?
សាធារណរដ្ឋដូមីនីកាំង
ជប៉ុន
ហៃទី
ពេលមានគ្រោះមហន្តរាយកើតឡើង សាក្សីព្រះយេហូវ៉ារៀបចំផ្ដល់ជំនួយភ្លាមៗដើម្បីជួយដល់បងប្អូនរួមជំនឿដែលរងគ្រោះ។ ជំនួយបែបនេះបង្ហាញអំពីសេចក្ដីស្រឡាញ់ពិតរបស់យើងចំពោះគ្នាទៅវិញទៅមក។ (យ៉ូហាន ១៣:៣៤, ៣៥; យ៉ូហានទី១ ៣:១៧, ១៨) តើយើងផ្ដល់ជំនួយតាមវិធីណាខ្លះ?
យើងផ្ដល់ជំនួយជាលុយកាក់។ ពេលកើតមានការអត់ឃ្លានយ៉ាងខ្លាំងនៅតំបន់យូឌា គ្រិស្តសាសនិកជំនាន់ដើមនៅក្រុងអាន់ទីយ៉ូកបានផ្ញើជំនួយជាលុយកាក់ដើម្បីជួយបងប្អូនរួមជំនឿ។ (សកម្មភាព ១១:២៧-៣០) ស្រដៀងគ្នាដែរ ពេលយើងដឹងថាបងប្អូននៅប្រទេសខ្លះជួបទុក្ខលំបាក យើងផ្ញើវិភាគទានតាមរយៈក្រុមជំនុំរបស់យើងដើម្បីផ្ដល់ជំនួយដល់បងប្អូនដែលត្រូវការយ៉ាងខ្លាំង។—កូរិនថូសទី២ ៨:១៣-១៥
យើងផ្ដល់ជំនួយផ្សេងទៀត។ ពួកអ្នកចាស់ទុំនៅតំបន់ដែលមានគ្រោះមហន្តរាយទាក់ទងសមាជិកម្នាក់ៗក្នុងក្រុមជំនុំដើម្បីប្រាកដថា បងប្អូនទាំងអស់មានសុវត្ថិភាព។ គណៈកម្មាធិការផ្ដល់ជំនួយប្រហែលជាអ្នកចាត់ចែងផ្ដល់ជំនួយជាអាហារ ទឹកស្អាត សម្លៀកបំពាក់ ទីជម្រក និងថ្នាំពេទ្យ។ សាក្សីព្រះយេហូវ៉ាជាច្រើននាក់ដែលមានជំនាញណាមួយ ពួកគាត់ស្ម័គ្រចិត្តចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីទៅចូលរួមក្នុងការផ្ដល់ជំនួយ ឬជួសជុលផ្ទះនិងសាលប្រជុំឡើងវិញ។ ដោយសារយើងជាអង្គការមួយដែលមានសាមគ្គីភាព និងបទពិសោធន៍ក្នុងការរួមសហការគ្នា នោះយើងអាចរៀបចំផ្ដល់ជំនួយយ៉ាងលឿន។ ទោះជាយើងព្យាយាមជួយដល់«បងប្អូនរួមជំនឿរបស់យើង»ក៏ដោយ យើងក៏ជួយអ្នកឯទៀតដែលមានសាសនាផ្សេងដែរ បើអាចធ្វើបាន។—កាឡាទី ៦:១០
យើងផ្ដល់ការសម្រាលទុក្ខពីបទគម្ពីរ និងជួយឲ្យមានកម្លាំងចិត្តឡើងវិញ។ ជនរងគ្រោះដោយសារគ្រោះមហន្តរាយត្រូវការការសម្រាលទុក្ខជាពិសេស។ នៅពេលបែបនោះ យើងទទួលកម្លាំងពីព្រះយេហូវ៉ាដែលជា«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»។ (កូរិនថូសទី២ ១:៣, ៤) យើងរីករាយប្រាប់អំពីសេចក្ដីសន្យាក្នុងគម្ពីរចំពោះអ្នកដែលអស់សង្ឃឹម ដោយពង្រឹងទំនុកចិត្តពួកគេថា នៅពេលបន្ដិចទៀត រាជាណាចក្ររបស់ព្រះនឹងបំបាត់ចោលនូវរឿងខ្លោចផ្សាទាំងអស់ដែលនាំឲ្យមនុស្សឈឺចាប់និងរងទុក្ខ។—ការបើកបង្ហាញ ២១:៤
ហេតុអ្វីសាក្សីព្រះយេហូវ៉ាអាចផ្ដល់ជំនួយភ្លាមៗពេលមានគ្រោះមហន្តរាយ?
តើយើងអាចផ្ដល់ការសម្រាលទុក្ខអ្វីពីបទគម្ពីរដល់អ្នកដែលរួចរស់ជីវិតពីគ្រោះមហន្តរាយ?
-
-
តើអ្នកណាជាខ្ញុំបម្រើស្មោះត្រង់ហើយចេះពិចារណា?នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី១៩
តើអ្នកណាជាខ្ញុំបម្រើស្មោះត្រង់ហើយចេះពិចារណា?
យើងគ្រប់រូបទទួលប្រយោជន៍ពីចំណេះអំពីព្រះ
មិនយូរប៉ុន្មានមុនពេលលោកយេស៊ូស្លាប់ លោកបាននិយាយដោយឡែកជាមួយនឹងអ្នកកាន់តាមបួននាក់របស់លោក គឺពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ។ ពេលលោកយេស៊ូបានប្រាប់ទុកជាមុនអំពីសញ្ញាសម្គាល់នៃវត្តមានរបស់លោកនៅគ្រាចុងបញ្ចប់ នោះលោកបានលើកឡើងសំណួរដ៏សំខាន់មួយគឺ: «តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ដែលម្ចាស់បានតែងតាំងឲ្យមើលការខុសត្រូវលើខ្ញុំបម្រើឯទៀតរបស់លោក ដើម្បីឲ្យអាហារពួកគេបរិភោគតាមត្រូវពេល?»។ (ម៉ាថាយ ២៤:៣, ៤៥; ម៉ាកុស ១៣:៣, ៤) លោកយេស៊ូមិនមែននិយាយអំពីអាហារពិតប្រាកដទេ។ លោកប្រដូចចំណេះអំពីព្រះទៅនឹងអាហារ។ ក្នុងនាមជា«ម្ចាស់» លោកយេស៊ូបានពង្រឹងទំនុកចិត្តពួកអ្នកកាន់តាមលោកថា លោកនឹងតែងតាំងអ្នកដែលនឹងផ្ដល់ចំណេះអំពីព្រះយ៉ាងទៀងទាត់ឥតឈប់ដល់ពួកអ្នកកាន់តាមលោកនៅគ្រាចុងបញ្ចប់។ តើខ្ញុំបម្រើនោះជាអ្នកណា?
