តើសត្រូវរបស់គ្រិស្តជាអ្នកណា?
ភាពយន្តថ្មីមួយដែលគួរឲ្យរន្ធត់ មានចំណងជើងថាសត្រូវរបស់គ្រិស្ត។
ក្រុមតន្ត្រីមួយដ៏មានប្រជាប្រិយភាព បានដាក់ឈ្មោះអាល់ប៊ុមមួយរបស់ពួកគេថាតារាល្បីសត្រូវរបស់គ្រិស្ត។
ទស្សនវិទូម្នាក់នៅសតវត្សរ៍ទី១៩ ឈ្មោះហ្វ្រីឌ្រីចនីហ្សឺ បានដាក់ឈ្មោះសៀវភៅមួយរបស់គាត់ថាសត្រូវរបស់គ្រិស្ត។
នាយុគសម័យកណ្ដាល ស្តេចនិងអធិរាជច្រើនតែហៅសត្រូវរបស់ខ្លួនថា សត្រូវរបស់គ្រិស្ត។
អ្នកដឹកនាំចលនាកែប្រែសាសនាកាតូលិក ជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះម៉ាថិន លូទែរ បានដាក់ងារឲ្យសម្ដេចប៉ាបសាសនាកាតូលិកថា សត្រូវរបស់គ្រិស្ត។
ពាក្យ«សត្រូវរបស់គ្រិស្ត»បានត្រូវគេប្រើយូរមកហើយសម្រាប់អ្វីផ្សេងៗ។ អ្នកដែលប្រើពាក្យនេះមានស្តេចនិងអធិរាជ ហើយពាក្យនេះបានត្រូវប្រើជាចំណងជើងភាពយន្តទៀតផង។ ដូច្នេះ នេះនាំឲ្យយើងឆ្ងល់ថា តើសត្រូវរបស់គ្រិស្តជាអ្នកណា? តើពាក្យនេះទាក់ទងយ៉ាងណានឹងយើងនៅសព្វថ្ងៃនេះ? គឺជាការសមហេតុសមផលដែលយើងស្វែងរកអត្តសញ្ញាណនៃសត្រូវរបស់គ្រិស្តក្នុងគម្ពីរ ព្រោះពាក្យនេះបានត្រូវរៀបរាប់៥ដងក្នុងគម្ពីរ។
សត្រូវរបស់គ្រិស្តបានត្រូវបកអាក្រាត
មានអ្នកសរសេរគម្ពីរតែម្នាក់ប៉ុណ្ណោះ ដែលបានប្រើពាក្យ«សត្រូវរបស់គ្រិស្ត»។ គាត់គឺជាសាវ័កយ៉ូហាន។ តើគាត់បានពិពណ៌នាយ៉ាងណាអំពីសត្រូវរបស់គ្រិស្ត? សូមកត់សម្គាល់ពាក្យទាំងនេះក្នុងសំបុត្រទី១របស់យ៉ូហាន ខនោះសរសេរថា៖ «កូនៗអើយ! នេះគឺជាពេលវេលាចុងក្រោយ ហើយអ្នកបានឮថាសត្រូវរបស់គ្រិស្តនឹងមក។ សូម្បីតែឥឡូវនេះ សត្រូវរបស់គ្រិស្តបានលេចមកជាច្រើន។ ហេតុដូច្នេះយើងដឹងថា នេះជាពេលវេលាចុងក្រោយ។ ពួកគេបានចេញពីចំណោមយើងទៅ តែពួកគេមិនមែនជាគ្នាយើងទេ . . . តើអ្នកណាជាអ្នកកុហក បើមិនមែនអ្នកដែលមិនព្រមទទួលស្គាល់លោកយេស៊ូថាជាគ្រិស្ត? អ្នកណាដែលមិនព្រមទទួលស្គាល់បិតាដែលស្ថិតនៅស្ថានសួគ៌និងបុត្ររបស់លោក អ្នកនោះគឺជាសត្រូវរបស់គ្រិស្ត»។—យ៉ូហានទី១ ២:១៨, ១៩, ២២
សាវ័កយ៉ូហានបានយល់ថាសត្រូវរបស់គ្រិស្ត គឺជាអស់អ្នកដែលមានចេតនាផ្សព្វផ្សាយពាក្យភូតភរខាងសាសនាអំពីលោកយេស៊ូគ្រិស្ត និងសេចក្ដីបង្រៀនរបស់លោកយេស៊ូ
តើយើងទាញមេរៀនអ្វីពីពាក្យទាំងនេះ? យ៉ូហានបានរៀបរាប់ថាមាន«សត្រូវរបស់គ្រិស្ត . . . ជាច្រើន»។ នេះបញ្ជាក់ថាសត្រូវរបស់គ្រិស្តគឺមិនមែនជាបុគ្គលតែម្នាក់នោះទេ តែជាក្រុមវិញ។ មនុស្សឬអង្គការដែលនៅក្នុងក្រុមសត្រូវរបស់គ្រិស្តឃោសនាពាក្យកុហក និងមិនទទួលស្គាល់ថាលោកយេស៊ូជាគ្រិស្តឬជាមេស្ស៊ីទេ។ ពួកគេព្យាយាមធ្វើឲ្យមនុស្សយល់ខុសអំពីទំនាក់ទំនងរវាងព្រះនិងលោកយេស៊ូគ្រិស្តជាបុត្ររបស់លោក។ អ្នកទាំងនោះដែលជាសត្រូវរបស់គ្រិស្តអះអាងថាខ្លួនជាគ្រិស្ត ឬជាអ្នកតំណាងគ្រិស្ត។ ប៉ុន្តែ ដោយសារ«ពួកគេបានចេញពីចំណោមយើងទៅ» ពួកគេបែរចេញពីសេចក្ដីបង្រៀនពិតក្នុងគម្ពីរ។ បន្ថែមពីនោះទៀត ក្រុមនេះបានមានរួចហើយនៅគ្រាដែលយ៉ូហានបានសរសេរសំបុត្ររបស់គាត់ គឺក្នុង«ពេលវេលាចុងក្រោយ»។ ពេលវេលានោះទំនងជាគ្រាចុងក្រោយដែលមានពួកសាវ័ក។
តើយ៉ូហានបានសរសេរអ្វីទៀតដែលសំដៅទៅលើសត្រូវរបស់គ្រិស្ត? ពេលដែលគាត់និយាយអំពីអ្នកប្រកាសទំនាយមិនពិត គាត់បានព្រមានថា៖ «បណ្ដាំណាដែលបញ្ជាក់ថា លោកយេស៊ូគ្រិស្តធ្លាប់បានមកកើតជាមនុស្ស បណ្ដាំនោះមកពីព្រះ។ ក៏ប៉ុន្តែ បណ្ដាំណាដែលមិនបញ្ជាក់ដូច្នេះអំពីលោកយេស៊ូ បណ្ដាំនោះមិនមែនមកពីព្រះទេ។ ម្យ៉ាងទៀត បណ្ដាំនោះមកពីសត្រូវរបស់គ្រិស្ត និងជាបណ្ដាំដែលអ្នកបានឮថានឹងមកដល់។ ឥឡូវនេះបណ្ដាំនោះនៅក្នុងពិភពលោកហើយ»។ (យ៉ូហានទី១ ៤:២, ៣) រួចមក ក្នុងសំបុត្រទី២របស់យ៉ូហាន គាត់បានលើកឡើងចំណុចនេះម្ដងទៀតថា៖ «មានអ្នកបោកបញ្ឆោតជាច្រើនបានលេចមកក្នុងពិភពលោកនេះ។ អ្នកទាំងនោះមិនព្រមទទួលស្គាល់ថា លោកយេស៊ូគ្រិស្តធ្លាប់បានមកកើតជាមនុស្សទេ។ គឺអ្នកទាំងនោះហើយ ដែលជាអ្នកបោកបញ្ឆោត និងជាសត្រូវរបស់គ្រិស្ត»។ (យ៉ូហានទី២ ៧) ប្រាកដណាស់ យ៉ូហានបានយល់ថាសត្រូវរបស់គ្រិស្ត គឺជាអស់អ្នកដែលមានចេតនាផ្សព្វផ្សាយពាក្យភូតភរខាងសាសនាអំពីលោកយេស៊ូគ្រិស្ត និងសេចក្ដីបង្រៀនរបស់លោកយេស៊ូ។
«អ្នកប្រកាសទំនាយមិនពិត»និង«បុរសប្រឆាំងច្បាប់»
ជាយូរមុនយ៉ូហានបានសរសេរ អំពីពួកអ្នកបោកបញ្ឆោតខាងសាសនាទាំងនេះ លោកយេស៊ូគ្រិស្តបានឲ្យដំបូន្មានដល់អ្នកកាន់តាមលោកថា៖ «ចូរប្រយ័ត្នចំពោះអ្នកប្រកាសទំនាយមិនពិត ដែលមកឯអ្នករាល់គ្នាដោយក្លែងខ្លួនជាសត្វចៀម ប៉ុន្តែតាមពិត ជាឆ្កែចចកអត់ឃ្លានវិញ»។ (ម៉ាថាយ ៧:១៥) សាវ័កប៉ូលក៏បានព្រមានស្រដៀងនឹងនោះដែរចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិចថា៖ «កុំឲ្យអ្នកណាល្បួងលួងលោមអ្នករាល់គ្នាឲ្យសោះ ពីព្រោះលុះត្រាតែការក្បត់ជំនឿកើតឡើងជាមុនសិន ហើយបុរសប្រឆាំងច្បាប់ ពោលគឺកូននៃសេចក្ដីហិនវិនាសត្រូវបង្ហាញឲ្យឃើញ ទើប[ថ្ងៃនៃព្រះយេហូវ៉ា]មកដល់»។—ថែស្សាឡូនិចទី២ ២:៣
ដូច្នេះ នៅសតវត្សរ៍ទី១អ្នកប្រកាសទំនាយមិនពិតនិងអ្នកក្បត់ជំនឿកំពុងមានសកម្មភាពរួចហើយ ពួកគេខំព្យាយាមធ្វើឲ្យបងប្អូនក្នុងក្រុមជំនុំគ្រិស្តសាសនិកបែកបាក់គ្នា។ «សត្រូវរបស់គ្រិស្ត»ដែលយ៉ូហានបានប្រាប់ រួមបញ្ចូលពួកអ្នកដែលចូលរួមឃោសនាពាក្យភូតភរ និងពាក្យបោកបញ្ឆោតខាងសាសនាអំពីលោកយេស៊ូគ្រិស្តនិងសេចក្ដីបង្រៀនរបស់លោក។ ទស្សនៈរបស់ព្រះយេហូវ៉ាចំពោះពួកគេគឺបានត្រូវបង្ហាញ ពេលប៉ូលរៀបរាប់អំពីពួកគេថា«កូននៃសេចក្ដីហិនវិនាស»។
ចូរប្រយ័ត្ននឹងសកម្មភាពនៃសត្រូវរបស់គ្រិស្តនៅសព្វថ្ងៃនេះ
ចុះយ៉ាងណានៅសព្វថ្ងៃនេះ? មនុស្សនិងអង្គការដែលនៅក្នុងក្រុមសត្រូវរបស់គ្រិស្តនៅតែប្រឆាំងនឹងគ្រិស្ត និងសេចក្ដីបង្រៀនរបស់លោក។ ពួកគេមានចេតនាឃោសនាពាក្យភូតភរ និងពាក្យបោកបញ្ឆោតក្នុងបំណងធ្វើឲ្យមនុស្សយល់ច្រឡំអំពីអត្តសញ្ញាណរបស់ព្រះយេហូវ៉ាជាបិតា និងលោកយេស៊ូគ្រិស្តជាបុត្ររបស់ព្រះ។ ដូច្នេះ យើងមានមូលហេតុត្រឹមត្រូវឲ្យជៀសឆ្ងាយពីការបោកបញ្ឆោតខាងសាសនាទាំងនោះ។ សូមឲ្យយើងពិចារណាឧទាហរណ៍ពីរ។
អស់ជាច្រើនសតវត្សរ៍មកហើយដែលវិហារសាសនាគ្រិស្តផ្សេងៗបានលើកស្ទួយសេចក្ដីបង្រៀនអំពីលទ្ធិព្រះបីអង្គរួមជាព្រះតែមួយ។ ពួកអ្នកដឹកនាំសាសនាទាំងនោះអះអាងថាព្រះវរបិតានិងព្រះរាជបុត្រាជាផ្នែកនៃព្រះតែមួយ។ សត្រូវរបស់គ្រិស្តបានបំភាន់និងបិទបាំងអត្តសញ្ញាណរបស់ព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្ត។ ការបំភាន់និងការបិទបាំងនេះធ្វើឲ្យមនុស្សដែលមានចិត្តស្មោះមិនអាចយកតម្រាប់លោកយេស៊ូគ្រិស្ត និងមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះ ដូចគម្ពីរលើកទឹកចិត្តពួកគេនោះទេ។—កូរិនថូសទី១ ១១:១; យ៉ាកុប ៤:៨
វិហារសាសនាគ្រិស្តផ្សេងៗធ្វើឲ្យមនុស្សកាន់តែភាន់ច្រឡំថែមទៀត ដោយជំរុញឲ្យមនុស្សប្រើសេចក្ដីបកប្រែគម្ពីរដែលពួកគេបានដកនាមផ្ទាល់របស់ព្រះ គឺយេហូវ៉ា ចេញពីគម្ពីរ។ ពួកគេធ្វើដូច្នេះ ទោះជាការពិតនាមរបស់ព្រះយេហូវ៉ាមានដល់ទៅជាង៧.០០០ដងក្នុងច្បាប់ដើមក៏ដោយ។ តើមានលទ្ធផលយ៉ាងណា? គឺមនុស្សកាន់តែលែងស្គាល់អត្តសញ្ញាណរបស់ព្រះពិត។
ផ្ទុយទៅវិញ ការស្គាល់នាមរបស់ព្រះ ពោលគឺយេហូវ៉ា បានជួយឲ្យអ្នកគោរពប្រណិប័តន៍ជាច្រើនដែលមានចិត្តស្មោះ មានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះ។ នេះជាអ្វីបានកើតឡើងចំពោះរីឆាត។ គាត់បាននឹកចាំអំពីការសន្ទនាជាមួយសាក្សីព្រះយេហូវ៉ាពីរនាក់។ រីឆាតបានពន្យល់ថា៖ «ពួកគេបានបង្ហាញខ្ញុំពីគម្ពីរថា នាមរបស់ព្រះពិតគឺយេហូវ៉ា។ ខ្ញុំអស្ចារ្យក្នុងចិត្តណាស់ដែលដឹងថាព្រះមាននាមរបស់លោកផ្ទាល់ ខ្ញុំមិនដែលឮពីមុនទេ»។ តាំងពីពេលនោះមក គាត់បានកែប្រែរបៀបរស់នៅរបស់គាត់ ដើម្បីធ្វើតាមខ្នាតតម្រាក្នុងគម្ពីរ និងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ គាត់បានបន្ថែមថា៖ «ការដឹងថាព្រះមាននាម បានជួយខ្ញុំឲ្យបណ្ដុះចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងលោក»។
អស់រាប់សតវត្សរ៍មកហើយ សត្រូវរបស់គ្រិស្តធ្វើឲ្យមនុស្សរាប់លាននាក់មិនស្គាល់ព្រះនិងគ្មានចំណងមិត្តភាពជាមួយនឹងលោក។ ប៉ុន្តែ ដោយសិក្សាគម្ពីរដែលជាបណ្ដាំរបស់ព្រះ យើងអាចរៀនអំពីអត្តសញ្ញាណពិតនៃសត្រូវរបស់គ្រិស្ត ហើយលែងទទួលឥទ្ធិពលពីសេចក្ដីបង្រៀនមិនពិតខាងសាសនានិងការបោកបញ្ឆោតរបស់ពួកគេទៀត។—យ៉ូហាន ១៧:១៧