បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w21 តុលា ទំ. ១៤-១៧
  • ការធ្វើឲ្យមានចំណងមិត្តភាពឡើងវិញជាមួយព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការធ្វើឲ្យមានចំណងមិត្តភាពឡើងវិញជាមួយព្រះយេហូវ៉ា
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​មាន​ការ​ពិបាក​អ្វី​ខ្លះ?
  • ចូរ​កំណត់​គោល​ដៅ​ដែល​អ្នក​អាច​សម្រេច​បាន
  • សូម​កុំ​ឈប់​ព្យាយាម​ឡើយ!
  • អ្នកមានតម្លៃចំពោះព្រះយេហូវ៉ា!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • អ្នកចាស់ទុំទាំងឡាយ ចូរបន្ដយកតម្រាប់សាវ័កប៉ូល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • អ្នកមិននៅឯកា ព្រោះព្រះយេហូវ៉ានៅជាមួយអ្នកជានិច្ច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • អ្នកចាស់ទុំ‹ជាអ្នករួមការងារដើម្បីឲ្យយើងរាល់គ្នាមានអំណរ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
w21 តុលា ទំ. ១៤-១៧
បងប្រុសម្នាក់មើលទៅកើតទុក្ខយ៉ាងខ្លាំងពេលគាត់គិតអំពីពេលវេលានិងកម្លាំងដើម្បីសង់ផ្ទះដែលខូចខ្ទេចខ្ទីឡើងវិញ។

ការ​ធ្វើ​ឲ្យ​មាន​ចំណង​មិត្តភាព​ឡើង​វិញ​ជា​មួយ​ព្រះ​យេហូវ៉ា

ជា​រៀង​រាល់​ឆ្នាំ បុគ្គល​ជា​ច្រើន​ដែល​ប្រៀប​ដូច​ជា​ចៀម​ដ៏​មាន​តម្លៃ​ចូល​មក​ក្រុម​ជំនុំ​ឡើង​វិញ។ សូម​ស្រមៃ​គិត​ថា​«​នៅ​ស្ថាន​សួគ៌​នឹង​មាន​អំណរ​»​ខ្លាំង​យ៉ាង​ណា រាល់​ដង​ពេល​បុគ្គល​ម្នាក់​ត្រឡប់​មក​វិញ! (​លូក. ១៥:៧, ១០​) បើ​អ្នក​បាន​ចូល​ក្រុម​ជំនុំ​ឡើង​វិញ អ្នក​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​បណ្ដា​ទេវតា​អរ​សប្បាយ​ខ្លាំង​ណាស់។ ទោះ​ជា​យ៉ាង​នេះ​ក្ដី កាល​ដែល​អ្នក​ផ្សះ​ផ្សា​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​ឡើង​វិញ អ្នក​ប្រហែល​ជា​នឹង​ជួប​ការ​ពិបាក​ផ្សេង​ៗ។ តើ​មាន​ការ​ពិបាក​អ្វី​ខ្លះ ហើយ​តើ​អ្វី​អាច​ជួយ​អ្នក?

តើ​មាន​ការ​ពិបាក​អ្វី​ខ្លះ?

បង​ប្អូន​ជា​ច្រើន​នៅ​តែ​ធ្លាក់​ទឹក​ចិត្ត ទោះ​ជា​ពួក​គេ​បាន​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ​ក្ដី។ អ្នក​ប្រហែល​ជា​យល់​អំពី​អារម្មណ៍​របស់​ស្ដេច​ដាវីឌ។ សូម្បី​តែ​ក្រោយ​ពី​ព្រះ​បាន​អភ័យ​ទោស​ឲ្យ​គាត់ ក៏​គាត់​និយាយ​ថា​៖ ​«​កំហុស​របស់​ខ្ញុំ​មាន​ច្រើន​ពន់​ពេក​»។ (​ចសព. ៤០:១២; ៦៥:៣​) ក្រោយ​ពី​បុគ្គល​ម្នាក់​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ គាត់​ប្រហែល​ជា​បន្ទោស​ខ្លួន ឬ​ខ្មាស​គេ​អស់​ជា​ច្រើន​ឆ្នាំ។ បង​ស្រី​អ៊ីស្សាបេឡេaបាន​ត្រូវ​បណ្ដាច់​មិត្តភាព​អស់​ជាង​២០​ឆ្នាំ ហើយ​គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ពិបាក​ជឿ​ថា​ព្រះ​យេហូវ៉ា​អាច​អភ័យ​ទោស​ឲ្យ​ខ្ញុំ​»។ បើ​អ្នក​ធ្លាក់​ទឹក​ចិត្ត ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា​អាច​ចុះ​ខ្សោយ​ម្ដង​ទៀត។ (​សុភ. ២៤:១០​) សូម​ព្យាយាម​កុំ​ឲ្យ​រឿង​នេះ​កើត​ឡើង​ចំពោះ​អ្នក​ឡើយ។

បង​ប្អូន​ផ្សេង​ទៀត​ព្រួយ​បារម្ភ​ថា ពួក​គេ​មិន​អាច​ធ្វើ​អ្វី​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដើម្បី​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​ឡើង​វិញ​ឡើយ។ ក្រោយ​ពី​បង​ប្រុស​ម្នាក់​ឈ្មោះ​អេនធ្វាន​បាន​ចូល​ក្រុម​ជំនុំ​ឡើង​វិញ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ភ្លេច​អ្វី​ៗ​ជា​ច្រើន​ដែល​ខ្ញុំ​ធ្លាប់​រៀន​និង​ធ្វើ​ពេល​ខ្ញុំ​ជា​សាក្សី​»។ ដោយ​សារ​បង​ប្អូន​ខ្លះ​មាន​អារម្មណ៍​បែប​នេះ ពួក​គេ​មិន​សូវ​ខំ​ប្រឹង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ទេ។

សូម​គិត​អំពី​ឧទាហរណ៍​មួយ។ ផ្ទះ​មួយ​ខ្នង​បាន​ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ទី​ដោយ​សារ​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​មួយ។ ពេល​ម្ចាស់​ផ្ទះ​គិត​អំពី​ពេល​វេលា​និង​កម្លាំង​ដែល​នឹង​ត្រូវ​ការ​ដើម្បី​សាង​សង់​ផ្ទះ​នោះ​ឡើង​វិញ គាត់​ប្រហែល​ជា​មាន​អារម្មណ៍​ថា​នោះ​គឺ​ពិបាក​បាត់​ទៅ​ហើយ។ ស្រដៀង​គ្នា​ដែរ បើ​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហើយ​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា អ្នក​ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង ដើម្បី​ផ្សះ​ផ្សា​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​លោក។ ប៉ុន្តែ អ្នក​អាច​ទទួល​ជំនួយ​បាន។

ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ថា​៖ ​«​សូម​មក យើង​នឹង​សម្រុះ​សម្រួល​គ្នា​»។ (​អេ. ១:១៨​) ពេល​អ្នក​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ អ្នក​បាន​ខំ​ប្រឹង​«​សម្រុះ​សម្រួល​»​ជា​មួយ​លោក។ ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក ដោយ​សារ​អ្នក​បាន​ខំ​ប្រឹង​ធ្វើ​ដូច្នេះ។ សូម​គិត ដោយ​សារ​អ្នក​បាន​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ លោក​អាច​ប្រើ​អ្នក​ជា​គំរូ​ដើម្បី​បង្ហាញ​ថា​សាថាន​ជា​អ្នក​កុហក!—សុភ. ២៧:១១

ដោយ​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ អ្នក​បាន​បង្ហាញ​ថា​អ្នក​បាន​ចូល​កាន់​តែ​ជិត​លោក ហើយ​លោក​សន្យា​ថា​លោក​នឹង​ចូល​មក​ជិត​អ្នក​ផង​ដែរ។ (​យ៉ា. ៤:៨​) ជា​ការ​ល្អ​ដែល​អ្នក​ឯ​ទៀត​ឃើញ​ថា​អ្នក​បាន​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ តែ​អ្នក​ត្រូវ​ធ្វើ​អ្វី​ទៀត។ តើ​នោះ​ជា​អ្វី? គឺ​អ្នក​ត្រូវ​បន្ត​បង្កើន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា ដែល​ជា​បិតា​និង​មិត្ត​សម្លាញ់​របស់​អ្នក​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ៗ។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

ចូរ​កំណត់​គោល​ដៅ​ដែល​អ្នក​អាច​សម្រេច​បាន

សូម​ព្យាយាម​កំណត់​គោល​ដៅ​ដែល​អ្នក​អាច​សម្រេច​បាន។ អ្នក​ប្រហែល​ជា​នៅ​ចាំ​សេចក្ដី​បង្រៀន​ជា​មូលដ្ឋាន​អំពី​ព្រះ​យេហូវ៉ា និង​សេចក្ដី​សន្យា​របស់​លោក​អំពី​ថ្ងៃ​អនាគត។ ប៉ុន្តែ​ឥឡូវ​នេះ អ្នក​ត្រូវ​មាន​ទម្លាប់​ល្អ​ឡើង​វិញ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ដូច​ជា​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់ ចូល​រួម​កិច្ច​ប្រជុំ និង​សេព​គប់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ជា​រឿយ​ៗ។ ឥឡូវ សូម​យើង​ពិចារណា​អំពី​គោល​ដៅ​មួយ​ចំនួន​ដែល​អ្នក​អាច​សម្រេច​បាន។

សូម​និយាយ​ទៅ​ព្រះ​យេហូវ៉ា​ជា​រឿយ​ៗ។ បិតា​របស់​អ្នក​យល់​ថា បើ​អ្នក​បន្ត​បន្ទោស​ខ្លួន នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​អធិដ្ឋាន​ទៅ​លោក។ (​រ៉ូម ៨:២៦​) ដូច្នេះ​«​ចូរ​តស៊ូ​ក្នុង​ការ​អធិដ្ឋាន​»​ ដោយ​ប្រាប់​លោក​ថា​អ្នក​ពិត​ជា​ចង់​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក។ (​រ៉ូម ១២:១២​) បង​ប្រុស​អាន់ទ្រេ​នឹក​ចាំ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​អៀន​ខ្មាស​និង​បន្ទោស​ខ្លួន​យ៉ាង​ខ្លាំង។ ប៉ុន្តែ រាល់​ដង​ក្រោយ​ពី​ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ខ្ញុំ​មាន​អារម្មណ៍​ធូរ​ជាង និង​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ច្រើន​ជាង​»។ បើ​អ្នក​មិន​ដឹង​ថា​អ្នក​គួរ​អធិដ្ឋាន​អំពី​អ្វី​ទេ សូម​គិត​ពិចារណា​អំពី​សេចក្ដី​អធិដ្ឋាន​របស់​ស្ដេច​ដាវីឌ​នៅ​ចម្រៀង​សរសើរ​ព្រះ បទ​ទី​៥១ និង​៦៥ ដែល​បង្ហាញ​អំពី​ការ​ប្រែ​ចិត្ត​របស់​គាត់។

ចូរ​សិក្សា​គម្ពីរ​ជា​រឿយ​ៗ។ នេះ​នឹង​ជួយ​អ្នក​ឲ្យ​មាន​ជំនឿ​រឹង​មាំ ហើយ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​នឹង​កាន់​តែ​ខ្លាំង​ឡើង។ (​ចសព. ១៩:៧​-​១១​) បង​ប្រុស​ហ្វេលេភេ​និយាយ​ថា​៖ ​«​ដោយ​សារ​ពី​មុន ខ្ញុំ​មិន​មាន​ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន​និង​ការ​អាន​គម្ពីរ ជំនឿ​របស់​ខ្ញុំ​បាន​ចុះ​ខ្សោយ​ទៅ ហើយ​ក្រោយ​មក​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត។ ខ្ញុំ​មិន​ចង់​ធ្វើ​ខុស​ម្ដង​ទៀត​ទេ ដូច្នេះ​ខ្ញុំ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ខ្ញុំ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​ជា​រឿយ​ៗ​»។ អ្នក​ក៏​អាច​ធ្វើ​ដូច​បង​ហ្វេលេភេ​ដែរ។ បើ​អ្នក​មិន​ដឹង​ថា​គួរ​សិក្សា​ប្រធានបទ​ណា​ខ្លះ អ្នក​អាច​សុំ​ជំនួយ​ពី​មិត្ត​ភក្តិ​ណា​ម្នាក់​ដែល​មាន​ភាព​ចាស់​ទុំ។

ចូរ​ព្យាយាម​មាន​ចំណង​មិត្តភាព​ឡើង​វិញ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។ អ្នក​ខ្លះ​ដែល​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ​បារម្ភ​ថា​អ្នក​ឯ​ទៀត​អាច​គិត​មិន​ល្អ​មក​លើ​ពួក​គេ។ បង​ស្រី​ឡារិស្សា​បាន​សារភាព​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ដូច​ជា​បាន​ក្បត់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​អៀន​ខ្មាស​ខ្លាំង​ណាស់ ហើយ​អារម្មណ៍​នេះ​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​អស់​រយៈ​ពេល​ជា​យូរ​»។ ទោះ​ជា​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ក្ដី សូម​ជឿ​ជាក់​ថា​អ្នក​ចាស់​ទុំ​និង​បង​ប្អូន​ឯ​ទៀត​ដែល​មាន​ភាព​ចាស់​ទុំ ចង់​ជួយ​អ្នក​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ឡើង​វិញ​ជា​មួយ​ព្រះ​យេហូវ៉ា។ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ធ្វើ​អ្វី​ខ្លះ?​»​) ពួក​គេ​សប្បាយ​ចិត្ត​ដែល​អ្នក​មក​វិញ ហើយ​ពួក​គេ​ក៏​ចង់​ឃើញ​អ្នក​សប្បាយ​រីករាយ​ដែរ!—សុភ. ១៧:១៧

តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ចូល​កាន់​តែ​ជិត​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ? សូម​ទៅ​កិច្ច​ប្រជុំ​ទាំង​អស់ និង​ផ្សព្វ​ផ្សាយ​ជា​មួយ​បង​ប្អូន​ជា​ទៀង​ទាត់។ តើ​នេះ​នឹង​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច? បង​ប្រុស​ហ្វេលីច​និយាយ​ថា​៖ ​«​បង​ប្អូន​ក្រុម​ជំនុំ​ទន្ទឹង​រង់​ចាំ​ឲ្យ​ខ្ញុំ​ត្រឡប់​មក​វិញ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​តម្លៃ។ ពួក​គេ​ទាំង​អស់​គ្នា​បាន​ជួយ​ខ្ញុំ​ឲ្យ​ចូល​ក្រុម​គ្រួសារ​របស់​ព្រះ​ឡើង​វិញ ជួយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​បាន​ទទួល​ការ​អភ័យ​ទោស ហើយ​ជួយ​ខ្ញុំ​ឲ្យ​ឈាន​ទៅ​មុខ​»​ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ?​»​)។

តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ?

