សកម្មភាព
២១ ក្រោយពីយើងបានបង្ខំខ្លួនចាកចេញពីពួកគាត់ យើងបានចេញសំពៅតម្រង់ទៅកោះកូស តែនៅថ្ងៃស្អែកបានទៅដល់កោះរ៉ូដ រួចចេញពីនោះទៅដល់កំពង់ផែប៉ាតារ៉ា។ ២ លុះបានរកឃើញសំពៅមួយដែលនឹងឆ្លងទៅស្រុកភេនីស៊ី យើងឡើងចេញដំណើរទៅ។ ៣ ក្រោយមក យើងឃើញកោះគីប្រុសនៅខាងឆ្វេងដៃ តែបានធ្វើដំណើរបង្ហួសទៅខេត្តស៊ីរី រួចបានចតនៅក្រុងទីរ៉ុស ព្រោះជាកន្លែងដែលត្រូវរើទំនិញចេញពីសំពៅ។ ៤ យើងបានរកឃើញពួកអ្នកកាន់តាមនៅទីនោះ រួចបានស្នាក់នៅអស់ប្រាំពីរថ្ងៃ។ តែដោយសកម្មពល* របស់ព្រះ ពួកគាត់បានប្រាប់ប៉ូលម្ដងហើយម្ដងទៀតថា កុំចូលក្រុងយេរូសាឡិមឲ្យសោះ។ ៥ លុះផុតថ្ងៃទាំងនោះហើយ យើងបានចេញដំណើរទៅ ប៉ុន្តែពួកគាត់ទាំងអស់គ្នាទាំងស្ត្រីទាំងកូនក្មេង បានជូនដំណើរយើងរហូតដល់ក្រៅក្រុង។ រួចនៅលើឆ្នេរសមុទ្រ យើងបានលុតជង្គង់អធិដ្ឋាន ៦ ហើយបានលាគ្នាទៅវិញទៅមក។ បន្ទាប់មក យើងបានឡើងសំពៅ ប៉ុន្តែពួកគាត់បានត្រឡប់ទៅផ្ទះវិញ។
៧ រួចយើងចេញសំពៅពីក្រុងទីរ៉ុសទៅក្រុងផ្ទលេមេ។ នៅទីនោះយើងសួរសុខទុក្ខបងប្អូន ហើយនៅជាមួយនឹងពួកគាត់មួយថ្ងៃ។ ៨ លុះស្អែកឡើង យើងចេញដំណើរទៅដល់ក្រុងសេសារៀ ហើយចូលផ្ទះភីលីព ជាអ្នកផ្សព្វផ្សាយដំណឹងល្អ ហើយជាបុរសម្នាក់ក្នុងចំណោមបុរសប្រាំពីរនាក់ដែលមានកេរ្ដិ៍ឈ្មោះល្អ រួចយើងបានស្នាក់នៅជាមួយនឹងគាត់។ ៩ បុរសនេះមានកូនក្រមុំបួននាក់ ហើយពួកនាងជាអ្នកប្រកាសទំនាយ។ ១០ ប៉ុន្តែ កាលដែលយើងបាននៅទីនោះជាច្រើនថ្ងៃ អ្នកប្រកាសទំនាយម្នាក់ឈ្មោះអាហ្គាប៊ូសបានចុះពីតំបន់យូឌា។ ១១ គាត់មកឯយើង ហើយយកខ្សែក្រវាត់របស់ប៉ូលមកចងដៃនិងជើងខ្លួន រួចនិយាយថា៖ «សកម្មពលបរិសុទ្ធចែងដូច្នេះថា៖ ‹បុរសដែលជាម្ចាស់ខ្សែក្រវាត់នេះ នឹងត្រូវជនជាតិយូដាចងយ៉ាងនេះនៅក្រុងយេរូសាឡិម រួចប្រគល់ទៅក្នុងកណ្ដាប់ដៃជនជាតិដទៃ›»។ ១២ ឮដូច្នេះ យើងនិងពួកអ្នកដែលនៅទីនោះចាប់ផ្ដើមអង្វរសុំប៉ូល កុំឲ្យឡើងទៅក្រុងយេរូសាឡិម។ ១៣ ប៉ូលតបថា៖ «ហេតុអ្វីអ្នករាល់គ្នាយំហើយធ្វើឲ្យខ្ញុំពិបាកចិត្តដូច្នេះ? ខ្ញុំបានត្រៀមខ្លួនរួចហើយ មិនត្រឹមតែឲ្យគេចងប៉ុណ្ណោះទេ តែក៏សុខចិត្តស្លាប់នៅក្រុងយេរូសាឡិមដើម្បីនាមលោកម្ចាស់យេស៊ូ»។ ១៤ ពេលយើងឃើញថាមិនអាចឃាត់គាត់បាន នោះយើងយល់ព្រមដោយនិយាយថា៖ «សូមឲ្យបំណងប្រាថ្នារបស់ព្រះយេហូវ៉ាបានសម្រេច»។
១៥ លុះផុតថ្ងៃទាំងនោះហើយ យើងបានរៀបចំធ្វើដំណើរ រួចបានចាប់ផ្ដើមឡើងទៅក្រុងយេរូសាឡិម។ ១៦ ប៉ុន្តែ អ្នកកាន់តាមខ្លះពីក្រុងសេសារៀក៏បានទៅជាមួយនឹងយើងដែរ ដើម្បីនាំយើងទៅឯបុរសដែលនឹងទទួលយើងស្នាក់នៅផ្ទះរបស់គាត់ ពោលគឺម្នេសុនពីកោះគីប្រុស ដែលជាអ្នកកាន់តាមម្នាក់ពីដើមដំបូង។ ១៧ លុះទៅដល់ក្រុងយេរូសាឡិមហើយ បងប្អូនបានទទួលយើងដោយអំណរ។ ១៨ ប៉ុន្តែថ្ងៃស្អែកឡើង ប៉ូលបានចូលទៅជាមួយនឹងយើងដើម្បីជួបយ៉ាកុប ហើយបុរសចាស់ទុំទាំងអស់ក៏នៅទីនោះដែរ។ ១៩ គាត់ក៏សួរសុខទុក្ខពួកគាត់ ហើយរៀបរាប់ប្រាប់យ៉ាងល្អិតល្អន់អំពីការទាំងប៉ុន្មានដែលព្រះបានធ្វើក្នុងចំណោមប្រជាជាតិនានា តាមរយៈកិច្ចបម្រើរបស់គាត់។
២០ ក្រោយពីបានឮការទាំងនោះ ពួកគាត់ចាប់ផ្ដើមសរសើរតម្កើងព្រះ ក៏បាននិយាយទៅគាត់ថា៖ «បងប្រុសអើយ អ្នកឃើញទេថា មានអ្នកជឿរាប់ពាន់នាក់ក្នុងចំណោមជនជាតិយូដា ហើយពួកគាត់ទាំងអស់គ្នាមានចិត្តខ្នះខ្នែងក្នុងការកាន់តាមច្បាប់។* ២១ ប៉ុន្តែពួកគាត់បានឮគេនិយាយអំពីអ្នកថា អ្នកបង្រៀនជនជាតិយូដាទាំងអស់ ដែលរស់នៅក្នុងចំណោមប្រជាជាតិនានានូវអ្វីដែលប្រឆាំងច្បាប់ម៉ូសេ ដែលជាការក្បត់ជំនឿ ដោយហាមពួកគាត់មិនឲ្យកាត់ចុងស្បែក* កូន ឬកាន់តាមទំនៀមម្លាប់ដែលបានត្រូវកំណត់។ ២២ ដូច្នេះ តើត្រូវធ្វើដូចម្ដេចទៅ? ទោះជាយ៉ាងណាក៏ដោយ ពួកគាត់នឹងឮថាអ្នកបានមកដល់។ ២៣ ហេតុនេះ សូមអ្នកធ្វើតាមពាក្យយើងនេះ៖ យើងមានបុរសបួននាក់ដែលជាប់សម្បថ។ ២៤ ចូរយកបុរសទាំងនេះទៅជាមួយនឹងអ្នក ហើយសម្អាតខ្លួនឲ្យបរិសុទ្ធតាមច្បាប់ជាមួយនឹងពួកគេ ព្រមទាំងចេញថ្លៃឲ្យពួកគេកោរសក់ផង។ យ៉ាងនេះ មនុស្សទាំងអស់នឹងដឹងថាពាក្យចចាមអារ៉ាមដែលពួកគេបានឮអំពីអ្នកគឺមិនពិតទេ តែនឹងដឹងថាអ្នកប្រព្រឹត្តអំពើល្អ ដោយកាន់តាមច្បាប់ដែរ។ ២៥ ចំណែកពួកអ្នកជឿពីចំណោមប្រជាជាតិនានាវិញ យើងបានផ្ដាំផ្ញើពួកគាត់អំពីសេចក្ដីសម្រេចរបស់យើង គឺឲ្យពួកគាត់ជៀសវាងពីអ្វីដែលគេបានបូជាចំពោះរូបព្រះ ថែមទាំងជៀសវាងពីឈាម សត្វដែលគេបានសម្លាប់ដោយច្របាច់ក និងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»។*
២៦ លុះស្អែកឡើង ប៉ូលបានយកបុរសទាំងនោះទៅជាមួយ ក៏បានសម្អាតខ្លួនឲ្យបរិសុទ្ធតាមច្បាប់ជាមួយនឹងពួកគាត់ រួចគាត់ចូលក្នុងវិហារដើម្បីប្រាប់ឲ្យដឹងថាចំនួនថ្ងៃសម្រាប់ការសម្អាតខ្លួនជាបរិសុទ្ធនោះនឹងចប់ពេលណា ហើយប្រាប់ពីពេលណាដែលត្រូវជូនគ្រឿងបូជាសម្រាប់ពួកគាត់ម្នាក់ៗ។
២៧ ពេលដែលប្រាំពីរថ្ងៃនោះជិតចប់ហើយ ជនជាតិយូដាពីតំបន់អាស៊ី* ឃើញប៉ូលក្នុងវិហារ ក៏ធ្វើឲ្យបណ្ដាជនជ្រួលច្របល់ រួចពួកគេចាប់គាត់ ២៨ ដោយស្រែកថា៖ «ជនជាតិអ៊ីស្រាអែលអើយ! សូមជួយផង! គឺបុរសនេះឯងដែលបង្រៀនមនុស្សទាំងអស់នៅគ្រប់កន្លែងឲ្យប្រឆាំងជាតិយើង ប្រឆាំងច្បាប់ និងប្រឆាំងកន្លែងនេះ ហើយគាត់ថែមទាំងយកពួកក្រិចចូលក្នុងវិហារនាំឲ្យកន្លែងបរិសុទ្ធនេះទៅជាស្មោកគ្រោកវិញ»។ ២៩ ព្រោះពីមុនពួកគេបានឃើញត្រូភីមពីក្រុងអេភេសូរនៅជាមួយនឹងប៉ូលក្នុងក្រុង ប៉ុន្តែពួកគេនឹកស្មានថាប៉ូលបាននាំគាត់ចូលក្នុងវិហារ។ ៣០ រួចមក ក្រុងទាំងមូលបានជ្រួលច្របល់ ហើយបណ្ដាជនបានរត់មកជុំគ្នានៅវិហារ រួចចាប់ប៉ូលអូសទៅក្រៅវិហារ។ ភ្លាមនោះ គេបិទទ្វារវិហារ។ ៣១ កាលដែលពួកគេកំពុងប៉ុនប៉ងសម្លាប់គាត់ មេបញ្ជាការកងទ័ពបានទទួលដំណឹងថាក្រុងយេរូសាឡិមទាំងមូលកំពុងច្របូកច្របល់។ ៣២ គាត់យកកូនទាហាននិងនាយទាហានខ្លះ រួចរត់ចុះទៅឯពួកគេភ្លាម។ កាលដែលពួកគេក្រឡេកទៅឃើញមេបញ្ជាការកងទ័ពនិងពួកទាហាន នោះពួកគេក៏ឈប់វាយប៉ូល។
៣៣ បន្ទាប់មក មេបញ្ជាការនោះចូលមកជិត ចាប់ប៉ូល រួចបង្គាប់ឲ្យយកច្រវាក់ពីរមកចងគាត់។ ក្រោយមក គាត់ចាប់ផ្ដើមសួរឲ្យដឹងថាគាត់ជាអ្នកណា ហើយបានធ្វើអ្វី។ ៣៤ ប៉ុន្តែអ្នកខ្លះក្នុងបណ្ដាជនចាប់ផ្ដើមស្រែកយ៉ាងនេះ អ្នកខ្លះទៀតស្រែកយ៉ាងនោះ។ ដូច្នេះ ដោយមិនអាចទទួលព័ត៌មានច្បាស់លាស់ ដោយសារមានភាពចលាចល នោះគាត់បង្គាប់ឲ្យយកប៉ូលទៅប៉ុស្តិ៍ទាហាន។ ៣៥ ប៉ុន្តែក្រោយពីគាត់នៅលើជណ្ដើរហើយ បណ្ដាជនចាប់ផ្ដើមបញ្ចេញអាការឃោរឃៅដល់ម្ល៉េះបានជាពួកទាហានត្រូវគ្រាហ៍លើកយកគាត់ឡើងទៅលើ ៣៦ ព្រោះបណ្ដាជនទាំងមូលចេះតែទៅតាមដោយស្រែកឡើងថា៖ «សម្លាប់អ្នកនោះចោលទៅ!»។
៣៧ កាលដែលគេហៀបនឹងនាំគាត់ចូលប៉ុស្តិ៍ទាហាន ប៉ូលនិយាយទៅមេបញ្ជាការថា៖ «តើខ្ញុំអាចនិយាយជាមួយនឹងលោកបន្ដិចបានទេ?» មេបញ្ជាការនិយាយថា៖ «តើអ្នកចេះនិយាយភាសាក្រិចទេ? ៣៨ តើអ្នកមិនមែនជាជនជាតិអេស៊ីបដែលបានបំបះបំបោរបណ្ដាជន ហើយនាំបុរសបួនពាន់នាក់ប្រដាប់ដោយកាំបិតស្នៀតចេញទៅតំបន់ស្ងាត់ជ្រងំទេឬ?»។ ៣៩ ប៉ូលនិយាយថា៖ «ខ្ញុំជាជនជាតិយូដា ពីក្រុងតើសុសនៅស្រុកស៊ីលីស៊ី ជាពលរដ្ឋនៃក្រុងដ៏ល្បីឈ្មោះ។ ដូច្នេះ ខ្ញុំសូមអង្វរលោកអនុញ្ញាតឲ្យខ្ញុំនិយាយទៅកាន់បណ្ដាជន»។ ៤០ បន្ទាប់ពីទទួលការអនុញ្ញាតពីមេបញ្ជាការ នោះប៉ូលឈរលើជណ្ដើរលើកដៃធ្វើសញ្ញាទៅបណ្ដាជន។ ពួកគេក៏ស្ងាត់ច្រៀបទៅ រួចគាត់និយាយភាសាហេប្រឺទៅកាន់ពួកគេថា៖