សកម្មភាព
៨ ចំណែកសុលវិញ គាត់បានពេញចិត្តនឹងការធ្វើឃាតស្ទេផាន។
នៅថ្ងៃនោះ គេចាប់ផ្ដើមបៀតបៀនក្រុមជំនុំនៅក្រុងយេរូសាឡិមជាខ្លាំង ហើយពួកអ្នកកាន់តាមទាំងឡាយ លើកលែងតែពួកសាវ័ក បានត្រូវខ្ចាត់ខ្ចាយពេញតំបន់យូឌានិងតំបន់សាម៉ារី។ ២ ប៉ុន្តែបុរសមួយចំនួនដែលកោតខ្លាចព្រះបានយកស្ទេផានទៅបញ្ចុះ ក៏បានយំស្ដាយគាត់ជាខ្លាំង។ ៣ ចំណែកសុលវិញ គាត់ចាប់ផ្ដើមធ្វើទុក្ខក្រុមជំនុំយ៉ាងខ្លាំងក្រៃលែង។ គាត់សម្រុកចូលពីផ្ទះមួយទៅផ្ទះមួយដោយចាប់អូសទាំងប្រុសទាំងស្រីចេញមក រួចបញ្ជូនទៅគុក។
៤ ក៏ប៉ុន្តែអស់អ្នកដែលបានត្រូវខ្ចាត់ខ្ចាយ បានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយក្នុងស្រុក ដោយប្រកាសដំណឹងល្អអំពីបណ្ដាំរបស់ព្រះ។ ៥ ឯភីលីពបានចុះទៅក្រុងសាម៉ារី ហើយចាប់ផ្ដើមផ្សព្វផ្សាយប្រាប់ពួកគេអំពីគ្រិស្ត។ ៦ បណ្ដាជនគ្រប់គ្នាបានផ្ចង់អារម្មណ៍ទៅលើអ្វីដែលភីលីពនិយាយ កាលដែលពួកគេស្ដាប់ហើយមើលសញ្ញាសម្គាល់ដែលគាត់កំពុងធ្វើ។ ៧ ព្រោះមានពួកគេជាច្រើននាក់ដែលមានវិញ្ញាណ* អសោច ហើយវិញ្ញាណទាំងនោះបានស្រែកយ៉ាងខ្លាំង រួចចេញទៅ។ ម្យ៉ាងទៀត ពួកគេជាច្រើននាក់ដែលស្លាប់ដៃស្លាប់ជើងឬពិការបានត្រូវធ្វើឲ្យជាសះស្បើយ។ ៨ ដូច្នេះ បណ្ដាជននៅក្រុងនោះបានត្រេកអរជាខ្លាំង។
៩ នៅក្រុងនោះមានបុរសម្នាក់ឈ្មោះស៊ីម៉ូន ដែលពីមុនមកចេះវេទមន្ត។ គាត់ធ្វើឲ្យជនជាតិសាម៉ារីនឹកអស្ចារ្យក្នុងចិត្តហើយនិយាយថាខ្លួនគាត់ជាអ្នកឧត្តុង្គឧត្តមមួយរូប។ ១០ ពួកគេទាំងអស់គ្នាតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត បានប្រុងស្ដាប់គាត់ ហើយនិយាយគ្រប់គ្នាថា៖ «បុរសនេះគេហៅថា‹ឫទ្ធានុភាពនៃព្រះ› ដែលជាឫទ្ធានុភាពខ្លាំងក្លា»។ ១១ ដូច្នេះ ពួកគេធ្លាប់ផ្ចង់អារម្មណ៍ស្ដាប់គាត់ ពីព្រោះគាត់បានធ្វើឲ្យពួកគេនឹកអស្ចារ្យក្នុងចិត្តដោយសារវេទមន្តរបស់គាត់អស់មួយរយៈពេល។ ១២ ប៉ុន្តែកាលពួកគេបានជឿភីលីព ដែលកំពុងប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះនិងនាមរបស់លោកយេស៊ូគ្រិស្ត នោះពួកគេទាំងប្រុសទាំងស្រីក៏ទទួលការជ្រមុជទឹក។* ១៣ ស៊ីម៉ូនបានទៅជាអ្នកជឿដែរ ហើយក្រោយពីទទួលការជ្រមុជទឹក គាត់ក៏នៅជាប់នឹងភីលីព ព្រោះគាត់កំពុងនឹកអស្ចារ្យក្នុងចិត្តដោយមើលសញ្ញាសម្គាល់ទាំងប៉ុន្មាននិងការដែលប្រកបដោយឫទ្ធានុភាពយ៉ាងធំដែលកំពុងកើតឡើង។
១៤ ពេលដែលពួកសាវ័កនៅក្រុងយេរូសាឡិមឮថាបណ្ដាជននៅស្រុកសាម៉ារីបានទទួលបណ្ដាំរបស់ព្រះ នោះពួកគាត់បានចាត់ពេត្រុសនិងយ៉ូហានឲ្យទៅឯពួកគេ ១៥ រួចពួកគាត់ក៏ចុះទៅអធិដ្ឋានឲ្យពួកគេទទួលសកម្មពល* បរិសុទ្ធរបស់ព្រះ។ ១៦ ព្រោះពួកគេមិនទាន់ទទួលសកម្មពលបរិសុទ្ធនៅឡើយទេ តែបានត្រឹមតែទទួលការជ្រមុជទឹកដោយនូវនាមលោកយេស៊ូប៉ុណ្ណោះ។ ១៧ រួចមក ពួកគាត់ដាក់ដៃលើអ្នកទាំងនោះ ហើយពួកគេចាប់ផ្ដើមទទួលសកម្មពលបរិសុទ្ធរបស់ព្រះ។
១៨ កាលដែលស៊ីម៉ូនឃើញថាមនុស្សទទួលសកម្មពលរបស់ព្រះដោយពួកសាវ័កដាក់ដៃលើពួកគេ នោះគាត់ស្នើឲ្យលុយដល់ពួកសាវ័ក ១៩ ដោយនិយាយថា៖ «សូមឲ្យខ្ញុំមានអំណាចនោះដែរ ដើម្បីពេលខ្ញុំដាក់ដៃលើអ្នកណា អ្នកនោះនឹងទទួលសកម្មពលបរិសុទ្ធរបស់ព្រះ»។ ២០ ប៉ុន្តែពេត្រុសនិយាយទៅគាត់ថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសទៅជាមួយនឹងអ្នកចុះ ពីព្រោះអ្នកនឹកស្មានថាអាចយកប្រាក់មកដើម្បីទទួលអំណោយទានរបស់ព្រះ។ ២១ អ្នកគ្មានចំណែកអ្វីសោះក្នុងរឿងនេះ ពីព្រោះព្រះឃើញថាចិត្តរបស់អ្នកមិនទៀងត្រង់ទេ។ ២២ ដូច្នេះ ចូរប្រែចិត្តចេញពីសេចក្ដីអាក្រក់នេះ ហើយអង្វរសុំព្រះយេហូវ៉ាអភ័យទោសចំពោះបំណងចិត្តអាក្រក់របស់អ្នក ២៣ ព្រោះខ្ញុំឃើញថាអ្នកមានចិត្តពិសពុល ក៏ពោរពេញទៅដោយភាពមិនសុចរិត»។ ២៤ ស៊ីម៉ូនតបថា៖ «សូមអ្នកទាំងពីរអង្វរព្រះយេហូវ៉ាឲ្យខ្ញុំផង ដើម្បីកុំឲ្យអ្វីៗដែលអ្នកបាននិយាយកើតឡើងដល់ខ្ញុំ»។
២៥ ម្ល៉ោះហើយ ពេលដែលពួកគាត់បានធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់និងបានប្រាប់បណ្ដាំរបស់ព្រះយេហូវ៉ាហើយ នោះពួកគាត់វិលទៅក្រុងយេរូសាឡិមវិញ ក៏បានប្រកាសដំណឹងល្អនៅភូមិជាច្រើនរបស់ជនជាតិសាម៉ារី។
២៦ ក៏ប៉ុន្តែទេវតារបស់ព្រះយេហូវ៉ានិយាយទៅភីលីពថា៖ «ចូរក្រោកឡើងទៅប៉ែកខាងត្បូងដល់ផ្លូវដែលចុះពីក្រុងយេរូសាឡិមដល់ហ្គាសា»។ (ផ្លូវនេះកាត់វាលខ្សាច់) ២៧ ឮដូច្នេះ គាត់ក៏ក្រោកឡើងហើយទៅ រួចឃើញមន្ត្រីជាន់ខ្ពស់ជនជាតិអេចូពីម្នាក់របស់មហាក្សត្រីអេចូពីឈ្មោះខាន់ឌីស។ គាត់មានអំណាច ហើយជាអ្នកមើលការខុសត្រូវលើឃ្លាំងទ្រព្យទាំងអស់របស់មហាក្សត្រី។ បុរសនោះបានទៅក្រុងយេរូសាឡិមដើម្បីគោរពបូជា ២៨ ប៉ុន្តែឥឡូវគាត់កំពុងអង្គុយក្នុងរទេះសេះធ្វើដំណើរត្រឡប់ទៅវិញទាំងអានឮៗពីសៀវភៅអេសាយ ជាអ្នកប្រកាសទំនាយ។ ២៩ ដូច្នេះ សកម្មពលរបស់ព្រះប្រាប់ភីលីពថា៖ «ចូររត់ទៅឲ្យទាន់រទេះនេះ»។ ៣០ ភីលីពក៏រត់ទន្ទឹមរទេះនោះ ហើយឮគាត់កំពុងអានឮៗពីសៀវភៅអេសាយ ជាអ្នកប្រកាសទំនាយ រួចភីលីពសួរថា៖ «តើអ្នកពិតជាយល់អ្វីដែលអ្នកកំពុងអានឬទេ?»។ ៣១ គាត់និយាយថា៖ «តើខ្ញុំអាចយល់យ៉ាងដូចម្ដេចបាន ប្រសិនបើគ្មានអ្នកណាបង្រៀនខ្ញុំ?» រួចគាត់អង្វរភីលីពឲ្យឡើងអង្គុយជាមួយនឹងគាត់។ ៣២ បទគម្ពីរដែលគាត់អានឮៗគឺ៖ «លោកត្រូវគេនាំមកដូចជាដឹកចៀមមកសម្លាប់។ ម្យ៉ាងទៀត លោកមិនហើបមាត់សោះ ដូចជាកូនចៀមដែលនៅស្ងៀមស្ងាត់នៅមុខអ្នកកាត់រោម។ ៣៣ ក្នុងអំឡុងពេលដែលលោកត្រូវគេបន្ទាបបន្ថោកនោះ គេបានដកសេចក្ដីយុត្ដិធម៌ចេញពីលោក។ តើអ្នកណានឹងរៀបរាប់អំពីជំនាន់របស់លោក? ពីព្រោះជីវិតរបស់លោកនឹងត្រូវផ្ដាច់ចេញពីផែនដី»។
៣៤ មន្ត្រីនោះតបទៅភីលីពថា៖ «សូមប្រាប់ខ្ញុំផង តើអ្នកប្រកាសទំនាយនិយាយដូច្នេះអំពីអ្នកណា? អំពីខ្លួនគាត់? ឬអំពីបុរសមួយផ្សេងទៀត?»។ ៣៥ ភីលីពក៏តាំងនិយាយ រួចប្រកាសប្រាប់គាត់នូវដំណឹងល្អអំពីលោកយេស៊ូដោយប្រើបទគម្ពីរនោះមុនបង្អស់។ ៣៦ កាលដែលពួកគាត់កំពុងធ្វើដំណើរតាមផ្លូវ នោះឃើញកន្លែងមួយមានទឹកច្រើន ហើយមន្ត្រីនោះនិយាយថា៖ «មើល! កន្លែងនេះមានទឹកច្រើន! តើមានអ្វីធ្វើឲ្យខ្ញុំមិនអាចទទួលការជ្រមុជទឹកឬទេ?»។ ៣៧ * —— ៣៨ និយាយចប់ហើយ គាត់បញ្ជាឲ្យបញ្ឈប់រទេះ រួចទាំងភីលីពទាំងមន្ត្រីនោះបានចុះទៅក្នុងទឹក ហើយភីលីពជ្រមុជទឹកឲ្យមន្ត្រីនោះ។ ៣៩ កាលដែលពួកគាត់ឡើងពីទឹកមក សកម្មពលរបស់ព្រះយេហូវ៉ាបាននាំភីលីពចេញទៅភ្លាម ហើយគាត់មិនឃើញភីលីពទៀតទេ ដោយសារមន្ត្រីនោះបន្តដំណើរទៅមុខទៀតទាំងមានចិត្តត្រេកអរ។ ៤០ ប៉ុន្តែភីលីពបានទៅក្រុងអាសូត ហើយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយនៅតំបន់នោះ ក៏បានប្រកាសដំណឹងល្អក្នុងក្រុងទាំងអស់ រហូតដល់គាត់ទៅដល់ក្រុងសេសារៀ។