បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/៤ ទំ. ២៧-៣១
  • ពរ«នៅពេលដែលមានអំណោយផល»និង«នៅពេលដែលមានការលំបាក»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពរ«នៅពេលដែលមានអំណោយផល»និង«នៅពេលដែលមានការលំបាក»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពេល​ដែល​ការ​លំបាក​បាន​មក​ដល់
  • ការ​គាំ​ទ្រ​ដោយ​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា
  • ប៉ូលិស​បាន​ចាប់​ខ្ញុំ​ដាក់​គុក
  • យើង​បាន​ទទួល​ពរ សូម្បី​តែ​នៅ​ពេល​ដែល​មាន​ការ​លំបាក​ក៏​ដោយ
  • យើង​មាន​ពេល​ដែល​មាន​អំណោយ​ផល​ម្ដង​ទៀត
  • ខ្ញុំឲ្យព្រះយេហូវ៉ាណែនាំផ្លូវជីវិតរបស់ខ្ញុំ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/៤ ទំ. ២៧-៣១

ជីវប្រវត្ដិ

ពរ​«​នៅ​ពេល​ដែល​មាន​អំណោយ​ផល​»​និង​«​នៅ​ពេល​ដែល​មាន​ការ​លំបាក​»​

រៀប​រាប់​ដោយ​បង​ត្រូភីម នឺសំបា

ខ្ញុំ​កើត​នៅ​ខែ​មីនា ឆ្នាំ​១៩៣០ នា​ភូមិ​ណាមឃូមបា ប្រទេស​ម៉ាឡាវី។ ខ្ញុំ​កើត​ក្នុង​ក្រុម​គ្រួសារ​ដែល​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់។ នៅ​ឆ្នាំ​១៩៤២ ខ្ញុំ​បាន​ប្រគល់​ជីវិត​ខ្ញុំ​ជូន​ព្រះ​យេហូវ៉ា ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​ទន្លេ​ដ៏​ស្អាត​មួយ​នៅ​ប្រទេស​ម៉ាឡាវី។ អស់​រយៈ​ពេល​៧០​ឆ្នាំ ខ្ញុំ​បាន​ព្យាយាម​ធ្វើ​តាម​យោបល់​ដែល​សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ​«​ប្រកាស​បណ្ដាំ​របស់​ព្រះ ចូរ​ប្រកាស​ជា​បន្ទាន់​នៅ​ពេល​ដែល​មាន​អំណោយ​ផល នៅ​ពេល​ដែល​មាន​ការ​លំបាក​»។—ធីម៉ូថេ​ទី២ ៤:២

នៅ​ឆ្នាំ​១៩៤៨ បង​ណេថិន ន័រ និង​បង​មីលថុន ហេនសូល បាន​មក​ប្រទេស​ម៉ាឡាវី។ ទស្សនកិច្ច​របស់​ពួក​គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល។ ក្រោយ​មក​ខ្ញុំ​បាន​ជួប​ប្អូន​ស្រី​រួម​ជំនឿ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ​លីដាស៊ី ហើយ​នាង​ក៏​មាន​គោល​ដៅ​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល​ដូច​ខ្ញុំ​ដែរ។ នា​ឆ្នាំ​១៩៥០ យើង​បាន​រៀប​ការ​ជា​មួយ​គ្នា ហើយ​នៅ​ឆ្នាំ​១៩៥៣ យើង​មាន​កូន​ពីរ​នាក់។ ទោះ​ជា​យើង​មាន​ភារកិច្ច​ជា​ច្រើន​ក្នុង​ក្រុម​គ្រួសារ​ក៏​ដោយ យើង​ទាំង​ពីរ​នាក់​បាន​សម្រេច​ចិត្ត​ថា​ខ្ញុំ​នឹង​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​បាន។ ពីរ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស។

