ថ្ងៃអាទិត្យ ទី៣១ ខែសីហា
ពួកអ្នកដែលចេះគិតពិចារណាប៉ុណ្ណោះ នឹងយល់បាន។—ដាន. ១២:១០
យើងត្រូវសុំជំនួយដើម្បីយល់ទំនាយក្នុងគម្ពីរ។ សូមគិតអំពីឧទាហរណ៍នេះ។ សូមស្រមៃគិតថា អ្នកទៅលេងកន្លែងមួយដែលអ្នកមិនស្គាល់ តែមិត្តភក្ដិម្នាក់ដែលធ្វើដំណើរជាមួយអ្នកស្គាល់តំបន់នោះយ៉ាងច្បាស់។ គាត់ដឹងថាពួកអ្នកនៅទីណា ហើយដឹងថាផ្លូវណានាំទៅណា។ អ្នកច្បាស់ជាសប្បាយចិត្តដែលមិត្តរបស់អ្នកយល់ព្រមមកជាមួយអ្នក! ព្រះយេហូវ៉ាដូចជាមិត្តដ៏ល្អនោះ លោកដឹងអំពីអនាគតរបស់យើងយ៉ាងច្បាស់។ ដូច្នេះ ដើម្បីយល់ទំនាយក្នុងគម្ពីរ យើងត្រូវសុំជំនួយពីព្រះយេហូវ៉ា។ (ដាន. ២:២៨; ២ពេ. ១:១៩, ២០) ដូចឪពុកម្ដាយល្អ ព្រះយេហូវ៉ាចង់ឲ្យកូនរបស់លោកមានអនាគតដ៏សប្បាយ។ (យេ. ២៩:១១) ប៉ុន្តែខុសពីឪពុកម្ដាយដែលជាមនុស្សជាតិ ព្រះយេហូវ៉ាអាចប្រាប់ទុកជាមុនអំពីថ្ងៃអនាគតយ៉ាងត្រឹមត្រូវទាំងស្រុង។ លោកបានបណ្ដាលឲ្យបុរសមួយចំនួនកត់ទុកទំនាយក្នុងបណ្ដាំលោក ដើម្បីយើងអាចដឹងទុកជាមុនអំពីព្រឹត្តិការណ៍សំខាន់ៗ។—អេ. ៤៦:១០ w២៣.០៨ ទំ.៨ វ.៣-៤
ថ្ងៃច័ន្ទ ទី១ ខែកញ្ញា
យើងនឹងឃើញពន្លឺភ្លឺមកលើយើង ដូចជាពន្លឺថ្ងៃរះ។—លូក. ១:៧៨
ព្រះបានឲ្យលោកយេស៊ូមានឫទ្ធានុភាពដើម្បីដោះស្រាយបញ្ហាទាំងអស់របស់មនុស្សជាតិ។ ពេលលោកយេស៊ូបានធ្វើអព្ភូតហេតុ លោកបានបង្ហាញថាលោកអាចដោះស្រាយបញ្ហាទាំងអស់ដែលយើងមិនអាចដោះស្រាយដោយខ្លួនឯង។ ជាឧទាហរណ៍ លោកមានឫទ្ធានុភាពដើម្បីរំដោះយើងឲ្យរួចពីភាពខុសឆ្គងដែលយើងបានទទួល ដែលជាដើមហេតុនៃបញ្ហារបស់យើង ហើយពីលទ្ធផលនៃភាពខុសឆ្គងនោះដែលរួមមានជំងឺនិងសេចក្ដីស្លាប់។ (ម៉ាថ. ៩:១-៦; រ៉ូម ៥:១២, ១៨, ១៩) អព្ភូតហេតុរបស់លោកបង្ហាញថាលោកអាចធ្វើឲ្យមនុស្សជាសះស្បើយពីជំងឺ«គ្រប់ប្រភេទ» ហើយថែមទាំងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ (ម៉ាថ. ៤:២៣; យ៉ូន. ១១:៤៣, ៤៤) លោកក៏មានឫទ្ធានុភាពដើម្បីគ្រប់គ្រងខ្យល់ព្យុះដ៏ខ្លាំង ហើយរំដោះមនុស្សឲ្យរួចពីឥទ្ធិពលនៃពួកវិញ្ញាណអាក្រក់។ (ម៉ាក. ៤:៣៧-៣៩; លូក. ៨:២) ការដឹងថាព្រះយេហូវ៉ាបានផ្ដល់ឫទ្ធានុភាពបែបនេះដល់បុត្ររបស់លោក គឺគួរឲ្យលើកទឹកចិត្តណាស់! យើងអាចមានទំនុកចិត្តទាំងស្រុងថាពរនៅថ្ងៃអនាគតក្រោមរាជាណាចក្រព្រះនឹងក្លាយជាការពិត។ អព្ភូតហេតុដែលលោកយេស៊ូបានធ្វើកាលដែលនៅផែនដី បង្រៀនយើងអំពីអ្វីដែលលោកនឹងធ្វើនៅទូទាំងផែនដីក្នុងនាមជាស្ដេចនៃរាជាណាចក្រព្រះ។ w២៣.០៤ ទំ.៣-៤ វ.៥-៧
ថ្ងៃអង្គារ ទី២ ខែកញ្ញា
ឫទ្ធានុភាពរបស់លោកស្ទង់មើលអ្វីៗទាំងអស់ សូម្បីតែសេចក្ដីជ្រាលជ្រៅរបស់ព្រះ។—១កូ. ២:១០
បើអ្នកនៅក្រុមជំនុំធំ ហើយលើកដៃ តែមានអារម្មណ៍ថាអ្នកដឹកនាំមើលរំលងអ្នកជារឿយៗ អ្នកប្រហែលជាចង់ឈប់ព្យាយាមឆ្លើយ។ ប៉ុន្តែ សូមកុំឈប់ព្យាយាមឡើយ។ សូមរៀបចំចម្លើយច្រើនសម្រាប់រាល់កិច្ចប្រជុំ។ យ៉ាងនេះ បើអ្នកមិនបានត្រូវជ្រើសរើសឲ្យឆ្លើយនៅដើមដំបូងក្នុងការសិក្សាទេ អ្នកនឹងនៅតែមានឱកាសឆ្លើយនៅពេលក្រោយមកទៀតក្នុងអំឡុងកិច្ចប្រជុំនោះ។ ពេលរៀបចំទស្សនាវដ្ដីប៉មយាមសម្រាប់សិក្សា សូមគិតអំពីរបៀបដែលវគ្គនីមួយៗជាប់ទាក់ទងនឹងបទគម្ពីរជាមូលដ្ឋាននៃអត្ថបទនោះ។ បើអ្នកធ្វើដូច្នេះ អ្នកនឹងទំនងជារកឃើញចម្លើយល្អដើម្បីទុកឆ្លើយក្នុងអំឡុងការសិក្សានោះ។ បន្ថែមទៅទៀត អ្នកអាចរៀបចំចម្លើយនៅវគ្គដែលពិគ្រោះសេចក្ដីបង្រៀនជ្រាលជ្រៅជាងពីគម្ពីរដែលពិបាកពន្យល់ជាង។ ហេតុអ្វី? ពីព្រោះប្រហែលជាមិនសូវមានអ្នកលើកដៃឆ្លើយវគ្គបែបនោះទេ។ ចុះបើក្រោយពីកិច្ចប្រជុំច្រើនដង អ្នកឃើញថាអ្នកនៅតែមិនមានឱកាសឆ្លើយ? សូមប្រាប់អ្នកដឹកនាំមុនកិច្ចប្រជុំអំពីសំណួរណាដែលអ្នកចង់ឆ្លើយ។ w២៣.០៤ ទំ.២១-២២ វ.៩-១០