យូដាស
១ ពីខ្ញុំ យូដាស ជាខ្ញុំបម្រើរបស់លោកយេស៊ូគ្រិស្ត* ហើយជាប្អូនរបស់យ៉ាកុប ជូនចំពោះអស់អ្នកដែលបានត្រូវហៅនិងបានត្រូវរក្សាទុកសម្រាប់លោកយេស៊ូគ្រិស្ត គឺអ្នកដែលជាទីស្រឡាញ់របស់ព្រះជាបិតាដែលស្ថិតនៅស្ថានសួគ៌។
២ សូមឲ្យអ្នករាល់គ្នាទទួលនូវសេចក្ដីមេត្ដាករុណា សេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់កាន់តែច្រើនឡើងពីព្រះ។
៣ អ្នករាល់គ្នាជាទីស្រឡាញ់អើយ! ទោះជាខ្ញុំខំអស់ពីសមត្ថភាពដើម្បីសរសេរទៅកាន់អ្នករាល់គ្នាអំពីសេចក្ដីសង្គ្រោះដែលយើងនឹងទទួលក៏ដោយ តែឥឡូវខ្ញុំយល់ថា ជាការចាំបាច់ត្រូវតែសរសេរដាស់តឿនអ្នករាល់គ្នា ឲ្យតស៊ូដើម្បីការពារជំនឿ ដែលបានត្រូវផ្ដល់ឲ្យអ្នកបរិសុទ្ធទាំងឡាយមួយដងជាការស្រេច។ ៤ ខ្ញុំត្រូវសរសេរពីព្រោះមានបុរសខ្លះបានលួចបន្លំចូលមកក្នុងចំណោមយើង ហើយបុរសទាំងនោះដែលមិនគោរពព្រះ បានយកគុណដ៏វិសេសលើសលប់របស់ព្រះជាលេស ដើម្បីបណ្ដោយខ្លួនទៅតាមសីលធម៌ធូររលុង។* ពួកគេក៏បានក្បត់ម្ចាស់តែមួយរបស់យើងគឺលោកយេស៊ូគ្រិស្ត ដែលបានទិញយើងមក។ ទោសដែលបុរសទាំងនេះត្រូវទទួល បានត្រូវកំណត់ទុកតាំងពីយូរយារមកហើយក្នុងបទគម្ពីរ។
៥ ថ្វីបើអ្នករាល់គ្នាដឹងទាំងអស់រួចហើយក្ដី ក៏ខ្ញុំចង់រំលឹកអ្នកថា ទោះជាព្រះយេហូវ៉ាបានសង្គ្រោះប្រជាជាតិមួយឲ្យចេញពីស្រុកអេស៊ីបក៏ដោយ តែក្រោយមក លោកបានបំផ្លាញចោលអ្នកដែលមិនជឿក្នុងចំណោមពួកគេ។ ៦ ចំណែកបណ្ដាទេវតាដែលបានបោះបង់ចោលសភាពដើម និងស្ថានដែលខ្លួនត្រូវនៅនោះ ព្រះក៏បានឃុំទេវតាទាំងនោះក្នុងភាពងងឹតសូន្យសុងទាំងជាប់ចំណងជានិច្ច ដើម្បីទទួលការវិនិច្ឆ័យទោសនៅថ្ងៃដ៏ធំ។ ៧ ស្រដៀងគ្នានឹងទេវតាទាំងនោះដែរ មនុស្សនៅក្រុងសូដុមនិងកូម៉ូរ៉ា ព្រមទាំងក្រុងទាំងប៉ុន្មានដែលនៅជុំវិញ បានឈ្លក់វង្វេងនឹងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ក៏បានស្វះស្វែងរកបំពេញកាមតណ្ហាខុសពីធម្មជាតិ ហើយពួកគេបានទទួលការវិនិច្ឆ័យទោស ជាភ្លើងដែលឆេះជារៀងរហូត។ អ្វីដែលបានកើតឡើងដល់មនុស្សទាំងនោះ ត្រូវទុកជាការព្រមានដល់យើង។
៨ ដូចគ្នាដែរ បុរសទាំងនេះ ដែលបណ្ដែតបណ្ដោយខ្លួនទៅតាមការស្រមើស្រមៃ កំពុងបង្ខូចខ្លួនឯងនិងអ្នកឯទៀត ព្រមទាំងមើលងាយអ្នកដែលមានអំណាចលើពួកគេ និងនិយាយប្រមាថអ្នកដែលព្រះបានផ្ដល់កិត្ដិយសឲ្យផង។ ៩ ក៏ប៉ុន្តែ ពេលដែលមហាទេវតាមីកែលមានទំនាស់ជាមួយនឹងមេកំណាច* ហើយជំទាស់អំពីសពរបស់ម៉ូសេ នោះលោកមិនហ៊ានផ្ដន្ទាទោសដោយពាក្យប្រមាថទេ។ តែលោកមានប្រសាសន៍ថា៖ «សូមព្រះយេហូវ៉ាស្តីបន្ទោសអ្នកចុះ!»។ ១០ រីឯបុរសទាំងនោះ ពួកគេនិយាយប្រមាថអំពីអ្វីៗដែលតាមពិត ពួកគេមិនយល់សោះ តែអ្វីៗដែលពួកគេដឹងគឺតាមលក្ខណៈធម្មជាតិ ដូចសត្វដែលគ្មានវិចារណញ្ញាណ គឺពួកគេចេះតែបង្ខូចខ្លួនទៅតាមអ្វីៗទាំងនោះ។
១១ គួរឲ្យស្ដាយណាស់! ពីព្រោះពួកគេបានប្រព្រឹត្តដូចកាអ៊ីន ហើយបានស្ទុះទៅធ្វើអំពើខុសឆ្គងដូចបាឡាមដើម្បីបានប្រាក់ឈ្នួល ព្រមទាំងបានវិនាសដោយសារការបំបះបំបោររបស់កូរ៉ា។ ១២ ពួកគេគឺដូចជាផ្ទាំងថ្មនៅក្រោមផ្ទៃទឹក ពេលដែលគេជប់លៀងសំណេះសំណាលជាមួយនឹងអ្នករាល់គ្នា ក៏ជាគង្វាលដែលគិតតែពីក្រពះខ្លួន ដោយឥតអៀនខ្មាស ថែមទាំងប្រៀបដូចជាពពកឥតភ្លៀងដែលរសាត់ទៅតាមខ្យល់ ហើយក៏ប្រៀបបាននឹងដើមឈើដែលមិនបង្កើតផលតាមរដូវកាល រួចត្រូវគេរំលើងចោល ពីព្រោះបានងាប់ពីរដង។ ១៣ ពួកគេដូចជារលកសមុទ្រដែលបក់បោកបែកពពុះចេញជាសេចក្ដីអាម៉ាស់ខ្មាសរបស់គេ ហើយក៏ដូចជាផ្កាយវង្វេងទិស ដែលត្រូវបម្រុងទុកឲ្យស្ថិតនៅក្នុងភាពងងឹតជារៀងរហូត។
១៤ អេណុក ដែលជាតំណទីប្រាំពីរពីអាដាមមក បានប្រកាសទំនាយអំពីអ្នកទាំងនោះថា៖ «មើល! ព្រះយេហូវ៉ាបានមកជាមួយនឹងទេវតាបរិសុទ្ធរាប់ម៉ឺនរបស់លោក ១៥ ដើម្បីដាក់ទោសមនុស្សទុច្ចរិត* ហើយបញ្ជាក់នូវទោសកំហុសរបស់ពួកគេក្នុងអំពើទុច្ចរិតដែលពួកគេបានប្រព្រឹត្តយ៉ាងទុច្ចរិត ហើយស្តីអំពីសម្ដីដ៏គួរខ្ពើមរអើមដែលមនុស្សទុច្ចរិតជាអ្នកប្រព្រឹត្តអំពើខុសឆ្គងបានពោលប្រឆាំងលោក»។
១៦ បុរសទាំងនេះចេះតែត្អូញត្អែរ រអ៊ូរទាំអំពីជីវភាពរបស់ខ្លួន ហើយបណ្ដែតបណ្ដោយខ្លួនទៅតាមសេចក្ដីប៉ងប្រាថ្នាអាក្រក់។ ពួកគេនិយាយអួតខ្លួន ព្រមទាំងរកផ្គាប់ផ្គុនអ្នកដទៃដើម្បីបានប្រយោជន៍ផ្ទាល់ខ្លួន។
១៧ ចំណែកអ្នករាល់គ្នាជាទីស្រឡាញ់អើយ! ចូរនឹកដល់សម្ដីរបស់បណ្ដាសាវ័កនៃលោកយេស៊ូគ្រិស្ត ជាម្ចាស់របស់យើង ដែលពួកគាត់បាននិយាយប្រាប់កាលពីមុន។ ១៨ ពួកគាត់ធ្លាប់ប្រាប់អ្នករាល់គ្នាថា៖ «នៅគ្រាចុងក្រោយ នឹងមានពួកអ្នកចំអក ដែលបណ្ដែតបណ្ដោយខ្លួនទៅតាមសេចក្ដីប៉ងប្រាថ្នាខាងអំពើទុច្ចរិត»។ ១៩ គឺបុរសទាំងនេះដែលធ្វើឲ្យបែកបាក់គ្នា ថែមទាំងជាអ្នកប្រព្រឹត្តដូចសត្វធាតុ ហើយក៏គ្មានសកម្មពល* របស់ព្រះដែរ។ ២០ ក៏ប៉ុន្តែ អ្នករាល់គ្នាជាទីស្រឡាញ់អើយ! ដោយធ្វើឲ្យខ្លួនអ្នកមាំមួនឡើងដោយផ្អែកលើជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នក ព្រមទាំងអធិដ្ឋានដោយនូវសកម្មពលរបស់ព្រះ ២១ ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់ កាលដែលអ្នកទន្ទឹងរង់ចាំទទួលនូវសេចក្ដីមេត្ដាករុណាពីលោកយេស៊ូគ្រិស្ត ជាម្ចាស់របស់យើង ដើម្បីឲ្យបានជីវិតដែលគ្មានទីបញ្ចប់។ ២២ បន្ថែមទៅទៀត ចូរមានចិត្តមេត្ដាតទៅទៀតចំពោះអ្នកខ្លះដែលមានការសង្ស័យ ២៣ ហើយសង្គ្រោះពួកគេ ដោយកន្ដ្រាក់ពួកគេចេញពីភ្លើង។ ប៉ុន្តែ ចំពោះអ្នកឯទៀតវិញ ចូរមានចិត្តមេត្ដាតទៅទៀត ថែមទាំងប្រុងប្រយ័ត្នផង កាលដែលអ្នករាល់គ្នាស្អប់ទាំងសម្លៀកបំពាក់ក្នុង ដែលប្រឡាក់ដោយសាររូបកាយ។
២៤ ចំពោះព្រះដែលអាចការពារអ្នករាល់គ្នា កុំឲ្យជំពប់ដួល* ហើយដែលអាចទុកអ្នករាល់គ្នាឲ្យឥតសៅហ្មងនៅមុខសិរីរុងរឿងរបស់លោកដោយមានអំណរក្រៃលែង ២៥ សូមលោកដែលជាព្រះតែមួយ និងអ្នកសង្គ្រោះយើង តាមរយៈលោកយេស៊ូគ្រិស្ត ជាម្ចាស់របស់យើង មានសិរីរុងរឿង ភាពឧត្តុង្គឧត្តម ឫទ្ធានុភាព និងអំណាចស្ថិតស្ថេរជានិច្ចកាលតរៀងមកដល់ឥឡូវនេះ និងជារៀងរហូតតទៅ។ អាមេន។