ខ្ញុំបម្រើនោះជាអ្នកកាន់តាមលោកយេស៊ូមួយក្រុមតូច ដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ «ខ្ញុំបម្រើ»នោះបានត្រូវស្គាល់ថាជាគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា។ ខ្ញុំបម្រើនោះផ្ដល់ចំណេះអំពីព្រះតាមត្រូវពេលដល់អ្នកដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយគ្នា។ យើងពឹងខ្ញុំបម្រើស្មោះត្រង់នេះដើម្បីបន្តទទួល‹អាហារបរិភោគគ្រប់គ្រាន់តាមពេលកំណត់›។—លូកា ១២:៤២
ខ្ញុំបម្រើនោះជាអ្នកមើលការខុសត្រូវក្រុមគ្រួសាររបស់ព្រះ។ (ធីម៉ូថេទី១ ៣:១៥) លោកយេស៊ូបានប្រគល់ភារកិច្ចធ្ងន់ឲ្យខ្ញុំបម្រើ ពោលគឺពួកគាត់ត្រូវចាត់ចែងកិច្ចការអង្គការព្រះយេហូវ៉ាផ្នែកនៅផែនដី។ នេះមានន័យថាត្រូវមើលការខុសត្រូវលើទ្រព្យធន កិច្ចផ្សព្វផ្សាយ និងកិច្ចការបង្រៀនតាមរយៈក្រុមជំនុំនានា។ ដូច្នេះ ដើម្បីផ្គត់ផ្គង់នូវអ្វីដែលយើងត្រូវការនៅពេលដែលយើងត្រូវការ នោះ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»កំពុងផ្ដល់ចំណេះអំពីព្រះតាមរយៈសៀវភៅនានាដែលយើងប្រើក្នុងកិច្ចផ្សព្វផ្សាយ ព្រមទាំងតាមរយៈកម្មវិធីប្រជុំនិងសន្និបាតផ្សេងៗ។
ខ្ញុំបម្រើនេះគឺស្មោះត្រង់ចំពោះសេចក្ដីពិតក្នុងគម្ពីរ និងចំពោះភារកិច្ចក្នុងការផ្សព្វផ្សាយដំណឹងល្អ។ ពួកគាត់ចេះពិចារណាក្នុងការមើលថែរក្សាយ៉ាងប៉ិនប្រសប់នូវអ្វីៗដែលលោកយេស៊ូបានផ្ញើទុកនឹងពួកគាត់នៅផែនដី។ (សកម្មភាព ១០:៤២) ព្រះយេហូវ៉ាកំពុងឲ្យពរខ្ញុំបម្រើស្មោះត្រង់ដោយទាញនាំមនុស្សកាន់តែច្រើនឲ្យចូលក្នុងអង្គការរបស់លោក និងជួយខ្ញុំបម្រើស្មោះត្រង់ឲ្យផ្ដល់ចំណេះកាន់តែច្រើនអំពីលោក។—អេសាយ ៦០:២២; ៦៥:១៣
តើលោកយេស៊ូបានតែងតាំងអ្នកណាឲ្យផ្ដល់ចំណេះអំពីព្រះ?
តើខ្ញុំបម្រើគឺស្មោះត្រង់និងចេះពិចារណាតាមរបៀបណាខ្លះ?
-
-
តើគណៈអភិបាលបំពេញតួនាទីយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី២០
តើគណៈអភិបាលបំពេញតួនាទីយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?
គណៈអភិបាល នៅសតវត្សរ៍ទី១
ការអានសំបុត្ររបស់គណៈអភិបាល
នៅសតវត្សរ៍ទី១ «ពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិម»បានរួមគ្នាជាក្រុមតូចមួយ។ ពួកគាត់បម្រើជាគណៈអភិបាលតាងនាមក្រុមជំនុំគ្រិស្តសាសនិកដែលបានត្រូវរើសតាំងទាំងអស់គ្នា ដើម្បីធ្វើការសម្រេចចិត្តដ៏សំខាន់ៗ។ (សកម្មភាព ១៥:២) ពួកគាត់ពិភាក្សាគ្នាពីបទគម្ពីរ និងធ្វើតាមការណែនាំរបស់សកម្មពលព្រះដើម្បីរកការសម្រេចចិត្តមួយជាឯកច្ឆន្ទ។ (សកម្មភាព ១៥:២៥) គណៈអភិបាលនៅសព្វថ្ងៃនេះក៏ធ្វើតាមគំរូដូចនេះដែរ។
ព្រះប្រើគណៈអភិបាលដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក។ បងប្រុសៗជាអ្នករើសតាំងដែលបម្រើជាគណៈអភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបណ្ដាំរបស់ព្រះ ហើយពួកគាត់មានបទពិសោធន៍ច្រើនក្នុងការចាត់ចែងកិច្ចការរបស់យើងនិងដោះស្រាយបញ្ហាផ្សេងៗដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ។ ពួកគាត់ជួបជុំគ្នាជារៀងរាល់សប្ដាហ៍ដើម្បីពិចារណាអំពីសេចក្ដីត្រូវការរបស់បងប្អូនទូទាំងពិភពលោក។ ដូចនៅសតវត្សរ៍ទី១ ការណែនាំដែលមានមូលដ្ឋានពីគម្ពីរ ត្រូវផ្ដល់ឲ្យតាមរយៈសំបុត្រ ឬតាមរយៈអ្នកធ្វើដំណើរត្រួតពិនិត្យ និងអ្នកផ្សេងទៀត។ នេះនាំឲ្យរាស្ត្ររបស់ព្រះមានសាមគ្គីភាពទាំងខាងគំនិតនិងការប្រព្រឹត្ត។ (សកម្មភាព ១៦:៤, ៥) គណៈអភិបាលត្រួតពិនិត្យលើការរៀបចំផ្ដល់ចំណេះអំពីព្រះ លើកទឹកចិត្តបងប្អូនទាំងអស់ឲ្យចាត់ទុកកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្រព្រះជាអ្វីដែលសំខាន់បំផុត និងគ្រប់គ្រងការតែងតាំងបងប្រុសៗឲ្យមានភារកិច្ចទទួលខុសត្រូវ។
គណៈអភិបាលធ្វើតាមការណែនាំរបស់សកម្មពលព្រះ។ គណៈអភិបាលស្វែងរកការណែនាំពីព្រះយេហូវ៉ាដែលជាមហាក្សត្រសកលលោក និងលោកយេស៊ូដែលជាប្រមុខនៃក្រុមជំនុំ។ (កូរិនថូសទី១ ១១:៣; អេភេសូរ ៥:២៣) សមាជិកនៃគណៈអភិបាលមិនចាត់ទុកខ្លួនជាអ្នកដឹកនាំរាស្ត្ររបស់ព្រះនោះទេ។ ពួកគាត់និងគ្រិស្តសាសនិកដែលបានត្រូវរើសតាំងទាំងអស់«ដើរតាមកូនចៀម[លោកយេស៊ូ]ជាប់ ទោះជាលោកទៅកន្លែងណាក៏ដោយ»។ (ការបើកបង្ហាញ ១៤:៤) គណៈអភិបាលមានចិត្តដឹងគុណណាស់ ពេលយើងអធិដ្ឋានឲ្យពួកគាត់និងកិច្ចការរបស់ពួកគាត់។
នៅសតវត្សរ៍ទី១ តើអ្នកណាជាគណៈអភិបាល?
តើគណៈអភិបាលនៅសព្វថ្ងៃនេះស្វែងរកការណែនាំពីព្រះតាមរបៀបណា?
-
-
តើបេតអែលជាអ្វី?នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី២១
តើបេតអែលជាអ្វី?
ផ្នែករូបភាព នៅសហរដ្ឋអាម៉េរិក
អាឡឺម៉ង់
កេនយ៉ា
កូឡុំប៊ី
ក្នុងភាសាហេប្រឺ ពាក្យបេតអែលមានន័យថា«ដំណាក់នៃព្រះ»។ (លោកុប្បត្តិ ២៨:១៧, ១៩) នេះជាឈ្មោះដ៏សមរម្យ ព្រោះអគារនេះជាកន្លែងដែលសាក្សីព្រះយេហូវ៉ាប្រើដើម្បីណែនាំនិងគាំទ្រកិច្ចការផ្សព្វផ្សាយនៅទូទាំងពិភពលោក។ គណៈអភិបាលបម្រើនៅមន្ទីរចាត់ការនៅរដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក ហើយពីទីនោះ ពួកគាត់គ្រប់គ្រងសកម្មភាពរបស់ការិយាល័យសាខានៅប្រទេសជាច្រើន។ ពួកអ្នកដែលបម្រើនៅក្នុងអគារនេះគឺជាសមាជិកក្រុមគ្រួសារបេតអែល។ ពួកគេរស់នៅនិងធ្វើការ បរិភោគ និងសិក្សាគម្ពីរជាមួយគ្នាដោយសាមគ្គីភាពប្រៀបដូចជាក្រុមគ្រួសារតែមួយ។—ទំនុកតម្កើង ១៣៣:១
ជាកន្លែងដ៏ពិសេសដែលសមាជិកទាំងអស់បម្រើដោយលះបង់ប្រយោជន៍ខ្លួន។ នៅអគារបេតអែលនីមួយៗ មានបងប្អូនប្រុសស្រីដែលលះបង់ប្រយោជន៍ខ្លួនដោយបម្រើពេញពេលក្នុងការធ្វើតាមបំណងប្រាថ្នារបស់ព្រះ និងបំពេញកិច្ចការជាប្រយោជន៍ដល់រាជាណាចក្ររបស់លោក។ (ម៉ាថាយ ៦:៣៣) គ្មានបងប្អូនណាម្នាក់ទទួលប្រាក់ឈ្នួល ឬប្រាក់ខែទេ ប៉ុន្តែពួកគាត់ទាំងអស់គ្នាមានបន្ទប់ស្នាក់នៅនិងអាហារ រួមទាំងប្រាក់ឧបត្ថម្ភសម្រាប់ចំណាយលើរបស់ប្រើប្រាស់ផ្ទាល់ខ្លួន។ បងប្អូនម្នាក់ៗនៅបេតអែលមានភារកិច្ចផ្សេងៗ ដូចជានៅក្នុងការិយាល័យ នៅផ្ទះបាយ ឬនៅបន្ទប់បរិភោគអាហារ។ បងប្អូនខ្លះបម្រើនៅកន្លែងបោះពុម្ព ឬចងក្រងសៀវភៅ ឬសម្អាតបន្ទប់ បោកអ៊ុត ជួសជុល ឬការងារផ្សេងៗទៀត។
ជាកន្លែងដែលជាប់រវល់ក្នុងការគាំទ្រកិច្ចការផ្សព្វផ្សាយ។ បេតអែលនីមួយៗមានគោលដៅចម្បង គឺធ្វើឲ្យមនុស្សច្រើនបំផុតស្គាល់សេចក្ដីពិតក្នុងគម្ពីរ។ សៀវភៅនេះគឺជាឧទាហរណ៍មួយ។ គណៈអភិបាលបានរៀបចំឲ្យគេសរសេរសៀវភៅនេះឡើង ក្រោយមកបញ្ជូនតាមរយៈប្រព័ន្ធអេឡិចត្រូនិកឲ្យដល់ក្រុមបកប្រែរាប់រយនៅទូទាំងពិភពលោក។ ក្រោយពីបានបកប្រែរួចរាល់ បេតអែលខ្លះៗបានប្រើម៉ាស៊ីនបោះពុម្ពដែលមានល្បឿនលឿនដើម្បីបោះពុម្ព។ បន្ទាប់មក ពួកគេចែកចាយសៀវភៅនេះដល់ជាង១១០.០០០ក្រុមជំនុំ។ រាល់ដំណាក់កាលនីមួយៗ សមាជិកគ្រួសារបេតអែលកំពុងផ្ដល់ការគាំទ្រដ៏ចាំបាច់ចំពោះកិច្ចការផ្សព្វផ្សាយដំណឹងល្អ ដែលជាកិច្ចការដែលត្រូវធ្វើជាបន្ទាន់។—ម៉ាកុស ១៣:១០
តើអ្នកណាខ្លះបម្រើនៅបេតអែល? ហើយតើពួកគេធ្វើអ្វីខ្លះ?
តើកិច្ចការនៅបេតអែលនីមួយៗគាំទ្រកិច្ចការអ្វីដែលត្រូវធ្វើជាបន្ទាន់?
-
-
តើការិយាល័យសាខាធ្វើកិច្ចការអ្វីខ្លះ?នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី២២
តើការិយាល័យសាខាធ្វើកិច្ចការអ្វីខ្លះ?
កោះសូឡូម៉ុង
កាណាដា
អាហ្វ្រិកខាងត្បូង
សមាជិកក្រុមគ្រួសារបេតអែលបម្រើនៅក្នុងផ្នែកខុសៗគ្នា ដើម្បីមើលការខុសត្រូវកិច្ចការផ្សព្វផ្សាយក្នុងប្រទេសមួយឬប្រទេសមួយចំនួន។ ពួកគេប្រហែលជាបម្រើក្នុងក្រុមបកប្រែ បោះពុម្ពទស្សនាវដ្ដី ចងក្រងសៀវភៅ កន្លែងស្តុកទុកសៀវភៅ ថតសំឡេងឬវីដេអូ ឬមើលការខុសត្រូវផ្សេងទៀតក្នុងតំបន់នោះ។
គណៈកម្មាធិការការិយាល័យសាខាជាអ្នកត្រួតពិនិត្យ។ គណៈអភិបាលតែងតាំងអ្នកចាស់ទុំបីនាក់ឬច្រើនជាង ដែលមានគុណសម្បត្ដិគ្រប់គ្រាន់និងមានបទពិសោធន៍ច្រើន ឲ្យធ្វើជាគណៈកម្មាធិការដើម្បីត្រួតពិនិត្យដំណើរការនៃការិយាល័យសាខានីមួយៗ។ គណៈកម្មាធិការនេះតែងតែរាយការណ៍ប្រាប់គណៈអភិបាលអំពីការរីកចម្រើននៃកិច្ចផ្សព្វផ្សាយក្នុងប្រទេសនីមួយៗដែលពួកគេមើលការខុសត្រូវ ហើយរាយការណ៍អំពីបញ្ហាផ្សេងៗដែលបានកើតឡើង។ ដោយមានសេចក្ដីរាយការណ៍ទាំងនេះ នោះជួយឲ្យគណៈអភិបាលសម្រេចចិត្តអំពីប្រធានបទដែលគួរបញ្ចូលក្នុងសៀវភៅដែលនឹងចេញក្រោយមក ហើយក្នុងកម្មវិធីប្រជុំនិងសន្និបាត។ តំណាងគណៈអភិបាលបានត្រូវចាត់ឲ្យទៅធ្វើទស្សនៈកិច្ចតាមការិយាល័យសាខាជាទៀងទាត់ និងផ្ដល់ការណែនាំដល់គណៈកម្មាធិការការិយាល័យសាខាអំពីវិធីបំពេញភារកិច្ចរបស់ពួកគេ។ (សុភាសិត ១១:១៤) នៅពេលនោះមានរៀបចំកម្មវិធីពិសេសមួយ គឺតំណាងមន្ទីរចាត់ការនឹងថ្លែងសុន្ទរកថាដើម្បីលើកទឹកចិត្តបងប្អូននៅក្នុងតំបន់ដែលការិយាល័យសាខានោះមើលការខុសត្រូវ។
ផ្ដល់ជំនួយដល់ក្រុមជំនុំក្នុងតំបន់នោះ។ បងប្អូនប្រុសៗដែលទទួលខុសត្រូវក្នុងការិយាល័យសាខាជាអ្នកសម្រេចចិត្តក្នុងការបង្កើតក្រុមជំនុំថ្មី។ បងប្អូនទាំងនោះក៏ផ្ដល់ការណែនាំដល់ពួកអ្នកត្រួសត្រាយពេញពេល សាសនទូត និងអ្នកត្រួតពិនិត្យប្រចាំមណ្ឌលដែលស្ថិតនៅក្នុងតំបន់ដែលការិយាល័យសាខានោះមើលការខុសត្រូវ។ ពួកគាត់រៀបចំសន្និបាត មហាសន្និបាត កិច្ចការសាងសង់សាលប្រជុំថ្មី និងមើលការខុសត្រូវលើការដឹកជញ្ជូនសៀវភៅផ្សេងៗតាមតម្រូវការរបស់ក្រុមជំនុំនានា។ កិច្ចការទាំងអស់ដែលធ្វើនៅឯការិយាល័យសាខាគឺដើម្បីជួយឲ្យកិច្ចការផ្សព្វផ្សាយដំណើរការដោយរបៀបរៀបរយ។—កូរិនថូសទី១ ១៤:៣៣, ៤០
តើគណៈកម្មាធិការការិយាល័យសាខាជួយគណៈអភិបាលយ៉ាងដូចម្ដេច?
តើការិយាល័យសាខាមើលការខុសត្រូវលើកិច្ចការអ្វីខ្លះ?
-
-
តើសៀវភៅរបស់យើងបានត្រូវសរសេរនិងបកប្រែយ៉ាងដូចម្ដេច?នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី២៣
តើសៀវភៅរបស់យើងបានត្រូវសរសេរនិងបកប្រែយ៉ាងដូចម្ដេច?
ការិយាល័យខាងការនិពន្ធ នៅសហរដ្ឋអាម៉េរិក
កូរ៉េខាងត្បូង
អាមេនី
ប៊ូរុនឌី
ស្រីលង្កា
ដើម្បីផ្សព្វផ្សាយ«ដំណឹងល្អ»ដល់«គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ជាតិសាសន៍» យើងបោះពុម្ពសៀវភៅជាង៧៥០ភាសា។ (ការបើកបង្ហាញ ១៤:៦) តើតាមរបៀបណាដែលយើងអាចសម្រេចកិច្ចការដ៏ពិបាកនេះ? យើងអាចធ្វើដូច្នេះដោយមានជំនួយពីអ្នកសរសេរអត្ថបទនៅទូទាំងពិភពលោក និងក្រុមអ្នកបកប្រែដ៏ខ្នះខ្នែង ដែលពួកគាត់ទាំងអស់គ្នាសុទ្ធតែជាសាក្សីព្រះយេហូវ៉ា។
ឯកសារដើមបានត្រូវរៀបរៀងជាភាសាអង់គ្លេស។ គណៈអភិបាលត្រួតពិនិត្យលើកិច្ចការនៃការិយាល័យខាងការនិពន្ធដែលនៅឯមន្ទីរចាត់ការរបស់យើង។ ការិយាល័យខាងការនិពន្ធនេះចាត់ចែងកិច្ចការដល់អ្នកសរសេរដែលបម្រើក្នុងមន្ទីរចាត់ការ និងក្នុងការិយាល័យសាខាមួយចំនួន។ ដោយមានអ្នកសរសេរចម្រុះជាតិសាសន៍ នោះជួយពួកគេឲ្យសរសេរប្រធានបទដែលធ្វើឲ្យមនុស្សមកពីវប្បធម៌ផ្សេងៗគ្នាចាប់អារម្មណ៍។
បញ្ជូនឯកសារទៅអ្នកបកប្រែ។ ក្រោយពីកែសម្រួលនិងទទួលការយល់ព្រមពីគណៈអភិបាល អត្ថបទទាំងនោះបានត្រូវបញ្ជូនតាមរយៈប្រព័ន្ធអេឡិចត្រូនិកទៅក្រុមអ្នកបកប្រែនៅទូទាំងពិភពលោក។ ពួកគេបកប្រែ ផ្ទៀងជាមួយអត្ថន័យភាសាដើម និងកែអក្ខរាវិរុទ្ធ។ ពួកគេព្យាយាមប្រើ‹សេចក្ដីដែលបានតែងទុកយ៉ាងត្រឹមត្រូវ› និង«ពាក្យដ៏ពិតទាំងអស់»ដែលបញ្ជាក់អំពីអត្ថន័យយ៉ាងពេញលេញពីភាសាអង់គ្លេសមកជាភាសាដែលគេបកប្រែ។—សាស្ដា ១២:១០
កុំព្យូទ័រជួយឲ្យកិច្ចការនេះដំណើរការកាន់តែលឿន។ ទោះជាកុំព្យូទ័រមិនអាចជំនួសអ្នកសរសេរនិងអ្នកបកប្រែបានក៏ដោយ តែកម្មវិធីក្នុងកុំព្យូទ័រអាចជួយឲ្យកិច្ចការនេះដំណើរការកាន់តែលឿន ដោយសារមានកម្មវិធីសម្រាប់ស្រាវជ្រាវព័ត៌មាន មានវចនានុក្រម និងជំនួយផ្សេងៗទៀត។ សាក្សីព្រះយេហូវ៉ាបានបង្កើតប្រព័ន្ធអេឡិចត្រូនិកមួយដើម្បីបោះពុម្ពជាភាសាផ្សេងៗ។ ប្រព័ន្ធនេះដែលហៅកាត់ថាម៉េប្ស (MEPS) ជួយឲ្យពួកគេវាយអក្សររាប់រយភាសា ផ្គួបជាមួយនឹងរូបភាព និងរៀបចំទំព័រដើម្បីបោះពុម្ព។
ហេតុអ្វីយើងព្យាយាមបោះពុម្ពជាភាសាច្រើន ទោះជាភាសាខ្លះមានតែប៉ុន្មានពាន់នាក់និយាយក៏ដោយ? ពីព្រោះនេះជាបំណងប្រាថ្នារបស់ព្រះយេហូវ៉ាដែលឲ្យ«មនុស្សគ្រប់ប្រភេទទទួលសេចក្ដីសង្គ្រោះ ហើយមានចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។—ធីម៉ូថេទី១ ២:៣, ៤
តើមានដំណាក់កាលអ្វីខ្លះក្នុងការសរសេរសៀវភៅរបស់យើង?
ហេតុអ្វីយើងបកប្រែសៀវភៅរបស់យើងច្រើនភាសាម្ល៉េះ?
-
-
តើកិច្ចការទូទាំងពិភពលោករបស់យើងទទួលប្រាក់ឧបត្ថម្ភយ៉ាងដូចម្ដេច?នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី២៤
តើកិច្ចការទូទាំងពិភពលោករបស់យើងទទួលប្រាក់ឧបត្ថម្ភយ៉ាងដូចម្ដេច?
នេប៉ាល់
តូហ្គោ
អង់គ្លេស
រៀងរាល់ឆ្នាំអង្គការរបស់យើងបោះពុម្ពគម្ពីរនិងសៀវភៅផ្សេងទៀតរាប់រយលានក្បាល ហើយចែកចាយដោយមិនគិតថ្លៃ។ យើងក៏សាងសង់ និងជួសជុលសាលប្រជុំនិងអគារនៃការិយាល័យសាខាដែរ។ យើងផ្ដល់ប្រាក់ឧបត្ថម្ភដល់សមាជិកក្រុមគ្រួសារបេតអែល និងសាសនទូតរាប់ពាន់នាក់ ហើយយើងក៏ផ្ដល់ជំនួយពេលមានគ្រោះមហន្តរាយដែរ។ ដូច្នេះ លោកអ្នកប្រហែលជាឆ្ងល់ថា ‹តើអង្គការយើងបានលុយមកពីណា?›។
យើងមិនរៃអង្គាសប្រាក់ មិនតម្រូវឲ្យបង់១ភាគក្នុង១០ ឬបង់ប្រាក់ជាសមាជិកឡើយ។ ទោះជាចំណាយច្រើនក្នុងការគាំទ្រកិច្ចការផ្សព្វផ្សាយក៏ដោយ យើងមិនសុំជំនួយប្រាក់កាសពីអ្នកឯទៀតទេ។ ជាង១០០ឆ្នាំមុន ទស្សនាវដ្ដីប៉មយាមលេខទី២បានសរសេរថា យើងជឿជាក់ថាព្រះយេហូវ៉ាជាអ្នកទំនុកបម្រុងយើង ហេតុនេះហើយ «យើងនឹងមិនសុំជំនួយជាប្រាក់កាសពីអ្នកដទៃឡើយ»។ យើងពិតជាមិនដែលធ្វើដូច្នេះមែន!—ម៉ាថាយ ១០:៨
កិច្ចការរបស់យើងគាំទ្រដោយវិភាគទានស្ម័គ្រចិត្ត។ មនុស្សជាច្រើនមានចិត្តដឹងគុណចំពោះកិច្ចការអប់រំដែលមកពីគម្ពីរ ហើយពួកគេធ្វើវិភាគទានដើម្បីគាំទ្រកិច្ចការនេះ។ សាក្សីព្រះយេហូវ៉ារីករាយនឹងប្រើពេលវេលា កម្លាំង ប្រាក់កាស និងធនធានរបស់ខ្លួនដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះទូទាំងផែនដី។ (របាក្សត្រទី១ ២៩:៩) នៅឯសាលប្រជុំ សាលសន្និបាត និងមហាសន្និបាតរបស់យើង មានប្រអប់វិភាគទានសម្រាប់អ្នកដែលចង់ជូនវិភាគទាន ឬធ្វើវិភាគទានតាមរយៈគេហទំព័ររបស់យើងjw.org។ នៅកន្លែងភាគច្រើន ប្រាក់ទាំងនេះគឺបានទទួលពីអ្នកដែលមានជីវភាពធម្មតា ដូចជាស្ត្រីមេម៉ាយក្រីក្រម្នាក់នៅសម័យរបស់លោកយេស៊ូដែរ។ លោកបានសរសើរនាងដោយសារនាងបានដាក់កាក់ពីរចូលទៅក្នុងប្រដាប់ដាក់កាក់សម្រាប់ឃ្លាំងប្រាក់។ (លូកា ២១:១-៤) ហេតុនេះហើយ យើងគ្រប់គ្នាអាចមានទម្លាប់«ទុករបស់ទ្រព្យខ្លះដោយឡែក» ដើម្បីជូន«តាមការសម្រេចចិត្តរបស់ខ្លួន»។—កូរិនថូសទី១ ១៦:២; កូរិនថូសទី២ ៩:៧
យើងជឿជាក់ថា ព្រះយេហូវ៉ានឹងបន្តជំរុញចិត្តរបស់ពួកអ្នកដែលចង់‹ថ្វាយកិត្ដិនាមដល់លោកដោយទ្រព្យសម្បត្ដិ› ដោយគាំទ្រកិច្ចការដែលទាក់ទងនឹងរាជាណាចក្រ ដើម្បីធ្វើឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច។—សុភាសិត ៣:៩
តើអ្វីធ្វើឲ្យអង្គការរបស់យើងខុសប្លែកពីសាសនាឯទៀត?
តើលុយដែលជាវិភាគទានស្ម័គ្រចិត្តបានត្រូវប្រើយ៉ាងដូចម្ដេច?
-
-
របៀបនិងមូលហេតុដែលយើងសាងសង់សាលប្រជុំនៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី២៥
របៀបនិងមូលហេតុដែលយើងសាងសង់សាលប្រជុំ
បូលីវី
នីហ្សេរីយ៉ា មុននិងក្រោយ
តាហ៊ីទី
នៅឯសាលប្រជុំរបស់យើង យើងរៀនអំពីសេចក្ដីបង្រៀនដ៏សំខាន់បំផុតដែលមានក្នុងគម្ពីរ ហើយដែលជាប្រធានបទនៃការផ្សព្វផ្សាយរបស់លោកយេស៊ូដែរ គឺរាជាណាចក្ររបស់ព្រះ។—លូកា ៨:១
កន្លែងសម្រាប់គោរពប្រណិប័តន៍ពិតក្នុងសហគមន៍។ សាលប្រជុំរបស់សាក្សីព្រះយេហូវ៉ាគឺជាកន្លែងដែលពួកគេរៀបចំកិច្ចការផ្សព្វផ្សាយ។ (ម៉ាថាយ ២៤:១៤) សាលប្រជុំមានទំហំនិងទ្រង់ទ្រាយខុសៗគ្នា តែសាលទាំងអស់នោះជាអគារសាមញ្ញ។ សាលប្រជុំជាច្រើនបានត្រូវប្រើដោយក្រុមជំនុំលើសពីមួយ។ នៅប៉ុន្មានឆ្នាំកន្លងទៅនេះ ដើម្បីបំពេញតម្រូវការចំពោះការរីកចម្រើននៃអ្នកផ្សព្វផ្សាយក្នុងក្រុមជំនុំ នោះយើងបានសាងសង់សាលប្រជុំថ្មីរាប់ម៉ឺនខ្នង (ជាមធ្យមប្រាំខ្នងជារៀងរាល់ថ្ងៃ)។ តើកិច្ចការនេះអាចសម្រេចបានយ៉ាងដូចម្ដេច?—ម៉ាថាយ ១៩:២៦
វិភាគទានដែលដាក់ក្នុងបេឡារួមបានត្រូវប្រើដើម្បីសាងសង់សាលប្រជុំ។ វិភាគទាននេះត្រូវផ្ញើទៅការិយាល័យសាខាដើម្បីឲ្យក្រុមជំនុំដែលត្រូវការសាងសង់សាលប្រជុំខ្ចី។
សាលប្រជុំបានត្រូវសាងសង់ដោយបងប្អូនស្ម័គ្រចិត្តដែលមកពីគ្រប់មជ្ឈដ្ឋាន។ ក្នុងប្រទេសជាច្រើនបានរៀបចំក្រុមផ្នែកសាងសង់សាលប្រជុំ។ ក្រុមបម្រើស្ម័គ្រចិត្តផ្នែកសាងសង់សាលប្រជុំធ្វើដំណើរពីក្រុមជំនុំមួយទៅក្រុមជំនុំមួយក្នុងប្រទេសនោះ ដើម្បីដឹកនាំគម្រោងនីមួយៗ និងបង្ហាត់បង្រៀនសាក្សីព្រះយេហូវ៉ាក្នុងតំបន់នោះ ហើយសូម្បីតែនៅតំបន់ដាច់ស្រយាលក៏ពួកគេធ្វើដូច្នេះដែរ។ ពួកគេជួយសាងសង់សាលប្រជុំក្នុងតំបន់របស់ពួកគេ។ ក្នុងប្រទេសផ្សេងទៀត សាក្សីដែលមានគុណសម្បត្ដិគ្រប់គ្រាន់បានត្រូវតែងតាំងដើម្បីត្រួតពិនិត្យកិច្ចការសាងសង់ និងជួសជុលសាលប្រជុំនៅក្នុងតំបន់ដែលបានកំណត់។ បងប្អូនជាច្រើនដែលស្ម័គ្រចិត្តធ្វើកិច្ចការទាំងនោះ មានជំនាញខាងសំណង់ស្រាប់ហើយ។ ទោះជាយ៉ាងនោះក៏ដោយ នៅការដ្ឋាននីមួយៗ មនុស្សភាគច្រើនដែលស្ម័គ្រចិត្តចូលរួមសាងសង់ជាសមាជិកក្រុមជំនុំដែលគ្មានជំនាញខាងសំណង់ទេ។ ដោយមានសកម្មពលព្រះយេហូវ៉ា និងការខំព្យាយាមអស់ពីកម្លាំងកាយកម្លាំងចិត្តនៃរាស្ត្ររបស់លោក នោះយើងសម្រេចកិច្ចការទាំងអស់នេះ។—ទំនុកតម្កើង ១២៧:១; កូឡុស ៣:២៣
តើតាមរបៀបណាដែលអាចសាងសង់សាលប្រជុំទូទាំងពិភពលោក?
-
-
តើយើងអាចជួយថែទាំសាលប្រជុំយ៉ាងដូចម្ដេច?នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី២៦
តើយើងអាចជួយថែទាំសាលប្រជុំយ៉ាងដូចម្ដេច?
អេស្តូនី
ហ្ស៊ីមបាវេ
ម៉ុងហ្គោល
ព័រតូរីកូ
សាលប្រជុំទាំងអស់នៃសាក្សីព្រះយេហូវ៉ាលើកតម្កើងនាមដ៏បរិសុទ្ធរបស់ព្រះ។ ដូច្នេះហើយ យើងមានអារម្មណ៍ថា ការជួយថែទាំអគារនេះឲ្យស្អាតបាត សមរម្យ និងថ្លៃថ្នូរ នោះគឺជាឯកសិទ្ធិរបស់យើង ហើយនេះក៏ជាផ្នែកដ៏សំខាន់នៃការគោរពប្រណិប័តន៍បរិសុទ្ធរបស់យើងដែរ។ មនុស្សទាំងអស់អាចចូលរួមក្នុងកិច្ចការនេះបាន។
ស្ម័គ្រចិត្តជួយបោសសម្អាតក្រោយពេលប្រជុំ។ ក្រោយរាល់កិច្ចប្រជុំ បងប្អូនប្រុសស្រីរីករាយក្នុងការបោសសម្អាតបន្ដិចបន្តួចដើម្បីរៀបចំឲ្យសាលប្រជុំមានរបៀបរៀបរយ។ មួយសប្ដាហ៍ម្ដង មានការបោសសម្អាតយ៉ាងសព្វគ្រប់។ អ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើជាអ្នកចាត់ចែងកិច្ចការនេះ តាមធម្មតាពួកគាត់ធ្វើតាមតារាងដែលបែងចែកការងារទាំងនោះ។ អាស្រ័យទៅលើតម្រូវការ បងប្អូនស្ម័គ្រចិត្តបោសដី បូមធូលី ឬជូតឥដ្ឋ ជូតតុទូ រៀបចំកៅអី សម្អាតបន្ទប់ទឹក ជូតបង្អួចនិងកញ្ចក់ ចាក់សម្រាម ឬសម្អាតខាងក្រៅ និងថែសួនច្បារ។ យ៉ាងហោចណាស់ មួយឆ្នាំម្ដង បងប្អូនទុកពេលមួយថ្ងៃដើម្បីបោសសម្អាតគ្រប់ទីកន្លែងឲ្យបានសព្វគ្រប់។ បើយើងឲ្យកូនៗមកចូលរួមក្នុងការបោសសម្អាតនេះ នោះជួយបង្រៀនពួកគេចេះឲ្យតម្លៃកន្លែងគោរពប្រណិប័តន៍របស់យើង។—សាស្ដា ៥:១
ស្ម័គ្រចិត្តជួយជួសជុល។ ជារៀងរាល់ឆ្នាំ យើងត្រូវពិនិត្យមើលសាលប្រជុំរបស់យើងយ៉ាងល្អិតល្អន់ ទាំងខាងក្នុងនិងខាងក្រៅ។ ដោយមានការពិនិត្យមើលបែបនេះ នោះជួយបងប្អូនធ្វើគម្រោងសម្រាប់ការថែទាំជាទៀងទាត់ ហើយនេះអាចជួយកាត់បន្ថយការចំណាយរបស់យើង។ (របាក្សត្រទី២ ២៤:១៣; ៣៤:១០) ការសម្អាតនិងការជួសជុលថែទាំសាលប្រជុំ គឺជាការសំខាន់ណាស់ ព្រោះនេះជាកន្លែងគោរពប្រណិប័តន៍ព្រះ។ បើយើងចូលរួមក្នុងកិច្ចការនេះ នោះបង្ហាញថា យើងស្រឡាញ់ព្រះយេហូវ៉ានិងឲ្យតម្លៃចំពោះកន្លែងគោរពប្រណិប័តន៍របស់យើង។ (ទំនុកតម្កើង ១២២:១) នេះក៏ធ្វើឲ្យមនុស្សក្នុងតំបន់នោះស្ងើចសរសើរដែរ។—កូរិនថូសទី២ ៦:៣
ហេតុអ្វីយើងគួរថែទាំកន្លែងគោរពប្រណិប័តន៍របស់យើង?
តើមានការរៀបចំអ្វីដើម្បីថែទាំសាលប្រជុំរបស់យើងឲ្យនៅស្អាតជានិច្ច?
-
-
តើបណ្ណាល័យនៅឯសាលប្រជុំមានប្រយោជន៍អ្វីសម្រាប់យើង?នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី២៧
តើបណ្ណាល័យនៅឯសាលប្រជុំមានប្រយោជន៍អ្វីសម្រាប់យើង?
អ៊ីស្រាអែល
សាធារណរដ្ឋឆេកូ
បេនីន
កោះខេមេន
តើលោកអ្នកចង់ស្រាវជ្រាវដើម្បីបន្ថែមចំណេះរបស់លោកអ្នកអំពីគម្ពីរឬទេ? តើលោកអ្នកមិនសូវយល់ឬស្គាល់ច្បាស់អំពីបទគម្ពីរណាមួយ បុគ្គលណាម្នាក់ ទីកន្លែង ឬអ្វីមួយដែលរៀបរាប់ក្នុងគម្ពីរឬទេ? ឬក៏លោកអ្នកឆ្ងល់ថា តើបណ្ដាំរបស់ព្រះអាចជួយលោកអ្នកពេលមានបញ្ហាឬទេ? បើដូច្នេះមែន លោកអ្នកអាចស្រាវជ្រាវរកព័ត៌មានពីបណ្ណាល័យដែលមាននៅឯសាលប្រជុំ។
មានសៀវភៅជាច្រើនដែលជួយយើងក្នុងការស្រាវជ្រាវ។ លោកអ្នកទំនងជាមិនមានសៀវភៅទាំងអស់ដែលមានមូលដ្ឋានលើគម្ពីរដែលសាក្សីព្រះយេហូវ៉ាមានជាភាសារបស់លោកអ្នកនោះទេ។ ប៉ុន្តែ បណ្ណាល័យនៅឯសាលប្រជុំមានសៀវភៅភាគច្រើនដែលទើបតែបោះពុម្ពនៅពេលថ្មីៗនេះ។ បណ្ណាល័យនោះក៏ប្រហែលជាមានសេចក្ដីបកប្រែនៃគម្ពីរផ្សេងៗគ្នា វចនានុក្រមល្អមួយក្បាល និងសៀវភៅផ្សេងៗទៀតដែលមានប្រយោជន៍។ លោកអ្នកអាចប្រើសៀវភៅដែលមានក្នុងបណ្ណាល័យនោះដោយសេរី មុននិងក្រោយកិច្ចប្រជុំ។ បើមានកុំព្យូទ័រនៅសាលប្រជុំ លោកអ្នកអាចប្រើបណ្ណាល័យប៉មយាមបើមានក្នុងកុំព្យូទ័រនោះ។ នេះជាកម្មវិធីកុំព្យូទ័រដែលចងក្រងសៀវភៅជាច្រើនរបស់អង្គការយើង ហើយនេះជាវិធីដ៏ស្រួលមួយដើម្បីស្រាវជ្រាវរកអត្ថបទដោយប្រើប្រធានបទ ពាក្យ ឬបទគម្ពីរ។
មានប្រយោជន៍សម្រាប់សិស្សក្នុងកិច្ចប្រជុំកិច្ចបម្រើនិងជីវិត។ បើលោកអ្នកចុះឈ្មោះក្នុងកិច្ចប្រជុំនេះ លោកអ្នកប្រហែលជាអាចប្រើសៀវភៅផ្សេងៗដែលមានក្នុងបណ្ណាល័យដើម្បីរៀបចំសុន្ទរកថារបស់លោកអ្នក។ អ្នកដឹកនាំកិច្ចប្រជុំនេះគឺជាអ្នកទទួលខុសត្រូវបណ្ណាល័យ។ គាត់មានភារកិច្ចដើម្បីមើលឲ្យប្រាកដថា មានសៀវភៅថ្មីដែលទើបនឹងចេញ ហើយសៀវភៅទាំងនោះបានត្រូវរៀបចំដោយមានរបៀបរៀបរយ។ គាត់ឬអ្នកបង្រៀនគម្ពីរលោកអ្នកអាចបង្ហាញនូវរបៀបដែលអាចស្រាវជ្រាវរកព័ត៌មានដែលលោកអ្នកត្រូវការ។ ក៏ប៉ុន្តែ សៀវភៅទាំងនោះមិនអាចយកចេញពីសាលប្រជុំបានទេ។ បន្ថែមទៅទៀត យើងប្រាកដជាចង់ប្រើសៀវភៅនោះដោយប្រុងប្រយ័ត្ន ហើយមិនចង់ធ្វើឲ្យសៀវភៅនោះមានស្នាមប្រឡាក់ឡើយ។
គម្ពីរពន្យល់ថា ដើម្បី«ស្គាល់ដល់ព្រះ» យើងត្រូវតែស្វែងរក«ដូចជារកកំណប់ទ្រព្យ»។ (សុភាសិត ២:១-៥) បណ្ណាល័យនៅឯសាលប្រជុំអាចជួយយើងឲ្យចាប់ផ្ដើមធ្វើដូច្នេះបាន។
តើបណ្ណាល័យនៅឯសាលប្រជុំមានអ្វីខ្លះដែលយើងអាចប្រើដើម្បីស្រាវជ្រាវ?
តើអ្នកណាអាចជួយលោកអ្នកឲ្យចេះប្រើសៀវភៅផ្សេងៗក្នុងបណ្ណាល័យនៅឯសាលប្រជុំ?
-
-
តើគេហទំព័ររបស់យើងមានអ្វីខ្លះ?នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី២៨
តើគេហទំព័ររបស់យើងមានអ្វីខ្លះ?
បារាំង
ប៉ូឡូញ
រុស្ស៊ី
លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមរបស់លោកថា៖ «ចូរឲ្យមនុស្សទាំងអស់ឃើញពន្លឺរបស់អ្នក។ យ៉ាងនោះ ពួកគេនឹងសរសើរបិតារបស់អ្នកដែលនៅស្ថានសួគ៌ ពេលដែលឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្ត»។ (ម៉ាថាយ ៥:១៦) យើងកំពុងតែប្រើបច្ចេកវិទ្យាសម័យទំនើប រួមទាំងប្រព័ន្ធអ៊ីនធឺណិតដើម្បីសម្រេចគោលដៅនេះ។ គេហទំព័ររបស់សាក្សីព្រះយេហូវ៉ាគឺjw.org/km។ នេះជាគេហទំព័រផ្លូវការដែលមានព័ត៌មានអំពីជំនឿនិងសកម្មភាពរបស់សាក្សីព្រះយេហូវ៉ា។ តើគេហទំព័រនោះមានអ្វីខ្លះ?
មានចម្លើយពីគម្ពីរចំពោះសំណួរដែលមនុស្សជាច្រើនសួរ។ លោកអ្នកអាចរកឃើញចម្លើយចំពោះសំណួរមួយចំនួនដែលសំខាន់បំផុត ដែលមនុស្សធ្លាប់សួរ។ ជាឧទាហរណ៍ ខិត្តប័ណ្ណដែលមានចំណងជើងថា តើទុក្ខវេទនានឹងមានរហូតឬ? និងតើមនុស្សស្លាប់ពិតជាអាចរស់ម្ដងទៀតឬ? មានចេញជាង៦០០ភាសា ក្នុងគេហទំព័រយើង។ លោកអ្នកក៏អាចរកឃើញសេចក្ដីបកប្រែពិភពលោកថ្មីច្រើនជាង១៣០ភាសា និងសៀវភៅមួយចំនួនទៀតសម្រាប់រៀនគម្ពីរ រួមមានសៀវភៅតើគម្ពីរអាចបង្រៀនយើងអំពីអ្វី? ទស្សនាវដ្ដីប៉មយាម និងភ្ញាក់រឭក! (Awake!) មានសៀវភៅជាច្រើនដែលយើងអាចអានឬស្ដាប់តាមប្រព័ន្ធអ៊ីនធឺណិត ឬថតចម្លងជាសំឡេង ជាMP3 ជាPDF ឬជាEPUBបាន។ បើលោកអ្នកជួបអ្នកចាប់អារម្មណ៍គម្ពីរ នោះលោកអ្នកអាចបោះពុម្ពពីរបីសន្លឹកនៃព័ត៌មាននោះជាភាសារបស់ពួកគេដើម្បីឲ្យទុកអាន! វីដេអូជាភាសាសញ្ញា គឺមានច្រើនភាសា។ លោកអ្នកអាចថតចម្លងអំណានគម្ពីរបែបល្ខោននិយាយ ឈុតសម្ដែងពីគម្ពីរ និងបទភ្លេងឬបទចម្រៀងដ៏ពីរោះដើម្បីស្ដាប់នៅពេលទំនេរ។
មានព័ត៌មានពិតអំពីសាក្សីព្រះយេហូវ៉ា។ ក្នុងគេហទំព័រនោះក៏បានត្រូវដាក់បញ្ចូលព័ត៌មាននិងវីដេអូថ្មីៗស្តីអំពីកិច្ចការរបស់យើងទូទាំងពិភពលោកដែរ រួមមានហេតុការណ៍ដែលទាក់ទងនឹងសាក្សីព្រះយេហូវ៉ា និងការខំព្យាយាមផ្ដល់ជំនួយមនុស្សធម៌។ លោកអ្នកអាចរកឃើញព័ត៌មានស្តីអំពីមហាសន្និបាតដែលនឹងមាន និងរបៀបទាក់ទងការិយាល័យសាខាណាមួយរបស់អង្គការយើង។
ដោយមានជំនួយទាំងនេះ យើងកំពុងតែឲ្យមនុស្សទាំងអស់ឃើញពន្លឺនៃសេចក្ដីពិតរហូតដល់តំបន់ឆ្ងាយបំផុតនៅផែនដី។ មនុស្សរស់នៅគ្រប់ទ្វីប រួមទាំងទ្វីបអង់តាកទិចក៏អាចទទួលប្រយោជន៍ពីរបៀបរៀបចំនេះដែរ។ យើងសូមអធិដ្ឋានឲ្យ«បណ្ដាំរបស់ព្រះយេហូវ៉ាបន្តផ្សាយចេញយ៉ាងលឿន»ដល់មនុស្សទាំងអស់នៅផែនដី ដើម្បីលើកតម្កើងព្រះ។—ថែស្សាឡូនិចទី២ ៣:១
តើគេហទំព័រjw.org/kmកំពុងជួយមនុស្សកាន់តែច្រើនឲ្យរៀនសេចក្ដីពិតក្នុងគម្ពីរយ៉ាងដូចម្ដេច?
តើលោកអ្នកចង់ស្វែងរកព័ត៌មានអ្វីក្នុងគេហទំព័ររបស់សាក្សីព្រះយេហូវ៉ា?
-