ថែស្សាឡូនិចទី២
២ បងប្អូនអើយ ប៉ុន្តែបើនិយាយអំពីវត្តមានរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង និងការប្រមូលយើងមកឯលោក យើងសុំប្រាប់ថា ២ កុំឲ្យវិចារណញ្ញាណរបស់អ្នករាល់គ្នាឆាប់រង្គោះរង្គើ ហើយកុំឆាប់ជ្រួលច្របល់ក្នុងចិត្តដោយសារមានការអះអាងថាថ្ងៃរបស់ព្រះយេហូវ៉ាបានមកដល់ហើយ ទោះជាការអះអាងនោះមកតាមរយៈទំនាយ ពាក្យសម្ដី ឬសំបុត្រណាមួយដែលហាក់ដូចជាមកពីយើងក៏ដោយ។
៣ កុំឲ្យអ្នកណាល្បួងលួងលោមអ្នករាល់គ្នាឲ្យសោះ ពីព្រោះលុះត្រាតែការក្បត់ជំនឿកើតឡើងជាមុនសិន ហើយបុរសប្រឆាំងច្បាប់ ពោលគឺកូននៃសេចក្ដីហិនវិនាសត្រូវបង្ហាញឲ្យឃើញ ទើបថ្ងៃនោះមកដល់។ ៤ អ្នកនោះជាអ្នកប្រឆាំង និងលើកខ្លួនខ្ពស់ជាងអស់អ្នកណាដែលគេហៅថា«ព្រះ» ឬខ្ពស់ជាងអ្វីដែលមនុស្សគោរពបូជា ហើយដូច្នេះ អ្នកនោះអង្គុយក្នុងវិហាររបស់ព្រះ ដោយបង្ហាញជាសាធារណៈថាខ្លួនជាព្រះមួយ។ ៥ តើអ្នករាល់គ្នាមិនចាំទេថា ខ្ញុំធ្លាប់ប្រាប់អ្នករាល់គ្នាអំពីការទាំងនេះ ពេលដែលខ្ញុំនៅជាមួយ?
៦ ម្ល៉ោះហើយ ឥឡូវអ្នករាល់គ្នាដឹងអ្វីដែលឃាត់ឃាំងបុរសប្រឆាំងច្បាប់ ដើម្បីឲ្យអ្នកនោះអាចត្រូវបង្ហាញឲ្យឃើញនៅពេលកំណត់របស់ខ្លួន។ ៧ ពិតមែនតែអាថ៌កំបាំងអំពីការប្រឆាំងច្បាប់នេះកំពុងមានសកម្មភាពហើយ ប៉ុន្តែអាថ៌កំបាំងនោះនៅតែជាអាថ៌កំបាំង រហូតដល់លែងមានអ្នកឃាត់ឃាំង។ ៨ បន្ទាប់មក អ្នកប្រឆាំងច្បាប់នោះនឹងត្រូវបង្ហាញឲ្យឃើញពិតមែន គឺអ្នកដែលលោកម្ចាស់យេស៊ូនឹងបំបាត់ចោលដោយសកម្មពល* ចេញពីមាត់លោក ក៏នឹងធ្វើឲ្យសាបសូន្យទៅពេលដែលវត្តមានរបស់លោកត្រូវបង្ហាញឲ្យឃើញ។ ៩ ប៉ុន្តែវត្តមានរបស់អ្នកប្រឆាំងច្បាប់នោះមានតាមរយៈសកម្មភាពរបស់សាថាន* ហើយប្រកបដោយគ្រប់ការអស្ចារ្យ សញ្ញាសម្គាល់ក្លែងក្លាយ ការដែលប្រកបដោយឫទ្ធានុភាព ១០ និងដោយប្រើការមិនសុចរិតគ្រប់បែបយ៉ាងដើម្បីបោកបញ្ឆោតពួកអ្នកដែលកំពុងវិនាស ជាការសងសឹក ពីព្រោះពួកគេមិនព្រមស្រឡាញ់សេចក្ដីពិតដើម្បីទទួលសេចក្ដីសង្គ្រោះ។ ១១ នោះជាមូលហេតុដែលព្រះអនុញ្ញាតឲ្យឥទ្ធិពលដែលបោកបញ្ឆោតមានអានុភាពលើពួកគេ ឲ្យពួកគេជឿការភូតភរ ១២ ដើម្បីឲ្យពួកគេទាំងអស់គ្នាទទួលការផ្ដន្ទាទោស ពីព្រោះពួកគេមិនបានជឿសេចក្ដីពិត តែបានពេញចិត្តនឹងអ្វីដែលមិនសុចរិត។
១៣ ប៉ុន្តែបងប្អូន ជាអ្នកដែលព្រះយេហូវ៉ាស្រឡាញ់អើយ យើងត្រូវអរគុណព្រះជានិច្ចដោយសារអ្នករាល់គ្នា ពីព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាតាំងពីដំបូងឲ្យបានសេចក្ដីសង្គ្រោះដោយញែកអ្នករាល់គ្នាជាបរិសុទ្ធ ដោយសកម្មពលរបស់លោក និងដោយជំនឿរបស់អ្នករាល់គ្នាលើសេចក្ដីពិត។ ១៤ លោកបានហៅអ្នករាល់គ្នាក្នុងបំណងនេះ តាមរយៈដំណឹងល្អដែលយើងប្រកាស ដើម្បីទទួលសិរីរុងរឿងរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។ ១៥ បងប្អូនអើយ ដូច្នេះ ចូរកាន់ជំហរមាំមួន ហើយកាន់ខ្ជាប់តាមទំនៀមទម្លាប់ដែលអ្នកបានរៀន ទោះជាបានរៀនតាមរយៈពាក្យសម្ដី ឬសំបុត្ររបស់យើងក៏ដោយ។ ១៦ ម្យ៉ាងទៀត លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងនិងព្រះដែលជាបិតារបស់យើង ដែលបានស្រឡាញ់យើងព្រមទាំងផ្ដល់ឲ្យមានការសម្រាលទុក្ខជារៀងរហូតនិងសេចក្ដីសង្ឃឹមដ៏អស្ចារ្យ តាមរយៈគុណដ៏វិសេសលើសលប់ ១៧ សូមឲ្យលោកសម្រាលទុក្ខអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាមាំមួនឡើងក្នុងគ្រប់ពាក្យសម្ដីល្អនិងការល្អទាំងអស់។