តើលោកយេស៊ូបង្រៀនអ្វីខ្លះអំពីរាជាណាចក្ររបស់ព្រះ?
«លោកចាប់ផ្ដើមធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ហើយពីភូមិមួយទៅភូមិមួយ ដោយផ្សព្វផ្សាយ . . . ដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ»។—លូកា ៨:១
យើងចូលចិត្តនិយាយអំពីអ្វីដែលសំខាន់ចំពោះយើង គឺអ្វីដែលយើងស្រឡាញ់។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «មាត់តែងនិយាយអ្វីដែលមានពោរពេញនៅក្នុងចិត្ត»។ (ម៉ាថាយ ១២:៣៤) បើគិតពីអ្វីដែលលោកយេស៊ូបានមានប្រសាសន៍ពេលដែលនៅផែនដី នោះយើងអាចដឹងថា រាជាណាចក្ររបស់ព្រះជាអ្វីដែលសំខាន់ណាស់ចំពោះលោក។
តើរាជាណាចក្ររបស់ព្រះជាអ្វី? ពាក្យថារាជាណាចក្រសំដៅទៅរដ្ឋាភិបាលមួយដែលគ្រប់គ្រងដោយស្តេច។ ដូច្នេះ រាជាណាចក្ររបស់ព្រះជារដ្ឋាភិបាលមួយដែលព្រះរៀបចំឡើង។ លោកយេស៊ូធ្លាប់មានប្រសាសន៍ជាច្រើនអំពីរាជាណាចក្ររបស់ព្រះ ដោយយកមកធ្វើជាចំណុចសំខាន់បំផុតនៃសេចក្ដីបង្រៀនរបស់លោក។ សៀវភៅម៉ាថាយ ម៉ាកុស លូកា និងយ៉ូហានសំដៅលើរាជាណាចក្ររបស់ព្រះជាង១១០ដង។ ប៉ុន្តែលោកយេស៊ូមិនបានបង្រៀនដោយពាក្យសម្ដីប៉ុណ្ណោះទេ តែការប្រព្រឹត្តរបស់លោកបានបង្រៀនជាច្រើនអំពីរាជាណាចក្ររបស់ព្រះនិងអ្វីដែលរាជាណាចក្រនោះនឹងសម្រេច។
តើអ្នកណាជាស្តេចនៃរាជាណាចក្រព្រះ? មនុស្សមិនបោះឆ្នោតរើសតាំងស្តេចនៃរាជាណាចក្ររបស់ព្រះទេ តែគឺព្រះដែលជាអ្នកជ្រើសរើសស្តេចនោះ។ លោកយេស៊ូបានបង្រៀនថា ព្រះបានជ្រើសរើសលោកឲ្យធ្វើជាស្តេច។
លោកយេស៊ូជ្រាបថាទំនាយក្នុងគម្ពីរបញ្ជាក់ថាមេស្ស៊ីដែលព្រះបានសន្យាចាត់ឲ្យមក នឹងគ្រប់គ្រងរាជាណាចក្រមួយដែលនឹងស្ថិតស្ថេរជារៀងរហូត។ (សាំយូអែលទី២ ៧:១២-១៤; ដានីយ៉ែល ៧:១៣, ១៤; ម៉ាថាយ ២៦:៦៣, ៦៤) សូមចាំថា លោកយេស៊ូបានប្រកាសជាចំហថា លោកជាមេស្ស៊ីដែលទំនាយបានបញ្ជាក់។ ដោយមានប្រសាសន៍ដូច្នេះ លោកយេស៊ូទទួលស្គាល់ថាលោកជាស្តេចដែលព្រះបានរើសតាំង។ (យ៉ូហាន ៤:២៥, ២៦) ហេតុនេះ ជាការសមត្រឹមត្រូវដែលលោកយេស៊ូប្រើពាក្យថា«រាជាណាចក្ររបស់ខ្ញុំ»។—យ៉ូហាន ១៨:៣៦
លោកយេស៊ូក៏បានបង្រៀនដែរថានឹងមានអ្នកឯទៀតដែលនឹងគ្រប់គ្រងជាមួយលោកក្នុងរាជាណាចក្រនោះ។ (លូកា ២២:២៨-៣០) លោកបានហៅពួកអ្នកគ្រប់គ្រងជាមួយលោកថា«ហ្វូងតូច» ពីព្រោះចំនួនរបស់ពួកគេមានកំណត់។ លោកបានមានប្រសាសន៍ទៅកាន់ពួកគេថា៖ «បិតារបស់អ្នកពេញចិត្តឲ្យរាជាណាចក្រដល់អ្នករាល់គ្នា»។ (លូកា ១២:៣២) សៀវភៅចុងក្រោយនៃគម្ពីរបរិសុទ្ធបង្ហាញថានឹងមានមនុស្ស១៤៤.០០០នាក់ដែលនឹងមានឯកសិទ្ធិគ្រប់គ្រងជាមួយគ្រិស្ត។—ការបើកបង្ហាញ ៥:៩, ១០; ១៤:១
តើរាជាណាចក្ររបស់ព្រះស្ថិតនៅឯណា? លោកយេស៊ូបានមានប្រសាសន៍ទៅកាន់អ្នកគ្រប់គ្រងជនជាតិរ៉ូមឈ្មោះប៉ុនទាសពីឡាត់ថា៖ «រាជាណាចក្ររបស់ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ»។ (យ៉ូហាន ១៨:៣៦) រាជាណាចក្ររបស់ព្រះដែលមានគ្រិស្តជាស្តេចនឹងមិនគ្រប់គ្រងតាមរយៈអ្នកតំណាងដែលជាមនុស្សឡើយ។ ម្ដងហើយម្ដងទៀត លោកយេស៊ូបានសំដៅទៅលើរាជាណាចក្ររបស់ព្រះថាជា«រាជាណាចក្រស្ថានសួគ៌»។a (ម៉ាថាយ ៤:១៧; ៥:៣, ១០, ១៩, ២០) ដូច្នេះរាជាណាចក្ររបស់ព្រះជារដ្ឋាភិបាលមួយនៅស្ថានសួគ៌។
លោកយេស៊ូជឿជាក់ថាលោកនឹងត្រឡប់ទៅស្ថានសួគ៌វិញក្រោយបាននៅផែនដីអស់មួយរយៈពេល។ លោកមានប្រសាសន៍ថា នៅទីនោះ លោកនឹង«រៀបចំកន្លែងមួយ»ឲ្យពួកអ្នកដែលនឹងគ្រប់គ្រងជាមួយលោក។—យ៉ូហាន ១៤:២, ៣
តើរាជាណាចក្រព្រះនឹងសម្រេចអ្វី? លោកយេស៊ូបានបង្រៀនពួកអ្នកដែលស្ដាប់លោកឲ្យអធិដ្ឋានទៅព្រះថា៖ «សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:៩, ១០) បំណងប្រាថ្នារបស់ព្រះកំពុងសម្រេចនៅស្ថានសួគ៌។ តាមរយៈរាជាណាចក្រនោះ ព្រះនឹងសម្រេចគោលបំណងរបស់លោកនៅផែនដី។ ដើម្បីសម្រេចអ្វីទាំងនោះ រាជាណាចក្ររបស់ព្រះនឹងបង្កឲ្យមានការផ្លាស់ប្ដូរដ៏ធំក្រៃលែងនៅផែនដី។
តើរាជាណាចក្រព្រះនឹងធ្វើអ្វីខ្លះនៅលើផែនដី? លោកយេស៊ូបានបង្រៀនថា រាជាណាចក្ររបស់ព្រះនឹងបំបាត់ចោលអំពើអាក្រក់ទាំងអស់ដោយបំផ្លាញចោលពួកអ្នកដែលមានបំណងប្រព្រឹត្តអ្វីៗដែលអាក្រក់។ (ម៉ាថាយ ២៥:៣១-៣៤, ៤៦) នេះមានន័យថាអំពើពុករលួយនិងអំពើទុច្ចរិតសព្វបែបយ៉ាងនឹងលែងមានទៀត។ លោកបានបង្រៀនថាផែនដីនឹងពេញទៅដោយមនុស្សដែលមាន«ចិត្តស្លូតបូត» សុចរិត ចិត្តមេត្ដាករុណា «ចិត្តបរិសុទ្ធ» និងមនុស្សដែលធ្វើឲ្យមានសន្ដិភាព។—ម៉ាថាយ ៥:៥-៩
តើមនុស្សស្មោះត្រង់បែបនោះត្រូវរស់នៅផែនដីដែលកខ្វក់ឬទេ? មិនមែនទាល់តែសោះ! លោកយេស៊ូបានសន្យាថា ផែនដីនឹងមានការផ្លាស់ប្ដូរដ៏អស្ចារ្យក្រោមការគ្រប់គ្រងរបស់រាជាណាចក្រព្រះ។ បុរសម្នាក់ដែលត្រូវគេប្រហារជីវិតនៅក្បែរលោកយេស៊ូបាននិយាយទៅលោកថា៖ «លោកយេស៊ូ សូមនឹកឃើញខ្ញុំ កាលណាលោកទៅជាស្តេច»។ លោកបានតបឆ្លើយទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកការពិតនៅថ្ងៃនេះថា អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»។ (លូកា ២៣:៤២, ៤៣) ប្រាកដហើយ រាជាណាចក្ររបស់ព្រះនឹងកែប្រែផែនដីឲ្យក្លាយជាសួនឧទ្យានទូទាំងពិភពលោក ដែលស្រដៀងនឹងសួនច្បារអេដែន។
តើរាជាណាចក្រព្រះនឹងធ្វើអ្វីទៀតសម្រាប់មនុស្សជាតិ? លោកយេស៊ូមិនគ្រាន់តែសន្យាអំពីអ្វីដែលរាជាណាចក្រព្រះនឹងធ្វើប៉ុណ្ណោះទេ តែលោកក៏បានបង្ហាញឲ្យឃើញអ្វីដែលរាជាណាចក្រនោះនឹងធ្វើដែរ។ លោកយេស៊ូបានធ្វើឲ្យមនុស្សជាច្រើនជាសះស្បើយ ហើយតាមវិធីនេះលោកបង្ហាញអ្វីដ៏អស្ចារ្យជាងដែលលោកនឹងធ្វើនៅអនាគតក្នុងអំឡុងការគ្រប់គ្រងរបស់លោក។ សៀវភៅដំណឹងល្អក្នុងគម្ពីរបរិសុទ្ធដែលព្រះដឹកនាំមនុស្សឲ្យសរសេរបានចែងអំពីលោកយេស៊ូថា៖ «លោកបានធ្វើដំណើរពេញស្រុកកាលីឡេទាំងមូល ដោយបង្រៀនក្នុងសាលាប្រជុំ និងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ ក៏បានធ្វើឲ្យមនុស្សជាសះស្បើយពីជំងឺនិងរោគាគ្រប់ប្រភេទ»។—ម៉ាថាយ ៤:២៣
លោកយេស៊ូបានធ្វើឲ្យមនុស្សជាសះស្បើយពីជំងឺផ្សេងៗ។ លោកបាន«ធ្វើឲ្យមនុស្សងងឹតភ្នែកពីកំណើតមើលឃើញ»។ (យ៉ូហាន ៩:១-៧, ៣២, ៣៣) ចំពោះបុរសម្នាក់ដែលរងទុក្ខដោយជំងឺឃ្លង់ជាជំងឺដែលគេខ្ពើមឆ្អើម លោកបានធ្វើឲ្យគាត់ជាសះស្បើយដោយពាល់គាត់ថ្នមៗ។ (ម៉ាកុស ១:៤០-៤២) ពេលគេនាំ‹បុរសថ្លង់ម្នាក់និងមានពិការភាពដែលធ្វើឲ្យគាត់ពិបាកនិយាយ› ឲ្យមកជួបលោក នោះលោកបានបង្ហាញថាលោកអាចធ្វើឲ្យ‹មនុស្សថ្លង់ស្ដាប់ឮ ហើយមនុស្សគនិយាយបានដែរ›។—ម៉ាកុស ៧:៣១-៣៧
ស្តេចដែលព្រះបានតែងតាំងក៏មានអំណាចលើសេចក្ដីស្លាប់ផងដែរ។ គម្ពីរបរិសុទ្ធបានកត់ទុកករណីបីដែលលោកយេស៊ូបានប្រោសមនុស្សដែលស្លាប់ឲ្យរស់ឡើងវិញ។ លោកបានប្រោសឲ្យរស់ឡើងវិញកូនប្រុសតែមួយរបស់ស្ត្រីមេម៉ាយ ក្មេងស្រីអាយុ១២ឆ្នាំ និងឡាសាដែលជាមិត្តរបស់លោក។—លូកា ៧:១១-១៥; ៨:៤១-៥៥; យ៉ូហាន ១១:៣៨-៤៤
ដោយរៀបរាប់អំពីអនាគតដ៏ល្អអស្ចារ្យដែលរាស្ត្រនៃរាជាណាចក្រព្រះនឹងមាន លោកយេស៊ូបានទាយតាមរយៈសាវ័កយ៉ូហានថា៖ «មើល! ត្រសាលរបស់ព្រះនៅជាមួយនឹងមនុស្សជាតិ ហើយលោកនឹងអាស្រ័យនៅជាមួយនឹងពួកគេ ឯពួកគេនឹងធ្វើជារាស្ត្ររបស់លោក។ ហើយព្រះនឹងនៅជាមួយនឹងពួកគេដោយខ្លួនលោកផ្ទាល់។ លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ។ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបានកន្លងបាត់អស់ហើយ»។ (ការបើកបង្ហាញ ១:១; ២១:៣, ៤) សូមគិតទៅមើល យើងអាចរស់នៅក្នុងពិភពលោកមួយដែលលែងមានការស្រែកយំដោយសារទុក្ខលំបាក លែងមានការឈឺចាប់ និងលែងមានសេចក្ដីស្លាប់! ក្រោយមកសេចក្ដីអធិដ្ឋានសូមឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ នោះនឹងសម្រេចយ៉ាងពេញលេញមែន។
តើរាជាណាចក្រព្រះនឹងមកនៅពេលណា? លោកយេស៊ូបានបង្រៀនថា ការគ្រប់គ្រងរបស់លោកជាស្តេចនឹងចាប់ផ្ដើមនៅពេលដំណាលគ្នានឹងគ្រាពិសេសមួយដែលលោកបានហៅថា«វត្តមាន»របស់លោក។ លោកបានទាយយ៉ាងល្អិតល្អន់អំពីពេលដែលវត្តមានរបស់លោកជាស្តេចនឹងចាប់ផ្ដើម។ គ្រានោះនឹងត្រូវសម្គាល់ដោយបញ្ហានៅទូទាំងពិភពលោក រួមទាំងសង្គ្រាម ការអត់ឃ្លាន រោគរាតត្បាត និងការល្មើសច្បាប់ដែលនឹងមានកាន់តែច្រើនឡើង។ (ម៉ាថាយ ២៤:៣, ៧-១២; លូកា ២១:១០, ១១) លក្ខណៈនៃសញ្ញាសម្គាល់ទាំងនេះនិងលក្ខណៈឯទៀតដែលលោកបានទាយបានត្រូវឃើញជាពិសេសតាំងពីឆ្នាំ១៩១៤ ជាឆ្នាំដែលសង្គ្រាមលោកលើកទី១បានផ្ទុះឡើង។ ដូច្នេះ នេះបង្ហាញថាលោកយេស៊ូកំពុងគ្រប់គ្រងជាស្តេចឥឡូវនេះ។ បន្ដិចទៀត រាជាណាចក្ររបស់ព្រះនឹងមកដល់ ហើយបំណងប្រាថ្នារបស់ព្រះនឹងសម្រេចនៅផែនដី។b
ចំពោះលោកអ្នកផ្ទាល់ តើការមកដល់នៃរាជាណាចក្ររបស់ព្រះមានន័យអ្វី? នេះអាស្រ័យទៅលើរបៀបដែលអ្នកសម្រេចចិត្តធ្វើតាមសេចក្ដីបង្រៀនរបស់លោកយេស៊ូ។
[កំណត់សម្គាល់]
a ក្នុងសៀវភៅម៉ាថាយមានឃ្លាដែលថា«រាជាណាចក្រស្ថានសួគ៌»៣០ដង។
b ដើម្បីទទួលព័ត៌មានល្អិតល្អន់អំពីរបៀបដែលយើងដឹងថារាជាណាចក្រព្រះជិតមកដល់ សូមមើលជំពូកទី៩ «តើយើងកំពុងតែរស់នៅ‹ជាន់ក្រោយបង្អស់›ឬ?» ដែលមានក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបានបោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។