ហេប្រឺ
៧ ព្រោះម៉េលគីសេដិក ស្តេចក្រុងសាឡិម និងជាសង្ឃរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានជួបអាប្រាហាំហើយឲ្យពរដល់គាត់ពេលដែលអាប្រាហាំត្រឡប់មកវិញ ក្រោយពីបានវាយឈ្នះស្តេចមួយចំនួន ២ ហើយដែលអាប្រាហាំបានឲ្យមួយភាគដប់នៃអ្វីៗទាំងអស់ គាត់គឺជា«ស្តេចនៃសេចក្ដីសុចរិត» (បើបកប្រែឈ្មោះរបស់គាត់) ព្រមទាំងជាស្តេចនៃក្រុងសាឡិម ឬ«ស្តេចនៃសន្ដិភាព»។ ៣ ស្តេចនោះគ្មានឪពុក គ្មានម្ដាយ គ្មានពង្សាវតារ ហើយក៏គ្មានថ្ងៃកើតឬថ្ងៃស្លាប់ តែបានត្រូវធ្វើឲ្យដូចបុត្រព្រះ ហេតុនេះគាត់គឺជាសង្ឃជានិរន្តរ៍។
៤ ដូច្នេះ តើអ្នករាល់គ្នាឃើញឬទេ? បុរសនេះគឺឧត្តុង្គឧត្តមណាស់ចំពោះអាប្រាហាំ ជាមេគ្រួសារដែលបានឲ្យគាត់មួយភាគដប់នៃរបស់ល្អបំផុតដែលរឹបអូសបាន។ ៥ ពិតមែន បុរសពីចំណោមកូន* លេវី ដែលមានតំណែងជាសង្ឃ បានត្រូវបង្គាប់តាមច្បាប់* ឲ្យប្រមូលមួយភាគដប់ពីបណ្ដាជន គឺពីបងប្អូនរបស់ពួកគេ ទោះបីបងប្អូនទាំងនោះជាពូជពង្សរបស់អាប្រាហាំក៏ដោយ ៦ ប៉ុន្តែបុរសដែលមិនមែនមកពីវង្សត្រកូលលេវី បានយកមួយភាគដប់ពីអាប្រាហាំ ហើយបានឲ្យពរដល់គាត់ដែលជាអ្នកទទួលសេចក្ដីសន្យា។ ៧ មនុស្សទាំងអស់យល់ស្របថា អ្នកតូចទទួលពរពីអ្នកដែលធំជាង។ ៨ ក្នុងករណីមួយ បុរសដែលរមែងស្លាប់ជាអ្នកទទួលមួយភាគដប់ ឯករណីមួយទៀត គឺជាអ្នកដែលបទគម្ពីរបញ្ជាក់ថានៅរស់។ ៩ ហើយខ្ញុំសូមប្រាប់ថា សូម្បីតែលេវី ដែលទទួលមួយភាគដប់ ក៏បានឲ្យមួយភាគដប់ដែរ តាមរយៈអាប្រាហាំ ១០ ព្រោះគាត់នៅក្នុងអាប្រាហាំនៅឡើយ* ពេលដែលម៉េលគីសេដិកជួបអាប្រាហាំ។
១១ ដូច្នេះ ប្រសិនបើភាពល្អឥតខ្ចោះមកតាមរយៈសង្ឃពីកុលសម្ព័ន្ធលេវី (ព្រោះថាជាផ្នែកមួយនៃច្បាប់ដែលបណ្ដាជនបានទទួល) តើចាំបាច់មានសង្ឃម្នាក់ទៀតមក ដែលត្រូវហៅថាសង្ឃតាមរបៀបដូចម៉េលគីសេដិក មិនមែនហៅថាសង្ឃតាមរបៀបដូចអេរ៉ុនធ្វើអ្វី? ១២ ព្រោះច្បាប់ចាំបាច់ត្រូវផ្លាស់ប្ដូរ ដោយសាររបៀបរៀបចំជាសង្ឃបានត្រូវផ្លាស់ប្ដូរ។ ១៣ ព្រោះបុរសដែលបានត្រូវពិពណ៌នាដូច្នេះ ធ្លាប់ជាសមាជិកកុលសម្ព័ន្ធមួយផ្សេងទៀត ដែលមិនធ្លាប់មានសមាជិកបំពេញកិច្ចបម្រើនៅទីបូជាទេ។ ១៤ ព្រោះប្រាកដហើយថា លោកម្ចាស់របស់យើងបានកើតមកពីកុលសម្ព័ន្ធយូដា ដែលម៉ូសេមិនបានប្រាប់ថានឹងមានសង្ឃចេញមកពីកុលសម្ព័ន្ធនោះទេ។
១៥ អ្វីដែលប្រាកដជាងនោះទៅទៀតគឺថា មានសង្ឃម្នាក់ទៀតស្រដៀងនឹងម៉េលគីសេដិក។ ១៦ លោកបានក្លាយទៅជាសង្ឃ មិនមែនដោយសារលោកមានពង្សាវតារដែលច្បាប់កំណត់ឲ្យនោះទេ ប៉ុន្តែដោយសារឫទ្ធានុភាពដែលធ្វើឲ្យលោកមានជីវិតដែលមិនអាចត្រូវបំផ្លាញបានឡើយ ១៧ ព្រោះបទគម្ពីរមួយបញ្ជាក់ថា៖ «អ្នកជាសង្ឃជារៀងរហូត តាមរបៀបដូចម៉េលគីសេដិក»។
១៨ ដូច្នេះ ប្រាកដហើយថា បញ្ញត្ដិមុនបានត្រូវធ្វើឲ្យទៅជាមោឃ ព្រោះវាខ្សោយនិងគ្មានប្រសិទ្ធភាព។ ១៩ ព្រោះច្បាប់មិនបានធ្វើឲ្យអ្វីក្លាយទៅជាល្អឥតខ្ចោះទេ ប៉ុន្តែសេចក្ដីសង្ឃឹមប្រសើរជាងនោះដែលព្រះផ្ដល់ឲ្យ បានធ្វើឲ្យក្លាយទៅជាល្អឥតខ្ចោះ ហើយតាមរយៈសេចក្ដីសង្ឃឹមនោះ យើងកំពុងចូលទៅជិតព្រះ។ ២០ ព្រោះមិនមែនដោយគ្មានសម្បថទេ ២១ (ពិតមែនតែមានបុរសខ្លះដែលបានក្លាយទៅជាសង្ឃដោយគ្មានសម្បថ ប៉ុន្តែមានម្នាក់ដែលបានក្លាយទៅជាសង្ឃដោយមានសម្បថពីលោកដែលមានប្រសាសន៍អំពីអ្នកនោះថា៖ «ព្រះយេហូវ៉ាបានស្បថ (ហើយលោកនឹងមិនស្ដាយក្រោយឡើយ) ‹អ្នកជាសង្ឃជារៀងរហូត›») ២២ ហេតុនោះ លោកយេស៊ូបានក្លាយទៅជាអ្នកធានាកិច្ចព្រមព្រៀងដែលប្រសើរជាងនោះ។ ២៣ ម្យ៉ាងទៀត មនុស្សជាច្រើនត្រូវធ្វើជាសង្ឃតៗគ្នា ព្រោះពួកគេរមែងស្លាប់ ហើយមិនអាចកាន់តំណែងជានិរន្តរ៍បាន។ ២៤ ប៉ុន្តែដោយសារលោករស់ជារៀងរហូត នោះលោកកាន់តំណែងជាសង្ឃដោយមិនត្រូវការអ្នកណាបន្តតំណែងឡើយ។ ២៥ ហេតុនេះ លោកអាចសង្គ្រោះយ៉ាងពេញលេញអ្នកដែលចូលទៅជិតព្រះតាមរយៈលោក ពីព្រោះលោកមានជីវិតរស់នៅជារៀងរហូតដើម្បីអង្វរជំនួសពួកគេ។
២៦ ព្រោះសម្ដេចសង្ឃបែបនេះគឺសមនឹងយើង ពោលគឺសម្ដេចសង្ឃដែលមានភក្ដីភាព គ្មានកលល្បិច ឥតសៅហ្មង ខុសប្លែកពីមនុស្សដែលប្រព្រឹត្តអំពើខុសឆ្គង ហើយបានទៅជាខ្ពង់ខ្ពស់ជាងមេឃ។ ២៧ លោកមិនចាំបាច់ជូនគ្រឿងបូជារៀងរាល់ថ្ងៃសម្រាប់ការខុសឆ្គងរបស់លោកនិងរបស់បណ្ដាជនដូចសម្ដេចសង្ឃឯទៀតនោះទេ (ព្រោះលោកបានធ្វើដូច្នេះដោយប្រគល់ខ្លួនមួយដងជាការស្រេច) ២៨ ព្រោះច្បាប់តែងតាំងបុរសដែលមានភាពទន់ខ្សោយឲ្យធ្វើជាសម្ដេចសង្ឃ ប៉ុន្តែសម្បថដែលមកក្រោយច្បាប់តែងតាំងបុត្រមួយ ដែលបានត្រូវធ្វើឲ្យល្អឥតខ្ចោះជារៀងរហូត។