មិន​យូរ​ក្រោយ​ពី​នោះ ខ្ញុំ​មាន​ឯកសិទ្ធិ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​ផ្សេង​ៗ​ក្នុង​នាម​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ ដោយ​សារ​លីដាស៊ី​បាន​ជួយ​ខ្ញុំ​យ៉ាង​ច្រើន នោះ​ខ្ញុំ​អាច​បំពេញ​នូវ​អ្វី​ទាំង​អស់​ដែល​ក្រុម​គ្រួសារ​យើង​ត្រូវ​ការ ហើយ​ខ្ញុំ​នៅ​តែ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល។a (​សូម​មើល​កំណត់​សម្គាល់​) ក៏​ប៉ុន្តែ យើង​ទាំង​ពីរ​នាក់​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល។ ដូច្នេះ យើង​បាន​រៀបចំ​គម្រោង​យ៉ាង​ហ្មត់​ចត់ ហើយ​កូន​ៗ​យើង​ក៏​បាន​សហការ​ជា​មួយ​នឹង​យើង​ដែរ។ ហេតុ​នេះ នៅ​ឆ្នាំ​១៩៦០ លីដាស៊ី​អាច​ចាប់​ផ្ដើម​កិច្ច​បម្រើ​ពេញ​ពេល​បាន។

នៅ​ឆ្នាំ​១៩៦២ យើង​បាន​ចូល​រួម​សន្និបាត​ប្រចាំ​តំបន់​ដែល​មាន​ប្រធាន​ថា​«​អ្នក​បម្រើ​ដ៏​ក្លាហាន​»។ មួយ​ឆ្នាំ​ក្រោយ​មក បង​ហេនសូល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡាវី​ក្នុង​អំឡុង​មហា​សន្និបាត​ពិសេស​មួយ ជិត​ក្រុង​ប្លេនថាយអ៊ើរ។ នៅ​មហា​សន្និបាត​នោះ​មាន​អ្នក​ចូល​រួម​ច្រើន​ជាង​១០.០០០​នាក់។ ពេល​ខ្ញុំ​គិត​អំពី​កម្ម​វិធី​ពិសេស​នោះ ខ្ញុំ​យល់​ថា​របៀប​ដែល​កម្ម​វិធី​ពិសេស​ទាំង​នោះ​បាន​ត្រូវ​រៀបចំ​ឡើង គឺ​ដើម្បី​ពង្រឹង​កម្លាំង​យើង​ទាំង​អស់​គ្នា​ក្នុង​ប្រទេស​ម៉ាឡាវី​សម្រាប់​គ្រា​លំបាក​ដែល​ហៀបនឹង​មក​ដល់។

ពេល​ដែល​ការ​លំបាក​បាន​មក​ដល់

នៅ​ឆ្នាំ​១៩៦៤ សាក្សី​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​បៀត​បៀន ដោយ​សារ​ពួក​គេ​មិន​ព្រម​ចូល​រួម​ក្នុង​សកម្មភាព​ខាង​នយោបាយ។ ជា​លទ្ធផល សាល​ប្រជុំ​ជាង​១០០​ខ្នង និង​ផ្ទះ​ជាង​១.០០០​ខ្នង​របស់​បង​ប្អូន​យើង​បាន​ត្រូវ​បំផ្លាញ​ចោល។ លីដាស៊ី​និង​ខ្ញុំ​បន្ត​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​រហូត​ដល់​រដ្ឋាភិបាល​បាន​ដាក់​បម្រាម​លើ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ឆ្នាំ​១៩៦៧។ រដ្ឋាភិបាល​បាន​កាន់​កាប់​អគារ​ការិយាល័យ​សាខា ហើយ​បង្ខំ​ឲ្យ​សាសនទូត​ចាក​ចេញ​ពី​ប្រទេស​នោះ ព្រម​ទាំង​ចាប់​សាក្សី​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​ដាក់​គុក ដែល​រួម​មាន​លីដាស៊ី​និង​ខ្ញុំ​ដែរ។ ពេល​គេ​ដោះ​លែង​យើង​ចេញ​ពី​គុក​វិញ យើង​បាន​បន្ត​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​ដោយ​ប្រយ័ត្នប្រយែង។

នៅ​ថ្ងៃ​មួយ ក្នុង​ខែ​តុលា ឆ្នាំ​១៩៧២ សមាជិក​ជា​ច្រើន​ក្នុង​ក្រុម​ជ្រុល​និយម​ខាង​នយោបាយ​ដែល​គេ​ហៅ​ថា​សម្ព័ន្ធ​យុវជន​ម៉ាឡាវី​បាន​នាំ​គ្នា​សំដៅ​មក​ផ្ទះ​របស់​យើង។ ប៉ុន្តែ សមាជិក​ម្នាក់​ក្នុង​ក្រុម​នោះ​បាន​រត់​មក​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​លាក់​ខ្លួន ដោយ​សារ​ពួក​គេ​មាន​គម្រោង​សម្លាប់​ខ្ញុំ។ ឮ​ដូច្នេះ ខ្ញុំ​ក៏​ប្រាប់​ប្រពន្ធ​និង​កូន​ៗ​ខ្ញុំ​ឲ្យ​ទៅ​លាក់​ខ្លួន​នៅ​គុម្ព​ចេក​ដែល​នៅ​ក្បែរ​នោះ។ រួច​មក ខ្ញុំ​ក៏​បាន​ឡើង​ទៅ​ពួន​លើ​ដើម​ស្វាយ​ធំ​មួយ។ ខ្ញុំ​បាន​មើល​ពី​លើ​ដើម​ស្វាយ​នោះ​ឃើញ​ពួក​គេ​កំពុង​វាយ​បំផ្លាញ​ផ្ទះ​និង​អីវ៉ាន់​ទាំង​អស់​របស់​យើង។

ពេល​ដែល​មាន​ការ​បៀត​បៀន​កាន់​តែ​ច្រើន​ឡើង សាក្សី​រាប់​ពាន់​នាក់​បាន​ចាក​ចេញ​ពី​ប្រទេស​ម៉ាឡាវី។ យើង​បាន​ស្នាក់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ម៉ូសាំប៊ិច​រហូត​ដល់​ខែ​មិថុនា ឆ្នាំ​១៩៧៤។ នៅ​ពេល​នោះ លីដាស៊ី​និង​ខ្ញុំ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​ក្នុង​ក្រុង​ដូមវេ ដែល​ជា​ក្រុង​តូច​មួយ​នៅ​ប្រទេស​ម៉ូសាំប៊ិច។ យើង​បាន​បន្ត​កិច្ច​បម្រើ​នោះ​រហូត​ដល់​ឆ្នាំ​១៩៧៥ ពេល​ដែល​គេ​បង្ខំ​យើង​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​ម៉ូសាំប៊ិច​ទៅ​ប្រទេស​ម៉ាឡាវី​វិញ។ នៅ​ប្រទេស​ម៉ាឡាវី​សាក្សី​ព្រះ​យេហូវ៉ា​នៅ​តែ​ត្រូវ​គេ​បៀត​បៀន។

ក្រោយ​ពី​ត្រឡប់​មក​ប្រទេស​ម៉ាឡាវី​វិញ ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​ទស្សនកិច្ច​ក្រុម​ជំនុំ​នានា​ក្នុង​ក្រុង​លីឡងវេ​ដែល​ជា​រដ្ឋធានី​នៃ​ប្រទេស​នោះ។ ទោះ​ជា​មាន​ការ​បៀត​បៀន និង​ការ​ពិបាក​សព្វ​បែប​យ៉ាង​ក្ដី ចំនួន​ក្រុម​ជំនុំ​បាន​កើន​ឡើង​យ៉ាង​ច្រើន​ក្នុង​មណ្ឌល​ដែល​យើង​កំពុង​បម្រើ។

ការ​គាំ​ទ្រ​ដោយ​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា

នៅ​ថ្ងៃ​មួយ យើង​បាន​ទៅ​ដល់​ភូមិ​មួយ​ដែល​គេ​កំពុង​ធ្វើ​កិច្ច​ប្រជុំ​ខាង​នយោបាយ។ អ្នក​ខ្លះ​ដែល​នៅ​កិច្ច​ប្រជុំ​នោះ​បាន​ដឹង​ថា​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា ដូច្នេះ​ពួក​គេ​ក៏​បាន​ហៅ​យើង​ឲ្យ​អង្គុយ​ជា​មួយ​នឹង​ពួក​អ្នក​នយោបាយ​មួយ​ក្រុម​ដែល​គេ​ហៅ​ថា​យុវជន​ឈាន​មុខ​ម៉ាឡាវី។ នៅ​ពេល​នោះ យើង​បាន​អធិដ្ឋាន​អង្វរ​សុំ​ជំនួយ​និង​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា។ ពេល​កិច្ច​ប្រជុំ​ចប់ ពួក​គេ​បាន​ចាប់​ផ្ដើម​វាយ​យើង។ ភ្លាម​ៗ​នោះ ស្ត្រី​វ័យ​ចាស់​ម្នាក់​បាន​រត់​មក ហើយ​ស្រែក​ឡើង​ថា​៖ ​«​សូម​កុំ​ធ្វើ​បាប​ពួក​គេ! បុរស​នេះ​ជា​កូន​ប្រុស​របស់​បង​ប្រុស​ខ្ញុំ។ សូម​ឲ្យ​គាត់​បន្ត​ដំណើរ​របស់​គាត់​ទៅ!​»។ អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​ប្រាប់​ថា​៖ ​«​ឲ្យ​ពួក​គេ​ទៅ!​»។ យើង​មិន​ដឹង​មូលហេតុ​ដែល​ស្ត្រី​នោះ​និយាយ​ដូច្នោះ​ឡើយ ព្រោះ​យើង​មិន​មែន​ជា​សាច់​ញាតិ​របស់​គាត់​ទេ។ យើង​ជឿ​ថា​ព្រះ​យេហូវ៉ា​ច្បាស់​ជា​បាន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​មែន។

នៅ​ឆ្នាំ​១៩៨១ យុវជន​ឈាន​មុខ​ម៉ាឡាវី​បាន​ជួប​យើង​ម្ដង​ទៀត។ លើក​នេះ​ពួក​គេ​បាន​យក​កង់ កាតាប និង​សៀវភៅ​របស់​យើង ព្រម​ទាំង​ឯកសារ​សំខាន់​ដែល​មាន​ព័ត៌មាន​អំពី​បង​ប្អូន​ក្នុង​មណ្ឌល​នោះ។ យើង​បាន​រត់​គេច​ខ្លួន​ទៅ​ផ្ទះ​របស់​អ្នក​ចាស់​ទុំ​ម្នាក់។ ទោះ​ជា​យ៉ាង​នោះ​ក្ដី យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​ព័ត៌មាន​ក្នុង​ឯកសារ​ទាំង​នោះ។ ពេល​យុវជន​ឈាន​មុខ​ម៉ាឡាវី​បាន​មើល​ឯកសារ​ទាំង​នោះ ពួក​គេ​បាន​ឃើញ​សំបុត្រ​ផ្សេង​ៗ​ដែល​បង​ប្អូន​នៅ​ទូ​ទាំង​ប្រទេស​ម៉ាឡាវី​បាន​ផ្ញើ​មក​ខ្ញុំ។ នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ភិត​ភ័យ ដោយ​សារ​ពួក​គេ​គិត​ថា​ខ្ញុំ​ជា​មន្ត្រី​សំខាន់​របស់​រដ្ឋាភិបាល។ ដូច្នេះ ភ្លាម​ៗ​ពួក​គេ​បាន​បញ្ជូន​ឯកសារ​ទាំង​អស់​នោះ​ទៅ​ឲ្យ​អ្នក​ចាស់​ទុំ​ក្នុង​តំបន់​នោះ​វិញ។

នៅ​ពេល​មួយ​ទៀត យើង​កំពុង​ជិះ​ទូក​ឆ្លង​ទន្លេ។ ម្ចាស់​ទូក​នោះ​គឺ​ជា​អ្នក​ដឹក​នាំ​ខាង​នយោបាយ។ ដូច្នេះ គាត់​ចង់​ឆែក​មើល​កាត​គណបក្ស​នយោបាយ​របស់​មនុស្ស​ទាំង​អស់​ដែល​ជិះ​ទូក​នោះ។ កាល​ដែល​គាត់​ដើរ​មក​កាន់​តែ​ជិត​យើង គាត់​បាន​ឃើញ​ចោរ​ម្នាក់​ដែល​ប៉ូលិស​កំពុង​រក​ចាប់។ ហេតុ​ការណ៍​នេះ​បាន​បំបែរ​អារម្មណ៍​មនុស្ស​ទាំង​អស់ ហើយ​ម្ចាស់​ទូក​ក៏​ឈប់​ឆែក​មើល​កាត​គណបក្ស​ទៀត។ ម្ដង​នេះ​ទៀត យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​គាំ​ទ្រ​យើង​ដោយ​សេចក្ដី​ស្រឡាញ់។

ប៉ូលិស​បាន​ចាប់​ខ្ញុំ​ដាក់​គុក

នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៨៤ ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រុង​លីឡងវេ​ដើម្បី​ប្រគល់​របាយការណ៍​ទៅ​ការិយាល័យ​សាខា​នៅ​ប្រទេស​ហ្សំប៊ី។ ពេល​នោះ​មាន​ប៉ូលិស​ម្នាក់​បាន​ឃាត់​ខ្ញុំ ហើយ​ឆែក​ឆេរ​កាតាប​របស់​ខ្ញុំ។ គាត់​បាន​រក​ឃើញ​សៀវភៅ​ខ្លះ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ដូច្នេះ​គាត់​បាន​ចាប់​ខ្ញុំ​យក​ទៅ​ប៉ុស្តិ៍​ប៉ូលិស ហើយ​ចាប់​ផ្ដើម​វាយ​ខ្ញុំ។ រួច​មក គាត់​យក​ខ្សែ​ពួរ​មក​ចង​ខ្ញុំ ហើយ​ដាក់​ខ្ញុំ​ក្នុង​បន្ទប់​ជា​មួយ​នឹង​ពួក​អ្នក​ទោស​ដែល​ជា​ចោរ។

នៅ​ថ្ងៃ​បន្ទាប់ មេ​ប៉ូលិស​បាន​ដាក់​ខ្ញុំ​ក្នុង​បន្ទប់​មួយ​ផ្សេង​ទៀត ហើយ​គាត់​តម្រូវ​ឲ្យ​ខ្ញុំ​ចុះ​ហត្ថលេខា​លើ​ក្រដាស​មួយ​ដែល​សរសេរ​ថា​៖ ​«​ខ្ញុំ​ឈ្មោះ​ត្រូភីម នឺសំបា ខ្ញុំ​ឈប់​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ទៀត​ហើយ ដើម្បី​ខ្ញុំ​អាច​មាន​សេរី​ភាព​»។ ខ្ញុំ​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​ក្រដាស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ប្រាប់​គាត់​ថា​៖ ​«​ខ្ញុំ​មិន​គ្រាន់​តែ​បាន​ត្រៀម​ខ្លួន​ជាប់​ចំណង​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ត្រៀម​ខ្លួន​ដើម្បី​ស្លាប់​ផង​ដែរ។ ខ្ញុំ​នៅ​តែ​ជា​សាក្សី​ព្រះ​យេហូវ៉ា​»។ នេះ​ធ្វើ​ឲ្យ​មេ​ប៉ូលិស​នោះ​ខឹង ហើយ​គាត់​បាន​ទះ​តុ​យ៉ាង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ប៉ូលិស​ដែល​នៅ​បន្ទប់​ក្បែរ​នោះ​រត់​ចូល​មក​មើល​ថា​មាន​អ្វី​កើត​ឡើង។ មេ​ប៉ូលិស​នោះ​បាន​ប្រាប់​គាត់​ថា​៖ ​«​បុរស​នេះ​មិន​ព្រម​ចុះ​ហត្ថលេខា​ថា​ឈប់​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ទេ។ ដូច្នេះ ចូរ​ឲ្យ​គាត់​ចុះ​ហត្ថលេខា​ថា​គាត់​ជា​សាក្សី​ព្រះ​យេហូវ៉ា ហើយ​យើង​នឹង​បញ្ជូន​គាត់​ទៅ​ក្រុង​លីឡងវេ​ដើម្បី​ឲ្យ​គាត់​ជាប់​ចំណង​»។ នៅ​គ្រា​ទាំង​នោះ ប្រពន្ធ​ខ្ញុំ​មិន​បាន​ដឹង​ថា​ខ្ញុំ​នៅ​ឯ​ណា​ទេ។ បួន​ថ្ងៃ​ក្រោយ​មក បង​ប្អូន​ខ្លះ​អាច​ប្រាប់​គាត់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ។

នៅ​ឯ​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​ក្រុង​លីឡងវេ ពួក​ប៉ូលិស​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​ដោយ​ចិត្ត​សប្បុរស។ មេ​ប៉ូលិស​បាន​និយាយ​ថា​៖ ​«​នេះ​បាយ​មួយ​ចាន​សម្រាប់​អ្នក ពី​ព្រោះ​អ្នក​បាន​ជាប់​ចំណង​ដោយ​សារ​បណ្ដាំ​របស់​ព្រះ។ មនុស្ស​ឯ​ទៀត​ដែល​នៅ​ទី​នេះ​ជា​ចោរ​»។ ក្រោយ​មក​គាត់​បាន​បញ្ជូន​ខ្ញុំ​ទៅ​ពន្ធនាគារ​កេជើរី។ ខ្ញុំ​ជាប់​គុក​នៅ​ទី​នោះ​អស់​រយៈ​ពេល​ប្រាំ​ខែ។

ប្រធាន​ពន្ធនាគារ​នោះ​សប្បាយ​ចិត្ត​ដែល​គេ​បាន​បញ្ជូន​ខ្ញុំ​មក​ទី​នេះ ដោយ​សារ​គាត់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ជា​«​គ្រូ​គង្វាល​»​នៅ​ពន្ធនាគារ​នោះ។ គាត់​បានដក​គ្រូ​គង្វាល​ឥឡូវ​នេះ​ចេញ ដោយ​ប្រាប់​គ្រូ​គង្វាល​នោះ​ថា​៖ ​«​ខ្ញុំ​មិន​ត្រូវ​ការ​ឲ្យ​អ្នក​បង្រៀន​បណ្ដាំ​របស់​ព្រះ​នៅ​ទី​នេះ​ទេ អ្នក​ជាប់​គុក​ដោយ​សារ​អ្នក​បាន​លួច​ពី​វិហារ​របស់​អ្នក​»។ ដូច្នេះ ជា​រៀង​រាល់​សប្ដាហ៍​ខ្ញុំ​បាន​បង្រៀន​គម្ពីរ​ដល់​ពួក​អ្នក​ទោស​នៅ​កិច្ច​ប្រជុំ​ដែល​បាន​ត្រូវ​រៀបចំ​សម្រាប់​ពួក​គេ។

ក្រោយ​មក​អ្វី​ៗ​កាន់​តែ​អាក្រក់​ទៅ​ៗ​សម្រាប់​ខ្ញុំ។ មន្ត្រី​ពន្ធនាគារ​បាន​សួរ​ខ្ញុំ ដោយ​សារ​ពួក​គេ​ចង់​ដឹង​ថា​មាន​សាក្សី​ព្រះ​យេហូវ៉ា​ប៉ុន្មាន​នាក់​នៅ​ប្រទេស​ម៉ាឡាវី។ ខ្ញុំ​មិន​បាន​ប្រាប់​ពួក​គេ​តាម​ដែល​ពួក​គេ​ចង់​ដឹង​ទេ ដូច្នេះ​ពួក​គេ​បាន​វាយ​ខ្ញុំ​រហូត​ដល់​ខ្ញុំ​សន្លប់។ នៅ​ពេល​មួយ​ទៀត ពួក​គេ​ចង់​ដឹង​ថា​មន្ទីរ​ចាត់​ការ​ពិភព​លោក​របស់​យើង​នៅ​ឯ​ណា។ ខ្ញុំ​បាន​ប្រាប់​ថា​៖ ​«​លោក​សួរ​សំណួរ​ដែល​ស្រួល​ឆ្លើយ ចាំ​ខ្ញុំ​ប្រាប់​លោក​»។ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា​មន្ទីរ​ចាត់​ការ​ពិភព​លោក​របស់​យើង​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ។ ពួក​គេ​បាន​ភ្ញាក់​ផ្អើល ហើយ​សួរ​ថា​៖ ​«​នៅ​ក្នុង​គម្ពីរ​កន្លែង​ណា?​»។

ខ្ញុំ​ប្រាប់​ថា​៖ ​«​នៅ​អេសាយ ៤៣:១២​»។ ពួក​គេ​បើក​មើល​ខ​គម្ពីរ​នោះ ហើយ​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ថា​៖ ​«​‹ឯង​រាល់​គ្នា​ជា​ស្មរបន្ទាល់​របស់​អញ ហើយ​គឺ​អញ​នេះ​ដែល​ជា​ព្រះ› នេះ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​»។ ពួក​គេ​អាន​ខ​គម្ពីរ​នោះ​បី​ដង រួច​មក​ពួក​គេ​សួរ​ថា​៖ ​«​ម៉េច​បាន​ជា​មន្ទីរ​ចាត់​ការ​ពិភព​លោក​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ក្នុង​គម្ពីរ មិន​មែន​នៅ​ប្រទេស​អាម៉េរិក?​»។ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​អាម៉េរិក​ក៏​យល់​ដែរ​ថា​បទ​គម្ពីរ​នេះ​រៀប​រាប់​អំពី​មន្ទីរ​ចាត់​ការ​ពិភព​លោក​របស់​ពួក​គេ​»។ ដោយ​សារ​ខ្ញុំ​មិន​បាន​ប្រាប់​ពួក​គេ​ដូច​ដែល​ពួក​គេ​ចង់​ស្ដាប់ នោះ​គេ​បាន​បញ្ជូន​ខ្ញុំ​ទៅ​ពន្ធនាគារ​ឌឺស្លេកា ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ក្រុង​លីឡងវេ។

យើង​បាន​ទទួល​ពរ សូម្បី​តែ​នៅ​ពេល​ដែល​មាន​ការ​លំបាក​ក៏​ដោយ

ពេល​ខ្ញុំ​បាន​ទៅ​ដល់​ពន្ធនាគារ​ឌឺស្លេកា​នៅ​ខែ​កក្កដា ឆ្នាំ​១៩៨៤ មាន​សាក្សី​៨១​នាក់​នៅ​ទី​នោះ​រួច​ហើយ។ គុក​នោះ​មាន​អ្នក​ទោស​ច្រើន​ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​ទាំង​៣០០​នាក់​ត្រូវ​ដេក​ប្រជ្រៀត​គ្នា​នៅ​លើ​ឥដ្ឋ។ នៅ​ទី​បំផុត ជា​រៀង​រាល់​ថ្ងៃ​សាក្សី​ទាំង​អស់​អាច​ប្រជុំ​គ្នា​ជា​ក្រុម​តូច​ៗ​ដើម្បី​ពិចារណា​បទ​គម្ពីរ​មួយ ហើយ​នោះ​បាន​លើក​ទឹក​ចិត្ត​យើង​ខ្លាំង​ណាស់។

នៅ​ខែ​តុលា ឆ្នាំ​១៩៨៤ យើង​ទាំង​អស់​គ្នា​បាន​ឡើង​តុលាការ ហើយ​បាន​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​ពីរ​ឆ្នាំ។ ដូច​លើក​មុន យើង​បាន​ត្រូវ​គេ​ដាក់​គុក​មួយ​ដែល​គ្មាន​សាក្សី​ព្រះ​យេហូវ៉ា​ឡើយ។ ប៉ុន្តែ ប្រធាន​ពន្ធនាគារ​បាន​ប្រាប់​អ្នក​យាម​ទាំង​អស់​ថា​៖ ​«​សាក្សី​ព្រះ​យេហូវ៉ា​មិន​ជក់​បារី​ទេ។ ដូច្នេះ ពួក​អ្នក​យាម​មិន​ចាំ​បាច់​សុំ​បារី​ពី​ពួក​គេ​ទេ ហើយ​កុំ​ប្រើ​ពួក​គេ​ឲ្យ​រក​រងើក​ភ្លើង​មក​ដុត​កន្ទុយ​បារី​របស់​អ្នក​រាល់​គ្នា​ឡើយ។ ពួក​គេ​គឺ​ជា​រាស្ត្រ​របស់​ព្រះ! សាក្សី​ព្រះ​យេហូវ៉ា​ទាំង​អស់​គួរ​តែ​បាន​ទទួល​អាហារ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ពី​ព្រោះ​ពួក​គេ​នៅ​ទី​នេះ​មិន​មែន​ដោយ​សារ​ពួក​គេ​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ទេ តែ​ដោយ​សារ​ជំនឿ​របស់​ពួក​គេ​មាន​មូលដ្ឋាន​លើ​គម្ពីរ​»។

យើង​ទទួល​ប្រយោជន៍​ជា​ច្រើន​ទៀត ដោយ​សារ​ការ​ប្រព្រឹត្ត​ល្អ​របស់​យើង។ ពេល​មេឃ​ចាប់​ផ្ដើម​ងងឹត ឬ​ពេល​មាន​ភ្លៀង ពួក​អ្នក​យាម​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទោស​ចេញ​ទៅ​ក្រៅ​អគារ​ទេ។ ប៉ុន្តែ ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​យើង​ចេញ​ពី​អគារ ដោយ​សារ​ពួក​គេ​ទុក​ចិត្ត​យើង ហើយ​ដឹង​ថា​យើង​នឹង​មិន​ព្យាយាម​រត់​គេច​នោះ​ទេ។ ជា​ឧទាហរណ៍ មាន​ពេល​មួយ​យើង​កំពុង​ធ្វើ​ការ​នៅ​ខាង​ក្រៅ​ក្នុង​វាល ហើយ​អ្នក​យាម​ម្នាក់​បាន​ឈឺ។ ដូច្នេះ យើង​បាន​គ្រាហ៍​គាត់​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ។ ដោយ​សារ​យើង​បាន​បន្ត​ប្រព្រឹត្ត​ល្អ នោះ​យើង​អាច​ឃើញ​បុរស​ដែល​យាម​យើង​បាន​សរសើរ​នាម​ព្រះ​យេហូវ៉ាb (​សូម​មើល​កំណត់​សម្គាល់​)។—ពេត្រុស​ទី១ ២:១២

យើង​មាន​ពេល​ដែល​មាន​អំណោយ​ផល​ម្ដង​ទៀត

នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​១៩៨៥ ខ្ញុំ​បាន​ត្រូវ​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​ឌឺស្លេកា ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​មក​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ! យើង​អរគុណ​ព្រះ​យេហូវ៉ា​ដែល​លោក​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​លោក​ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​លំបាក​នោះ។ យើង​មាន​អារម្មណ៍​ដូច​សាវ័ក​ប៉ូល​ពេល​គាត់​បាន​សរសេរ​ថា​៖ ​«​បង​ប្អូន​អើយ ព្រោះ​យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី​សេចក្ដី​វេទនា​ដែល​យើង​បាន​ជួប​ប្រទះ . . . យើង​គិត​ថា​ប្រហែល​ជា​នឹង​បាត់​បង់​ជីវិត។ យើង​មាន​អារម្មណ៍​ថា យើង​បាន​ត្រូវ​កាត់​ទោស​ដល់​ជីវិត ដើម្បី​ឲ្យ​យើង​ទុក​ចិត្ត​ព្រះ​ដែល​ប្រោស​មនុស្ស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ជា​ជាង​ទុក​ចិត្ត​ខ្លួន​យើង។ ដូច្នេះ លោក​បាន​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ស្ថានភាព​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ពិត​មែន​»។—កូរិនថូស​ទី២ ១:៨​-​១០

ជួន​កាល តាម​មើល​ទៅ​យើង​នឹង​មិន​រួច​ជីវិត​ទេ។ ប៉ុន្តែ យើង​តែង​តែ​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​ចិត្ត​ក្លាហាន ប្រាជ្ញា និង​ចិត្ត​រាប​ទាប ដើម្បី​យើង​អាច​បន្ត​នាំ​ឲ្យ​នាម​ដ៏​អស្ចារ្យ​របស់​លោក​ទទួល​ការ​សរសើរ។

ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​កិច្ច​បម្រើ​របស់​យើង​ក្នុង​អំឡុង​«​ពេល​ដែល​មាន​អំណោយ​ផល​»​និង​«​ពេល​ដែល​មាន​ការ​លំបាក​»។ សព្វ​ថ្ងៃ​នេះ យើង​ពិត​ជា​រំភើប​ចិត្ត​ដោយ​ឃើញ​អគារ​ការិយាល័យ​សាខា​ដ៏​ថ្មី​ស្អាត​នៅ​ក្រុង​លីឡងវេ និង​សាល​ប្រជុំ​ថ្មី​ជាង​១.០០០​ខ្នង​នៅ​ប្រទេស​ម៉ាឡាវី! ពរ​ទាំង​នេះ​ដែល​មក​ពី​ព្រះ​យេហូវ៉ា​គឺ​អស្ចារ្យ​ចំពោះ​លីដាស៊ី​និង​ខ្ញុំ​ដល់​ម្ល៉េះ​បាន​ជា​ពរ​ទាំង​នេះ​ស្ទើរតែ​ដូច​ជា​សុបិន​មួយ!c (​សូម​មើល​កំណត់​សម្គាល់​)។

a បង​ប្អូន​ប្រុស​ដែល​មាន​កូន​តូច​នៅ​ក្នុង​បន្ទុក​មិន​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​ឡើយ។

b ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​ការ​បៀត​បៀន​នៅ​ប្រទេស​ម៉ាឡាវី សូម​មើល​សៀវភៅ​ប្រចាំ​ឆ្នាំ​របស់​សាក្សី​ព្រះ​យេហូវ៉ា ឆ្នាំ​១៩៩៩ ទំព័រ​១៧១​-​២២៣ ជា​ភាសា​អង់គ្លេស។

c ក្នុង​អំឡុង​ពេល​រៀបចំ​អត្ថបទ​នេះ បង​នឺសំបា បាន​ស្លាប់​ពេល​ដែល​គាត់​មាន​អាយុ​៨៣​ឆ្នាំ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក