បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w03 ១/៩ ទំ. ២៩-៣២
  • អប់រំខ្លួនឲ្យចេះស្កប់ចិត្ត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អប់រំខ្លួនឲ្យចេះស្កប់ចិត្ត
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អត្ថន័យ​នៃ​ការ​ចេះ​ស្កប់​ចិត្ត
  • អ្នក​ខ្លះ​បាន​អប់រំ​ចិត្ត
  • តើអ្នកអាចរក្សាទស្សនៈដ៏ថ្លឹងថ្លែងអំពីរឿងលុយបានយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • បន្ថែមការគោរពប្រណិប័តន៍ព្រះពីលើការស៊ូទ្រាំរបស់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ‹ចូរបន្ដស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិន›
    ចូរថ្វាយបង្គំព្រះពិតតែមួយ
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
w03 ១/៩ ទំ. ២៩-៣២

អប់រំ​ខ្លួន​ឲ្យ​ចេះ​ស្កប់​ចិត្ត

សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​មួយ​ដ៏​លើក​ទឹក​ចិត្ត​ទៅ​កាន់​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​ភីលីព​ថា៖ «ខ្ញុំ​បាន​រៀន​អោយ​ចេះ​ស្កប់​ចិត្ត ក្នុង​គ្រប់​កាលៈទេសៈ . . . ខ្ញុំ​បាន​អប់រំ​ចិត្ត​ក្នុង​គ្រប់​កាលៈទេសៈ និង​គ្រប់​ទី​កន្លែង គឺ​ថា ទោះ​បី​បរិភោគ​ឆ្អែត​ក្ដី អត់​ឃ្លាន​ក្ដី មាន​បរិបូណ៍​ក្ដី ឬ​ខ្វះ​ខាត​ក្ដី ខ្ញុំ​ស្កប់​ចិត្ត​ជា​និច្ច»។—ភីលីព ៤:១១, ១២, ខ.ស.

ហេតុ​អ្វី​បាន​ជា​ប៉ុល​ចេះ​ស្កប់​ចិត្ត​ដូច្នេះ? ដោយ​សារ​សេដ្ឋកិច្ច​បច្ចុប្បន្ន​នេះ​មិន​សូវ​មាន​ស្ថិរភាព ហើយ​ចំណាយ​សំរាប់​ជីវភាព​ប្រចាំ​ថ្ងៃ​ក៏​ថ្លៃ មាន​ប្រយោជន៍​មែន​ឲ្យ​ពួក​គ្រីស្ទាន​ពិត​រៀន​ចេះ​ស្កប់​ចិត្ត​អ្វី​ដែល​មាន​ហើយ​ដើម្បី​អាច​ផ្ចង់​អារម្មណ៍​ជា​និច្ច​លើ​កិច្ច​បំរើ​ព្រះ។

ក្នុង​វគ្គ​មុន​ៗ​នៃ​សំបុត្រ​របស់​ប៉ុល​នោះ គាត់​បាន​រៀប​រាប់​ពី​ការ​លូត​លាស់​ក្នុង​អតីត​អាជីព​របស់​ខ្លួន។ ប៉ុល​មាន​ប្រសាសន៍​ថា៖ «បើ​មាន​អ្នក​ណា​ទៀត​ស្មាន​ថា ខ្លួន​ទុក​ចិត្ត​ខាង​សាច់​ឈាម​បាន នោះ​ខ្ញុំ​ក៏​លើស​ទៅ​ទៀត ដ្បិត​ខ្ញុំ​បាន​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​ទី​៨ ខ្ញុំ​ជា​សាសន៍​អ៊ីស្រាអែល ក្នុង​ពូជ​អំបូរ​បេនយ៉ាមីន ជា​អ្នក​ហេព្រើរ កើត​ពី​ពួក​ហេព្រើរ ឯ​ខាង​ក្រិត្យ​វិន័យ នោះ​ខ្ញុំ​ជា​ពួក​ផារិស៊ី ខាង​ឯ​សេចក្ដី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​ពួក​ជំនុំ ចំណែក​ខាង​សេចក្ដី​សុចរិត​ក្នុង​ក្រិត្យ​វិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ»។ (ភីលីព ៣:៤​-​៦) បន្ថែម​ទៅ​ទៀត ដោយ​សារ​ប៉ុល​ជា​អ្នក​ធ្វើ​តាម​សាសនា​យូដា​យ៉ាង​ឧស្សាហ៍​នោះ គាត់​បាន​ទទួល​កិច្ច​ការ​និង​ពាក្យ​គាំទ្រ​ពី​ពួក​សង្គ្រាជ​នៅ​ទី​ក្រុង​យេរូសាឡិម។ អាស្រ័យ​ហេតុ​នេះ​ប៉ុល​អាច​ទទួល​វត្ថុ​ទ្រព្យ​បាន​ពី​សាសនា​យូដា ព្រម​ទាំង​មាន​សង្ឃឹម​ទទួល​អំណាច​ហើយ​កិត្យានុភាព​ក្នុង​សាសនា​នោះ រួម​ទាំង​រឿង​នយោបាយ​ផង​ដែរ។—កិច្ច​ការ ២៦:១០, ១២

ក៏​ប៉ុន្តែ នៅ​ពេល​ដែល​ប៉ុល​ក្លាយ​ជា​អ្នក​បំរើ​គ្រីស្ទាន​ដ៏​ឧស្សាហ៍​ម្នាក់ ស្ថានការណ៍​ក្នុង​ជីវិត​គាត់​បាន​ប្រែ​ប្រួល​ជា​ខ្លាំង។ ដើម្បី​ជា​ប្រយោជន៍​ឲ្យ​ដំណឹង​ល្អ ប៉ុល​បាន​ស្ម័គ្រ​ចិត្ត​លះ​បង់​ការ​រីក​ចំរើន​ក្នុង​អាជីព​ដើម​របស់​ខ្លួន និង​របស់​ឯ​ទៀត​ដែល​ពី​មុន​គាត់​ធ្លាប់​ចាត់​ទុក​ថា​ជា​សំខាន់​នោះ។ (ភីលីព ៣:៧, ៨) តើ​ប៉ុល​បាន​អ្វី​ដើម្បី​ចិញ្ចឹម​ជីវិត? តើ​គាត់​ទទួល​ប្រាក់​ខែ​ពី​ការ​ធ្វើ​ជា​អ្នក​បំរើ​គ្រីស្ទាន​ម្នាក់​ទេ? តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គាត់​បាន​អ្វី​ដែល​ខ្លួន​ត្រូវ​ការ​ដើម្បី​ចិញ្ចឹម​ជីវិត?

ប៉ុល​បាន​សម្រេច​កិច្ច​បំរើ​ផ្សាយ​របស់​គាត់​ដោយ​មិន​ទទួល​ប្រាក់​កាក់​ទាល់​តែ​សោះ។ ដើម្បី​កុំ​ឲ្យ​ធ្វើ​ជា​បន្ទុក​ដល់​ពួក​អ្នក​ដែល​គាត់​បំរើ​ក្នុង​កិច្ច​ការ​ផ្សាយ​នោះ ប៉ុល​បាន​ចូល​រួម​ធ្វើ​ជាង​ត្រសាល​ជា​មួយ​អ័គីឡា​និង​ព្រីស៊ីល​ពេល​នៅ​ទី​ក្រុង​កូរិនថូស ហើយ​គាត់​ក៏​បាន​ប្រកប​ការ​ងារ​ឯ​ទៀត​ដែរ ដើម្បី​ចិញ្ចឹម​ជីវិត​ខ្លួន។ (កិច្ច​ការ ១៨:១​-​៣; ថែស្សាឡូនីច​ទី​១ ២:៩; ថែស្សាឡូនីច​ទី​២ ៣:៨​-​១០) ប៉ុល​បាន​ធ្វើ​បេសកកម្ម​បី​ដែល​រួម​បញ្ចូល​ការ​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ផង ហើយ​គាត់​ក៏​បាន​ធ្វើ​ដំណើរ​ទស្សនៈ​កិច្ច​នៅ​ក្រុម​ជំនុំ​ណា​ដែល​ត្រូវ​ការ​គាត់​ចុះ​ទៅ​ជួយ។ ដោយ​សា​ប៉ុល​ជាប់​រវល់​ធ្វើ​កិច្ច​បំរើ​ព្រះ​ដូច្នេះ គាត់​មិន​សូវ​មាន​ជីវភាព​ធូរ​ធារ​ប៉ុន្មាន​ទេ។ តាម​ធម្មតា​បង​ប្អូន​ផ្សេង​ៗ​បាន​ជួយ​ផ្គត់​ផ្គង់​តម្រូវ​ការ​របស់​គាត់។ ប៉ុន្តែ ជួន​កាល​គាត់​ក៏​មាន​ស្ថានភាពខ្វះ​ខាត​ខ្លះ​ដែរ។ (កូរិនថូស​ទី​២ ១១:២៧; ភីលីព ៤:១៥​-​១៨) យ៉ាង​ណា​ក៏​ដោយ ប៉ុល​មិន​ដែល​ត្អូញត្អែរ​អំពី​ការ​លំបាក​របស់​ខ្លួន​ទេ ហើយ​ក៏​មិន​ដែល​លោភ​ចង់​បាន​របស់​របរ​ដែល​អ្នក​ដទៃ​មាន​ដែរ។ ប៉ុល​បាន​ធ្វើ​ការ​នឿយ​ហត់​ដោយ​សប្បាយ​ទាំង​ស្ម័គ្រ​ពី​ចិត្ត​ដើម្បី​ជា​ប្រយោជន៍​ឲ្យ​ពួក​គ្រីស្ទាន​គ្នី​គ្នា​របស់​គាត់។ តាម​ពិត គឺ​ប៉ុល​នោះ​ឯង​ដែល​បាន​ដក​ស្រង់​នូវ​បន្ទូល​ដ៏​ល្បី​ល្បាញ​របស់​ព្រះ​យេស៊ូ​ថា៖ «ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល» ប៉ុល​ពិត​ជា​គំរូ​ដ៏​ប្រសើរ​មែន សំរាប់​យើង​រាល់​គ្នា!—កិច្ច​ការ ២០:៣៣​-​៣៥

អត្ថន័យ​នៃ​ការ​ចេះ​ស្កប់​ចិត្ត

កត្ដា​ដ៏​ចំបង​មួយ​ដែល​ជួយ​ឲ្យ​ប៉ុល​មាន​សុភមង្គល​នោះ គឺ​ជា​ការ​ចេះ​ស្កប់​ចិត្ត។ ប៉ុន្តែ តើ​ការ​ចេះ​ស្កប់​ចិត្ត​មាន​ន័យ​យ៉ាង​ណា? នេះ​បាន​សេចក្ដី​ថា ពេញ​ចិត្ត​តែ​របស់​អ្វី​ដែល​យើង​មាន​ប៉ុណ្ណោះ។ ប៉ុល​បាន​មាន​ប្រសាសន៍​អំពី​ការ​ចេះ​ស្កប់​ចិត្ត​នេះ ប្រាប់​ដល់​ធីម៉ូថេ​ដែល​ជា​គូកន​របស់​គាត់​ក្នុង​កិច្ច​បំរើ​ផ្សាយ​នោះ​ថា៖ «ចំពោះ​អ្នក​ដែល​ចេះ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​ម្ចាស់​ពិត​ជា​មធ្យោបាយ​ដ៏​ប្រសើរ ដើម្បី​រក​ទ្រព្យ​សម្បត្ដិ​មែន! ដ្បិត​យើង​ពុំ​បាន​យក​អ្វី​ចូល​មក​ក្នុង​លោក​នេះ ហើយ​យើង​ក៏​ពុំ​អាច​យក​អ្វី​ចេញ​ពី​លោក​នេះ​ទៅ​បាន​ដែរ! ដូច្នេះ ប្រសិន​បើ​យើង​មាន​ម្ហូប​អាហារ មាន​សម្លៀក​បំពាក់ នោះ​យើង​ស្កប់​ចិត្ត​ហើយ»។—ធីម៉ូថេ​ទី​១ ៦:៦​-​៨, ខ.ស.

សូម​កត់​សម្គាល់​ថា ប៉ុល​បាន​រ៉ាយរ៉ាប់​ភ្ជាប់​ការ​ស្កប់​ចិត្ត​ជា​មួយ​នឹង​ការ​គោរព​ប្រតិបត្ដិ​ប្រណិប័តន៍​ព្រះ។ ប៉ុល​បាន​ទទួល​ស្គាល់​ថា សុភមង្គល​ពិត​មក​ពី​ការ​គោរព​ប្រណិប័តន៍​ព្រះ ពោល​គឺ ការ​ទុក​កិច្ច​បំរើ​ព្រះ​ជា​អាទិភាព​ក្នុង​ជីវិត​យើង មិន​មែន​មក​ពី​ការ​រក​វត្ថុ​ឬ​ទ្រព្យ​សម្បត្ដិ​ឡើយ។ «មាន​ម្ហូប​អាហារ មាន​សម្លៀក​បំពាក់»ជា​អ្វី​ដែល​ប៉ុល​ត្រូវ​ការ​ប៉ុណ្ណោះ​ដើម្បី​បន្ត​បង្ហាញ​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ដូច្នេះ ចំពោះ​ប៉ុល ការ​ពឹង​ពាក់​ព្រះ​យេហូវ៉ា​ជា​គន្លឹះ​នៃ​ការ​ចេះ​ស្កប់​ចិត្ត មិន​ថា​មាន​កាលៈទេសៈ​ណា​ក៏​ដោយ។

មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​មាន​សេចក្ដី​ខ្វល់​ខ្វាយ​និង​ជួប​តែ​ភាព​អពមង្គល​ដោយ​ព្រោះ​គេ​មិន​ដឹង​ពី​គន្លឹះ​នៃ​ការ​ស្កប់​ចិត្ត​នេះ ឬ​មួយ​ក៏​គេ​បដិសេធ​មិន​ធ្វើ​តាម​ទៅ​វិញ។ ជា​ជាង​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ស្កប់​ស្កល់ មនុស្ស​ចង់​ទុក​ចិត្ត​លើ​លុយ​កាក់​និង​វត្ថុ​ដែល​គេ​អាច​ទិញ​បាន។ ឧស្សាហកម្ម​ខាង​ប្រព័ន្ធ​ឃោសនា​និង​បណ្ដាញ​ផ្សព្វ​ផ្សាយ​ពត៌មាន​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ថា យើង​មិន​អាច​រក​សុភមង្គល​ឃើញ​បាន​ឡើយ ទាល់​តែ​មាន​ប្រដាប់​ប្រដា​អេឡិចត្រូនិច​និង​របស់​ទំនើប​ៗ​ដ៏​ស្អាត​ហើយ​ថ្លៃ ម្ល៉ោះ​ហើយ​ក៏​បណ្ដាល​ឲ្យ​ពួក​គេ​ប្រាថ្នា​ចង់​បាន​របស់​នោះ​ភ្លាម​ៗ​តែ​ម្ដង។ ជា​លទ្ធផល មនុស្ស​ជា​ច្រើន​ធ្លាក់​ខ្លួន​លោភ​ចង់​បាន​តែ​វត្ថុ​ទ្រព្យ​ប៉ុណ្ណោះ។ ជា​ជាង​ស្វែង​រក​សុភមង្គល​និង​ឲ្យ​ចេះ​ស្កប់​ចិត្ត​នោះ គេ«ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្ដេស​ផ្ដាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិន​វិនាស នឹង​សេចក្ដី​អន្តរធាន​វិញ»។—ធីម៉ូថេ​ទី​១ ៦:៩, ១០

អ្នក​ខ្លះ​បាន​អប់រំ​ចិត្ត

នា​បច្ចុប្បន្នកាល​នេះ តើ​យើង​ពិត​ជា​មាន​លទ្ធភាព​អាច​រស់​ឲ្យ​ចេះ​ស្កប់​ចិត្ត​និង​គោរព​ប្រណិប័តន៍​ព្រះ ព្រម​ទាំង​ស្វែង​រក​សុភមង្គល​ដោយ​ការ​ពេញ​ចិត្ត​ទេ? ពិត​ជា​មាន​លទ្ធផល​មែន។ តាម​ពិត សព្វ​ថ្ងៃ​នេះ​មនុស្ស​រាប់​លាន​នាក់​កំពុង​តែ​ធ្វើ​ដូច្នេះ។ ពួក​គេ​បាន​អប់រំ​ចិត្ត​ឲ្យ​ចេះ​ស្កប់​ស្កល់​នឹង​ទ្រព្យ​សម្បត្ដិ​ដែល​គេ​មាន​រួច​ហើយ។ ពួក​គេ​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ដែល​បាន​ឧទ្ទិសថ្វាយ​ខ្លួន​ចំពោះ​ព្រះ ទាំង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់​ហើយ​បង្រៀន​មនុស្ស​ទូទៅ​អំពី​គោល​បំណង​របស់​ទ្រង់។

ជាក់​ស្តែង សូម​ពិនិត្យ​មើល​ពួក​អ្នក​ខ្លះ​ដែល​បាន​ស្ម័គ្រ​ចិត្ត​ទទួល​ការ​បង្ហាត់​បង្រៀន​ដើម្បី​ទៅ​ប្រទេស​ក្រៅ​ជា​សាសនា​ទូត ក្នុង​បំណង​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (ម៉ាថាយ ២៤:១៤) ជា​ធម្មតា របៀប​រស់​នៅ​ក្នុង​ប្រទេស​ដែល​គេ​បាន​ចាត់​ទៅ​នោះ មិន​សូវ​មាន​ប្រដាប់​ប្រដា​ទំនើប​ដូច​ដែល​គេ​ធ្លាប់​មាន​នោះ​ទេ។ ជា​ឧទាហរណ៍ នៅ​ពេល​ដែល​សាសនា​ទូត​ខ្លះ​បាន​ទៅ​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​នា​ដើម​ឆ្នាំ​១៩៤៧ ទី​នោះ​នៅ​មាន​គំនរ​បាក់​បែក​ដែល​សល់​ពី​សង្គ្រាម​នៅ​ឡើយ ហើយ​មាន​ផ្ទះ​តិច​ណាស់​ដែល​មាន​ភ្លើង​អគ្គីសនី​ប្រើ។ នៅ​ប្រទេស​ជា​ច្រើន​ពួក​សាសនា​ទូត​បាន​រៀន​បោក​ខោ​អាវ​ម្ដង​មួយ​ៗ​នៅ​លើ​បន្ទះ​ក្ដារ​ឬ​លើ​ថ្ម​នា​មាត់​ទន្លេ ជា​ជាង​ប្រើ​ម៉ាស៊ីន​បោក​ខោ​អាវ។ យ៉ាង​ណា​ក្ដី ពួក​គេ​បាន​ទៅ​ទី​នោះ​ដើម្បី​បង្រៀន​ប្រជាជន​នូវ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ ដូច្នេះ​ពួក​គេ​បាន​កែ​ប្រែ​ជីវភាព​រស់​នៅ​របស់​គេ​ទៅ​តាម​តំបន់​នោះ ហើយ​បាន​ជាប់​រវល់​តែ​ក្នុង​កិច្ច​បំរើ​ផ្សាយ​វិញ។

ពួក​អ្នក​ឯ​ទៀត​បាន​ចាប់​ផ្ដើម​ធ្វើ​កិច្ច​បំរើ​ផ្សាយ​ពេញ​ពេល ឬ​បាន​ផ្លាស់​ទៅ​នៅ​តំបន់​ណា​ដែល​មិន​ទាន់​មាន​អ្នក​ផ្សាយ​ដំណឹង​ល្អ​នៅ​ឡើយ។ បង​អាឌូលហ្វូ​បាន​ធ្វើ​កិច្ច​បំរើ​ផ្សាយ​ពេញ​ពេល​ជាង​៥០​ឆ្នាំ​ហើយ នៅ​កន្លែង​ផ្សេង​ៗ​ក្នុង​ប្រទេស​ម៉ិកស៊ិក។ គាត់​មាន​ប្រសាសន៍​ថា៖ «ដូច​សាវ័ក​ប៉ុល ខ្ញុំ​ជា​មួយ​ភរិយា​ខ្ញុំ​បាន​រៀន​ចេះ​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ​ផ្សេង​ៗ។ ជា​ឧទាហរណ៍ ក្រុម​ជំនុំ​មួយ​ដែល​យើង​បាន​ទៅ​លេង​នោះ​មាន​ចំ​ងាយ​ឆ្ងាយ​ពី​ទី​ក្រុង​និង​ទី​ផ្សារ។ ជា​រៀង​រាល់​ដង​ពេល​ដែល​បង​ប្អូន​ទទួល​ទាន​អាហារ​នោះ ពួក​គេ​ស្កប់​ចិត្ត​បរិភោគ​នំ​ទរ​ទី​យ៉ា​តែ​មួយ​ប៉ុណ្ណោះ ជា​មួយ​ខ្លាញ់​ជ្រូក​និង​អំបិល​បន្ដិច ហើយ​ពិសា​កាហ្វេ​មួយ​កែវ។ ពួក​គេ​បរិភោគ​តែ​នំ​ទរ​ទី​យ៉ា​នេះ​រាល់​ថ្ងៃ​ក្នុង​មួយ​ថ្ងៃ​បី​ដង។ ដូច្នេះ យើង​បាន​រៀន​ឲ្យ​ចេះ​រស់​នៅ​ដូច​បង​ប្អូន​នោះ​ដែរ។ អស់​៥៤​ឆ្នាំ​កន្លង​មក​នេះ​ដែល​ខ្ញុំ​បាន​បំរើ​ព្រះ​យេហូវ៉ា​ពេញ​ពេល នោះ​ខ្ញុំ​បាន​ពិសោធ​អ្វី​ៗ​បែប​នេះ​ជា​ច្រើន​ណាស់»។

បង​វរឡររេនទីណូ គាត់​នឹក​ចាំ​ពី​ពេល​ដែល​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​ត្រូវ​កែ​ប្រែ​តាម​កាលៈទេសៈ​ដ៏​ពិបាក។ គាត់​បាន​រំឭក​ពី​ពេល​ដែល​គាត់​នៅ​ក្មេង​ថា៖ «ឪពុក​ខ្ញុំ​ជា​អ្នក​លក់​ដូរ​ដ៏​ចំណាន។ គាត់​មាន​អចលនវត្ថុ​ជា​ច្រើន។ ខ្ញុំ​នៅ​ចាំ​ពី​តុ​គិត​លុយ​ក្នុង​ហាង​លក់​គ្រឿង​ម្ហូប​របស់​យើង។ មាន​ថត​តុ​មួយ​ទទឹង​៥០​សង់ទីម៉ែត្រ​និង​ជម្រៅ​២០​សង់ទីម៉ែត្រ ហើយ​មាន​ខ័​ណ្ឌ​បួន។ រាល់​ថ្ងៃ​យើង​បាន​ដាក់​លុយ​ចូល​ទាំង​អស់​ចូល​ទៅ​ក្នុង​ថត​តុ​នោះ។ នៅ​ចុង​ថ្ងៃ​និមួយ​ៗ ថត​តុ​បាន​ពេញ​ណែន​ដោយ​ប្រាក់ មាន​ទាំង​លុយ​ក្រដាស​ហើយ​លុយ​កាក់​ផង។

«ស្រាប់​តែ​មាន​បញ្ហា​សេដ្ឋកិច្ច ហើយ​ភ្លាម​ៗ​នោះ​កាលៈទេសៈ​យើង​បាន​ប្រែ​ប្រួល​ពី​ការ​មាន​សម្បូរ​ហូរ​ហៀរ​ទៅ​ជា​អ្នក​ក្រ​ខ្សត់​តែ​ម្ដង។ យើង​បាត់​បង់​អ្វី​ៗ​ទាំង​អស់ លើក​លែង​តែ​ផ្ទះ​សំបែង​របស់​យើង។ បន្ថែម​ទៅ​ទៀត បង​ប្រុស​បង្កើត​ម្នាក់​របស់​ខ្ញុំ​មាន​គ្រោះ​ថ្នាក់ បណ្ដាល​ឲ្យ​ស្លាប់​ជើង​ទាំង​ពីរ។ ស្ថានភាព​របស់​ខ្ញុំ​ឥឡូវ​នេះ​គឺ​មិន​ដូច​ពី​មុន​ទេ។ ខ្ញុំ​បាន​ធ្វើ​ជា​អ្នក​លក់​សាច់​និង​ផ្លែ​ឈើ​អស់​មួយ​រយៈ ខ្ញុំ​ក៏​បាន​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ ច្រូត​កប្បាស​និង​ស្មៅ​អាលហ្វាលហ្វា ហើយ​បាន​ជួយ​បញ្ចូល​ទឹក​ក្នុង​ស្រែ​ចំការ​ដែរ។ មនុស្ស​ខ្លះ​បាន​ហៅ​ខ្ញុំ​ជា​កម្មករ​ចេះ​មុខ​របរ​ទាំង​អស់។ ម្ដាយ​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​យើង​ជា​និច្ច​ជា​កាល​ដោយ​ប្រាប់​ថា យើង​មាន​សេចក្ដី​ពិត ជា​ភោគ​ទ្រព្យ​ខាង​វិញ្ញាណ​ដែល​មនុស្ស​តិច​ណាស់​មាន​នោះ។ ដូច្នេះ ខ្ញុំ​ធ្លាប់​រស់​ដោយ​មាន​របស់​ជា​ច្រើន ហើយ​ក៏​បាន​រៀន​ឲ្យ​ចេះ​រស់​ពេល​ដែល​មាន​តិច​ឬ​គ្មាន​អ្វី​សោះ​ក៏​បាន​ដែរ។ ឥឡូវ​ខ្ញុំ​បាន​បំរើ​ព្រះ​យេហូវ៉ា​ពេញ​ពេល​អស់​ប្រមាណ​២៥​ឆ្នាំ​ហើយ នោះ​ខ្ញុំ​ក៏​អាច​និយាយ​បាន​ថា ម្ដង​ហើយ​ម្ដង​ទៀត​ខ្ញុំ​មាន​អំណរ​ដែល​មក​ពី​ការ​ទទួល​ស្គាល់​ថា ខ្ញុំ​បាន​ជ្រើស​រើស​វិថី​ជីវិត​ដ៏​ល្អ​បំផុត ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា​ពេញ​ពេល»។

ព្រះ​គម្ពីរ​ប្រាប់​យើង​យ៉ាង​ច្បាស់​លាស់​ថា៖ «គំរូ​នៃ​លោកីយ​នេះ​តែង​តែ​ផ្លាស់​ទៅ»។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​គម្ពីរ​ដាស់​តឿន​យើង​ទៀត​ថា៖ «[ចូរ​ឲ្យ]ពួក​ដែល​អរ​សប្បាយ [ធ្វើ]ដូច​ជា​មិន​អរ​សប្បាយ ពួក​ដែល​ទិញ ដូច​ជា​គ្មាន​អ្វី​សោះ ហើយ​ពួក​អ្នក​ដែល​ប្រើ​ប្រាស​លោកីយ​នេះ ដូច​ជា​មិន​ប្រើ​ហួស​ខ្នាត​ទេ»។—កូរិនថូស​ទី​១ ៧:២៩​-​៣១

ដូច្នេះ​ហើយ នេះ​គឺ​ជា​ពេល​ដែល​អ្នក​គួរ​ពិចារណា​មើល​ពី​របៀប​រស់​នៅ​របស់​អ្នក។ បើ​អ្នក​មាន​ធន​ធាន​តែ​បន្ដិច​បន្តួច ចូរ​ប្រយ័ត្ន​ចុះ! កុំ​កើត​មាន​ចិត្ត​ច្រណែន តូច​ចិត្ត ឬ​មាន​អារម្មណ៍​ជូរ​ចត់​ឡើយ។ ផ្ទុយ​ទៅ​វិញ មិន​ថា​អ្នក​មាន​វត្ថុ​ទ្រព្យ​ប៉ុណ្ណា​ក៏​ដោយ ចូរ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​របស់​របរ​ទាំង​នោះ កុំ​អនុញ្ញាត​ឲ្យ​វា​ក្លាយ​ជា​ម្ចាស់​លើ​ជីវិត​របស់​អ្នក។ ដូច​សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ថា កុំ«ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្ដិ ដែល​មិន​ទៀង​នោះ​ឡើយ» តែ​ចូរ​សង្ឃឹម​ទៅ​លើ«ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​វិញ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ»។ បើ​អ្នក​ធ្វើ​ដូច្នេះ​មែន អ្នក​ក៏​អាច​មាន​ប្រសាសន៍​ថា អ្នក​បាន​អប់រំ​ខ្លួន​ឲ្យ​ចេះ​ស្កប់​ចិត្ត​ហើយ។—ធីម៉ូថេ​ទី​១ ៦:១៧​-​១៩

[រូប​ភាព​នៅ​ទំព័រ​៣០]

ប៉ុល​បាន​ធ្វើ​ការ​ដោយ​ដៃ​ផ្ទាល់ ដើម្បី​កុំ​ឲ្យ​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​ដទៃ

[រូប​ភាព​នៅ​ទំព័រ​៣១]

មនុស្ស​រាប់​ពាន់​នាក់​មាន​សុភមង្គល​ក្នុង​ការ​រស់​នៅ​ដោយ‹គោរព​ប្រណិប័តន៍​ព្រះ ទាំង​ស្កប់​ចិត្ត›ផង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក