ជំនឿមិនពិតទី៥: ម៉ារៀជាម្ដាយរបស់ព្រះ
តើអ្វីជាប្រភពដើមនៃជំនឿមិនពិតនោះ? «ការគោរពបូជាម្ដាយរបស់ព្រះបានចាប់ផ្ដើមឡើង ពេលបណ្ដាជនជាច្រើនពីសាសនាផ្សេងៗចាប់ផ្ដើមចូលគ្រិស្តសាសនា។ . . . ពួកគេ[បណ្ដាជនដែលបានចូលគ្រិស្តសាសនា]ធ្លាប់កាន់សាសនាដែលគោរពបូជាព្រះដែលជា‹ព្រះមាតាដ៏ខ្ពង់ខ្ពស់›និង‹ទេពធីតា›អស់រាប់ពាន់ឆ្នាំមកហើយ។ ហេតុនេះហើយ ពួកគេមានជំនឿលើព្រះ ហើយយកចិត្តទុកដាក់នឹងសាសនា» (The New Encyclopædia Britannica (1988), Volume 16, pages 326 and 327)។
តើគម្ពីរបង្រៀនយ៉ាងណា? «នាងនឹងមានគភ៌ប្រសូតបានបុត្រា១ ដែលនាងត្រូវថ្វាយព្រះនាមថា‹យេស៊ូវ›។ បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត . . . ហេតុដូច្នេះ បុត្របរិសុទ្ធដែលនឹងប្រសូតមកនោះ ត្រូវហៅថាជាព្រះរាជបុត្រានៃព្រះ»។—កំណែជាអក្សរទ្រេត; លូកា ១:៣១-៣៥, សមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ
បទគម្ពីរនោះបញ្ជាក់ច្បាស់ថា ម៉ារៀត្រូវជាម្ដាយរបស់«បុត្រានៃព្រះ» មិនមែនម្ដាយរបស់ព្រះទេ។ គម្ពីរចែងថា៖ ‹ផ្ទៃមេឃ នឹងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់នៅផង›។ បើដូច្នេះ តើព្រះអាចនៅក្នុងផ្ទៃរបស់នាងម៉ារៀយ៉ាងដូចម្ដេចបាន? (ពង្សាវតារក្សត្រទី១ ៨:២៧) នាងមិនដែលអះអាងថាខ្លួនជាម្ដាយរបស់ព្រះឡើយ។ មូលហេតុដែលមានការភាន់ច្រឡំអំពីអត្តសញ្ញាណរបស់ម៉ារៀ គឺដោយសារសេចក្ដីបង្រៀនថាព្រះគឺបុគ្គលបីរួមតែមួយ។ នៅឆ្នាំ៤៣១ គ.ស. ពេលដែលក្រុមប្រឹក្សាក្រុងអេភេសូរបានប្រកាសថាម៉ារៀជាទីអូតូកុស (ពាក្យភាសាក្រិចមានន័យថា «អ្នកផ្ដល់កំណើតឲ្យព្រះ»)ឬ«ម្ដាយរបស់ព្រះ» នោះពួកគេបានបំផុសគំនិតមនុស្សឲ្យគោរពបូជាម៉ារៀ។ ក្រុងអេភេសូរជាកន្លែងក្រុមប្រឹក្សាគ្រិស្តសាសនានោះបានជួបជុំគ្នា តែអស់រាប់រយឆ្នាំមុននោះ ធ្លាប់ជាមណ្ឌលសម្រាប់ការគោរពបូជារូបព្រះអាតេមីស ជាទេពធីតាដែលផ្ដល់សមត្ថភាពឲ្យបង្កើតកូនច្រើន។
ហេតុនេះ ក្បួនដង្ហែនិងលក្ខណៈជាច្រើនឯទៀតនៃការគោរពបូជារូបចម្លាក់ព្រះអាតេមីស «ដែលបានធ្លាក់ពីលើមេឃ» ក៏បានត្រូវរួមបញ្ចូលក្នុងការគោរពបូជាម៉ារៀដែរ។ (សកម្មភាព ១៩:៣៥) បន្ដិចម្ដងៗ គ្រិស្តសាសនាក៏ចាប់ផ្ដើមមានទំនៀមទម្លាប់មួយទៀតក្នុងការគោរពប្រណិប័តន៍ដែរ ពោលគឺការប្រើរូបព្រះផ្សេងៗដូចរូបចម្លាក់ម៉ារៀជាដើម។
សូមអានបទគម្ពីរ: ម៉ាថាយ ១៣:៥៣-៥៦; ម៉ាកុស ៣:៣១-៣៥; លូកា ១១:២៧, ២៨
ការពិត:
ម៉ារៀត្រូវជាម្ដាយរបស់បុត្រនៃព្រះ មិនមែនម្ដាយរបស់ព្រះទេ ជំនឿមិនពិតថាព្រះគឺបុគ្គលបីរួមគ្នាតែមួយ បាននាំឲ្យមនុស្សគោរពបូជាម៉ារៀទុកជាម្ដាយរបស់ព្រះ