បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wt ជំ. ១១ ទំ. ១០១-១០៩
  • ‹ចូរបន្ដស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិន›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹ចូរបន្ដស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិន›
  • ចូរថ្វាយបង្គំព្រះពិតតែមួយ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​កុំ​ឲ្យ​អ្វី​មក​រួបខ្ទប់​សេចក្ដី​ពិត​អំពី​ព្រះរាជាណាចក្រ​របស់​ព្រះ
  • ពួក​សិស្ស​ពីដើម​ផ្ដល់​នូវ​គំរូ
  • ចូរ​បន្ត​ឲ្យ​ព្រះ​រាជាណាចក្រ​មាន​អាទិភាព​ទីមួយ​ក្នុង​ជីវិត​របស់​អ្នក
  • តើអ្នកទុកចិត្ដនិងពឹងផ្អែកលើព្រះខ្លាំងប៉ុនណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ព្រះរាជាណាចក្ររបស់ព្រះ—តើអ្នកយល់ទេ?
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចូរសម្រេចចិត្តគាំទ្ររាជាណាចក្ររបស់ព្រះនៅពេលឥឡូវនេះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២០
  • ព្រះរាជាណាចក្រនៃព្រះកាន់អំណាចគ្រប់គ្រង
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
មើលបន្ថែមទៀត
ចូរថ្វាយបង្គំព្រះពិតតែមួយ
wt ជំ. ១១ ទំ. ១០១-១០៩

ជំពូក​ទី​ដប់​មួយ

‹ចូរ​បន្ត​ស្វែង​រក​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​មុន​សិន›

១​. (ក) ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ដាស់​តឿន​ពួក​អ្នក​ស្ដាប់​ទ្រង់ ឲ្យ​ស្វែង​រក​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ជា​មុន​សិន? (ខ) តើ​យើង​គួរ​សួរ​សំនួរ​អ្វី?

ជាង​១.៩០០​ឆ្នាំ​កន្លង​ទៅ​ហើយ ក្នុង​សុន្ទរកថា​មួយ​នៅ​ស្រុក​កាលីឡេ នោះ​ព្រះ​យេស៊ូ​បាន​ដាស់​តឿន​ពួក​អ្នក​ស្ដាប់​ទ្រង់​ថា⁠៖ «ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន»។ ប៉ុន្តែ តើ​មាន​មូលហេតុ​អ្វី​ចំពោះ​ភាព​បន្ទាន់​នេះ? បើ​គ្រា​ដែល​ព្រះ​គ្រីស្ទ​នឹង​ទទួល​អំណាច​គ្រប់គ្រង​ក្នុង​ព្រះ​រាជាណាចក្រ គឺ​នៅ​ច្រើន​សតវត្ស​ក្រោយ​មក​ទៀត​នោះ។ មែន​ហើយ ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី នឹង​ត្រូវ​ធ្វើ​ជា​ខ្សែ​រយៈ​ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រើ​ដើម្បី​ធ្វើ​យុត្ដិកម្ម​ដល់​អធិបតេយ្យ​របស់​ទ្រង់ និង​ដើម្បី​សម្រេច​នូវ​គោល​បំណង​ដ៏​ធំ​អស្ចារ្យ​ចំពោះ​ផែនដី​នេះ។ អ្នក​ណា​ម្នាក់​ដែល​ពិត​ជា​យល់​នូវ​សារៈ​សំខាន់​នៃ​រឿង​ទាំង​នេះ នឹង​ឲ្យ​ព្រះ​រាជាណាចក្រ​មាន​អាទិភាព​ក្នុង​ជីវិត​របស់​ខ្លួន។ ប្រសិន​បើ​មាន​ភាព​បន្ទាន់​ដូច្នេះ​ក្នុង​សតវត្ស​ទី​មួយ​មែន សព្វ​ថ្ងៃ​នេះ​គឺ​មាន​ភាព​បន្ទាន់​ជាង​នោះ​ទៅ​ទៀត ដ្បិត​ឥឡូវ​នេះ​ព្រះ​គ្រីស្ទ​បាន​ឡើង​សោយ​រាជ្យ​ហើយ! ដូច្នេះ សំនួរ​ដែល​ត្រូវ​សួរ​ឡើង​គឺ​ថា តើ​ជីវភាព​របស់​ខ្ញុំ​បង្ហាញ​ថា ខ្ញុំ​កំពុង​តែ​ស្វែង​រក​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ទុក​ជា​មុន​ឬ?​—⁠ម៉ាថាយ ៦:⁠៣៣

២​. តើ​មនុស្ស​ទូទៅ​ខំ​ប្រឹង​ស្វះស្វែង​រក​អ្វី?

២ តាម​ការ​ពិត សព្វ​ថ្ងៃ​នេះ​គឺ​មាន​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភពលោក ដែល​កំពុង​តែ​ស្វែង​រក​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ជា​មុន​សិន។ ពួក​គេ​កំពុង​តែ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​គ្រប់គ្រង​នៃ​ព្រះ​រាជាណាចក្រ​នេះ ដោយ​ចាត់​ទុក​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា និង​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ខ្លួន។ ផ្ទុយ​ទៅ​វិញ មនុស្ស​ភាគ​ច្រើន គឺ​ចាប់​អារម្មណ៍​នឹង​ការ​ស្វែង​រក​របស់​ធម្មតា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ពួក​គេ​ខំ​ស្វះស្វែង​រក​ប្រាក់កាស វត្ថុ​ទ្រព្យ ការ​កំសាន្ត និង​អ្វី⁠ៗដែល​លុយ​អាច​ទិញ​បាន។ ឬ​ក៏​ពួក​គេ​ខំ​ប្រឹង​ធ្វើ​ឲ្យ​អាជីព​របស់​ពួក​គេ​ចំរើន​ឡើង។ ជីវភាព​របស់​ពួក​គេ​បង្ហាញ​ថា ពួក​គេ​ខ្វល់​តែ​រឿង​ផ្ទាល់​ខ្លួន ខ្វល់ខ្វាយ​អំពី​ទ្រព្យ​សម្បត្ដិ និង​ការ​កំសាន្ត​តែ​ប៉ុណ្ណោះ។ ពួក​គេ​ចាត់​ទុក​ការ​ស្វែង​រក​ព្រះ​ជា​កិច្ចការ​ដែល​មិន​សំខាន់ ព្រម​ទាំង​មិន​ជឿ​ថា​មាន​ព្រះ​ទៀត​ផង។​—⁠ម៉ាថាយ ៦:​៣១, ៣២

៣​. (ក) តើ​ព្រះ​យេស៊ូ​លើក​ទឹក​ចិត្ត​សិស្ស​របស់​ទ្រង់​ឲ្យ​ស្វែង​រក​ទ្រព្យ​សម្បត្ដិ​បែប​ណា? ហើយ​ហេតុ​អ្វី? (ខ) ហេតុ​អ្វី​ក៏​យើង​មិន​ត្រូវ​ខ្វល់ខ្វាយ​ពី​ទ្រព្យ​សម្បត្ដិ​ហួស​ហេតុ​ពេក?

៣ ប៉ុន្តែ ចំពោះ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​វិញ នោះ​ទ្រង់​ប្រទាន​នូវ​ឱវាទ​នេះ​ថា⁠៖ «កុំ​ឲ្យ​ប្រមូល​ទ្រព្យ​សម្បត្ដិ ទុក​សំរាប់​ខ្លួន នៅ​ផែនដី» ពីព្រោះ​របស់​ទាំង​នេះ​មិន​ដែល​នៅ​បាន​យូរ​ទេ។ ទ្រង់​មាន​បន្ទូល​ថា⁠៖ «ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្ដិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថានសួគ៌​វិញ»​ដោយ​បំរើ​ព្រះ​យេហូវ៉ា។ ព្រះ​យេស៊ូ​បាន​ដាស់​តឿន​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​រក្សា​ភ្នែក​របស់​ពួក​គេ​ឲ្យ​បាន​«ល្អ[«សម្លឹង​ឲ្យ​ចំ», ព.ថ.]» ដោយ​ប្រមូល​អារម្មណ៍​និង​កម្លាំង​ទុក​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​វិញ។ ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា⁠៖ «គ្មាន​អ្នក​ណា​អាច​នឹង​បំរើ​ចៅហ្វាយ​២​នាក់​បាន​ទេ»។ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​សេចក្ដី​ត្រូវ​ការ​ខាង​រាង​កាយ ដូច​ជា​ម្ហូបអាហារ សំលៀកបំពាក់ និង​ទី​ជម្រក? ព្រះ​យេស៊ូ​ឲ្យ​ឱវាទ​ថា⁠៖ «កុំ​ឲ្យ​ខ្វល់ខ្វាយ»​ឡើយ។ ទ្រង់​បាន​អញ្ជើញ​ឲ្យ​ពួក​គេ​គិត​អំពី​សត្វ​ស្លាប​ទាំង​ឡាយ ដែល​ព្រះ​បាន​ចិញ្ចឹម​ពួក​វា​ទាំង​នោះ។ ព្រះ​យេស៊ូ​បាន​លើក​ទឹក​ចិត្ត​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​រៀន​ពី​ផ្កា​ទាំង​ឡាយ ពីព្រោះ​ព្រះ​បាន​តុបតែង​ផ្កា​ទាំង​នោះ។ ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​សតិ​បញ្ញា​នោះ គឺ​មាន​តម្លៃ​ច្រើន​ជាង​របស់​ទាំង​នេះ មែន​ទេ? ព្រះ​យេស៊ូ​មាន​បន្ទូល​ថា⁠៖ «ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់[ដ៏​ចាំបាច់]ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង»។ (ម៉ាថាយ ៦:​១៩​-​៣៤) តើ​សកម្មភាព​របស់​អ្នក​បង្ហាញ​ថា អ្នក​ជឿ​លើ​បន្ទូល​របស់​ទ្រង់​ទេ?

ចូរ​កុំ​ឲ្យ​អ្វី​មក​រួបខ្ទប់​សេចក្ដី​ពិត​អំពី​ព្រះរាជាណាចក្រ​របស់​ព្រះ

៤​. តើ​អាច​មាន​លទ្ធផល​យ៉ាង​ណា បើ​បុគ្គល​ម្នាក់​ចាត់​ទុក​ទ្រព្យ​សម្បត្ដិ​ជា​អ្វី​ដ៏​សំខាន់​នោះ?

៤ គឺ​ជា​ការ​ត្រឹម​ត្រូវ​ដែល​ខ្វល់ខ្វាយ​អំពី​ការ​រក​ឲ្យ​បាន​ល្មម​គ្រប់គ្រាន់ ដើម្បី​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​ខាង​រាង​កាយ​របស់​ខ្លួន​និង​ក្រុម​គ្រួសារ។ ប៉ុន្តែ ប្រសិន​បើ​បុគ្គល​ម្នាក់​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​ចំពោះ​វត្ថុ​ទ្រព្យ នោះ​នឹង​មាន​លទ្ធផល​ដ៏​ហិន​ហោច​ជា​ពុំ​ខាន។ ទោះ​ជា​បុគ្គល​ម្នាក់​អះអាង​ថា គាត់​ជឿ​លើ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ហើយ​ក្ដី តែ​បើ​ក្នុង​ចិត្ត​គាត់​ស្វែង​រក​អ្វី​ទៀត​មុន​ព្រះ​រាជាណាចក្រ​របស់​ព្រះ នេះ​នឹង​រួបខ្ទប់​សេចក្ដី​ពិត​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មិនខាន។ (ម៉ាថាយ ១៣:​១៨​-​២២) ជា​ឧទាហរណ៍ នៅ​គ្រា​មួយ​នាម៉ឺន​វ័យ​ក្មេង​ម្នាក់​ជា​អ្នក​មាន​បាន​ទូល​សួរ​ព្រះ​យេស៊ូ​ថា⁠៖ «តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូចម្ដេច ប្រយោជន៍​ឲ្យ​បាន​គ្រង​ជីវិត​រស់​អស់កល្ប​ជានិច្ច?»។ ជីវិត​គាត់​បាន​ដើរ​តាម​គន្លង​សីលធម៌​ជានិច្ច និង​គាត់​តែង​ប្រព្រឹត្ត​ល្អ​ដល់​អ្នក​ដទៃ តែ​គាត់​ស្រឡាញ់​ទ្រព្យ​សម្បត្ដិ​ហួស​ហេតុ​ពេក។ គាត់​មិន​អាច​បោះបង់​ចោល​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន ដើម្បី​ឲ្យ​អាច​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​របស់​ព្រះ​គ្រីស្ទ​ឡើយ។ ដូច្នេះ​ហើយ គាត់​មិន​បាន​ឆ្លៀត​យក​ឱកាស​ដែល​គាត់​មាន ដើម្បី​នៅ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថានសួគ៌​នោះ​ទេ។ ព្រះ​យេស៊ូ​មាន​បន្ទូល​នៅ​ពេល​នោះ​ថា⁠៖ «ដែល​មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​នោះ​ពិបាក​ណាស់!»។​—⁠ម៉ាកុស ១០:​១៧​-​២៣

៥​. (ក) តើ​ប៉ុល​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ​ស្កប់​ចិត្ត​នឹង​អ្វី? ហើយ​ហេតុ​អ្វី? (ខ) តើ​តាម​របៀប​ណា​ដែល​សាតាំង​ប្រើ​«ការ​ដែល​ស្រឡាញ់​ប្រាក់» ជា​អន្ទាក់​ដែល​នាំ​ទៅ​ដល់​ក្ដី​អន្តរាយ?

៥ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក សាវ័ក​ប៉ុល​បាន​សរសេរ​ទៅ​កាន់​ធីម៉ូថេ ដែល​នៅ​ពេល​នោះ​ធីម៉ូថេ​រស់​នៅ​ក្នុង​ក្រុង​អេភេសូរ ជា​ទី​ក្រុង​ពាណិជ្ជកម្ម​ដ៏​រីក​ចំរើន។ ប៉ុល​បាន​រំឭក​ធីម៉ូថេ​ថា⁠៖ «ដ្បិត​យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោកីយ​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ តែ​បើ​មាន​អាហារ​ទទួល​ទាន នឹង​សំលៀកបំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ»។ ការ​ប្រកប​មុខ​របរ​ដើម្បី​ឲ្យ​មាន​«អាហារ​ទទួល​ទាន នឹង​សំលៀកបំពាក់»​សំរាប់​ខ្លួន​និង​ក្រុម​គ្រួសារ​របស់​យើង គឺ​សម​ត្រឹម​ត្រូវ។ ប៉ុន្តែ ប៉ុល​បាន​ព្រមាន​ថា⁠៖ «ឯ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង​នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន​ដែល​ផ្ដេសផ្ដាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិនវិនាស នឹង​សេចក្ដី​អន្តរធាន​វិញ»។ សាតាំង​វា​មាន​កលល្បិច​ពិស​ពុល​ណាស់។ ជា​ដំបូង វា​អាច​ល្បួង​មនុស្ស​ម្នាក់​តាម​វិធី​មួយ​ដ៏​ស្រួល។ ក្រោយ​មក វា​ធ្វើ​ឲ្យ​មាន​ការ​បង្ខិត​បង្ខំ​ខ្លាំង​ជាង ប្រហែល​ជា​វា​ធ្វើ​ឲ្យ​យើង​មាន​ឱកាស​ឡើង​ឋានៈ ឬ​មាន​ការងារ​ដែល​បាន​ប្រាក់​ខែ​ច្រើន​ជាង​មុន ដែល​ការងារ​នោះ​ទាមទារ​យក​ពេល​វេលា​របស់​យើង​ដែល​ទុក​សំរាប់​រឿង​ខាង​វិញ្ញាណ។ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ទេ នោះ «ការ​ដែល​ស្រឡាញ់​ប្រាក់» អាច​ជា​ការ​រារាំង​ដល់​ភារ​កិច្ច​ដ៏​សំខាន់⁠ៗ​ខាង​ព្រះ​រាជាណាចក្រ។ ប៉ុល​បានមាន​ប្រសាសន៍​ដូច​នេះ​ថា⁠៖ «អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួងលោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្ដី​ជំនឿ ទាំង​ចាក់​ទំលុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន»។​—⁠ធីម៉ូថេទី១ ៦:​៧​-​១០

៦​. (ក) តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី ដើម្បី​ជៀសវាង​ពី​ឥទ្ធិពល​ទាក់ទាញ​ឲ្យ​ស្វែង​រក​ទ្រព្យ​សម្បត្ដិ? (ខ)⁠ ⁠ទោះ​ជា​មាន​ស្ថានការណ៍​សេដ្ឋកិច្ច​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ​យ៉ាង​ណា​ក៏​ដោយ តើ​យើង​អាច​មាន​ទំនុក​ចិត្ត​យ៉ាង​ណា?

៦ ប៉ុល​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​ធីម៉ូថេ ហើយ​គាត់​ក៏​បាន​ដាស់​តឿន​ធីម៉ូថេ​ដែរ​ថា⁠៖ «ចូរ​ឲ្យ​អ្នក​រត់​ចៀស​ចេញ​ពី​សេចក្ដី​ទាំង​នោះ» និង​«ត្រូវ​ពុះពារ​តយុទ្ធ សំរាប់​ជំនឿ​អោយ​បាន​ល្អ​ប្រសើរ»។ (ធីម៉ូថេទី១ ៦:​១១, ១២, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) យើង​ត្រូវ​ខំ​ប្រឹង​ជា​ចាំបាច់ បើ​យើង​ចង់​ជៀសវាង​ពី​ការ​ធ្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​ជីវិត​ដែល​មាន​បែប​បទ​រស់​នៅ​ដូច​លោកីយ៍​នេះ ដែល​គិត​តែ​ពី​ទ្រព្យ​សម្បត្ដិ​ប៉ុណ្ណោះ។ ព្រះ​យេហូវ៉ា​នឹង​មិន​បោះបង់​យើង​ចោល​ទេ បើ​យើង​ខំ​ប្រឹង​ធ្វើ​តាម​ជំនឿ​របស់​យើង​នោះ។ ទោះ​ជា​ទំនិញ​កាន់​តែ​ថ្លៃ​ឡើង⁠ៗ និង​មនុស្ស​ជា​ច្រើន​គ្មាន​ការងារ​ធ្វើ​ក៏​ដោយ តែ​ព្រះ​យេហូវ៉ា​នឹង​ធានា​រ៉ាប់​រង​យើង​ថា យើង​នឹង​មាន​អ្វី​ដែល​យើង​ត្រូវ​ការ។ ប៉ុល​បាន​សរសេរ​ថា⁠៖ «ចូរ​ឲ្យ​កិរិយា​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត បាន​ឥត​លោភ​ឡើយ ឲ្យ​ស្កប់​ចិត្ត​នឹង​របស់​ដែល​មាន​ហើយ​ប៉ុណ្ណោះ​ចុះ!។ ដ្បិត​ទ្រង់​មាន​បន្ទូល​ថា​‹អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះបង់​ចោល​ឯង​ឡើយ›។ បាន​ជា​យើង​រាល់​គ្នា​អាច​នឹង​និយាយ ដោយ​ក្លាហាន​ថា​‹ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​ជា​ជំនួយ​ខ្ញុំ តើ​មនុស្ស​នឹង​ធ្វើ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​បាន?›»។ (ហេព្រើរ ១៣:​៥, ៦) ស្តេច​ដាវីឌ​ក៏​បាន​សរសេរ​ថា⁠៖ «យើង​ពីដើម​នៅ​ក្មេង ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវ​លះបង់​ចោល ឬ​ពូជ​ពង្ស​គេ​សូម​ទាន​អាហារ​ឡើយ»។​—⁠ទំនុកដំកើង ៣៧:⁠២៥

ពួក​សិស្ស​ពីដើម​ផ្ដល់​នូវ​គំរូ

៧​. តើ​ព្រះ​យេស៊ូ​បាន​ប្រទាន​សេចក្ដី​ណែនាំ​អ្វី​ដល់​ពួក​សិស្ស ស្តី​អំពី​ការ​ផ្សព្វផ្សាយ? ហេតុ​អ្វី​ក៏​សេចក្ដី​ណែនាំ​ទាំង​នេះ​គឺ​សម​ត្រឹម​ត្រូវ?

៧ ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​អប់រំ​ពួក​សាវ័ក​រួច​មក ទ្រង់​ក៏​បញ្ជូន​ពួក​គាត់​ឲ្យ​ទៅ​ផ្សព្វផ្សាយ​នៅ​កន្លែង​ផ្សេង⁠ៗក្នុង​ប្រទេស​អ៊ីស្រាអែល ទាំង​ឲ្យ​ពួក​គាត់​ប្រកាស​ថា⁠៖ «នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ!»។ នេះ​ជា​សារ​ដែល​ធ្វើ​ឲ្យ​រំភើប​ចិត្ត​មែន! សម្ដេច​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ព្រះមេស្ស៊ី បាន​គង់​នៅ​ក្នុង​ចំណោម​ពួក​សាវ័ក។ ព្រះ​យេស៊ូ​បានដាស់​តឿន​ពួក​សាវ័ក​ឲ្យ​មាន​ទំនុក​ចិត្ត​លើ​ព្រះ ថា​ទ្រង់​នឹង​មើល​ថែរក្សា​ពួកគាត់ ពីព្រោះ​ពួក​គាត់​ថ្វាយ​ខ្លួន​បំរើ​ព្រះ។ ដូច្នេះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា⁠៖ «កុំ​ឲ្យ​យក​អ្វី​សំរាប់​តាម​ផ្លូវ​ឡើយ ទោះ​ជា​ដំបង យាម នំប៉័ង ឬ​ប្រាក់​ក្ដី ក៏​កុំ​ឲ្យ​មាន​អាវ​២​ដែរ បើ​អ្នករាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណាចូរ​ស្នាក់​នៅ​ផ្ទះ​នោះហើយ​ចេញ​ចូល​ធ្វើ​ការ​ចុះ!»។ (ម៉ាថាយ ១០:​៥​-​១០; លូកា ៩:​១​-​៦) ព្រះ​យេហូវ៉ា​បាន​ធានា​រ៉ាប់​រង​ថា ជនជាតិ​អ៊ីស្រាអែល​គ្នីគ្នា​នឹង​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គាត់ ដែល​មាន​តាម​ទំនៀម​ទម្លាប់ ដោយ​ជនជាតិ​អ៊ីស្រាអែល​មាន​ទំលាប់​ទទួល​ស្វាគមន៍​មនុស្ស​ចម្លែក​យ៉ាង​រាក់ទាក់។

៨​. (ក) ពី​មុន​នឹង​ព្រះ​យេស៊ូ​សោយទិវង្គត ហេតុ​អ្វី​បាន​ជា​ទ្រង់​ប្រទាន​នូវ​សេចក្ដី​ណែនាំ​ថ្មី​អំពី​ការ​ផ្សព្វផ្សាយ? (ខ) តើ​អ្វី​ដែល​ត្រូវ​ជា​កិច្ចការ​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ?

៨ ក្រោយ​មក មុន​ព្រះ​យេស៊ូ​សោយទិវង្គត ទ្រង់​បាន​ប្រាប់​ពួក​សាវ័ក​ថា​នៅ​អនាគត​ពួក​គាត់​នឹង​ធ្វើ​កិច្ចការ​នេះ​ក្រោម​កាលៈទេសៈ​ដែល​ផ្លាស់ប្ដូរ។ ដោយសារ​មាន​ការ​ប្រឆាំង​ជា​ផ្លូវការ​ចំពោះ​កិច្ចការ​ផ្សព្វផ្សាយ​របស់​ពួក​គាត់ នោះ​មនុស្សនឹង​ពុំសូវ​ទទួល​រាក់ទាក់​ពួក​គាត់​ក្នុង​ប្រទេស​អ៊ីស្រាអែល​ឡើយ។ មិន​យូរ​ប៉ុន្មាន​ទៀត ពួក​គាត់​ក៏​នឹង​នាំ​សារ​ព្រះ​រាជាណាចក្រ​ទៅ​សាសន៍​ដទៃ​ដែរ។ ឥឡូវ​នេះ ពួក​គាត់​ត្រូវ​យក​«កាបូប» និង​‹ថង់​យាម›​ទៅ​ជា​មួយ​ខ្លួន។ ប៉ុន្តែ​ពួក​គាត់​ត្រូវ​បន្ត​ស្វែង​រក​ព្រះ​រាជាណាចក្រ និង​សេចក្ដី​សុចរិត​របស់​ព្រះ​យេហូវ៉ា​ទុក​ជា​មុន​សិន​ដែរ ទាំង​ទុក​ចិត្ត​ថា​ព្រះ​នឹង​ប្រទាន​ពរ​ដល់​ពួក​គាត់​ក្នុង​ការ​ចិញ្ចឹម​ជីវិត​របស់​ខ្លួន។​—⁠លូកា ២២:​៣៥​-​៣៧

៩​. តើ​តាម​របៀប​ណា​ដែល​ប៉ុល​ស្វែង​រក​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ជា​មុន​សិន​ក្នុង​ជីវិត​របស់​គាត់? និង​តើ​គាត់​ទំនុកបំរុង​ខ្លួន​ឯង​ដោយ​ដូច​ម្ដេច? ហើយ​តើ​គាត់​ឲ្យ​ឱវាទ​អ្វី​ស្តី​អំពី​រឿង​នេះ?

៩ សាវ័ក​ប៉ុល​បាន​ទុក​គំរូ​ដ៏​ល្អ​ជា​បុគ្គល​ដែល​បាន​អនុវត្ត​តាម​ឱវាទ​របស់​ព្រះ​យេស៊ូ។ ប៉ុល​បាន​ចាត់​ទុក​កិច្ច​បំរើ​ផ្សាយ​ជា​អ្វី​ដ៏​សំខាន់​ជាង​គេ​ក្នុង​ជីវិត​របស់​គាត់។ (កិច្ចការ ២០:​២៤, ២៥) ពេល​ប៉ុល​ទៅ​ផ្សព្វផ្សាយ​នៅ​កន្លែង​ណា​មួយ គាត់​បាន​ទំនុកបំរុង​ខ្លួន​ឯង ដោយ​ប្រកប​មុខ​របរ​ធ្វើ​ជាជាង​ដេរ​តង់។ គាត់​មិន​តម្រូវ​ឲ្យ​អ្នក​ដទៃ​ទំនុកបំរុង​គាត់​នោះ​ទេ។ (កិច្ចការ ១៨:​១​-​៤; ថែស្សាឡូនីចទី១ ២:⁠៩) ប៉ុន្តែ ពេល​អ្នក​ដទៃ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ទទួល​ស្វាគមន៍​និង​ផ្ដល់​អំណោយ​ជូន​គាត់ នោះ​គាត់​បាន​ទទួល​ដោយ​ចិត្ត​កតញ្ញូ។ (កិច្ចការ ១៦:​១៥, ៣៤; ភីលីព ៤:​១៥-១៧) ប៉ុល​បាន​លើក​ទឹក​ចិត្ត​បណ្ដា​គ្រីស្ទាន​ថា ពួក​គ្រីស្ទាន​ពុំ​ត្រូវ​បំភ្លេច​នូវ​កាតព្វកិច្ច​ចិញ្ចឹម​ក្រុម​គ្រួសារ​របស់​ខ្លួន ដើម្បី​ផ្សព្វផ្សាយ​នោះ​ទេ តែ​ក៏​ត្រូវ​មាន​តុល្យភាព​រវាង​ភារកិច្ច​ផ្សេង⁠ៗរបស់​ខ្លួន​ដែរ។ គាត់​បាន​ទូន្មាន​ឲ្យ​ពួក​គ្រីស្ទាន​រក​ការងារ​ធ្វើ ឲ្យ​ស្រឡាញ់​ក្រុម​គ្រួសារ និង​ឲ្យ​ចែក​ដល់​អ្នក​ណា​ដែល​ត្រូវ​ការ​ផង។ (អេភេសូរ ៤:⁠២៨; ថែស្សាឡូនីចទី២ ៣:​៧​-​១២) ប៉ុល​បាន​ដាស់​តឿន​ពួក​គ្រីស្ទាន​ឲ្យ​មាន​ទំនុក​ចិត្ត​លើ​ព្រះ ជាជាង​លើ​ទ្រព្យ​សម្បត្ដិ ហើយ​ឲ្យ​ប្រើ​ជីវិត​របស់​ខ្លួន​តាម​របៀប​ដែល​បង្ហាញ​ថា ពួក​គេ​ពិត​ជា​យល់​នូវ​អ្វី​ដ៏​សំខាន់​ជាង​ក្នុង​ជីវិត។ នេះ​មាន​ន័យ​ថា ពួក​គេ​ត្រូវ​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​ដែល​ថា ត្រូវ​ស្វែង​រក​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​មុន​អ្វី⁠ៗទាំង​អស់។​—⁠ភីលីព ១:​៩​-​១១

ចូរ​បន្ត​ឲ្យ​ព្រះ​រាជាណាចក្រ​មាន​អាទិភាព​ទីមួយ​ក្នុង​ជីវិត​របស់​អ្នក

១០​. តើ​ការ​ស្វែង​រក​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ជា​មុន​សិន​មាន​ន័យ​យ៉ាង​ណា?

១០ តើ​យើង​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ដទៃ​ដល់​កំរិត​ណា? នោះ​ច្រើន​តែ​ស្រេច​ទៅ​លើ​កាលៈទេសៈ និង​ជំរៅ​នៃ​ការ​ដឹង​គុណ​របស់​យើង។ ចូរ​ចាំ​ថា ព្រះ​យេស៊ូ​មិន​បាន​មាន​បន្ទូល​ថា ‹ចូរ​ស្វែង​រក​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ពេល​អ្នក​ឥត​មាន​អ្វី​ធ្វើ›​នោះ​ទេ។ ព្រះ​យេស៊ូ​យល់​នូវ​សារៈ​សំខាន់​នៃ​ព្រះ​រាជាណាចក្រ​នេះ ដោយ​ទ្រង់​បាន​សម្ដែង​នូវ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា ដោយ​មាន​បន្ទូល​ថា⁠៖ «ចូរ​ខំ​បន្ត​ស្វែង​រក​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​ដោយ​ឥត​ឈប់ឈរ​ចុះ!»។ (លូកា ១២:​៣១, ព.ថ.) ទោះ​ជា​យើង​សឹង​តែ​គ្រប់​គ្នា​ត្រូវ​ប្រកប​មុខ​របរ​ដើម្បី​ចិញ្ចឹម​ខ្លួន​និង​ក្រុម​គ្រួសារ​របស់​យើង​ក៏​ដោយ តែ​បើ​យើង​មាន​ជំនឿ នោះ​យើង​ចាត់​ទុក​កិច្ចការ​ខាង​ព្រះ​រាជាណាចក្រ ដែល​ព្រះ​បាន​ប្រទាន​មក​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ នៅ​ពេល​ដំណាល​គ្នា​នេះ យើង​ក៏​នៅ​មាន​ភារកិច្ច​មើល​ថែរក្សា​ក្រុម​គ្រួសារ​របស់​យើង​ដែរ។​—⁠ធីម៉ូថេទី១ ៥:៨

១១​. (ក) តើ​ព្រះ​យេស៊ូ​បាន​ពន្យល់​យ៉ាង​ណា​ថា មិន​មែន​មនុស្ស​ទាំង​អស់​គ្នា​អាច​ចំណាយ​ពេល​ដូច​គ្នា ក្នុង​ការ​ផ្សព្វផ្សាយ​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន​នោះ​ទេ? (ខ) តើ​មាន​កត្ដា​ណា​ខ្លះ​ដែល​មាន​អានុភាព​លើ​ចំនួន​ម៉ោង​ដែល​យើង​អាច​ផ្សព្វផ្សាយ​នោះ?

១១ មនុស្ស​ខ្លះ​អាច​ចំណាយ​ពេល​ច្រើន​ជាង​អ្នក​ដទៃ ក្នុង​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ ប៉ុន្តែ ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​ដី​បែប​ផ្សេង⁠ៗ នោះ​ទ្រង់​បាន​បង្ហាញ​ថា ចិត្ត​របស់​អស់​អ្នក​ដែល​ប្រៀប​ដូច​ជា​ដី​ល្អ នឹង​បង្កើត​ផល​បាន។ តើ​ពួក​គេ​នឹង​បង្កើត​ផល​ដល់​កំរិត​ណា? កាលៈទេសៈ​របស់​បុគ្គល​ម្នាក់⁠ៗគឺ​មាន​ផ្សេង⁠ៗគ្នា។ កត្ដា​ខ្លះ⁠ៗគឺ​ជា​អាយុ សុខភាព និង​ភារកិច្ច​ក្នុង​ក្រុម​គ្រួសារ។ ប៉ុន្តែ នៅ​ពេល​បុគ្គល​ម្នាក់​ពិត​ជា​ស្រឡាញ់​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ នេះ​ក៏​អាច​សម្រេច​បាន​ផល​ច្រើន​ដែរ។​—⁠ម៉ាថាយ ១៣:⁠២៣

១២​. តើ​មាន​គោល​ដៅ​ដ៏​ត្រឹម​ត្រូវ​ខាង​វិញ្ញាណ​អ្វី ដែល​ត្រូវ​លើក​ទឹក​ចិត្ត​ពួក​យុវ​វ័យ​ឲ្យ​គិត​នោះ?

១២ យក​ល្អ​យើង​ត្រូវ​មាន​គោល​ដៅ​ចូល​រួម​ឲ្យ​បាន​ច្រើន​ជាង​ក្នុង​កិច្ច​បំរើ​ផ្សាយ​ព្រះរាជាណាចក្រ។ ពួក​យុវ​វ័យ​គួរ​តែ​គិត​ឲ្យ​បាន​ដិត​ដល់​អំពី​គំរូ​ដ៏​ប្រសើរ​របស់​ធីម៉ូថេ​ដែល​ជា​យុវ​វ័យ​គ្រីស្ទាន​ម្នាក់ ដែល​មាន​ចិត្ត​ដ៏​ខ្នះខ្នែង​ក្នុង​កិច្ច​បំរើ​ព្រះ។ (ភីលីព ២:⁠១៩​-​២២) ពេល​ពួក​គេ​រៀន​ចប់​ការ​សិក្សា​ពី​វិទ្យាល័យ នោះ​គឺ​ជា​ការ​ប្រសើរ​មែន បើ​ពួក​គេ​ចាប់​ផ្ដើម​កិច្ច​បំរើ​ពេញ​ពេល។ ពួក​អ្នក​ចាស់​ទុំ​ក៏​ទទួល​ប្រយោជន៍​ដែរ ដោយ​មាន​គោល​ដៅ​ដ៏​ល្អ​ខាង​វិញ្ញាណ។

១៣​. (ក) តើ​អ្នក​ណា​ជា​អ្នក​សម្រេច​នូវ​កំរិត​នៃ​អ្វី​ដែល​យើង​អាច​ធ្វើ​ក្នុង​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ? (ខ) ប្រសិន​បើ​យើង​ពិត​ជា​ស្វែង​រក​ព្រះ​រាជាណាចក្រ​ជា​មុន​សិន តើ​យើង​ស​ឲ្យ​ឃើញ​អ្វី?

១៣ ជាជាង​រិះគន់​អស់​អ្នក​ដែល​យើង​គិត​ថា អាច​ចំណាយ​ពេល​ច្រើន​ជាង​នោះ យើង​ត្រូវ​ជំរុញ​ដោយ​ជំនឿ ដើម្បី​ខំ​ប្រឹង​ឲ្យ​មាន​ការ​រីក​ចំរើន​ផ្ទាល់​ខ្លួន ដើម្បី​ឲ្យ​យើង​អាច​បំរើ​ព្រះ​ដល់​កំរិត​ដ៏​ពេញលេញ តាម​កាលៈទេសៈ​របស់​យើង​ផ្ទាល់។ (រ៉ូម ១៤:​១០​-​១២; កាឡាទី ៦:​៤, ៥) ដូច​បាន​បង្ហាញ​នៅ​ក្នុង​ករណី​របស់​យ៉ូប សាតាំង​អះអាង​ថា កង្វល់​ដ៏​ចំ​បង​របស់​យើង គឺ​មាន​តែ​ទ្រព្យ​សម្បត្ដិ ភាព​ស្រណុក​សុខ​ស្រួល និង​សុខុមាលភាព​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ហើយ​វា​ថា​បំណង​ចិត្ត​របស់​មនុស្ស​បំរើ​ព្រះ គឺ​ប្រកប​ដោយ​អត្តទត្ថភាព។ ប៉ុន្តែ ប្រសិន​បើ​យើង​ឲ្យ​ព្រះ​រាជាណាចក្រ​មាន​អាទិភាព​ទីមួយ នោះ​យើង​ក៏​មាន​ចំណែក​ផង​ដែរ​ក្នុង​ការ​បង្ហាញ​ថា អារក្ស​គឺ​ជា​អ្នក​ភូតភរ​ដ៏​អាក្រក់​យ៉ាង​ពិត​ប្រាកដ។ យើង​កំពុង​តែ​ផ្ដល់​ភស្តុតាង​ថា អ្វី​ដែល​មាន​អាទិ​ភាព​ក្នុង​ជីវិត​របស់​យើង គឺ​ជា​ការ​បំរើ​ព្រះ។ តាម​រយៈ​ពាក្យ​សំដី​និង​ទង្វើ​របស់​យើង នោះ​យើង​ក៏​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា និង​ចំពោះ​ការ​គាំទ្រ​យ៉ាង​ស្មោះ​នូវ​អធិបតេយ្យ​របស់​ទ្រង់ ថែម​ទាំង​ចំពោះ​មនុស្ស​គ្នីគ្នា​ផង​ដែរ។​—⁠យ៉ូប ១:​៩​-​១១; ២:​៤, ៥; សុភាសិត ២៧:⁠១១

១៤​. (ក) ហេតុ​អ្វី​ក៏​ការ​មាន​កាល​វិភាគ​សំរាប់​កិច្ច​បំរើ​ផ្សាយ​គឺ​មាន​ប្រយោជន៍​នោះ? (ខ) តើ​ស្មរ​បន្ទាល់​ជា​ច្រើន​កំពុង​តែ​ចូល​រួម​ក្នុង​កិច្ច​បំរើ​ផ្សាយ​ដល់​កំរិត​ណា?

១៤ ការ​មាន​កាល​វិភាគ អាច​ជួយ​យើង​ឲ្យ​សម្រេច​បាន​ច្រើន​ជាង។ ព្រះ​យេហូវ៉ា​«កំណត់​ពេល​វេលា»​ចំពោះ​ការ​សម្រេច​គោល​បំណង​របស់​ទ្រង់​ដែរ។ (និក្ខមនំ ៩:៥, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ; ម៉ាកុស ១:⁠១៥) បើ​អាច​ធ្វើ​ទៅ​បាន គឺ​ល្អ​ដែល​យើង​អាច​ចូល​រួម​កិច្ច​បំរើ​ផ្សាយ តាម​ពេល​កំណត់​មួយ​ឬ​ច្រើន​ជាងរៀងរាល់​សប្ដាហ៍។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​រាប់​សែន​នាក់​ទូទាំង​ពិភពលោក បាន​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ ដែល​ចំណាយ​ពេល​ប្រមាណ​ពីរ​ម៉ោង​ក្នុង​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​រៀង​រាល់​ថ្ងៃ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​រាប់​ពាន់​នាក់​ទៀត​ក៏​បំរើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល ដែល​ចំណាយ​ពេល​ប្រហែល​ពីរ​ម៉ោង​កន្លះ ក្នុង​ការ​ផ្សព្វផ្សាយ​សារ​ព្រះ​រាជាណាចក្រ​ជា​រៀង​រាល់​ថ្ងៃ។ អ្នក​ត្រួសត្រាយ​ពិសេស​និង​ពួក​សាសនទូត​ក៏​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​បំរើ​ព្រះ​ផងដែរ។ យើង​ក៏​អាច​រក​ឱកាស​ក្រៅ​ផ្លូវការ​ដើម្បី​ប្រាប់​សេចក្ដី​សង្ឃឹម​ខាង​ព្រះ​រាជាណាចក្រ ដល់​អ្នក​ណា​ដែល​ចង់​ស្ដាប់​បាន​ដែរ។ (យ៉ូហាន ៤:⁠៧​-​១៥) យើង​គួរ​មាន​បំណង​ចូល​រួម​ឲ្យ​បាន​ពេញលេញ​ក្នុង​កិច្ច​បំរើ​ផ្សាយ​នេះ ដែល​យើង​អាច​ធ្វើ​ទៅ​បាន ដ្បិត​ព្រះ​យេស៊ូ​បាន​ទាយ​ថា⁠៖ «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។​—⁠ម៉ាថាយ ២៤:⁠១៤; អេភេសូរ ៥:​១៥​-​១៧

១៥​. ស្តី​អំពី​កិច្ច​បំរើ​របស់​យើង ហេតុ​អ្វី​បាន​ជា​ឱវាទ​ក្នុង​កូរិនថូសទី១ ១៥:⁠៥៨ គឺ​ត្រូវ​ពេល​ម្ល៉េះ?

១៥ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​តែ​ចូល​រួម​ក្នុង​កិច្ច​បំរើ​នេះ ដោយ​សាមគ្គីភាព​ទូទាំង​ពិភពលោក មិន​ថា​ពួក​គេ​រស់​នៅ​ប្រទេស​ណា​ក៏​ដោយ។ ពួក​គេ​ធ្វើ​តាម​ឱវាទ​នេះ​ក្នុង​ព្រះ​គម្ពីរ​ដែល​ថា⁠៖ «ចូរ​កាន់​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ឥត​រង្គើ ទាំង​ធ្វើ​ការ​ព្រះ​អម្ចាស់ ឲ្យ​បរិបូរ​ជា​ដរាប​ចុះ! ដោយ​ដឹង​ថា ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ​អម្ចាស់ នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ»។​—⁠កូរិនថូសទី១ ១៥:⁠៥៨

ការ​ពិគ្រោះ​សា​ឡើង​វិញ

• ពេល​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​ឲ្យ​បន្ត​«ស្វែង​រក​នគរ . . . នៃ​ព្រះ​ជា​មុន​សិន» តើ​ទ្រង់​បាន​ចង្អុល​ប្រាប់​អ្វី​ថា​ពុំ​សូវ​សំខាន់​នោះ?

• តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ទំនុកបំរុង​ខ្លួន​យើង​និង​ក្រុម​គ្រួសារ​របស់​យើង? តើ​ព្រះ​នឹង​ប្រទាន​ជំនួយ​អ្វី​ដល់​យើង?

• តើ​យើង​អាច​ចូល​រួម​កិច្ច​បំរើ​បែប​ណា​ខ្លះ​ខាង​ព្រះ​រាជាណាចក្រ?

[រូបភាព​នៅ​ទំព័រ​១០៧]

នៅ​គ្រប់​ប្រទេស ស្មរបន្ទាល់​ព្រះយេហូវ៉ា​សព្វ​ថ្ងៃ​នេះ​កំពុង​តែ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​មុន​នឹង​ទីបញ្ចប់​មក​ដល់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក