បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «នៅកន្លែងណាដែលទឹកនេះហូរកាត់ នឹងមានជីវិតនៅកន្លែងនោះ»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • អេសេគាលដើរកាត់ទឹកទន្លេដែលកំពុងហូរ កាលដែលបុរសដែលមានសណ្ឋានដូចស្ពាន់សម្លឹងមើលគាត់ពីដងទន្លេ។

      ជំពូកទី១៩

      ​«​នៅ​កន្លែង​ណា​ដែល​ទឹក​នេះ​ហូរ​កាត់ នឹង​មាន​ជីវិត​នៅ​កន្លែង​នោះ​»​

      អេសេគាល ៤៧:៩

      គោល​ចំណុច: របៀប​ដែល​ការ​បើក​បង្ហាញ​អំពី​ទន្លេ​ដែល​ហូរ​ចេញ​ពី​វិហារ កើត​ឡើង​នៅ​សម័យ​បុរាណ នៅ​សម័យ​យើង និង​នៅ​ថ្ងៃ​អនាគត

      ១, ២. យោង​ទៅ​តាម​អេសេគាល ៤៧:១​-​១២ តើ​អេសេគាល​បាន​ឃើញ​និង​រៀន​អំពី​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

      ក្នុង​ការ​បើក​បង្ហាញ​អំពី​វិហារ អេសេគាល​បាន​ឃើញ​អ្វី​មួយ​ទៀត​ដ៏​អស្ចារ្យ គឺ​មាន​អូរ​មួយ​ហូរ​ចេញ​ពី​សំណង់​ដ៏​ពិសិដ្ឋ​នេះ​តែ​ម្ដង! សូម​ស្រមៃ​គិត​ថា​គាត់​កំពុង​មើល​ខ្សែ​ទឹក​ដ៏​ថ្លា​ឆ្វង់​នោះ។ (​សូម​អាន អេសេគាល ៤៧:១​-​១២​) ដំបូង ទឹក​នោះ​ហូរ​រិញ​ៗ​ចេញ​ពី​កំណល់​ទ្វារ​នៃ​ទី​បរិសុទ្ធ ហើយ​ហូរ​ចេញ​ពី​សំណង់​វិហារ​ក្បែរ​ខ្លោង​ទ្វារ​ខាង​កើត។ បន្ទាប់​មក ទេវតា​នាំ​អេសេគាល​ដើរ​ចេញ​ពី​វិហារ ទាំង​ដើរ​បណ្ដើរ​វាស់​ចម្ងាយ​បណ្ដើរ។ ម្ដង​ហើយ​ម្ដង​ទៀត ទេវតា​នោះ​ឲ្យ​អេសេគាល​ដើរ​ឆ្លង​កាត់​ទឹក ហើយ​រាល់​លើក​អេសេគាល​ឃើញ​ថា​ទឹក​នោះ​កាន់​តែ​ជ្រៅ​ទៅ​ៗ។ ទឹក​នោះ​ក្លាយ​ទៅ​ជា​ទន្លេ ហើយ​ហូរ​ខ្លាំង​ឡើង​ៗ រហូត​ដល់​គាត់​ត្រូវ​ហែល​ឆ្លង​កាត់ ព្រោះ​មិន​អាច​ដើរ​លុយ​បាន​ទេ។

      ២ អេសេគាល​ឃើញ​ថា​ទឹក​ទន្លេ​នោះ​ហូរ​ចូល​ក្នុង​សមុទ្រ​ស្លាប់ ហើយ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​នោះ​ទៅ​ជា​ទឹក​សាប​វិញ ទី​ណា​ដែល​ទឹក​នោះ​ហូរ​ទៅ​ដល់ ទី​នោះ​មាន​ត្រី​ច្រើន​ឥត​គណនា។ នៅ​តាម​ដង​ទន្លេ គាត់​ឃើញ​ដើម​ឈើ​គ្រប់​ប្រភេទ​ដុះ​ឡើង។ ជា​រៀង​រាល់​ខែ ដើម​ឈើ​ទាំង​នោះ​បង្កើត​ផល​ផ្លែ​ដែល​មាន​ជីវជាតិ ហើយ​មាន​ស្លឹក​ដែល​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ។ ពេល​អេសេគាល​ឃើញ​អ្វី​ទាំង​នេះ គាត់​ច្បាស់​ជា​មាន​សេចក្ដី​សង្ឃឹម​និង​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត។ ស្ដី​អំពី​ផ្នែក​ដ៏​អស្ចារ្យ​នេះ​នៃ​ការ​បើក​បង្ហាញ​អំពី​វិហារ តើ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​គាត់​និង​ជន​និរទេស​ឯ​ទៀត? ហើយ​តើ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង​សព្វ​ថ្ងៃ?

      តើ​ការ​បើក​បង្ហាញ​អំពី​ទន្លេ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ជន​និរទេស?

      ៣. ហេតុ​អ្វី​ពួក​យូដា​នៅ​សម័យ​បុរាណ​មិន​យល់​ថា​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​ជា​ទន្លេ​មែន​ទែន?

      ៣ ជន​ជាតិ​យូដា​សម័យ​បុរាណ ច្បាស់​ជា​មិន​យល់​ថា​ទន្លេ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត គឺ​ជា​ទន្លេ​មែន​ទែន​ទេ។ ផ្ទុយ​ទៅ​វិញ កំណត់​ហេតុ​នេះ​ទំនង​ជា​រំលឹក​ពួក​គេ​អំពី​ទំនាយ​មួយ​ទៀត​អំពី​ការ​រៀបចំ​ឡើង​វិញ ដែល​បាន​ត្រូវ​កត់​ទុក​ដោយ​យ៉ូអែល​ជា​អ្នក​ប្រកាស​ទំនាយ​ប្រហែល​ជាង​ពីរ​សតវត្សរ៍​មុន។ (​សូម​អាន យ៉ូអែល ៣:១៨​) ពេល​ជន​និរទេស​ទាំង​នោះ​អាន​ទំនាយ​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​យ៉ូអែល​កត់​ទុក ពួក​គេ​មិន​រំពឹង​ថា​នឹង​មាន​‹ស្រា​ផ្អែម​ស្រក់​ចេញ›​ពី​តំបន់​ភ្នំ ឬ​‹ទឹក​ដោះ​ហូរ​ចេញ›​ពី​ទី​ទួល​ទេ ហើយ​ក៏​មិន​រំពឹង​ថា​នឹង​មាន​ប្រភព​ទឹក​«​ផុស​ចេញ​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា​»​ដែរ។ ស្រដៀង​គ្នា​ដែរ ជនជាតិ​យូដា​ដែល​ជា​ជន​និរទេស​ប្រហែល​ជា​មិន​យល់​ថា​ព័ត៌មាន​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ទាក់​ទង​នឹង​ទន្លេ​មែន​ទែន​ឡើយ។a ដូច្នេះ តើ​ព្រះ​យេហូវ៉ា​ចង់​ប្រាប់​ព័ត៌មាន​អ្វី? គម្ពីរ​ជួយ​យើង​ឲ្យ​យល់​អត្ថន័យ​នៃ​ផ្នែក​ខ្លះ​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ។ ប៉ុន្តែ ជា​ទូទៅ​យើង​នឹង​ពិចារណា​ការ​ធានា​ដ៏​កក់​ក្ដៅ​បី​យ៉ាង​ដែល​យើង​អាច​រៀន​ពី​កំណត់​ហេតុ​នេះ។

      ទន្លេ

      ប្រអប់ការពន្យល់បន្ថែម ១៩ក: ទន្លេ​ដែល​ផ្ដល់​ពរ​ពី​ព្រះ​យេហូវ៉ា

      ៤. ​(​ក​) តើ​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត នាំ​ឲ្យ​ពួក​យូដា​រំពឹង​ថា​ពួក​គេ​នឹង​ទទួល​បាន​ពរ​អ្វី​ខ្លះ​ពី​ព្រះ​យេហូវ៉ា? (​ខ​) តើ​តាម​របៀប​ណា​ពាក្យ​«​ទន្លេ​»​និង​«​ទឹក​»​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ដល់​រាស្ត្រ​លោក? (​សូម​មើល​ប្រអប់​«​ទន្លេ​ដែល​ផ្ដល់​ពរ​ពី​ព្រះ​យេហូវ៉ា​»​)

      ៤ ទន្លេ​ដែល​ផ្ដល់​ពរ​ជា​ច្រើន។ ជា​ញឹក​ញយ​ក្នុង​គម្ពីរ ពាក្យ​ទន្លេ​និង​ទឹក​គឺ​ប្រើ​សម្រាប់​រៀប​រាប់​អំពី​ពរ​ដ៏​ហូរ​ហៀរ​ពី​ព្រះ​យេហូវ៉ា។ អេសេគាល​បាន​ឃើញ​ទន្លេ​ដូច​នោះ​ហូរ​ចេញ​ពី​វិហារ​ព្រះ។ ដូច្នេះ នេះ​ច្បាស់​ជា​នាំ​ឲ្យ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​រំពឹង​ថា​ពួក​គេ​នឹង​ទទួល​ពរ​ពី​លោក​យ៉ាង​ហូរ​ហៀរ បើ​ពួក​គេ​កាន់​តាម​ការ​គោរព​ប្រណិប័តន៍​ពិត។ តើ​មាន​ពរ​អ្វី​ខ្លះ? ពួក​គេ​នឹង​ទទួល​ការ​ណែនាំ​ម្ដង​ទៀត​ពី​ព្រះ​តាម​រយៈ​ពួក​សង្ឃ។ ដោយ​សារ​មាន​ការ​ជូន​គ្រឿង​បូជា​ឡើង​វិញ​នៅ​ឯ​វិហារ ពួក​គេ​អាច​មាន​ទំនុក​ចិត្ត​ថា​ពួក​គេ​នឹង​ទទួល​ការ​ជម្រះ​ភាព​ខុស​ឆ្គង។ (​អេគ. ៤៤:១៥, ២៣; ៤៥:១៧​) ហេតុ​នេះ ពួក​គេ​នឹង​ស្អាត​បរិសុទ្ធ​ម្ដង​ទៀត ប្រៀប​ដូច​ជា​បាន​ត្រូវ​លាង​សម្អាត​ដោយ​ទឹក​បរិសុទ្ធ​ដែល​ហូរ​ចេញ​ពី​វិហារ។

      ៥. តើ​តាម​របៀប​ណា​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ ជួយ​រាស្ត្រ​ព្រះ​ឲ្យ​មាន​ទំនុក​ចិត្ត​ថា​នឹង​មាន​ពរ​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ​ទាំង​អស់​គ្នា?

      ៥ តើ​នឹង​មាន​ពរ​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​ទាំង​អស់​ឬ? ពិត​ជា​មាន​មែន។ ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​អំពី​អូរ​ច្បាស់​ជា​ជួយ​ពួក​យូដា​ឲ្យ​មាន​ទំនុក​ចិត្ត​ថា​នឹង​មាន​ពរ​ជា​បរិបូរ​សម្រាប់​គ្រប់​គ្នា! ព្រោះ​អូរ​នោះ​បាន​រីក​ធំ​អស្ចារ្យ​ទៅ​ជា​ទន្លេ​ដ៏​ធំ​ក្នុង​ចម្ងាយ​ប្រមាណ​ពីរ​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ។ (​អេគ. ៤៧:៣​-​៥​) ចំនួន​ជនជាតិ​យូដា​ដែល​បាន​ត្រឡប់​មក​ស្រុក​កំណើត​របស់​ខ្លួន​វិញ ប្រហែល​ជា​កើន​ឡើង តែ​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ដល់​ពួក​គេ​គ្រប់​គ្នា​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។ ហេតុ​នេះ ទន្លេ​បញ្ជាក់​អំពី​ភាព​សម្បូរ​ហូរ​ហៀរ!

      ៦. ​(​ក​) ស្ដី​អំពី​ទឹក​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត តើ​មាន​សេចក្ដី​សន្យា​អ្វី​ដែល​ពង្រឹង​កម្លាំង​ចិត្ត? (​ខ​)  ប៉ុន្តែ តើ​ការ​បើក​បង្ហាញ​នេះ​មាន​ការ​ព្រមាន​អ្វី? (​សូម​មើល​កំណត់​សម្គាល់​)

      ៦ ទឹក​ដែល​ផ្ដល់​ជីវិត។ នៅ​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ ទន្លេ​នោះ​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​ស្លាប់ នាំ​ឲ្យ​អ្វី​ៗ​នៅ​ក្នុង​នោះ​មាន​ជីវិត។ សូម​កត់​សម្គាល់​ថា​ទឹក​ទន្លេ​នោះ​ធ្វើ​ឲ្យ​មាន​ត្រី​គ្រប់​ប្រភេទ ដូច​ត្រី​ដែល​មាន​នៅ​ក្នុង​សមុទ្រ​ធំ​ឬ​សមុទ្រ​មេឌីទែរ៉ានេ។ បន្ថែម​ទៅ​ទៀត មាន​ការ​នេសាទ​ជា​ច្រើន​នៅ​តាម​ឆ្នេរ​សមុទ្រ​ស្លាប់ ដែល​នៅ​រវាង​ក្រុង​ពីរ​ដែល​តាម​មើល​ទៅ​នៅ​ដាច់​ឆ្ងាយ​ពី​គ្នា។ ទេវតា​និយាយ​ថា​៖ ​«​នៅ​កន្លែង​ណា​ដែល​ទឹក​នេះ​ហូរ​កាត់ នឹង​មាន​ជីវិត​នៅ​កន្លែង​នោះ​»។ តើ​នេះ​មាន​ន័យ​ថា​ទឹក​ដែល​ហូរ​ចេញ​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា​បាន​ទៅ​ដល់​គ្រប់​ផ្នែក​នៃ​សមុទ្រ​ស្លាប់​ឬ? មិន​មែន​ទេ។ ទេវតា​នោះ​ពន្យល់​ថា​ទឹក​ដែល​ផ្ដល់​ជីវិត​នោះ មិន​បាន​ហូរ​ចូល​ត្រពាំង​បឹង​បួ​ខ្លះ​ដែល​នៅ​ក្បែរ​សមុទ្រ​ស្លាប់​នោះ​ទេ។ នៅ​កន្លែង​ទាំង​នោះ​«​នៅ​ពេញ​ដោយ​ជាតិ​អំបិល​ដដែល​»។b (​អេគ. ៤៧:៨​-​១១​) ដូច្នេះ ការ​បើក​បង្ហាញ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​មាន​សេចក្ដី​សន្យា​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត ដែល​ថា​ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​ជីវិត​ឡើង​វិញ ហើយ​មាន​សេចក្ដី​ចម្រើន​កើន​ឡើង។ ប៉ុន្តែ មាន​ការ​ព្រមាន​មួយ គឺ​មិន​មែន​មនុស្ស​ទាំង​អស់​នឹង​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា ឬ​នឹង​ត្រូវ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​ឡើយ។

      ៧. តើ​ដើម​ឈើ​នៅ​តាម​ដង​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត ផ្ដល់​សេចក្ដី​សង្ឃឹម​អ្វី​ដល់​ជនជាតិ​យូដា​ដែល​ជា​ជន​និរទេស?

      ៧ ដើម​ឈើ​សម្រាប់​ជា​អាហារ​និង​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ។ ចុះ​យ៉ាង​ណា​ដើម​ឈើ​ដែល​ដុះ​នៅ​តាម​ដង​ទន្លេ? ដើម​ឈើ​ទាំង​នោះ​ធ្វើ​ឲ្យ​មាន​ទិដ្ឋភាព​ស្រស់បំព្រង ហើយ​ក៏​ជួយ​បញ្ជាក់​អត្ថន័យ​នៃ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ដែរ។ អេសេគាល​និង​ជន​រួម​ជាតិ​គាត់​ច្បាស់​ជា​សប្បាយ​ចិត្ត​គិត​អំពី​ផល​ផ្លែ​ឆ្ងាញ់​ៗ​ដែល​ដើម​ឈើ​ទាំង​នោះ​ផ្ដល់​ឲ្យ​ជា​រៀង​រាល់​ខែ! ទិដ្ឋភាព​ដែល​ទាក់​ទាញ​ចិត្ត​នោះ​ច្បាស់​ជា​ផ្ដល់​សេចក្ដី​សង្ឃឹម​ថែម​ទៀត​ដល់​ពួក​គេ ដែល​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ការ​ណែនាំ​ដែល​ជួយ​ពួក​គេ​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ តើ​មាន​អ្វី​ទៀត? សូម​កត់​សម្គាល់​ថា​ស្លឹក​ពី​ដើម​ឈើ​ទាំង​នោះ​«​សម្រាប់​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​»។ (​អេគ. ៤៧:១២​) សំខាន់​ជាង​គេ​បំផុត ព្រះ​យេហូវ៉ា​បាន​ដឹង​ថា​ជន​និរទេស​ដែល​ត្រឡប់​មក​ស្រុក​កំណើត​របស់​ខ្លួន​វិញ ត្រូវ​ការ​ការ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​ក្នុង​ន័យ​ធៀប ហើយ​លោក​បាន​សន្យា​ថា​លោក​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ​មែន។ យើង​បាន​រៀន​អំពី​របៀប​ដែល​លោក​ធ្វើ​ដូច្នោះ​ក្នុង​ទំនាយ​អំពី​ការ​រៀបចំ​ឡើង​វិញ​ក្នុង​ជំពូក​ទី​៩​នៃ​សៀវភៅ​នេះ។

      ៨. តើ​អ្វី​បង្ហាញ​ថា​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​មាន​ការ​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង?

      ៨ ដូច​យើង​បាន​ពិចារណា​ក្នុង​ជំពូក​ទី​៩ ជន​និរទេស​ដែល​ត្រឡប់​មក​វិញ​ឃើញ​ទំនាយ​ដូច​នោះ​កើត​ឡើង​ក្នុង​មួយ​កម្រិត​ប៉ុណ្ណោះ តែ​គឺ​បណ្ដា​ជន​ទាំង​នោះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​ទំនាយ​នោះ​កើត​ឡើង​តែ​មួយ​កម្រិត។ តើ​ឲ្យ​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​យ៉ាង​ពេញ​លេញ​ដល់​ពួក​គេ​ម្ដេច​នឹង​បាន បើ​ពួក​គេ​ក្បត់​សេចក្ដី​សន្យា​របស់​ខ្លួន មិន​ស្ដាប់​បង្គាប់​លោក ហើយ​មិន​អើពើ​នឹង​ការ​គោរព​ប្រណិប័តន៍​ពិត​ម្ដង​ហើយ​ម្ដង​ទៀត​ដូច្នេះ? ជនជាតិ​យូដា​ដ៏​ស្មោះ​ត្រង់​បាន​ខក​ចិត្ត​និង​ឈឺ​ចិត្ត​ជា​ខ្លាំង ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​ជន​រួម​ជាតិ​ខ្លួន។ ប៉ុន្តែ អ្នក​ដែល​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ភក្ដី​របស់​ព្រះ​យេហូវ៉ា​ដឹង​ថា​សេចក្ដី​សន្យា​របស់​លោក​នឹង​ស​ម្រេច គឺ​តែង​តែ​ក្លាយ​ជា​ការ​ពិត។ (​សូម​អាន យ៉ូស្វេ ២៣:១៤​) ដូច្នេះ នៅ​ថ្ងៃ​ណា​មួយ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត នឹង​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង​ជា​មិន​ខាន។ ប៉ុន្តែ តើ​នៅ​ពេល​ណា?

      ទន្លេ​ហូរ​នៅ​សព្វ​ថ្ងៃ!

      ៩. តើ​ពេល​ណា​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​អំពី​វិហារ​មាន​ការ​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង?

      ៩ ដូច​យើង​បាន​រៀន​ហើយ​នៅ​ជំពូក​ទី​១៤​នៃ​សៀវភៅ​នេះ ការ​បើក​បង្ហាញ​អំពី​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង​ក្នុង​អំឡុង​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ ជា​គ្រា​ដែល​ការ​គោរព​ប្រណិប័តន៍​ពិត​ត្រូវ​លើក​តម្កើង​ខ្ពង់​ខ្ពស់​បំផុត។ នេះ​ជា​អ្វី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ។ (​អេ. ២:២​) ផ្នែក​នេះ​នៃ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ។ តើ​ក្នុង​ន័យ​អ្វី?

      ១០, ១១. ​(​ក​) នៅ​សព្វ​ថ្ងៃ តើ​យើង​ទទួល​ពរ​ជា​ច្រើន​អ្វី​ខ្លះ​ដូច​ជា​ទឹក​ទន្លេ? (​ខ​) តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​កាន់​តែ​ច្រើន​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​រាស្ត្រ​លោក​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ?

      ១០ ទន្លេ​ដែល​ផ្ដល់​ពរ​ជា​ច្រើន។ តើ​ទឹក​ដែល​ហូរ​ចេញ​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា​រំលឹក​យើង​អំពី​ពរ​អ្វី​ខ្លះ​នៅ​សព្វ​ថ្ងៃ? យើង​បាន​ត្រូវ​រំលឹក​អំពី​អ្វី​ៗ​ជា​ច្រើន​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ សំខាន់​បំផុត​គឺ​គ្រឿង​បូជា​លោះ​របស់​គ្រិស្ត​ដែល​លាង​ជម្រះ​ភាព​ខុស​ឆ្គង​របស់​យើង ហើយ​នាំ​ឲ្យ​យើង​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា។ បន្ថែម​ទៅ​ទៀត សេចក្ដី​ពិត​ដ៏​បរិសុទ្ធ​ពី​បណ្ដាំ​របស់​ព្រះ គឺ​ប្រៀប​ដូច​ជា​ទឹក​ដែល​ផ្ដល់​ជីវិត ហើយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ភាព​ស្អាត​ស្អំ​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ​និង​ខាង​សីលធម៌។ (​អេភ. ៥:២៥​-​២៧​) តើ​តាម​របៀប​ណា​ពរ​ទាំង​នោះ​មាន​ហូរ​ហៀរ​នៅ​សម័យ​យើង?

      ១១ នៅ​ឆ្នាំ​១៩១៩ មាន​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​តែ​ប៉ុន្មាន​ពាន់​នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​រំភើប​ចិត្ត​ទទួល​អ្វី​ដែល​ពួក​គេ​ពិត​ជា​ត្រូវ​ការ គឺ​សេចក្ដី​បង្រៀន​ពី​ព្រះ​ដែល​ប្រៀប​ដូច​ជា​អាហារ។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក ពួក​គេ​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង។ នៅ​សព្វ​ថ្ងៃ​នេះ រាស្ត្រ​របស់​ព្រះ​មាន​ចំនួន​ជាង​៨​លាន​នាក់។ តើ​ទឹក​ដ៏​បរិសុទ្ធ​នៃ​សេចក្ដី​ពិត​បាន​ហូរ​ទាន់​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ឬ​ទេ? ពិត​ជា​ហូរ​ទាន់​មែន! យើង​មាន​សេចក្ដី​ពិត​ពី​ព្រះ​ច្រើន​ហូរ​ហៀរ។ ក្នុង​១០០​ឆ្នាំ​កន្លង​មក រាស្ត្រ​របស់​ព្រះ​ទទួល​បាន​គម្ពីរ សៀវភៅ ទស្សនាវដ្ដី​រាប់​ពាន់​លាន​ក្បាល និង​ខិត្តប័ណ្ណ​រាប់​ពាន់​លាន​ច្បាប់។ ដូច​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត ក្នុង​ន័យ​ធៀប​សេចក្ដី​ពិត​ដ៏​បរិសុទ្ធ​បាន​រីក​ធំ​ឡើង​និង​ហូរ​យ៉ាង​លឿន ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​នៅ​ទូទាំង​ផែនដី​ដែល​ស្រេក​ឃ្លាន​ការ​ណែនាំ​ពី​ព្រះ។ តាំង​ពី​យូរ​មក​ហើយ យើង​មាន​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ជា​ឯកសារ​បោះ​ពុម្ព ហើយ​ឥឡូវ​តាម​រយៈ​គេហទំព័រ​jw.org យើង​មាន​សៀវភៅ​ផ្សេង​ៗ​ជា​ឯកសារ​អេឡិចត្រូនិក​ជាង​៩០០​ភាសា។ តើ​តាម​របៀប​ណា​ទឹក​នៃ​សេចក្ដី​ពិត​ទាំង​នេះ​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ?

      ១២. ​(​ក​) តើ​តាម​របៀប​ណា​ដំណឹង​នៃ​សេចក្ដី​ពិត​បាន​ជួយ​មនុស្ស​ឲ្យ​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា? (​ខ​) តើ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ ផ្ដល់​ការ​ព្រមាន​អ្វី​ដែល​ចំ​ពេល​ដល់​យើង​នៅ​សព្វ​ថ្ងៃ? (​សូម​មើល​កំណត់​សម្គាល់​)

      ១២ ទឹក​ដែល​ផ្ដល់​ជីវិត។ អេសេគាល​បាន​ត្រូវ​ប្រាប់​ថា​៖ ​«​នៅ​កន្លែង​ណា​ដែល​ទឹក​នេះ​ហូរ​កាត់ នឹង​មាន​ជីវិត​នៅ​កន្លែង​នោះ​»។ សូម​គិត​អំពី​របៀប​ដែល​ដំណឹង​នៃ​សេចក្ដី​ពិត​បាន​ហូរ​ទៅ​ដល់​អស់​អ្នក​ដែល​ចូល​ស្រុក​ក្នុង​ន័យ​ធៀប​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​វិញ។ សេចក្ដី​ពិត​ពី​គម្ពីរ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​មនុស្ស​រាប់​លាន​នាក់ ហើយ​ជួយ​ពួក​គេ​ឲ្យ​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ការ​បើក​បង្ហាញ​នោះ​ក៏​ផ្ដល់​ការ​ព្រមាន​ចំ​ពេល​ដែរ គឺ​មិន​មែន​មនុស្ស​ទាំង​អស់​នឹង​បន្ត​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​ទេ។ ដូច​ត្រពាំង​បឹង​បួ​ដែល​នៅ​ក្បែរ​សមុទ្រ​ស្លាប់​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ មាន​មនុស្ស​ដែល​មាន​ចិត្ត​រឹង​មិន​ព្រម​ទទួល​សេចក្ដី​ពិត ហើយ​មិន​អនុវត្ត​សេចក្ដី​ពិត​នោះ​ទេ។c សូម​កុំ​ឲ្យ​យើង​ធ្វើ​ដូច​នោះ​ឡើយ!—សូម​អាន ការ​បំភ្លឺ​ច្បាប់ ១០:១៦​-​១៨

      ១៣. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​ដើម​ឈើ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត?

      ១៣ ដើម​ឈើ​សម្រាប់​ជា​អាហារ​និង​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ។ តើ​ដើម​ឈើ​នៅ​តាម​ដង​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត ផ្ដល់​មេ​រៀន​ដែល​លើក​ទឹក​ចិត្ត​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ទេ? ពិត​ជា​ផ្ដល់​មែន! សូម​ចាំ​ថា​ដើម​ឈើ​ទាំង​នោះ​បង្កើត​ផល​ផ្លែ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជា​រៀង​រាល់​ខែ ហើយ​ស្លឹក​ពី​ដើម​ទាំង​នោះ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​ឡើង​វិញ។ (​អេគ. ៤៧:១២​) ហេតុ​នេះ ដើម​ឈើ​ទាំង​នោះ​រំលឹក​យើង​ថា​យើង​បម្រើ​ព្រះ​ដែល​ផ្គត់​ផ្គង់​យើង​ដោយ​ចិត្ត​ទូលាយ ហើយ​សំខាន់​បំផុត​ធ្វើ​ឲ្យ​យើង​ជា​សះ​ស្បើយ ពោល​គឺ​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក។ សព្វ​ថ្ងៃ​នេះ មនុស្ស​ទូទៅ​មិន​យល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ទេ។ ផ្ទុយ​ទៅ​វិញ សូម​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​រាស្ត្រ​លោក។ ក្រោយ​ពី​អាន​អត្ថបទ​ណា​មួយ ច្រៀង​ចម្រៀង​បញ្ចប់​នៅ​ឯ​សន្និបាត​ឬ​មហា​សន្និបាត ឬ​ក្រោយ​ពី​មើល​វីដេអូ​ណា​មួយ ឬ​មើល​កម្ម​វិធី​jw​ទូរទស្សន៍ អ្នក​ច្បាស់​ជា​មាន​អំណរ​គុណ​ដែល​បាន​ទទួល​សេចក្ដី​បង្រៀន​ពី​ព្រះ​ជា​បរិបូរ មែន​ទេ? យើង​ពិត​ជា​ទទួល​បាន​ការ​បំពាក់​បំប៉ន​យ៉ាង​ល្អ​ណាស់។ (​អេ. ៦៥:១៣, ១៤​) តើ​សេចក្ដី​បង្រៀន​ពី​ព្រះ​នឹង​ជួយ​យើង​ឲ្យ​មាន​របៀប​រស់​នៅ​ដ៏​មាន​ន័យ​ខ្លឹម​សារ ហើយ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ឬ​ទេ? ឱវាទ​ល្អ​ៗ​ដែល​យើង​ទទួល​មាន​មូលដ្ឋាន​ពី​បណ្ដាំ​របស់​ព្រះ។ ឱវាទ​ទាំង​នោះ​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​អំពើ​ខុស​ឆ្គង​ដូច​ជា អំពើ​ប្រា​ស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ការ​មាន​ចិត្ត​លោភ​លន់ និង​ការ​ខ្វះ​ជំនឿ។ បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​រៀបចំ​ដើម្បី​ជួយ​គ្រិស្ត​សាសនិក​ដែល​បាន​ធ្វើ​ខុស​ធ្ងន់​ធ្ងរ​ឲ្យ​ជា​សះ​ស្បើយ​ឡើង​វិញ។ (​សូម​អាន យ៉ាកុប ៥:១៤​) យើង​ពិត​ជា​បាន​ទទួល​ពរ​ជា​ច្រើន​ដូច​ដែល​បាន​ពណ៌នា​អំពី​ដើម​ឈើ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត។

      ១៤, ១៥. ​(​ក​) ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​អំពី​ត្រពាំង​បឹង​បួ​ដែល​មិន​បាន​ប្រែ​ទៅ​ជា​ទឹក​សាប តើ​យើង​បាន​ទាញ​មេ​រៀន​អ្វី? (​ខ​) តើ​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ ផ្ដល់​ប្រយោជន៍​ដល់​យើង​នៅ​សព្វ​ថ្ងៃ​យ៉ាង​ដូច​ម្ដេច?

      ១៤ នៅ​ដំណាល​គ្នា​នោះ យើង​អាច​ទាញ​មេ​រៀន​ពី​ត្រពាំង​បឹង​បួ​ដែល​មិន​បាន​ប្រែ​ជា​ទឹក​សាប។ យើង​ច្បាស់​ជា​មិន​ចង់​រា​រាំង​ពរ​ពី​ព្រះ​យេហូវ៉ា​ដែល​ហូរ​ចូល​ក្នុង​ជីវិត​យើង​ឡើយ។ បើ​យើង​នៅ​តែ​មិន​ទាន់​ជា​សះ​ស្បើយ​ខាង​ជំនឿ​ដូច​មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​ដែល​ឃ្លាត​ឆ្ងាយ​ពី​ព្រះ គឺ​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់។ (​ម៉ាថ. ១៣:១៥​) ផ្ទុយ​ទៅ​វិញ យើង​រីករាយ​ទទួល​ប្រយោជន៍​ពី​ទន្លេ​ដែល​ផ្ដល់​ពរ​ជា​ច្រើន។ ពេល​យើង​ផឹក​ទឹក​ដ៏​បរិសុទ្ធ​នៃ​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ និង​ពេល​យើង​ចែក​រំលែក​សេចក្ដី​ពិត​ដល់​អ្នក​ឯ​ទៀត​តាម​រយៈ​កិច្ច​ការ​ផ្សព្វ​ផ្សាយ យើង​ប្រហែល​ជា​គិត​ដល់​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត។ ពេល​យើង​ទទួល​ដំបូន្មាន ការ​សម្រាល​ទុក្ខ និង​ជំនួយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពី​ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​ត្រូវ​បង្ហាត់​បង្រៀន​ដោយ​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់ នោះ​យើង​ក៏​ប្រហែល​ជា​គិត​ដល់​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​ដែរ។ ទី​ណា​ដែល​ទន្លេ​នោះ​ហូរ​កាត់ ទី​នោះ​នឹង​មាន​ជីវិត​និង​ការ​ជា​សះ​ស្បើយ!

      ១៥ ទំនាយ​អំពី​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត ក៏​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​ដែរ។ យើង​នឹង​ឃើញ​ថា​ទន្លេ​នោះ​នឹង​ហូរ​ខ្លាំង​បំផុត​នៅ​ក្នុង​សួន​ឧទ្យាន​នៅ​ថ្ងៃ​ខាង​មុខ។

      ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​នឹង​កើត​ឡើង​ក្នុង​សួន​ឧទ្យាន

      ១៦, ១៧. ​(​ក​) តើ​តាម​របៀប​ណា​ទឹក​ដែល​ផ្ដល់​ជីវិត​នឹង​មាន​កាន់​តែ​ច្រើន​ក្នុង​សួន​ឧទ្យាន? (​ខ​) តើ​តាម​របៀប​ណា​យើង​នឹង​ទទួល​ប្រយោជន៍​ពី​ទន្លេ​ដែល​ផ្ដល់​ពរ​ក្នុង​សួន​ឧទ្យាន?

      ១៦ តើ​អ្នក​អាច​ស្រមៃ​ឃើញ​ខ្លួន​អ្នក​នៅ​ក្នុង​សួន​ឧទ្យាន កំពុង​អរ​សប្បាយ​នឹង​ជីវិត​យ៉ាង​ពេញ​លេញ​ជា​មួយ​នឹង​មិត្ត​ភក្តិ​និង​ក្រុម​គ្រួសារ​ឬ​ទេ? ការ​រៀន​អំពី​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត អាច​ជួយ​អ្នក​ឲ្យ​កាន់​តែ​ឃើញ​ទិដ្ឋភាព​នោះ​យ៉ាង​រស់​រវើក។ តើ​តាម​របៀប​ណា? សូម​ពិចារណា​ម្ដង​ទៀត​នូវ​ចំណុច​បី​យ៉ាង​ដែល​ច្បាស់​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ក្នុង​ការ​បើក​បង្ហាញ​នោះ។

      ១៧ ទន្លេ​ដែល​ផ្ដល់​ពរ។ ក្នុង​ន័យ​ម្យ៉ាង ទន្លេ​នោះ​នឹង​ហូរ​ខ្លាំង​ជាង​នៅ​ក្នុង​សួន​ឧទ្យាន ព្រោះ​វា​មិន​គ្រាន់​តែ​ផ្ដល់​ប្រយោជន៍​ខាង​ជំនឿ​ទេ តែ​ក៏​ផ្ដល់​ប្រយោជន៍​ខាង​រូប​កាយ​ដែរ។ ក្នុង​អំឡុង​គ្រា​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​លោក​យេស៊ូ រាជាណាចក្រ​ព្រះ​នឹង​ជួយ​មនុស្ស​ស្មោះ​ត្រង់​ឲ្យ​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ថ្លៃ​លោះ​របស់​លោក​យេស៊ូ។ បន្តិច​ម្ដង​ៗ ពួក​គេ​នឹង​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ! នៅ​ពេល​នោះ នឹង​លែង​មាន​ជំងឺ គ្រូ​ពេទ្យ គិលានុបដ្ឋាក មន្ទីរ​ពេទ្យ និង​ប័ណ្ណ​ធានា​រ៉ាប់​រង​ទៀត​ហើយ។ ទឹក​ដែល​ផ្ដល់​ជីវិត​នោះ​នឹង​ហូរ​ទៅ​ដល់​មនុស្ស​រាប់​លាន​នាក់ ដែល​បាន​រួច​រស់​ជីវិត​ពី​សង្គ្រាម​អាម៉ាគេដូន គឺ​ជា​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​ចេញ​ផុត​ពី​«​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​»។ (​បប. ៧:៩, ១៤​) ប៉ុន្តែ ទោះ​ជា​នៅ​ដើម​ដំបូង​ទន្លេ​ដែល​ផ្ដល់​ពរ​ហូរ​យ៉ាង​អស្ចារ្យ​ក៏​ដោយ តែ​នោះ​គ្រាន់​តែ​ជា​ការ​ហូរ​រិញ​ៗ​ប៉ុណ្ណោះ បើ​ប្រៀប​ធៀប​នឹង​អ្វី​ដែល​នឹង​កើត​ឡើង​ក្រោយ​មក។ ដូច​បាន​បញ្ជាក់​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត ទន្លេ​នោះ​នឹង​រីក​កាន់​តែ​ធំ ហើយ​ហូរ​កាន់​តែ​លឿន​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​ជា​ច្រើន។

      មនុស្សដែលមានវ័យក្មេងនិងមានសុខភាពល្អកំពុងធ្វើការជាមួយគ្នាដោយរីករាយក្នុងសួនឧទ្យាន។ នៅក្រោយពួកគេឃើញមានទន្លេមួយកំពុងហូរ។

      ក្នុង​សួន​ឧទ្យាន ទន្លេ​ដែល​ផ្ដល់​ពរ នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ទៅ​ជា​ក្មេង​វិញ ហើយ​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ (សូម​មើល​វគ្គ​១៧)

      ១៨. តើ​ទន្លេ​ដែល​មាន​«​ទឹក​ដែល​ផ្ដល់​ជីវិត​»​នឹង​ក្លាយ​ទៅ​ជា​ទន្លេ​ដ៏​ធំ​នៅ​គ្រា​១.០០០​ឆ្នាំ​ក្នុង​ន័យ​អ្វី?

      ១៨ ទឹក​ដែល​ផ្ដល់​ជីវិត។ ក្នុង​អំឡុង​គ្រា​១.០០០​ឆ្នាំ ​«​ទន្លេ​ដែល​មាន​ទឹក​ដែល​ផ្ដល់​ជីវិត​»​ នឹង​ក្លាយ​ទៅ​ជា​ទន្លេ​ដ៏​ធំ។ (​បប. ២២:១​) មនុស្ស​រាប់​ពាន់​លាន​នាក់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ទទួល​ឱកាស​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន។ ហេតុ​នេះ ពរ​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​រាជាណាចក្រ​របស់​លោក នឹង​រួម​បញ្ចូល​ការ​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​រាប់​មិន​អស់​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ មាន​ជីវិត​ឡើង​វិញ។ (​អេ. ២៦:១៩​) ប៉ុន្តែ តើ​អស់​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​រស់​ជា​រៀង​រហូត​ឬ?

      ១៩. ​(​ក​) តើ​អ្វី​បញ្ជាក់​ថា​នឹង​មាន​ទឹក​ថ្មី​នៃ​សេចក្ដី​ពិត​ក្នុង​សួន​ឧទ្យាន? (​ខ​) នៅ​ថ្ងៃ​អនាគត តើ​អ្នក​ខ្លះ​នឹង​«​ពេញ​ដោយ​ជាតិ​អំបិល​»​ក្នុង​ន័យ​អ្វី?

      ១៩ បុគ្គល​ម្នាក់​ៗ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត។ នៅ​គ្រា​នោះ រមូរ​ថ្មី​នឹង​ត្រូវ​បើក​ឡើង។ ដូច្នេះ ទឹក​ដែល​ផ្ដល់​កម្លាំង​ចិត្ត​ពី​ព្រះ​យេហូវ៉ា​នឹង​រួម​បញ្ចូល​សេចក្ដី​ពិត​ថ្មី គឺ​ការ​ណែនាំ​ថ្មី​ពី​លោក។ ពេល​គិត​អំពី​នោះ​គឺ​ពិត​ជា​គួរ​ឲ្យ​រំភើប​ចិត្ត​ណាស់ មែន​ទេ? ទោះ​ជា​យ៉ាង​ណា​ក្ដី មនុស្ស​ខ្លះ​នឹង​មិន​ព្រម​ទទួល​ពរ​នោះ​ទេ ហើយ​ស​ម្រេច​ចិត្ត​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ក្នុង​អំឡុង​គ្រា​១.០០០​ឆ្នាំ បុគ្គល​ខ្លះ​ប្រហែល​ជា​បះ​បោរ​ប្រឆាំង។ ប៉ុន្តែ ពួក​គេ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បង្ខូច​បរិយាកាស​នៅ​ក្នុង​សួន​ឧទ្យាន​ទេ។ (​អេ. ៦៥:២០​) យើង​ប្រហែល​ជា​នឹក​គិត​អំពី​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ ហើយ​គិត​អំពី​ត្រពាំង​បឹង​បួ​ដែល​«​នៅ​ពេញ​ទៅ​ដោយ​អំបិល​ដដែល​»។ អស់​អ្នក​ដែល​មាន​ចិត្ត​រឹង​ចចេស ហើយ​មិន​ព្រម​ផឹក​ទឹក​ដែល​ផ្ដល់​ជីវិត គឺ​ពិត​ជា​ល្ងី​ល្ងើ​ណាស់! ក្រោយ​គ្រា​១.០០០​ឆ្នាំ ក្រុម​មនុស្ស​បះ​បោរ​នឹង​ចូល​ខាង​សាថាន។ អស់​អ្នក​ដែល​មិន​ព្រម​ចុះ​ចូល​ក្រោម​ការ​គ្រប់​គ្រង​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា នឹង​ទទួល​លទ្ធផល​ដូច​សាថាន​ដែរ គឺ​សេចក្ដី​ស្លាប់​ជា​រៀង​រហូត។—បប. ២០:៧​-​១២

      ២០. ក្នុង​អំឡុង​គ្រា​១.០០០​ឆ្នាំ តើ​នឹង​មាន​ការ​រៀបចំ​អ្វី​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​ដែល​រំលឹក​យើង​អំពី​ដើម​ឈើ​ដែល​អេសេគាល​បាន​ឃើញ?

      ២០ ដើម​ឈើ​សម្រាប់​ជា​អាហារ​និង​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ។ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​យើង​ណា​ម្នាក់​បាត់​បង់​ឱកាស​រស់​ជា​រៀង​រហូត​ឡើយ។ ដើម្បី​ជួយ​យើង​ឲ្យ​ចាប់​យ៉ាង​ជាប់​នូវ​ឱកាស​ដ៏​អស្ចារ្យ​នោះ ព្រះ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​មាន​ការ​រៀបចំ​មួយ​ដូច​អ្វី​ដែល​អេសេគាល​បាន​ឃើញ​អំពី​ដើម​ឈើ។ ប៉ុន្តែ​ក្នុង​សួន​ឧទ្យាន ប្រយោជន៍​ដែល​យើង​ទទួល​បាន​ពី​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ខាង​រូប​កាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ខាង​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក​ដែរ។ នៅ​ស្ថាន​សួគ៌ លោក​យេស៊ូ​គ្រិស្ត​និង​ពួក​១៤៤.០០០​នាក់ នឹង​គ្រប់​គ្រង​ជា​មួយ​លោក​ជា​ស្ដេច​អស់​រយៈ​ពេល​១.០០០​ឆ្នាំ។ ក្នុង​នាម​ជា​សង្ឃ ពួក​១៤៤.០០០​នាក់​នឹង​ជួយ​មនុស្ស​ស្មោះ​ត្រង់​ឲ្យ​ទទួល​ប្រយោជន៍​ពី​គ្រឿង​បូជា​លោះ​របស់​គ្រិស្ត ព្រម​ទាំង​ជួយ​ពួក​គេ​ឲ្យ​ទៅ​ជា​ល្អ​ឥត​ខ្ចោះ។ (​បប. ២០:៦​) ការ​រៀបចំ​ដែល​ផ្ដល់​ប្រយោជន៍​ខាង​រូប​កាយ​និង​ខាង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ រំលឹក​យើង​អំពី​ដើម​ឈើ​តាម​ដង​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ។ ដើម​ឈើ​ទាំង​នោះ​មាន​ផ្លែ​ដែល​មាន​ជីវជាតិ និង​មាន​ស្លឹក​ដែល​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ។ ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​ស្រដៀង​នឹង​ការ​បើក​បង្ហាញ​ដែល​សាវ័ក​យ៉ូហាន​បាន​ឃើញ​និង​កត់​ទុក​ដែរ។ (​សូម​អាន ការ​បើក​បង្ហាញ ២២:១, ២​) ស្លឹក​ពី​ដើម​ឈើ​ដែល​យ៉ូហាន​បាន​ឃើញ គឺ​«​សម្រាប់​ធ្វើ​ឲ្យ​ប្រជា​ជាតិ​នានា​ជា​សះ​ស្បើយ​»។ ហេតុ​នេះ មនុស្ស​ស្មោះ​ត្រង់​ច្រើន​ឥត​គណនា​នឹង​ទទួល​ប្រយោជន៍​ពី​កិច្ច​បម្រើ​ជា​សង្ឃ​របស់​ពួក​១៤៤.០០០​នាក់។

      អេសេគាលឃើញអូរហូររិញៗក្លាយទៅជាទន្លេដ៏ធំ។

      ប្រអប់ការពន្យល់បន្ថែម ១៩ខ: ទឹក​ហូរ​រិញ​ៗ​បាន​ទៅ​ជា​ទន្លេ​ដ៏​ធំ!

      ២១. តើ​ការ​រំពឹង​គិត​អំពី​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​អ្នក? ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​ជំពូក​បន្ទាប់? (​សូម​មើល​ប្រអប់​«​ទឹក​ហូរ​រិញ​ៗ​បាន​ទៅ​ជា​ទន្លេ​ដ៏​ធំ!​»​)​

      ២១ កាល​ដែល​អ្នក​បាន​រំពឹង​គិត​អំពី​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ ចិត្ត​របស់​អ្នក​ច្បាស់​ជា​ពេញ​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ត​និង​សេចក្ដី​សង្ឃឹម មែន​ទេ? នៅ​ថ្ងៃ​ខាង​មុខ ជា​គ្រា​ដ៏​អស្ចារ្យ​ណាស់! សូម​គិត​ទៅ​មើល​តាំង​ពី​ប៉ុន្មាន​ពាន់​ឆ្នាំ​មុន ព្រះ​យេហូវ៉ា​បាន​ពណ៌នា​យ៉ាង​ល្អិត​ល្អន់​ក្នុង​ទំនាយ​ផ្សេង​ៗ ដើម្បី​ជួយ​យើង​ឲ្យ​ឃើញ​ទិដ្ឋភាព​ដ៏​រស់​រវើក​អំពី​សួន​ឧទ្យាន។ ដោយ​ចិត្ត​អត់​ធ្មត់ លោក​អញ្ជើញ​យើង​ឲ្យ​ចូល​សួន​ឧទ្យាន​ដើម្បី​ឃើញ​សេចក្ដី​សន្យា​ក្នុង​ទំនាយ​ទាំង​នោះ​ក្លាយ​ជា​ការ​ពិត។ តើ​អ្នក​នឹង​នៅ​ទី​នោះ​ឬ​ទេ? អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​តើ​ពិត​ជា​នឹង​មាន​កន្លែង​មួយ​សម្រាប់​អ្នក​នៅ​ក្នុង​សួន​ឧទ្យាន​ឬ​ទេ? នៅ​ជំពូក​បន្ទាប់ សូម​ឲ្យ​យើង​ពិចារណា​ផ្នែក​ចុង​ក្រោយ​នៃ​ទំនាយ​អេសេគាល ហើយ​នេះ​នឹង​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង។

      a បន្ថែម​ទៅ​ទៀត ជនជាតិ​យូដា​ដែល​ជា​ជន​និរទេស​ដែល​ចាំ​អំពី​ភូមិសាស្ត្រ​នៃ​ស្រុក​កំណើត​ខ្លួន ដឹង​ថា​គ្មាន​ទន្លេ​ណា​អាច​ហូរ​ចេញ​ពី​ក្រុង​យេរូសាឡិម​ចូល​ទៅ​ក្នុង​សមុទ្រ​ស្លាប់​បាន​ទេ ព្រោះ​មាន​តំបន់​ខ្ពស់​ៗ​ជា​ច្រើន​ដែល​ទឹក​មិន​អាច​ហូរ​ឡើង​បាន​ឡើយ។

      b អ្នក​ខ្លះ​គិត​ថា​ឃ្លា​នេះ​សំដៅ​លើ​អ្វី​ល្អ។ ពួក​គេ​វែក​ញែក​ថា​ការ​ធ្វើ​អំបិល​យក​មក​ប្រើ​ប្រាស់ គឺ​ជា​អាជីវកម្ម​ទទួល​បាន​កម្រៃ​ច្រើន​ដែល​មាន​តាំង​ពី​យូរ​មក​ហើយ​នៅ​តំបន់​សមុទ្រ​ស្លាប់។ ប៉ុន្តែ សូម​កត់​សម្គាល់​ថា​កំណត់​ហេតុ​គម្ពីរ​ចែង​ចំ​ៗ​ថា​ត្រពាំង​បឹង​បួ​នៅ​ក្បែរ​នោះ​«​នឹង​មិន​ប្រែ​ទៅ​ជា​ទឹក​សាប​ទេ​»។ កន្លែង​ទាំង​នោះ​គ្មាន​ជីវិត ព្រោះ​ទឹក​ដែល​ផ្ដល់​ជីវិត​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា​មិន​បាន​ហូរ​ទៅ​ដល់​ទី​នោះ​ឡើយ។ ដូច្នេះ ក្នុង​ករណី​នេះ​តាម​មើល​ទៅ ការ​ដែល​ត្រពាំង​បឹង​បួ​ទាំង​នោះ​ពេញ​ទៅ​ដោយ​អំបិល គឺ​សំដៅ​លើ​អ្វី​អាក្រក់​វិញ។—ចសព. ១០៧:៣៣, ៣៤; យេ. ១៧:៦

      c ស្រដៀង​គ្នា​ដែរ សូម​ពិចារណា​អំពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​អួន។ ត្រី​ជា​ច្រើន​ជាប់​អួន តែ​មិន​មែន​ត្រី​ទាំង​អស់​ជា​«​ត្រី​ល្អ​»​ឡើយ។ ត្រី​ដែល​មិន​អាច​បរិភោគ​បាន​នឹង​ត្រូវ​បោះ​ចោល។ យ៉ាង​នេះ លោក​យេស៊ូ​ព្រមាន​ថា​មនុស្ស​មួយ​ចំនួន​ដែល​ចូល​មក​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា ប្រហែល​ជា​លែង​ស្មោះ​ត្រង់​ក្រោយ​មក។—ម៉ាថ. ១៣:៤៧​-​៥០; ២​ធី. ២:២០, ២១

      តួ​នាទី​របស់​អ្នក​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត

      1. ១. តើ​តាម​របៀប​ណា​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​អំពី​ទន្លេ​បាន​កើត​ឡើង​នៅ​សម័យ​បុរាណ?

      2. ២. តើ​តាម​របៀប​ណា​ការ​បើក​បង្ហាញ​នេះ​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ?

      3. ៣. ក្នុង​អំឡុង​គ្រា​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​គ្រិស្ត តើ​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​នឹង​ហូរ​ខ្លាំង​ជាង​យ៉ាង​ដូច​ម្ដេច?

  • ‹ចូរចាប់ឆ្នោតបែងចែកដីជាមត៌ក›
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • ទន្លេមួយកំពុងហូរចូលសមុទ្រ ហើយនៅជុំវិញនោះមានទឹកដីដែលបានត្រូវបែងចែក។

      ជំពូកទី២០

      ​‹ចូរ​ចាប់​ឆ្នោត​បែង​ចែកដី​ជា​មត៌ក›

      អេសេគាល ៤៥:១

      គោល​ចំណុច: អត្ថន័យ​នៃ​ការ​បែង​ចែក​ដី​ធ្លី

      ១, ២. ​(​ក​) តើ​អេសេគាល​បាន​ទទួល​ការ​ណែនាំ​អ្វី​ខ្លះ​ពី​ព្រះ​យេហូវ៉ា? (​ខ​) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

      អេសេគាល​ទើប​តែ​បាន​ទទួល​ការ​បើក​បង្ហាញ​មួយ ដែល​ច្បាស់​ជា​ធ្វើ​ឲ្យ​គាត់​គិត​ទៅ​ដល់​សម័យ​ម៉ូសេ​និង​សម័យ​យ៉ូស្វេ​ប្រមាណ​៩០០​ឆ្នាំ​មុន។ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​អំពី​ព្រំ​ប្រទល់​នៃ​ស្រុក​សន្យា ហើយ​ក្រោយ​មក​លោក​បាន​ប្រាប់​យ៉ូស្វេ​អំពី​របៀប​បែង​ចែក​ដី​ធ្លី​ដល់​កុលសម្ព័ន្ធ​អ៊ីស្រាអែល។ (​ជប. ៣៤:១​-​១៥; យ៉ូស. ១៣:៧; ២២:៤, ៩​) ប៉ុន្តែ ឥឡូវ​នេះ​គឺ​ឆ្នាំ​៥៩៣ មុន​គ.ស. ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ណែនាំ​ដល់​អេសេគាល​និង​ជន​និរទេស​ឯ​ទៀត ឲ្យ​បែង​ចែក​ដី​ធ្លី​ក្នុង​ស្រុក​សន្យា​ដល់​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ម្ដង​ទៀត!—អេគ. ៤៥:១; ៤៧:១៤; ៤៨:២៩

      ២ តើ​ការ​បើក​បង្ហាញ​នេះ​មាន​ដំណឹង​អ្វី​ដល់​អេសេគាល​និង​ជន​និរទេស​ឯ​ទៀត? ហេតុ​អ្វី​ការ​បើក​បង្ហាញ​នេះ​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​រាស្ត្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ? តើ​ការ​បើក​បង្ហាញ​នេះ​នឹង​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង​នៅ​ថ្ងៃ​អនាគត​ឬ​ទេ?

      ការ​ធានា​បួន​យ៉ាង​ដែល​លើក​ទឹក​ចិត្ត

      ៣, ៤. ​(​ក​) តើ​ការ​បើក​បង្ហាញ​ចុង​ក្រោយ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​ផ្ដល់​ការ​ធានា​បួន​យ៉ាង​អ្វី​ខ្លះ​ដល់​ជន​និរទេស? (​ខ​) ក្នុង​ជំពូក​នេះ តើ​យើង​នឹង​ពិចារណា​អំពី​ការ​ធានា​អ្វី?

      ៣ ការ​បើក​បង្ហាញ​ចុង​ក្រោយ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត បាន​ត្រូវ​រៀប​រាប់​ចាប់​ពី​ជំពូក​ទី​៤០​ដល់​ជំពូក​ទី​៤៨​ក្នុង​សៀវភៅ​អេសេគាល។ (​អេគ. ៤០:១–៤៨:៣៥​) ការ​បើក​បង្ហាញ​នេះ​ផ្ដល់​ការ​ធានា​បួន​យ៉ាង​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ដល់​ជន​និរទេស ស្ដី​អំពី​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​វិញ។ តើ​ការ​ធានា​បួន​យ៉ាង​នោះ​មាន​អ្វី​ខ្លះ? ទី១ ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ឯ​វិហារ​ព្រះ។ ទី​២ សង្ឃ​និង​ពួក​គង្វាល​ដែល​ជា​មនុស្ស​សុចរិត​នឹង​នាំ​មុខ​ប្រជា​ជាតិ​អ៊ីស្រាអែល។ ទី​៣ ដី​ធ្លី​នឹង​ត្រូវ​បែង​ចែក​ជា​មត៌ក​ដល់​អស់​អ្នក​ដែល​ត្រឡប់​មក​ស្រុក​អ៊ីស្រាអែល​វិញ។ ទី​៤ ព្រះ​យេហូវ៉ា​នឹង​នៅ​ជា​មួយ​ពួក​គេ​ម្ដង​ទៀត។

      ៤ ជំពូក​ទី​១៣​និង​១៤​ក្នុង​សៀវភៅ​នេះ រៀប​រាប់​អំពី​របៀប​ដែល​ការ​ធានា​ពីរ​ដំបូង​បាន​ក្លាយ​ជា​ការ​ពិត ពោល​គឺ​ការ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ និង​ការ​មាន​ពួក​គង្វាល​ដែល​ជា​មនុស្ស​សុចរិត​នាំ​មុខ។ ក្នុង​ជំពូក​នេះ យើង​នឹង​ផ្ដោត​ទៅ​លើ​ការ​ធានា​ទី​៣ ស្ដី​អំពី​ការ​បែង​ចែក​ដី​ធ្លី​ជា​មត៌ក។ នៅ​ជំពូក​បន្ទាប់ យើង​នឹង​រៀន​អំពី​ការ​ធានា​ទី​៤ ដែល​ថា​ព្រះ​យេហូវ៉ា​នឹង​នៅ​ជា​មួយ​ពួក​គេ។—អេគ. ៤៧:១៣​-​២១; ៤៨:១​-​៧, ២៣​-​២៩

      ​«​ទឹក​ដី​នេះ . . . ខ្ញុំ​ប្រគល់​ដល់​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក​»​

      ៥, ៦. ​(​ក​) ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត តើ​ទឹក​ដី​អ្វី​នឹង​ត្រូវ​បែង​ចែក? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​ការ​បើក​បង្ហាញ​អំពី​ការ​បែង​ចែក​ដី​ធ្លី​មាន​គោល​បំណង​អ្វី?

      ៥ សូម​អាន អេសេគាល ៤៧:១៤។ ក្នុង​ការ​បើក​បង្ហាញ ព្រះ​យេហូវ៉ា​បាន​ឲ្យ​អេសេគាល​ឃើញ​ទឹក​ដី​មួយ​ចំណែក ដែល​នឹង​«​ស្អាត​ដូច​ជា​សួន​អេដែន​»​ ហើយ​នឹង​មាន​នា​ពេល​ខាង​មុខ។ (​អេគ. ៣៦:៣៥​) បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​នេះ​ជា​ទឹក​ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​ឲ្យ​ដល់​កុលសម្ព័ន្ធ​ទាំង​១២​នៃ​ជន​ជាតិ​អ៊ីស្រាអែល ទុក​ជា​មត៌ក​»។ (​អេគ. ៤៧:១៣​) ​«​ទឹក​ដី​»​ដែល​ត្រូវ​បែង​ចែក​គឺ​ជា​ស្រុក​អ៊ីស្រាអែល​ដែល​បាន​ត្រូវ​រៀបចំ​សា​ជា​ថ្មី ជា​កន្លែង​ដែល​ជន​និរទេស​នឹង​ត្រឡប់​មក​វិញ។ បន្ទាប់​មក ដូច​ដែល​បាន​កត់​ទុក​នៅ​អេសេគាល ៤៧:១៥​-​២១ ព្រះ​យេហូវ៉ា​បន្ត​រៀប​រាប់​ព័ត៌មាន​ល្អិត​ល្អន់​អំពី​ព្រំ​ប្រទល់​នៃ​ស្រុក​ទាំង​មូល។

      ៦ តើ​ការ​បើក​បង្ហាញ​អំពី​ការ​បែង​ចែក​ដី​ធ្លី​មាន​គោល​បំណង​អ្វី? ការ​រៀប​រាប់​អំពី​ព្រំ​ប្រទល់​ដែល​បាន​ត្រូវ​វាស់​វែង​យ៉ាង​ត្រឹម​ត្រូវ ផ្ដល់​ទំនុក​ចិត្ត​ដល់​អេសេគាល​នឹង​ជន​និរទេស​ឯ​ទៀត​ថា​ស្រុក​កំណើត​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ​ជា​មិន​ខាន។ សូម​ស្រមៃ​គិត​ទៅ​មើល ព័ត៌មាន​ដ៏​ល្អិត​ល្អន់​និង​រស់​រវើក​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់ ច្បាស់​ជា​លើក​ទឹក​ចិត្ត​ជន​និរទេស​ខ្លាំង​ណាស់! តើ​រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​បុរាណ​ពិត​ជា​បាន​ទទួល​ដី​ធ្លី​ដែល​បាន​ត្រូវ​បែង​ចែក​ឲ្យ​ពួក​គេ​ជា​មត៌ក​ឬ​ទេ? ពួក​គេ​ពិត​ជា​បាន​ទទួល​មែន។

      ទន្លេមួយកំពុងហូរចូលសមុទ្រ ហើយនៅជុំវិញនោះមានទឹកដីដែលបានត្រូវបែងចែក។

      ៧. ​(​ក​) តើ​មាន​ព្រឹត្តិការណ៍​អ្វី​ខ្លះ​បាន​កើត​ឡើង​នៅ​ឆ្នាំ​៥៣៧ មុន​គ.ស.? ហើយ​តើ​នេះ​រំលឹក​យើង​អំពី​អ្វី? (​ខ​) ដំបូង តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី?

      ៧ ប្រហែល​៥៦​ឆ្នាំ​ក្រោយ​អេសេគាល​ទទួល​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត នៅ​ឆ្នាំ​៥៣៧ មុន​គ.ស. ជន​និរទេស​រាប់​ពាន់​នាក់​ចាប់​ផ្ដើម​ត្រឡប់​មក​ស្រុក​អ៊ីស្រាអែល​វិញ ហើយ​ទទួល​ដី​ធ្លី​នៅ​ទី​នោះ។ ព្រឹត្តិការណ៍​សំខាន់​ៗ​ទាំង​នោះ រំលឹក​យើង​អំពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​ចំណោម​រាស្ត្រ​ព្រះ​នៅ​សម័យ​យើង។ ក្នុង​ន័យ​ម្យ៉ាង ពួក​គេ​ក៏​បាន​ទទួល​ដី​ធ្លី​ដែរ។ តើ​តាម​របៀប​ណា? ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​អ្នក​បម្រើ​របស់​លោក​ចូល​ក្នុង​ស្រុក​ក្នុង​ន័យ​ធៀប ហើយ​ទទួល​ដី​ធ្លី​នៅ​ទី​នោះ។ ហេតុ​នេះ​ហើយ ការ​រៀបចំ​ស្រុក​សន្យា​សម័យ​បុរាណ​ផ្ដល់​មេ​រៀន​ជា​ច្រើន អំពី​ការ​រៀបចំ​ស្រុក​ក្នុង​ន័យ​ធៀប​របស់​រាស្ត្រ​ព្រះ​នៅ​សព្វ​ថ្ងៃ។ ប៉ុន្តែ មុន​នឹង​យើង​ពិចារណា​មេ​រៀន​ទាំង​នេះ ដំបូង​សូម​ឲ្យ​យើង​ពិចារណា​សំណួរ​មួយ​ជា​មុន​សិន គឺ​«​ហេតុ​អ្វី​យើង​អាច​សន្និដ្ឋាន​ថា​ស្រុក​របស់​រាស្ត្រ​ព្រះ​ពិត​ជា​មាន​នៅ​សព្វ​ថ្ងៃ​នេះ​មែន?​»។

      ៨. ​(​ក​) តើ​ព្រះ​យេហូវ៉ា​បាន​ជំនួស​ប្រជា​ជាតិ​អ៊ីស្រាអែល​ដោយ​ប្រជា​ជាតិ​អ្វី? (​ខ​) តើ​ស្រុក​របស់​រាស្ត្រ​ព្រះ​ជា​អ្វី? (​គ​) តើ​ស្រុក​នោះ​មាន​ឡើង​នៅ​ពេល​ណា? ហើយ​តើ​អ្នក​ណា​ខ្លះ​រស់​នៅ​ក្នុង​ស្រុក​នោះ?

      ៨ នៅ​ក្នុង​ការ​បើក​បង្ហាញ​មុន​ដែល​អេសេគាល​បាន​ទទួល ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ថា​ទំនាយ​អំពី​ការ​រៀបចំ​អ៊ីស្រាអែល​ឡើង​វិញ នឹង​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង ក្រោយ​«​ដាវីឌ​ជា​អ្នក​បម្រើ​»​លោក គឺ​លោក​យេស៊ូ​គ្រិស្ត​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច។ (​អេគ. ៣៧:២៤​) ព្រឹត្តិការណ៍​នោះ​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩១៤ គ.ស.។ មក​ដល់​គ្រា​នេះ​ប្រជា​ជាតិ​អ៊ីស្រាអែល បាន​ត្រូវ​ជំនួស​ជា​យូរ​មក​ហើយ​ដោយ​អ៊ីស្រាអែល​នៃ​ព្រះ។ ពួក​គេ​គឺ​ជា​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង។ (​សូម​អាន ម៉ាថាយ ២១:៤៣; ពេត្រុស​ទី​១ ២:៩​) ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ជំនួស​ប្រជា​ជាតិ​អ៊ីស្រាអែល​ដោយ​អ៊ីស្រាអែល​នៃ​ព្រះ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជំនួស​ស្រុក​អ៊ីស្រាអែល​ដោយ​ស្រុក​ក្នុង​ន័យ​ធៀប​ដែរ។ (​អេ. ៦៦:៨​) ដូច​យើង​បាន​រៀន​នៅ​ជំពូក​ទី​១៧​ក្នុង​សៀវភៅ​នេះ ស្រុក​នេះ​គឺ​ប្រៀប​ដូច​ជា​សួន​ឧទ្យាន​ដែល​មាន​ស្ថានភាព​សុខ​សាន្ត​និង​មាន​សកម្មភាព​ផ្សេង​ៗ​ដែល​ពួក​អ្នក​រើស​តាំង​បាន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាំង​ពី​ឆ្នាំ​១៩១៩​(​សូម​មើល​ប្រអប់​៩​ខ​«​ហេតុ​អ្វី​នៅ​ឆ្នាំ​១៩១៩?​»​)។ កាល​ដែល​ពេល​វេលា​កន្លង​ទៅ ​«​ចៀម​ឯ​ទៀត​»​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី ក៏​ចាប់​ផ្ដើម​រស់​នៅ​ក្នុង​ស្រុក​នេះ​ដែរ។ (​យ៉ូន. ១០:១៦​) នៅ​សព្វ​ថ្ងៃ ស្រុក​របស់​រាស្ត្រ​ព្រះ​កាន់​តែ​រីក​ធំ​ឡើង ហើយ​ពួក​គេ​នឹង​ទទួល​ពរ​យ៉ាង​ពេញ​លេញ​ក្រោយ​សង្គ្រាម​អាម៉ាគេដូន។

      ការ​បែង​ចែក​ទឹក​ដី​យ៉ាង​ត្រឹម​ត្រូវ​និង​ស្មើ​គ្នា

      ៩. ស្ដី​អំពី​ការ​បែង​ចែក​ដី​ធ្លី តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​ណែនាំ​យ៉ាង​ល្អិត​ល្អន់​អ្វី​ខ្លះ?

      ៩ សូម​អាន អេសេគាល ៤៨:១, ២៨។ ក្រោយ​ពី​មាន​ការ​កំណត់​ព្រំ​ប្រទល់​ស្រុក​នោះ​រួច​ហើយ ព្រះ​យេហូវ៉ា​បាន​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​របៀប​បែង​ចែក​ទឹក​ដី​នោះ។ លោក​បាន​ណែនាំ​ឲ្យ​បែង​ចែក​ទឹក​ដី​យ៉ាង​ត្រឹម​ត្រូវ​និង​ស្មើ​គ្នា​សម្រាប់​កុលសម្ព័ន្ធ​ទាំង​១២ ពី​ទិស​ខាង​ជើង​ដល់​ទិស​ខាង​ត្បូង។ ដំបូង កុលសម្ព័ន្ធ​ដាន់​បាន​ទទួល​ទឹក​ដី​នៅ​ប៉ែក​ខាង​ជើង​នៃ​ព្រំ​ប្រទល់​ស្រុក ហើយ​ចុង​ក្រោយ​បង្អស់ កុលសម្ព័ន្ធ​កាដ​បាន​ទទួល​ទឹក​ដី​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ព្រំ​ប្រទល់​ស្រុក។ ដី​ធ្លី​ដែល​ជា​ចំណែក​មត៌ក​នៃ​កុលសម្ព័ន្ធ​នីមួយ​ៗ​លាត​សន្ធឹង​ពី​ព្រំ​ប្រទល់​ភាគ​ខាង​កើត​ទៅ​ភាគ​ខាង​លិច គឺ​ទៅ​ដល់​សមុទ្រ​ធំ​ឬ​សមុទ្រ​មេឌីទែរ៉ានេ។—អេគ. ៤៧:២០

      ១០. ផ្នែក​នេះ​នៃ​ការ​បើក​បង្ហាញ តើ​មាន​ការ​ធានា​អ្វី​ខ្លះ​ទំនង​ជា​បាន​ត្រូវ​បញ្ជាក់​ដល់​ជន​និរទេស?

      ១០ ក្នុង​ផ្នែក​នេះ​នៃ​ការ​បើក​បង្ហាញ តើ​មាន​ការ​ធានា​អ្វី​ខ្លះ​ដែល​ទំនង​ជា​បាន​ត្រូវ​បញ្ជាក់​ដល់​ជន​និរទេស? ព័ត៌មាន​ល្អិត​ល្អន់​ដែល​អេសេគាល​បាន​រៀប​រាប់​អំពី​ការ​បែង​ចែក​ទឹក​ដី ច្បាស់​ជា​ផ្ដល់​ការ​ធានា​ដល់​ជន​និរទេស​ថា ការ​បែង​ចែក​ទឹក​ដី​នឹង​មាន​របៀប​រៀប​រយ។ បន្ថែម​ទៅ​ទៀត ការ​បែង​ចែក​ទឹក​ដី​យ៉ាង​ត្រឹម​ត្រូវ​សម្រាប់​កុលសម្ព័ន្ធ​ទាំង​១២ ផ្ដល់​ការ​ធានា​ថា​ជន​និរទេស​ម្នាក់​ៗ​ដែល​ត្រឡប់​មក​វិញ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក​នៅ​ក្នុង​ស្រុក​ដែល​បាន​ត្រូវ​រៀបចំ​សា​ជា​ថ្មី។ គ្មាន​អ្នក​ណា​ម្នាក់​ដែល​ត្រឡប់​មក​វិញ​មិន​បាន​ទទួល​ដី​ធ្លី ឬ​ផ្ទះ​សម្បែង​ឡើយ។

      បុរសដែលមានសណ្ឋានដូចស្ពាន់កំពុងបង្ហាញអេសេគាលនូវទឹកដីជាមត៌ក។

      ប្រអប់ការពន្យល់បន្ថែម ២០ក: ការ​បែង​ចែក​ដី​ធ្លី

      ១១. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​ការ​បើក​បង្ហាញ​អំពី​ការ​បែង​ចែក​ដី​ធ្លី? (​សូម​មើល​ប្រអប់​«​ការ​បែង​ចែក​ដី​ធ្លី​»​)

      ១១ នៅ​សព្វ​ថ្ងៃ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ពី​ការ​បើក​បង្ហាញ​នេះ? ស្រុក​សន្យា​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​វិញ មិន​មែន​សម្រាប់​តែ​ពួក​សង្ឃ ពួក​លេវី និង​ពួក​មេ​ដឹក​នាំ​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​សមាជិក​ទាំង​អស់​ដែល​មក​ពី​កុលសម្ព័ន្ធ​ទាំង​១២​ផង​ដែរ។ (​អេគ. ៤៥:៤, ៥, ៧, ៨​) ស្រដៀង​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ​សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប មិន​គ្រាន់​តែ​សម្រាប់​គ្រិស្ត​សាសនិក​រើស​តាំង​ដែល​នៅ​សល់ និង​សម្រាប់​ពួក​អ្នក​នាំ​មុខ​នៅ​ក្នុង​ចំណោម​«​មនុស្ស​មួយ​ក្រុម​ធំ​»​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​សមាជិក​ទាំង​អស់​នៃ​មនុស្ស​មួយ​ក្រុម​ធំ​ផង​ដែរ។a (​បប. ៧:៩​) មិន​ថា​យើង​មាន​តួ​នាទី​តូច​ទាប​យ៉ាង​ណា​នៅ​ក្នុង​អង្គការ​ព្រះ​យេហូវ៉ា​ក៏​ដោយ យើង​មាន​តួ​នាទី​សំខាន់​និង​មាន​ភារកិច្ច​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ស្រុក​របស់​រាស្ត្រ​ព្រះ។ នេះ​ជា​ការ​ធានា​ដ៏​កក់​ក្ដៅ​ណាស់!

      បណ្ដុំរូបភាព: រាស្ត្រព្រះនៅសព្វថ្ងៃនេះ។ ១. បងស្រីម្នាក់កំពុងជួយម្ដាយចាស់ជរាឲ្យដឹងអំពីថ្នាំពេទ្យដែលត្រូវពិសា។ ២. សាសនទូតម្នាក់កំពុងបង្រៀនអ្នកផ្សាយវ័យក្មេងនៅកិច្ចបម្រើផ្សាយ។ ពួកគេកំពុងផ្សព្វផ្សាយនៅឆ្នេរសមុទ្រ។ ៣. ម្ដាយម្នាក់ដែលគ្មានគូកំពុងបង្រៀនគម្ពីរដល់កូនពីរនាក់របស់គាត់។ ៤. បងហ្គារីត ឡឹសកំពុងដឹកនាំការគោរពប្រណិប័តន៍ពេលព្រឹកដល់ក្រុមគ្រួសារបេតអែល។ ៥. បងស្រីវ័យចាស់ម្នាក់កំពុងអធិដ្ឋាន។ នៅលើភ្លៅគាត់មានគម្ពីរនិងឈ្មោះរបស់បងប្អូនដែលជាប់គុក។ ៦. បងប្រុសម្នាក់កំពុងសម្អាតបន្ទប់ទឹកនៅសាលប្រជុំ។ ៧. បងប្រុសម្នាក់កំពុងបម្រើជាឆ្មាំនៅចំណតសាលសន្និបាត។ ៨. បងប្រុសៗកំពុងថតសំឡេងក្នុងស្ទូឌីយោនៅការិយាល័យបកប្រែ។

      មិន​ថា​យើង​មាន​ភារកិច្ច​អ្វី​ក៏​ដោយ​នៅ​ក្នុង​អង្គការ​ព្រះ​យេហូវ៉ា លោក​ឲ្យ​តម្លៃ​ចំពោះ​ចិត្ត​ខ្នះ​ខ្នែង​របស់​យើង (សូម​មើល​វគ្គ​១១)

      តើ​ភាព​ខុស​គ្នា​ពីរ​ដ៏​សំខាន់​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង?

      ១២, ១៣. ស្ដី​អំពី​ការ​បែង​ចែក​ដី​ធ្លី​ដល់​កុលសម្ព័ន្ធ​ទាំង​១២ តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​ណែនាំ​ជាក់​លាក់​អ្វី​ខ្លះ?

      ១២ ការ​ណែនាំ​ខ្លះ​របស់​ព្រះ​យេហូវ៉ា​អំពី​ការ​បែង​ចែក​ទឹក​ដី ប្រហែល​ជា​ធ្វើ​ឲ្យ​អេសេគាល​ឆ្ងល់ ដោយ​សារ​ការ​ណែនាំ​ទាំង​នោះ​ខុស​ពី​ការ​ណែនាំ​ដែល​ព្រះ​បាន​ឲ្យ​ដល់​ម៉ូសេ។ ឥឡូវ​សូម​ពិចារណា​ភាព​ខុស​គ្នា​ពីរ​នេះ។ មួយ​ទាក់​ទង​នឹង​ទឹក​ដី ហើយ​មួយ​ទៀត​ទាក់​ទង​នឹង​មនុស្ស​ដែល​រស់​នៅ​លើ​ទឹក​ដី​នោះ។

      ១៣ ទី​១ ទឹក​ដី។ ម៉ូសេ​បាន​ត្រូវ​បង្គាប់​ឲ្យ​បែង​ចែក​ដី​ធ្លី​ដល់​កុលសម្ព័ន្ធ​នីមួយ​ៗ​ស្រប​តាម​ចំនួន​មនុស្ស​ក្នុង​កុលសម្ព័ន្ធ​នោះ។ (​ជប. ២៦:៥២​-​៥៤​) ប៉ុន្តែ ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​ណែនាំ​យ៉ាង​ជាក់​លាក់​ឲ្យ​បែង​ចែក​ដី​ធ្លី​ដល់​កុលសម្ព័ន្ធ​នីមួយ​ៗ​«​ស្មើ​ៗ​គ្នា​»។ (​អេគ. ៤៧:១៤​) ដូច្នេះ ដី​ធ្លី​ដែល​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​នីមួយ​ៗ មាន​ចម្ងាយ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ពី​ព្រំ​ប្រទល់​ខាង​ជើង​ដល់​ព្រំ​ប្រទល់​ខាង​ត្បូង​ស្មើ​គ្នា។ ទោះ​ជា​ជន​ជាតិ​អ៊ីស្រាអែល​មក​ពី​កុលសម្ព័ន្ធ​ណា​ក៏​ដោយ ពួក​គេ​ម្នាក់​ៗ​អាច​ទទួល​ប្រយោជន៍​ពី​ធន​ធាន​ធម្មជាតិ​ដូច​គ្នា​ក្នុង​ស្រុក​សន្យា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​ក៏​ទទួល​ភោគ​ផល​ល្អ​ៗ​ពី​ស្រុក​ដែល​សម្បូរ​ទឹក​នោះ​ផង​ដែរ។

      ១៤. ស្ដី​អំពី​ជន​បរទេស តើ​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​ដល់​អេសេគាល ខុស​គ្នា​យ៉ាង​ណា​នឹង​អ្វី​ដែល​បាន​ចែង​ទុក​ក្នុង​ច្បាប់​ម៉ូសេ?

      ១៤ ទី​២ មនុស្ស​ដែល​រស់​នៅ​លើ​ទឹក​ដី​នោះ។ ច្បាប់​ម៉ូសេ​ការ​ពារ​ជន​និរទេស និង​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា តែ​ពួក​គេ​មិន​អាច​ទទួល​ដី​ធ្លី​ជា​មត៌ក​ឡើយ។ (​ចល. ១៩:៣៣, ៣៤​) ប៉ុន្តែ ឥឡូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ប្រាប់​អេសេគាល ខុស​ពី​អ្វី​ដែល​លោក​បាន​ប្រាប់​ក្នុង​ច្បាប់​ម៉ូសេ។ ព្រះ​យេហូវ៉ា​បង្គាប់​ថា​៖ ​«​ត្រូវ​ប្រគល់​ចំណែក​ដី​ធ្លី​ជា​មត៌ក​ដល់​ជន​បរទេស ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​ណា​ដែល​គេ​បាន​ទៅ​រស់​នៅ​»។ តាម​រយៈ​បង្គាប់​នេះ ព្រះ​យេហូវ៉ា​បំបាត់​ចោល​ភាព​ខុស​គ្នា​រវាង​«​ជន​ជាតិ​អ៊ីស្រាអែល​»​និង​ជន​បរទេស​នៅ​ក្នុង​ស្រុក។ (​អេគ. ៤៧:២២, ២៣​) ក្នុង​ស្រុក​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​វិញ​ដែល​អេសេគាល​ឃើញ​ក្នុង​ការ​បើក​បង្ហាញ គាត់​ឃើញ​ថា​មនុស្ស​ដែល​រស់​នៅ​ទី​នោះ មាន​ភាព​ស្មើ​គ្នា​និង​មាន​សាមគ្គីភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។—ចល. ២៥:២៣

      ១៥. តើ​មាន​សេចក្ដី​ពិត​ដ៏​ស្ថិត​ស្ថេរ​អ្វី​អំពី​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​បញ្ជាក់​ក្នុង​ការ​ណែនាំ​របស់​លោក​អំពី​ទឹក​ដី​និង​មនុស្ស​ដែល​រស់​នៅ​ទី​នោះ?

      ១៥ ការ​ណែនាំ​ដ៏​អស្ចារ្យ​ទាំង​ពីរ​ដែល​អេសេគាល​បាន​ទទួល​ស្ដី​អំពី​ទឹក​ដី​និង​មនុស្ស​ដែល​រស់​នៅ​ទី​នោះ ច្បាស់​ជា​ពង្រឹង​កម្លាំង​ចិត្ត​ជន​និរទេស។ ពួក​គេ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​បែង​ចែក​ដី​ធ្លី​ដល់​ពួក​គេ​ស្មើ​ៗ​គ្នា ទោះ​ជា​ពួក​គេ​ជា​ជន​ជាតិ​អ៊ីស្រាអែល​ឬ​ជា​ជន​បរទេស​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ក៏​ដោយ។ (​អែស. ៨:២០; នេហ. ៣:២៦; ៧:៦, ២៥; អេ. ៥៦:៣, ៨​) បន្ថែម​ទៅ​ទៀត ការ​ណែនាំ​ទាំង​នេះ​បញ្ជាក់​អំពី​សេចក្ដី​ពិត​ដ៏​ស្ថិត​ស្ថេរ​និង​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ថា ចំពោះ​ព្រះ​យេហូវ៉ា​អ្នក​បម្រើ​ទាំង​អស់​របស់​លោក​មាន​តម្លៃ​ស្មើ​គ្នា។ (​សូម​អាន ហាកាយ ២:៧​) សព្វ​ថ្ងៃ​នេះ មិន​ថា​យើង​មាន​សេចក្ដី​សង្ឃឹម​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី​ក្ដី យើង​ឲ្យ​តម្លៃ​សេចក្ដី​ពិត​នោះ​ដូច​គ្នា។

      ១៦, ១៧. ​(​ក​) តើ​តាម​របៀប​ណា​យើង​ទទួល​ប្រយោជន៍​ពី​ការ​គិត​ពិចារណា​យ៉ាង​ល្អិត​ល្អន់​អំពី​ស្រុក​និង​មនុស្ស​ដែល​រស់​នៅ​ទី​នោះ? (​ខ​) តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​នៅ​ជំពូក​បន្ទាប់?

      ១៦ តើ​តាម​របៀប​ណា​យើង​ទទួល​ប្រយោជន៍​ពី​ការ​គិត​ពិចារណា​យ៉ាង​ល្អិត​ល្អន់​អំពី​ទឹក​ដី​និង​មនុស្ស​ដែល​រស់​នៅ​ទី​នោះ? យើង​បាន​ទទួល​ការ​រំលឹក​ថា​សព្វ​ថ្ងៃ​នេះ​ភាព​ស្មើ​គ្នា​និង​សាមគ្គីភាព​ជា​លក្ខណៈ​ពិសេស​នៃ​បង​ប្អូន​រួម​ជំនឿ​របស់​យើង​នៅ​ទូទាំង​ពិភព​លោក។ ព្រះ​យេហូវ៉ា​មិន​រើស​មុខ​ទេ។ ហេតុ​នេះ យើង​ត្រូវ​សួរ​ខ្លួន​ថា​‹តើ​ខ្ញុំ​មិន​រើស​មុខ​ដូច​ព្រះ​យេហូវ៉ា​ឬ​ទេ? មិន​ថា​បង​ប្អូន​រួម​ជំនឿ​ជា​ជន​ជាតិ​ណា​ឬ​មាន​កាលៈទេសៈ​ណា​ក្នុង​ជីវិត​ក៏​ដោយ តើ​ខ្ញុំ​ប្រព្រឹត្ត​ទៅ​លើ​ពួក​គាត់​ម្នាក់​ៗ​ដោយ​គោរព​យ៉ាង​អស់​ពី​ចិត្ត​ឬ​ទេ?›។ (​រ៉ូម ១២:១០​) យើង​មាន​អំណរ​ខ្លាំង​ណាស់​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​យើង​មាន​សិទ្ធិ​ស្មើ​ៗ​គ្នា​ក្នុង​សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប ជា​កន្លែង​ដែល​យើង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​បិតា​ស្ថាន​សួគ៌​របស់​យើង​យ៉ាង​អស់​ពី​ចិត្ត និង​ទទួល​ពរ​ពី​លោក​យ៉ាង​បរិបូរ។—កាឡ. ៣:២៦​-​២៩; បប. ៧:៩

      បងស្រីៗដែលមានជាតិសាសន៍និងអាយុខុសគ្នាកំពុងគោរពប្រណិប័តន៍ជាក្រុមគ្រួសារនៅផ្ទះរបស់បងស្រីពិការម្នាក់។

      តើ​យើង​មិន​រើស​មុខ​និង​គោរព​អ្នក​ឯ​ទៀត​អស់​ពី​ចិត្ត​ដូច​ព្រះ​យេហូវ៉ា​ឬ​ទេ? (សូម​មើល​វគ្គ​១៥​និង​១៦)

      ១៧ ឥឡូវ​សូម​ឲ្យ​យើង​ពិចារណា​ការ​ធានា​ទី​៤ ដែល​មាន​នៅ​ផ្នែក​ចុង​ក្រោយ​នៃ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត។ ការ​ធានា​នោះ​គឺ​ជា​សេចក្ដី​សន្យា​ដែល​ថា ព្រះ​យេហូវ៉ា​នឹង​នៅ​ជា​មួយ​ជន​និរទេស។ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​សេចក្ដី​សន្យា​នោះ? យើង​នឹង​រក​ឃើញ​ចម្លើយ​ក្នុង​ជំពូក​បន្ទាប់។

      a ដើម្បី​ដឹង​អំពី​តួ​នាទី​ពិសេស​និង​ភារកិច្ច​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​ពួក​សង្ឃ​និង​មេ​ដឹក​នាំ​ក្នុង​ស្រុក​របស់​រាស្ត្រ​ព្រះ សូម​មើល​ក្នុង​ជំពូក​ទី​១៤​នៃ​សៀវភៅ​នេះ។

      តួ​នាទី​របស់​អ្នក​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត

      1. ១. ហេតុ​អ្វី​អ្នក​ជឿ​ថា​សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប​ពិត​ជា​មាន​មែន​នៅ​សព្វ​ថ្ងៃ?

      2. ២. ហេតុ​អ្វី​អ្នក​អាច​ជឿ​ជាក់​ថា​អ្នក​មាន​តួ​នាទី​សំខាន់​និង​ភារកិច្ច​ដ៏​មាន​តម្លៃ​ក្នុង​សួន​ឧទ្យាន​នេះ?

      3. ៣. តើ​ការ​បើក​បង្ហាញ​អំពី​ការ​បែង​ចែក​ដី​ធ្លី​បង្រៀន​អ្នក​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា?

  • «គេនឹងហៅក្រុងនោះថាព្រះយេហូវ៉ាស្ថិតនៅទីនោះ»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • ប្លង់មើលពីលើនៃក្រុងដែលមានឈ្មោះថា‹ព្រះយេហូវ៉ាស្ថិតនៅទីនោះ›។

      ជំពូកទី២១

      ​«​គេ​នឹង​ហៅ​ក្រុង​នោះ​ថា​ព្រះ​យេហូវ៉ា​ស្ថិត​នៅ​ទី​នោះ​»​

      អេសេគាល ៤៨:៣៥

      គោល​ចំណុច: អត្ថន័យ​នៃ​ក្រុង​និង​ដី​វិភាគទាន

      ១, ២. ​(​ក​) តើ​ចំណែក​ដី​ពិសេស​អ្វី​ដែល​បាន​ត្រូវ​ញែក​ទុក​ជា​បរិសុទ្ធ? (​សូម​មើល​រូប​ភាព​នៅ​ក្រប​ខាង​ក្រោយ​នៃ​សៀវភៅ​នេះ​) (​ខ​) តើ​ការ​បើក​បង្ហាញ​នេះ​ផ្ដល់​ទំនុក​ចិត្ត​អ្វី​ដល់​ជន​និរទេស?

      ក្នុង​ការ​បើក​បង្ហាញ​ចុង​ក្រោយ​ដែល​អេសេគាល​បាន​ឃើញ គាត់​បាន​ឃើញ​ដី​មួយ​ចំណែក​ដែល​បាន​ត្រូវ​ញែក​ទុក​សម្រាប់​គោល​បំណង​ពិសេស។ ដី​មួយ​ចំណែក​នេះ​មិន​មែន​ទុក​ឲ្យ​កុលសម្ព័ន្ធ​ណា​មួយ​នៃ​ប្រជា​ជាតិ​អ៊ីស្រាអែល​ជា​មត៌ក​ទេ តែ​ទុក​ជា​វិភាគទាន​ដល់​ព្រះ​យេហូវ៉ា​វិញ។ អេសេគាល​ក៏​ឃើញ​ក្រុង​ដ៏​អស្ចារ្យ​មួយ ដែល​មាន​ឈ្មោះ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ផ្នែក​នេះ​នៃ​ការ​បើក​បង្ហាញ​ផ្ដល់​ទំនុក​ចិត្ត​ខ្លាំង​បំផុត​ដល់​ជន​និរទេស គឺ​ថា​ព្រះ​យេហូវ៉ា​នឹង​នៅ​ជា​មួយ​នឹង​ពួក​គេ​ពេល​ដែល​ពួក​គេ​ត្រឡប់​ទៅ​ស្រុក​កំណើត​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​វិញ។

      ២ អេសេគាល​បាន​ពណ៌នា​យ៉ាង​ល្អិត​ល្អន់​អំពី​ដី​វិភាគទាន​នោះ។ សូម​ឲ្យ​យើង​ពិចារណា​កំណត់​ហេតុ​នេះ ដែល​មាន​មេ​រៀន​ជា​ច្រើន​សម្រាប់​យើង​ជា​អ្នក​គោរព​ប្រណិប័តន៍​ពិត​ដល់​ព្រះ​យេហូវ៉ា។

      ប្លង់មើលពីលើនៃដីធ្លីដែលហៅថា‹វិភាគទានទាំងមូល› និងក្រុងដែលមានឈ្មោះថា‹ព្រះយេហូវ៉ាស្ថិតនៅទីនោះ›។ វិហារដែលអេសេគាលឃើញក្នុងគំនិតមានពន្លឺចិញ្ចាចនៃសិរីរុងរឿងរបស់ព្រះយេហូវ៉ាពីកំពូលភ្នំដែលមានទន្លេហូរចុះមកក្រោម។

      ‹វិភាគទាន​បរិសុទ្ធ​និង​ក្រុង›

      ផែនទីនៃផ្ទៃដីដែលព្រះយេហូវ៉ាញែកទុកជា‹វិភាគទាន› និងប្រអប់ដែលបង្ហាញផ្ទៃដីនោះហៅថា‹វិភាគទានទាំងមូល›។

      ប្រអប់ការពន្យល់បន្ថែម ២១ក: ‹អ្នក​រាល់​គ្នា​ត្រូវ​ញែក​ដី​ទុក​ជា​វិភាគទាន​ដល់​ព្រះ›

      ៣. តើ​មាន​ផ្ទៃ​ដី​ប្រាំ​កន្លែង​អ្វី​ខ្លះ​ក្នុង​ទឹក​ដី​ដែល​ព្រះ​យេហូវ៉ា​បាន​ញែក​ទុក? ហើយ​តើ​ផ្ទៃ​ដី​ទាំង​នោះ​ទុក​សម្រាប់​គោល​បំណង​អ្វី​ខ្លះ? (​សូម​មើល​ប្រអប់​‹អ្នក​រាល់​គ្នា​ត្រូវ​ញែក​ដី​ទុក​ជា​វិភាគទាន​ដល់​ព្រះ›​)

      ៣ ផ្ទៃ​ដី​ដែល​ជា​ចំណែក​ពិសេស​មាន​ប្រវែង​២៥.០០០​ហត្ថ​(​១៣​គីឡូ​ម៉ែត្រ​)​ពី​ទិស​ខាង​ជើង​ដល់​ទិស​ខាង​ត្បូង ហើយ​ក៏​មាន​ប្រវែង​២៥.០០០​ហត្ថ​ដែរ ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច។ ផ្ទៃ​ដី​ដែល​មាន​រាង​ការ៉េ​នេះ​បាន​ត្រូវ​ហៅ​ថា​«​វិភាគទាន​ទាំង​មូល​»​ ហើយ​បាន​ត្រូវ​បែង​ចែក​ជា​បី​ផ្នែក។ ផ្ទៃ​ដី​ផ្នែក​ខាង​លើ​ទុក​សម្រាប់​ពួក​លេវី ហើយ​ផ្ទៃ​ដី​ផ្នែក​កណ្ដាល​ទុក​សម្រាប់​ពួក​សង្ឃ​និង​វិហារ​ព្រះ។ ផ្ទៃ​ដី​ទាំង​ពីរ​ផ្នែក​នេះ​បាន​ត្រូវ​ហៅ​ថា​«​វិភាគទាន​បរិសុទ្ធ​»។ រីឯ​ផ្ទៃ​ដី​ផ្នែក​ខាង​ក្រោម​ដែល​តូច​ជាង​ឬ​«​ដី​នៅ​សល់​»​ទុក​«​សម្រាប់​ប្រើ​ជា​ដី​ក្រុង​»។—អេគ. ៤៨:១៥, ២០

      ៤. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​កំណត់​ហេតុ​អំពី​វិភាគទាន​ជូន​ព្រះ​យេហូវ៉ា?

      ៤ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​កំណត់​ហេតុ​អំពី​វិភាគទាន​ជូន​ព្រះ​យេហូវ៉ា? ដំបូង ព្រះ​យេហូវ៉ា​ញែក​ដី​ទុក​សម្រាប់​វិភាគទាន​ពិសេស ហើយ​បន្ទាប់​មក​បែង​ចែក​ដី​ធ្លី​សម្រាប់​កុលសម្ព័ន្ធ​នីមួយ​ៗ។ ហេតុ​នេះ ព្រះ​យេហូវ៉ា​បញ្ជាក់​ថា​រាស្ត្រ​របស់​លោក​ត្រូវ​ផ្ដោត​សំខាន់​ទៅ​លើ​មណ្ឌល​នៃ​ការ​គោរព​ប្រណិប័តន៍​លោក។ (​អេគ. ៤៥:១​) ការ​បែង​ចែក​ទឹក​ដី​ដូច្នេះ ច្បាស់​ជា​ផ្ដល់​មេ​រៀន​ជា​ច្រើន​ដល់​ជន​និរទេស។ ពួក​គេ​ត្រូវ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត។ ស្រដៀង​គ្នា​ដែរ​សព្វ​ថ្ងៃ​នេះ យើង​ចាត់​ទុក​សកម្មភាព​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​អ្វី​សំខាន់​បំផុត។ សកម្មភាព​ទាំង​នោះ​មាន​ដូច​ជា ការ​សិក្សា​បណ្ដាំ​របស់​ព្រះ ការ​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក និង​ការ​ចូល​រួម​កិច្ច​បម្រើ​ផ្សាយ​ជា​ដើម។ ពេល​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​អំពី​ការ​កំណត់​ថា​អ្វី​ជា​អាទិភាព នោះ​យើង​តែង​តែ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​លោក​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

      ​«​ក្រុង​នោះ​នឹង​ស្ថិត​នៅ​កណ្ដាល​ផ្ទៃ​ដី​នោះ​»​

      ៥, ៦. ​(​ក​) តើ​ក្រុង​នោះ​ជា​កម្មសិទ្ធិ​របស់​អ្នក​ណា? (​ខ​) តើ​ក្រុង​នោះ​មិន​សំដៅ​ទៅ​លើ​អ្វី? ហើយ​ហេតុ​អ្វី?

      ៥ សូម​អាន អេសេគាល ៤៨:១៥។ តើ​«​ក្រុង​នោះ​»​និង​ដី​ធ្លី​ជុំ​វិញ​មាន​លក្ខណៈ​សំខាន់​អ្វី? (​អេគ. ៤៨:១៦​-​១៨​) ក្នុង​ការ​បើក​បង្ហាញ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​ថា​៖ ​«​ដី​ធ្លី​ក្រុង . . . នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​ពូជ​ពង្ស​អ៊ីស្រាអែល​ទាំង​អស់​»។ (​អេគ. ៤៥:៦, ៧​) ហេតុ​នេះ ក្រុង​និង​ដី​ធ្លី​នៅ​ជុំ​វិញ​មិន​មែន​ជា​ផ្នែក​នៃ​«​វិភាគទាន​បរិសុទ្ធ​»​ដែល​បាន​ត្រូវ​«​ញែក​ទុក​ជូន​ព្រះ​យេហូវ៉ា​»​ទេ។ (​អេគ. ៤៨:៩​) ដោយ​គិត​អំពី​ចំណុច​នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​អំពី​ការ​រៀបចំ​នៃ​ក្រុង​នោះ ដែល​អាច​បង្រៀន​យើង​នៅ​សព្វ​ថ្ងៃ។

      ៦ ដើម្បី​ដឹង​ថា​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​ក្រុង​នោះ ដំបូង​យើង​ត្រូវ​ដឹង​ថា​ក្រុង​នោះ​មិន​សំដៅ​ទៅ​លើ​អ្វី។ ក្រុង​នោះ​មិន​អាច​សំដៅ​ទៅ​លើ​ក្រុង​យេរូសាឡិម​និង​វិហារ​ដែល​បាន​ត្រូវ​សង់​ឡើង​វិញ​ទេ។ ហេតុ​អ្វី? ព្រោះ​ក្រុង​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត គ្មាន​វិហារ​ក្នុង​ក្រុង​នោះ​ឡើយ។ បន្ថែម​ទៅ​ទៀត ក្រុង​នោះ​ក៏​មិន​សំដៅ​ទៅ​លើ​ក្រុង​ណា​ផ្សេង​ទៀត​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​វិញ​ដែរ។ ហេតុ​អ្វី? ព្រោះ​គ្មាន​ក្រុង​ណា​ដែល​មាន​រចនា​ប្លង់​ដូច​ដែល​បាន​រៀប​រាប់​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ បាន​ត្រូវ​សង់​ឡើង​វិញ​ដោយ​ជន​និរទេស​ឬ​កូន​ចៅ​របស់​ពួក​គេ​ទេ។ ម្យ៉ាង​ទៀត ក្រុង​នោះ​មិន​អាច​សំដៅ​ទៅ​លើ​ក្រុង​នៅ​ស្ថាន​សួគ៌​ឡើយ។ ហេតុ​អ្វី? ព្រោះ​ក្រុង​នោះ​បាន​ត្រូវ​សង់​ឡើង​លើ​ដី​«​មិន​បរិសុទ្ធ​»​ ខុស​ពី​សំណង់​វិហារ​ដែល​បាន​ត្រូវ​សង់​ឡើង​នៅ​លើ​ដី​ដែល​បាន​ត្រូវ​ញែក​ទុក​ជា​ពិសិដ្ឋ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត។—អេគ. ៤២:២០

      ៧. តើ​ក្រុង​ដែល​អេសេគាល​បាន​ឃើញ​ជា​អ្វី? ហើយ​តាម​មើល​ទៅ តើ​ក្រុង​នោះ​តំណាង​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

      ៧ តើ​ក្រុង​ដែល​អេសេគាល​ឃើញ​ជា​អ្វី? សូម​ចាំ​ថា​គាត់​បាន​ឃើញ​ក្រុង​នោះ​នៅ​ក្នុង​ការ​បើក​បង្ហាញ​ដូច​គ្នា​ដែល​គាត់​បាន​ឃើញ​អំពី​ស្រុក។ (​អេគ. ៤០:២; ៤៥:១, ៦​) បណ្ដាំ​របស់​ព្រះ​បញ្ជាក់​ថា​ស្រុក​នោះ​សំដៅ​ទៅ​លើ​ស្រុក​ក្នុង​ន័យ​ធៀប។ ដូច្នេះ ក្រុង​នោះ​ច្បាស់​ជា​សំដៅ​ទៅ​លើ​ក្រុង​ក្នុង​ន័យ​ធៀប​ដែរ។ ជា​ទូទៅ តើ​ពាក្យ​«​ក្រុង​»​សំដៅ​ទៅ​លើ​អ្វី? ពាក្យ​ក្រុង​សំដៅ​ទៅ​លើ​មនុស្ស​រស់​នៅ​ជា​ក្រុម​ដែល​មាន​ការ​រៀបចំ​ល្អ​និង​មាន​របៀប​រៀប​រយ។ ហេតុ​នេះ ក្រុង​ដែល​មាន​សណ្ដាប់​ធ្នាប់​និង​មាន​ផ្ទៃ​ដី​រាង​ការ៉េ​ដែល​អេសេគាល​បាន​ឃើញ តាម​មើល​ទៅ​តំណាង​ឲ្យ​អង្គការ​មួយ​ដែល​មាន​សណ្ដាប់​ធ្នាប់​និង​មាន​របៀប​រៀប​រយ។

      ប្លង់មើលពីលើនៃក្រុងដែលហៅថា‹ព្រះយេហូវ៉ាស្ថិតនៅទីនោះ›។

      ៨. តើ​អង្គការ​នេះ​ធ្វើ​អ្វី​ខ្លះ? ហើយ​ហេតុ​អ្វី?

      ៨ តើ​អង្គការ​នេះ​ធ្វើ​អ្វី​ខ្លះ? ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត បង្ហាញ​ថា​ក្រុង​នេះ​ចាត់​ចែង​កិច្ច​ការ​ក្នុង​ស្រុក​ក្នុង​ន័យ​ធៀប។ ម្ល៉ោះ​ហើយ សព្វ​ថ្ងៃ​អង្គការ​នេះ​ចាត់​ចែង​គ្រប់​កិច្ច​ការ​របស់​រាស្ត្រ​ព្រះ។ តើ​ការ​ដែល​ក្រុង​សង់​ឡើង​នៅ​លើ​ទឹក​ដី​មិន​បរិសុទ្ធ​បញ្ជាក់​អំពី​អ្វី? នេះ​រំលឹក​យើង​ថា​ក្រុង​នោះ​មិន​សំដៅ​ទៅ​លើ​អង្គការ​ផ្នែក​នៅ​ស្ថាន​សួគ៌​ទេ តែ​សំដៅ​ទៅ​លើ​អង្គការ​ផ្នែក​នៅ​ផែនដី​វិញ។ អង្គការ​ផ្នែក​នៅ​ផែនដី​នេះ​ចាត់​ចែង​កិច្ច​ការ​សម្រាប់​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប។

      ៩. ​(​ក​) សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​រួម​ចំណែក​ក្នុង​ការ​ចាត់​ចែង​អង្គការ​ផ្នែក​នៅ​ផែនដី? (​ខ​) តើ​លោក​យេស៊ូ​នឹង​ធ្វើ​អ្វី​ក្នុង​អំឡុង​គ្រា​គ្រប់​គ្រង​១.០០០​ឆ្នាំ?

      ៩ តើ​អ្នក​ណា​រួម​ចំណែក​ក្នុង​ការ​ចាត់​ចែង​អង្គការ​ផ្នែក​នៅ​ផែនដី? ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត បុគ្គល​ដែល​នាំ​មុខ​ក្នុង​ការ​គ្រប់​គ្រង​ក្រុង​បាន​ត្រូវ​ហៅ​ថា​«​មេ​ដឹក​នាំ​»។ (​អេគ. ៤៥:៧​) គាត់​ជា​អ្នក​ត្រួត​ពិនិត្យ​លើ​បណ្ដា​ជន តែ​គាត់​មិន​មែន​ជា​សង្ឃ​ឬ​ពួក​លេវី​ទេ។ មេ​ដឹក​នាំ​នេះ​ធ្វើ​ឲ្យ​យើង​គិត​ទៅ​ដល់​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ​សព្វ​ថ្ងៃ​ដែល​មិន​មែន​ជា​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង។ ពួក​គាត់​ជា​គង្វាល​ដែល​មាន​ទស្សនៈ​ដូច​ព្រះ​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចៀម​របស់​លោក។ ពួក​គាត់​មក​ពី​ចំណោម​«​ចៀម​ឯ​ទៀត​»​ ហើយ​ពួក​គាត់​បម្រើ​រដ្ឋាភិបាល​របស់​គ្រិស្ត​ដែល​នៅ​ស្ថាន​សួគ៌​ដោយ​ចិត្ត​រាប​ទាប។ (​យ៉ូន. ១០:១៦​) ក្នុង​អំឡុង​គ្រា​១.០០០​ឆ្នាំ​នៅ​ថ្ងៃ​ខាង​មុខ លោក​យេស៊ូ​នឹង​ជ្រើស​រើស ហើយ​តែង​តាំង​ពួក​អ្នក​ចាស់​ទុំ​ឬ​«​អ្នក​នាំ​មុខ​»​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​«​នៅ​ទូទាំង​ផែនដី​»។ (​ចសព. ៤៥:១៦​) ក្រោម​ការ​ដឹក​នាំ​នៃ​រាជាណាចក្រ​ស្ថាន​សួគ៌ ពួក​គាត់​នឹង​មើល​ថែ​រក្សា​រាស្ត្រ​របស់​ព្រះ​ក្នុង​អំឡុង​គ្រា​១.០០០​ឆ្នាំ។

      ​«​ព្រះ​យេហូវ៉ា​ស្ថិត​នៅ​ទី​នោះ​»​

      ១០. តើ​ក្រុង​នោះ​មាន​ឈ្មោះ​អ្វី? ហើយ​តើ​នេះ​ផ្ដល់​ការ​ធានា​អ្វី?

      ១០ សូម​អាន អេសេគាល ៤៨:៣៥។ ក្រុង​នោះ​មាន​ឈ្មោះ​ថា​«​ព្រះ​យេហូវ៉ា​ស្ថិត​នៅ​ទី​នោះ​»។ ឈ្មោះ​នេះ​ផ្ដល់​ការ​ធានា​ថា ព្រះ​យេហូវ៉ា​មាន​វត្តមាន​នៅ​ក្រុង​នោះ។ ដោយ​បង្ហាញ​អេសេគាល​នូវ​ក្រុង​ដែល​មាន​ទី​តាំង​នៅ​ចំ​កណ្ដាល ក្នុង​ន័យ​ម្យ៉ាង​ព្រះ​យេហូវ៉ា​ប្រាប់​ជន​និរទេស​ថា​៖ ‹ខ្ញុំ​នឹង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ម្ដង​ទៀត!›។ នេះ​ជា​ការ​ធានា​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​មែន!

      ១១. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ អំពី​ក្រុង​និង​ឈ្មោះ​នៃ​ក្រុង​នោះ?

      ១១ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​ផ្នែក​នេះ​នៃ​ទំនាយ​អេសេគាល? ឈ្មោះ​នៃ​ក្រុង​នេះ​ផ្ដល់​ការ​ធានា​ដល់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​ថា លោក​នៅ​ជា​មួយ​ពួក​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​លោក​នៅ​ផែនដី​នៅ​ឥឡូវ​នេះ​និង​ជា​រៀង​រហូត។ បន្ថែម​ទៅ​ទៀត ឈ្មោះ​ដ៏​មាន​ន័យ​ខ្លឹម​សារ​នេះ​ក៏​បញ្ជាក់​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ​ថា​ក្រុង​នេះ​បាន​ត្រូវ​ស្ថាបនា​ឡើង មិន​មែន​ដើម្បី​ឲ្យ​មនុស្ស​ណា​ម្នាក់​កាន់​អំណាច​ទេ តែ​ដើម្បី​ធ្វើ​តាម​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា​ដែល​សម​ហេតុ​សម​ផល​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​មិន​បាន​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ពួក​អ្នក​ចាត់​ចែង​អង្គការ​នេះ​ឲ្យ​បែង​ចែក​ដី​ធ្លី​តាម​តែ​ពួក​គេ​យល់​ថា​ត្រឹម​ត្រូវ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ពួក​អ្នក​ចាត់​ចែង​ទាំង​នោះ​ប្រគល់​ដី​ធ្លី​ឬ​ឯកសិទ្ធិ​ដែល​លោក​ផ្ទាល់​ប្រគល់​ឲ្យ​ដល់​ពួក​អ្នក​បម្រើ​លោក រួម​ទាំង​មនុស្ស​«​ទន់​ទាប​»​ផង​ដែរ។—សុភ. ១៩:១៧; អេគ. ៤៦:១៨; ៤៨:២៩

      ១២. ​(​ក​) តើ​អ្វី​ជា​លក្ខណៈ​ពិសេស​នៃ​ក្រុង​នេះ ហើយ​តើ​នេះ​បញ្ជាក់​អំពី​អ្វី? (​ខ​) តើ​ផ្នែក​នេះ​នៃ​ការ​បើក​បង្ហាញ​ផ្ដល់​ការ​រំលឹក​ដ៏​សំខាន់​អ្វី​ដល់​អ្នក​ត្រួត​ពិនិត្យ​ជា​គ្រិស្ត​សាសនិក?

      ១២ តើ​ក្រុង​ដែល​មាន​ឈ្មោះ​ថា​«​ព្រះ​យេហូវ៉ា​ស្ថិត​នៅ​ទី​នោះ​»​មាន​លក្ខណៈ​ពិសេស​មួយ​ទៀត​អ្វី? បណ្ដា​ក្រុង​នៅ​សម័យ​បុរាណ​មាន​កំពែង​ការ​ពារ ហើយ​មិន​សូវ​មាន​ខ្លោង​ទ្វារ​ច្រើន​ទេ តែ​ក្រុង​នេះ​មាន​ខ្លោង​ទ្វារ​ដល់​ទៅ​១២! (​អេគ. ៤៨:៣០​-​៣៤​) នៅ​ទិស​នីមួយ​ៗ​នៃ​ក្រុង​នោះ​មាន​ខ្លោង​ទ្វារ​បី។ ខ្លោង​ទ្វារ​ទាំង​នោះ​បញ្ជាក់​ថា​ពួក​អ្នក​ចាត់​ចែង​ក្រុង គឺ​ជា​មនុស្ស​ដែល​ស្រួល​ទាក់​ទង ហើយ​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​ជួយ​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ។ បន្ថែម​ទៅ​ទៀត ខ្លោង​ទ្វារ​១២​បង្ហាញ​ថា​ក្រុង​នេះ​បាន​ត្រូវ​បើក​ស្វាគមន៍​ដល់​មនុស្ស​គ្រប់​រូប គឺ​«​ពូជ​ពង្ស​អ៊ីស្រាអែល​ទាំង​អស់​»។ (​អេគ. ៤៥:៦​) ការ​ដែល​ក្រុង​នេះ​មាន​ខ្លោង​ទ្វារ​ច្រើន​និង​ស្រួល​ចូល ផ្ដល់​ការ​រំលឹក​ដ៏​សំខាន់​ដល់​អ្នក​ត្រួត​ពិនិត្យ​ជា​គ្រិស្ត​សាសនិក គឺ​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​គេ​ទៅ​ជា​មនុស្ស​រួស​រាយ​រាក់​ទាក់ ហើយ​ស្រួល​ទាក់​ទង​សម្រាប់​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប។

      អ្នកចាស់ទុំម្នាក់កំពុងនិយាយលេងជាមួយកូនក្មេងៗនៅសាលប្រជុំ ហើយកំពុងមើលគំនូរដែលពួកគេបានគូរ។

      អ្នក​ត្រួត​ពិនិត្យ​ជា​គ្រិស្ត​សាសនិក រួស​រាយ​រាក់​ទាក់ ហើយ​ស្រួល​ទាក់​ទង (សូម​មើល​វគ្គ​១២)

      រាស្ត្រ​របស់​ព្រះ​«​ចូល​ទៅ​គោរព​ប្រណិប័តន៍​»​ ហើយ​«​មាន​ភារកិច្ច​បម្រើ​នៅ​ក្រុង​នោះ​»​

      ១៣. តើ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​កិច្ច​បម្រើ​ផ្សេង​ៗ​ដែល​បណ្ដា​ជន​នឹង​ធ្វើ?

      ១៣ សូម​ឲ្យ​យើង​ស្រមៃ​គិត​ទៅ​ដល់​គ្រា​របស់​អេសេគាល​ម្ដង​ទៀត ហើយ​ស្វែង​យល់​ព័ត៌មាន​ល្អិត​ល្អន់ ដែល​គាត់​បាន​កត់​ទុក​អំពី​ការ​បែង​ចែក​ដី​ធ្លី​ដែល​គាត់​បាន​ឃើញ​យ៉ាង​ជាក់​លាក់​ក្នុង​គំនិត។ ព្រះ​យេហូវ៉ា​រៀប​រាប់​អំពី​អស់​អ្នក​ដែល​រួម​ចំណែក​ក្នុង​កិច្ច​បម្រើ​ផ្សេង​ៗ។ ពួក​សង្ឃ​ដែល​មាន​‹ភារកិច្ច​ចូល​ទៅ​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ឯ​វិហារ› ត្រូវ​ជូន​គ្រឿង​បូជា​ដល់​លោក។ រីឯ​ពួក​លេវី​ដែល​«​បម្រើ​នៅ​វិហារ​»​ ពួក​គេ​មាន​«​ភារកិច្ច​មើល​ថែ​វិហារ​និង​បំពេញ​កិច្ច​ការ​បន្ទាប់​បន្សំ​»​វិញ។ (​អេគ. ៤៤:១៤​-​១៦; ៤៥:៤, ៥​) បន្ថែម​ទៅ​ទៀត នៅ​ក្បែរ​ក្រុង​ក៏​មាន​អ្នក​ធ្វើ​ការ​យ៉ាង​សកម្ម​ដែរ។ តើ​ពួក​គេ​ជា​អ្នក​ណា?

      ១៤. តើ​ពួក​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្បែរ​ក្រុង​រំលឹក​យើង​អំពី​អ្វី?

      ១៤ ពួក​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្បែរ​ក្រុង​មក​ពី​«​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល​»។ ពួក​គេ​មាន​តួ​នាទី​ជួយ​ទំនុក​បម្រុង។ ភារកិច្ច​របស់​ពួក​គេ​គឺ​ភ្ជួរ​រាស់​ដាំ​ដុះ ដើម្បី​ផ្គត់​ផ្គង់​«​អាហារ​ដល់​ពួក​អ្នក​ដែល​បម្រើ​នៅ​ក្នុង​ក្រុង​»។ (​អេគ. ៤៨:១៨, ១៩​) តើ​ការ​រៀបចំ​នេះ​រំលឹក​យើង​អំពី​ឯកសិទ្ធិ​មួយ​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ​ទេ? ពិត​ជា​រំលឹក​មែន។ សព្វ​ថ្ងៃ​នេះ អស់​អ្នក​ដែល​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប មាន​ឯកសិទ្ធិ​គាំទ្រ​កិច្ច​បម្រើ​របស់​អ្នក​រើស​តាំង​ដែល​ជា​បង​ប្អូន​គ្រិស្ត និង​កិច្ច​បម្រើ​របស់​ពួក​អ្នក​ដែល​មក​ពី​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ឲ្យ​នាំ​មុខ។ (​បប. ៧:៩, ១០​) វិធី​សំខាន់​មួយ​ដែល​យើង​គាំទ្រ​ពួក​គាត់ គឺ​ធ្វើ​តាម​ការ​ណែនាំ​ពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​យ៉ាង​អស់​ពី​ចិត្ត។

      ១៥, ១៦. ​(​ក​) តើ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​មាន​ព័ត៌មាន​អ្វី​ទៀត​ដែល​យើង​អាច​ទាញ​មេ​រៀន? (​ខ​) តើ​យើង​មាន​ឱកាស​រួម​ចំណែក​ក្នុង​សកម្មភាព​អ្វី​ខ្លះ​ដែល​ស្រដៀង​នឹង​នោះ?

      ១៥ ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ មាន​ព័ត៌មាន​ល្អិត​ល្អន់​មួយ​ទៀត ដែល​យើង​អាច​ទាញ​មេ​រៀន​ស្ដី​អំពី​កិច្ច​បម្រើ​ផ្សាយ។ តើ​ព័ត៌មាន​នោះ​ជា​អ្វី? ព្រះ​យេហូវ៉ា​រៀប​រាប់​ថា​សមាជិក​មក​ពី​កុលសម្ព័ន្ធ​ទាំង​១២​ដែល​មិន​មែន​ជា​ពួក​លេវី នឹង​មាន​សកម្មភាព​នៅ​ទី​តាំង​ពីរ​កន្លែង គឺ​ក្នុង​ទី​ធ្លា​វិហារ និង​នៅ​លើ​ដី​ក្បែរ​ក្រុង។ តើ​ពួក​គេ​ធ្វើ​អ្វី​នៅ​ទី​តាំង​នីមួយ​ៗ​? នៅ​ទី​ធ្លា​វិហារ កុលសម្ព័ន្ធ​ទាំង​អស់​«​ចូល​ទៅ​គោរព​ប្រណិប័តន៍​»​ព្រះ​យេហូវ៉ា​ដោយ​ជូន​គ្រឿង​បូជា​ដល់​លោក។ (​អេគ. ៤៦:៩, ២៤​) នៅ​លើ​ដី​ក្បែរ​ក្រុង សមាជិក​នៃ​កុលសម្ព័ន្ធ​ទាំង​អស់​ចូល​ទៅ​ទំនុក​បម្រុង​ក្រុង​ដោយ​ភ្ជួរ​រាស់​ដាំ​ដុះ​នៅ​លើ​ដី​នោះ។ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​គំរូ​របស់​ពួក​គេ?

      ១៦ សព្វ​ថ្ងៃ​នេះ សមាជិក​នៃ​មនុស្ស​មួយ​ក្រុម​ធំ មាន​ឱកាស​រួម​ចំណែក​ក្នុង​សកម្មភាព​ផ្សេង​ៗ​ដែល​ស្រដៀង​នឹង​សកម្មភាព​របស់​ពួក​អ្នក​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ។ ពួក​គេ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​«​ក្នុង​វិហារ​របស់​លោក​»​ ដោយ​ជូន​លោក​នូវ​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា។ (​បប. ៧:៩​-​១៥​) ពួក​គេ​ធ្វើ​ដូច្នេះ​ដោយ​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ ហើយ​បង្ហាញ​ជំនឿ​ដោយ​ចូល​រួម​ឆ្លើយ​ក្នុង​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក។ ពួក​គេ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ដូច​នោះ ជា​ភារកិច្ច​ដ៏​សំខាន់​បំផុត។ (​១​ប្រ. ១៦:២៩​) បន្ថែម​ទៅ​ទៀត រាស្ត្រ​ជា​ច្រើន​របស់​ព្រះ​អាច​គាំទ្រ​អង្គការ​របស់​លោក តាម​របៀប​ផ្សេង​ៗ​ទៀត។ ជា​ឧទាហរណ៍ ពួក​គេ​ជួយ​សាង​សង់​និង​ថែ​ទាំ​សាល​ប្រជុំ និង​អគារ​ការិយាល័យ​សាខា។ ពួក​គេ​ក៏​ជួយ​ក្នុង​គម្រោង​ផ្សេង​ៗ​ទៀត​របស់​អង្គការ​ព្រះ​យេហូវ៉ា​ដែរ ហើយ​បង​ប្អូន​ឯ​ទៀត​ជួយ​គាំទ្រ​គម្រោង​ទាំង​នោះ​ដោយ​ជូន​វិភាគទាន។ កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​បាន​ធ្វើ ប្រៀប​ដូច​ជា​ពួក​គេ​ភ្ជួរ​រាស់​ដាំ​ដុះ​លើ​ដី​ក្រុង​ដើម្បី​ឲ្យ​«​ព្រះ​ទទួល​ការ​សរសើរ​តម្កើង​»។ (​១​កូ. ១០:៣១​) ពួក​គេ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដោយ​ខ្នះ​ខ្នែង​និង​ដោយ​អំណរ ព្រោះ​ពួក​គេ​ដឹង​ថា​ព្រះ​យេហូវ៉ា​«​ពេញ​ចិត្ត​គ្រឿង​បូជា​បែប​នេះ​»។ (​ហេ. ១៣:១៦​) តើ​អ្នក​កំពុង​ចាប់​យក​ឱកាស​ទាំង​នោះ​យ៉ាង​ពេញ​លេញ​ទេ?

      បណ្ដាជនកំពុងនាំយកផលស្រូវ និងកំពុងថែរក្សាសត្វគោនិងចៀមនៅក្បែរខ្លោងទ្វារក្រុងដែលមានឈ្មោះថា‹ព្រះយេហូវ៉ាស្ថិតនៅទីនោះ›។

      តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​ការ​ពណ៌នា​របស់​អេសេគាល​អំពី​សកម្មភាព​ផ្សេង​ៗ​នៅ​ក្បែរ​ខ្លោង​ទ្វារ​ក្រុង? (សូម​មើល​វគ្គ​១៤​-​១៦)

      ​«​យើង​កំពុង​ទន្ទឹង​រង់​ចាំ​មេឃ​ថ្មី​និង​ផែនដី​ថ្មី​»​

      ១៧. ​(​ក​) ស្ដី​អំពី​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ តើ​នឹង​មាន​ការ​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង​អ្វី​ដែល​យើង​នឹង​ឃើញ​នៅ​ថ្ងៃ​អនាគត? (​ខ​) ក្នុង​អំឡុង​គ្រា​គ្រប់​គ្រង​១.០០០​ឆ្នាំ តើ​អ្នក​ណា​នឹង​ទទួល​ប្រយោជន៍​ពី​អង្គការ​ផ្នែក​នៅ​ផែនដី?

      ១៧ នៅ​ថ្ងៃ​អនាគត តើ​យើង​នឹង​ឃើញ​ការ​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង​នៃ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​អំពី​ដី​វិភាគទាន​ឬ​ទេ? ពិត​ជា​នឹង​ឃើញ​មែន! សូម​គិត​អំពី​ចំណុច​នេះ អេសេគាល​បាន​ឃើញ​ដី​មួយ​ចំណែក​ដែល​ហៅ​ថា​«​វិភាគទាន​បរិសុទ្ធ​»​ ហើយ​ដី​នោះ​មាន​ទី​តាំង​នៅ​ចំ​កណ្ដាល​តែ​ម្ដង។ (​អេគ. ៤៨:១០​) ស្រដៀង​គ្នា​ដែរ ក្រោយ​សង្គ្រាម​អាម៉ាគេដូន ទោះ​ជា​យើង​រស់​នៅ​កន្លែង​ណា​ក៏​ដោយ​នៅ​ផែនដី ព្រះ​យេហូវ៉ា​នឹង​នៅ​ជា​មួយ​យើង។ (​បប. ២១:៣​) ក្នុង​អំឡុង​គ្រា​១.០០០​ឆ្នាំ អង្គការ​ផ្នែក​នៅ​ផែនដី​នឹង​ត្រូវ​ចាត់​ចែង​ដោយ​អស់​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​មើល​ថែ​រាស្ត្រ​របស់​ព្រះ។ ពួក​គេ​នឹង​ចាត់​ចែង​កិច្ច​ការ​នៅ​ទូទាំង​ផែនដី ដោយ​ផ្ដល់​ការ​ណែនាំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដល់​ពួក​អ្នក​ដែល​រួម​ចំណែក​ជា​«​ផែនដី​ថ្មី​»​ឬ​សង្គម​មនុស្ស​ថ្មី។—២​ពេ. ៣:១៣

      ១៨. ​(​ក​) ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​អង្គការ​ផ្នែក​នៅ​ផែនដី​នឹង​ដំណើរ​ការ​ស្រប​តាម​ការ​គ្រប់​គ្រង​របស់​ព្រះ? (​ខ​) តើ​ឈ្មោះ​នៃ​ក្រុង​នោះ​ផ្ដល់​ការ​ធានា​អ្វី​ដល់​យើង?

      ១៨ ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​អង្គការ​ផ្នែក​នៅ​ផែនដី​នឹង​បន្ត​ដំណើរ​ការ​ស្រប​តាម​ការ​គ្រប់​គ្រង​របស់​ព្រះ​ទាំង​ស្រុង? ពីព្រោះ​បណ្ដាំ​របស់​ព្រះ​ចែង​យ៉ាង​ច្បាស់​ថា ក្រុង​នៅ​ផែនដី​ដែល​មាន​ខ្លោង​ទ្វារ​១២ ឆ្លុះ​បញ្ចាំង​អំពី​ក្រុង​នៅ​ស្ថាន​សួគ៌​ដែល​មាន​ខ្លោង​ទ្វារ​១២ ពោល​គឺ​ក្រុង​យេរូសាឡិម​ថ្មី​ដែល​មាន​១៤៤.០០០​នាក់​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត។ (​បប. ២១:២, ១២, ២១​-​២៧​) នេះ​បញ្ជាក់​ថា​អង្គការ​ផ្នែក​នៅ​ផែនដី​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ទាំង​អស់​ស្រប​តាម​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌ ហើយ​នឹង​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​ទាំង​នោះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ឈ្មោះ​នៃ​ក្រុង​ដែល​ថា​«​ព្រះ​យេហូវ៉ា​ស្ថិត​នៅ​ទី​នោះ​»​ ផ្ដល់​ការ​ធានា​ដល់​យើង​ម្នាក់​ៗ​ថា​ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​រីក​ដុះ​ដាល ហើយ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន។ នោះ​ជា​អនាគត​ដ៏​អស្ចារ្យ​ណាស់​សម្រាប់​យើង!

      តួ​នាទី​របស់​អ្នក​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត

      1. ១. ស្ដី​អំពី​ដី​វិភាគទាន​ទុក​ជូន​ព្រះ​យេហូវ៉ា តើ​អ្វី​គួរ​តែ​មាន​អាទិភាព​ក្នុង​ជីវិត​របស់​អ្នក?

      2. ២. តើ​តាម​របៀប​ណា​អ្នក​អាច​គាំទ្រ​សកម្មភាព​របស់​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់?

      3. ៣. តើ​អ្នក​ចាត់​ទុក​អ្វី​ជា​ភារកិច្ច​ដ៏​សំខាន់​បំផុត?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក