បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/៦ ទំ. ៩-១៣
  • លោកស្រឡាញ់មនុស្ស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លោកស្រឡាញ់មនុស្ស
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ‹លោក​មាន​ឫទ្ធានុភាព​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ›
  • ​«​ចូរ​ងើប​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​»​
  • ​«​តើ​អ្នក​ណា​បាន​ពាល់​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្ញុំ?​»​
  • ‹លោក​យេស៊ូ​ស្រក់​ទឹក​ភ្នែក›
  • តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​ការ​អស្ចារ្យ​របស់​លោក​យេស៊ូ?
  • តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​ពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ?
    អត្ថបទពីទស្សនាវដ្ដីប៉មយាម ឆ្នាំ២០០៤
  • តើលោកយេស៊ូបានធ្វើអ្វីពេលនៅផែនដី?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • តើយើងអាចរៀនអ្វីពីអព្ភូតហេតុរបស់លោកយេស៊ូ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ‹ព្រះគ្រីស្ទជាព្រះចេស្ដារបស់ព្រះ›
    ចូរចូលទៅជិតព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/៦ ទំ. ៩-១៣

លោក​ស្រឡាញ់​មនុស្ស

​«​ខ្ញុំ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​នឹង​មនុស្សជាតិ​»។—សុភាសិត ៨:៣១, ព.ថ.

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

  • តើ​អ្វី​បង្ហាញ​ថា​លោក​យេស៊ូ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​មនុស្ស?

  • ហេតុ​អ្វី​អព្ភូតហេតុ​របស់​លោក​យេស៊ូ​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ចំពោះ​អនាគត?

  • តើ​អ្នក​ទន្ទឹង​រង់​ចាំ​មើល​លោក​យេស៊ូ​ធ្វើ​អព្ភូតហេតុ​មួយ​ណា?

១, ២​. តើ​តាម​របៀប​ណា​លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​មនុស្សជាតិ?

បុត្រ​ច្បង​របស់​ព្រះ​គឺ​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​ដែល​បង្ហាញ​អំពី​ប្រាជ្ញា​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា ហើយ​លោក​ក៏​ជា​«​មេ​ជាង​»​របស់​បិតា​លោក​ដែរ។ សូម​ស្រមៃ​គិត​ថា​លោក​យេស៊ូ​សប្បាយ​ចិត្ត​និង​ស្កប់​ចិត្ត​យ៉ាង​ណា កាល​ដែល​បិតា​របស់​លោក​បាន​«​ប្រតិស្ឋាន​ផ្ទៃ​មេឃ​»​និង​«​បាន​កំណត់​រាង​ឫស​នៃ​ផែន​ដី​»។ ប៉ុន្តែ​ក្នុង​ចំណោម​អ្វី​ៗ​ទាំង​អស់​ដែល​បិតា​របស់​លោក​បាន​បង្កើត លោក​យេស៊ូ​«​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​នឹង​មនុស្សជាតិ​»។ (​សុភាសិត ៨:២២​-​៣១; ព.ថ.​) មែន​ហើយ លោក​បាន​ស្រឡាញ់​មនុស្ស​តាំង​ពី​ដើម​ដំបូង។

២ ក្រោយ​មក លោក​យេស៊ូ​បាន​បង្ហាញ​ភក្ដី​ភាព​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​បិតា​របស់​លោក ហើយ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ដល់​មនុស្ស​ទាំង​អស់​ដោយ​សុខ​ចិត្ត​ចាក​ចេញ​ពី​ស្ថាន​សួគ៌​មក​ផែន​ដី​ដើម្បី​កើត​ជា​មនុស្ស។ ដោយ​សេចក្ដី​ស្រឡាញ់ លោក​យេស៊ូ​បាន​ធ្វើ​ដូច្នេះ​ដើម្បី​លោក​អាច​ឲ្យ​ជីវិត​របស់​លោក​«​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​»។ (​ម៉ាថាយ ២០:២៨; ភីលីព ២:៥​-​៨​) កាល​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី ព្រះ​បាន​ឲ្យ​លោក​នូវ​ឫទ្ធានុភាព​ដើម្បី​ធ្វើ​អព្ភូតហេតុ។ ការ​អស្ចារ្យ​ទាំង​នោះ​បង្ហាញ​ថា​លោក​យេស៊ូ​ស្រឡាញ់​មនុស្ស​យ៉ាង​ខ្លាំង ហើយ​ក៏​បង្ហាញ​អំពី​អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​លោក​នឹង​ធ្វើ​សម្រាប់​មនុស្សជាតិ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ដែរ។

៣​. តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​អត្ថបទ​នេះ?

៣ កាល​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​ក៏​បាន​ផ្សព្វ​ផ្សាយ​«​ដំណឹង​ល្អ​អំពី​រាជាណាចក្ររបស់​ព្រះ​»​ដែរ។ (​លូកា ៤:៤៣​) លោក​ដឹង​ថា​រាជាណាចក្រ​នេះ​នឹង​ធ្វើ​ឲ្យ​នាម​របស់​បិតា​លោក​បាន​បរិសុទ្ធ ហើយ​ក៏​នឹង​ដោះ​ស្រាយ​បញ្ហា​របស់​មនុស្សជាតិ​ជា​រៀង​រហូត​ផង​ដែរ។ កាល​ដែល​លោក​យេស៊ូ​ផ្សព្វ​ផ្សាយ លោក​បាន​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន។ ការ​អស្ចារ្យ​ទាំង​នោះ​បាន​បង្ហាញ​ថា​លោក​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​ទាំង​អស់។ ហេតុ​អ្វី​នេះ​សំខាន់​ចំពោះ​យើង? ពី​ព្រោះ​អ្វី​ដែល​លោក​បាន​ធ្វើ​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​និង​ទំនុក​ចិត្ត​ចំពោះ​អនាគត។ ដូច្នេះ​សូម​ឲ្យ​យើង​ពិចារណា​អព្ភូតហេតុ​បួន​ដែល​លោក​យេស៊ូ​បាន​ធ្វើ។

‹លោក​មាន​ឫទ្ធានុភាព​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ›

៤​. តើ​អ្វី​បាន​កើត​ឡើង​ពេល​លោក​យេស៊ូ​បាន​ជួប​បុរស​ម្នាក់​ដែល​កើត​ជំងឺ​ឃ្លង់?

៤ ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ លោក​បាន​ទៅ​ស្រុក​មួយ​ឈ្មោះ​កាលីឡេ។ នៅ​ក្រុង​មួយ​នៅ​ទី​នោះ លោក​បាន​ជួប​បុរស​ម្នាក់​ដែល​កើត​ជំងឺ​ដ៏​អាក្រក់ គឺ​ជំងឺ​ឃ្លង់។ (​ម៉ាកុស ១:៣៩, ៤០​) បុរស​នោះ​មាន​ជំងឺ​ធ្ងន់​ដល់​ម្ល៉េះ​បាន​ជា​គ្រូ​ពេទ្យ​លូកា​បាន​រៀប​រាប់​អំពី​គាត់​ថា គាត់​«​កើត​ឃ្លង់​ពេញ​ខ្លួន​»។ (​លូកា ៥:១២​) គម្ពីរ​ចែង​ថា​ពេល​បុរស​ដែល​មាន​ជំងឺ​នោះ​បាន​ឃើញ​លោក​យេស៊ូ គាត់​បាន​«​ក្រាប​ក្បាល​ដល់​ដី រួច​អង្វរ​លោក​ថា​៖ ‹លោក​ម្ចាស់ បើ​លោក​ចង់​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត លោក​អាច​ធ្វើ​បាន›​»។ បុរស​នោះ​ដឹង​ថា​លោក​យេស៊ូ​មាន​ឫទ្ធានុភាព​ដើម្បី​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ ប៉ុន្តែ​គាត់​ត្រូវ​ដឹង​ថា​លោក​យេស៊ូ​ចង់​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ ឬ​យ៉ាង​ណា។ ហេតុ​អ្វី? ដោយ​សារ​បុរស​នោះ​ធ្លាប់​ដឹង​ថា​ពួក​ផារិស៊ី​មើល​ងាយ​មនុស្ស​កើត​ឃ្លង់។ ប៉ុន្តែ​តើ​លោក​យេស៊ូ​បាន​គិត​យ៉ាង​ណា? ពេល​បុរស​ដែល​ទំនង​ជា​មាន​ស្បែក​រលួយ​រលេះ និង​ខូច​ដៃ​ខូច​ជើង​បាន​ដើរ​មក​រក​លោក​យេស៊ូ តើ​លោក​នឹង​ប្រព្រឹត្ត​យ៉ាង​ណា? បើ​អ្នក​នៅ​ក្នុង​ស្ថានភាព​បែប​នោះ​វិញ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

៥​. ហេតុ​អ្វី​លោក​យេស៊ូ​ចង់​ធ្វើ​ឲ្យ​បុរស​ដែល​កើត​ជំងឺ​ឃ្លង់​នោះ​ជា​សះ​ស្បើយ?

៥ តាម​មើល​ទៅ បុរស​ដែល​មាន​ជំងឺ​នោះ​មិន​បាន​ស្រែក​ថា​«​ខ្ញុំ​ស្មោក​គ្រោក​ៗ​!​»​ដូច​ដែល​ច្បាប់​របស់​ម៉ូសេ​បាន​តម្រូវ​ឡើយ។ (​លេវីវិន័យ ១៣:៤៣​-​៤៦​) ប៉ុន្តែ លោក​យេស៊ូ​មិន​បាន​ខឹង​នឹង​បុរស​នោះ​ទេ ផ្ទុយ​ទៅ​វិញ​លោក​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់ ហើយ​ចង់​ជួយ​គាត់។ យើង​មិន​ដឹង​ច្បាស់​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​គិត​នៅ​ពេល​នោះ​ទេ ប៉ុន្តែ​យើង​ស្គាល់​អារម្មណ៍​របស់​លោក។ លោក​អាណិត​បុរស​នោះ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ធ្វើ​អព្ភូតហេតុ​មួយ។ លោក​បាន​ពាល់​បុរស​នោះ ជា​អ្វី​ដែល​គ្មាន​អ្នក​ណា​ផ្សេង​ទៀត​ចង់​ធ្វើ​ឡើយ។ ដោយ​មាន​ទំនុក​ចិត្ត​និង​សេចក្ដី​មេត្ដា​ករុណា លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន។ សូម​ឲ្យ​ជា​ស្អាត​ចុះ​»។ ក្រោយ​មក ​«​ជំងឺ​ឃ្លង់​បាន​បាត់​ពី​ខ្លួន​គាត់​ទៅ​»។ (​លូកា ៥:១៣​) ព្រះ​យេហូវ៉ា​ច្បាស់​ជា​បាន​ឲ្យ​លោក​យេស៊ូ​នូវ​ឫទ្ធានុភាព​ដើម្បី​ធ្វើ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​នេះ ហើយ​លោក​ចង់​បង្ហាញ​ថា​លោក​ស្រឡាញ់​មនុស្ស​យ៉ាង​ខ្លាំង។—លូកា ៥:១៧

៦​. តើ​មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ស្តី​អំពី​អព្ភូតហេតុ​ដែល​លោក​យេស៊ូ​បាន​ធ្វើ ហើយ​តើ​ការ​អស្ចារ្យ​ទាំង​នេះ​បង្ហាញ​អំពី​អ្វី?

៦ ដោយ​មាន​ឫទ្ធានុភាព​របស់​ព្រះ លោក​យេស៊ូ​អាច​ធ្វើ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ជា​ច្រើន។ លោក​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​ដែល​កើត​ជំងឺ​ឃ្លង់​បាន​ជា​សះ​ស្បើយ​ប៉ុណ្ណោះ​ទេ។ លោក​យេស៊ូ​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ដែល​កើត​ជំងឺ​ផ្សេង​ៗ​ទៀត​ជា​សះ​ស្បើយ​ដែរ។ គម្ពីរ​ប្រាប់​ថា​បណ្ដា​ជន​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ពេល​ពួក​គេ​បាន​«​ឃើញ​មនុស្ស​គ​កំពុង​និយាយ មនុស្ស​ខ្វិន​កំពុង​ដើរ ហើយ​មនុស្ស​ងងឹត​ភ្នែក​កំពុង​មើល​ឃើញ​»។ (​ម៉ាថាយ ១៥:៣១​) ពេល​លោក​យេស៊ូ​ធ្វើ​ឲ្យ​មនុស្ស​ណា​ម្នាក់​ជា​សះ​ស្បើយ លោក​មិន​ត្រូវ​ការ​មនុស្ស​ដែល​មាន​សុខភាព​ល្អ​មក​បរិច្ចាគ​សរីរាង្គ​របស់​ពួក​គេ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​មាន​ឫទ្ធានុភាព​ដើម្បី​ធ្វើ​ឲ្យ​អវយវៈ​ដែល​មាន​ជំងឺ​ជា​សះ​ស្បើយ។ ម្យ៉ាង​ទៀត លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​ភ្លាម​ៗ នៅ​ពេល​ខ្លះ​សូម្បី​តែ​ពួក​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​លោក ក៏​លោក​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ​ភ្លាម​ៗ​ដែរ។ (​យ៉ូហាន ៤:៤៦​-​៥៤​) តើ​កំណត់​ហេតុ​ដ៏​អស្ចារ្យ​ទាំង​នេះ​បង្ហាញ​អំពី​អ្វី? នេះ​បង្ហាញ​ថា​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច​របស់​យើង មាន​ឫទ្ធានុភាព​និង​មាន​ចិត្ត​ចង់​បំបាត់​ចោល​ជំងឺ​ទាំង​អស់​ជា​រៀង​រហូត។ ពេល​យើង​រៀន​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​ប្រព្រឹត្ត​ចំពោះ​មនុស្ស នោះ​ផ្ដល់​ឲ្យ​យើង​នូវ​ទំនុក​ចិត្ត​ថា​ក្នុង​ពិភព​លោក​ថ្មី លោក​«​នឹងមាន​សេចក្ដី​អាណិត​មេត្ដា ដល់​មនុស្ស​រហេម​រហាម​នឹង​មនុស្ស​ទុគ៌ត​»។ (​ទំនុក​តម្កើង ៧២:១៣​) ដោយ​សារ​លោក​យេស៊ូ​ពិត​ជា​ចង់​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​រង​ទុក្ខ​ជា​សះ​ស្បើយ នោះ​លោក​នឹង​ធ្វើ​ដូច្នេះ។

​«​ចូរ​ងើប​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​»​

៧, ៨​. សូម​រៀប​រាប់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​មុន​លោក​យេស៊ូ​បាន​ជួប​បុរស​ដែល​ឈឺ​ម្នាក់​នៅ​អាង​ទឹក​បេតសាថា។

៧ ប៉ុន្មាន​ខែ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​បុរស​ដែល​កើត​ជំងឺ​ឃ្លង់​នោះ​បាន​ជា​សះ​ស្បើយ លោក​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​កាលីឡេ​ទៅ​តំបន់​យូឌា ហើយ​បន្ត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ។ នៅ​ទី​នោះ ទំនង​ជា​មាន​មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​ឮ​ដំណឹង​ដែល​លោក​យេស៊ូ​បាន​ផ្សាយ ហើយ​ដែល​មាន​អារម្មណ៍​ថា​លោក​ស្រឡាញ់​ពួក​គេ។ លោក​យេស៊ូ​ពិត​ជា​ចង់​សម្រាល​ទុក្ខ​មនុស្ស​ក្រី​ក្រ​និង​មនុស្ស​ដែល​ត្រូវ​គេ​ជិះ​ជាន់ ហើយ​ផ្ដល់​សេចក្ដី​សង្ឃឹម​ឲ្យ​ពួក​គេ។—អេសាយ ៦១:១, ២; លូកា ៤:១៨​-​២១

៨ នៅ​ខែ​ណែសាន លោក​យេស៊ូ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​បុណ្យ​រំលង។ ក្រុង​នោះ​មាន​មនុស្ស​កុះ​ករ​ដែល​បាន​មក​ពិធី​បុណ្យ​ពិសេស​នោះ។ នៅ​ភាគ​ខាង​ជើង​នៃ​វិហារ​មាន​អាង​ទឹក​មួយ​ដែល​បាន​ត្រូវ​ហៅ​ថា​បេតសាថា នៅ​ទី​នោះ​លោក​យេស៊ូ​បាន​ជួប​បុរស​ម្នាក់​ដែល​មិន​អាច​ដើរ​បាន។

៩, ១០​. (​ក​) ហេតុ​អ្វី​បណ្ដា​ជន​ទៅ​អាង​ទឹក​បេតសាថា? (​ខ​) តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​នៅ​អាង​ទឹក​នោះ ហើយ​តើ​នេះ​បង្រៀន​យើង​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

៩ បណ្ដា​ជន​ដែល​ឈឺ​បាន​ទៅ​បេតសាថា។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​គិត​ថា​មនុស្ស​ឈឺ​អាច​ជា​សះ​ស្បើយ​បាន​ដោយ​អព្ភូតហេតុ ប្រសិនបើ​ពួក​គេ​ចូល​ក្នុង​អាង​ទឹក​នោះ​កាល​ដែល​ទឹក​កំពុង​កម្រើក។ សូម​ស្រមៃ​គិត​ថា​នៅ​ទី​នោះ​ប្រាកដជា​មាន​ភាព​ច្របូក​ច្របល់​យ៉ាង​ខ្លាំង ដោយ​សារ​មាន​មនុស្ស​ជា​ច្រើន​ទាល់​ច្រក អន្ទះសា និង​អស់​សង្ឃឹម​ដែល​ចង់​ជា​សះ​ស្បើយ។ លោក​យេស៊ូ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​លោក​ច្បាស់​ជា​មិន​ត្រូវ​ការ​ការ​ព្យាបាល​ទេ ដូច្នេះ​ហេតុ​អ្វី​លោក​បាន​នៅ​ទី​នោះ? ដោយ​សារ​លោក​ស្រឡាញ់​មនុស្ស។ ម្យ៉ាង​ទៀត​គឺ​នៅ​ទី​នោះ​ដែល​លោក​យេស៊ូ​បាន​ជួប​បុរស​ម្នាក់​ដែល​ឈឺ​អស់​រយៈ​ពេល​យូរ​ជាង​រយៈ​ពេល​ដែល​លោក​យេស៊ូ​រស់​នៅ​ផែន​ដី​ទៅ​ទៀត។—សូម​អាន យ៉ូហាន ៥:៥​-​៩

លោក​យេស៊ូ​បាន​ស្វែងរក​មនុស្ស​ដែល​ត្រូវ​ការ​ជំនួយ

១០ លោក​យេស៊ូ​បាន​សួរ​បុរស​នោះ​ថា​គាត់​ចង់​ជា​សះ​ស្បើយ ឬ​យ៉ាង​ណា។ សូម​ស្រមៃ​គិត​អំពី​ទុក្ខ​ព្រួយ​របស់​បុរស​នោះ ពេល​គាត់​បាន​ប្រាប់​លោក​យេស៊ូ​ថា​គាត់​ចង់​ជា​សះ​ស្បើយ ប៉ុន្តែ​គាត់​មិន​អាច​ជា​បាន ដោយ​សារ​គ្មាន​អ្នក​ណា​ជួយ​នាំ​គាត់​ចូល​ក្នុង​អាង​ទឹក​នោះ​ឡើយ។ បន្ទាប់​មក លោក​យេស៊ូ​បាន​ប្រាប់​បុរស​នោះ​ឲ្យ​ធ្វើ​អ្វី​ដែល​គាត់​គិត​ថា​មិន​អាច​ទៅ​រួច ដោយ​ប្រាប់​គាត់​ឲ្យ​យក​គ្រែ​ស្នែង​របស់​គាត់ ហើយ​ដើរ​ទៅ។ ដូច្នេះ​បុរស​នោះ​បាន​យក​គ្រែ​ស្នែង​របស់​គាត់ ហើយ​ចាប់​ផ្ដើម​ដើរ! អព្ភូតហេតុ​នេះ​គឺ​ជា​ភ័ស្តុតាង​ដ៏​អស្ចារ្យ​ដែល​បង្ហាញ​អំពី​អ្វី​ដែល​លោក​យេស៊ូ​នឹង​ធ្វើ​នៅ​ក្នុង​ពិភព​លោក​ថ្មី ហើយ​នេះ​ក៏​បង្ហាញ​ដែរ​ថា​លោក​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​មនុស្ស។ លោក​បាន​ស្វែងរក​មនុស្ស​ដែល​ត្រូវ​ការ​ជំនួយ។ គំរូ​របស់​លោក​យេស៊ូ​គួរ​តែ​ជំរុញ​ចិត្ត​យើង​ឲ្យ​បន្ត​ស្វែងរក​មនុស្ស​នៅ​ក្នុង​តំបន់​ផ្សាយ​របស់​យើង​ដែល​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​អ្វី​ៗ​ដ៏​អាក្រក់​ដែល​កំពុង​កើត​ឡើង​ក្នុង​ពិភព​លោក​នេះ។

​«​តើ​អ្នក​ណា​បាន​ពាល់​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្ញុំ?​»​

១១​. តើ​កំណត់​ហេតុ​នៅ​ម៉ាកុស ៥:២៥​-​៣៤ បង្ហាញ​យ៉ាង​ណា​ថា​លោក​យេស៊ូ​ស្រឡាញ់​មនុស្ស​ដែល​ឈឺ?

១១ សូម​អាន ម៉ាកុស ៥:២៥​-​៣៤។ ស្ត្រី​ម្នាក់​បាន​រង​ទុក្ខ​ពី​ជំងឺ​ដែល​គួរ​ឲ្យ​ខ្មាស​អស់​រយៈ​ពេល​១២​ឆ្នាំ។ ជំងឺ​របស់​គាត់​បាន​មាន​ឥទ្ធិពល​លើ​គ្រប់​ផ្នែក​ក្នុង​ជីវិត​របស់​គាត់ រួម​ទាំង​ការ​គោរព​ប្រណិប័តន៍​របស់​គាត់។ គាត់​បាន​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​ច្រើន​នាក់ ហើយ​បាន​ចំណាយ​លុយ​ទាំង​អស់​របស់​គាត់​ដើម្បី​ឲ្យ​បានជា​សះ​ស្បើយ ប៉ុន្តែ​ជំងឺ​របស់​គាត់​កាន់​តែ​ធ្ងន់។ ថ្ងៃ​មួយ ស្ត្រី​នោះ​នឹក​ឃើញ​វិធី​ផ្សេង​ដើម្បី​ឲ្យ​គាត់​ជា​សះ​ស្បើយ ដូច្នេះ​គាត់​បាន​ដើរ​ចូល​ទៅ​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​ធំ ហើយ​បាន​ពាល់​សម្លៀក​បំពាក់​របស់​លោក​យេស៊ូ។ (​លេវីវិន័យ ១៥:១៩, ២៥​) ពេល​លោក​យេស៊ូ​ដឹង​ថា​មាន​ថាមពល​ចេញ​ពី​ខ្លួន​លោក នោះ​លោក​បាន​សួរ​ថា​អ្នក​ណា​បាន​ពាល់​លោក។ ស្ត្រី​នោះ​បាន​«​មក​ក្រាប​នៅ​មុខ​លោក​ទាំង​ភ័យ​ញាប់​ញ័រ រួច​បាន​ជម្រាប​លោក​ពី​ការ​ពិត​ទាំង​អស់​»។ លោក​យេស៊ូ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ស្ត្រី​នោះ​ជា​សះ​ស្បើយ ដូច្នេះ​លោក​បាន​មាន​ប្រសាសន៍​ទៅ​គាត់​ដោយ​សប្បុរស​ថា​៖ ​«​កូន​ស្រី​អើយ ជំនឿ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​ជា​ហើយ។ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ​ចុះ ហើយ​សូម​ឲ្យ​នាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ដែល​បាន​ធ្វើ​ឲ្យ​រង​ទុក្ខ​»។

១២​. (​ក​) យោង​ទៅ​តាម​អ្វី​ដែល​យើង​បាន​រៀន តើ​អ្នក​នឹង​រៀប​រាប់​យ៉ាង​ណា​អំពី​លោក​យេស៊ូ? (​ខ​) តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​អ្វី​សម្រាប់​យើង?

១២ យើង​ពិត​ជា​កក់​ក្ដៅ​ក្នុង​ចិត្ត ពេល​ដែល​យើង​ឃើញ​ថា​លោក​យេស៊ូ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស ជា​ពិសេស​ចំពោះ​ពួក​អ្នក​ដែល​ឈឺ។ នេះ​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​សាថាន ដែល​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿ​ថា​យើង​គ្មាន​តម្លៃ ហើយ​គ្មាន​អ្នក​ណា​ស្រឡាញ់​យើង​នោះ​ទេ។ ប៉ុន្តែ ការ​អស្ចារ្យ​របស់​លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​និង​បញ្ហា​របស់​យើង។ យើង​សប្បាយ​ចិត្ត​ដែល​យើង​មាន​ស្តេច​និង​សម្ដេច​សង្ឃ​ដែល​មាន​សេចក្ដី​ស្រឡាញ់​បែប​នេះ! (​ហេប្រឺ ៤:១៥​) យើង​ប្រហែល​ជា​ពិបាក​យល់​អារម្មណ៍​របស់​បុគ្គល​ណា​ម្នាក់​ដែល​មាន​ជំងឺ​អស់​រយៈ​ពេល​ជា​យូរ ជា​ពិសេស​បើ​យើង​មិន​ឈឺ។ ប៉ុន្តែ​សូម​គិត​អំពី​លោក​យេស៊ូ ទោះ​ជា​លោក​មិន​ដែល​ឈឺ​ក្ដី លោក​មាន​ចិត្ត​មេត្ដា​ករុណា​ចំពោះ​មនុស្ស​ដែល​ឈឺ។ សូម​ឲ្យ​យើង​ខំ​ប្រឹង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​យក​តម្រាប់​លោក​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់។—ពេត្រុស​ទី១ ៣:៨

‹លោក​យេស៊ូ​ស្រក់​ទឹក​ភ្នែក›

១៣​. តើ​ការ​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ​បង្ហាញ​អ្វី​អំពី​លោក​យេស៊ូ?

១៣ ពេល​លោក​យេស៊ូ​ឃើញ​អ្នក​ឯ​ទៀត​ឈឺ​ចាប់ លោក​មាន​ចិត្ត​អាណិត​យ៉ាង​ខ្លាំង។ ជា​ឧទាហរណ៍ ពេល​ឡាសា​ដែល​ជា​មិត្ត​របស់​លោក​យេស៊ូ​បាន​ស្លាប់ ហើយ​លោក​បាន​ឃើញ​ការ​ឈឺ​ចាប់​របស់​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​របស់​គាត់ នោះ​លោក​«​មាន​ចិត្ត​ក្ដុក​ក្ដួល​»​ និង​«​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​»។ (​សូម​អាន យ៉ូហាន ១១:៣៣​-​៣៦​) លោក​យេស៊ូ​បាន​យំ សូម្បី​តែ​លោក​ដឹង​ថា​លោក​នឹង​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ​ក្ដី។ លោក​មិន​ខ្មាស​ក្នុង​ការ​បង្ហាញ​អារម្មណ៍​របស់​លោក​ឡើយ។ លោក​យេស៊ូ​ស្រឡាញ់ឡាសា​និង​ក្រុម​គ្រួសារ​របស់​គាត់​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ប្រើ​ឫទ្ធានុភាព​របស់​ព្រះ​ដើម្បី​ប្រោស​ឡាសា​ឲ្យ​មាន​ជីវិត​ឡើង​វិញ!—យ៉ូហាន ១១:៤៣, ៤៤

១៤, ១៥​. (​ក​) តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ចង់​បំបាត់​ចោល​ទុក្ខ​វេទនា​របស់​មនុស្សជាតិ? (​ខ​) តើ​យើង​រៀន​អ្វី​ពី​ពាក្យ​«​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក​»​?

១៤ គម្ពីរ​រៀប​រាប់​ថា​លោក​យេស៊ូ​គឺ​ដូច​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​លោក​បេះបិទ។ (​ហេប្រឺ ១:៣​) ដូច្នេះ ការ​អស្ចារ្យ​របស់​លោក​យេស៊ូ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ក៏​ចង់​បំបាត់​ចោល​ជំងឺ ការ​ឈឺ​ចាប់ និង​សេចក្ដី​ស្លាប់​ដែរ។ មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​នឹង​ប្រោស​មនុស្ស​ជា​ច្រើន​ថែម​ទៀត​ឲ្យ​មាន​ជីវិត​ឡើង​វិញ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​«​នឹង​មាន​វេលា​មក​ដល់ ដែល​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក​»​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—យ៉ូហាន ៥:២៨, ២៩

១៥ ពាក្យ​«​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក​»​ដែល​លោក​យេស៊ូ​បាន​ប្រើ​បង្ហាញ​ថា​នេះ​ជាប់​ទាក់​ទង​នឹង​ការ​នឹក​ចាំ​របស់​ព្រះ។ ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត ដែល​ជា​អ្នក​បង្កើត​សកលលោក​ទាំង​មូល​អាច​ចាំ​ព័ត៌មាន​ល្អិត​ល្អន់​អំពី​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ស្លាប់ រួម​ទាំង​បុគ្គលិក​លក្ខណៈ​របស់​ពួក​គេ។ (​អេសាយ ៤០:២៦​) ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​អាច​ចាំ​អំពី​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​លោក​ចង់​ចាំ​អំពី​ពួក​គេ។ ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​គម្ពីរ​គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​ដែល​បង្ហាញ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពិភព​លោក​ថ្មី។

តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​ការ​អស្ចារ្យ​របស់​លោក​យេស៊ូ?

១៦​. តើ​អ្នក​បម្រើ​ជា​ច្រើន​របស់​ព្រះ​នឹង​មាន​ឱកាស​អ្វី?

១៦ បើ​យើង​នៅ​ស្មោះ​ត្រង់ យើង​អាច​មាន​ឱកាស​រួច​ជីវិត​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ហើយ​នេះ​ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ! មិន​យូរ​ក្រោយ​ពី​សង្គ្រាម​ហាម៉ាគេដូន យើង​នឹង​ឃើញ​ការ​អស្ចារ្យ​ជា​ច្រើន​ថែម​ទៀត។ នៅ​ពេល​នោះ មនុស្ស​គ្រប់​រូប​នឹង​មាន​សុខភាព​ដ៏​ល្អ​ឥត​ខ្ចោះ។ (​អេសាយ ៣៣:២៤; ៣៥:៥, ៦; ការ​បើក​បង្ហាញ ២១:៤​) សូម​ស្រមៃ​គិត​ថា​អ្នក​កំពុង​មើល​មនុស្ស​បោះ​ចោល​វ៉ែនតា ឈើ​ច្រត់ រទេះ​ពិការ និង​ជំនួយ​សម្រាប់​អ្នក​អន់​ត្រចៀក។ ព្រះ​យេហូវ៉ា​ដឹង​ថា​អស់​អ្នក​ដែល​រួច​ជីវិត​ពី​សង្គ្រាម​ហាម៉ាគេដូន​ត្រូវ​តែ​មាំ​និង​មាន​សុខភាព​ល្អ ដោយ​សារ​ពួក​គេ​នឹង​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ។ ពួក​គេ​គឺ​ជា​អ្នក​ដែល​នឹង​ធ្វើ​ឲ្យ​ភព​ផែន​ដី​ដ៏​សែន​ស្អាត​របស់​យើង​ទៅ​ជា​សួន​ឧទ្យាន។—ទំនុក​តម្កើង ១១៥:១៦

១៧, ១៨​. (​ក​) ហេតុ​អ្វី​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ? (​ខ​) ហេតុ​អ្វី​អ្នក​គួរ​តែ​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​ចាំ​បាច់​ដើម្បី​ចូល​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ?

១៧ សព្វ​ថ្ងៃ​នេះ ​«​មនុស្ស​មួយ​ក្រុម​ធំ​»​ទទួល​ការ​លើក​ទឹក​ចិត្ត​ពេល​ពួក​គេ​អាន​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​ឈឺ​ជា​សះ​ស្បើយ។ (​ការ​បើក​បង្ហាញ ៧:៩​) ការ​អស្ចារ្យ​ទាំង​នោះ​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​កាន់​តែ​ខ្លាំង​ចំពោះ​ការ​ជា​សះ​ស្បើយ​ទាំង​ស្រុង​នៅ​ពេល​អនាគត ហើយ​ក៏​បង្ហាញ​ដែរ​ថា​បុត្រ​ច្បង​របស់​ព្រះ​ស្រឡាញ់​មនុស្សជាតិ​យ៉ាង​ខ្លាំង។ (​យ៉ូហាន ១០:១១; ១៥:១២, ១៣​) ចិត្ត​មេត្ដា​ករុណា​ដ៏​ធំ​ធេង​របស់​លោក​យេស៊ូ​បង្ហាញ​ឲ្យ​ឃើញ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​បម្រើ​ម្នាក់​ៗ​របស់​លោក។—យ៉ូហាន ៥:១៩

១៨ ពិភព​លោក​សព្វ​ថ្ងៃ​នេះ​ពោរ​ពេញ​ទៅ​ដោយ​ការ​ឈឺ​ចាប់ ទុក្ខ​វេទនា និង​សេចក្ដី​ស្លាប់។ (​រ៉ូម ៨:២២​) ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ការ​ពិភព​លោក​ថ្មី។ នៅ​ទី​នោះ មនុស្ស​ទាំង​អស់​នឹង​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ​ដូច​អ្វី​ដែល​ព្រះ​បាន​សន្យា។ ម៉ាឡាគី ៤:២ ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​ដែល​ថា​យើង​នឹង​«​ចេញ​ទៅ​លោត​កញ្ឆេង​ដូច​ជា​កូន​គោ​ដែល​លែង​ចេញ​ពី​ក្រោល​»​ គឺ​យើង​នឹង​សប្បាយ​រីក​រាយ ព្រម​ទាំង​រំភើប​ចិត្ត​ដោយ​សារ​យើង​បាន​ជា​សះ​ស្បើយ ហើយ​រួច​ផុត​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ។ សូម​ឲ្យ​ការ​ដឹង​គុណ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា និង​ជំនឿ​របស់​យើង​ទៅ​លើ​សេចក្ដី​សន្យា​របស់​លោក ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​ចាំ​បាច់​ដើម្បី​ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី។ យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​ដឹង​ថា​ការ​អស្ចារ្យ​ដែល​លោក​យេស៊ូ​បាន​ធ្វើ គឺ​ជា​គំរូ​ដែល​បង្ហាញ​ថា​នៅ​ពេល​អនាគត​ឆាប់​ៗ​ខាង​មុខ​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​របស់​លោក មនុស្សជាតិ​នឹង​លែង​មាន​ការ​ឈឺ​ចាប់​ទៀត!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក