សកម្មភាព
២០ បន្ទាប់ពីភាពចលាចលបានស្ងប់ស្ងាត់ ប៉ូលហៅពួកអ្នកកាន់តាមមក។ គាត់លើកទឹកចិត្តនិងលាពួកគាត់ រួចចេញដំណើរទៅស្រុកម៉ាសេដូន។ ២ បន្ទាប់ពីគាត់ធ្វើដំណើរកាត់តំបន់នោះ ព្រមទាំងលើកទឹកចិត្តពួកអ្នកកាន់តាមដែលនៅទីនោះដោយពាក្យជាច្រើន គាត់ក៏ចូលស្រុកក្រិច។ ៣ ក្រោយពីគាត់នៅទីនោះអស់បីខែហើយ ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបគាត់កាលដែលគាត់ហៀបនឹងចុះទូកចេញដំណើរទៅស្រុកស៊ីរី ដូច្នេះ គាត់សម្រេចចិត្តត្រឡប់ទៅវិញតាមស្រុកម៉ាសេដូន។ ៤ អ្នកដែលរួមដំណើរជាមួយនឹងគាត់មានសូប៉ាទែរ ជាកូនប្រុសពីរូស ពីក្រុងបេរៀ ក៏មានអារីស្ដាកនិងសេគុនដុសពីក្រុងថែស្សាឡូនិច កៃយុសពីក្រុងឌើបេ ធីម៉ូថេ ហើយមានទីឃីកុសនិងត្រូភីមពីតំបន់អាស៊ី។* ៥ អ្នកទាំងនោះបានទៅមុន រួចបានរង់ចាំយើងនៅក្រុងត្រូអាស។ ៦ ប៉ុន្តែយើងបានចេញដំណើរពីក្រុងភីលីពតាមផ្លូវទឹក បន្ទាប់ពីបុណ្យនំឥតដំបែ។ លុះប្រាំថ្ងៃក្រោយមក យើងបានមកឯពួកគាត់នៅក្រុងត្រូអាស រួចយើងចំណាយពេលប្រាំពីរថ្ងៃនៅទីនោះ។
៧ នៅថ្ងៃដំបូងនៃសប្ដាហ៍ កាលដែលយើងបានជួបជុំគ្នាដើម្បីបរិភោគអាហារ នោះប៉ូលចាប់ផ្ដើមថ្លែងសុន្ទរកថាជូនពួកគាត់ស្ដាប់ ដោយសារថ្ងៃស្អែកគាត់នឹងចាកចេញ ហើយគាត់បន្តថ្លែងរហូតដល់ពាក់កណ្ដាលអធ្រាត្រ។ ៨ ដូច្នេះ មានចង្កៀងជាច្រើននៅបន្ទប់ខាងលើដែលយើងបានមកជួបជុំគ្នា។ ៩ មានយុវជនម្នាក់ឈ្មោះអឺទីកុសកំពុងអង្គុយនៅមាត់បង្អួច ហើយគាត់លង់លក់ទៅកាលដែលប៉ូលកំពុងនិយាយយ៉ាងយូរ រួចធ្លាក់ពីជាន់ទីបីចុះទៅក្រោម។ កាលដែលលើកគាត់ឡើង គេឃើញថាគាត់បានស្លាប់ហើយ។ ១០ ប៉ុន្តែប៉ូលចុះទៅក្រោម ហើយទ្រោបលើគាត់ រួចឱបគាត់ហើយនិយាយថា៖ «ឈប់ជ្រួលច្របល់ ព្រោះព្រលឹង* គាត់នៅក្នុងគាត់ហើយ»។ ១១ រួចប៉ូលឡើងទៅលើវិញ ហើយកាច់នំប៉័ងចាប់ផ្ដើមបរិភោគ។ ក្រោយពីគាត់បានសន្ទនាយ៉ាងយូររហូតដល់ថ្ងៃរះ នោះគាត់ក៏ចាកចេញទៅ។ ១២ ដូច្នេះ ពួកគាត់យកយុវជននោះទៅវិញ ហើយក៏ធូរស្រាលក្នុងចិត្តជាពន់ពេក។
១៣ ក្រោយមក យើងចុះទូកចេញដំណើរទៅក្រុងអាសុស ក្នុងបំណងទទួលប៉ូលក្នុងទូកនៅទីនោះ ព្រោះក្រោយពីគាត់បានផ្ដាំឲ្យធ្វើដូច្នេះ គាត់សម្រេចចិត្តដើរទៅកន្លែងនោះវិញ។ ១៤ ម្ល៉ោះហើយ ពេលដែលគាត់មកជួបជុំយើងនៅក្រុងអាសុស យើងទទួលគាត់ឲ្យចូលទូក រួចធ្វើដំណើរទៅក្រុងមីទូលេន។ ១៥ លុះថ្ងៃស្អែកយើងចេញដំណើរពីក្រុងនោះ ទៅដល់កន្លែងទល់មុខកោះឃីយ៉ូស ប៉ុន្តែនៅថ្ងៃបន្ទាប់យើងបានឈប់មួយស្របក់នៅកោះសាម៉ូស ហើយនៅថ្ងៃបន្ទាប់ពីនោះទៀតយើងបានទៅដល់ក្រុងមីលេត។ ១៦ ព្រោះប៉ូលបានសម្រេចចិត្តធ្វើដំណើរហួសក្រុងអេភេសូរ ដើម្បីកុំឲ្យចំណាយពេលនៅតំបន់អាស៊ី ព្រោះគាត់កំពុងប្រញាប់ទៅដល់ក្រុងយេរូសាឡិមនៅបុណ្យថ្ងៃទីហាសិប ប្រសិនបើអាចទៅទាន់។
១៧ ក៏ប៉ុន្តែនៅក្រុងមីលេត គាត់ផ្ញើសារទៅក្រុងអេភេសូរ ដើម្បីហៅពួកបុរសចាស់ទុំក្នុងក្រុមជំនុំនៅទីនោះ។ ១៨ កាលដែលពួកគាត់មកឯប៉ូលហើយ ប៉ូលនិយាយទៅពួកគាត់ថា៖ «អ្នករាល់គ្នាដឹងច្បាស់ថា តាំងពីថ្ងៃដំបូងដែលខ្ញុំឈានជើងចូលតំបន់អាស៊ី ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នារហូត ១៩ ខ្ញុំបានធ្វើការយ៉ាងនឿយហត់ដើម្បីលោកម្ចាស់ ដូចជាខ្ញុំបម្រើម្នាក់ ដោយចិត្តរាបទាប ទាំងទឹកភ្នែក និងដោយមានទុក្ខលំបាកដែលមកពីគម្រោងអាក្រក់ទាំងប៉ុន្មានរបស់ជនជាតិយូដា ២០ នៅពេលដំណាលគ្នានោះ ខ្ញុំមិនបានខានប្រាប់អ្នករាល់គ្នានូវអ្វីៗដែលមានប្រយោជន៍ ក៏មិនបានខានបង្រៀនអ្នករាល់គ្នាជាសាធារណៈ និងពីផ្ទះមួយទៅផ្ទះមួយដែរ។ ២១ ប៉ុន្តែខ្ញុំបានធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ប្រាប់ពួកយូដានិងពួកក្រិចថា ពួកគេត្រូវប្រែចិត្ត បែរមកគោរពប្រណិប័តន៍ព្រះ ហើយមានជំនឿលើលោកម្ចាស់យេស៊ូ។ ២២ ហើយមើល! ដោយមានការជំរុញពីសកម្មពល* របស់ព្រះ ខ្ញុំកំពុងធ្វើដំណើរទៅក្រុងយេរូសាឡិម ទោះជាខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងដល់ខ្ញុំនៅក្រុងនោះក៏ដោយ ២៣ គ្រាន់តែដឹងថាពីក្រុងមួយទៅក្រុងមួយ សកម្មពលបរិសុទ្ធបញ្ជាក់ប្រាប់ខ្ញុំថា មានចំណងនិងទុក្ខលំបាករង់ចាំខ្ញុំ។ ២៤ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំមិនចាត់ទុកថាព្រលឹង* ខ្ញុំគឺសំខាន់ ឬជាអ្វីដ៏វិសេសចំពោះខ្ញុំទេ ប្រសិនបើខ្ញុំគ្រាន់តែអាចរត់ក្នុងការប្រណាំងនេះរហូតដល់ទីបញ្ចប់ ហើយបង្ហើយកិច្ចបម្រើដែលខ្ញុំបានទទួលពីលោកម្ចាស់យេស៊ូ ពោលគឺការធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ពីដំណឹងល្អស្តីអំពីគុណដ៏វិសេសលើសលប់របស់ព្រះ។
២៥ «ឥឡូវមើល! ខ្ញុំដឹងថាអ្នកទាំងអស់គ្នា ដែលជាអ្នកដែលខ្ញុំបានផ្សព្វផ្សាយប្រាប់អំពីរាជាណាចក្ររបស់ព្រះ នឹងមិនឃើញមុខខ្ញុំទៀតឡើយ។ ២៦ ដូច្នេះ នៅថ្ងៃនេះ ខ្ញុំយកអ្នករាល់គ្នាធ្វើជាសាក្សីថា ខ្ញុំគ្មានទោសចំពោះឈាមរបស់មនុស្សណាម្នាក់ទេ ២៧ ព្រោះខ្ញុំមិនបានខានប្រាប់អ្នករាល់គ្នានូវឱវាទណាមួយរបស់ព្រះឡើយ។ ២៨ ចូរប្រយ័ត្នខ្លួនអ្នក ហើយមើលការខុសត្រូវហ្វូងចៀម ដែលក្នុងនោះសកម្មពលបរិសុទ្ធបានតែងតាំងអ្នករាល់គ្នាឲ្យធ្វើជាអ្នកត្រួតពិនិត្យ ដើម្បីឃ្វាលក្រុមជំនុំរបស់ព្រះ ដែលលោកបានទិញដោយឈាមរបស់បុត្រលោក។ ២៩ ខ្ញុំដឹងថា ក្រោយពីខ្ញុំចាកចេញទៅនឹងមានឆ្កែចចកដ៏សាហាវ* ចូលមកក្នុងចំណោមអ្នករាល់គ្នា ហើយនឹងមិនប្រព្រឹត្តដោយស្លូតបូតចំពោះហ្វូងចៀមទេ ៣០ ហើយពីចំណោមអ្នករាល់គ្នានឹងមានបុរសខ្លះក្រោកឡើងនិយាយបង្ខុសសេចក្ដីពិត ដើម្បីអូសទាញពួកអ្នកកាន់តាមឲ្យទៅតាមខ្លួនវិញ។
៣១ «ដូច្នេះ ចូរចាំយាមចុះ ហើយចាំថា ខ្ញុំមិនបានឈប់ដាស់តឿនអ្នករាល់គ្នាម្នាក់ៗទាំងយប់ទាំងថ្ងៃអស់បីឆ្នាំ ទាំងស្រក់ទឹកភ្នែក។ ៣២ ឥឡូវ ខ្ញុំផ្ទុកផ្ដាក់អ្នករាល់គ្នានឹងព្រះនិងបណ្ដាំស្តីអំពីគុណដ៏វិសេសលើសលប់របស់លោក ជាបណ្ដាំដែលអាចធ្វើឲ្យអ្នករាល់គ្នាមាំមួនឡើង ហើយឲ្យអ្នករាល់គ្នាទទួលមត៌កជាមួយនឹងអស់អ្នកដែលបានត្រូវញែកជាបរិសុទ្ធ។ ៣៣ ខ្ញុំមិនដែលប៉ងប្រាថ្នាចង់បានប្រាក់ ឬមាស ឬសម្លៀកបំពាក់របស់អ្នកណាម្នាក់ទេ។ ៣៤ អ្នករាល់គ្នាដឹងថា ដៃរបស់ខ្ញុំនេះ បានផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំនិងរបស់អ្នកដែលនៅជាមួយនឹងខ្ញុំ។ ៣៥ ក្នុងការទាំងអស់ ខ្ញុំបានបង្ហាញអ្នករាល់គ្នាថា អ្នករាល់គ្នាត្រូវជួយអ្នកដែលខ្សោយដោយខំប្រឹងធ្វើការនឿយហត់ដូច្នេះដែរ ហើយអ្នករាល់គ្នាត្រូវចាំប្រសាសន៍របស់លោកម្ចាស់យេស៊ូដែលថា៖ ‹ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល›»។
៣៦ លុះនិយាយការទាំងនេះចប់ហើយ គាត់ក៏លុតជង្គង់ជាមួយនឹងពួកគាត់ រួចអធិដ្ឋាន។ ៣៧ បន្ទាប់មក ពួកគាត់ទាំងអស់គ្នាហូរទឹកភ្នែក ថែមទាំងឱបប៉ូលនិងថើបគាត់ថ្នមៗ ៣៨ ពីព្រោះពួកគាត់ព្រួយចិត្តជាខ្លាំង កាលដែលប៉ូលនិយាយថាពួកគាត់នឹងលែងឃើញមុខគាត់ទៀត។ ដូច្នេះ ពួកគាត់ជូនដំណើរប៉ូលទៅចុះទូក។