ហេប្រឺ
៨ ឥឡូវ ចំណុចសំខាន់នៃអ្វីៗដែលយើងកំពុងរៀបរាប់គឺ យើងមានសម្ដេចសង្ឃបែបនេះ ដែលបានអង្គុយនៅខាងស្ដាំនៃបល្ល័ង្កព្រះដ៏ឧត្តុង្គឧត្តមនៅស្ថានសួគ៌ ២ ជាអ្នកបម្រើដែលបំពេញការងារក្នុងកន្លែងបរិសុទ្ធនៃត្រសាលដ៏ពិត ជាត្រសាលដែលព្រះយេហូវ៉ាបានដំឡើង មិនមែនមនុស្សទេ។ ៣ ព្រោះសម្ដេចសង្ឃម្នាក់ៗទទួលការតែងតាំងដើម្បីជូនជំនូនព្រមទាំងគ្រឿងបូជា។ ហេតុនេះ លោកក៏ត្រូវមានអ្វីជូនដែរ។ ៤ ប្រសិនបើលោកនៅផែនដី លោកមិនមែនជាសង្ឃទេ ពីព្រោះតាមច្បាប់មានសង្ឃឯទៀតដែលជូនគ្រឿងបូជា ៥ ប៉ុន្តែបុរសទាំងនោះបំពេញកិច្ចបម្រើពិសិដ្ឋដែលគ្រាន់តែជានិមិត្តរូបនិងជាស្រមោលនៃអ្វីៗនៅស្ថានសួគ៌ ដូចពេលដែលម៉ូសេបម្រុងនឹងធ្វើត្រសាល គាត់បានទទួលបង្គាប់ពីព្រះថា៖ «ចូរធ្វើអ្វីៗទាំងអស់ឲ្យដូចគំរូដែលបានត្រូវបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ»។ ៦ ប៉ុន្តែឥឡូវលោកយេស៊ូបានទទួលកិច្ចបម្រើសាធារណៈដែលប្រសើរជាង ហេតុនេះលោកជាអ្នកសម្រុះសម្រួលក្នុងកិច្ចព្រមព្រៀងដែលប្រសើរជាងកិច្ចព្រមព្រៀងមុន ហើយដែលបានត្រូវធ្វើឲ្យមានសុពលភាពតាមច្បាប់ដោយមានមូលដ្ឋានលើសេចក្ដីសន្យាដែលប្រសើរជាងសេចក្ដីសន្យាមុន។
៧ ព្រោះប្រសិនបើកិច្ចព្រមព្រៀងដំបូងបានពេញលក្ខណៈ* នោះមិនចាំបាច់មានកិច្ចព្រមព្រៀងមួយផ្សេងទៀតទេ ៨ ព្រោះព្រះបន្ទោសបណ្ដាជន ពេលដែលលោកមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹មើល! នឹងមានគ្រាមកដល់ ដែលនៅពេលនោះខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងថ្មីជាមួយនឹងពួកអ្នកផ្ទះអ៊ីស្រាអែលនិងជាមួយនឹងពួកអ្នកផ្ទះយូដា ៩ មិនមែនដូចកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយនឹងបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលខ្ញុំចាប់ដៃពួកគេហើយនាំចេញពីស្រុកអេស៊ីបមកនោះទេ។ ព្រោះពួកគេមិនបានធ្វើតាមកិច្ចព្រមព្រៀងរបស់ខ្ញុំ ហេតុនេះ ខ្ញុំក៏ឈប់យកចិត្តទុកដាក់នឹងពួកគេ› ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះ»។
១០ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ព្រោះនេះជាកិច្ចព្រមព្រៀងដែលខ្ញុំនឹងធ្វើជាមួយនឹងពួកអ្នកផ្ទះអ៊ីស្រាអែលក្រោយពីគ្រានោះ។ ខ្ញុំនឹងដាក់ច្បាប់របស់ខ្ញុំនៅក្នុងគំនិតរបស់ពួកគេ ក៏នឹងសរសេរច្បាប់ទាំងនោះក្នុងចិត្តរបស់ពួកគេ។ ហើយខ្ញុំនឹងក្លាយទៅជាព្រះរបស់ពួកគេ ឯពួកគេនឹងក្លាយទៅជារាស្ត្ររបស់ខ្ញុំ។
១១ «‹ហើយពួកគេម្នាក់ៗនឹងមិនបង្រៀនជនរួមជាតិឬបងប្អូនរបស់ពួកគេឡើយថា៖ «ចូរស្គាល់ព្រះយេហូវ៉ា!» ព្រោះពួកគេទាំងអស់គ្នានឹងស្គាល់ខ្ញុំ ចាប់ពីអ្នកតូចជាងគេ រហូតដល់អ្នកធំជាងគេបំផុត។ ១២ ព្រោះខ្ញុំនឹងអភ័យទោសចំពោះអំពើមិនសុចរិតរបស់ពួកគេ ហើយខ្ញុំនឹងមិននឹកនាដល់ការខុសឆ្គងរបស់ពួកគេទៀតឡើយ›»។
១៣ ពេលដែលលោកមានប្រសាសន៍ថា«កិច្ចព្រមព្រៀងថ្មី» នោះលោកធ្វើឲ្យកិច្ចព្រមព្រៀងដំបូងទៅជាមោឃវិញ។ ឥឡូវ អ្វីដែលបានត្រូវធ្វើឲ្យទៅជាមោឃហើយដែលកំពុងប្រែជាចាស់ទៅ គឺជិតបាត់សូន្យហើយ។