បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • kl ជំ. ១០ ទំ. ៩០-៩៧
  • ព្រះរាជាណាចក្រនៃព្រះកាន់អំណាចគ្រប់គ្រង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះរាជាណាចក្រនៃព្រះកាន់អំណាចគ្រប់គ្រង
  • ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​រាជាណាចក្រ​ដែល​មាន​គោល​បំណង
  • ហេតុ​ការណ៍​ពិត​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ
  • ព្រះ​រាជាណាចក្រ​គ្រប់គ្រង​—⁠នៅ​ពេល​ណា?
  • ព្រះរាជាណាចក្ររបស់ព្រះ គឺប្រសើរលើសការគ្រប់គ្រងឯទៀត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • រដ្ឋាភិបាលរបស់ព្រះចាប់ផ្ដើមការគ្រប់គ្រង
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
មើលបន្ថែមទៀត
ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
kl ជំ. ១០ ទំ. ៩០-៩៧

ជំពូក​ទី១០

ព្រះ​រាជាណាចក្រ​នៃ​ព្រះ​កាន់​អំណាច​គ្រប់គ្រង

១, ២​. តើ​រដ្ឋាភិបាល​មនុស្ស​បាន​ស​ឲ្យ​ឃើញ​ថា​ខ្វះ​សមត្ថភាព​យ៉ាង​ណា​ខ្លះ?

អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ទិញ​ប្រដាប់​អ្វី​មួយ ហើយ​ក៏​ឃើញ​ថា​ប្រដាប់​នោះ​ខូច ប្រើ​ការ​មិន​កើត។ សូម​យើង​ឧបមា​ថា អ្នក​បាន​ហៅ​ជាង​ម្នាក់​មក​ជួសជុល។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ជាង​នោះ​បាន​«ជួសជុល»​ហើយ ប្រដាប់​នោះ​ក៏​ខូច​ទៀត។ នេះ​គឺ​គួរ​ឲ្យ​អាក់អន់​ចិត្ត​មែន!

២ ចំពោះ​រដ្ឋាភិបាល​មនុស្ស ក៏​មាន​ការ​ស្រដៀង​គ្នា​ដែរ។ មនុស្ស​ជាតិ​តែង​ប្រាថ្នា​ចង់​បាន​រដ្ឋាភិបាល ដែល​នឹង​ធានា​រក​បាន​សន្ដិភាព​និង​សុភមង្គល។ តែ​ការ​ខំ​ប្រឹងប្រែង​យ៉ាង​ស្វាហាប់ ដើម្បី​ជួសជុល​សេចក្ដី​ខូច​ខាត​ក្នុង​សង្គម មិន​បាន​សម្រេច​ជោគជ័យ​ជា​ពិត​ប្រាកដ​ឡើយ។ មាន​សិទ្ធិ​សញ្ញា​សន្ដិភាព​ច្រើន​ណាស់​បាន​ត្រូវ​ធ្វើ​ឡើង​—⁠តែ​រួច​មក​ក៏​ត្រូវ​គេ​បំពាន​លើ។ ម្យ៉ាង​ទៀត តើ​រដ្ឋាភិបាល​ណា​មួយ​អាច​បំបាត់​ភាព​ក្រីក្រ ការ​ប្រកាន់​ពូជ​សាសន៍ បទ​ឧក្រិដ្ឋ រោគ​ជម្ងឺ និង​ការ​ខូច​បង់​ដល់​បរិដ្ឋាន​បាន​ទេ? ការ​គ្រប់គ្រង​របស់​មនុស្ស គឺ​គ្មាន​សង្ឃឹម​នឹង​ជួសជុល​កែ​ឡើង​វិញ​បាន​ឡើយ។ សូម្បី​សាឡូម៉ូន ដែល​ជា​ស្តេច​ដ៏​មាន​ប្រាជ្ញា​របស់​អ៊ីស្រាអែល បាន​សួរ​ថា⁠៖ «ដូច្នេះ ធ្វើ​ដូច​ម្ដេច​ឲ្យ​មនុស្ស​យល់​ផ្លូវ​ខ្លួន​បាន»?​—⁠សុភាសិត ២០:២៤

៣​. (ក) តើ​អ្វី​ជា​សាច់​រឿង​នៃ​ការ​ផ្សាយ​របស់​ព្រះ​យេស៊ូ? (ខ) តើ​មនុស្ស​ខ្លះ​រៀប​រាប់​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​យ៉ាង​ដូច​ម្ដេច?

៣ សូម​កុំ​អស់​សង្ឃឹម​ឡើយ! រដ្ឋាភិបាល​ដ៏​នឹង​នរ​ពិភពលោក គឺ​មិន​មែន​គ្រាន់​តែ​ជា​ការ​យល់សប្ដិ​ទេ។ រដ្ឋាភិបាល​នេះ​គឺ​ជា​សាច់​រឿង នៃ​ការ​ផ្សាយ​របស់​ព្រះ​យេស៊ូ។ ទ្រង់​ហៅ​រដ្ឋាភិបាល​នេះ​ថា ‹ព្រះ​រាជាណាចក្រ​ព្រះ› ហើយ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់ ឲ្យ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​រាជាណាចក្រ​នេះ​មក​ដល់។ (លូកា ១១:២; ២១:៣១) ប្រាកដ​ហើយ ជួន​កាល​គេ​មាន​និយាយ​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ក្នុង​រង្វង់​សាសនា។ តាម​ពិត មនុស្ស​រាប់​លាន​នាក់ អធិស្ឋាន​ដល់​ព្រះ​រាជាណាចក្រ​នេះ​រាល់​តែ​ថ្ងៃ ពេល​គេ​ទន្ទេញ​សេចក្ដី​អធិស្ឋាន​របស់​ព្រះ​អម្ចាស់ (ក៏​ត្រូវ​គេ​ហៅ​ថា សេចក្ដី​អធិស្ឋាន​ព្រះ​វរបិតា​យើង ឬ​សេចក្ដី​អធិស្ឋាន​គំរូ)។ ប៉ុន្តែ មនុស្ស​មាន​ចម្លើយ​ឆ្លើយ​ប្រាប់​ខុសៗគ្នា ពេល​ត្រូវ​គេ​សួរ​ថា «តើ​អ្វី​ជា​ព្រះ​រាជាណាចក្រ​នៃ​ព្រះ»? អ្នក​ខ្លះ​ឆ្លើយ​ថា «វា​នៅ​ក្នុង​ចិត្ត​របស់​យើង»។ ខ្លះ​ទៀត​ហៅ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ថា ស្ថានសួគ៌។ ឯ​ព្រះ​គម្ពីរ​ប្រាប់​យើង​នូវ​ចម្លើយ​យ៉ាង​ច្បាស់​លាស់ ដូច​យើង​នឹង​ឃើញ​នៅ​ខាង​មុខ​នេះ។

ព្រះ​រាជាណាចក្រ​ដែល​មាន​គោល​បំណង

៤, ៥​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​សម្រេច​ព្រះទ័យ​សម្ដែង​ឲ្យ​ឃើញ​ជា​ថ្មី នូវ​ព្រះ​អធិបតេយ្យភាព​នៃ​ទ្រង់ ហើយ​នេះ​នឹង​សម្រេច​បាន​អ្វី?

៤ ព្រះ​យេហូវ៉ា​រមែង​ជា​ព្រះ​មហាក្សត្រ ឬ​អ្នក​គ្រប់គ្រង​ដ៏​ខ្ពស់​បំផុត​នៃ​សកលលោក។ ការ​ដែល​ទ្រង់​បាន​បង្ក​បង្កើត​របស់​សព្វសារពើ បាន​លើក​ដំកើង​ទ្រង់​ដល់​ឋានៈ​ខ្ពង់​ខ្ពស់​នោះ។ (របាក្សត្រទី១ ២៩:១១; ទំនុកដំកើង ១០៣:១៩; កិច្ចការ ៤:២៤) ប៉ុន្តែ​ព្រះរាជាណាចក្រ ដែល​ព្រះ​យេស៊ូ​បាន​ផ្សាយ​ប្រាប់ នោះ​គឺ​បន្ទាប់​បន្សំ​សម្រាប់​ជា​ជំនួយ​ដល់ ព្រះអធិបតេយ្យភាព​សកលលោក​របស់​ព្រះ។ ព្រះ​រាជាណាចក្រ​មេស្ស៊ី​នោះ គឺ​មាន​គោល​បំណង​ជាក់លាក់​មួយ តើ​វា​ជា​អ្វី​ទៅ?

៥ ដូច​បាន​ពន្យល់​ក្នុង​ជំពូក​ទី៦ មនុស្ស​មួយ​គូ​ដំបូង​បាន​បះបោរ​ប្រឆាំង នឹង​អំណាច​គ្រប់គ្រង​របស់​ព្រះ។ ដោយ​ព្រោះ​រឿង​ដែល​បាន​ត្រូវ​ចោទ​ឡើង នោះ​ព្រះ​យេហូវ៉ា​ក៏​សម្រេច​ព្រះទ័យ​សម្ដែង​ឲ្យ​ឃើញ​ជា​ថ្មី នូវ​ព្រះ​អធិបតេយ្យភាព​នៃ​ទ្រង់។ ព្រះ​ទ្រង់​បាន​ប្រកាស​ថា ទ្រង់​មាន​គោល​បំណង​បង្កើត​«ពូជ»​មួយ ដែល​នឹង​កិន​កំទេច​សត្វ​ពស់ ដែល​ជា​សាតាំង ហើយ​នឹង​បំបាត់​ឥទ្ធិពល​នៃ​អំពើ​បាប ដែល​មនុស្ស​ជាតិ​មាន​ពី​កំណើត​មក។ «ពូជ»​សំខាន់​បំផុត​នេះ គឺ​ជា​ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​«ព្រះ​រាជាណាចក្រ​នៃ​ព្រះ» គឺ​ជា​វិធី​ដែល​ព្រះ​ទ្រង់​ប្រើ ដើម្បី​សម្រេច​យក​គ្រប់​ជ័យជំនះ​លើ​អារក្ស​សាតាំង។ តាម​រយៈ​ព្រះ​រាជាណាចក្រ​នេះ ព្រះ​យេស៊ូ​គ្រីស្ទ​នឹង​តាំង​ការ​គ្រប់គ្រង​ទៅ​លើ​ផែនដី​ឡើង​វិញ ក្នុង​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ហើយ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​អស់​ការ​សង្ស័យ ថា​ព្រះ​មាន​សិទ្ធិ​គ្រប់គ្រង​ត្រឹម​ត្រូវ​ពេញ​ច្បាប់ ក្នុង​គ្រប់​ពេល​វេលា​ទាំង​អស់។​—⁠លោកុប្បត្តិ ៣:១៥; ទំនុកដំកើង ២:២​-​៩

៦, ៧​. (ក) តើ​ព្រះ​រាជាណាចក្រ​នៅ​ឯ​ណា ហើយ​អ្នក​ណា​ជា​ស្តេច និង​អ្នក​ណា​ជា​អ្នក​គ្រប់គ្រង​រួម​របស់​ទ្រង់? (ខ) តើ​អ្នក​ណា​ជា​អនុរាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​នោះ?

៦ ស្រប​តាម​សេចក្ដី​បកប្រែ​នៃ​បន្ទូល​របស់​ព្រះ​យេស៊ូ ដល់​ពួក​ផារីស៊ី​ដែល​ជា​មនុស្ស​អាក្រក់ នោះ​ទ្រង់​មាន​បន្ទូល​ថា៖ ‹ព្រះ​រាជាណាចក្រ​គឺ​នៅ​ក្នុង​អ្នក​រាល់​គ្នា​ហើយ›។ (លូកា ១៧:២១) តើ​ព្រះ​យេស៊ូ​ទ្រង់​មាន​ន័យ​ថា ព្រះ​រាជាណាចក្រ​គឺ​នៅ​ក្នុង​ចិត្ត​កំណាច​របស់​មនុស្ស​ពុក​រលួយ​ទាំង​នោះ​ឬ? គឺ​មិន​មែន​ទេ។ សេចក្ដី​បកប្រែ​ត្រឹម​ត្រូវ​ជាង​នេះ ពី​ភាសា​ក្រិក​ដើម​ដំបូង អាន​ដូច្នេះ​ថា៖ «ព្រះ​រាជាណាចក្រ​គឺ​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ហើយ»។ (សេចក្ដី​បកប្រែ​ពិភព​­លោក⁠ថ្មី) ព្រះ​យេស៊ូ​ដែល​គង់​នៅ​កណ្ដាល​ពួក​គេ គឺ​មាន​បន្ទូល​សំដៅ​ចំពោះ​ទ្រង់ ដែល​នឹង​គ្រប់គ្រង​ជា​ស្តេច នៅ​ពេល​អនាគត។ ព្រះ​រាជាណាចក្រ​នៃ​ព្រះ គឺ​មិន​មែន​ជា​អ្វី​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ចិត្ត​បុគ្គល​ណា​ម្នាក់​នោះ​ឡើយ តែ​ជា​រដ្ឋាភិបាល​ពិត​ប្រាកដ ដែល​មាន​អ្នក​គ្រប់គ្រង និង​អនុរាស្ត្រ​ផង។ នេះ​គឺ​ជា​រដ្ឋាភិបាល​ស្ថានសួគ៌ ដ្បិត​ត្រូវ​គេ​ហៅ​ថា​«ព្រះ​រាជាណាចក្រ​ស្ថានសួគ៌» និង«ព្រះរាជាណាចក្រ​នៃ​ព្រះ»។ (ម៉ាថាយ ១៣:១១; លូកា ៨:​១០, ព.ថ.) ក្នុង​ចក្ខុនិមិត្ត ព្យាការី​ដានីយ៉ែល​បាន​ឃើញ​អ្នក​គ្រប់គ្រង​នោះ ជា​«១​អង្គ​ដូច​ជា​កូន​មនុស្ស​ជាតិ» ដែល​បាន​ត្រូវ​នាំ​មក​នៅ​ចំពោះ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា ហើយ​បាន​ត្រូវ​ប្រទាន​ឲ្យ​មាន​«អំណាច​គ្រប់គ្រង នឹង​សិរី​ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង ដើម្បី​ឲ្យ​បណ្ដាជន​ទាំង​ឡាយ សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា បាន​គោរព​ដល់​ទ្រង់»។ (ដានីយ៉ែល ៧:១៣, ១៤) តើ​ស្តេច​នេះ​ជា​អ្នក​ណា? ព្រះ​គម្ពីរ​ហៅ​ព្រះ​យេស៊ូ​គ្រីស្ទ​ថា ជា​«កូន​មនុស្ស»។ (ម៉ាថាយ ១២:៤០; លូកា ១៧:២៦) ត្រូវ​ហើយ ព្រះ​យេហូវ៉ា​បាន​រើស​តាំង​ព្រះ​រាជបុត្រា​នៃ​ព្រះ​អង្គ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ ឲ្យ​សោយ​រាជ្យ​ជា​ស្តេច។

៧ ព្រះ​យេស៊ូ​មិន​មែន​គ្រប់គ្រង​តែ​ឯង​នោះ​ទេ។ គឺ​មាន​១៤៤.០០០​នាក់ ដែល​បាន​ត្រូវ​«លោះ​ពី​ផែនដី​ចេញ» ឲ្យ​ធ្វើ​ជា​ស្តេច​និង​សង្ឃ​រួបរួម​ជា​មួយ​នឹង​ទ្រង់។ (វិវរណៈ ៥:៩, ១០; ១៤:១, ៣; លូកា ២២:២៨​-​៣០) អនុរាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​ព្រះ នឹង​ជា​ក្រុម​គ្រួសារ​មនុស្ស​ទូទាំង​ពិភពលោក ដែល​ចុះ​ចូល​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​គ្រីស្ទ។ (ទំនុកដំកើង ៧២:៧, ៨) ប៉ុន្តែ ដូច​ម្ដេច​យើង​អាច​ដឹង​ជា​ប្រាកដ​ថា ព្រះ​រាជាណាចក្រ​នឹង​ពិត​ជា​បង្ហាញ​ឲ្យ​ឃើញ ថា​ព្រះ​គឺ​ជា​មហាក្សត្រ​ពិត​ត្រឹម​ត្រូវ​មែន ហើយ​នឹង​តាំង​ស្ថានភាព​ដ៏​សែន​មនោរម្យ លើ​ផែនដី​យើង​ឡើង​វិញ?

ហេតុ​ការណ៍​ពិត​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ

៨, ៩​. (ក) តើ​តាម​របៀប​ណា ដែល​យើង​អាច​ពន្យល់​ជា​ឧទាហរណ៍ ថា​សេចក្ដី​សន្យា អំពី​ព្រះរាជាណាចក្រ​របស់​ព្រះ គឺ​ទុក​ចិត្ត​ជឿ​បាន? (ខ) ហេតុ​អ្វី​យើង​អាច​ជឿជាក់ ថា​ព្រះ​រាជាណាចក្រ​គឺ​ជា​ហេតុ​ការណ៍​ពិត?

៨ សូម​នឹក​គិត​ថា​ភ្លើង​ឆេះ​បំផ្លាញ​ផ្ទះ​របស់​អ្នក។ ឥឡូវ​សំឡាញ់​ម្នាក់​ដែល​មាន​សមត្ថភាព សន្យា​ថា​នឹង​ជួយ​សង់​ផ្ទះ​អ្នក​ឡើង​វិញ ហើយ​នឹង​ជួយ​ផ្ដល់​ចំណី​អាហារ​ដល់​គ្រួសារ​របស់​អ្នក​ផង។ ប្រសិន​បើ​សំឡាញ់​នោះ​តែង​តែ​ស្មោះ​ត្រង់ មិន​ដែល​ពោល​ពាក្យ​កុហក​ម្ដង​ណា​សោះ តើ​អ្នក​មិន​ជឿ​គាត់​ទេ​ឬ? ឧបមា​ថា​អ្នក​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​បន្ទាប់ ហើយ​ឃើញ​ពួក​កម្មករ បាន​ចាប់​ផ្ដើម​បោស​សំអាត​របស់​កំទេច​កំ​ទី​ពី​ភ្លើង​ឆេះ ហើយ​ឃើញ​មាន​ចំណី​អាហារ រៀប​ចំ​ទុក​ឲ្យ​គ្រួសារ​អ្នក​ហើយ​ស្រេច។ ជា​ប្រាកដ អ្នក​នឹង​ទុក​ចិត្ត​ទាំង​ស្រុង​ថា បន្ដិច​ទៀត​គង់​តែ​អ្វីៗទាំង​អស់ នឹង​បាន​ត្រូវ​ធ្វើ​តាំង​ឡើង​វិញ​ជា​ថ្មី ហើយ​រឹតតែ​បាន​ល្អ​ជាង​មុន​ផង។

៩ ជា​ការ​ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ទ្រង់​ធានា​រ៉ាប់​រង​ដល់​យើង​ថា ព្រះ​រាជាណាចក្រ​គឺ​ជា​ហេតុ​ការណ៍​ពិត។ ដូច​បង្ហាញ​ក្នុង​សៀវភៅ​គម្ពីរ​ហេព្រើរ លក្ខណៈ​ជា​ច្រើន​ប្រភេទ​នៃ​ក្រិត្យ​វិន័យ បាន​បង្ហាញ​ឲ្យ​ឃើញ​ជា​មុន នូវ​របៀប​រៀប​ចំ​ព្រះ​រាជាណាចក្រ។ (ហេព្រើរ ១០:១) សេចក្ដី​ទាយ​ទុក​ថា ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នឹង​គឺ​ជា​យ៉ាង​ណា ក៏​អាច​ឃើញ​ច្បាស់​ដែរ ក្នុង​រាជាណាចក្រ​អ៊ីស្រាអែល​លើ​ផែនដី។ នោះ​មិន​មែន​ជា​រដ្ឋាភិបាល​ធម្មតា​ទេ ដ្បិត​ពួក​អ្នក​គ្រប់គ្រង​គឺ​គង់​លើ​«បល្ល័ង្ក​នៃ​ព្រះ​យេហូវ៉ា»។ (របាក្សត្រទី១ ២៩:⁠២៣) ម្យ៉ាង​ទៀត មាន​ទំនាយ​ដែល​ប្រាប់​ថា៖ «ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ឬ​អំណាច​គ្រប់គ្រង​ពី​ជើង​វា​ឡើយ ដរាប​ដល់​ស៊ីឡូរ​បាន​មក​ដល់ នោះ​បណ្ដាជន​ទាំង​ឡាយ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់»។ (លោកុប្បត្តិ ៤៩:១០)a ត្រូវ​ហើយ គឺ​ក្នុង​តំណ​ស្តេច​សាសន៍​យូដា​នេះ ដែល​ព្រះ​យេស៊ូ​ដ៏​ជា​ស្តេច​នៅ​ជាប់​គង់​វង់ នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ នឹង​ត្រូវ​មក​ចាប់​កំណើត។​—⁠លូកា ១:៣២, ៣៣

១០​. (ក) តើ​គ្រឹះ​នៃ​ព្រះ​រាជាណាចក្រ​មេស្ស៊ី​របស់​ព្រះ បាន​ត្រូវ​តាំង​ឡើង​នៅ​ពេល​ណា? (ខ) តើ​ពួក​អ្នក​គ្រប់គ្រង​រួម​របស់​ព្រះ​យេស៊ូ នឹង​នាំ​មុខ​ចាត់​ចែង​កិច្ចការ​ដ៏​សំខាន់​អ្វី​លើ​ផែនដី?

១០ (គ្រឹះ​ព្រះ​រាជាណាចក្រ​មេស្ស៊ី​របស់​ព្រះ បាន​ត្រូវ​តាំង​ឡើង ដោយ​ការ​ជ្រើសរើស​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ។ (អេភេសូរ ២:១៩, ២០; វិវរណៈ ២១:១៤) ពួក​គេ​ទាំង​នេះ​គឺ​ជា​ពួក​មួយ​ក្រុម​ដំបូង ពី​ចំណោម​១៤៤.០០០​នាក់ ដែល​នឹង​គ្រប់គ្រង​ជា​ស្តេច​រួបរួម ជា​មួយ​នឹង​ព្រះ​យេស៊ូ​ក្នុង​ស្ថានសួគ៌។ កាល​នៅ​លើ​ផែនដី ពួក​អ្នក​គ្រប់គ្រង​រួម​ទាំង​នេះ នឹង​នាំ​មុខ​ក្នុង​ប្រតិបត្ដិ​ការ​ធ្វើ​ទី​បន្ទាល់ ស្រប​តាម​បង្គាប់​របស់​ព្រះ​យេស៊ូ ដែល​ប្រាប់​ថា៖ «ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ»។​—⁠ម៉ាថាយ ២៨:១៩

១១​. តើ​កិច្ចការ​ផ្សាយ​ព្រះ​រាជាណាចក្រ កំពុង​ត្រូវ​ធ្វើ​ឡើង​យ៉ាង​ដូច​ម្ដេច​សព្វ​ថ្ងៃ​នេះ ហើយ​កំពុង​សម្រេច​បាន​អ្វី​ខ្លះ?

១១ សេចក្ដី​បង្គាប់​ដែល​ប្រាប់​ឲ្យ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​ជា​សិស្ស ឥឡូវ​នេះ​កំពុង​ត្រូវ​គេ​ប្រព្រឹត្ត​តាម​ដល់​កម្រិត​ច្រើន​បំផុត ដែល​ពុំ​ដែល​មាន​ដូច្នេះ​ឡើយ​កាល​ពី​មុន​មក។ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​ពាស​ពេញ​ពិភពលោក ­ស្រប⁠តាម​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ទាយ​ប្រាប់​ថា⁠៖ «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​[ព្រះរាជាណាចក្រ] នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។ (ម៉ាថាយ ២៤:១៤) ជា​លក្ខណៈ​មួយ​នៃ​កិច្ចការ​ផ្សាយ​ព្រះរាជាណាចក្រ កម្មវិធី​បង្រៀន​ដ៏​ធំ​មួយ​ក៏​កំពុង​ត្រូវ​គេ​ចាប់​អនុវត្ត​ឡើង។ ពួក​អ្នក​ដែល​ធ្វើ​តាម​វិន័យ​និង​គោលការណ៍ នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ គឺ​កំពុង​បាន​ពិសោធ​ទៅ​ហើយ នឹង​សន្ដិភាព​និង​សាមគ្គីភាព ដែល​រដ្ឋាភិបាល​មនុស្ស​មិន​អាច​រក​បាន​ឡើយ។ របស់​ទាំង​ប៉ុន្មាន​នេះ ផ្ដល់​ទី​សំអាង​យ៉ាង​ជាក់​ច្បាស់​ថា ព្រះ​រាជាណាចក្រ​នៃ​ព្រះ គឺ​ជា​ហេតុ​ការណ៍​ពិត​មែន​ទែន!

១២​. (ក) ហេតុ​អ្វី​ជា​ការ​សម​ត្រឹម​ត្រូវ ដោយ​ហៅ​ពួក​អ្នក​ផ្សាយ​ប្រកាស​ព្រះ​រាជាណាចក្រ ថា​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា? (ខ) តើ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ខុស​ពី​រដ្ឋាភិបាល​មនុស្ស​យ៉ាង​ដូច​ម្ដេច?

១២ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់ ពួក​សាសន៍​អ៊ីស្រាអែល​ថា៖ «ឯង​រាល់​គ្នា​ជា​ស្មរបន្ទាល់​របស់​អញ ហើយ​ជា​អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង»។ (អេសាយ ៤៣:​១០​-​១២) ព្រះយេស៊ូ​ដែល​ជា​«ស្មរបន្ទាល់​ស្មោះ​ត្រង់» បាន​ខំ​ខ្នះខ្នែង​ថ្លែង​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះរាជាណាចក្រ។ (វិវរណៈ ១:៥; ម៉ាថាយ ៤:១៧) ដូច្នេះ គឺ​ជា​ការ​ត្រឹមត្រូវ​ដែល​អ្នក​ផ្សាយ​ព្រះ​⁠រាជាណាចក្រ សម័យ​បច្ចុប្បន្ន​នេះ មាន​ឈ្មោះ​ដែល​ព្រះ​បាន​រើស​តាំង​គឺ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ហេតុ​អ្វី​ពួក​ស្មរបន្ទាល់​ចំណាយ​ពេល​និង​កម្លាំង​ច្រើន​យ៉ាង​នេះ ដើម្បី​និយាយ​ប្រាប់​អ្នក​ឯ​ទៀត អំពី​ព្រះរាជាណាចក្រ​នៃ​ព្រះ? ពួក​គេ​ធ្វើ​ដូច្នេះ ពីព្រោះ​ព្រះរាជាណាចក្រ គឺ​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់ សម្រាប់​មនុស្ស​ជាតិ។ រដ្ឋាភិបាល​មនុស្ស មិន​យូរ​មិន​ឆាប់​នឹង​កន្លង​ផុត​ទៅ តែ​ចំណែក​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​វិញ គឺ​មិន​ចេះ​កន្លង​ផុត​ទៅ​ឡើយ។ អេសាយ ៩:៦, ៧ ហៅ​ព្រះ​យេស៊ូ ដែល​ជា​អ្នក​គ្រប់គ្រង​នៃ​ព្រះ​រាជាណាចក្រ​នេះ​ថា​ជា «ម្ចាស់​នៃ​មេត្រីភាព» ហើយ​ប្រាប់​ថែម​ទៀត​ថា៖ «សេចក្ដី​ចំរើន​នៃ​រដ្ឋបាល​ទ្រង់​នឹង​សេចក្ដី​សុខសាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត»​ទៅ​ឡើយ។ ព្រះ​រាជាណាចក្រ​នៃ​ព្រះ​គឺ​មិន​ដូច​រដ្ឋាភិបាល​មនុស្ស​ទេ​—⁠មួយ​ថ្ងៃ​ស្ថិត​នៅ មួយ​ថ្ងៃ​ត្រូវ​គេ​ទម្លាក់​បាត់។ ប្រាកដ​ហើយ ដានីយ៉ែល ២:⁠៤៤ ចែង​ថា៖ «ព្រះ​នៃ​ស្ថានសួគ៌​ទ្រង់​នឹង​តាំង​[ព្រះរាជាណាចក្រ]​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ។ . . . [ព្រះ​រាជាណាចក្រ]​នោះ​នឹង​ស្ថិតស្ថេរ​នៅ​អស់កល្ប​ជានិច្ច»។

១៣​. (ក) តើ​បញ្ហា​អ្វី​ខ្លះ​ដែល​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នឹង​ដោះ​ស្រាយ​ឲ្យ​បាន​សម្រេច? (ខ) ហេតុ​អ្វី​យើង​អាច​ជឿជាក់​បាន​ថា សេចក្ដី​សន្យា​របស់​ព្រះ​នឹង​ត្រូវ​សម្រេច​ជា​ពិត​ប្រាកដ?

១៣ តើ​មាន​ស្តេច​មនុស្ស​ណា ដែល​អាច​សម្រេច​ជោគជ័យ ក្នុង​ការ​កំចាត់​សង្គ្រាម បទ​ឧក្រិដ្ឋ រោគ​ជម្ងឺ ការ​អត់​បាយ និង​ការ​គ្មាន​ផ្ទះ​សម្បែង​ទេ? ថែម​ទៅ​ទៀត តើ​អ្នក​គ្រប់គ្រង​ណា​មួយ​លើ​ផែនដី អាច​ប្រោស​មនុស្ស​ដែល​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​បាន? ព្រះរាជាណាចក្រ​នៃ​ព្រះ​និង​ស្តេច​គ្រប់គ្រង នឹង​ដោះ​ស្រាយ​រឿង​ទាំង​នេះ​បាន។ ព្រះ​រាជាណាចក្រ​នឹង​មិន​មាន​ខុស​ឆ្គង​ត្រង់​ណា​ឡើយ ដូច​របស់​ខូច​ប្រើ​ការ​មិន​កើត ដែល​ត្រូវ​ឲ្យ​គេ​ជួសជុល​មិន​ឈប់​មិន​ឈរ​នោះ។ ផ្ទុយ​ទៅ​វិញ ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នឹង​បាន​សម្រេច​ជោគជ័យ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​សន្យា​ថា៖ «ពាក្យ​អញ ដែល​ចេញ​ពី​មាត់​អញ​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​អញ​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សំ​រេ​ច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​អញ ហើយ​នឹង​ចំរើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ»។ (អេសាយ ៥៥:១១) គោល​បំណង​នៃ​ព្រះ​នឹង​បាន​សម្រេច ប៉ុន្តែ​នៅ​ពេល​ណា​ទើប​ព្រះ​រាជាណាចក្រ នឹង​ត្រូវ​ចាប់​ផ្ដើម​គ្រប់គ្រង?

ព្រះ​រាជាណាចក្រ​គ្រប់គ្រង​—⁠នៅ​ពេល​ណា?

១៤​. តើ​សិស្ស​របស់​ព្រះ​យេស៊ូ​មាន​ការ​យល់​ខុស​យ៉ាង​ដូច​ម្ដេច អំពី​ព្រះ​រាជាណាចក្រ ប៉ុន្តែ​ព្រះ​យេស៊ូ​ទ្រង់​ជ្រាប​យ៉ាង​ណា អំពី​ការ​គ្រប់គ្រង​របស់​ទ្រង់?

១៤ «ព្រះ​អម្ចាស់​អើយ តើ​នៅ​គ្រា​នេះ​ឬ​អី ដែល​ទ្រង់​នឹង​តាំង​[ព្រះ​រាជាណាចក្រ]​ឲ្យ​សាសន៍​អ៊ីស្រាអែល​ឡើង​វិញ​នោះ»? សំនួរ​ដែល​សួរ​ឡើង ដោយ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា កាល​នោះ​ពួក​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ អំពី​គោល​បំណង​របស់​ព្រះរាជាណាចក្រ​នៃ​ព្រះ និង​អំពី​ពេល​វេលា​កំណត់​ដែល​ព្រះ​រាជាណាចក្រ​នឹង​ចាប់​ផ្ដើម​គ្រប់គ្រង។ ព្រះ​យេស៊ូ​មាន​បន្ទូល​ព្រមាន​ពួក​គេ កុំ​ឲ្យ​គិត​ស្មាន​អំពី​រឿង​នេះ ដោយ​ប្រាប់​ថា៖ «មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពេល ដឹង​កំណត់ ដែល​ព្រះ​វរបិតា​បាន​ទុក​នៅ ក្នុង​អំណាច​របស់​ទ្រង់​នោះ​ឡើយ»។ ព្រះ​យេស៊ូ​ដឹង​ថា ការ​គ្រប់គ្រង​របស់​ទ្រង់​ទៅ​លើ​ផែនដី គឺ​បាន​ត្រូវ​បម្រុង​ទុក​សម្រាប់​គ្រា​អនាគត​ខាង​មុខ ជា​យូរ​ក្រោយ​ពី​ពេល​ទ្រង់​បាន​រស់​ឡើង​វិញ ហើយ​យាង​ឡើង​ទៅ​ឯ​ស្ថានសួគ៌​ផង។ (កិច្ចការ ១:៦​-​១១; លូកា ១៩:​១១, ១២, ១៥) បទ​គម្ពីរ​បាន​ទាយ​ប្រាប់​អំពី​រឿង​នេះ។ តើ​តាម​របៀប​ណា?

១៥​. តើ​តាម​របៀប​ណា​ដែល​ទំនុកដំកើង ១១០:១ ពន្យល់​បំភ្លឺ​ឲ្យ​យើង​យល់​ច្បាស់ អំពី​ពេល​វេលា​ដែល​ព្រះ​យេស៊ូ​នឹង​គ្រប់គ្រង?

១៥ ដោយ​ប្រើ​ទំនាយ​ថ្លែង​សំដៅ​ទៅ​ព្រះ​យេស៊ូ​ថា​ជា​«ព្រះ​អម្ចាស់» ស្តេច​ដាវីឌ​មាន​បន្ទូល​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដល់​ព្រះ​អម្ចាស់​នៃ​ទូល​បង្គំ​ថា⁠៖ ‹ចូរ​ឲ្យ​ឯង​អង្គុយ​នៅ​ខាង​ស្ដាំ​អញ ទាល់តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង›»។ (ទំនុកដំកើង ១១០:១; ប្រៀបធៀប កិច្ចការ ២:៣៤​-​៣៦) ទំនាយ​នេះ​បង្ហាញ​ថា ការ​គ្រប់គ្រង​របស់​ព្រះ​យេស៊ូ​នឹង​មិន​ចាប់​ផ្ដើម​ភ្លាមៗ ក្រោយ​ពេល​ទ្រង់​យាង​ឡើង​ទៅ​ស្ថានសួគ៌​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​នឹង​នៅ​ចាំ​នៅ​ខាង​ស្ដាំ​នៃ​ព្រះ​សិន។ (ហេព្រើរ ១០:​១២, ១៣) តើ​ទ្រង់​ត្រូវ​នៅ​ចាំ​ដល់​យូរ​ប៉ុន្មាន​ទៀត? តើ​ការ​គ្រប់គ្រង​របស់​ទ្រង់​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា? ព្រះ​គម្ពីរ​ជួយ​យើង ឲ្យ​រក​ចម្លើយ​ឃើញ។

១៦​. តើ​អ្វី​បាន​កើត​ឡើង​នៅ​ឆ្នាំ​៦០៧​ម.ស.យ. ហើយ​ព្រឹត្ដិការណ៍​នេះ​ទាក់ទង​នឹង​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​យ៉ាង​ដូច​ម្ដេច?

១៦ ទី​ក្រុង​តែ​មួយ​នៅ​លើ​ផែនដី​ទាំង​មូល ដែល​ព្រះ​យេហូវ៉ា​បាន​តាំង​ព្រះ​នាម​របស់​ទ្រង់​ទុក គឺ​ក្រុង​យេរូសាឡិម។ (ពង្សាវតារក្សត្រទី១ ១១:៣៦) ក្រុង​នេះ​ក៏​ជា​រាជធានី​នៃ​ព្រះរាជាណាចក្រ ដែល​ព្រះ​ទ្រង់​ទទួល​ស្គាល់​លើ​ផែនដី ដែល​មាន​បែប​ផែន​ដូច​ព្រះ​រាជាណាចក្រ នៃ​ព្រះ​ក្នុង​ស្ថានសួគ៌​ដែរ។ ដូច្នេះ សេចក្ដី​ហិនវិនាស​ដល់​ក្រុង​យេរូសាឡិម ដោយ​ពួក​បាប៊ីឡូន​នៅ​ឆ្នាំ​៦០៧​ម.ស.យ. គឺ​មាន​សារៈ​សំខាន់​ណាស់។ ព្រឹត្ដិការណ៍​នេះ​បាន​កត់​ចំណាំ គ្រា​ចាប់​ផ្ដើម​នៃ​ការ​រំខាន​ដ៏​យូរ ដល់​ការ​គ្រប់គ្រង​របស់​ព្រះ​ផ្ទាល់​លើ​ផែនដី។ ប្រហែល​ប្រាំ​មួយ​សតវត្ស​ក្រោយ​មក ព្រះ​យេស៊ូ​បង្ហាញ​ប្រាប់​ថា រយៈ​ពេល​គ្រប់គ្រង​ដោយ​មាន​ការ​រំខាន​នេះ មិន​ទាន់​ផុត​នៅ​ឡើយ​ទេ ដ្បិត​ទ្រង់​មាន​បន្ទូល​ថា៖ «ក្រុង​យេរូសាឡិម​នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់ឈ្លី ដរាប​ដល់​គ្រា​[កំណត់]​របស់​សាសន៍​ដទៃ​បាន​សំ​រេ​ច»។​—⁠លូកា ២១:២៤

១៧​. (ក) តើ​អ្វី​ជា«គ្រា​[កំណត់]​របស់​សាសន៍​ដទៃ» ហើយ​គ្រា​នេះ​មាន​រយៈ​ពេល​យូរ​ប៉ុន្មាន? (ខ) តើ«គ្រា​[កំណត់]​របស់​សាសន៍​ដទៃ» បាន​ចាប់​ផ្ដើម​ហើយ​ផុត​ទៅ​នៅ​ពេល​ណា?

១៧ ក្នុង​រយៈ​«គ្រា​[កំណត់]​របស់​សាសន៍​ដទៃ» រដ្ឋាភិបាល​លោកីយ៍​នឹង​មាន​សេចក្ដី​អនុញ្ញាត​ឲ្យ​ចូល​រំខាន​ដល់​ការ​គ្រប់គ្រង ដែល​ព្រះ​ទទួល​ស្គាល់។ រយៈ​កាល​នោះ​បាន​ចាប់​ផ្ដើម​ឡើង នៅ​ពេល​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​នៅ​ឆ្នាំ​៦០៧​ម.ស.យ. ហើយ​ដានីយ៉ែល​បាន​បង្ហាញ​ប្រាប់​ថា រយៈ​កាល​នោះ​នឹង​បន្ត​រហូត​ដល់​អស់​រយៈ​«៧​ខួប»។ (ដានីយ៉ែល ៤:២៣-២៥) តើ​៧​ខួប​នេះ​គឺ​យូរ​ប៉ុន្មាន​ទៅ? ព្រះ​គម្ពីរ​បង្ហាញ​ថា បី​«ខួប»​កន្លះ​គឺ​ស្មើ​នឹង​១.២៦០​ថ្ងៃ។ (វិវរណៈ ១២:​៦, ១៤) ពីរ​រយៈ​កាល​នោះ ឬ​ប្រាំ​ពីរ​ខួប គឺ​ត្រូវ​ជា ២.៥២០​ថ្ងៃ។ តែ​ឥត​មាន​ហេតុ​ការណ៍​អ្វី​ធំដុំ​បាន​កើត​ឡើង​ទេ ក្រោយ​រយៈ​ពេល​ដ៏​ខ្លី​នេះ។ ប៉ុន្តែ ដោយ​ចាត់​«១​ថ្ងៃ ទុក​ជា​១​ឆ្នាំ» សម្រាប់​ទំនាយ​របស់​ដានីយ៉ែល ហើយ​រាប់ ២.៥២០​ឆ្នាំ ពី​ឆ្នាំ​៦០៧​ម.ស.យ. នោះ​យើង​ក៏​រាប់​ឃើញ​ដល់​ឆ្នាំ​១៩១៤​ស.យ.។​—⁠ជនគណនា ១៤:៣៤; អេសេគាល ៤:៦

១៨​. តើ​ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ត​អ្វី មិន​យូរ​ក្រោយ​ពី​ទ្រង់​បាន​ទទួល​អំណាច​ព្រះ​រាជាណាចក្រ​ភ្លាម ហើយ​នេះ​បណ្ដាល​ឲ្យ​មាន​អ្វី​កើត​ឡើង​ដល់​ផែនដី?

១៨ តើ​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​សោយ​រាជ្យ ក្នុង​ស្ថានសួគ៌​នៅ​ពេល​នោះ​ឬ? ទី​សំអាង​ពី​បទ​គម្ពីរ ដែល​ប្រាប់​ថា​ទ្រង់​បាន​ចាប់​ផ្ដើម​សោយ​រាជ្យ​មែន នឹង​ត្រូវ​យក​មក​ពិចារណា​នៅ​ជំពូក​បន្ទាប់​នេះ។ ប្រាកដ​ហើយ កាល​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​គ្រប់គ្រង នោះ​ឥត​មាន​សន្ដិភាព​លើ​ផែនដី​ភ្លាមៗនោះ​ទេ។ វិវរណៈ ១២:៧​-​១២ បង្ហាញ​ថា ក្រោយ​ពេល​បាន​ទទួល​ព្រះរាជាណាចក្រ​ភ្លាម នោះ​ព្រះ​យេស៊ូ​ក៏​បោះ​ទម្លាក់​សាតាំង និង​ពួក​ទេវតា​អាក្រក់​របស់​វា​ចេញ​ពី​ស្ថានសួគ៌។ នេះ​គឺ​បាន​សេចក្ដី​ថា ផែនដី​នឹង​ជួបប្រទះ​នឹង​សេចក្ដី​វេទនា ប៉ុន្តែ​យើង​គួរ​បាន​ធូរ​ចិត្ត​វិញ ដោយ​បាន​អាន​ដឹង​ថា អារក្ស​នេះ​មាន​សល់​«ពេល​វេលា . . . ខ្លី​ណាស់»។ មិន​យូរ​ទេ យើង​នឹង​អាច​ត្រេកអរ​ឡើង គឺ​មិន​មែន​ត្រេកអរ ពីព្រោះ​តែ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ គ្រប់គ្រង​ប៉ុណ្ណោះ​នោះ​ទេ គឺ​ពីព្រោះ​ព្រះ​រាជាណាចក្រ​នឹង​ប្រទាន​ពរ ដល់​ផែនដី​និង​មនុស្ស​ជាតិ ដែល​ស្ដាប់​បង្គាប់​ផង។ (ទំនុកដំកើង ៧២:​៧, ៨) តើ​ដូច​ម្ដេច​យើង​អាច​ដឹង​ថា ការ​នេះ​នឹង​កើត​ឡើង ក្នុង​ពេល​ឆាប់ៗនេះ?

[កំណត់​សម្គាល់]

a ឈ្មោះ​ស៊ីឡូរ​នេះ​មាន​ន័យ​ថា «ទ្រង់​នេះ​ហើយ​ជា​ម្ចាស់; ជា​របស់​ទ្រង់​នេះ​ហើយ»។ ដល់​ក្រោយ​មក «ស៊ីឡូរ»​នេះ​គឺ​ឃើញ​ច្បាស់​ថា​ជា​ព្រះ​យេស៊ូ​គ្រីស្ទ ជា​«សត្វ​សិង្ហ​ដែល​កើត​ពី​ពូជ​អំបូរ​យូដា»។ (វិវរណៈ ៥:៥) គម្ពីរ​សញ្ញា​ចាស់​ភាសា​អារ៉ាម​នៃ​សាសន៍​យូដា​ខ្លះ​ប្រើ​ពាក្យ​«ព្រះមេស្ស៊ី» ឬ​«ស្តេច​មេស្ស៊ី» ជំនួស​ពាក្យ​«ស៊ីឡូរ»​នេះ​តែ​ម្ដង។

សាកល្បង​ចំណេះ​របស់​អ្នក

តើ​អ្វី​ជា​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ហើយ​គ្រប់គ្រង​ពី​កន្លែង​ណា?

តើ​អ្នក​ណា​គ្រប់គ្រង​ក្នុង​ព្រះ​រាជាណាចក្រ ហើយ​តើ​ពួក​ណា​ជា​អនុរាស្ត្រ?

តើ​ព្រះ​យេហូវ៉ា​បាន​រ៉ាប់​រង​ដល់​យើង​យ៉ាង​ដូច​ម្ដេច​ថា ព្រះ​រាជាណាចក្រ​របស់​ទ្រង់​គឺ​ជា​ហេតុ​ការណ៍​ពិត?

តើ«គ្រា​[កំណត់]​របស់​សាសន៍​ដទៃ» បាន​ចាប់​ផ្ដើម​ហើយ​ចប់​នៅ​ពេល​ណា?

[ប្រអប់​នៅ​ទំព័រ​៩៤]

ព្រឹត្ដិការណ៍​សំខាន់ៗខ្លះ ដែល​ទាក់ទង​នឹង​ព្រះ​រាជាណាចក្រ​នៃ​ព្រះ

• ព្រះ​យេហូវ៉ា​ប្រកាស​ប្រាប់​ថា​ទ្រង់​មាន​គោល​បំណង​បង្កើត​«ពូជ»​មួយ ដើម្បី​នឹង​កិន​កំទេច​ក្បាល​ពស់ ដែល​ជា​អារក្ស​សាតាំង។​—⁠លោកុប្បត្តិ ៣:១៥

• នៅ​ឆ្នាំ​១៩៤៣​ម.ស.យ. ព្រះ​យេហូវ៉ា​បង្ហាញ​ប្រាប់​ថា «ពូជ»​នេះ​នឹង​ត្រូវ​ជា​កូន​ចៅ​សាច់​ឈាម​របស់​លោក​អ័ប្រាហាំ។​—⁠លោកុប្បត្តិ ១២:១​-​៣, ៧; ២២:១៨

• កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​ប្រគល់​ឲ្យ​អ៊ីស្រាអែល​នៅ​ឆ្នាំ​១៥១៣​ម.ស.យ. ផ្ដល់​នូវ​«ស្រមោល ពី​សេចក្ដី​ល្អ​ដែល​ត្រូវ​មក»។​—⁠និក្ខមនំ ២៤:៦​-​៨; ហេព្រើរ ១០:១

• រាជាណាចក្រ​អ៊ីស្រាអែល​លើ​ផែនដី​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១១១៧​ម.ស.យ. ហើយ​នៅ​ស្ថិត​ស្ថេរ​ក្រោយ​មក​ទៀត​ក្នុង​វង្ស​ត្រកូល​ស្តេច​ដាវីឌ។​—⁠សាំយូអែលទី១ ១១:១៥; សាំយូអែលទី២ ៧:​៨, ១៦

• ក្រុង​យេរូសាឡិម​ត្រូវ​បំផ្លិច​បំផ្លាញ​ទៅ​នៅ​ឆ្នាំ ៦០៧ ម.ស.យ. ហើយ​«គ្រា​[កំណត់]​របស់​សាសន៍​ដទៃ» ក៏​បាន​ចាប់​ផ្ដើម។​—⁠ពង្សាវតារក្សត្រទី២ ២៥:៨​-​១០, ២៥, ២៦; លូកា ២១:២៤

• នៅ​ឆ្នាំ​២៩ ស.យ. ព្រះ​យេស៊ូ​បាន​ត្រូវ​ព្រះ​រើស​តាំង ទុក​ឲ្យ​សោយ​រាជ្យ​ជា​ស្តេច ហើយ​ទ្រង់​ចាប់​ធ្វើ​កិច្ច​បំរើ​របស់​ទ្រង់​នៅ​លើ​ផែនដី។​—⁠ម៉ាថាយ ៣:១៦, ១៧; ៤:១៧; ២១:៩​-​១១

• នៅ​ឆ្នាំ​៣៣​ស.យ. ព្រះ​យេស៊ូ​យាង​ឡើង​ទៅ​ស្ថានសួគ៌ ហើយ​នៅ​ចាំ​ឯ​ខាង​ស្ដាំ​នៃ​ព្រះ ដរាប​ដល់​ទ្រង់​ចាប់​ផ្ដើម​គ្រប់គ្រង។​—⁠កិច្ចការ ៥:៣០, ៣១; ហេព្រើរ ១០:១២, ១៣

• ព្រះ​យេស៊ូ​ឡើង​សោយ​រាជ្យ ក្នុង​ព្រះ​រាជាណាចក្រ​ស្ថានសួគ៌​នៅ​ឆ្នាំ​១៩១៤​ស.យ. ពេល​«គ្រា​[កំណត់]​របស់​សាសន៍​ដទៃ»​បាន​ផុត​ទៅ។​—⁠វិវរណៈ ១១:១៥

• សាតាំង​និង​ពួក​អារក្ស​របស់​វា​ត្រូវ​បោះ​ទម្លាក់​មក​ឯ​ទី​ក្បែរៗផែនដី ហើយ​ធ្វើ​ឲ្យ​មនុស្ស​ជាតិ​មាន​សេចក្ដី​វេទនា​កាន់​តែ​ខ្លាំង​ឡើង។​—⁠វិវរណៈ ១២:៩​-​១២

• ព្រះ​យេស៊ូ​នៅ​ត្រួតត្រា​មើល ការ​ផ្សាយ​ប្រកាស​ពាស​ពេញ​ពិភពលោក អំពី​ដំណឹង​ល្អ​ដែល​សម្ដែង​ពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។​—⁠ម៉ាថាយ ២៤:១៤; ២៨:១៩, ២០

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក