ភីលីព
៤ ដូច្នេះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំ ដែលខ្ញុំចង់ឃើញខ្លាំងណាស់ ដែលជាអំណរ និងជាមកុដរបស់ខ្ញុំ ចូរកាន់ជំហរមាំមួនតាមរបៀបនោះ ក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់។
២ ខ្ញុំសូមដាស់តឿនអឺរ៉ូឌានិងស៊ីនទីចឲ្យមានគំនិតស្របគ្នាក្នុងកិច្ចបម្រើលោកម្ចាស់។ ៣ ចំណែកអ្នកវិញ ដែលជាអ្នករួមការងារយ៉ាងស្មោះជាមួយនឹងខ្ញុំ ខ្ញុំក៏សូមអ្នកបន្តជួយស្ត្រីទាំងពីរនេះ ដែលបានរួមជាមួយនឹងខ្ញុំក្នុងការតស៊ូដើម្បីជាប្រយោជន៍ដល់ដំណឹងល្អ ជាមួយនឹងក្លេមេននិងអ្នកឯទៀតទាំងប៉ុន្មានដែលជាអ្នករួមការងារជាមួយនឹងខ្ញុំ និងដែលមានឈ្មោះក្នុងសៀវភៅជីវិត។
៤ ចូរអរសប្បាយដោយសារលោកម្ចាស់ជានិច្ច។ ខ្ញុំសូមនិយាយម្ដងទៀតថា ចូរអរសប្បាយចុះ! ៥ ចូរឲ្យមនុស្សទាំងអស់គ្នាឃើញថាអ្នករាល់គ្នាជាមនុស្សសមហេតុផល។ លោកម្ចាស់នៅជិត។ ៦ កុំខ្វល់ចិត្តអំពីអ្វីឡើយ តែដោយអធិដ្ឋាន អង្វរសុំ ព្រមទាំងថ្លែងអំណរគុណ ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ៧ ហើយសេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា តាមរយៈគ្រិស្តយេស៊ូ។
៨ ក្រោយបង្អស់ បងប្អូនអើយ អ្វីៗដែលពិត អ្វីៗដែលថ្លៃថ្នូរ អ្វីៗដែលសុចរិត អ្វីៗដែលបរិសុទ្ធ អ្វីៗដែលគួរឲ្យស្រឡាញ់ អ្វីៗដែលមានកេរ្ដិ៍ឈ្មោះល្អ អ្វីដែលប្រកបដោយគុណធម៌ និងអ្វីដែលគួរឲ្យសរសើរ ចូរបន្តពិចារណាអ្វីៗទាំងនោះ។ ៩ អ្វីៗដែលអ្នករាល់គ្នាបានរៀន ឃើញ ឮ និងទទួលពីខ្ញុំ ចូរប្រព្រឹត្តតាមសេចក្ដីទាំងនោះ ហើយព្រះនៃសេចក្ដីសុខសាន្តនឹងនៅជាមួយនឹងអ្នករាល់គ្នា។
១០ ខ្ញុំអរសប្បាយយ៉ាងខ្លាំងក្នុងនាមជាអ្នកបម្រើលោកម្ចាស់ ព្រោះនៅទីបំផុតខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាចាប់ផ្ដើមគិតអំពីខ្ញុំម្ដងទៀត។ អ្នករាល់គ្នាពិតជាបានគិតអំពីផលប្រយោជន៍របស់ខ្ញុំ តែមិនមានឱកាសបង្ហាញឲ្យឃើញ។ ១១ ខ្ញុំមិនមែននិយាយអំពីការខ្វះខាតទេ ព្រោះខ្ញុំបានរៀនឲ្យចេះស្កប់ចិត្ត ទោះជាខ្ញុំនៅក្នុងកាលៈទេសៈណាក៏ដោយ។ ១២ ខ្ញុំចេះរស់នៅដោយមានតែបន្ដិចបន្តួច ខ្ញុំចេះរស់នៅដោយមានបរិបូរ។ ខ្ញុំបានរៀនអាថ៌កំបាំងអំពីរបៀបស្កប់ចិត្តក្នុងគ្រប់ការទាំងអស់និងនៅគ្រប់កាលៈទេសៈទាំងអស់ ទោះជាឆ្អែត ឬឃ្លានក្ដី ទោះជាមានបរិបូរ ឬខ្វះខាតក្ដី។ ១៣ ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ។
១៤ ទោះជាយ៉ាងនោះក៏ដោយ អ្នករាល់គ្នាបានធ្វើល្អ ដោយរួមចំណែកក្នុងសេចក្ដីវេទនារបស់ខ្ញុំ។ ១៥ តាមការពិត អ្នករាល់គ្នានៅក្រុងភីលីពក៏ដឹងថា នៅពេលដែលចាប់ផ្ដើមប្រកាសដំណឹងល្អ ពេលដែលខ្ញុំចាកចេញពីតំបន់ម៉ាសេដូន គ្មានក្រុមជំនុំណាមួយរួមចំណែកជាមួយនឹងខ្ញុំក្នុងការឲ្យនិងការទទួលឡើយ មានតែអ្នករាល់គ្នាប៉ុណ្ណោះ ១៦ ពីព្រោះសូម្បីតែនៅក្រុងថែស្សាឡូនិចក៏ដោយ អ្នករាល់គ្នាបានផ្ញើជំនួយទៅឲ្យខ្ញុំពីរដង ដើម្បីបំពេញសេចក្ដីត្រូវការរបស់ខ្ញុំ។ ១៧ ខ្ញុំមិនមែនខំស្វែងរកអំណោយពីអ្នករាល់គ្នាទេ ប៉ុន្តែខ្ញុំខំស្វែងរកផលដែលបង្កើនកម្រៃដល់អ្នករាល់គ្នា។ ១៨ ក៏ប៉ុន្តែខ្ញុំមានអ្វីៗទាំងអស់ដែលខ្ញុំត្រូវការ ក៏មានជាបរិបូរ។ ខ្ញុំស្កប់ស្កល់ហើយ ព្រោះឥឡូវខ្ញុំបានទទួលពីអេប៉ាប្រូឌីតនូវអ្វីដែលអ្នករាល់គ្នាបានផ្ញើឲ្យ នោះគឺដូចជាក្លិនក្រអូប ជាគ្រឿងបូជាដែលសមរម្យ និងធ្វើឲ្យព្រះគាប់ចិត្ត។ ១៩ ជាលទ្ធផល ព្រះរបស់ខ្ញុំដែលមានទ្រព្យរុងរឿងនឹងផ្ដល់អ្វីៗទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមរយៈគ្រិស្តយេស៊ូ។ ២០ សូមឲ្យព្រះដែលជាបិតារបស់យើងប្រកបដោយសិរីរុងរឿងជារៀងរហូតតរៀងទៅ។ អាមេន។
២១ ខ្ញុំសូមផ្ដាំសួរសុខទុក្ខពួកអ្នកបរិសុទ្ធទាំងអស់គ្នាដែលជាអ្នកកាន់តាមគ្រិស្តយេស៊ូ។ បងប្អូនដែលនៅជាមួយនឹងខ្ញុំក៏ផ្ដាំសួរសុខទុក្ខដែរ។ ២២ ពួកអ្នកបរិសុទ្ធទាំងអស់គ្នា ជាពិសេសអស់អ្នកដែលជាអ្នកផ្ទះរបស់សេសារ* សូមផ្ដាំសួរសុខទុក្ខ។
២៣ សូមឲ្យគុណដ៏វិសេសលើសលប់របស់លោកម្ចាស់យេស៊ូគ្រិស្តនៅជាមួយនឹងអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាមានចិត្តគំនិត* ត្រឹមត្រូវ។