-
ផ្នែកទី១: សេចក្ដីបង្រៀនរបស់គ្រិស្តសាសនិកពិតអង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
-
-
សំណួរសម្រាប់ពួកអ្នក ដែលចង់ទទួលការជ្រមុជទឹក
ផ្នែកទី១: សេចក្ដីបង្រៀនរបស់គ្រិស្តសាសនិកពិត
ការរៀនគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា បានជួយអ្នកឲ្យស្គាល់សេចក្ដីពិត។ អ្វីដែលអ្នកបានរៀន ច្បាស់ជាបានជួយឲ្យអ្នកមានចំណងមិត្តភាពល្អជាមួយនឹងព្រះ។ ឥឡូវអ្នកមានសេចក្ដីសង្ឃឹមទទួលជីវិតនិងពរផ្សេងៗក្នុងសួនឧទ្យាននៅផែនដី ក្រោមការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះ។ ជំនឿរបស់អ្នកទៅលើបណ្ដាំរបស់ព្រះ បានត្រូវពង្រឹងឡើង ហើយអ្នកបានទទួលពរជាច្រើនដោយសារអ្នកបានចូលក្រុមជំនុំគ្រិស្តសាសនិក។ អ្នកក៏មានចំណេះដឹងអំពីរបៀបដែលព្រះយេហូវ៉ាកំពុងប្រព្រឹត្តចំពោះរាស្ត្រលោកនៅសព្វថ្ងៃនេះដែរ។—សាក. ៨:២៣
កាលដែលអ្នករៀបចំដើម្បីទទួលការជ្រមុជទឹក អ្នកនឹងទទួលប្រយោជន៍ពីការមើលសាឡើងវិញនូវសេចក្ដីបង្រៀនបឋមរបស់គ្រិស្តសាសនិកពិត ជាមួយអ្នកចាស់ទុំក្នុងក្រុមជំនុំ។ (ហេ. ៦:១-៣) សូមឲ្យព្រះយេហូវ៉ាបន្តផ្ដល់ពរដល់អ្នកកាលដែលអ្នកខំព្យាយាមដើម្បីស្គាល់លោក ហើយសូមឲ្យលោកផ្ដល់រង្វាន់ដល់អ្នកតាមដែលលោកបានសន្យា។—យ៉ូន. ១៧:៣
១. ហេតុអ្វីអ្នកចង់ទទួលការជ្រមុជទឹក?
២. តើព្រះយេហូវ៉ាជាអ្នកណា?
• «ព្រះយេហូវ៉ា ទ្រង់ជាព្រះនៅលើស្ថានសួគ៌ ហើយនៅផែនដីនេះផង គ្មានព្រះឯណាទៀតសោះឡើយ»។—ចោ. ៤:៣៩
• «គឺទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។—ទំនុក. ៨៣:១៨
៣. ហេតុអ្វីជាការសំខាន់ដែលអ្នកប្រើឈ្មោះរបស់ព្រះផ្ទាល់?
• «ដូច្នេះ អ្នករាល់គ្នាត្រូវអធិដ្ឋានតាមរបៀបនេះវិញ៖ ‹ឱបិតារបស់យើងដែលនៅស្ថានសួគ៌ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ›»។—ម៉ាថ. ៦:៩
• «អស់អ្នកណាដែលហៅរកនាមព្រះយេហូវ៉ានឹងត្រូវសង្គ្រោះ»។—រ៉ូម ១០:១៣
៤. តើគម្ពីរប្រើពាក្យអ្វីខ្លះដើម្បីពណ៌នាអំពីព្រះយេហូវ៉ា?
• «គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត»។—អេ. ៤០:២៨, យើងកែជាអក្សរដិតនិងទ្រេត
• «ឱបិតារបស់យើងដែលនៅស្ថានសួគ៌»។—ម៉ាថ. ៦:៩
• «ព្រះគឺជាសេចក្ដីស្រឡាញ់»។—១យ៉ូន. ៤:៨
៥. តើអ្នកអាចជូនអ្វីទៅព្រះយេហូវ៉ា?
• «អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ឲ្យអស់ពីសមត្ថភាពរិះគិត និងឲ្យអស់ពីកម្លាំងកាយ»។—ម៉ាក. ១២:៣០
• «គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលអ្នកត្រូវគោរពប្រណិប័តន៍ ហើយគឺសម្រាប់តែលោកប៉ុណ្ណោះ ដែលអ្នកត្រូវបំពេញកិច្ចបម្រើពិសិដ្ឋ»។—លូក. ៤:៨
៦. ហេតុអ្វីអ្នកចង់បង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ា?
• «កូនអើយ ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ ដើម្បីឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលតិះដល់អញ»។—សុភ. ២៧:១១
៧. តើអ្នកអធិដ្ឋានទៅអ្នកណា ហើយអធិដ្ឋានក្នុងនាមរបស់អ្នកណា?
• «ខ្ញុំ[លោកយេស៊ូ]ប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើអ្នករាល់គ្នាសុំអ្វីក៏ដោយពីបិតាដែលនៅស្ថានសួគ៌ ដោយនូវឈ្មោះខ្ញុំ នោះលោកនឹងឲ្យអ្នករាល់គ្នា»។—យ៉ូន. ១៦:២៣
៨. តើអ្នកអាចអធិដ្ឋានអំពីរឿងអ្វីខ្លះ?
• «ដូច្នេះ អ្នករាល់គ្នាត្រូវអធិដ្ឋានតាមរបៀបនេះវិញ៖ ‹ឱបិតារបស់យើងដែលនៅស្ថានសួគ៌។ សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ សូមផ្ដល់អាហារដែលយើងត្រូវការសម្រាប់ថ្ងៃនេះ។ សូមអភ័យទោសចំពោះការខុសឆ្គងរបស់យើង ដូចយើងបានអភ័យទោសឲ្យអ្នកដែលបានធ្វើខុសនឹងយើងដែរ។ សូមកុំឲ្យយើងចាញ់សេចក្ដីល្បួងឡើយ តែសូមសង្គ្រោះយើងឲ្យរួចពីមេកំណាចវិញ›»។—ម៉ាថ. ៦:៩-១៣
• «យើងមានទំនុកចិត្តថា អ្វីក៏ដោយដែលយើងអធិដ្ឋានសុំ ដែលសមស្របតាមបំណងប្រាថ្នារបស់ព្រះ នោះព្រះនឹងស្ដាប់យើង»។—១យ៉ូន. ៥:១៤
៩. ហេតុអ្វីព្រះយេហូវ៉ាមិនស្ដាប់សេចក្ដីអធិដ្ឋានរបស់បុគ្គលខ្លះ?
• «គេនឹងអំពាវនាវដល់ព្រះយេហូវ៉ា តែទ្រង់មិនព្រមតបឡើយ . . . ឲ្យសមតាមអំពើអាក្រក់ទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្ត»។—មីកា ៣:៤
• «ភ្នែកព្រះយេហូវ៉ាមើលពួកអ្នកសុចរិត ហើយត្រចៀករបស់លោកស្ដាប់ការអង្វររបស់ពួកគេ តែព្រះយេហូវ៉ាប្រឆាំងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់»។—១ពេ. ៣:១២
១០. តើលោកយេស៊ូគ្រិស្តជាអ្នកណា?
• «ស៊ីម៉ូនពេត្រុសឆ្លើយថា៖ ‹លោកជាគ្រិស្ត ជាបុត្ររបស់ព្រះដែលមានជីវិតរស់នៅ›»។—ម៉ាថ. ១៦:១៦
១១. ហេតុអ្វីលោកយេស៊ូបានមកផែនដី?
• «កូនមនុស្សក៏មិនបានមកដើម្បីឲ្យគេបម្រើលោកដែរ តែបានមកដើម្បីបម្រើគេវិញ ហើយឲ្យជីវិតខ្លួនជាថ្លៃលោះមនុស្សជាច្រើនផង»។—ម៉ាថ. ២០:២៨
• «ខ្ញុំ[លោកយេស៊ូ]ត្រូវប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះនៅក្រុងផ្សេងទៀតដែរ ពីព្រោះនេះជាមូលហេតុដែលខ្ញុំបានត្រូវចាត់ឲ្យមក»។—លូក. ៤:៤៣
១២. លោកយេស៊ូបានផ្ដល់ជីវិតជាគ្រឿងបូជា ដូច្នេះតើអ្នកអាចបង្ហាញចិត្តដឹងគុណយ៉ាងដូចម្ដេច?
• «លោកបានស្លាប់ដើម្បីមនុស្សទាំងអស់ ដើម្បីឲ្យអ្នកដែលរស់ អាចរស់ដើម្បីលោកដែលបានស្លាប់ ហើយដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ មិនមែនរស់ដើម្បីខ្លួនឯងទៀតទេ»។—២កូ. ៥:១៥
១៣. តើលោកយេស៊ូបានទទួលអំណាចអ្វី?
• «ខ្ញុំបានទទួលគ្រប់ទាំងអំណាចនៅស្ថានសួគ៌និងនៅផែនដី»។—ម៉ាថ. ២៨:១៨
• «ព្រះបានលើកតម្កើងលោកឲ្យមានឋានៈខ្ពស់ជាងមុន ក៏បានមេត្តាឲ្យនាមដល់លោកដែលជានាមប្រសើរជាងនាមឯទៀតទាំងអស់»។—ភី. ២:៩
១៤. តើអ្នកជឿថាគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាគឺជា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ដែលលោកយេស៊ូបានតែងតាំងឬទេ?
• «តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ដែលម្ចាស់បានតែងតាំងឲ្យមើលការខុសត្រូវលើខ្ញុំបម្រើឯទៀតរបស់លោក ដើម្បីឲ្យអាហារពួកគេបរិភោគតាមត្រូវពេល?»។—ម៉ាថ. ២៤:៤៥
១៥. តើសកម្មពលបរិសុទ្ធជាបុគ្គលមួយរូបឬ?
• «ទេវតានោះឆ្លើយទៅនាងថា៖ ‹សកម្មពលបរិសុទ្ធរបស់ព្រះនឹងសណ្ឋិតលើនាង ហើយឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះហើយ កូនដែលនឹងកើតមកនោះ នឹងត្រូវហៅថាជាបរិសុទ្ធ និងជាបុត្ររបស់ព្រះ›»។—លូក. ១:៣៥
• «ដូច្នេះ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សទុច្ចរិត ចេះឲ្យរបស់ល្អដល់កូន ទម្រាំតែបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ លោកប្រាកដជានឹងផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដល់អ្នកដែលសុំពីលោកយ៉ាងណាទៅ!»។—លូក. ១១:១៣
១៦. តើព្រះយេហូវ៉ាបានប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីធ្វើអ្វី?
• «ផ្ទៃមេឃបានកើតមក ដោយសារព្រះបន្ទូលព្រះយេហូវ៉ា ហើយពួកបរិវារនៅលើនោះ បានកើតដោយសារខ្យល់ពីព្រះឱស្ឋទ្រង់»។—ទំនុក. ៣៣:៦
• «អ្នករាល់គ្នានឹងទទួលឫទ្ធានុភាព កាលដែលសកម្មពលបរិសុទ្ធរបស់ព្រះមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំ . . . រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។—សកម្ម. ១:៨
• «គ្មានទំនាយណាមួយក្នុងបទគម្ពីរដែលផ្ដើមចេញពីការបកស្រាយផ្ទាល់ខ្លួនរបស់អ្នកណាម្នាក់ទេ។ ព្រោះទំនាយមិនដែលកើតចេញពីបំណងប្រាថ្នារបស់មនុស្សទេ តែមនុស្សបាននិយាយអ្វីដែលមកពីព្រះ ដោយមានសកម្មពលបរិសុទ្ធដឹកនាំពួកគេ»។—២ពេ. ១:២០, ២១
១៧. តើរាជាណាចក្ររបស់ព្រះជាអ្វី?
• «ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។—ដាន. ២:៤៤
១៨. តើរាជាណាចក្ររបស់ព្រះនឹងផ្ដល់ប្រយោជន៍អ្វីដល់អ្នក?
• «លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ។ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបានកន្លងបាត់អស់ហើយ»។—បប. ២១:៤
១៩. ហេតុអ្វីអ្នកជឿថា ពរនៃរាជាណាចក្រនឹងមកដល់ឆាប់ៗខាងមុខនេះ?
• «នោះអ្នកកាន់តាមលោកបានមកឯលោកដោយឡែកពីគេ រួចសួរថា៖ ‹សូមប្រាប់យើង តើការទាំងនេះនឹងកើតឡើងនៅពេលណា? ហើយតើអ្វីជាសញ្ញាសម្គាល់ដែលបញ្ជាក់វត្តមានរបស់លោក និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក?›។ លោកយេស៊ូតបឆ្លើយទៅពួកគាត់ថា៖ ‹ . . . ប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ ក៏នឹងមានរញ្ជួយដីពីកន្លែងមួយទៅកន្លែងមួយ ថែមទាំងមានការអត់ឃ្លានទៀតផង។ ហើយដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់›»។—ម៉ាថ. ២៤:៣, ៤, ៧, ១៤
• «គ្រាចុងក្រោយបង្អស់នឹងលំបាកណាស់។ ព្រោះមនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតបំប៉ោង ក្រអឺតក្រទម ជាអ្នកជេរប្រមាថ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មិនស្មោះត្រង់ គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស មិនព្រមស្រុះស្រួលគ្នា ជាអ្នកបង្កាច់បង្ខូច មិនចេះទប់ចិត្ត កាចសាហាវ មិនស្រឡាញ់គុណធម៌ ជាអ្នកក្បត់ ធ្វើតាមទំនើងចិត្ត មានមោទនភាពហួសហេតុពេក ស្រឡាញ់ការសប្បាយជាជាងស្រឡាញ់ព្រះ ធ្វើឫកពាជាមនុស្សមានភក្ដីភាពចំពោះព្រះ ប៉ុន្តែពួកគេមិនព្រមទទួលឥទ្ធិពលពីភក្ដីភាពនោះទេ»។—២ធី. ៣:១-៥
២០. តើអ្នកបង្ហាញយ៉ាងដូចម្ដេចថា រាជាណាចក្រព្រះគឺសំខាន់សម្រាប់អ្នក?
• «ដូច្នេះ ចូរបន្តស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុន»។—ម៉ាថ. ៦:៣៣
• «លោកយេស៊ូមានប្រសាសន៍ទៅអ្នកកាន់តាមលោកថា៖ ‹បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវប្រគល់ខ្លួនឲ្យព្រះ ហើយលីបង្គោលទារុណកម្មរបស់ខ្លួន រួចមកតាមខ្ញុំជាដរាប›»។—ម៉ាថ. ១៦:២៤
២១. តើសាថាននិងពួកវិញ្ញាណកំណាចជាអ្នកណា?
• «មេកំណាចជាឪពុករបស់អ្នករាល់គ្នា . . . មេកំណាចជាឃាតករតាំងពីដើមដំបូង»។—យ៉ូន. ៨:៤៤
• «នាគដ៏ធំបានត្រូវបោះទម្លាក់ គឺពស់ដំបូងបង្អស់ ជាអ្នកដែលត្រូវហៅថាមេកំណាចនិងសាថាន និងជាអ្នកដែលកំពុងបំភាន់ពិភពលោកទាំងមូល វាបានត្រូវបោះទម្លាក់ទៅផែនដី ហើយបណ្ដាទេវតារបស់វាក៏បានត្រូវបោះទម្លាក់ទៅជាមួយនឹងវាដែរ។»។—បប. ១២:៩
២២. តើសាថានបានចោទប្រកាន់ព្រះយេហូវ៉ានិងពួកអ្នកគោរពប្រណិប័តន៍លោកអំពីអ្វី?
• «ស្ត្រីឆ្លើយតបថា យើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន តែត្រង់ដើមឈើ១ដែលនៅកណ្ដាលសួនច្បារនោះ ព្រះទ្រង់មានបន្ទូលថា កុំឲ្យបរិភោគផ្លែនោះឡើយ ថែមទាំងកុំឲ្យពាល់ប៉ះផង ក្រែងលោស្លាប់ រួចពស់ក៏និយាយទៅស្ត្រីថា អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។—លោ. ៣:២-៥
• «សាតាំងទូលតបថា ស្បែកឲ្យធួននឹងស្បែកចុះ មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ»។—យ៉ូប ២:៤
២៣. តើអ្នកអាចបង្ហាញយ៉ាងដូចម្ដេចថា ការចោទប្រកាន់របស់សាថានគឺខុស?
• «ចូរ . . . ប្រតិបត្ដិតាម[ព្រះ] ដោយអស់ពីចិត្ត»។—១រប. ២៨:៩
• «ខ្ញុំមិនព្រមលះចោលសំដីដែលថាខ្លួនខ្ញុំត្រឹមត្រូវឡើយ ដរាបដល់ខ្ញុំស្លាប់ផង»។—យ៉ូប ២៧:៥
២៤. ហេតុអ្វីមនុស្សស្លាប់?
• «ដូចភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង ដូច្នេះ សេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នាជាអ្នកធ្វើខុស»។—រ៉ូម ៥:១២
២៥. តើមនុស្សដែលបានស្លាប់មានស្ថានភាពបែបណា?
• «ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ»។—សាស្ដ. ៩:៥
២៦. តើមានសេចក្ដីសង្ឃឹមអ្វីចំពោះពួកអ្នកដែលបានស្លាប់?
• «មនុស្សសុចរិតនិងមនុស្សមិនសុចរិតនឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។—សកម្ម. ២៤:១៥
២៧. តើមានមនុស្សប៉ុន្មាននាក់ដែលឡើងទៅស្ថានសួគ៌ដើម្បីគ្រប់គ្រងជាមួយលោកយេស៊ូ?
• «មើល! ខ្ញុំឃើញកូនចៀមកំពុងឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមួយសែនបួនម៉ឺនបួនពាន់នាក់ឈរជាមួយនឹងលោកដែរ ហើយនាមរបស់លោកនិងនាមរបស់បិតាលោកបានត្រូវសរសេរនៅលើថ្ងាសពួកគេ»។—បប. ១៤:១
-
-
ផ្នែកទី២: របៀបរស់នៅជាគ្រិស្តសាសនិកពិតអង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
-
-
សំណួរសម្រាប់ពួកអ្នក ដែលចង់ទទួលការជ្រមុជទឹក
ផ្នែកទី២: របៀបរស់នៅជាគ្រិស្តសាសនិកពិត
តាមរយៈការសិក្សាគម្ពីរ អ្នកបានទទួលចំណេះដឹងអំពីអ្វីដែលព្រះយេហូវ៉ាតម្រូវពីអ្នក និងអំពីរបៀបដែលអ្នកអាចធ្វើតាមខ្នាតតម្រាដ៏សុចរិតរបស់លោក។ ដោយសារអ្នកអនុវត្តអ្វីដែលអ្នកបានរៀន អ្នកប្រហែលជាបានកែប្រែការប្រព្រឹត្តនិងចិត្តគំនិតរបស់អ្នក។ អ្នកបានតាំងចិត្តរស់នៅស្របតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា ដូច្នេះ អ្នកមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើជាអ្នកផ្សព្វផ្សាយដំណឹងល្អ។ ការពិចារណានូវសំណួរតទៅនេះ នឹងជួយអ្នកឲ្យចាំជានិច្ចអំពីតម្រូវការដ៏សុចរិតរបស់ព្រះយេហូវ៉ា ក៏នឹងរំលឹកអ្នកដែរ អំពីអ្វីដែលអ្នកអាចធ្វើដើម្បីធ្វើជាអ្នកបម្រើម្នាក់ដែលលោកពេញចិត្ត។ ព័ត៌មាននៅខាងក្រោមនេះ នឹងបញ្ជាក់ឲ្យអ្នកឃើញសារៈសំខាន់នៃការធ្វើអ្វីៗទាំងអស់ដោយមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស និងសារៈសំខាន់នៃការលើកកិត្តិយសព្រះយេហូវ៉ា។—២កូ. ១:១២; ១ធី. ១:១៩; ១ពេ. ៣:១៦, ២១ ដោយសារអ្នកបានសិក្សាមកដល់ចំណុចនេះ អ្នកច្បាស់ជាចង់ចុះចូលចំពោះការគ្រប់គ្រងរបស់ព្រះយេហូវ៉ានិងអង្គការរបស់លោកដែរ។ សំណួរនិងបទគម្ពីរយោងផ្សេងៗ នឹងជួយឲ្យអ្នកពិចារណាអំពីការយល់ដឹងរបស់អ្នកស្ដីអំពីការចុះចូលចំពោះរបៀបរៀបចំរបស់ព្រះយេហូវ៉ា ទោះជានៅក្នុងក្រុមជំនុំ ក្នុងក្រុមគ្រួសារ ឬចំពោះច្បាប់ផ្សេងៗរបស់ពួកអាជ្ញាធរនៃពិភពលោកនេះក្ដី។ អ្នកនឹងកាន់តែឲ្យតម្លៃចំពោះអ្វីដែលព្រះយេហូវ៉ាកំពុងធ្វើដើម្បីអប់រំនិងពង្រឹងជំនឿរាស្ត្ររបស់លោក។ លោកបានរៀបចំឲ្យមានកិច្ចប្រជុំក្រុមជំនុំ ដូច្នេះ អ្នកគួរចូលរួមកិច្ចប្រជុំ និងរួមចំណែកក្នុងកិច្ចប្រជុំទាំងនេះ តាមដែលអាចធ្វើបាន។ បន្ថែមទៀត ព័ត៌មានក្នុងផ្នែកនេះក៏នឹងបង្ហាញអំពីសារៈសំខាន់នៃការចូលរួមជាទៀងទាត់ក្នុងការផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ ដើម្បីជួយអ្នកឯទៀតឲ្យស្គាល់ព្រះយេហូវ៉ា និងអ្វីដែលលោកកំពុងធ្វើដើម្បីមនុស្សជាតិ។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) ទីបំផុត ផ្នែកនេះនឹងជួយឲ្យអ្នកយល់ថា ការប្រគល់ខ្លួនជូនព្រះយេហូវ៉ានិងការជ្រមុជទឹកគឺជាការសម្រេចចិត្តដ៏សំខាន់។ អ្នកអាចទុកចិត្តថា ព្រះយេហូវ៉ាឲ្យតម្លៃចំពោះរបៀបដែលអ្នកទទួលយកយ៉ាងស្មោះអស់ពីចិត្ត នូវគុណដ៏វិសេសលើសលប់ដែលលោកបានបង្ហាញចំពោះអ្នក។
១. តើព្រះពេញចិត្តនឹងអាពាហ៍ពិពាហ៍បែបណា? តើអ្វីជាមូលហេតុតែមួយគត់ពីគម្ពីរចំពោះការលែងលះគ្នា?
• «តើអ្នករាល់គ្នាមិនធ្លាប់អានទេថា លោកដែលបានបង្កើតមនុស្សជាតិដំបូង បានបង្កើតពួកគេជាប្រុសនិងស្រី ហើយមានប្រសាសន៍ថា៖ ‹ហេតុនេះហើយ បុរសនឹងចាកចេញពីឪពុកនិងម្ដាយខ្លួន ហើយនឹងនៅជាប់ជាមួយនឹងប្រពន្ធរបស់គាត់ រួចពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ›នោះ? ដូច្នេះ ពួកគេលែងជាពីរទៀតហើយ ប៉ុន្តែជាសាច់ឈាមតែមួយវិញ។ ម្ល៉ោះហើយ កុំឲ្យអ្នកណាពង្រាត់គូដែលព្រះបានផ្សំផ្គុំឡើយ . . . អ្នកណាដែលលែងលះប្រពន្ធដែលមិនបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ រួចរៀបការជាមួយនឹងស្ត្រីម្នាក់ទៀត អ្នកនោះជាអ្នកផិតក្បត់»។—ម៉ាថ. ១៩:៤-៦, ៩
២. ហេតុអ្វីពួកអ្នកដែលរស់នៅជាមួយគ្នាជាប្ដីប្រពន្ធគួររៀបការស្របច្បាប់? បើអ្នកបានរៀបការហើយ តើអ្នកប្រាកដថាអាពាហ៍ពិពាហ៍របស់អ្នកគឺត្រឹមត្រូវតាមច្បាប់ ហើយបានត្រូវទទួលស្គាល់ពីរដ្ឋាភិបាលឬទេ?
• «ចូរបន្តរំលឹកពួកគេឲ្យចុះចូលស្ដាប់បង្គាប់រដ្ឋាភិបាលនិងពួកអាជ្ញាធរជាអ្នកគ្រប់គ្រង»។—ទីត. ៣:១
• «ចូរឲ្យមនុស្សទាំងអស់គ្នាចាត់ទុកអាពាហ៍ពិពាហ៍ជាអ្វីដែលមានតម្លៃ ហើយឲ្យការរួមរស់ជាប្ដីប្រពន្ធត្រូវឥតសៅហ្មង ព្រោះព្រះនឹងវិនិច្ឆ័យទោសអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌និងអ្នកផិតក្បត់»។—ហេ. ១៣:៤
៣. តើអ្វីជាតួនាទីរបស់អ្នកក្នុងក្រុមគ្រួសារ?
• «នែ កូនអើយ ចូរស្ដាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ កុំឲ្យកូនបោះបង់ចោលសេចក្ដីដំបូន្មានរបស់ម្ដាយឯងឡើយ»។—សុភ. ១:៨, យើងកែជាអក្សរទ្រេត
• «ប្ដីជាប្រមុខរបស់ប្រពន្ធ ដូចគ្រិស្តជាប្រមុខនៃក្រុមជំនុំ . . . ប្ដីទាំងឡាយអើយ ចូរស្រឡាញ់ប្រពន្ធជាដរាប ដូចគ្រិស្តបានស្រឡាញ់ក្រុមជំនុំ»។—អេភ. ៥:២៣, ២៥
• «អ្នករាល់គ្នាដែលជាឪពុក កុំធ្វើឲ្យកូនខឹង តែចូរអប់រំកូនទៅតាមការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា ហើយបណ្ដុះឲ្យកូនមានគំនិតដូចលោក»។—អេភ. ៦:៤
• «កូនរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយក្នុងគ្រប់ការទាំងអស់ ព្រោះធ្វើដូច្នេះនាំឲ្យលោកម្ចាស់ពេញចិត្ត»។—កូឡ. ៣:២០
• «ចូរអ្នករាល់គ្នាដែលជាប្រពន្ធចុះចូលនឹងប្ដីខ្លួន»។—១ពេ. ៣:១
៤. ហេតុអ្វីយើងគួរបង្ហាញការគោរពចំពោះជីវិត?
• «[ព្រះ]ដែលផ្ដល់ជីវិត ដង្ហើម និងអ្វីៗទាំងអស់ដល់មនុស្សគ្រប់រូប។ . . . គឺដោយសារលោកទើបមានយើង ហើយគឺដោយសារលោក ទើបយើងមានជីវិត ក៏អាចធ្វើចលនាផង»។—សកម្ម. ១៧:២៥, ២៨
៥. ហេតុអ្វីយើងមិនសម្លាប់អ្នកឯទៀត រួមបញ្ចូលកូនដែលមិនទាន់កើត?
• «បើអ្នកណាឈ្លោះគ្នា ហើយប៉ះទង្គិចលើស្ត្រីមានផ្ទៃពោះឲ្យរលូតកូន . . . ហើយ . . . បើមានគ្រោះថ្នាក់ នោះត្រូវសងជីវិតឲ្យធួននឹងជីវិត»។—និក្ខ. ២១:២២, ២៣
• «ព្រះនេត្រទ្រង់បានឃើញធាតុនៃទូលបង្គំ ក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយ ទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់ គឺអស់ទាំងថ្ងៃអាយុ ដែលបានដំរូវឲ្យទូលបង្គំរស់នៅ ក្នុងកាលដែលមិនទាន់មានថ្ងៃណាមួយនោះនៅឡើយ»។—ទំនុក. ១៣៩:១៦
• «ព្រះយេហូវ៉ាទ្រង់ស្អប់ . . . ដៃដែលកំចាយឈាមមនុស្សឥតទោស»។—សុភ. ៦:១៦, ១៧
៦. តើអ្វីជាបង្គាប់របស់ព្រះស្ដីអំពីឈាម?
• «ជៀសវាងជាដាច់ខាត . . . ពីឈាម [និង]សាច់សត្វដែលបានត្រូវសម្លាប់ដោយច្របាច់ក»។—សកម្ម. ១៥:២៩
៧. ហេតុអ្វីយើងត្រូវស្រឡាញ់បងប្អូនរួមជំនឿរបស់យើង?
• «ខ្ញុំឲ្យបញ្ញត្ដិថ្មីមួយដល់អ្នករាល់គ្នា គឺអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា»។—យ៉ូន. ១៣:៣៤, ៣៥
៨. បើបុគ្គលម្នាក់មានជំងឺដែលអាចឆ្លងបាន និងដែលអាចនាំឲ្យអ្នកឯទៀតស្លាប់ ហេតុអ្វីគាត់ (ក) មិនគួរទៅឱបឬថើបអ្នកឯទៀត? (ខ) មិនគួរអាក់អន់ចិត្ត បើអ្នកខ្លះមិនអញ្ជើញគាត់ឲ្យមកលេងផ្ទះ? (គ) ប្រសិនបើបុគ្គលម្នាក់សង្ស័យថាខ្លួនមានរោគដែលអាចឆ្លងបាន ហេតុអ្វីគាត់គួរស្ម័គ្រចិត្តទៅពិនិត្យឈាមមុននឹងចាប់ផ្ដើមស្វែងយល់ចិត្តគ្នា? (ឃ) ហេតុអ្វីបុគ្គលដែលមានរោគឆ្លង ត្រូវជម្រាបអ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំមុននឹងទទួលការជ្រមុជទឹក?
• «អ្នករាល់គ្នាមិនត្រូវជំពាក់អ្វីអ្នកណាទេ សូម្បីតែអ្វីមួយក៏ដោយ ក្រៅពីការបង្ហាញសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក . . . ‹អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក›។ អ្នកដែលមានសេចក្ដីស្រឡាញ់មិនធ្វើអំពើអាក្រក់ទៅលើអ្នកជិតខាងរបស់ខ្លួនឡើយ»។—រ៉ូម ១៣:៨-១០
• «បន្តយកចិត្តទុកដាក់ចំពោះអ្នកឯទៀត មិនត្រូវគិតអំពីរឿងផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ»។—ភី. ២:៤
៩. ហេតុអ្វីព្រះយេហូវ៉ាតម្រូវឲ្យយើងអភ័យទោសឲ្យអ្នកដទៃ?
• «ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ បើអ្នកណាមានហេតុត្អូញត្អែរអំពីអ្នកណាម្នាក់។ ព្រះយេហូវ៉ាបានអភ័យទោសឲ្យអ្នករាល់គ្នាដោយគ្មានល័ក្ខខ័ណ្ឌ ម្ល៉ោះហើយ ចូរអ្នករាល់គ្នាធ្វើដូច្នោះដែរ»។—កូឡ. ៣:១៣
១០. បើបងប្អូនណាម្នាក់ឆបោកឬនិយាយបង្កាច់បង្ខូចអ្នក តើអ្នកគួរធ្វើយ៉ាងណា?
• «ប្រសិនបើបងប្អូនណាម្នាក់របស់អ្នកធ្វើខុសអ្វីមួយ ចូរទៅជួបគាត់ម្នាក់ឯង ហើយលាតត្រដាងកំហុសរបស់គាត់។ បើគាត់ស្ដាប់អ្នក នោះអ្នកបានបងប្អូននោះមកវិញ។ ប៉ុន្តែបើគាត់មិនស្ដាប់អ្នកទេ ចូរយកមនុស្សម្នាក់ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យគ្រប់រឿងទាំងអស់អាចត្រូវទុកជាការពិត ដោយការបញ្ជាក់របស់សាក្សីពីរឬបីនាក់។ បើគាត់មិនស្ដាប់ពួកគេទេ ចូរប្រាប់ដល់ក្រុមជំនុំ។ ប្រសិនបើគាត់មិនស្ដាប់ក្រុមជំនុំទៀត នោះចូរចាត់ទុកគាត់ជាជនជាតិដទៃ និងជាអ្នកយកពន្ធ»។—ម៉ាថ. ១៨:១៥-១៧
១១. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះអំពើខុសឆ្គងដូចខាងក្រោម?
▪ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ
▪ ការប្រើរូបព្រះក្នុងការគោរពប្រណិប័តន៍
▪ ការស្រឡាញ់ភេទដូចគ្នា
▪ ការលួច
▪ ការលេងល្បែងស៊ីសង
▪ ការផឹកស្រាឲ្យស្រវឹង
• «កុំច្រឡំឲ្យសោះ។ អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អ្នកដែលគោរពបូជារូបព្រះ អ្នកផិតក្បត់ បុរសដែលសុខចិត្តបម្រើបុរសឯទៀតខាងផ្លូវភេទ បុរសដែលរួមដំណេកជាមួយនឹងបុរសឯទៀត ពួកចោរ មនុស្សលោភលន់ អ្នកប្រមឹកស្រា អ្នកជេរប្រមាថ និងអ្នកគំរាមយកទ្រព្យ នឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ»។—១កូ. ៦:៩, ១០
១២. ស្ដីអំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ដែលរួមបញ្ចូលអំពើផ្សេងៗខាងផ្លូវភេទជាមួយដៃគូដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួន តើអ្នកតាំងចិត្តធ្វើអ្វី?
• «ចូររត់ចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»។—១កូ. ៦:១៨
១៣. ហេតុអ្វីយើងគួរជៀសវាងពីការប្រើសារធាតុដែលធ្វើឲ្យញៀនឬធ្វើឲ្យសតិប្រែប្រួល ដោយគ្មានការត្រួតពិនិត្យពីគ្រូពេទ្យ?
• «ប្រគល់រូបកាយរបស់ខ្លួនជាគ្រឿងបូជាដែលមានជីវិត ក៏បរិសុទ្ធ ហើយគាប់ចិត្តព្រះ ធ្វើដូច្នេះអ្នករាល់គ្នានឹងបំពេញកិច្ចបម្រើពិសិដ្ឋដោយប្រើសមត្ថភាពរិះគិត។ ហើយឈប់យកតម្រាប់តាមរបៀបរបបពិភពលោកនេះ តែចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នករាល់គ្នាវិញ ដើម្បីឲ្យអ្នករាល់គ្នាពិសោធមើលដោយខ្លួនអ្នកឲ្យដឹងនូវបំណងប្រាថ្នាដ៏ប្រសើរ សមរម្យ និងល្អឥតខ្ចោះរបស់ព្រះ»។—រ៉ូម ១២:១, ២
១៤. តើការទាក់ទងនឹងពួកវិញ្ញាណកំណាចតាមរបៀបណាខ្លះដែលព្រះហាម?
• «នៅក្នុងពួកឯង មិនត្រូវឲ្យឃើញមាន . . . គ្រូទាយ គ្រូគន់គូរនក្ខត្តឫក្ស គ្រូអង្គុយធម៌ គ្រូអាបធ្មប់ គ្រូសន្ធាប់គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោចណាឡើយ»។—ចោ. ១៨:១០, ១១
១៥. បើបុគ្គលម្នាក់ប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ហើយចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តឡើងវិញ តើគាត់គួរធ្វើអ្វីភ្លាមៗ?
• «ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ទូលបង្គំនៅចំពោះទ្រង់ ឥតលាក់ការទុច្ចរិតរបស់ទូលបង្គំទុកឡើយ ទូលបង្គំបាននិយាយថា ទូលបង្គំនឹងលន់តួអស់ទាំងការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ា»។—ទំនុក. ៣២:៥
• «តើមានអ្នកណាឈឺក្នុងចំណោមអ្នករាល់គ្នាទេ? ចូរឲ្យអ្នកនោះហៅបុរសចាស់ទុំក្នុងក្រុមជំនុំមក ហើយឲ្យពួកគាត់អធិដ្ឋានឲ្យអ្នកនោះ ដោយលាបប្រេងក្នុងនាមព្រះយេហូវ៉ា។ រួចសេចក្ដីអធិដ្ឋានដែលបានត្រូវពោលដោយជំនឿនឹងធ្វើឲ្យអ្នកដែលមិនស្រួលខ្លួនបានជាសះស្បើយ ហើយព្រះយេហូវ៉ានឹងធ្វើឲ្យអ្នកនោះមានសុខភាពល្អឡើងវិញ។ ម្យ៉ាងទៀត ប្រសិនបើអ្នកនោះបានប្រព្រឹត្តអំពើខុសឆ្គង អ្នកនោះនឹងទទួលការអភ័យទោស»។—យ៉ា. ៥:១៤, ១៥
១៦. តើអ្នកគួរធ្វើអ្វីពេលដឹងថាបងប្អូនរួមជំនឿម្នាក់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ?
• «ក្រោយដែលបានទទួលស្បថ ធ្វើស្មរបន្ទាល់ហើយ នោះបើអ្នកណាធ្វើបាប ដោយមិនព្រមឆ្លើយប្រាប់អំពីការដែលខ្លួនបានឃើញឬដឹង អ្នកនោះឈ្មោះថាមានទោសវិញ»។—លេវី. ៥:១
១៧. តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះបុគ្គលម្នាក់ ក្រោយពីស្ដាប់សេចក្ដីជូនដំណឹងថាគាត់លែងជាសាក្សីព្រះយេហូវ៉ាហើយ?
• «ឈប់ចូលលាយឡំជាមួយនឹងអ្នកណាដែលមានឈ្មោះថាជាបងប្អូនរួមជំនឿ ដែលជាអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ជាអ្នកលោភលន់ អ្នកគោរពបូជារូបព្រះ អ្នកជេរប្រមាថ អ្នកប្រមឹកស្រា អ្នកគំរាមយកទ្រព្យ សូម្បីតែបរិភោគ ក៏កុំបរិភោគជាមួយនឹងមនុស្សបែបនោះដែរ»។—១កូ. ៥:១១
• «ប្រសិនបើមានអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនសេចក្ដីនេះ កុំទទួលអ្នកនោះចូលក្នុងផ្ទះរបស់អ្នក ឬសូម្បីតែជម្រាបសួរអ្នកនោះឡើយ»។—២យ៉ូន. ១០
១៨. ហេតុអ្វីមិត្តជិតស្និទ្ធរបស់អ្នកគួរតែជាពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា?
• «អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។—សុភ. ១៣:២០
• «កុំឲ្យអ្នកណាបំភាន់អ្នកឡើយ។ ការសេពគប់អាក្រក់បង្ខូចការប្រព្រឹត្តល្អ»។—១កូ. ១៥:៣៣
១៩. ហេតុអ្វីសាក្សីព្រះយេហូវ៉ារក្សាជំហរអព្យាក្រឹតខាងនយោបាយ?
• «ពួកគាត់មិនរួមចំណែកក្នុងពិភពលោកទេ ដូចខ្ញុំ[លោកយេស៊ូ]ក៏មិនរួមចំណែកក្នុងពិភពលោកដែរ»។—យ៉ូន. ១៧:១៦
២០. ហេតុអ្វីអ្នកគួរចុះចូលនឹងរដ្ឋាភិបាល?
• «ចូរឲ្យមនុស្សទាំងអស់ចុះចូលនឹងពួកអាជ្ញាធរ ព្រោះគ្រប់ទាំងអំណាចគឺមកពីព្រះ។ ព្រះជាអ្នកតែងតាំងពួកអាជ្ញាធរឲ្យមានអំណាចតាមថ្នាក់របស់ពួកគេរៀងខ្លួន»។—រ៉ូម ១៣:១
២១. តើអ្នកនឹងធ្វើយ៉ាងណាបើការធ្វើតាមច្បាប់របស់មនុស្សនាំឲ្យប្រឆាំងនឹងច្បាប់របស់ព្រះ?
• «យើងត្រូវស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស»។—សកម្ម. ៥:២៩
២២. តើបទគម្ពីរណាខ្លះអាចជួយអ្នកជៀសវាងពីការរួមចំណែកក្នុងពិភពលោក ពេលជ្រើសយកការងារ?
• «អស់ទាំងនគរនឹងលែងលើកដាវច្បាំងគ្នាទៀត ក៏មិនរៀនវិជ្ជាចំបាំងទៀតតទៅ»។—មីកា ៤:៣
• «រាស្ត្រខ្ញុំអើយ ចូរចេញពីក្រុងនោះមក[បាប៊ីឡូនដ៏ខ្លាំងក្លា] ប្រសិនបើអ្នករាល់គ្នាមិនចង់មានចំណែកក្នុងអំពើខុសឆ្គងរបស់នាង ហើយប្រសិនបើអ្នករាល់គ្នាមិនចង់ទទួលចំណែកពីសេចក្ដីវេទនារបស់នាង»។—បប. ១៨:៤
២៣. តើការកម្សាន្តនិងការសម្រាកលម្ហែកាយបែបណា ដែលអ្នកនឹងជ្រើសរើសឬបដិសេធ?
• «ព្រះយេហូវ៉ា . . . ស្អប់ . . . ពួកអ្នកដែលចូលចិត្តខាងសេចក្ដីច្រឡោត»។—ទំនុក. ១១:៥
• «ចូរស្អប់ខ្ពើមអ្វីៗដែលទុច្ចរិត ហើយកាន់ខ្ជាប់អ្វីៗដែលល្អ»។—រ៉ូម ១២:៩
• «អ្វីៗដែលពិត អ្វីៗដែលថ្លៃថ្នូរ អ្វីៗដែលសុចរិត អ្វីៗដែលបរិសុទ្ធ អ្វីៗដែលគួរឲ្យស្រឡាញ់ អ្វីៗដែលមានកេរ្ដិ៍ឈ្មោះល្អ អ្វីដែលប្រកបដោយគុណធម៌ និងអ្វីដែលគួរឲ្យសរសើរ ចូរបន្តពិចារណាអ្វីៗទាំងនោះ»។—ភី. ៤:៨
២៤. ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនចូលរួមគោរពប្រណិប័តន៍ជាមួយក្រុមសាសនាផ្សេងទៀត?
• «អ្នករាល់គ្នាមិនអាចបរិភោគពី‹តុរបស់ព្រះយេហូវ៉ា›ផងនិងពីតុរបស់ពួកវិញ្ញាណកំណាចផងបានឡើយ»។—១កូ. ១០:២១
• «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ចូរ . . . ញែកខ្លួនចេញ។ ឈប់ពាល់អ្វីដែលមិនស្អាត›‹រួចខ្ញុំនឹងទទួលអ្នករាល់គ្នា›»។—២កូ. ៦:១៧
២៥. តើគោលការណ៍ណាខ្លះដែលនឹងជួយឲ្យអ្នកសម្រេចចិត្តថា ចូលរួមឬមិនចូលរួមពិធីបុណ្យណាមួយ?
• «គេបានទៅប្រព្រឹត្តច្របូកច្របល់ជាមួយ ព្រមទាំងរៀនតាមកិរិយារបស់សាសន៍ដទៃទាំងនោះវិញ ក៏គោរពប្រតិបត្ដិដល់រូបព្រះរបស់សាសន៍ទាំងនោះដែរ ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ»។—ទំនុក. ១០៦:៣៥, ៣៦
• «មនុស្សស្លាប់ឥតដឹងអ្វីឡើយ»។—សាស្ដ. ៩:៥
• «ពួកគាត់មិនរួមចំណែកក្នុងពិភពលោកទេ ដូចខ្ញុំក៏មិនរួមចំណែកក្នុងពិភពលោកដែរ»។—យ៉ូន. ១៧:១៦
• «វេលាដែលអ្នករាល់គ្នាបានចំណាយក្នុងការធ្វើតាមបំណងប្រាថ្នារបស់ពិភពលោកនេះគឺល្មមហើយជាវេលាដែលអ្នករាល់គ្នាបានដើរក្នុងផ្លូវសីលធម៌ធូររលុង តណ្ហាក្រាស់ ការផឹកស្រាច្រើនហួសប្រមាណ ការជប់លៀងសប្បាយឥតបើគិត ការប្រកួតគ្នាផឹកស្រា ហើយការគោរពបូជារូបព្រះខុសច្បាប់»។—១ពេ. ៤:៣
២៦. តើមានកំណត់ហេតុណាខ្លះក្នុងគម្ពីរស្ដីអំពីពិធីបុណ្យខួបកំណើត? តើយើងអាចរៀនអ្វីពីកំណត់ហេតុទាំងនេះ?
• «ក្រោយ៣ថ្ងៃមក ជាថ្ងៃបុណ្យចំរើនព្រះជន្មផារ៉ោន នោះទ្រង់រៀបជប់លៀងដល់ពួកនាម៉ឺនទាំងប៉ុន្មាន ហើយទ្រង់ហៅនាយពិសេសថ្វាយពែង នឹងមេពួកដុតនំមកនៅកណ្ដាលពួកនាម៉ឺនទាំងនោះ ទ្រង់ក៏តាំងនាយពិសេសថ្វាយពែងក្នុងដំណែងដើមឡើងវិញ . . . តែឯមេពួកដុតនំ ទ្រង់បានចងព្យួរវិញ»។—លោ. ៤០:២០-២២
• «ពេលដែលកំពុងជប់លៀងអបអរថ្ងៃកំណើតរបស់ហេរ៉ូឌ នោះកូនស្រីរបស់ហេរ៉ូឌាសបានរាំនៅពិធីនោះ ហើយធ្វើឲ្យហេរ៉ូឌពេញចិត្តដល់ម្ល៉េះ បានជាលោកស្បថថានឹងឲ្យនាងអ្វីក៏ដោយដែលនាងសុំ។ រួចមក នាងបានសុំតាមពាក្យបង្គាប់របស់ម្ដាយថា៖ ‹សូមឲ្យក្បាលរបស់យ៉ូហាន ជាអ្នកជ្រមុជទឹក ដាក់លើថាសមួយមកឲ្យខ្ញុំ›។ ដូច្នេះ លោកចាត់គេឲ្យទៅកាត់ក្បាលយ៉ូហាននៅក្នុងគុក»។—ម៉ាថ. ១៤:៦-៨, ១០
២៧. ហេតុអ្វីអ្នកចង់ធ្វើតាមការណែនាំពីពួកអ្នកចាស់ទុំ?
• «ចូរស្ដាប់បង្គាប់ហើយចុះចូលនឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នា ព្រោះពួកគេកំពុងថែរក្សាអ្នករាល់គ្នា ហើយទទួលខុសត្រូវអំពីរបៀបដែលពួកគេបានធ្វើការនោះ។ ដូច្នេះ ពួកគេអាចធ្វើការនេះដោយមានអំណរ មិនមែនដោយដកដង្ហើមធំទេ ព្រោះបើដូច្នេះនឹងនាំឲ្យអ្នករាល់គ្នាបង់ប្រយោជន៍វិញ»។—ហេ. ១៣:១៧
២៨. ហេតុអ្វីជាការសំខាន់ដែលអ្នកនិងក្រុមគ្រួសារអ្នក លៃទុកពេលជាទៀងទាត់ដើម្បីអាននិងសិក្សាគម្ពីរ?
• «អ្នកនោះត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់»។—ទំនុក. ១:២, ៣
២៩. ហេតុអ្វីអ្នកចូលចិត្តចូលរួមកិច្ចប្រជុំ និងរួមចំណែកក្នុងកិច្ចប្រជុំ?
• «ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ដល់ពួកបងប្អូន ទូលបង្គំនឹងសរសើរដំកើងទ្រង់ នៅកណ្ដាលពួកជំនុំ»។—ទំនុក. ២២:២២
• «ចូរយើងគិតអំពីគ្នាទៅវិញទៅមក ដើម្បីបំផុសទឹកចិត្តឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តដែលល្អប្រសើរ មិនមែនដោយគេចវេះពីការប្រជុំគ្នា ដូចអ្នកខ្លះមានទម្លាប់គេចវេះនោះទេ ប៉ុន្តែដោយលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយធ្វើដូច្នេះកាន់តែខ្លាំងឡើងពេលដែលអ្នករាល់គ្នាឃើញថ្ងៃនោះកាន់តែខិតចូលមកដល់»។—ហេ. ១០:២៤, ២៥
៣០. តើកិច្ចការមួយណាសំខាន់ជាងគេក្នុងចំណោមកិច្ចការដែលលោកយេស៊ូប្រគល់ឲ្យយើងធ្វើ?
• «ដូច្នេះ ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ ហើយជ្រមុជទឹកឲ្យពួកគេ...បង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា»។—ម៉ាថ. ២៨:១៩, ២០
៣១. តើព្រះយេហូវ៉ាពេញចិត្តនឹងចិត្តគំនិតបែបណា ពេលយើងធ្វើវិភាគទានដើម្បីកិច្ចការរាជាណាចក្រ ឬជួយបងប្អូនរបស់យើង?
• «ចូរថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ»។—សុភ. ៣:៩
• «ចូរអ្នករាល់គ្នាម្នាក់ៗធ្វើតាមការសម្រេចចិត្តរបស់ខ្លួនចុះ មិនមែនដោយទើសទាល់ឬដោយមានគេបង្ខំឡើយ ព្រោះព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្តសប្បាយ»។—២កូ. ៩:៧
៣២. តើគ្រិស្តសាសនិកពិតប្រហែលជានឹងជួបការពិបាកអ្វីខ្លះ?
• «អស់អ្នកដែលមនុស្សបានបៀតបៀនដោយសារសេចក្ដីសុចរិត នោះមានសុភមង្គលហើយ! ពីព្រោះរាជាណាចក្រស្ថានសួគ៌ ជារបស់អ្នកទាំងនោះ។ នៅពេលដែលមនុស្សតិះដៀល បៀតបៀន និងនិយាយរឿងអាក្រក់គ្រប់បែបយ៉ាង ដើម្បីបង្កាច់បង្ខូចអ្នករាល់គ្នាដោយព្រោះអ្នកកាន់តាមខ្ញុំ នោះអ្នកមានសុភមង្គលហើយ! ពីព្រោះគេធ្លាប់បៀតបៀនពួកអ្នកប្រកាសទំនាយ ដែលបានរស់នៅមុនអ្នករាល់គ្នាដូច្នេះដែរ។ ហេតុនេះចូរសប្បាយ ហើយត្រេកអរចុះ! ពីព្រោះអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌»។—ម៉ាថ. ៥:១០-១២
៣៣. ហេតុអ្វីការទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ាម្នាក់ ជាឯកសិទ្ធិដ៏ពិសេសមួយ?
• «ព្រះបន្ទូលរបស់ទ្រង់ជាសេចក្ដីអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ ដ្បិតឱព្រះយេហូវ៉ា . . . ទូលបង្គំបានហៅតាមព្រះនាមទ្រង់»។—យេ. ១៥:១៦
-
-
ការពិភាក្សាបញ្ចប់ជាមួយនឹងបុគ្គលដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹកអង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
-
-
សំណួរសម្រាប់ពួកអ្នក ដែលចង់ទទួលការជ្រមុជទឹក
ការពិភាក្សាបញ្ចប់ជាមួយនឹងបុគ្គលដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក
តាមធម្មតា ពិធីជ្រមុជទឹកធ្វើឡើងនៅឯសន្និបាតនិងមហាសន្និបាតរបស់សាក្សីព្រះយេហូវ៉ា។ នៅចុងបញ្ចប់នៃសុន្ទរកថាអំពីការជ្រមុជទឹក អ្នកថ្លែងនឹងអញ្ជើញបុគ្គលដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក ឲ្យក្រោកឈរ ហើយឆ្លើយសំណួរពីរដោយបន្លឺសំឡេងឲ្យបានឮហើយច្បាស់។ សំណួរទាំងពីរនោះគឺ៖
១. តើអ្នកបានប្រែចិត្តពីអំពើខុសឆ្គងរបស់អ្នក បានប្រគល់ខ្លួនអ្នកជូនព្រះយេហូវ៉ា ហើយបានទទួលយកសេចក្ដីសង្គ្រោះដែលលោកផ្ដល់ឲ្យតាមរយៈលោកយេស៊ូគ្រិស្តឬទេ?
២. តើអ្នកយល់ថាការជ្រមុជទឹករបស់អ្នកនឹងសម្គាល់ថាអ្នកជាសាក្សីព្រះយេហូវ៉ា ដោយរួបរួមជាមួយអង្គការរបស់ព្រះយេហូវ៉ាឬទេ?
ចម្លើយយល់ព្រមនឹងសំណួរទាំងពីរនេះ ជាការ«ប្រកាសជាសាធារណៈ»របស់ពួកអ្នកដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក ដែលបង្ហាញថាពួកគេមានជំនឿទៅលើថ្លៃលោះ ហើយបានប្រគល់ខ្លួនទាំងស្រុងជូនព្រះយេហូវ៉ា។ (រ៉ូម ១០:៩, ១០) ដូច្នេះ បុគ្គលដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក គួរគិតហើយអធិដ្ឋានអំពីសំណួរទាំងនេះទុកជាមុន ដើម្បីអាចឆ្លើយស្របទៅតាមជំនឿរបស់ខ្លួន។
តើអ្នកបានអធិដ្ឋានប្រគល់ខ្លួនជូនព្រះយេហូវ៉ា ដោយសន្យាថានឹងគោរពប្រណិប័តន៍តែលោកមួយប៉ុណ្ណោះ និងចាត់ទុកការធ្វើតាមបំណងប្រាថ្នារបស់លោកថាសំខាន់បំផុតក្នុងជីវិតរបស់អ្នកហើយឬនៅ?
នៅឥឡូវនេះ តើអ្នកជឿជាក់ថា អ្នកគួរទទួលការជ្រមុជទឹកឲ្យបានឆាប់បំផុតឬទេ?
តើសម្លៀកបំពាក់បែបណាដែលសមរម្យពេលទទួលការជ្រមុជទឹក? (១ធី. ២:៩, ១០; យ៉ូន. ១៥:១៩; ភី. ១:១០)
យើងគួរស្លៀកពាក់«បែបរមទម និងដោយមានគំនិតសមហេតុសមផល» ដើម្បីបង្ហាញថា«ខ្លួនគោរពប្រណិប័តន៍ព្រះ»។ ដូច្នេះ ពួកអ្នកដែលទទួលការជ្រមុជទឹកគួរជៀសវាងឈុតហែលទឹកមិនសមរម្យ ឬខោអាវដែលមានពាក្យស្លោកឬរូបភាព។ សម្លៀកបំពាក់របស់ពួកគេគួរមានរបៀបរៀបរយ ស្អាតបាត ថ្លៃថ្នូរ និងសមរម្យសម្រាប់ពិធីជ្រមុជទឹក។
តើគួរមានការប្រព្រឹត្តបែបណានៅពេលទទួលការជ្រមុជទឹក? (លូក. ៣:២១, ២២)
ពេលលោកយេស៊ូទទួលការជ្រមុជទឹក លោកបានទុកគំរូយ៉ាងល្អសម្រាប់គ្រិស្តសាសនិកដែលចង់ទទួលការជ្រមុជទឹកនៅសព្វថ្ងៃនេះ។ លោកបានយល់ថាពិធីជ្រមុជទឹកជាជំហានដ៏សំខាន់ ហើយនេះបានសឲ្យឃើញតាមរយៈចិត្តគំនិតនិងការប្រព្រឹត្តរបស់លោក។ ហេតុនេះ កន្លែងទទួលការជ្រមុជទឹកមិនមែនជាកន្លែងសម្រាប់និយាយកំប្លែងមិនសមរម្យ ប្រលែងគ្នា ហែលទឹក ឬការប្រព្រឹត្តផ្សេងទៀតដែលនាំឲ្យបាត់បង់ភាពថ្លៃថ្នូរឡើយ។ គ្រិស្តសាសនិកថ្មីក៏មិនគួរប្រព្រឹត្តហាក់ដូចជាទើបតែបានទទួលជ័យជម្នះដ៏ធំមួយនោះដែរ។ ពិតមែនតែពិធីជ្រមុជទឹកគឺជាពេលដែលនាំឲ្យអរសប្បាយ ប៉ុន្តែអ្នកគួរបង្ហាញអំណរនោះតាមរបៀបថ្លៃថ្នូរ។
តើការសេពគប់ក្រុមជំនុំនិងការចូលរួមកិច្ចប្រជុំជាទៀងទាត់ នឹងជួយអ្នកឲ្យធ្វើតាមការប្រគល់ខ្លួនជូនព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
ក្រោយពីអ្នកបានទទួលការជ្រមុជទឹកហើយ ហេតុអ្វីជាការសំខាន់ចាំបាច់ដែលអ្នករក្សាកាលវិភាគដ៏ល្អក្នុងការសិក្សាផ្ទាល់ខ្លួន ហើយចូលរួមកិច្ចផ្សព្វផ្សាយជាទៀងទាត់?
-