បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៥ ទំ. ១២-១៧
  • ព្រះរាជាណាចក្ររបស់ព្រះ—តើអ្នកយល់ទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះរាជាណាចក្ររបស់ព្រះ—តើអ្នកយល់ទេ?
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​«យល់»​អំពី​ព្រះ​រាជាណាចក្រ
  • ភារៈ​កិច្ច​ដែល​បាន​មក​ពី​ការ​យល់
  • ការ​ពិនិត្យ​មើល​ខ្លួន​យើង​ចំពោះ​ព្រះ​រាជាណាចក្រ
  • «ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ទេ»
  • តើលោកយេស៊ូបង្រៀនអ្វីខ្លះអំពីរាជាណាចក្ររបស់ព្រះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២០
  • ព្រះរាជាណាចក្រនៃព្រះកាន់អំណាចគ្រប់គ្រង
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ឧទាហរណ៍អំពីរាជាណាចក្រ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៥ ទំ. ១២-១៧

ព្រះ​រាជាណាចក្រ​របស់​ព្រះ—តើ​អ្នក​យល់​ទេ?

«តែ​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ​វិញ នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ​បន្ទូល ហើយ​យល់»។—ម៉ាថាយ ១៣:២៣

១. តើ​មាន​ជំនឿ​ទូទៅ​អ្វី​ខ្លះ​អំពី‹ព្រះ​រាជាណាចក្រ​នៃ​ស្ថានសួគ៌›?

តើ​អ្នក‹យល់​ថា​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី​ទេ›? ជា​ច្រើន​សតវត្ស​កន្លង​មក​នេះ មតិ​អំពី‹ព្រះ​រាជាណាចក្រ​នៃ​ស្ថានសួគ៌›មាន​ខុសៗ​គ្នា។ សព្វ​ថ្ងៃ​នេះ ជំនឿ​ទូទៅ​ក្នុង​ចំណោម​ពួក​សមាជិក​នៃ​ពួក​និកាយ​គ្រីស្ទ​សាសនា គឺ​ថា​ព្រះ​រាជាណាចក្រ​ជា​អ្វី​មួយ​ដែល​ព្រះ​បាន​ដាក់​ក្នុង​ចិត្ត​របស់​មនុស្ស ដែល​បាន​ចូល​សាសនា​នោះ​ហើយ។ អ្នក​ដទៃ​ទៀត​គិត​ថា នេះ​ជា​កន្លែង​ដែល​មនុស្ស​ល្អ​ទទួល​ការ​សប្បាយ​ជា​អនន្ត ក្រោយ​ពី​ស្លាប់។ ប៉ុន្តែ​មាន​អ្នក​ដទៃ​ទៀត​អះអាង​ថា ព្រះ​បាន​ទុក​ឲ្យ​មនុស្ស​ស្ថាបនា​រាជាណាចក្រ​លើ​ផែនដី​នេះ តាម​រយៈ​វិធានការ​របស់​គេ ក្នុង​ការ​បណ្ដុះ​សេចក្ដី​បង្រៀន​និង​ទម្លាប់​គ្រីស្ទាន​ក្នុង​កិច្ចការ​នៃ​សង្គម​និង​រដ្ឋាភិបាល។

២. តើ​ព្រះ​គម្ពីរ​ពន្យល់​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​យ៉ាង​ដូច​ម្ដេច ហើយ​តើ​នេះ​នឹង​សម្រេច​បាន​អ្វី​ខ្លះ?

២ ប៉ុន្តែ ព្រះ​គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​រាជាណាចក្រ​របស់​ព្រះ​គឺ​មិន​មែន​ជា​អង្គការ​លើ​ផែនដី​នេះ​ទេ។ ហើយ​ក៏​មិន​មែន​ជា​ស្ថានភាព​នៃ​ចិត្ត ឬ​ក៏​ការ​ធ្វើ​ឲ្យ​សង្គម​មនុស្ស​ទៅ​ជា​គ្រីស្ទាន​នោះ​ឡើយ។ ពិត​ណាស់ ការ​យល់​ត្រឹម​ត្រូវ​អំពី​ព្រះ​រាជាណាចក្រ​នេះ នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​ក្នុង​ជីវិត​របស់​អ្នក​ដែល​អនុវត្ត​ជំនឿ​ទៅ​លើ​នោះ។ ប៉ុន្តែ​ព្រះ​រាជាណាចក្រ​គឺ​ជា​រដ្ឋាភិបាល​នៃ​ស្ថានសួគ៌​ដែល​រៀប​ចំ​ដោយ​ព្រះ ដែល​នឹង​សម្រេច​គោល​បំណង​របស់​ព្រះ បំបាត់​ចោល​ឥទ្ធិពល​នៃ​អំពើ​បាប​និង​សេចក្ដី​ស្លាប់ ហើយ​ស្ថាបនា​ស្ថានភាព​ដ៏​សុចរិត​វិញ​លើ​ផែនដី​នេះ។ ព្រះ​រាជាណាចក្រ​នេះ​បាន​ចាប់​គ្រប់គ្រង​លើ​ស្ថានសួគ៌​រួច​ទៅ​ហើយ ហើយ​មិន​យូរ​ប៉ុន្មាន​ទៀត​«នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ[មនុស្ស]ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិត​ស្ថេរ​នៅ​អស់កល្ប​ជានិច្ច»។—ដានីយ៉ែល ២:៤៤; វិវរណៈ ១១:១៥; ១២:១០

៣. ពេល​ដែល​ព្រះ​យេស៊ូ​បាន​ចាប់​ផ្ដើម​កិច្ច​បំរើ​របស់​ទ្រង់ តើ​អ្វី​ដែល​បាន​បើក​ដល់​មនុស្ស​លោក?

៣ ហើប៊ឺ​ត វី​ល ជា​អ្នក​ប្រវត្ដិសាស្ត្រ​ម្នាក់​បាន​សរសេរ​ថា​៖ «សេចក្ដី​បង្រៀន​អំពី​ព្រះ​រាជាណាចក្រ​នៃ​ស្ថានសួគ៌​នេះ ដែល​ជា​សេចក្ដី​បង្រៀន​ដ៏​សំខាន់​របស់​ព្រះ​យេស៊ូ មាន​មុខ​នាទី​ដ៏​តូច​បំផុត​ក្នុង​គោល​ជំនឿ​របស់​គ្រីស្ទាន ហើយ​ប្រាកដ​ជា​សេចក្ដី​បង្រៀន​ដ៏​ប្លែក​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ចាប់​អារម្មណ៍​ហើយ​ផ្លាស់ប្ដូរ​គំនិត»។ តាំង​ពី​ដំបូង​មក ប្រធាន​នៃ​ការ​ផ្សាយ​របស់​ព្រះ​យេស៊ូ​គឺ​៖ «ចូរ​ប្រែ​ចិត្ត​ឡើង ដ្បិត​នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ»។ (ម៉ាថាយ ៤:១៧) ទ្រង់​បាន​គង់​នៅ​លើ​ផែនដី​ជា​ស្តេច​ចាក់​ប្រេង​តាំង ហើយ​អំណរអរ​ជា​ខ្លាំង គឺ​ថា​ទ្រង់​បាន​បើក​ឲ្យ​មនុស្ស​ទទួល​ប្រសិទ្ធិពរ​នៃ​ព្រះ​រាជាណាចក្រ​នេះ ហើយ​ថែម​ទាំង​អាច​ធ្វើ​ជា​អ្នក​គ្រប់គ្រង​រួម និង​សង្ឃ​ជា​មួយ​ព្រះ​យេស៊ូ​ក្នុង​ព្រះ​រាជាណាចក្រ​នោះ​ដែរ!—លូកា ២២:២៨​-​៣០; វិវរណៈ ១:៦; ៥:១០

៤. ក្នុង​សតវត្ស​ទី​មួយ តើ​ពួក​បណ្ដាជន​បាន​តប​ឆ្លើយ​យ៉ាង​ណា ចំពោះ‹ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ› ហើយ​នាំ​ឲ្យ​មាន​សេចក្ដី​ជំនុំជំរះ​អ្វី?

៤ កាល​ដែល​ពួក​បណ្ដាជន​បាន​ឮ‹ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ›ដ៏​រំភើប​នេះ មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ទេ​ដែល​បាន​ជឿ។ នេះ​គឺ​ពីព្រោះ​មេ​ដឹក​នាំ​សាសនា​បាន‹បិទ​ព្រះ​រាជាណាចក្រ​ស្ថានសួគ៌​នៅ​មុខ​មនុស្ស›។ ពួក​គេ​បាន​«ដក​កូនសោ​នៃ​ចំណេះ​ចេញ» ដោយ​បង្រៀន​សេចក្ដី​មិន​ពិត​របស់​គេ។ ពីព្រោះ​មនុស្ស​ជា​ច្រើន​បាន​បដិសេធ​ព្រះ​យេស៊ូ​ជា​ព្រះមេស្ស៊ី ជា​ស្តេច​ដែល​បាន​ចាក់​ប្រេង​តាំង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពួក​គេ​ថា​៖ ‹ព្រះ​រាជាណាចក្រ​ព្រះ​នឹង​ត្រូវ​ហូត​ចេញ​ពី​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​សាសន៍​មួយ​ទៀត ដែល​គេ​នឹង​បង្កើត​ផល​របស់​ព្រះ​រាជាណាចក្រ​នោះ›។—ម៉ាថាយ ៤:២៣; ២១:៤៣; ២៣:១៣; លូកា ១១:៥២

៥. តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​ដែល​ឮ​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ បង្ហាញ​ថា​ពួក​គេ​មិន​ឮ​ដោយ​យល់​នោះ?

៥ ពេល​កំពុង​តែ​បង្រៀន​ហ្វូង​មនុស្ស​នៅ​គ្រា​មួយ ព្រះ​យេស៊ូ តាម​ទំលាប់​របស់​ទ្រង់ បាន​ប្រើ​រឿង​ប្រៀបប្រដូច​ដែល​មាន​តៗ​គ្នា ដើម្បី​សាកល្បង​ពួក​បណ្ដាជន ហើយ​ញែក​ចេញ​ពួក​អ្នក​ដែល​មាន​ការ​ចាប់​អារម្មណ៍​ដ៏​រាក់​កំផែល​ក្នុង​ព្រះ​រាជាណាចក្រ។ រឿង​ប្រៀបប្រដូច​ទី​មួយ​គឺ​ទាក់ទង​នឹង​អ្នក​ព្រោះ​ពូជ​លើ​ដី​បួន​ប្រភេទ។ ដី​បី​ប្រភេទ​ដំបូង​គឺ​មិន​ល្អ​ទេ​ក្នុង​ការ​ដាំ​ដំណាំ តែ​ដី​ចុង​ក្រោយ​ជា​«ដី​ល្អ» ដែល​បង្កើត​ផលផ្លែ​បាន​ល្អ។ រឿង​ប្រៀបប្រដូច​ខ្លី​នេះ​បាន​បញ្ចប់​ដោយ​ពាក្យ​ដាស់​តឿន​ថា​៖ «អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្ដាប់ ឲ្យ​ស្ដាប់​ចុះ»។ (ម៉ាថាយ ១៣:១​-​៩) មនុស្ស​ជា​ច្រើន​នៅ​ទី​នោះ​បាន​ឮ​ទ្រង់ ប៉ុន្តែ​ពួក​គេ​មិន​«ស្ដាប់»​ទេ។ ពួក​គេ​មិន​មាន​ចិត្ត​ចង់ គ្មាន​ការ​ចាប់​អារម្មណ៍​ដ៏​ពិត​ក្នុង​ការ​ចង់​ដឹង​អំពី​របៀប​សាប​ព្រោះ​ពូជ​នៅ​ក្រោម​ស្ថានភាព​ខុសៗ​គ្នា ដែល​ប្រៀប​ដូច​នឹង​ព្រះ​រាជាណាចក្រ​នៃ​ស្ថានសួគ៌។ ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ រួច​ប្រកប​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គេ ប្រហែល​ជា​គិត​ថា​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ គឺ​គ្រាន់​តែ​រឿង​ដែល​មាន​ដំបូន្មាន​ល្អៗ​ប៉ុណ្ណោះ។ ពីព្រោះ​គេ​មិន​បាន​ប្រព្រឹត្ត​តាម ពួក​គេ​មិន​បាន​ទទួល​នូវ​ការ​យល់​ដ៏​ជ្រៅជ្រះ ព្រម​ទាំង​បាត់បង់​នូវ​ឯក​សិទ្ធិ​និង​ឱកាស​ដ៏​ល្អ​ផង!

៦. ហេតុ​អ្វី​ក៏​ការ​យល់​«ការ​អាថ៌កំបាំង​របស់​នគរ​ស្ថានសួគ៌» ឲ្យ​ទៅ​តែ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ?

៦ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ថា​៖ «ពីព្រោះ​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា ឲ្យ​បាន​ស្គាល់​ការ​អាថ៌កំបាំង​របស់​នគរ​ស្ថានសួគ៌ តែ​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ»។ ក្នុង​ការ​ដក​ស្រង់​ចេញ​ពី​អេសាយ ៣ទ្រង់​បាន​បន្ថែម​ថា​៖ ​«‹ព្រោះ​ចិត្ត​របស់​ជនជាតិ​នេះ​បាន​ត្រឡប់​ជា​ស្ពឹក​វិញ គេ​ឮ​ដោយ​ត្រចៀក​ធ្ងន់ ហើយ​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្ដាប់​ឮ​នឹង​ត្រចៀក​ហើយ​យល់​ក្នុង​ចិត្ត រួច​គេ​ប្រែ​ចិត្ត ហើយ​អញ​ប្រោស​ឲ្យ​គេ​បាន​ជា› តែ​អ្នក​រាល់​គ្នា​វិញ ភ្នែក​អ្នក​មាន​ពរ​ហើយ ដ្បិត​មើល​ឃើញ​ត្រចៀក​អ្នក​ក៏​ដែរ ដ្បិត​ស្ដាប់​ឮ»។—ម៉ាថាយ ១៣:១០​-​១៦; ម៉ាកុស ៤:១១​-​១៣

ការ​«យល់»​អំពី​ព្រះ​រាជាណាចក្រ

៧. ហេតុ​អ្វី​ក៏​ជា​ការ​សំខាន់​ក្នុង​ការ​«យល់»​អំពី​ព្រះ​រាជាណាចក្រ?

៧ ព្រះ​យេស៊ូ​បាន​ចង្អុល​ប្រាប់​អំពី​បញ្ហា​នោះ។ នេះ​ទាក់​ទង់​នឹង​ការ​«យល់»​អំពី​សារ​នៃ​ព្រះ​រាជាណាចក្រ។ ចំពោះ​ពួក​សិស្ស​របស់​ទ្រង់ ទ្រង់​មាន​បន្ទូល​ថា​៖ «ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្ដាប់​ពាក្យ​ប្រៀបប្រដូច ពី​អ្នក​ព្រោះ​ពូជ​នោះ គឺ​កាល​ណា​បើ​អ្នក​ណា​ស្ដាប់​ព្រះ​បន្ទូល​ពី​នគរ តែ​មិន​យល់ នោះ​អា​កំណាច​ក៏​មក​ឆក់​យក​សេចក្ដី ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​អ្នក​នោះ​ទៅ​បាត់»។ ទ្រង់​ក៏​ពន្យល់​ទៀត​ថា​ដី​បួន​ប្រភេទ​នេះ គឺ​តំណាង​ស្ថានភាព​នៃ​ចិត្ត​ផ្សេងៗ​ដែល «ព្រះ​បន្ទូល​ពី​នគរ»​នឹង​បាន​សាប​ព្រោះ។—ម៉ាថាយ ១៣:១៨​-​២៣; លូកា ៨:៩​-​១៥

៨. តើ​អ្វី​ដែល​បង្ការ​«ពូជ»​ដែល​បាន​ព្រោះ​លើ​ដី​បី​ដំបូង ពី​ការ​បង្កើត​ផលផ្លែ?

៨ ក្នុង​ករណី​និមួយៗ​«ពូជ»​គឺ​ល្អ តែ​ផលផ្លែ​គឺ​ស្រេច​ទៅ​លើ​ស្ថានភាព​នៃ​ដី។ បើ​ដី​នៃ​ចិត្ត​ដូច​ជា​ផ្លូវ​ហាប់ ហើយ​ឡើង​រឹង​ដោយសារ​សកម្មភាព​ជា​ច្រើន​ដែល​មិន​ស្រប​តាម​ព្រះ​គម្ពីរ បុគ្គល​នោះ​កាល​បាន​ឮ​សារ​ព្រះ​រាជាណាចក្រ នោះ​នឹង​និយាយ​ដោះ​សារ​យ៉ាង​ស្រួល​ថា គ្មាន​ពេល​វេលា​សំរាប់​ព្រះ​រាជាណាចក្រ​ទេ។ ពូជ​ដែល​គ្មាន​គេ​អើពើ​នេះ​នឹង​ត្រូវ​គេ​កញ្ឆក់​ទៅ​បាត់​មុន​នឹង​អាច​ចាក់​ឫស​បាន។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ ចំពោះ​ពូជ​ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​ដូច​ដី​ដែល​មាន​ថ្ម​ច្រើន? ពូជ​នេះ​អាច​ចេញ​ពន្លក តែ​វា​នឹង​ពិបាក​ចាក់​ឫស​ឲ្យ​បាន​ជ្រៅ​ដើម្បី​ស្រូប​យក​ជាតិ​ធំ​ធាត់​ហើយ​ឲ្យ​ស្ថិត​ស្ថេរ។ ចំពោះ​ការ​ធ្វើ​ជា​អ្នក​បំរើ​ដែល​គោរព​តាម​ព្រះ ជា​ពិសេស​ក្នុង​កំដៅ​នៃ​ការ​បៀតបៀន នោះ​ជា​ពិបាក​ណាស់ ហើយ​បុគ្គល​នោះ​នឹង​ជំពប់​ជា​មិន​ខាន។ ហើយ​ម្ដង​នេះ​ទៀត បើសិន​ជា​ដី​នៃ​ចិត្ត​ពោរពេញ​ទៅ​ដោយ​ការ​ទុក្ខ​ព្រួយ​ដ៏​ស្មុគស្មាញ ឬ​ចិត្ត​ប្រាថ្នា​ចង់​បាន​ទ្រព្យ​សម្បត្ដិ ពន្លក​នៃ​ព្រះ​រាជាណាចក្រ​នឹង​ថប់​ស្លាប់។ ក្នុង​ស្ថានការណ៍​នៃ​ជីវិត​បី​ប្រភេទ​នេះ ផលផ្លែ​ព្រះ​រាជាណាចក្រ​មិន​អាច​បង្កើត​បាន​ឡើយ។

៩. ហេតុ​អ្វី​ក៏​ពូជ​ដែល​បាន​ព្រោះ​លើ​ដី​ល្អ​អាច​បង្កើត​ផល​ល្អ?

៩ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ពូជ​ព្រះ​រាជាណាចក្រ​ដែល​បាន​ព្រោះ​លើ​ដី​ល្អ? ព្រះ​យេស៊ូ​បាន​ឆ្លើយ​ថា​៖ «តែ​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ​វិញ នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ​បន្ទូល ហើយ​យល់ ក៏​បង្កើត​ផលផ្លែ មួយ​ជា​១​រយ មួយ​ជា​៦០ ហើយ​មួយ​ទៀត​ជា​៣០»។ (ម៉ាថាយ ១៣:២៣) ក្នុង​ការ​«យល់»​អំពី​ព្រះ​រាជាណាចក្រ ពួក​គេ​នឹង​បង្កើត​ផលផ្លែ​ល្អ​យោង​ទៅ​តាម​កាលៈទេសៈ​របស់​គេ​រៀងៗ​ខ្លួន។

ភារៈ​កិច្ច​ដែល​បាន​មក​ពី​ការ​យល់

១០. (ក) តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បង្ហាញ​ថា​ការ​«យល់»​អំពី​ព្រះ​រាជាណាចក្រ​នឹង​នាំ​ឲ្យ​មាន​ប្រសិទ្ធិពរ​និង​ភារកិច្ច? (ខ) តើ​ការ​បញ្ជា​របស់​ព្រះ​យេស៊ូ​ឲ្យ​ទៅ​បង្កើត​សិស្ស​សំដៅ​ទៅ​តែ​ពួក​សិស្ស​នៅ​សតវត្ស​ទី​មួយ​ឬ?

១០ ក្រោយ​ពី​បាន​និទាន​រឿង​ប្រៀបប្រដូច​ប្រាំ​មួយ​ទៀត ដើម្បី​ពន្យល់​អំពី​ទិដ្ឋភាព​ផ្សេងៗ​នៃ​ព្រះ​រាជាណាចក្រ ព្រះ​យេស៊ូ​បាន​សួរ​ពួក​សិស្ស​របស់​ទ្រង់​ថា​៖ «តើ​អ្នក​រាល់​គ្នា​យល់​សេចក្ដី​ទាំង​នេះ​ឬ​ទេ»? ពេល​ពួក​គេ​ទូល​ឆ្លើយ​ថា «យើង​ខ្ញុំ​យល់​ហើយ» ទ្រង់​ក៏​មាន​បន្ទូល​ថា​៖ «ដូច្នេះ គ្រប់​អស់​ទាំង​អាចារ្យ​ណា​ដែល​មាន​គេ​បង្ហាត់​បង្រៀន ឲ្យ​ធ្វើ​ជា​សិស្ស​នៃ​នគរ​ស្ថានសួគ៌ នោះ​ធៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំង​របស់​ខ្លួន»។ ការ​បង្រៀន​និង​ការ​បង្ហាត់​ដែល​ព្រះ​យេស៊ូ​បាន​ផ្ដល់ នឹង​ស្ថាបនា​ពួក​សិស្ស​ទ្រង់​ឲ្យ​បាន​ទៅ​ជា​ជន​គ្រីស្ទាន​ដែល​មាន​គំនិត​ចាស់​ទុំ ដែល​អាច​យក​ចេញ​ពី‹ឃ្លាំង›របស់​គេ នូវ​អាហារ​ខាង​វិញ្ញាណ​ដែល​មិន​ចេះ​អស់។ សេចក្ដី​ទាំង​នេះ​ជា​ច្រើន​គឺ​ទាក់ទង​នឹង​ព្រះ​រាជាណាចក្រ។ ព្រះ​យេស៊ូ​បាន​ពន្យល់​យ៉ាង​ច្បាស់​ថា​ការ​«យល់»​អំពី​ព្រះ​រាជាណាចក្រ​នឹង​មិន​គ្រាន់​តែ​នាំ​ឲ្យ​មាន​ប្រសិទ្ធិពរ​ប៉ុណ្ណោះ​ទេ តែ​នឹង​នាំ​ឲ្យ​មាន​ភារៈ​កិច្ច​ដែរ។ ទ្រង់​បញ្ជា​ពួក​គេ​ថា​៖ «ដូច្នេះ ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ . . . បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប»។—ម៉ាថាយ ១៣:៥១, ៥២; ២៨:១៩, ២០

១១. ពេល​ឆ្នាំ​១៩១៤មក​ដល់ តើ​ព្រឹត្ដិការណ៍​អ្វី​ដែល​ទាក់ទង​នឹង​ព្រះ​រាជាណាចក្រ​បាន​កើត​ឡើង?

១១ ដូច​បាន​សន្យា​មក ព្រះ​យេស៊ូ​បាន​បន្ត​គង់​នៅ​ជា​មួយ​ពួក​សិស្ស​ពិត​របស់​ទ្រង់​តាំង​ពី​ច្រើន​សតវត្ស​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ទាំង​នេះ ទ្រង់​បាន​ផ្ដល់​ឲ្យ​ការ​យល់​ដល់​គេ​បន្ដិច​ម្ដងៗ ហើយ​ពួក​គេ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការ​បង្កើន​ពន្លឺ​នៃ​សេចក្ដី​ពិត។ (លូកា ១៩:១១​-​១៥, ២៦) ក្នុង​ឆ្នាំ​១៩១៤ ព្រឹត្ដិការណ៍​នៃ​ព្រះ​រាជាណាចក្រ​បាន​ចាប់​ផ្ដើម​លាត​ត្រដាង​យ៉ាង​លឿន​អស្ចារ្យ។ ក្នុង​ឆ្នាំ​នោះ ព្រះ​រាជាណាចក្រ​បាន​ចាប់​«កំណើត»​ឡើង ដែល​គេ​បាន​ទន្ទឹង​ចាំ​ជា​យូរ​យារ​មក មិន​តែ​ប៉ុណ្ណោះ‹ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ›ក៏​បាន​ចាប់​ផ្ដើម​មក​ដែរ។ (វិវរណៈ ១១:១៥; ១២:៥, ១០; ដានីយ៉ែល ៧:១៣, ១៤, ២៧) ជន​គ្រីស្ទាន​ពិត បាន​យល់​អំពី​អត្ថន័យ​នៃ​ព្រឹត្ដិការណ៍​នោះ ហើយ​បាន​ចាប់​ផ្ដើម​ការ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​និង​ការ​បង្រៀន​ដ៏​ធំ​ក្នុង​ប្រវត្ដិសាស្ត្រ។ ព្រះ​យេស៊ូ​បាន​ទាយ​ប្រាប់​អំពី​រឿង​នេះ ដោយ​មាន​បន្ទូល​ថា​៖ «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។—ម៉ាថាយ ២៤:១៤

១២. (ក) តើ​មាន​លទ្ធផល​យ៉ាង​ណា​ដែរ ពី​ការ​ផ្សាយ​ដ៏​ធំធេង​នៃ​ស្មរបន្ទាល់​ព្រះ​រាជាណាចក្រ​សម័យ​នេះ? (ខ) ក្នុង​លោកីយ៍​ដែល​មាន​ការ​សង្ស័យ​នេះ តើ​មាន​គ្រោះថ្នាក់​អ្វី​ចំពោះ​ជន​គ្រីស្ទាន?

១២ ការ​ផ្សាយ​ព្រះ​រាជាណាចក្រ​ដ៏​ធំធេង​នេះ​បាន​ផ្សាយ​ទៅ​ដល់​ជាង​២៣០ប្រទេស។ ហើយ​មាន​ជន​គ្រីស្ទាន​ពិត​ជាង​ប្រាំ​លាន​នាក់​កំពុង​តែ​ចូល​រួម​ផ្សាយ​កិច្ចការ​នេះ ហើយ​នៅ​មាន​អ្នក​ដទៃ​ទៀត​ដែល​កំពុង​តែ​ប្រមូល​ឲ្យ​ចូល​ឥឡូវ​នេះ​ដែរ។ ប៉ុន្តែ បើសិន​ជា​យើង​ប្រៀបធៀប​ចំនួន​សិស្ស​ជា​មួយ​នឹង​ចំនួន​មនុស្ស​រស់​លើ​ផែនដី ដែល​មាន៥,៦រយ​កោដិ​នាក់​នោះ យើង​ឃើញ​ថា មនុស្ស​ភាគ​ច្រើន​ឥត​«យល់»​អំពី​ព្រះ​រាជាណាចក្រ​ទេ ដូច​ក្នុង​សម័យ​ព្រះ​យេស៊ូ​ដែរ។ ដូច​បាន​ទាយ​មក មនុស្ស​ជា​ច្រើន​ចំអក​ហើយ​និយាយ​ថា​៖ «តើ​សេចក្ដី​សន្យា​ពី​ព្រះ​អង្គ​យាង​មក​នៅ​ឯ​ណា»? (ពេត្រុសទី២ ៣:៣, ៤) ចំពោះ​យើង​ជា​គ្រីស្ទាន គ្រោះថ្នាក់​ដូច​ជា​អាកប្បកិរិយា​នៃ​ពួក​លោកីយ៍​ដែល​ឥត​ខ្វល់ សង្ស័យ ចង់​បាន​ទ្រព្យ​សម្បត្ដិ​ច្រើន អាច​មាន​ឥទ្ធិពល​មក​លើ​របៀប​ដែល​យើង​ចាត់​ទុក​ឯក​សិទ្ធិ​នៃ​ព្រះ​រាជាណាចក្រ​របស់​យើង។ ពីព្រោះ​មនុស្ស​នៃ​លោកីយ៍​រស់​នៅ​ជុំវិញ​យើង ជា​ការ​ស្រួល​ណាស់ ដែល​យើង​អាច​ចាប់​ផ្ដើម​យក​ត្រាប់​តាម​អាកប្បកិរិយា​និង​ទំលាប់​របស់​គេ។ ជា​ការ​សំខាន់​ណាស់ ដែល​យើង​«យល់»​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ហើយ​កាន់​ឲ្យ​បាន​ខ្ជាប់!

ការ​ពិនិត្យ​មើល​ខ្លួន​យើង​ចំពោះ​ព្រះ​រាជាណាចក្រ

១៣. ចំពោះ​ការ​បញ្ជា​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ តើ​តាម​របៀប​ណា​ដែល​យើង​អាច​សាកល្បង​ថា​តើ​យើង​បន្ត‹ឮ›ដោយ​ការ​យល់?

១៣ ចំពោះ​រដូវ​ច្រូត​ក្នុង​សម័យ​យើង​រស់​នៅ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «កូន​មនុស្ស​នឹង​ចាត់​ពួក​ទេវតា ទៅ​ច្រូត​យក​អស់​ទាំង​ក្បួន ដែល​នាំ​ឲ្យ​មនុស្ស​រវាត​ចិត្ត នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ទទឹង​ច្បាប់ . . . គ្រា​នោះ ពួក​សុចរិត​នឹង​ភ្លឺ​ដូច​ជា​ថ្ងៃ នៅ​ក្នុង​នគរ​របស់​ព្រះ​វរបិតា​នៃ​គេ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្ដាប់ ឲ្យ​ស្ដាប់​ចុះ»។ (ម៉ាថាយ ១៣:៤១, ៤៣) តើ​អ្នក​បន្ត‹ឮ›ដោយ​គោរព​តាម​បញ្ជា​ឲ្យ​ទៅ​ផ្សាយ​ព្រះ​រាជាណាចក្រ ហើយ​ឲ្យ​បង្កើត​សិស្ស​ទេ? ចូរ​ចង​ចាំ​ថា «អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ​វិញ» ‹នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ​បន្ទូល ហើយ​យល់› ហើយ​បង្កើត​ផលផ្លែ​ល្អ។—ម៉ាថាយ ១៣:២៣

១៤. ពេល​ដែល​ទទួល​ឱវាទ តើ​តាម​របៀប​ណា​ដែល​យើង​បង្ហាញ​ថា​យើង​«យល់»​អំពី​ឱវាទ​នោះ?

១៤ នៅ​ពេល​សិក្សា​ផ្ទាល់​ខ្លួន​ហើយ​មក​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន យើង​ត្រូវ​តែ‹ផ្ចង់​ចិត្ត​ឲ្យ​បាន​យល់›។ (សុភាសិត ២:១​-​៤) ពេល​ទទួល​ឱវាទ​ចំពោះ​ចរិយា សំលៀកបំពាក់ បទ​ភ្លេង និង​គ្រឿង​កំសាន្ត យើង​ត្រូវ​ឲ្យ​ការ​នេះ​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​របស់​យើង ហើយ​ជំរុញ​យើង​កែ​សម្រួល​អ្វី​ដែល​ត្រូវ​ការ​ចាំបាច់។ ចូរ​កុំ​ឲ្យ​ដោះ​សារ ឬ​មិន​ប្រព្រឹត្ត​តាម។ បើសិន​ជា​ព្រះ​រាជាណាចក្រ​ជា​ការ​ពិត​ក្នុង​ជីវិត​របស់​យើង យើង​នឹង​រស់​នៅ​តាម​បមាណីយ​នោះ ហើយ​ខ្នះខ្នែង​ផ្សាយ​ប្រាប់​អ្នក​ដទៃ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «មិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់​តែ​និយាយ​មក​ខ្ញុំ​ថា ‹ឱ​ព្រះ​អម្ចាស់ៗ​អើយ› ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​នោះ​ទេ គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ទេ​តើ»។—ម៉ាថាយ ៧:២១​-​២៣

១៥. ហេតុ​អ្វី​ក៏​ជា​ការ​សំខាន់​ម្ល៉េះ​ក្នុង​ការ‹ស្វែង​រក​ព្រះ​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ›?

១៥ មនុស្ស​ចេះ​តែ​ព្រួយ​អំពី​របស់​ចាំបាច់ ដូច​ជា​អាហារ សំលៀកបំពាក់ និង​ទីលំនៅ ប៉ុន្តែ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង»។ (ម៉ាថាយ ៦:៣៣, ៣៤) ក្នុង​ការ​ចាត់​ចែង​អ្វី​ជា​សំខាន់ ចូរ​ចាត់​ទុក​ព្រះ​រាជាណាចក្រ​ជា​ទី​មួយ​ក្នុង​ជីវិត​របស់​អ្នក​ទៅ។ ចូរ​រក្សា​ជីវិត​របស់​អ្នក​កុំ​ឲ្យ​ស្មុគស្មាញ ដោយ​គាប់​ចិត្ត​នឹង​របស់​ដែល​ខ្លួន​មាន​ចាំបាច់។ ជា​ការ​ខុស​ទៅ​វិញ បើសិន​ជា​យើង​បំពេញ​ជីវិត​របស់​យើង​ដោយ​សកម្មភាព​និង​អ្វីៗ​ដែល​មិន​ត្រូវ​ការ​ចាំបាច់ ហើយ​ដោះ​សារ​ថា​ការ​ធ្វើ​នេះ​គឺ​ត្រឹម​ត្រូវ ពីព្រោះ​របស់​ទាំង​នេះ​មិន​ជា​ការ​ខុស។ ថ្វី​បើ​នេះ​ប្រហែល​ជា​ត្រូវ​ក៏​ដោយ តើ​ការ​ប្រមូល​និង​ការ​ប្រើ​របស់​ដែល​មិន​ចាំបាច់​នឹង​មាន​លទ្ធផល​យ៉ាង​ណា​ដែរ ចំពោះ​ការ​ចាត់​ចែង​ពេល​សំរាប់​សិក្សា​ផ្ទាល់​ខ្លួន កិច្ច​ប្រជុំ​គ្រីស្ទាន ហើយ​ការ​ដើរ​ផ្សាយ​នោះ? ព្រះ​យេស៊ូ​មាន​បន្ទូល​ថា ព្រះ​រាជាណាចក្រ​គឺ​ប្រៀប​ដូច​នឹង​អ្នក​ឈ្មួញ​ម្នាក់​ដែល​រក​ឃើញ​«កែវ​មុក្ដា​យ៉ាង​ល្អ កាល​ណា​បាន​ឃើញ​១​ដែល​មាន​ដំឡៃ​ណាស់ នោះ​គាត់​ទៅ​លក់​របស់​ទ្រព្យ​ទាំង​អស់ មក​ទិញ​កែវ​មុក្ដា​នោះ»។ (ម៉ាថាយ ១៣:៤៥, ៤៦) យើង​ក៏​ត្រូវ​មាន​អារម្មណ៍​បែប​នេះ​ដែរ​ចំពោះ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ យើង​ត្រូវ​យក​តម្រាប់​តាម​ប៉ុល មិន​មែន​តាម​ដេម៉ាស​ទេ ដែល​បាន​លះ​ចោល​កិច្ច​ផ្សាយ​«ដោយ​គាត់​ស្រឡាញ់​លោកីយ៍​នេះ»។—ធីម៉ូថេ​ទី​២ ៤:១០, ១៨; ម៉ាថាយ ១៩:២៣, ២៤; ភីលីព ៣:៧, ៨, ១៣, ១៤ ធីម៉ូថេទី១ ៦:៩, ១០, ១៧​-​១៩

«ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ទេ»

១៦. តើ​ការ​«យល់»​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ជួយ​យើង​ឲ្យ​ចៀស​វាង​ពី​ការ​ប្រព្រឹត្ត​ខុស​យ៉ាង​ដូច​ម្ដេច?

១៦ ពេល​ដែល​ក្រុមជំនុំ​កូរិនថូស​ធ្វើ​ព្រងើយ​នឹង​អំពើ​អសីលធម៌ ប៉ុល​បាន​មាន​ប្រសាសន៍​យ៉ាង​ចំៗ​ថា​៖ «តើ​មិន​ដឹង​ថា ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ទេ​ឬ​អី កុំ​ឲ្យ​ច្រឡំ​ឡើយ ដ្បិត​ពួក​មនុស្ស​កំផិត ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ពួក​សហាយ​ស្មន់ ពួក​អ្នក​សំរេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះ​តិះដៀល នឹង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ»។ (កូរិនថូសទី១ ៦:៩, ១០) បើសិន​ជា​យើង​«យល់»​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ យើង​នឹង​មិន​បំភាន់​ខ្លួន​យើង ដោយ​គិត​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ព្រងើយ​នឹង​អំពើ​អសីលធម៌​ណា​មួយ ឲ្យ​តែ​ទ្រង់​ឃើញ​យើង​ជាប់​រវល់​ក្នុង​កិច្ច​បំរើ​គ្រីស្ទាន។ សេចក្ដី​ស្មោកគ្រោក​មិន​គួរ​ត្រូវ​និយាយ​ក្នុង​ចំណោម​យើង​ទេ។ (អេភេសូរ ៥:៣​-​៥) តើ​អ្នក​មាន​បាន​ឃើញ​គំនិត​អាក្រក់​ឬ​ទម្លាប់​របស់​លោកីយ៍​ចាប់​ជ្រាប​ចូល​ក្នុង​ជីវិត​របស់​អ្នក​ទេ? ចូរ​កាត់​វា​ចោល​ពី​ជីវិត​របស់​អ្នក​ភ្លាម​ទៅ! ព្រះ​រាជាណាចក្រ​គឺ​មាន​តម្លៃ​ណាស់ មិន​គួរ​ឲ្យ​បាត់បង់​ដោយ​របស់​បែប​នោះ​ឡើយ។—ម៉ាកុស ៩:៤៧

១៧. តើ​តាម​របៀប​ណា​ដែល​ការ​អបអរ​ចំពោះ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ធ្វើ​ឲ្យ​មាន​ចិត្ត​រាប​ទាប ហើយ​បំបាត់​ហេតុ​ដែល​ធ្វើ​ឲ្យ​ជំពប់​នោះ?

១៧ ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ទូល​សួរ​ថា​៖ «តើ​អ្នក​ណា​ធំ​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌»? ព្រះ​យេស៊ូ​បាន​តប​ឆ្លើយ​ដោយ​យក​កូន​ក្មេង​ម្នាក់​មក​ដាក់​នៅ​ក្នុង​ចំណោម​ពួក​គេ ហើយ​មាន​បន្ទូល​ថា​៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជា​កូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ពុំ​បាន​ឡើយ ដូច្នេះ អ្នក​ណា​ដែល​បន្ទាប​ខ្លួន ឲ្យ​បាន​ដូច​កូន​តូច​នេះ អ្នក​នោះ​ឯង​ឈ្មោះ​ថា ធំ​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌​ហើយ»។ (ម៉ាថាយ ១៨:១​-​៦) ពួក​មានះ ពួក​ទាមទារ ពួក​មិន​អើពើ ហើយ​ពួក​ឥត​ច្បាប់​ទម្លាប់​នឹង​មិន​បាន​ព្រះ​រាជាណាចក្រ​របស់​ព្រះ ហើយ​ពួក​គេ​ក៏​មិន​ជា​អនុរាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​នោះ​ដែរ។ តើ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​បងប្អូន ការ​រាប​ទាប​របស់​អ្នក ការ​កោត​ខ្លាច​ព្រះ ជួយ​អ្នក​ឲ្យ​ចៀស​វាង​ពី​ការ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជំពប់​ដោយ​ចរិយា​របស់​អ្នក​ទេ? ឬ​ក៏​អ្នក​ទទូច​ចង់​បាន​«សិទ្ធិ»​របស់​អ្នក ទោះបី​ជា​អាកប្បកិរិយា​និង​ឫកពា​បែប​នេះ​មាន​ឥទ្ធិពល​លើ​អ្នក​ដទៃ​ក៏​ដោយ?—រ៉ូម ១៤:១៣, ១៧

១៨. តើ​មនុស្ស​ដែល​គោរព​តាម​នឹង​បាន​អ្វី ពេល​ដែល​ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន​សម្រេច​ព្រះ​ហឫទ័យ​របស់​ទ្រង់​«នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ»?

១៨ ព្រះ​យេហូវ៉ា ជា​ព្រះ​វរបិតា​នៃ​ស្ថានសួគ៌​របស់​យើង បន្ដិច​ទៀត​ទ្រង់​នឹង​តប​ឆ្លើយ​យ៉ាង​ពេញលេញ​នូវ​ការ​អធិស្ឋាន​ដ៏​ខ្នះខ្នែង​នេះ​៖ «សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ»។ មិន​យូរ​ប៉ុន្មាន​ទៀត ស្តេច​ដែល​កំពុង​តែ​សោយ​រាជ្យ ព្រះ​យេស៊ូ​គ្រីស្ទ​នឹង​យាង​ចូល​មក ក្នុង​ន័យ​ថា​ទ្រង់​គង់​លើ​បល្ល័ង្ក​របស់​ទ្រង់​ដើម្បី​ជំនុំជំរះ ញែក​ចេញ​«ចៀម»​ពី​«ពពែ»។ នៅ​ពេល​កំណត់ «នោះ​លោក​ដ៏​ជា​ស្តេច នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​នៅ​ខាង​ស្ដាំ​ថា ‹ឱ​ពួក​អ្នក​ដែល​ព្រះ​វរបិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀប​ចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ​មក› »។ ពួក​ពពែ​នឹង​«ថយ​ទៅ មាន​ទោស​អស់កល្ប​ជានិច្ច តែ​ពួក​សុចរិត​នឹង​ចូល​ទៅ​ក្នុង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​វិញ»។ (ម៉ាថាយ ៦:១០; ២៥:៣១​-​៣៤, ៤៦) «សេចក្ដី​វេទនា​ជា​ខ្លាំង» នឹង​បំផ្លាញ​របប​សម័យ​ចាស់​នេះ ហើយ​អស់​អ្នក​ដែល​បដិសេធ​មិន​ចង់​«យល់»​អំពី​ព្រះ​រាជាណាចក្រ។ ប៉ុន្តែ​ពួក​អ្នក​រួច​រស់​ជីវិត​រាប់​លាន​នាក់​ពី​«សេចក្ដី​វេទនា​ជា​ខ្លាំង» និង​មនុស្ស​រាប់​លាន​កោដិ​នាក់​ទៀត​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ នឹង​ទទួល​ប្រសិទ្ធិពរ​ក្នុង​ផែនដី​មនោរម្យ។ (វិវរណៈ ៧:១៤) ព្រះ​រាជាណាចក្រ​គឺ​ជា​រដ្ឋាភិបាល​ថ្មី​នៃ​ផែនដី សោយ​រាជ្យ​ពី​ស្ថានសួគ៌។ រដ្ឋាភិបាល​នេះ​នឹង​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សំរាប់​ផែនដី​និង​មនុស្ស គឺ​ដើម្បី​លើក​ដំកើង​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់។ តើ​នេះ​មិន​មែន​ជា​មរតក​ដែល​មាន​តម្លៃ​បំផុត ដែល​គួរ​ធ្វើ​ឲ្យ​យើង​ខំ​ធ្វើ​ការ បូជា​ខ្លួន​ហើយ​រង់ចាំ​នោះ​ទេ​ឬ? នេះ​ជា​អ្វី​ដែល​ការ​«យល់»​អំពី​ព្រះ​រាជាណាចក្រ​ត្រូវ​មាន​ន័យ​ចំពោះ​យើង!

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​អ្វី​ជា​ព្រះ​រាជាណាចក្រ​របស់​ព្រះ?

◻ ហេតុ​អ្វី​ក៏​ពួក​អ្នក​ឮ​ព្រះ​យេស៊ូ​មិន​បាន​«យល់»​អំពី​ព្រះ​រាជាណាចក្រ?

◻ តើ​តាម​របៀប​ណា​ដែល​ការ​«យល់»​អំពី​ព្រះ​រាជាណាចក្រ​នាំ​ឲ្យ​មាន​ប្រសិទ្ធិពរ​និង​ភារកិច្ច​នោះ?

◻ ចំពោះ​ការ​ផ្សាយ តើ​អ្វី​នឹង​បង្ហាញ​ថា​យើង​បាន‹យល់›អំពី​ព្រះ​រាជាណាចក្រ?

◻ តើ​យើង​អាច​បង្ហាញ​ថា​យើង‹យល់›អំពី​ឱវាទ​ដែល​បាន​ផ្ដល់​មក តាម​ចរិយា​របស់​យើង​យ៉ាង​ដូច​ម្ដេច?

[រូបភាព​នៅ​ទំព័រ​១៣]

ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​បាន‹យល់›អំពី​ព្រះ​រាជាណាចក្រ​ហើយ​បង្កើត​ផលផ្លែ​ល្អ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក