ពេត្រុសទី២
១ ពីខ្ញុំ ស៊ីម៉ូនពេត្រុស ដែលជាខ្ញុំបម្រើនិងជាសាវ័ក* របស់លោកយេស៊ូគ្រិស្ត* ជូនចំពោះពួកអ្នកដែលបានទទួលជំនឿដែលមានកិត្ដិយសស្មើនឹងជំនឿរបស់យើង ដោយសារសេចក្ដីសុចរិតនៃព្រះរបស់យើង និងលោកយេស៊ូដែលជាអ្នកសង្គ្រោះ៖
២ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់កាន់តែបរិបូរឡើង តាមរយៈចំណេះត្រឹមត្រូវអំពីព្រះ និងអំពីលោកយេស៊ូដែលជាម្ចាស់របស់យើង ៣ ពីព្រោះអ្វីៗទាំងអស់ដែលទាក់ទងនឹងជីវិតនិងភក្ដីភាពចំពោះព្រះ បានត្រូវផ្ដល់ឲ្យយើងជាអំណោយ ដោយសារឫទ្ធានុភាពរបស់ព្រះ តាមរយៈចំណេះត្រឹមត្រូវអំពីលោកដែលបានហៅយើងដោយសិរីរុងរឿងនិងគុណធម៌។ ៤ តាមរយៈការទាំងនោះ លោកបានឲ្យសេចក្ដីសន្យាថ្លៃវិសេសនិងអស្ចារ្យក្រៃលែងជាអំណោយ ដើម្បីឲ្យអ្នករាល់គ្នាទៅជាវិញ្ញាណ* ដូចព្រះ ដោយបានរួចផុតពីសេចក្ដីខូចអាក្រក់ដែលផ្ដើមចេញពីតណ្ហាដែលមានក្នុងពិភពលោក។
៥ ហេតុនេះ ចូរអ្នករាល់គ្នាតបស្នងសងគុណលោក ដោយខំប្រឹងយ៉ាងស្មោះអស់ពីចិត្តដើម្បីបន្ថែមគុណធម៌ទៅលើជំនឿរបស់អ្នករាល់គ្នា បន្ថែមចំណេះទៅលើគុណធម៌របស់អ្នករាល់គ្នា ៦ បន្ថែមការទប់ចិត្តទៅលើចំណេះរបស់អ្នករាល់គ្នា បន្ថែមការស៊ូទ្រាំទៅលើការទប់ចិត្ត បន្ថែមភក្ដីភាពចំពោះព្រះទៅលើការស៊ូទ្រាំ ៧ បន្ថែមការរាប់អានគ្នាជាបងប្អូនទៅលើភក្ដីភាពចំពោះព្រះ បន្ថែមសេចក្ដីស្រឡាញ់ទៅលើការរាប់អានគ្នាជាបងប្អូន។ ៨ ព្រោះប្រសិនបើអ្នករាល់គ្នាមានលក្ខណៈទាំងនោះជាបរិបូរ លក្ខណៈទាំងនោះនឹងការពារមិនឲ្យអ្នករាល់គ្នាក្លាយទៅជាអសកម្មទេ ឬឥតផលក្នុងរបៀបដែលអ្នករាល់គ្នាប្រើចំណេះត្រឹមត្រូវអំពីលោកយេស៊ូគ្រិស្តដែលជាម្ចាស់របស់យើង។
៩ ព្រោះប្រសិនបើអ្នកណាគ្មានលក្ខណៈទាំងនោះ អ្នកនោះងងឹតភ្នែក ហើយកំពុងបិទភ្នែកមិនឲ្យឃើញពន្លឺ ក៏បានភ្លេចការខុសឆ្គងរបស់ខ្លួនពីអតីតកាលដែលបានត្រូវសម្អាតហើយ។ ១០ ដូច្នេះ បងប្អូនអើយ ចូរព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឲ្យប្រាកដថា អ្នករាល់គ្នាស្មោះត្រង់ជានិច្ច ដើម្បីរក្សាខ្លួនឲ្យនៅក្នុងចំណោមពួកអ្នកដែលព្រះបានហៅនិងជ្រើសរើស ពីព្រោះប្រសិនបើអ្នករាល់គ្នាធ្វើការទាំងនេះជានិច្ច នោះអ្នករាល់គ្នានឹងមិនដួលឡើយ។ ១១ តាមពិត ដោយធ្វើដូច្នេះ អ្នករាល់គ្នានឹងទទួលពរដ៏វិសេស គឺអ្នករាល់គ្នានឹងទទួលការអនុញ្ញាតឲ្យចូលក្នុងរាជាណាចក្រដែលស្ថិតស្ថេរជានិរន្តរ៍របស់លោកយេស៊ូគ្រិស្ត ដែលជាអ្នកសង្គ្រោះនិងជាម្ចាស់របស់យើង។
១២ ហេតុនេះហើយបានជាខ្ញុំប្រុងប្រៀបរំលឹកអ្នករាល់គ្នាអំពីការទាំងនេះជានិច្ច ទោះជាអ្នករាល់គ្នាដឹងការទាំងនេះ ហើយក៏បានតាំងខ្លួនមាំមួនក្នុងសេចក្ដីពិតដែលអ្នករាល់គ្នាស្គាល់។ ១៣ ប៉ុន្តែខ្ញុំគិតថាជាការត្រឹមត្រូវដែលខ្ញុំដាស់តឿនអ្នករាល់គ្នាដោយការរំលឹក ដរាបណាដែលខ្ញុំនៅក្នុងត្រសាល* នេះ ១៤ ដោយដឹងថា មិនយូរទៀតខ្ញុំត្រូវលះចោលត្រសាលនេះ ដូចលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងធ្លាប់មានប្រសាសន៍ប្រាប់ខ្ញុំ។ ១៥ ដូច្នេះ ខ្ញុំនឹងខំប្រឹងអស់ពីសមត្ថភាព។ យ៉ាងនោះ ក្រោយពីខ្ញុំបានចាកចេញហើយ អ្នករាល់គ្នាអាចរំលឹកគ្នាអំពីការទាំងនេះគ្រប់ពេលវេលា។
១៦ យើងមិនបានធ្វើឲ្យអ្នករាល់គ្នាដឹងអំពីឫទ្ធានុភាពនិងវត្តមានរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ដោយផ្អែកលើរឿងមិនពិតដែលមនុស្សបានប្រឌិតឡើងយ៉ាងប៉ិនប្រសប់នោះទេ ប៉ុន្តែគឺដោយសារយើងជាសាក្សីផ្ទាល់ភ្នែកអំពីភាពរុងរឿងរបស់លោក។ ១៧ ព្រោះលោកបានទទួលកិត្ដិយសនិងសិរីរុងរឿងពីព្រះដែលជាបិតា ពេលដែលមានសំឡេងបន្លឺពីរស្មីរុងរឿងមកកាន់លោកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ ដែលខ្ញុំពេញចិត្ត»។ ១៨ ពាក្យសម្ដីនេះយើងបានឮបន្លឺពីលើមេឃមក កាលដែលយើងនៅភ្នំបរិសុទ្ធជាមួយនឹងលោក។
១៩ ហេតុនេះ ទំនុកចិត្តរបស់យើងទៅលើទំនាយបានត្រូវពង្រឹងថែមទៀត ហើយជាការល្អដែលអ្នករាល់គ្នាកំពុងផ្ដោតអារម្មណ៍ទៅលើទំនាយនោះ ដូចចង្កៀងមួយដែលភ្លឺនៅកន្លែងងងឹតក្នុងចិត្តអ្នករាល់គ្នា រហូតដល់ព្រឹកព្រលឹម ហើយផ្កាយព្រឹករះឡើង។ ២០ ព្រោះអ្នករាល់គ្នាដឹងមុនថា គ្មានទំនាយណាមួយក្នុងបទគម្ពីរដែលផ្ដើមចេញពីការបកស្រាយផ្ទាល់ខ្លួនរបស់អ្នកណាម្នាក់ទេ។ ២១ ព្រោះទំនាយមិនដែលកើតចេញពីបំណងប្រាថ្នារបស់មនុស្សទេ តែមនុស្សបាននិយាយអ្វីដែលមកពីព្រះ ដោយមានសកម្មពល* បរិសុទ្ធដឹកនាំពួកគេ។