តើលោកអ្នកដឹងឬទេ?
ហេតុអ្វីជាការល្អដែលជនជាតិអ៊ីស្រាអែលអាចជូនទាំងសត្វលលកទាំងសត្វព្រាបជាគ្រឿងបូជា?
ក្រោមច្បាប់ម៉ូសេ ទាំងសត្វលលកទាំងសត្វព្រាបអាចធ្វើជាគ្រឿងបូជាជូនព្រះយេហូវ៉ា។ សត្វទាំងពីរប្រភេទនេះ តែងតែបានត្រូវលើកឡើងជាមួយគ្នាក្នុងច្បាប់អំពីការជូនគ្រឿងបូជា ហើយអាចប្ដូរគ្នាបាន។ (ចល. ១:១៤; ១២:៨; ១៤:៣០) ហេតុអ្វីនេះមានប្រយោជន៍? មូលហេតុមួយ គឺដោយសារមិនតែងតែមានសត្វលលកនៅស្រុកអ៊ីស្រាអែលទេ។ ហេតុអ្វី?
លលក
នៅខែក្ដៅ សត្វលលករស់នៅទូទាំងស្រុកអ៊ីស្រាអែល ប៉ុន្តែរាល់ឆ្នាំនៅខែតុលា វាហើរទៅប្រទេសក្ដៅជាង ដែលនៅទិសខាងត្បូងស្រុកអ៊ីស្រាអែល។ ក្រោយមក វាត្រឡប់មកស្រុកអ៊ីស្រាអែលវិញនៅរដូវស្លឹកឈើលាស់។ (សាឡូ. ២:១១, ១២; យេ. ៨:៧) ហេតុនេះ នៅស្រុកអ៊ីស្រាអែលសម័យបុរាណ គឺពិបាកឲ្យបណ្ដាជនជូនសត្វលលកជាគ្រឿងបូជាក្នុងអំឡុងពេលរដូវត្រជាក់។
ព្រាបមួយប្រភេទ
ផ្ទុយពីសត្វលលក តាមធម្មតាសត្វព្រាបមិនហើរទៅប្រទេសក្រៅទេ។ ដូច្នេះ គេអាចរកវានៅស្រុកអ៊ីស្រាអែលគ្រប់ពេលវេលា។ ម្យ៉ាងទៀត គេចិញ្ចឹមសត្វព្រាបផងដែរ។ (សូមពិនិត្យបន្ថែម យ៉ូហាន ២:១៤, ១៦) យោងទៅតាមសៀវភៅមួយ «គេចិញ្ចឹមសត្វព្រាប នៅភូមិនិងក្រុងតូចទាំងអស់នាស្រុកប៉ាឡេស្ទីន។ ម្ចាស់ផ្ទះម្នាក់ៗមានសម្បុកឬប្រហោងក្នុងជញ្ជាំងមួយដែលសត្វព្រាបអាចរស់នៅ» (Bible Plants and Animals)។—សូមពិនិត្យបន្ថែម អេសាយ ៦០:៨
ព្រាបនៅក្នុងសម្បុកមួយ
ព្រះយេហូវ៉ាបានបង្ហាញថាលោកមានសេចក្ដីស្រឡាញ់ ហើយក៏សមហេតុសមផល ដោយទទួលយកសត្វស្លាបជាគ្រឿងបូជា ដែលជនជាតិអ៊ីស្រាអែលងាយរកនៅគ្រប់ពេលវេលា។