បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w21 មិថុនា ទំ. ២៦-៣០
  • ខ្ញុំគិតដល់ព្រះយេហូវ៉ាពេលធ្វើការសម្រេចចិត្ត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខ្ញុំគិតដល់ព្រះយេហូវ៉ាពេលធ្វើការសម្រេចចិត្ត
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​លីបង់
  • ការ​សម្រេច​ចិត្ត​រើ​ទៅ​ប្រទេស​ក្រៅ
  • រឿង​ខ្លោច​ផ្សា​កើត​ឡើង
  • ការ​សម្រេច​ចិត្ត​សំខាន់
  • ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​ទៀត
  • រឿង​ល្អ​មួយ​ដែល​នឹក​ស្មាន​មិន​ដល់!
  • យើង​រើ​ទៅ​កន្លែង​ផ្សេង​ទៀត
  • ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ​របស់​ខ្ញុំ​ក្នុង​ជីវិត
  • ចាប់តោងជាយអាវសាសន៍យូដាម្នាក់អស់៧០ឆ្នាំ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
w21 មិថុនា ទំ. ២៦-៣០

ជីវប្រវត្ដិ

ខ្ញុំ​គិត​ដល់​ព្រះ​យេហូវ៉ា ពេល​ធ្វើ​ការ​សម្រេច​ចិត្ត

រៀប​រាប់​ដោយ​បង​ឌីអា យ៉ាស្បិក

បងឌីអា យ៉ាស្បិក ពេលនៅវ័យក្មេង។

នៅ​តំបន់​អ្នក​មាន​នា​ក្រុង​ការ៉ាកាស ប្រទេស​វ៉េណេស៊ុយអេឡា ខ្ញុំ​ធ្វើ​ដំណើរ​ពី​ផ្ទះ​ខ្ញុំ​ទៅ​កន្លែង​ធ្វើ​ការ នៅ​ព្រឹក​ស្រឡះ​មួយ​នា​ឆ្នាំ​១៩៨៤។ ពេល​នៅ​តាម​ផ្លូវ ខ្ញុំ​គិត​អំពី​អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ដែល​ទើប​បាន​ចេញ។ អត្ថបទ​នោះ​រៀប​រាប់​អំពី​ទស្សនៈ​របស់​អ្នក​ជិត​ខាង​ចំពោះ​យើង។ កាល​ដែល​ខ្ញុំ​មើល​ទៅ​ផ្ទះ​អ្នក​ជិត​ខាង ខ្ញុំ​ឆ្ងល់​ថា ‹តើ​អ្នក​ជិត​ខាង​ខ្ញុំ​គ្រាន់​តែ​ចាត់​ទុក​ខ្ញុំ​ជា​នាយក​ធនាគារ​ដែល​ជោគ​ជ័យ ឬ​ក៏​ចាត់​ទុក​ថា​ខ្ញុំ​ជា​អ្នក​បម្រើ​ព្រះ​ដែល​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​ដោយ​ធ្វើ​ការ​នៅ​ធនាគារ?›។ ខ្ញុំ​អាច​សន្និដ្ឋាន​អំពី​ចម្លើយ​របស់​ពួក​គេ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​ពួក​គេ​ឆ្លើយ​អ៊ីចឹង​ទេ។ ដូច្នេះ ខ្ញុំ​សម្រេច​ចិត្ត​ចាត់​វិធានការ។

ខ្ញុំ​បាន​កើត​នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​១៩៤០ នៅ​ក្រុង​អាម្យុន ប្រទេស​លីបង់។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ក្រុម​គ្រួសារ​របស់​យើង​បាន​រើ​ទៅ​ក្រុង​ទ្រីប៉ូលី ហើយ​ខ្ញុំ​ធំ​ឡើង​នៅ​ទី​នោះ​ក្នុង​ក្រុម​គ្រួសារ​មួយ​ដ៏​សប្បាយ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ខ្ញុំ​ជា​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​ប្រាំ​នាក់ ដែល​មាន​ស្រី​បី​ប្រុស​ពីរ។ ចំពោះ​ឪពុក​ម្ដាយ​ខ្ញុំ ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត មិន​មែន​ជា​អ្វី​ដ៏​សំខាន់​បំផុត​ទេ។ ក្រុម​គ្រួសារ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​សិក្សា​គម្ពីរ ការ​ចូល​រួម​កិច្ច​ប្រជុំ និង​ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​ព្រះ។

នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង មាន​បង​ប្អូន​ដែល​បាន​ត្រូវ​រើស​តាំង​មួយ​ចំនួន។ ក្នុង​ចំណោម​បង​ប្អូន​ទាំង​នោះ មាន​បង​ប្រុស​ម្នាក់​ឈ្មោះ​មីសែល អាបូត។ គាត់​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​មួយ​ដែល​យើង​ហៅ​ថា​ការ​សិក្សា​សៀវភៅ​តាម​ក្រុម។ គាត់​បាន​រៀន​សេចក្ដី​ពិត​នៅ​ក្រុង​ញូវយ៉ក ហើយ​ចាប់​ផ្ដើម​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​លីបង់​នា​ឆ្នាំ​១៩២១។ ជា​ពិសេស ខ្ញុំ​នឹក​ចាំ​ថា​គាត់​បង្ហាញ​ការ​គោរព​និង​ជួយ​បង​ស្រី​វ័យ​ក្មេង​ពីរ​នាក់​ដែល​រៀន​ចប់​សាលា​គីលាត​ឈ្មោះ​អាន ពីវើ និង​គ្វេន ពីវើ។ ពួក​គាត់​បាន​ទៅ​ជា​មិត្ត​សម្លាញ់​របស់​យើង។ ច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​សប្បាយ​ចិត្ត​ពេល​ជួប​បង​អាន​នៅ​សហរដ្ឋ​អាម៉េរិក។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ជួប​បង​គ្វេន​ដែល​បាន​រៀប​ការ​ជា​មួយ​នឹង​បង​វិលហ្វ្រេដ ហ្គូច ហើយ​បម្រើ​នៅ​បេតអែល​នា​ការិយាល័យ​សាខា​ឡុងដ៍ ប្រទេស​អង់គ្លេស។

ការ​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​លីបង់

ពេល​ខ្ញុំ​នៅ​ក្មេង មិន​សូវ​មាន​សាក្សី​នៅ​ប្រទេស​លីបង់​ទេ។ ប៉ុន្តែ យើង​បង្រៀន​គម្ពីរ​ដល់​អ្នក​ឯ​ទៀត​យ៉ាង​ខ្នះ​ខ្នែង។ យើង​បាន​ផ្សព្វ​ផ្សាយ ទោះ​ជា​មាន​ការ​ប្រឆាំង​ពី​អ្នក​ដឹក​នាំ​សាសនា​ខ្លះ​ក្ដី។ រឿង​ខ្លះ​ដែល​បាន​កើត​ឡើង​ចំពោះ​យើង​បាន​ដក់​ជាប់​ក្នុង​គំនិត​របស់​ខ្ញុំ។

នៅ​ថ្ងៃ​មួយ ខ្ញុំ​និង​បង​ស្រី​ខ្ញុំ​សាណា​កំពុង​ផ្សព្វ​ផ្សាយ​នៅ​អគារ​មួយ ស្រាប់​តែ​បូជាចារ្យ​ម្នាក់​បាន​មក​ជាន់​ដែល​យើង​កំពុង​ផ្សព្វ​ផ្សាយ។ មើល​ទៅ​មាន​ម្ចាស់​ផ្ទះ​ណា​ម្នាក់​បាន​ហៅ​គាត់​ឲ្យ​មក។ បូជាចារ្យ​នោះ​ចាប់​ផ្ដើម​ជេរ​បង​ស្រី​របស់​ខ្ញុំ ប្រើ​អំពើ​ហិង្សា ហើយ​រុញ​បង​សាណា​ធ្លាក់​ពី​ជណ្ដើរ និង​ធ្វើ​ឲ្យ​គាត់​រង​របួស។ ពេល​នោះ មាន​គេ​ទូរស័ព្ទ​ហៅ​ប៉ូលិស​មក ហើយ​ប៉ូលិស​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​បង​សាណា​ទទួល​ជំនួយ។ ពួក​គេ​បាន​ចាប់​បូជាចារ្យ​នោះ​ទៅ​ប៉ុស្តិ៍​ប៉ូលិស ហើយ​នៅ​ទី​នោះ ពួក​គេ​បាន​រក​ឃើញ​ថា​គាត់​មាន​កាំភ្លើង។ មេ​ប៉ូលិស​បាន​សួរ​គាត់​ថា​៖ ​«​ម៉េច​បាន​អ៊ីចឹង? អ្នក​ឯង​ជា​មេ​ដឹក​នាំ​សាសនា ឬ​ក៏​ជា​មេ​ក្រុម​បង​ធំ?​»។

ខ្ញុំ​ចាំ​ច្បាស់​អំពី​ពេល​មួយ​ទៀត​ដែល​ក្រុម​ជំនុំ​របស់​យើង​បាន​ជួល​ឡាន​ក្រុង​មួយ ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ក្រុង​ដាច់​ស្រយាល។ យើង​សប្បាយ​នៅ​ទី​នោះ រហូត​ដល់​បូជាចារ្យ​ម្នាក់​នៅ​តំបន់​នោះ​ឮ​ថា​យើង​កំពុង​ផ្សព្វ​ផ្សាយ ហើយ​ក៏​ប្រមូល​មនុស្ស​មួយ​ក្រុម​ឲ្យ​មក​រក​រឿង​យើង។ ពួក​គេ​អុកឡុក​យើង ថែម​ទាំង​គប់​ដុំ​ថ្ម​ដាក់​យើង ហើយ​ឪពុក​ខ្ញុំ​បាន​រង​របួស​ចំ​ក្បាល។ ខ្ញុំ​ចាំ​ថា​មុខ​គាត់​សុទ្ធ​តែ​ឈាម។ គាត់​និង​ម្ដាយ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ឡាន​ក្រុង​វិញ ហើយ​យើង​ដើរ​ទៅ​តាម​ក្រោយ​ដោយ​ក្ដី​ព្រួយ​បារម្ភ។ តែ​ខ្ញុំ​ចាំ​មិន​ភ្លេច​អំពី​អ្វី​ដែល​ម្ដាយ​ខ្ញុំ​និយាយ ពេល​ដែល​គាត់​ជូត​មុខ​ឪពុក​ខ្ញុំ ថា​៖ ​«​ព្រះ​យេហូវ៉ា​អើយ សូម​អភ័យ​ទោស​ឲ្យ​ពួក​គេ ព្រោះ​ពួក​គេ​មិន​ដឹង​ថា​ខ្លួន​កំពុង​ធ្វើ​អ្វី​ទេ​»។

នៅ​ពេល​មួយ​ទៀត យើង​បាន​ទៅ​លេង​សាច់​ញាតិ​នៅ​ស្រុក​កំណើត​យើង។ នៅ​ផ្ទះ​តា​ខ្ញុំ យើង​បាន​ជួប​អភិបាល​សាសនា​ម្នាក់​ដែល​មាន​មុខ​មាត់។ អភិបាល​នោះ​ដឹង​ថា​ឪពុក​ម្ដាយ​ខ្ញុំ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ទោះ​ជា​ខ្ញុំ​មាន​អាយុ​តែ​៦​ឆ្នាំ​ក្ដី គាត់​និយាយ​សំដៅ​មក​ខ្ញុំ​ថា​៖ ​«​ឯង ម៉េច​មិន​ទាន់​ជ្រមុជ​ទឹក?​»។ ខ្ញុំ​ឆ្លើយ​ថា​ខ្ញុំ​នៅ​ក្មេង ហើយ​ថា​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក ខ្ញុំ​ត្រូវ​ស្គាល់​គម្ពីរ​ថែម​ទៀត​និង​មាន​ជំនឿ​មាំ​មួន។ គាត់​មិន​ចូល​ចិត្ត​ចម្លើយ​របស់​ខ្ញុំ​ទេ ដូច្នេះ​គាត់​បាន​ប្រាប់​តា​ខ្ញុំ​ថា ខ្ញុំ​ជា​ក្មេង​មិន​ចេះ​គោរព​ចាស់​ទុំ។

ប៉ុន្តែ បទ​ពិសោធន៍​មិន​ល្អ​បែប​នេះ​មាន​តិច​តួច​ទេ។ តាម​ធម្មតា ជន​ជាតិ​លីបង់​រួស​រាយ​រាក់​ទាក់ ដូច្នេះ​យើង​ស្រួល​ផ្សព្វ​ផ្សាយ​អំពី​គម្ពីរ ហើយ​មាន​មនុស្ស​ច្រើន​គួរ​សម​រៀន​គម្ពីរ​ជា​មួយ​យើង។

ការ​សម្រេច​ចិត្ត​រើ​ទៅ​ប្រទេស​ក្រៅ

កាល​ដែល​ខ្ញុំ​នៅ​រៀន​នៅ​ឡើយ បង​ប្រុស​វ័យ​ក្មេង​ម្នាក់​ពី​ប្រទេស​វ៉េណេស៊ុយអេឡា​បាន​មក​លេង​ប្រទេស​លីបង់។ គាត់​បាន​ចូល​រួម​កិច្ច​ប្រជុំ​របស់​ក្រុម​ជំនុំ​យើង ហើយ​ចាប់​ផ្ដើម​ស្វែង​យល់​ចិត្ត​គ្នា​ជា​មួយ​បង​ស្រី​របស់​ខ្ញុំ​វ៉ាហ្វា។ ក្រោយ​មក ពួក​គាត់​បាន​រៀប​ការ ហើយ​រើ​ទៅ​ប្រទេស​វ៉េណេស៊ុយអេឡា។ ក្នុង​សំបុត្រ​របស់​បង​វ៉ាហ្វា គាត់​លើក​ទឹក​ចិត្ត​ឪពុក​ខ្ញុំ​ឲ្យ​នាំ​ក្រុម​គ្រួសារ​ទាំង​មូល​រើ​ទៅ​ប្រទេស​វ៉េណេស៊ុយអេឡា ដោយ​សារ​គាត់​នឹក​យើង​ខ្លាំង​ណាស់។ ក្រោយ​មក យើង​ស្ដាប់​តាម​គាត់ ហើយ​សម្រេច​ចិត្ត​រើ​ទៅ​ទាំង​អស់​គ្នា!

យើង​បាន​ទៅ​ដល់​ប្រទេស​វ៉េណេស៊ុយអេឡា​នៅ​ឆ្នាំ​១៩៥៣ ហើយ​ស្នាក់​នៅ​ក្រុង​ការ៉ាកាស ជិត​វិមាន​ប្រធានាធិបតី។ ដោយ​សារ​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​រំភើប​ចិត្ត​ពេល​ឃើញ​ប្រធានាធិបតី​ជិះ​ក្នុង​ឡាន​ដ៏​ល្អ​ប្រណីត​របស់​គាត់ កាត់​មុខ​ខ្ញុំ។ ប៉ុន្តែ ឪពុក​ម្ដាយ​ខ្ញុំ​ពិបាក​សម្រប​ខ្លួន​ទៅ​តាម​ប្រទេស ភាសា វប្បធម៌ ម្ហូប និង​អាកាសធាតុ​ថ្មី​នៅ​ទី​នោះ។ ពេល​ពួក​គាត់​ចាប់​ផ្ដើម​សម្រប​ខ្លួន​ទៅ​តាម​ជីវិត​ថ្មី ស្រាប់​តែ​មាន​រឿង​អាក្រក់​មួយ​កើត​ឡើង។

ពីឆ្វេងទៅស្ដាំ: ឪពុក​ខ្ញុំ។ ម្ដាយ​ខ្ញុំ។ ខ្ញុំ​នៅ​ឆ្នាំ​១៩៥៣ ពេល​ក្រុម​គ្រួសារ​ខ្ញុំ​រើ​ទៅ​ប្រទេស​វ៉េណេស៊ុយអេឡា

រឿង​ខ្លោច​ផ្សា​កើត​ឡើង

នៅ​ថ្ងៃ​មួយ ឪពុក​ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន។ តាម​ធម្មតា គាត់​ជា​មនុស្ស​មាំ​មួន​និង​មាន​សុខភាព​ល្អ ដូច្នេះ​នេះ​គឺ​ចម្លែក​សម្រាប់​យើង។ យើង​មិន​ដែល​ឃើញ​គាត់​ឈឺ​ទេ។ ក្រោយ​មក គេ​រក​ឃើញ​ថា​គាត់​មាន​ជំងឺ​មហា​រីក​លំពែង ហើយ​គាត់​ត្រូវ​វះ​កាត់។ គួរ​ឲ្យ​ស្ដាយ​ណាស់ មួយ​សប្ដាហ៍​ក្រោយ​មក គាត់​បាន​ស្លាប់។

ខ្ញុំ​ពិបាក​រៀប​រាប់​អំពី​ទំហំ​នៃ​ការ​ឈឺ​ចាប់​របស់​យើង។ ពេល​នោះ​ខ្ញុំ​មាន​អាយុ​តែ​១៣​ឆ្នាំ​ប៉ុណ្ណោះ។ យើង​តក់​ស្លុត ហើយ​មាន​អារម្មណ៍​ថា​ជីវិត​របស់​យើង​ហាក់​ដូច​ជា​កែវ​ដែល​បែក​ខ្ទេច​ខ្ទី។ អស់​មួយ​រយៈ​ពេល ម្ដាយ​ខ្ញុំ​ពិបាក​ទទួល​ស្គាល់​ថា​ប្ដី​របស់​គាត់​បាន​ស្លាប់។ ប៉ុន្តែ យើង​យល់​ថា យើង​ត្រូវ​បន្ត​ដំណើរ​ជីវិត​ទៅ​មុខ​ទៀត ហើយ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​ធ្វើ​បាន។ កាល​ខ្ញុំ​រៀន​ចប់​ពី​វិទ្យាល័យ​នា​ក្រុង​ការ៉ាកាស​នៅ​អាយុ​១៦​ឆ្នាំ ខ្ញុំ​ពិត​ជា​ចង់​ជួយ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​ខ្ញុំ។

បង​ស្រី​ខ្ញុំ​សាណា​និង​ប្ដី​របស់​គាត់​រូបេន​បាន​ជួយ​ខ្ញុំ​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា

នៅ​គ្រា​នោះ បង​សាណា​បាន​រៀប​ការ​ជា​មួយ​បង​ប្រុស​រូបេន អារូហូ​ដែល​បាន​រៀន​ចប់​ពី​សាលា​គីលាត ហើយ​ត្រឡប់​ទៅ​ប្រទេស​វ៉េណេស៊ុយអេឡា​វិញ។ ពួក​គាត់​សម្រេច​ចិត្ត​រើ​ទៅ​ក្រុង​ញូវយ៉ក។ ក្រុម​គ្រួសារ​ខ្ញុំ​សម្រេច​ចិត្ត​ឲ្យ​ខ្ញុំ​រៀន​នៅ​សកល​វិទ្យាល័យ ដូច្នេះ​ខ្ញុំ​បាន​ទៅ​រៀន​នៅ​ក្រុង​ញូវយ៉ក ហើយ​រស់​នៅ​ជា​មួយ​បង​ស្រី​និង​បង​ថ្លៃ​ខ្ញុំ។ ក្នុង​អំឡុង​ពេល​ខ្ញុំ​រស់​នៅ​ជា​មួយ​ពួក​គាត់ ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ជួយ​ខ្ញុំ​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ បន្ថែម​ទៅ​ទៀត​នៅ​ទី​នោះ ក្នុង​ក្រុម​ជំនុំ​យើង​ជា​ក្រុម​ជំនុំ​ប៊្រុគ្លីន​ភាសា​អេស្ប៉ាញ មាន​បង​ប្អូន​ប្រុស​ជា​ច្រើន​នាក់​ដែល​មាន​ភាព​ចាស់​ទុំ។ ក្នុង​ចំណោម​បង​ប្អូន​ទាំង​នោះ ខ្ញុំ​សប្បាយ​ចិត្ត​មាន​ឱកាស​ស្គាល់​បង​ប្រុស​ពីរ​នាក់​គឺ​បង​មីលថុន ហេនសូល និង​បង​ហ្វ្រីឌីរិក ហ្វ្រេន។ បង​ប្រុស​ពីរ​នាក់​នេះ​បម្រើ​នៅ​បេតអែល​ប៊្រុគ្លីន។

ខ្ញុំ​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៥៧

កាល​ដែល​ខ្ញុំ​ជិត​រៀន​ចប់​ឆ្នាំ​ទី​១​នៅ​សកល​វិទ្យាល័យ​នា​ក្រុង​ញូវយ៉ក ខ្ញុំ​ចាប់​ផ្ដើម​សង្ស័យ​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ក្នុង​ជីវិត​ខ្ញុំ។ ខ្ញុំ​បាន​អាន​និង​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ស្ដី​អំពី​គ្រិស្ត​សាសនិក​ដែល​មាន​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ខ្ញុំ​ក៏​ឃើញ​ថា​អ្នក​ត្រួស​ត្រាយ និង​បង​ប្អូន​បេតអែល​នៅ​ក្រុម​ជំនុំ​របស់​យើង​មាន​ចិត្ត​សប្បាយ ហើយ​ខ្ញុំ​ចង់​ធ្វើ​ដូច​ពួក​គេ​ដែរ។ ប៉ុន្តែ ខ្ញុំ​មិន​ទាន់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ មិន​យូរ​ក្រោយ​មក ខ្ញុំ​យល់​ថា​គឺ​សំខាន់​ណាស់​ឲ្យ​ខ្ញុំ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ ខ្ញុំ​បាន​ធ្វើ​ដូច្នេះ ហើយ​ក្រោយ​មក​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៥៧។

ការ​សម្រេច​ចិត្ត​សំខាន់

ក្រោយ​ពី​ខ្ញុំ​បាន​សម្រេច​គោល​ដៅ​ដ៏​សំខាន់​នោះ ខ្ញុំ​បាន​គិត​អំពី​គោល​ដៅ​មួយ​ទៀត គឺ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ ខ្ញុំ​ពិត​ជា​ចង់​ត្រួស​ត្រាយ ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា​នេះ​មិន​ស្រួល​ទេ។ ខ្ញុំ​ឆ្ងល់​ថា តើ​ខ្ញុំ​អាច​ត្រួស​ត្រាយ​ដូច​ម្ដេច​បាន​បើ​ខ្ញុំ​បន្ត​រៀន​នៅ​សកល​វិទ្យាល័យ? ដូច្នេះ ខ្ញុំ​និង​ក្រុម​គ្រួសារ​ខ្ញុំ​បាន​សរសេរ​សំបុត្រ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ឲ្យ​ឈប់​រៀន​នៅ​សកល​វិទ្យាល័យ ត្រឡប់​ទៅ​ប្រទេស​វ៉េណេស៊ុយអេឡា​វិញ និង​ចាប់​ផ្ដើម​ត្រួស​ត្រាយ។

ខ្ញុំ​ត្រឡប់​ទៅ​ក្រុង​ការ៉ាកាស​វិញ​នៅ​ខែ​មិថុនា ឆ្នាំ​១៩៥៧។ ប៉ុន្តែ ខ្ញុំ​អាច​ឃើញ​ថា​ជីវភាព​ក្រុម​គ្រួសារ​ខ្ញុំ​មិន​សូវ​ល្អ​ទេ។ ពួក​គេ​ត្រូវ​ការ​ប្រាក់​ចំណូល​ពី​សមាជិក​ម្នាក់​ទៀត។ តើ​ខ្ញុំ​អាច​ជួយ​យ៉ាង​ណា? ខ្ញុំ​បាន​ទទួល​ការ​ងារ​នៅ​ធនាគារ​មួយ។ ក៏​ប៉ុន្តែ ខ្ញុំ​ចង់​ត្រួស​ត្រាយ​ខ្លាំង​ណាស់។ តាម​ពិត នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ប្រទេស​វ៉េណេស៊ុយអេឡា​វិញ។ ដូច្នេះ ខ្ញុំ​តាំង​ចិត្ត​ធ្វើ​ទាំង​ពីរ។ អស់​ប៉ុន្មាន​ឆ្នាំ ខ្ញុំ​បាន​ធ្វើ​ការ​ពេញ​ពេល​នៅ​ធនាគារ​ផង និង​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ផង។ ខ្ញុំ​មិន​ធ្លាប់​រវល់ និង​សប្បាយ​បែប​នេះ​ទេ!

ខ្ញុំ​រឹត​តែ​សប្បាយ ពេល​ខ្ញុំ​ជួប​និង​រៀប​ការ​ជា​មួយ​បង​ស្រី​ជន​ជាតិ​អាល្លឺម៉ង់​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ​ស៊ីលវីអា។ គាត់​ជា​បុគ្គល​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់។ គាត់​បាន​រើ​មក​ប្រទេស​វ៉េណេស៊ុយអេឡា​ជា​មួយ​ឪពុក​ម្ដាយ​របស់​គាត់។ ក្រោយ​មក យើង​មាន​កូន​ពីរ​នាក់ កូន​ប្រុស​របស់​យើង​ឈ្មោះ​មីសែល​(​ម៉ៃក៍​) ហើយ​កូន​ស្រី​របស់​យើង​ឈ្មោះ​សាមីរ៉ា។ ខ្ញុំ​ក៏​ចាប់​ផ្ដើម​មើល​ថែ​ម្ដាយ​ខ្ញុំ ដូច្នេះ​គាត់​បាន​រើ​មក​នៅ​ជា​មួយ​យើង។ ទោះ​ជា​ខ្ញុំ​ត្រូវ​ឈប់​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ដើម្បី​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​ខ្ញុំ​ក្ដី ខ្ញុំ​នៅ​តែ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង។ ខ្ញុំ​និង​ស៊ីលវីអា​បាន​ត្រួស​ត្រាយ​ជំនួយ​ពេល​ណា​ដែល​អាច​ធ្វើ​បាន​ក្នុង​អំឡុង​ពេល​វិស្សមកាល។

ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​ទៀត

កូន​យើង​នៅ​រៀន​ពេល​ខ្ញុំ​មាន​បទ​ពិសោធន៍​ដែល​ខ្ញុំ​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ។ ខ្ញុំ​ត្រូវ​សារភាព​ថា ជីវិត​របស់​ខ្ញុំ​គឺ​ស្រណុក​សុខ​ស្រួល​ណាស់ ហើយ​មនុស្ស​ឯ​ទៀត​ដែល​ធ្វើ​ការ​ធនាគារ​គោរព​ខ្ញុំ។ តែ​ខ្ញុំ​ចង់​ឲ្យ​គេ​មើល​មក​ខ្ញុំ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ គំនិត​ដែល​ខ្ញុំ​មាន​នៅ​ថ្ងៃ​នោះ​បន្ត​ដក់​ជាប់​ក្នុង​គំនិត​ខ្ញុំ ដូច្នេះ​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​អង្គុយ​និយាយ​គ្នា​អំពី​រឿង​លុយ​កាក់។ បើ​ខ្ញុំ​លា​ឈប់​ពី​ការ​ងារ​នៅ​ធនាគារ ខ្ញុំ​នឹង​ទទួល​លុយ​ជា​ច្រើន​ដែល​ជា​ប្រាក់​ខែ​ចុង​ក្រោយ។ ដោយ​សារ​យើង​មិន​ជំពាក់​បំណុល​គេ យើង​យល់​ថា​បើ​យើង​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​សាមញ្ញ​ជាង យើង​អាច​ប្រើ​លុយ​នោះ​បាន​យូរ។

គឺ​មិន​ស្រួល​ឲ្យ​យើង​ធ្វើ​អ្វី​ទាំង​នេះ​ទេ ប៉ុន្តែ​ប្រពន្ធ​សំណព្វ​និង​ម្ដាយ​ខ្ញុំ​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង។ ដូច្នេះ​ម្ដង​នេះ​ទៀត ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​ណាស់! តែ​ពេល​ខ្ញុំ​ហៀប​នឹង​ចាប់​ផ្ដើម​ត្រួស​ត្រាយ យើង​បាន​ទទួល​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ។

រឿង​ល្អ​មួយ​ដែល​នឹក​ស្មាន​មិន​ដល់!

បងឌីអានិងបងស៊ីលវីអាជាមួយហ្គាប្រៀលដែលជាកូនប្រុសរបស់ពួកគាត់ទើបនឹងកើត។

ហ្គាប្រៀល​ដែល​ជា​កូន​ទី​៣​របស់​យើង​ជា​សមាជិក​ថ្មី​ដែល​នឹក​ស្មាន​មិន​ដល់

នៅ​ថ្ងៃ​មួយ គ្រូ​ពេទ្យ​របស់​យើង​បាន​ប្រាប់​ថា​ស៊ីលវីអា​មាន​ផ្ទៃ​ពោះ។ យើង​ទាំង​ពីរ​នាក់​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់! យើង​អរ​សប្បាយ​មែន​ទែន តែ​ខ្ញុំ​ក៏​គិត​អំពី​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ទៅ​ជា​អ្នក​ត្រួស​ត្រាយ​ដែរ។ តើ​ខ្ញុំ​នៅ​តែ​អាច​ត្រួស​ត្រាយ​បាន​ទេ? ភ្លាម​ៗ​នោះ យើង​ចាប់​ផ្ដើម​ទន្ទឹង​រង់​ចាំ​ទទួល​សមាជិក​ក្រុម​គ្រួសារ​ថ្មី។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​ឆ្ងល់​ថា តើ​ខ្ញុំ​អាច​ត្រួស​ត្រាយ​បាន​ឬ​យ៉ាង​ណា?

ក្រោយ​ពី​និយាយ​គ្នា​អំពី​គោល​ដៅ យើង​សម្រេច​ចិត្ត​ឲ្យ​ខ្ញុំ​នៅ​តែ​បន្ត​ទៅ​ជា​អ្នក​ត្រួស​ត្រាយ។ កូន​ប្រុស​របស់​យើង​ហ្គាប្រៀល​បាន​កើត​នៅ​ខែ​មេសា ឆ្នាំ​១៩៨៥។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​បាន​លា​ឈប់​ពី​ការ​ងារ​នៅ​ធនាគារ ហើយ​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ម្ដង​ទៀត​នៅ​ខែ​មិថុនា ឆ្នាំ​១៩៨៥។ ក្រោយ​មក ខ្ញុំ​បាន​ទៅ​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា។ ប៉ុន្តែ ការិយាល័យ​សាខា​មិន​មែន​នៅ​ក្រុង​ការ៉ាកាស​ទេ ដូច្នេះ​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ប្រហែល​ជា​៨០​គីឡូ​ម៉ែត្រ ពីរ​បី​ថ្ងៃ​ម្ដង​រាល់​សប្ដាហ៍​ដើម្បី​ជួយ​កិច្ច​ការ​នៅ​បេតអែល។

យើង​រើ​ទៅ​កន្លែង​ផ្សេង​ទៀត

ដោយ​សារ​ការិយាល័យ​សាខា​នៅ​ក្រុង​ឡាវិចតូរីយ៉ា យើង​បាន​សម្រេច​ចិត្ត​ជា​ក្រុម​គ្រួសារ​រើ​ទៅ​ក្រុង​នោះ​ដើម្បី​នៅ​ជិត​បេតអែល។ នោះ​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ចំពោះ​យើង​ទាំង​អស់​គ្នា។ ខ្ញុំ​ពិត​ជា​កោត​ស្ងើច​និង​អរគុណ​ដល់​ក្រុម​គ្រួសារ​របស់​ខ្ញុំ។ ចិត្ត​គំនិត​របស់​ពួក​គាត់​បាន​ជួយ​ច្រើន។ បង​ស្រី​របស់​ខ្ញុំ​បាហា​សុខ​ចិត្ត​មើល​ថែ​ម្ដាយ​របស់​យើង។ កូន​ម៉ៃក៍​បាន​រៀប​ការ​រួច​ហើយ ប៉ុន្តែ​សាមីរ៉ា​និង​ហ្គាប្រៀល​នៅ​តែ​រស់​នៅ​ជា​មួយ​យើង។ ដូច្នេះ ការ​រើ​ទៅ​ក្រុង​ឡាវិចតូរីយ៉ា​តម្រូវ​ឲ្យ​កូន​ៗ​ឃ្លាត​ឆ្ងាយ​ពី​មិត្ត​ភក្ដិ​នៅ​ក្រុង​ការ៉ាកាស។ ម្យ៉ាង​ទៀត ប្រពន្ធ​សំណព្វ​ខ្ញុំ​ស៊ីលវីអា​ត្រូវ​សម្រប​ខ្លួន​នឹង​ការ​រស់​នៅ​ក្រុង​តូច​មួយ ជា​ជាង​រដ្ឋធានី​ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ ហើយ​យើង​ទាំង​អស់​គ្នា​ត្រូវ​សម្រប​ខ្លួន​រស់​នៅ​ក្នុង​ផ្ទះ​តូច​ជាង។ មែន​ហើយ មាន​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​ពេល​យើង​រើ​ពី​ក្រុង​ការ៉ាកាស​ទៅ​ក្រុង​ឡាវិចតូរីយ៉ា។

ប៉ុន្តែ​ក្រៅ​ពី​នេះ ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ​ដែរ។ ហ្គាប្រៀល​បាន​រៀប​ការ ហើយ​សាមីរ៉ា​អាច​រស់​នៅ​បែក​ផ្ទះ។ ក្រោយ​មក ខ្ញុំ​និង​ស៊ីលវីអា​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​បេតអែល​នៅ​ឆ្នាំ​២០០៧ ហើយ​តាំង​ពី​នោះ​មក យើង​បន្ត​បម្រើ​នៅ​បេតអែល។ ម៉ៃក៍​ជា​កូន​ប្រុស​ច្បង​របស់​យើង​បម្រើ​ជា​អ្នក​ចាស់​ទុំ ហើយ​គាត់​ត្រួស​ត្រាយ​ជា​មួយ​ប្រពន្ធ​របស់​គាត់​ម៉ូនីកា។ ហ្គាប្រៀល​ក៏​បម្រើ​ជា​អ្នក​ចាស់​ទុំ​ដែរ ហើយ​គាត់​បម្រើ​ជា​មួយ​ប្រពន្ធ​របស់​គាត់​អាំប្រា នៅ​ប្រទេស​អ៊ីតាលី។ សាមីរ៉ា​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ ហើយ​ក៏​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​បេតអែល​ពី​ផ្ទះ។

ពីឆ្វេងទៅស្ដាំ: ខ្ញុំ​និង​ប្រពន្ធ​របស់​ខ្ញុំ​ស៊ីលវីអា​នៅ​ការិយាល័យ​សាខា​វ៉េណេស៊ុយអេឡា។ កូន​ប្រុស​ច្បង​របស់​យើង​ម៉ៃក៍​ជា​មួយ​ម៉ូនីកា។ កូន​ស្រី​របស់​យើង​សាមីរ៉ា។ កូន​ប្រុស​របស់​យើង​ហ្គាប្រៀល​ជា​មួយ​អាំប្រា

ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ​របស់​ខ្ញុំ​ក្នុង​ជីវិត

ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ធំ​ៗ​ជា​ច្រើន​ក្នុង​ជីវិត​របស់​ខ្ញុំ តែ​ខ្ញុំ​មិន​ស្ដាយ​ក្រោយ​សោះ។ ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​ទាំង​អស់​នោះ។ ខ្ញុំ​ឲ្យ​តម្លៃ​ខ្លាំង​ណាស់​ទៅ​លើ​ភារកិច្ច​និង​ឯកសិទ្ធិ​ជា​ច្រើន​ដែល​ខ្ញុំ​មាន​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ អស់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាន​ឃើញ​ថា គឺ​សំខាន់​ចាំ​បាច់​ឲ្យ​យើង​រក្សា​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​ព្រះ​យេហូវ៉ា។ មិន​ថា​ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ធំ​ឬ​តូច​ក្ដី លោក​អាច​ផ្ដល់​សេចក្ដី​សុខ​សាន្ត​ដែល​«​ហួស​ពី​ការ​នឹក​ស្មាន​»។ (​ភី. ៤:៦, ៧​) ខ្ញុំ​និង​ស៊ីលវីអា​ចូល​ចិត្ត​កិច្ច​បម្រើ​ពិសិដ្ឋ​របស់​យើង​នៅ​បេតអែល ហើយ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​យើង ដោយ​សារ​យើង​គិត​ដល់​លោក។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក