បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bhs ជំ. ៨ ទំ. ៨៣-៩៣
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
  • តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • អានក្នុង ព្រះគម្ពីរបង្រៀន
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?
  • តើ​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​អ្វី​ខ្លះ?
  • តើ​លោក​យេស៊ូ​បាន​ក្លាយ​ទៅ​ជា​ស្តេច​នៅ​ពេល​ណា?
  • តើអ្វីជាព្រះរាជាណាចក្រនៃព្រះ?
    តើព្រះតម្រូវអ្វីពីយើង?
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    ព្រះមានដំណឹងល្អសម្រាប់យើង!
  • ព្រះរាជាណាចក្រនៃព្រះកាន់អំណាចគ្រប់គ្រង
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
មើលបន្ថែមទៀត
តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
bhs ជំ. ៨ ទំ. ៨៣-៩៣

ជំពូក​ទី​៨

តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

១​. ឥឡូវ​យើង​នឹង​ពិចារណា​អំពី​សេចក្ដី​អធិដ្ឋាន​ដ៏​ល្បី​មួយ តើ​នោះ​ជា​អ្វី?

មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក​ស្គាល់​សេចក្ដី​អធិដ្ឋាន​ដ៏​ល្បី​មួយ​ដែល​ហៅ​ថា សេចក្ដី​អធិដ្ឋាន​របស់​លោក​ម្ចាស់ ឬ​សេចក្ដី​អធិដ្ឋាន​ទៅ​បិតា​របស់​យើង។ លោក​យេស៊ូ​បាន​ប្រើ​សេចក្ដី​អធិដ្ឋាន​នេះ​ដើម្បី​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​ចេះ​អធិដ្ឋាន។ តើ​លោក​អធិដ្ឋាន​អំពី​អ្វី? ហេតុ​អ្វី​សេចក្ដី​អធិដ្ឋាន​នេះ​គឺ​សំខាន់​ចំពោះ​យើង​សព្វ​ថ្ងៃ​នេះ?

២​. តើ​អ្វី​ជា​សំណូម​ពរ​សំខាន់​បី​យ៉ាង​ដែល​លោក​យេស៊ូ​បាន​បង្រៀន​យើង​ឲ្យ​អធិដ្ឋាន​សូម​នោះ?

២ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​អធិដ្ឋាន​តាម​របៀប​នេះ​វិញ​៖ ‹ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។ សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែន​ដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ›​»។ (​សូម​អាន ម៉ាថាយ ៦:៩​-​១៣​) ហេតុ​អ្វី​លោក​យេស៊ូ​បង្រៀន​យើង​ឲ្យ​ធ្វើ​សំណូម​ពរ​បី​យ៉ាង​នេះ​ក្នុង​សេចក្ដី​អធិដ្ឋាន? (​សូម​មើលលេខ​២០​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។

៣​. តើ​យើង​ត្រូវ​ដឹង​អ្វី​អំពី​រាជាណាចក្រ​ព្រះ?

៣ យើង​បាន​រៀន​ហើយ​ថា​នាម​របស់​ព្រះ​គឺ​យេហូវ៉ា។ យើង​ក៏​បាន​ពិចារណា​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​សម្រាប់​មនុស្សជាតិ​និង​សម្រាប់​ផែន​ដី​ដែរ។ ប៉ុន្តែ តើ​លោក​យេស៊ូ​ចង់​បញ្ជាក់​អំពី​អ្វី​ពេល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់​»​? យើង​នឹង​រៀន​ថា​រាជាណាចក្រ​ព្រះ​ជា​អ្វី ហើយ​ថា​រាជាណាចក្រ​នោះ​នឹង​ធ្វើ​អ្វី ថែម​ទាំង​រៀន​អំពី​របៀប​ដែល​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ។

តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

៤​. តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី ហើយ​តើ​អ្នក​ណា​ជា​ស្តេច​នៃ​រាជាណាចក្រ​នោះ?

៤ ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​រដ្ឋាភិបាល​មួយ​នៅ​ស្ថាន​សួគ៌ ហើយ​លោក​បាន​តែង​តាំងលោក​យេស៊ូ​ជា​ស្តេច។ គម្ពីរ​ហៅ​រដ្ឋាភិបាល​នេះ​ថា​រាជាណាចក្រ​ព្រះ។ លោក​យេស៊ូ​គឺ​ជា​«​ស្តេច​លើ​អស់​អ្នក​ដែល​គ្រប់​គ្រង​ជា​ស្តេច និង​ជា​ម្ចាស់​លើ​អស់​អ្នក​ដែល​គ្រប់​គ្រង​ជា​ម្ចាស់​»។ (​ធីម៉ូថេ​ទី១ ៦:១៥​) លោក​យេស៊ូ​អាច​ផ្ដល់​ប្រយោជន៍​ដល់​មនុស្សជាតិ​ច្រើន​ជាង​អ្នក​គ្រប់​គ្រង​ទាំង​អស់ ហើយ​លោក​មាន​អំណាច​ខ្លាំង​ក្លា​ជាង​អ្នក​គ្រប់​គ្រង​ទាំង​នោះ សូម្បី​តែ​ពួក​គេ​រួម​គ្នា​ក៏​គ្មាន​អំណាច​ស្មើ​នឹង​លោក​ដែរ។

៥​. តើ​រដ្ឋាភិបាល​របស់​ព្រះ​នឹង​គ្រប់​គ្រង​មក​ពី​ណា? តើ​រដ្ឋាភិបាល​នោះ​នឹង​គ្រប់​គ្រង​មក​លើ​អ្វី?

៥ សែសិប​ថ្ងៃ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ។ នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​បាន​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​ស្តេច​នៃ​រាជាណាចក្រ​ព្រះ។ (​សកម្មភាព ២:៣៣​) រដ្ឋាភិបាល​របស់​ព្រះ​នឹង​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌​មក​លើ​ផែន​ដី។ (​ការ​បើក​បង្ហាញ ១១:១៥​) ហេតុ​នេះ​ហើយ គម្ពីរ​ហៅ​រាជាណាចក្រ​របស់​ព្រះ​ថា‹រាជាណាចក្រ​នៅ​ស្ថាន​សួគ៌›។—ធីម៉ូថេ​ទី២ ៤:១៨

៦, ៧​. ហេតុ​អ្វី​លោក​យេស៊ូ​អស្ចារ្យ​ជាង​ស្តេច​ទាំង​អស់​ដែល​ជា​មនុស្ស?

៦ គម្ពីរ​ប្រាប់​ថា​លោក​យេស៊ូ​គឺ​អស្ចារ្យ​ជាង​ស្តេច​ទាំង​អស់​ដែល​ជា​មនុស្សជាតិ ពី​ព្រោះ​លោក​«​តែ​មួយ​ដែល​មាន​ជីវិត​អមតៈ​»។ (​ធីម៉ូថេ​ទី១ ៦:១៦​) នៅ​ទី​បំផុត អ្នក​គ្រប់​គ្រង​ដែល​ជា​មនុស្ស​នឹង​ស្លាប់​ទៅ​វិញ ប៉ុន្តែ​លោក​យេស៊ូ​នឹង​មិន​ស្លាប់​ឡើយ។ ដូច្នេះ លោក​យេស៊ូ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​យើង​ជា​រៀង​រហូត។

៧ ទំនាយ​ក្នុង​គម្ពីរ​ប្រាប់​ថា​លោក​យេស៊ូ​នឹង​ទៅ​ជា​ស្តេច​ដែល​មាន​យុត្ដិធម៌​និង​មេត្ដា​ករុណា។ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា នឹង​សណ្ឋិត​នៅ​លើ​អ្នក​នោះ គឺ​ជា​ព្រះ​វិញ្ញាណ​នៃ​ប្រាជ្ញា​នឹង​យោបល់ ជា​ព្រះ​វិញ្ញាណ​នៃ​គំនិត​វាង​វៃ នឹង​ឫទ្ធានុភាព ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង នឹង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា អ្នក​នោះ​នឹង​វៃ​រហ័ស​ចំពោះ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​នឹង​ជំនុំ​ជំ​រះ មិន​មែន​តាម​ភ្នែក​មើល​ឃើញ ឬ​សំ​រេច​សេចក្ដី[​ឲ្យ​ឱវាទ​]តាម​ត្រចៀក​ស្ដាប់​ឮ​នោះ​ឡើយ គឺ​នឹង​ជំនុំ​ជំ​រះ​ពួក​ទាល់​ក្រ​ដោយ​សេចក្ដី​សុចរិត[​យុត្ដិធម៌​]​»។ (​អេសាយ ១១:២​-​៤​) តើ​អ្នក​ចង់​មាន​ស្តេច​ដែល​មាន​លក្ខណៈ​បែប​នេះ​ឬ​ទេ?

៨​. តើ​តាម​របៀប​ណា​យើង​ដឹង​ថា​លោក​យេស៊ូ​នឹង​មិន​គ្រប់​គ្រង​តែ​ម្នាក់​ឯង?

៨ ព្រះ​បាន​ជ្រើស​រើស​មនុស្ស​ខ្លះ​ឲ្យ​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​ក្នុង​រដ្ឋាភិបាល​ស្ថាន​សួគ៌។ ជា​ឧទាហរណ៍ សាវ័ក​ប៉ូល​បាន​ប្រាប់​ធីម៉ូថេ​ថា​៖ ​«​ប្រសិន​បើ​យើង​បន្ត​ស៊ូ​ទ្រាំ យើង​នឹង​គ្រប់​គ្រង​ជា​ស្តេច​ជា​មួយ​នឹង​លោក​»។ (​ធីម៉ូថេ​ទី២ ២:១២​) តើ​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​ស្តេច​ជា​មួយ​នឹង​លោក​យេស៊ូ​មាន​ចំនួន​ប៉ុន្មាន​នាក់?

៩​. តើ​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​មាន​ចំនួន​ប៉ុន្មាន​នាក់? តើ​ព្រះ​ចាប់​ផ្ដើម​ជ្រើស​រើស​ពួក​គាត់​តាំង​ពី​ពេល​ណា​មក?

៩ ដូច​ដែល​យើង​បាន​រៀន​ក្នុងជំពូក​ទី​៧ សាវ័ក​យ៉ូហាន​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ថា​លោក​យេស៊ូ​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ជា​មួយ​នឹង​ស្តេច​១៤៤.០០០​នាក់​ទៀត។ តើ​ស្តេច​១៤៤.០០០​នាក់​នោះ​ជា​នរណា? យ៉ូហាន​ពន្យល់​ថា​ពួក​គាត់​មាន​«​នាម​របស់​លោក[​យេស៊ូ​]និង​នាម​របស់​បិតា​លោក​បាន​ត្រូវ​សរសេរ​នៅ​លើ​ថ្ងាស​ពួក​គាត់។ ពួក​គាត់​ដើរ​តាម​កូន​ចៀម​ជាប់[​គឺ​លោក​យេស៊ូ​]ទោះ​ជា​លោក​ទៅ​កន្លែង​ណា​ក៏​ដោយ។ ពួក​គាត់​បាន​ត្រូវ​ទិញ​ពី​ចំណោម​មនុស្សជាតិ​»។ (​សូម​អាន ការ​បើក​បង្ហាញ ១៤:១, ៤​) ពួក​១៤៤.០០០​នាក់​គឺ​ជា​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​ដែល​ព្រះ​បាន​រើស​តាំង​ឲ្យ​«​ធ្វើ​ជា​ស្តេច​គ្រប់​គ្រង​លើ​ផែន​ដី​»​ជា​មួយ​នឹង​លោក​យេស៊ូ។ ពេល​ពួក​គេ​ស្លាប់ ពួក​គេ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌។ (​ការ​បើក​បង្ហាញ ៥:១០​) តាំង​ពី​សម័យ​ពួក​សាវ័ក​មក ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​ដើម្បី​បង្គ្រប់​ចំនួន​ស្តេច​១៤៤.០០០​នាក់។

១០​. ហេតុ​អ្វី​ការ​ដែល​ព្រះ​យេហូវ៉ា​ជ្រើស​រើស​លោក​យេស៊ូ​និង​ពួក​១៤៤.០០០​នាក់​ឲ្យ​គ្រប់​គ្រង​លើ​មនុស្សជាតិ បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​របស់​លោក?

១០ ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​ខ្លាំង​ណាស់​បាន​ជា​លោក​រៀប​ចំ​ឲ្យ​មនុស្ស​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ។ លោក​យេស៊ូ​នឹង​ទៅ​ជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​ពី​ព្រោះ​លោក​យល់​អំពី​អារម្មណ៍​យើង។ លោក​យេស៊ូ​ធ្លាប់​ជា​មនុស្ស​ហើយ​ធ្លាប់​រង​ការ​ឈឺ​ចាប់​ដូច​មនុស្ស​ដែរ។ ប៉ូល​បាន​និយាយ​ថា​លោក​យេស៊ូ​យល់​អំពី​អារម្មណ៍​របស់​យើង ហើយ​លោក​អាច​«​យល់​ភាព​ទន់​ខ្សោយ​របស់​យើង​»​ ដោយ​សារ​លោក​«​បាន​ត្រូវ​ល្បង​ល​គ្រប់​ជំពូក​ដូច​យើង​ដែរ​»។ (​ហេប្រឺ ៤:១៥; ៥:៨​) ពួក​១៤៤.០០០​នាក់​ក៏​ធ្លាប់​ជា​មនុស្ស​ដែរ ហើយ​ពួក​គាត់​ជួប​ទុក្ខ​លំបាក​ដែល​មក​ពី​ភាព​ខុស​ឆ្គង​និង​ជំងឺ។ ដូច្នេះ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​លោក​យេស៊ូ​និង​ពួក​១៤៤.០០០​នាក់​មិន​គ្រាន់​តែ​យល់​អំពី​អារម្មណ៍​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ពួក​គាត់​ក៏​យល់​អំពី​បញ្ហា​ទាំង​ប៉ុន្មាន​ដែល​យើង​ជួប​ប្រទះ​ដែរ។

តើ​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​អ្វី​ខ្លះ?

១១​. ហេតុ​អ្វី​លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​សុំ​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​បាន​សម្រេច​នៅ​ផែន​ដី​ដូច​នៅ​ស្ថាន​សួគ៌​ដែរ?

១១ លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​សុំ​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​បាន​សម្រេច​នៅ​ផែន​ដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ។ ហេតុ​អ្វី? ពី​ព្រោះ​យើង​បាន​រៀន​ក្នុងជំពូក​ទី៣ថា​មេ​កំណាច​សាថាន​បាន​ប្រឆាំង​បះ​បោរ​នឹង​ព្រះ​យេហូវ៉ា។ ក្រោយ​ពី​ការ​ប្រឆាំង​បះ​បោរ​នោះ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​សាថាន​និង​ទេវតា​មិន​ស្មោះ​ត្រង់ ឬ​ពួក​វិញ្ញាណ​កំណាច​ស្ថិត​នៅ​ស្ថាន​សួគ៌​អស់​មួយ​រយៈ​ពេល។ ហេតុ​នេះ មិន​មែន​បុគ្គល​វិញ្ញាណ​ទាំង​អស់​នៅ​ស្ថាន​សួគ៌​កំពុង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ឡើយ។ ក្នុងជំពូក​ទី​១០ យើង​នឹង​រៀន​ថែម​ទៀត​អំពី​សាថាន​និង​ពួក​វិញ្ញាណ​កំណាច។

១២​. តើ​ការ​បើក​បង្ហាញ ១២:១០ រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ដ៏​សំខាន់​ពីរ​យ៉ាង​អ្វី?

១២ គម្ពីរ​ពន្យល់​ថា​មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​ទទួល​អំណាច​គ្រប់​គ្រង​ជា​ស្តេច​ក្នុង​រាជាណាចក្រ​របស់​ព្រះ លោក​បាន​ច្បាំង​នឹង​សាថាន។ (​សូម​អាន ការ​បើក​បង្ហាញ ១២:៧​-​១០​) ខ​១០​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ដ៏​សំខាន់​ពីរ គឺ​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​ដោយ​មាន​លោក​យេស៊ូ​ជា​ស្តេច ហើយ​សាថាន​បាន​ត្រូវ​បោះ​ទម្លាក់​មក​ផែន​ដី។ កាល​ដែល​យើង​រៀន​ថែម​ទៀត យើង​នឹង​ដឹង​ថា​ព្រឹត្ដិការណ៍​ទាំង​នេះ​បាន​កើត​ឡើង​រួច​ទៅ​ហើយ។

១៣​. តើ​មាន​អ្វី​កើត​ឡើង​នៅ​ស្ថាន​សួគ៌​ពេល​សាថាន​បាន​ត្រូវ​បោះ​ទម្លាក់​ចេញ?

១៣ គម្ពីរ​ប្រាប់​អំពី​អំណរ​ដែល​ពួក​ទេវតា​ស្មោះ​ត្រង់​មាន ក្រោយ​ពី​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​បាន​ត្រូវ​បោះ​ទម្លាក់​ពី​ស្ថាន​សួគ៌។ គម្ពីរ​ចែង​ថា​៖ ​«​ស្ថាន​សួគ៌​និង​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ស្ថាន​សួគ៌​អើយ ចូរ​រីក​រាយ​ចុះ​»។ (​ការ​បើក​បង្ហាញ ១២:១២​) ឥឡូវ​នេះ នៅ​ស្ថាន​សួគ៌​មាន​សេចក្ដី​សុខ​សាន្ត​និង​សាមគ្គី​ភាព​យ៉ាង​ពេញ​លេញ ពី​ព្រោះ​បុគ្គល​វិញ្ញាណ​ទាំង​អស់​ដែល​នៅ​ស្ថាន​សួគ៌​កំពុង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។

ទិដ្ឋភាពដែលគួរឲ្យរន្ធត់រួមមានសង្គ្រាម ឧក្រិដ្ឋកម្មនិងការបំផ្លាញបរិស្ថាន

តាំង​ពី​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​បាន​ត្រូវ​បោះ​ទម្លាក់​ពី​ស្ថាន​សួគ៌ នោះ​មាន​ទុក្ខ​វេទនា​កាន់​តែ​ច្រើន​នៅ​ផែន​ដី។ នៅ​ពេល​ឆាប់​ៗ​នេះ ទុក្ខ​វេទនា​នឹង​លែង​មាន​ទៀត

១៤​. ដោយ​សារ​សាថាន​បាន​ត្រូវ​បោះ​ទម្លាក់​ពី​ស្ថាន​សួគ៌ តើ​មាន​អ្វី​កើត​ឡើង​ដល់​ផែន​ដី?

១៤ ផ្ទុយ​ទៅ​វិញ ស្ថានភាព​នៅ​ផែន​ដី​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់។ ទុក្ខ​វេទនា​ជា​ច្រើន​បាន​កើត​ឡើង​ដល់​មនុស្សជាតិ‹ពី​ព្រោះ​មេ​កំណាច​បាន​ចុះ​មក› ហើយ​វា​«​មាន​កំហឹង​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា​វា​មាន​ពេល​តែ​បន្ដិច​បន្តួច​»។ (​ការ​បើក​បង្ហាញ ១២:១២​) សាថាន​មាន​កំហឹង​យ៉ាង​ខ្លាំង។ វា​បាន​ត្រូវ​បោះ​ទម្លាក់​ពី​ស្ថាន​សួគ៌ ហើយ​វា​ដឹង​ថា​វា​នឹង​ត្រូវ​បំផ្លាញ​ចោល​ក្នុង​ពេល​ឆាប់​ៗ​នេះ។ វា​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​ទុក្ខ​វេទនា​និង​ការ​ឈឺ​ចាប់​ទូ​ទាំង​ពិភព​លោក។

១៥​. តើ​បំណង​ប្រាថ្នា​របស់​ព្រះ​សម្រាប់​ផែន​ដី​ជា​អ្វី?

១៥ ប៉ុន្តែ បំណង​ប្រាថ្នា​របស់​ព្រះ​សម្រាប់​ផែន​ដី​មិន​បាន​ផ្លាស់​ប្ដូរ​ទេ។ លោក​នៅ​តែ​ចង់​ឲ្យ​មនុស្ស​ល្អ​ឥត​ខ្ចោះ​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន។ (​ទំនុក​តម្កើង ៣៧:២៩​) ដូច្នេះ តើ​រាជាណាចក្រ​របស់​ព្រះ​អាច​សម្រេច​បំណង​ប្រាថ្នា​របស់​លោក​យ៉ាង​ដូច​ម្ដេច?

១៦, ១៧​. តើ​ដានីយ៉ែល ២:៤៤ ប្រាប់​យើង​អ្វី​ខ្លះ​អំពី​រាជាណាចក្រ​របស់​ព្រះ?

១៦ ទំនាយ​ក្នុង​ដានីយ៉ែល ២:៤៤​ចែង​ថា​៖ ​«​រីឯ​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ[​រាជាណាចក្រ​]១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច​»។ តើ​ទំនាយ​នេះ​បង្រៀន​យើង​អ្វី​អំពី​រាជាណាចក្រ​របស់​ព្រះ?

១៧ ទី១ ខ​នោះ​ប្រាប់​យើង​ឲ្យ​ដឹង​ថា​រាជាណាចក្រ​របស់​ព្រះ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​«​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ​»។ នេះ​មាន​ន័យ​ថា​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង នៅ​ពេល​ដែល​មាន​រដ្ឋាភិបាល​ឯ​ទៀត​នៅ​ផែន​ដី​នៅ​ឡើយ។ ទី២ ខ​នោះ​ប្រាប់​ថា​រាជាណាចក្រ​របស់​ព្រះ​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត ហើយ​គ្មាន​រដ្ឋាភិបាល​ណា​ផ្សេង​ទៀត​មក​គ្រប់​គ្រង​ជំនួស​ឡើយ។ ទី៣ ខ​នោះ​ថែម​ទាំង​ប្រាប់​យើង​ឲ្យ​ដឹង​ថា​នឹង​មាន​សង្គ្រាម​រវាង​រាជាណាចក្រ​របស់​ព្រះ និង​រដ្ឋាភិបាល​ទាំង​ប៉ុន្មាន​របស់​ពិភព​លោក​នេះ។ រាជាណាចក្រ​របស់​ព្រះ​នឹង​ទទួល​ជ័យ​ជម្នះ ហើយ​ក្លាយ​ទៅ​ជា​រដ្ឋាភិបាល​តែ​មួយ​គត់ដែល​នឹង​គ្រប់​គ្រង​លើ​ផែន​ដី​ទាំង​មូល។ ពេល​នោះ មនុស្សជាតិ​នឹង​មាន​រដ្ឋាភិបាល​ដ៏​ល្អ​បំផុត។

១៨​. តើ​សង្គ្រាម​ចុង​ក្រោយ​រវាង​រាជាណាចក្រ​របស់​ព្រះ​និង​រដ្ឋាភិបាល​ក្នុង​ពិភព​លោក​នេះ​បាន​ត្រូវ​ហៅ​ថា​អ្វី?

១៨ តើ​តាម​របៀប​ណា​រាជាណាចក្រ​របស់​ព្រះ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​មក​លើ​ផែន​ដី? មុន​សង្គ្រាម​ចុង​ក្រោយ​ដែល​ហៅ​ថា​សង្គ្រាម​ហាម៉ាគេដូន ពួក​វិញ្ញាណ​កំណាច​នឹង​បំភាន់​«​ស្តេច​ទាំង​ឡាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី . . . ដើម្បី​ប្រមូល​ស្តេច​ទាំង​នោះ​សម្រាប់​សង្គ្រាម​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»។ ពិត​ណាស់ រដ្ឋាភិបាល​របស់​មនុស្ស​នឹង​ច្បាំង​រាជាណាចក្រ​របស់​ព្រះ (​សូម​មើលលេខ​១០​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។—ការ​បើក​បង្ហាញ ១៦:១៤, ១៦

១៩, ២០​. ហេតុ​អ្វី​យើង​ត្រូវ​ការ​រាជាណាចក្រ​របស់​ព្រះ​គ្រប់​គ្រង​លើ​ផែន​ដី?

១៩ ហេតុ​អ្វី​យើង​ត្រូវ​ការ​រាជាណាចក្រ​របស់​ព្រះ? យ៉ាង​ហោច​ណាស់​មាន​មូលហេតុ​បី​យ៉ាង។ ទី១ យើង​មាន​ភាព​ខុស​ឆ្គង ដូច្នេះ​យើង​ឈឺ​ហើយ​ស្លាប់​ទៅ​វិញ។ ប៉ុន្តែ គម្ពីរ​ប្រាប់​ថា​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជាណាចក្រ​ព្រះ យើង​នឹង​រស់​ជា​រៀង​រហូត។ តាម​ពិត យ៉ូហាន ៣:១៦ ចែង​ថា​៖ ​«​ព្រះ​ស្រឡាញ់​ពិភព​លោក​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។

២០ មូលហេតុ​ទី២​ដែល​យើង​ត្រូវ​ការ​រាជាណាចក្រ​របស់​ព្រះ គឺ​ដោយ​សារ​មាន​មនុស្ស​ជា​ច្រើន​ធ្វើ​អំពើ​អាក្រក់។ ជា​ឧទាហរណ៍ ពួក​គេ​ភូត​ភរ កេង​ប្រវ័ញ្ច ហើយ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌។ យើង​គ្មាន​សមត្ថភាព​បំបាត់​ចោល​អស់​អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់​ឡើយ តែ​ព្រះ​នឹង​ធ្វើ​ដូច្នេះ។ មនុស្ស​ដែល​បន្ត​ធ្វើ​អំពើ​អាក្រក់​នឹង​ត្រូវ​បំផ្លាញ​ចោល​ក្នុង​សង្គ្រាម​ហាម៉ាគេដូន។ (​សូម​អាន ទំនុក​តម្កើង ៣៧:១០​) មូលហេតុ​ទី៣​ដែល​យើង​ត្រូវ​ការ​រាជាណាចក្រ​របស់​ព្រះ គឺ​រដ្ឋាភិបាល​របស់​មនុស្ស​ខ្វះ​សមត្ថភាព សាហាវ ឬ​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ពុក​រលួយ។ ពួក​គេ​មិន​ជួយ​ណែនាំ​មនុស្ស​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​ឡើយ។ គម្ពីរ​ប្រាប់​ថា​៖ ​«​មនុស្ស​ម្នាក់ មាន​អំណាច​លើ​ម្នាក់​ទៀត ឲ្យ​គេ​ត្រូវ​វេទនា​»។—សាស្ដា ៨:៩

២១​. តើ​តាម​របៀប​ណា​រាជាណាចក្រ​ព្រះ​ធ្វើ​ឲ្យ​ប្រាកដ​ថា​បំណង​ប្រាថ្នា​របស់​ព្រះ​នឹង​សម្រេច​នៅ​ផែន​ដី?

២១ ក្រោយ​សង្គ្រាម​ហាម៉ាគេដូន រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​បំណង​ប្រាថ្នា​របស់​ព្រះ​នឹង​សម្រេច​នៅ​ផែន​ដី។ ជា​ឧទាហរណ៍ រាជាណាចក្រ​នោះ​នឹង​បំផ្លាញ​ចោល​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា។ (​ការ​បើក​បង្ហាញ ២០:១​-​៣​) នៅ​ទី​បំផុត នឹង​លែង​មាន​អ្នក​ណា​ម្នាក់​ឈឺ​ហើយ​ស្លាប់​ទៀត។ ដោយ​សារ​ថ្លៃ​លោះ មនុស្ស​ស្មោះ​ត្រង់​ទាំង​អស់​នឹង​អាច​រស់​នៅ​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន។ (​ការ​បើក​បង្ហាញ ២២:១​-​៣​) រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ។ តើ​នេះ​មាន​ន័យ​អ្វី? នេះ​មាន​ន័យ​ថា​ពេល​រដ្ឋាភិបាល​របស់​ព្រះ​គ្រប់​គ្រង​មក​លើ​ផែន​ដី មនុស្ស​ទាំង​អស់​នឹង​សរសើរ​តម្កើង​នាម​ព្រះ​យេហូវ៉ា (​សូម​មើលលេខ​២១​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។

តើ​លោក​យេស៊ូ​បាន​ក្លាយ​ទៅ​ជា​ស្តេច​នៅ​ពេល​ណា?

២២​. តើ​តាម​របៀប​ណា​យើង​ដឹង​ថា​លោក​យេស៊ូ​មិន​បាន​ក្លាយ​ទៅ​ជា​ស្តេច ពេល​លោក​នៅ​ផែន​ដី ឬ​ក៏​ភ្លាម​ៗ​ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

២២ លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​ថា​៖ ​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់​»។ ដូច្នេះ យើង​យល់​ច្បាស់​ថា​រដ្ឋាភិបាល​របស់​ព្រះ​នឹង​មក​នៅ​អនាគត។ មុន​ដំបូង ព្រះ​យេហូវ៉ា​នឹង​ស្ថាបនា​រដ្ឋាភិបាល​របស់​លោក​ឡើង ហើយ​តែង​តាំង​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​ស្តេច។ តើ​លោក​យេស៊ូ​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជាស្តេច ពេល​លោក​ទៅ​ដល់​ស្ថាន​សួគ៌​ភ្លាម​ឬ? មិន​មែន​ទេ លោក​ត្រូវ​តែ​រង់​ចាំ​សិន។ អស់​មួយ​រយៈ​ពេល​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពេត្រុស​និង​ប៉ូល​បាន​ដក​ស្រង់​ទំនាយ​នៅ ទំនុក​តម្កើង ១១០:១ ដែល​បញ្ជាក់​ថា​លោក​យេស៊ូ​ត្រូវ​រង់​ចាំ​អស់​មួយ​រយៈ​ពេល​សិន។ ក្នុង​ទំនាយ​នោះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ខ្ញុំ រហូត​ដល់​ខ្ញុំ​ដាក់​ពួក​សត្រូវ​របស់​អ្នក ជា​កំណល់​កល់​ជើង​អ្នក​»។ (​សកម្មភាព ២:៣២​-​៣៥; ហេប្រឺ ១០:១២, ១៣​) តើ​លោក​យេស៊ូ​ត្រូវ​ចាំ​អស់​រយៈ​ពេល​ប៉ុន្មាន​មុន​ព្រះ​យេហូវ៉ា​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​ស្តេច?

រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា បំណង​ប្រាថ្នា​របស់​ព្រះ​នឹង​សម្រេច​នៅ​ផែន​ដី

២៣​. (​ក​) តើ​លោក​យេស៊ូ​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្តេច​ក្នុង​រដ្ឋាភិបាល​របស់​ព្រះ​នៅ​ពេល​ណា? (​ខ​) តើ​យើង​នឹង​រៀន​អ្វី​ក្នុង​ជំពូក​បន្ទាប់?

២៣ អស់​ជា​ច្រើន​ឆ្នាំ​មុន​ឆ្នាំ​១៩១៤ គ្រិស្ត​សាសនិក​មួយ​ក្រុម​ដែល​មាន​ចិត្ត​ស្មោះ បាន​យល់​ថា​ឆ្នាំ​១៩១៤​គឺ​ជា​ឆ្នាំ​ដ៏​សំខាន់​ចំពោះ​ទំនាយ​ក្នុង​គម្ពីរ។ ព្រឹត្ដិការណ៍​ជា​ច្រើន​ដែល​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩១៤ បង្ហាញ​ឲ្យ​ឃើញ​ថា​ពួក​គាត់​បាន​យល់​ត្រូវ​មែន។ លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្តេច​នៅ​ឆ្នាំ​នោះ។ (​ទំនុក​តម្កើង ១១០:២​) មិន​យូរ​ក្រោយ​មក សាថាន​បាន​ត្រូវ​បោះ​ទម្លាក់​មក​ផែន​ដី ហើយ​ឥឡូវ​«​វា​មាន​ពេល​តែ​បន្ដិច​បន្តួច​»។ (​ការ​បើក​បង្ហាញ ១២:១២​) ក្នុង​ជំពូក​បន្ទាប់ យើង​នឹង​រៀន​អំពី​ភ័ស្តុតាង​ថែម​ទៀត​ដែល​បញ្ជាក់​ថា​យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់។ យើង​ក៏​នឹង​រៀន​ដែរ​ថា​នៅ​ពេល​ឆាប់​ៗ​នេះ​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​បំណង​ប្រាថ្នា​របស់​ព្រះ​នឹង​សម្រេច​នៅ​ផែន​ដី (​សូម​មើលលេខ​២២​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។

សេចក្ដី​សង្ខេប

សេចក្ដី​ពិត​ទី១: រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​រដ្ឋាភិបាល​ពិត

​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែន​ដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​»។—ម៉ាថាយ ៦:៩​-​១៣

តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

  • ការ​បើក​បង្ហាញ ១១:១៥

    រាជាណាចក្រ​ឬ​រដ្ឋាភិបាល​របស់​ព្រះ​នឹង​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌​មក​លើ​ផែន​ដី។

  • ធីម៉ូថេ​ទី១ ៦:១៥

    លោក​យេស៊ូ​គឺ​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ។

  • ការ​បើក​បង្ហាញ ១៤:១, ៤

    ពួក​១៤៤.០០០​នាក់​ដែល​ធ្លាប់​ជា​មនុស្ស​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​ពី​ស្ថាន​សួគ៌។

  • ហេប្រឺ ៤:១៥; ៥:៨

    លោក​យេស៊ូ​និង​ពួក​១៤៤.០០០​នាក់​យល់​អំពី​អារម្មណ៍​របស់​យើង និង​អំពី​បញ្ហា​ដែល​យើង​ជួប​ប្រទះ។

សេចក្ដី​ពិត​ទី២: លោក​យេស៊ូ​នឹង​ទៅ​ជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​បំផុត

លោក​នឹង​«​ជំនុំ​ជំ​រះ​ពួក​ទាល់​ក្រ​ដោយ​សេចក្ដី​សុចរិត[​យុត្ដិធម៌​]​»។—អេសាយ ១១:៤

ហេតុ​អ្វី​លោក​យេស៊ូ​គឺ​ជា​បុគ្គល​ដ៏​ល្អ​បំផុត​ដែល​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ?

  • ធីម៉ូថេ​ទី១ ៦:១៦

    នៅ​ទី​បំផុត​អ្នក​គ្រប់​គ្រង​ទាំង​អស់​ដែល​ជា​មនុស្ស​នឹង​ស្លាប់​ទៅ​វិញ ប៉ុន្តែ​លោក​យេស៊ូ​នឹង​មិន​ស្លាប់​ឡើយ។ លោក​យេស៊ូ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​យើង​ជា​រៀង​រហូត។

  • អេសាយ ១១:២​-​៤

    លោក​យេស៊ូ​អាច​ផ្ដល់​ប្រយោជន៍​ដល់​មនុស្សជាតិ​ច្រើន​ជាង​អ្នក​គ្រប់​គ្រង​ទាំង​អស់ ហើយ​លោក​មាន​អំណាច​ខ្លាំង​ក្លា​ជាង​អ្នក​គ្រប់​គ្រង​ទាំង​នោះ សូម្បី​តែ​ពួក​គេ​រួម​គ្នា​ក៏​គ្មាន​អំណាច​ស្មើ​នឹង​លោក​ដែរ។ លោក​មាន​យុត្ដិធម៌​និង​មាន​មេត្ដា​ករុណា។

សេចក្ដី​ពិត​ទី៣: រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា បំណង​ប្រាថ្នា​របស់​ព្រះ​នឹង​សម្រេច

​«​ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។—ដានីយ៉ែល ២:៤៤

តើ​រាជាណាចក្រ​របស់​ព្រះ​បាន​សម្រេច​អ្វី​រួច​ហើយ? តើ​រាជាណាចក្រ​នោះ​នឹង​ធ្វើ​អ្វី​នា​អនាគត?

  • ការ​បើក​បង្ហាញ ១២:៧​-​១២

    ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​តែង​តាំង​ជា​ស្តេច​នៅ​ឆ្នាំ​១៩១៤ លោក​បាន​បោះ​ទម្លាក់​សាថាន​ចេញ​ពី​ស្ថាន​សួគ៌​មក​ផែន​ដី។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ទុក្ខ​វេទនា​និង​ការ​ឈឺ​ចាប់​ច្រើន​ម្ល៉េះ​នៅ​ទូ​ទាំង​ផែន​ដី។

  • សាស្ដា ៨:៩; ការ​បើក​បង្ហាញ ១៦:១៦

    នៅ​សង្គ្រាម​ហាម៉ាគេដូន រាជាណាចក្រ​របស់​ព្រះ​នឹង​បំផ្លាញ​ចោល​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស​ដែល​ឃោរ​ឃៅ​និង​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ពុក​រលួយ។

  • ទំនុក​តម្កើង ៣៧:១០

    មនុស្ស​ដែល​បន្ត​ធ្វើ​អំពើ​អាក្រក់​នឹង​ត្រូវ​បំផ្លាញ​ចោល។

  • ការ​បើក​បង្ហាញ ២២:១​-​៣

    ពេល​រាជាណាចក្រ​របស់​ព្រះ​គ្រប់​គ្រង​មក​លើ​ផែន​ដី នោះ​នឹង​លែង​មាន​អ្នក​ណា​ម្នាក់​ឈឺ​ឬ​ស្លាប់​ទៀត ហើយ​មនុស្សជាតិ​ទាំង​អស់​នឹង​សរសើរ​តម្កើង​នាម​របស់​ព្រះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក