បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/៥ ទំ. ៣១-៣២
  • ពួកគាត់បានកាន់ជំហរមាំមួនក្នុងអំឡុង«គ្រាល្បងល»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពួកគាត់បានកាន់ជំហរមាំមួនក្នុងអំឡុង«គ្រាល្បងល»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/៥ ទំ. ៣១-៣២

អនុស្សាវរីយ៍​ពី​សម័យ​មុន

ពួក​គាត់​បាន​កាន់​ជំហរ​មាំ​មួន​ក្នុង​អំឡុង​«​គ្រា​ល្បង​ល​»​

ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១ មនុស្ស​ជា​ច្រើន​នាក់​ដឹង​ថា និស្សិត​គម្ពីរ​មិន​ចូល​រួម​ធ្វើសង្គ្រាម​ទេ។ (​អេ. ២:២​-​៤; យ៉ូន. ១៨:៣៦; អេភ. ៦:១២​) តើ​មាន​អ្វី​កើត​ឡើង​ដល់​អ្នក​បម្រើ​របស់​ព្រះ​នៅ​ប្រទេស​អង់គ្លេស?

នៅ​ឆ្នាំ​១៩១៦ មាន​ច្បាប់​មួយ​បាន​ត្រូវ​អនុម័ត​នៅ​ប្រទេស​អង់គ្លេស ច្បាប់​នេះ​ចែង​ថា បុរស​ដែល​មិន​ទាន់​រៀប​ការ​ចាប់​ពី​អាយុ​១៨​ឆ្នាំ​រហូត​ដល់​៤០​ឆ្នាំ គួរ​ធ្វើ​ជា​ទាហាន។ ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​អស់​អ្នក​ដែល​បដិសេធ​ដោយ​សារ​«​សាសនា​ឬ​ដោយ​សារ​សមត្ថភាព​វិនិច្ឆ័យ​របស់​ពួក​គេ​មិន​អនុញ្ញាត​»​រួច​ពី​កាតព្វកិច្ច​យោធា។ រដ្ឋាភិបាល​បាន​បង្កើត​តុលាការ​ដើម្បី​សម្រេច​ថា​អ្នក​ណា​អាច​រួច​ពី​កាតព្វកិច្ច​យោធា​និង​ថា​តើ​ពួក​គេ​អាច​រួច​ក្នុង​កម្រិត​ណា។

ទោះ​ជា​ច្បាប់​នេះ​បាន​ត្រូវ​អនុម័ត​ហើយ​ក៏​ដោយ និស្សិត​គម្ពីរ​ខ្លះ​មិន​បាន​រួច​ពី​ការ​បំពេញ​កាតព្វកិច្ច​យោធា​ឡើយ ហេតុ​នេះ​និស្សិត​គម្ពីរ​ប្រហែលជា​៤០​នាក់​បាន​ត្រូវ​ជាប់​គុក ហើយ​៨​នាក់​ទៀត​បាន​ត្រូវ​បញ្ជូន​ទៅ​សមរភូមិ​នៅ​ប្រទេស​បារាំង។ ទង្វើ​ដ៏​អយុត្ដិធម៌​នេះ​បាន​ធ្វើ​ឲ្យ​បង​ប្អូន​នៅ​ប្រទេស​អង់គ្លេស​សរសេរ​សំបុត្រ​ទៅ​នាយក​រដ្ឋ​មន្ត្រី​ហឺ​បឺត អាសហ្គីត តវ៉ា​នឹង​ការ​ចាប់​ដាក់​គុក​នេះ ហើយ​ក្នុង​សំបុត្រ​នោះ​រួម​មាន​ហត្ថលេខា​របស់​មនុស្ស​៥.៥០០​នាក់​ដែរ។

ក្រោយ​មក​មាន​ដំណឹង​ថា​និស្សិត​គម្ពីរ​ទាំង​៨​នាក់​ដែល​បាន​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​បារាំង បាន​ត្រូវ​កាត់​ទោស​ឲ្យ​ស្លាប់​ដោយ​បាញ់​សម្លាប់ ដោយ​សារ​ពួក​គាត់​មិន​ព្រម​ច្បាំង​ក្នុង​សមរភូមិ។ ប៉ុន្តែ​ពេល​ដែល​បង​ប្រុស​ទាំង​នោះ​ឈរ​ជា​ជួរ​ដើម្បី​ឲ្យ​ទាហាន​បាញ់​សម្លាប់ គេ​បាន​ប្ដូរ​ទោស​ពួក​គាត់​ទៅ​ជា​ជាប់​គុក​១០​ឆ្នាំ​វិញ។ ពួក​គាត់​បាន​ត្រឡប់​មក​ប្រទេស​អង់គ្លេស​វិញ​ដើម្បី​ជាប់​គុក​ស៊ី​វិល។

កាល​ដែល​សង្គ្រាម​នៅ​តែ​អូស​បន្លាយ ច្បាប់​នោះ​បាន​ត្រូវ​ប្ដូរ​ដោយ​ឲ្យ​បុរស​ដែល​រៀប​ការ​ហើយ​ចូល​រួម​ធ្វើសង្គ្រាម។ គេ​បាន​សាកល្បង​លើក​រឿង​ក្ដី​មួយ​ទៅ​តុលាការ​នៅ​ក្រុង​ម៉ានឆេស្ទើ​នៅ​ប្រទេស​អង់គ្លេស ចុង​ចោទ​ក្នុង​រឿង​ក្ដី​នេះ​គឺ​បង​ប្រុស​ហេនរី ហ៊ូតសុន ដែល​ជា​គ្រូ​ពេទ្យ និង​ជា​និស្សិត​គម្ពីរ។ នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​១៩១៦ តុលាការ​បាន​កាត់​សេចក្ដី​ថា​ពួក​គាត់​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​រដ្ឋាភិបាល​តម្រូវ បាន​ផាកពិន័យ ហើយ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ជា​ទាហាន។ នៅ​ពេល​ដំណាល​គ្នា​នោះ មាន​ដំណឹង​ថា​មាន​រឿង​ក្ដី​មួយ​ទៀត​នៅ​ក្រុង​អេដិនបឺក នៅ​ប្រទេស​ស្កុតលែន។ ជេម ស្កុត​ដែល​មាន​អាយុ​២៥​ឆ្នាំ​ដែល​ជា​អ្នក​ត្រួស​ត្រាយ មិន​បាន​ត្រូវ​រក​ឃើញ​ថា​មាន​កំហុស​ទេ។ រាជរដ្ឋាភិបាល​ចង់​លើក​រឿង​នេះ​ទៅ​សាលាឧទ្ធរណ៍ ប៉ុន្តែ​ពួក​គេ​បាន​ឈប់​ប្ដឹង​តវ៉ា​បន្ត​ទៀត ដើម្បី​ផ្ដោត​អារម្មណ៍​ទៅ​លើ​រឿង​ក្ដី​មួយ​ទៀត​ដែល​គេ​សាកល្បង​វិនិច្ឆ័យ​នៅ​ក្រុង​ឡុងដ៍។ ម្ដង​នេះ​បង​ប្រុស​ម្នាក់​ឈ្មោះ​ហឺបឺត ឃីប​បាន​ត្រូវ​រក​ឃើញ​ថា​មាន​កំហុស បាន​ត្រូវ​ផាកពិន័យ ហើយ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ជា​ទាហាន។

នៅ​ខែ​កញ្ញា ឆ្នាំ​១៩១៦​មាន​បង​ប្អូន​ទាំង​អស់​២៦៤​នាក់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ដើម្បី​រួច​ពី​កាតព្វកិច្ច​យោធា។ ហេតុ​នេះ មាន​បង​ប្អូន​៥​នាក់​បាន​ត្រូវ​ដោះ​លែង ១៥៤​នាក់​បាន​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​«​ធ្វើ​កិច្ចការ​ដែល​ជា​ប្រយោជន៍​ដល់​ជាតិ​»​ ២៣​នាក់​ត្រូវ​ទៅ​ធ្វើ​ជា​ទាហាន​ដែល​មិន​ចាំ​បាច់​ចូល​ច្បាំង ៨២​នាក់​បាន​ត្រូវ​បញ្ជូន​ឲ្យ​ធ្វើ​ជា​កង​ទ័ព ហើយ​ខ្លះ​ទៀត​កាត់​ទោស​ដោយ​តុលាការ​យោធា ក្រោយ​មក​បាន​ជាប់​គុក។ មនុស្ស​ជា​ច្រើន​នាក់​បាន​ជំទាស់​នឹង​ការ​ប្រព្រឹត្ត​យ៉ាង​សាហាវ​ទៅ​លើ​បុរស​ទាំង​នេះ ដូច្នេះ​រដ្ឋាភិបាល​បាន​បញ្ជូន​ពួក​គេ​ពី​គុក​ដែល​គ្រប់​គ្រង​ដោយ​យោធា​ទៅ​ជំ​រុំ​ធ្វើ​ការងារ​ស៊ី​វិល​វិញ។

បង​អេតហ្គឺ ក្លេ និង​បង​ប្រៃស៍ យូស ដែល​ក្រោយ​មក​បាន​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ការិយាល័យ​សាខា​នៅ​ប្រទេស​អង់គ្លេស បាន​ធ្វើ​ទំនប់​ទឹក​នៅ​តំបន់​វ៉េលស៍។ ម្យ៉ាង​ទៀត ហឺបឺត ស៊ីនយឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​៨​នាក់​ដែល​បាន​ត្រឡប់​ពី​ប្រទេស​បារាំង​វិញ បាន​ត្រូវ​បញ្ជូន​ទៅ​គុក​ឈ្មោះ​វ៉េកឃឺហ្វីល នៅ​តំបន់​យ៉កស៊ីអឺ។ អ្នក​ឯ​ទៀត​បាន​ត្រូវ​បញ្ជូន​ឲ្យ​ធ្វើ​ជា​កម្មករ​ក្រោម​ស្ថានភាព​យ៉ាង​លំបាក​វេទនា​នៅ​ក្នុង​គុក​ឈ្មោះ​ដាតម័រ ជាកន្លែង​ដែល​ពោរ​ពេញ​ទៅ​ដោយ​អ្នក​ជាប់​គុក​ដោយ​សារ​សមត្ថភាព​វិនិច្ឆ័យ​របស់​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​ទាហាន។

ហ្វ្រេង ផ្លាត​គឺជា​និស្សិត​គម្ពីរ​ម្នាក់​ដែល​បាន​យល់​ព្រម​បំពេញ​ភារកិច្ច​ណា​ដែល​មិន​ទាក់​ទង​នឹង​ការ​ធ្វើសង្គ្រាម បាន​រង​ការ​បៀតបៀន​យ៉ាង​សាហាវ​ឃោរឃៅ​អស់​រយៈ​ពេល​យ៉ាង​យូរ ដោយ​សារ​គាត់​បាន​បដិសេធ​មិន​ព្រម​ប្រយុទ្ធ​គ្នា​ពេល​ដែល​គេ​បញ្ជា​ឲ្យ​គាត់​ធ្វើ​ដូច្នេះ។ អេគឺសឺន ប៉ាជឺត​ដែល​បាន​រៀន​សេចក្ដី​ពិត​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​គាត់​បាន​ចូល​ធ្វើ​ទាហាន ក៏​បាន​រង​ទណ្ឌកម្ម​យ៉ាង​សាហាវ​ដែរ​ពី​ពួក​មេ​ទាហាន ដោយ​សារ​គាត់​មិន​ព្រម​ចេញ​ច្បាំង។

ទោះ​ជា​បង​ប្អូន​យើង​នៅ​សម័យ​នោះ​មិន​យល់​យ៉ាង​ពេញ​លេញ​ថា​ការ​កាន់​ជំហរ​អព្យាក្រឹត​ក្នុង​រឿង​នយោបាយ​ទាក់​ទង​នឹង​រឿង​អ្វី​ខ្លះ​ក៏​ដោយ ពួក​គាត់​ខំ​ប្រឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ បង​ប្អូន​ដែល​មាន​ឈ្មោះ​ក្នុង​អត្ថបទ​នេះ​បាន​ទុក​គំរូ​យ៉ាង​ល្អ​ស្តី​អំពី​ការ​កាន់​ជំហរ​អព្យាក្រឹត​ក្នុង​រឿង​នយោបាយ​ក្នុង​អំឡុង​«​គ្រា​ល្បង​ល​»​យ៉ាង​ខ្លាំង។ (​បប. ៣:១០​) (​ដក​ស្រង់​ចេញ​ពី​អនុស្សាវរីយ៍​ពី​សម័យ​មុន​នៅ​ប្រទេស​អង់គ្លេស​)។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក