យ៉ូហានទី២
១ ពីខ្ញុំ ជាបុរសចាស់ទុំ ជូនចំពោះស្ត្រីដែលបានត្រូវរើសតាំង និងកូនរបស់នាង ដែលខ្ញុំស្រឡាញ់យ៉ាងស្មោះ។ មិនត្រឹមតែខ្ញុំប៉ុណ្ណោះទេដែលស្រឡាញ់ តែអស់អ្នកដែលស្គាល់សេចក្ដីពិត ក៏ស្រឡាញ់ដែរ ២ ដោយសារសេចក្ដីពិតដែលនៅក្នុងចិត្តយើង ហើយសេចក្ដីពិតនោះ នឹងនៅជាប់ជាមួយនឹងយើងជារៀងរហូត។ ៣ យើងទាំងអស់គ្នានឹងទទួលនូវគុណដ៏វិសេសលើសលប់ សេចក្ដីមេត្ដាករុណា និងសេចក្ដីសុខសាន្ត ព្រមទាំងសេចក្ដីពិត និងសេចក្ដីស្រឡាញ់ពីព្រះដែលជាបិតា និងលោកយេស៊ូគ្រិស្ត* ជាបុត្ររបស់លោក។
៤ ខ្ញុំមានអំណរក្រៃលែង ពីព្រោះខ្ញុំបានឃើញថា កូនខ្លះរបស់នាងកំពុងប្រព្រឹត្តតាម* សេចក្ដីពិត ដូចបញ្ញត្ដិដែលយើងបានទទួលពីបិតាដែលស្ថិតនៅស្ថានសួគ៌។ ៥ ដូច្នេះ នាងអើយ! ខ្ញុំសរសេរដើម្បីសូមឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។ នេះមិនមែនជាបញ្ញត្ដិថ្មីឡើយ តែជាបញ្ញត្ដិដែលយើងរាល់គ្នាបានទទួលពីដើមដំបូង។ ៦ ការស្រឡាញ់គ្នាទៅវិញទៅមកមានន័យថា យើងកាន់តាមបញ្ញត្ដិរបស់លោកជាបន្តទៅទៀត ហើយបញ្ញត្ដិរបស់លោកដែលអ្នករាល់គ្នាបានឮពីដើមដំបូងគឺ អ្នកត្រូវបង្ហាញសេចក្ដីស្រឡាញ់ជាបន្តទៅទៀត។ ៧ ព្រោះថា មានអ្នកបោកបញ្ឆោតជាច្រើនបានលេចមកក្នុងពិភពលោកនេះ។ អ្នកទាំងនោះមិនព្រមទទួលស្គាល់ថា លោកយេស៊ូគ្រិស្តធ្លាប់បានមកកើតជាមនុស្សទេ។ គឺអ្នកទាំងនោះហើយ ដែលជាអ្នកបោកបញ្ឆោត និងជាសត្រូវរបស់គ្រិស្ត។
៨ ចូរប្រយ័ត្ន! កុំឲ្យអ្នករាល់គ្នាបាត់បង់នូវអ្វីៗដែលជាប្រយោជន៍ពីកិច្ចការរបស់យើង ប៉ុន្តែដើម្បីឲ្យអ្នកទទួលរង្វាន់យ៉ាងពេញលេញវិញ។ ៩ អ្នកណាដែលចេះតែរុលទៅមុន ហើយមិននៅជាប់នឹងសេចក្ដីបង្រៀនរបស់គ្រិស្ត អ្នកនោះមិនធ្វើឲ្យបិតាដែលស្ថិតនៅស្ថានសួគ៌ពេញចិត្តឡើយ។ តែអ្នកណាដែលនៅជាប់នឹងសេចក្ដីបង្រៀនរបស់គ្រិស្ត អ្នកនោះធ្វើឲ្យបិតាដែលស្ថិតនៅស្ថានសួគ៌និងបុត្ររបស់លោកពេញចិត្តវិញ។ ១០ ប្រសិនបើមានអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនសេចក្ដីនេះ កុំទទួលអ្នកនោះចូលក្នុងផ្ទះរបស់អ្នក ឬសូម្បីតែជម្រាបសួរអ្នកនោះឡើយ ១១ ព្រោះថាអ្នកណាដែលជម្រាបសួរអ្នកនោះ ក៏រួមចំណែកក្នុងអំពើទុច្ចរិតរបស់អ្នកនោះដែរ។
១២ ទោះបីមានរឿងជាច្រើនដែលខ្ញុំចង់រៀបរាប់ប្រាប់អ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំមិនចង់សរសេរនៅក្នុងសំបុត្រទេ។ ខ្ញុំសង្ឃឹមថានឹងបានមកទីនោះ ហើយនិយាយផ្ទាល់មាត់វិញ ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាបានពេញលេញ។
១៣ កូនៗរបស់បងស្រីនាង ជាស្ត្រីដែលព្រះបានរើសតាំង បានផ្ដាំសួរសុខទុក្ខ។