ចូរ​ចាប់​ផ្ដើម​មាន​ទម្លាប់​ល្អ​ក្នុង​ការ​អធិដ្ឋាន សិក្សា​គម្ពីរ និង​សេព​គប់​បង​ប្អូន

អ្នកចាស់ទុំម្នាក់កំពុងអធិដ្ឋានជាមួយបងប្រុសម្នាក់ដែលបានត្រឡប់មកព្រះយេហូវ៉ាវិញ។

ចូរ​និយាយ​ទៅ​ព្រះ​យេហូវ៉ា​ជា​រឿយ​ៗ​

សូម​ប្រាប់​ព្រះ​យេហូវ៉ា​ថា​អ្នក​ពិត​ជា​ចង់​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក។ ពួក​អ្នក​ចាស់​ទុំ​នឹង​អធិដ្ឋាន​ឲ្យ​អ្នក​ពេល​ពួក​គេ​មិន​នៅ​ជា​មួយ​អ្នក ហើយ​ពួក​គេ​នឹង​អធិដ្ឋាន​ជា​មួយ​អ្នក​ផង​ដែរ

អ្នកចាស់ទុំនោះប្រើសៀវភៅ«ចូរចូលទៅជិតព្រះយេហូវ៉ា»ដើម្បីបង្រៀនគម្ពីរដល់បងប្រុសនោះ។

ចូរ​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់

នេះ​នឹង​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា

បងប្រុសនោះនិយាយជាមួយបងប្អូនក្នុងក្រុមជំនុំពេលសេពគប់ជាមួយគ្នា។

ចូរ​ធ្វើ​ឲ្យ​មាន​ចំណង​មិត្តភាព​ឡើង

សូម​ទៅ​កិច្ច​ប្រជុំ​ទាំង​អស់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​របស់​អ្នក​និង​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់​ជា​មួយ​ពួក​គេ

សូម​កុំ​ឈប់​ព្យាយាម​ឡើយ!

ពេល​អ្នក​ផ្សះ​ផ្សា​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា សាថាន​នឹង​បន្ត​ព្យាយាម​បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្សេង​ៗ​ដើម្បី​នាំ​ឲ្យ​ជំនឿ​របស់​អ្នក​ចុះ​ខ្សោយ​ទៅ។ (​លូក. ៤:១៣​) សូម​ត្រៀម​ខ្លួន​នៅ​ឥឡូវ​នេះ ដោយ​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​លោក។

ស្ដី​អំពី​ចៀម​របស់​លោក ព្រះ​យេហូវ៉ា​សន្យា​ថា​៖ ​«​ចៀម​ណា​ដែល​បាត់ ខ្ញុំ​នឹង​ស្វែង​រក។ ចៀម​ណា​ដែល​វង្វេង ខ្ញុំ​នឹង​នាំ​ត្រឡប់​មក​វិញ។ ចៀម​ណា​ដែល​មាន​របួស ខ្ញុំ​នឹង​រុំ​របួស​ឲ្យ។ ចៀម​ណា​ដែល​ខ្សោយ ខ្ញុំ​នឹង​ពង្រឹង​កម្លាំង​»។ (​អេគ. ៣៤:១៦​) ព្រះ​យេហូវ៉ា​បាន​ជួយ​បុគ្គល​ជា​ច្រើន​ឲ្យ​ផ្សះ​ផ្សា​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​លោក។ ដូច្នេះ ចូរ​ជឿ​ជាក់​ថា​លោក​ចង់​ជួយ​អ្នក​ឲ្យ​បន្ត​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​លោក។

តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ធ្វើ​អ្វី​ខ្លះ?

អ្នកចាស់ទុំជួយបងប្រុសនោះឲ្យសង់ផ្ទះដែលខូចខាតរបស់គាត់ឡើងវិញ។

ពួក​អ្នក​ចាស់​ទុំ​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​ជួយ​អ្នក​ផ្សាយ​ដែល​បាន​ចូល​ក្រុម​ជំនុំ​ឡើង​វិញ​ឲ្យ​ផ្សះ​ផ្សា​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា។ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​ពួក​អ្នក​ចាស់​ទុំ​អាច​ធ្វើ ដើម្បី​ជួយ​បុគ្គល​ដែល​បាន​ចូល​ក្រុម​ជំនុំ​ឡើង​វិញ។

ពង្រឹង​ទំនុក​ចិត្ត​ពួក​គេ។ សាវ័ក​ប៉ូល​ដឹង​ថា​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ​ប្រែ​ចិត្ត អាច​«​ព្រួយ​ចិត្ត​ខ្លាំង​ហួស​ហេតុ​ពេក​»។ (​២កូ. ២:៧​) បុគ្គល​នោះ​ប្រហែល​ជា​ច្រើន​តែ​បន្ទោស​ខ្លួន​និង​ធ្លាក់​ទឹក​ចិត្ត។ ប៉ូល​បាន​ឲ្យ​យោបល់​ដល់​ក្រុម​ជំនុំ​ថា​៖ ​«​[​សូម​]​មេត្តា​អភ័យ​ទោស​ឲ្យ​បុរស​នោះ ហើយ​សម្រាល​ទុក្ខ​គាត់​»។ ពួក​អ្នក​ដែល​បាន​ចូល​ក្រុម​ជំនុំ​ឡើង​វិញ ត្រូវ​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​និង​បង​ប្អូន​រួម​ជំនឿ​ស្រឡាញ់​ពួក​គេ​ខ្លាំង​ណាស់។ ពេល​ពួក​អ្នក​ចាស់​ទុំ​សរសើរ​និង​ជួយ​ពួក​គេ​ជា​ទៀង​ទាត់ នេះ​អាច​ជួយ​ពួក​គេ​មិន​ឲ្យ​ធ្លាក់​ទឹក​ចិត្ត។

អធិដ្ឋាន​ជា​មួយ​ពួក​គេ។ គម្ពីរ​ចែង​ថា​៖ ​«​សេចក្ដី​អធិដ្ឋាន​អង្វរ​របស់​មនុស្ស​សុចរិត​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់​»។ (​យ៉ា. ៥:១៦​) បង​ស្រី​ឡារិស្សា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​ថា​ខ្ញុំ​ខ្វល់​ខ្វាយ ហើយ​ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ពួក​គេ​បាន​អធិដ្ឋាន​ឲ្យ​ខ្ញុំ។ ពេល​នោះ ខ្ញុំ​បាន​យល់​ថា​ពួក​អ្នក​ចាស់​ទុំ​មិន​ខឹង​ខ្ញុំ​ទេ។ ពួក​គេ​ចង់​ជួយ​ខ្ញុំ​ឲ្យ​មាន​ចំណង​មិត្តភាព​ឡើង​វិញ​ជា​មួយ​ព្រះ​យេហូវ៉ា​»។ បង​ប្រុស​ថេអូ​និយាយ​ថា​៖ ​«​ការ​អធិដ្ឋាន​របស់​ពួក​អ្នក​ចាស់​ទុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​ស្រឡាញ់​ខ្ញុំ ហើយ​ឃើញ​ចំណុច​ល្អ​របស់​ខ្ញុំ មិន​គ្រាន់​តែ​ចំណុច​អាក្រក់​ប៉ុណ្ណោះ​ទេ​»។

ធ្វើ​ជា​មិត្ត​ភក្ដិ​របស់​ពួក​គេ។ ពួក​អ្នក​ដែល​បាន​ចូល​ក្រុម​ជំនុំ​ឡើង​វិញ​ត្រូវ​ការ​មិត្ត​ភក្តិ។ អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​ចាស្ទីន​និយាយ​ថា​៖ ​«​សូម​ប្រើ​គ្រប់​ឱកាស​ដើម្បី​អញ្ជើញ​ពួក​គេ​ឲ្យ​ផ្សព្វ​ផ្សាយ​ជា​មួយ​អ្នក ហើយ​សំខាន់​បំផុត សូម​ទៅ​សួរ​សុខ​ទុក្ខ​ពួក​គេ​ដល់​ផ្ទះ។ ការ​ធ្វើ​ជា​មិត្ត​ភក្ដិ​របស់​ពួក​គេ​គឺ​សំខាន់​ណាស់!​»។ អ្នក​ចាស់​ទុំ​ម្នាក់​ទៀត​ឈ្មោះ​ហេនរី​និយាយ​ថា​៖ ​«​បើ​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ឃើញ​អ្នក​ចាស់​ទុំ​ធ្វើ​ជា​មិត្ត​ភក្តិ​ជា​មួយ​នឹង​បុគ្គល​ដែល​បាន​ចូល​ក្រុម​ជំនុំ​ឡើង​វិញ ពួក​គេ​នឹង​ព្យាយាម​ធ្វើ​ដូច​គ្នា​ដែរ​»។

ជួយ​ពួក​គេ​ឲ្យ​សិក្សា​គម្ពីរ។ មិត្ត​ភក្តិ​ដែល​មាន​ភាព​ចាស់​ទុំ អាច​ជួយ​បុគ្គល​ដែល​បាន​ចូល​ក្រុម​ជំនុំ​ឡើង​វិញ ឲ្យ​មាន​កាល​វិភាគ​ល្អ​សម្រាប់​សិក្សា។ អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​ដាកូ​និយាយ​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​ប្រាប់​ពួក​អ្នក​ដែល​បាន​ចូល​ក្រុម​ជំនុំ​ឡើង​វិញ អំពី​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ខ្ញុំ​បាន​រក​ឃើញ​ពេល​ខ្ញុំ​សិក្សា​ផ្ទាល់​ខ្លួន ហើយ​ចង់​ឲ្យ​ពួក​គេ​ឃើញ​ថា​ខ្ញុំ​រំភើប​ចិត្ត​សិក្សា​គម្ពីរ។ ខ្ញុំ​ក៏​រៀបចំ​សិក្សា​ព័ត៌មាន​ខ្លះ​ៗ​ជា​មួយ​គ្នា​ដែរ​»។ អ្នក​ចាស់​ទុំ​ម្នាក់​ទៀត​ឈ្មោះ​ខ្លេថិន​និយាយ​ថា​៖ ​«​ខ្ញុំ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ស្វែង​រក​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​បុគ្គល​ដែល​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ស្រដៀង​នឹង​ពួក​គេ​»។

ធ្វើ​ជា​គង្វាល​ល្អ។ បុគ្គល​ដែល​បាន​ចូល​ក្រុម​ជំនុំ​ឡើង​វិញ បាន​ឃើញ​ពួក​អ្នក​ចាស់​ទុំ​បំពេញ​តួ​នាទី​ជា​អ្នក​វិនិច្ឆ័យ។ ឥឡូវ​នេះ​ជាង​ពេល​មុន​ៗ​ទៅ​ទៀត ពួក​គេ​ត្រូវ​យល់​ថា​ពួក​អ្នក​ចាស់​ទុំ​ជា​គង្វាល។ (​យេ. ២៣:៤​) ដូច្នេះ ចូរ​រហ័ស​ស្ដាប់​បុគ្គល​ទាំង​នេះ ហើយ​ប្រុង​ប្រៀប​សរសើរ​ពួក​គេ។ ចូរ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​ពួក​គេ​ជា​រឿយ​ៗ។ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​ម៉ាគុស​ធ្វើ ពេល​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​ក្នុង​នាម​ជា​គង្វាល គាត់​និយាយ​ថា​៖ ​«​យើង​បង្ហាញ​បទ​គម្ពីរ សរសើរ​ពួក​គេ ហើយ​ប្រាប់​ពួក​គេ​ថា​យើង​មាន​មោទនភាព​ចំពោះ​ពួក​គេ ដោយ​សារ​ពួក​គេ​បាន​ខំ​ប្រឹង​ព្យាយាម​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ។ យើង​ប្រាប់​ពួក​គេ​ដែរ​ថា ព្រះ​យេហូវ៉ា​ក៏​មាន​មោទនភាព​ចំពោះ​ពួក​គេ។ ពេល​ជិត​ចប់​ការ​សួរ​សុខ​ទុក្ខ យើង​ណាត់​ពួក​គេ​សម្រាប់​លើក​ក្រោយ​»។

a ឈ្មោះ​ក្នុង​អត្ថបទ​នេះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក