អត្ថបទអំពីក្របទស្សនាវដ្ដី | តើលោកអ្នកនឹងទទួលអំណោយដ៏អស្ចារ្យបំផុតពីព្រះឬទេ?
អំណោយដ៏វិសេសបំផុត
ប្រដាប់ខួងខ្មៅដៃនៅក្នុងដៃរបស់យ៉ូដាន់មើលទៅដូចជាអ្វីធម្មតា។ ប៉ុន្តែ វាជាទ្រព្យដ៏មានតម្លៃបំផុតមួយរបស់គាត់។ យ៉ូដាន់ពន្យល់ថា៖ «អ៊ំរ៉ាសិលដែលជាមិត្តភក្ដិរបស់ក្រុមគ្រួសារយើង បានឲ្យវាមកខ្ញុំកាលខ្ញុំនៅតូច»។ ក្រោយពីរ៉ាសិលស្លាប់ យ៉ូដាន់បានដឹងថារ៉ាសិលបានជួយជីដូនជីតានិងឪពុកម្ដាយរបស់យ៉ូដាន់យ៉ាងច្រើន ដោយពង្រឹងកម្លាំងចិត្តពួកគាត់ក្នុងអំឡុងគ្រាលំបាក។ យ៉ូដាន់និយាយថា៖ «ឥឡូវខ្ញុំបានស្គាល់អ៊ំរ៉ាសិលច្រើនជាង ដូច្នេះខ្ញុំកាន់តែឲ្យតម្លៃចំពោះអំណោយដ៏តូចនេះ»។
ដូចបទពិសោធន៍របស់យ៉ូដាន់បានបង្ហាញ អំណោយមួយប្រហែលជាមើលទៅដូចជាមិនសូវមានតម្លៃឬគ្មានតម្លៃសោះចំពោះមនុស្សខ្លះ។ ប៉ុន្តែ ចំពោះអស់អ្នកដែលយល់អំពីអត្ថន័យនៃអំណោយដែលខ្លួនបានទទួល អំណោយនោះមានតម្លៃខ្លាំងណាស់។ គម្ពីរបានរៀបរាប់អំពីអំណោយមួយដែលមានតម្លៃឥតគណនាថា៖ «ព្រះស្រឡាញ់ពិភពលោកដល់ម្ល៉េះបានជាលោកបានឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះអាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។—យ៉ូហាន ៣:១៦
អំណោយនោះផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ដល់អ្នកដែលទទួល! តើមានអំណោយណាដែលអស្ចារ្យជាងនេះទៀតទេ? ទោះជាមនុស្សខ្លះប្រហែលជាមិនយល់តម្លៃនៃអំណោយនោះក្ដី តែចំពោះគ្រិស្តសាសនិកពិតអំណោយនោះគឺជាអ្វីដែល«ថ្លៃ»ឬមានតម្លៃណាស់។ (ទំនុកតម្កើង ៤៩:៨; ពេត្រុសទី១ ១:១៨, ១៩) ប៉ុន្តែ ហេតុអ្វីបានជាព្រះបូជាជីវិតបុត្ររបស់លោកដើម្បីមនុស្សទាំងអស់ក្នុងពិភពលោក?
សាវ័កប៉ូលពន្យល់អំពីមូលហេតុទាំងនេះថា៖ «ភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង ដូច្នេះ សេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់»។ (រ៉ូម ៥:១២) អាដាមគឺជាបុរសដំបូងដែលព្រះបានបង្កើត។ គាត់បានប្រព្រឹត្តអំពើខុសឆ្គងដោយមិនស្ដាប់បង្គាប់ព្រះ ហើយបានត្រូវដាក់ទោសឲ្យស្លាប់។ តាមរយៈអាដាម សេចក្ដីស្លាប់បានឆ្លងរាលដាលដល់កូនចៅទាំងអស់របស់គាត់ ពោលគឺមនុស្សជាតិទាំងឡាយ។
«ប្រាក់ឈ្នួលដែលភាពខុសឆ្គងបើកឲ្យ គឺជាសេចក្ដីស្លាប់ តែអំណោយដែលព្រះផ្ដល់ឲ្យគឺជាជីវិតដែលគ្មានទីបញ្ចប់ ដោយគ្រិស្តយេស៊ូ ជាម្ចាស់របស់យើង»។ (រ៉ូម ៦:២៣) ដើម្បីរំដោះមនុស្សជាតិឲ្យរួចពីសេចក្ដីស្លាប់ ព្រះបានចាត់លោកយេស៊ូគ្រិស្តដែលជាបុត្ររបស់លោកឲ្យមកផែនដី ដើម្បីបូជាជីវិតល្អឥតខ្ចោះរបស់ខ្លួនជាប្រយោជន៍ដល់មនុស្សទាំងអស់ក្នុងពិភពលោក។ ដោយផ្អែកលើគ្រឿងបូជានោះដែលជា«ថ្លៃលោះ» អស់អ្នកដែលបង្ហាញជំនឿលើលោកយេស៊ូនឹងទទួលជីវិតដែលគ្មានទីបញ្ចប់។—រ៉ូម ៣:២៤
ស្តីអំពីអំណោយទាំងអស់ដែលព្រះផ្ដល់ឲ្យអ្នកគោរពប្រណិប័តន៍លោកតាមរយៈលោកយេស៊ូគ្រិស្ត ប៉ូលប្រកាសថា៖ «សូមអរគុណព្រះចំពោះអំណោយទានដ៏វិសេសវិសាលរកពណ៌នាពុំបានរបស់លោក»។ (កូរិនថូសទី២ ៩:១៥) ពិតមែន ថ្លៃលោះនោះគឺជាអំណោយដ៏អស្ចារ្យរកថ្លែងពុំបាន។ ក្នុងចំណោមអំណោយដ៏អស្ចារ្យទាំងអស់ដែលព្រះផ្ដល់ឲ្យមនុស្សជាតិ ហេតុអ្វីថ្លៃលោះគឺជាអំណោយពិសេសជាងគេ? តើថ្លៃលោះខុសគ្នាយ៉ាងណាពីអំណោយផ្សេងទៀតដែលមកពីព្រះ?a ម្យ៉ាងទៀត តើយើងគួរបង្ហាញចិត្តកតញ្ញូចំពោះអំណោយនេះតាមរបៀបណា? យើងសូមអញ្ជើញលោកអ្នកឲ្យអានចម្លើយចំពោះសំណួរទាំងនេះពីគម្ពីរ ដែលមាននៅក្នុងអត្ថបទពីរបន្តបន្ទាប់នេះ។
a លោកយេស៊ូសុខចិត្ត«លះបង់ជីវិតដើម្បីយើង»។ (យ៉ូហានទី១ ៣:១៦) ទោះជាយ៉ាងនេះក្ដី ដោយសារគ្រឿងបូជានោះជាផ្នែកនៃគោលបំណងរបស់ព្រះ អត្ថបទបន្តបន្ទាប់ក្នុងទស្សនាវដ្ដីលេខនេះផ្ដោតអារម្មណ៍ទៅលើតួនាទីរបស់ព្រះក្នុងនាមជាអ្នកផ្ដល់ថ្លៃលោះ។