ការបើកបង្ហាញ
២១ ខ្ញុំឃើញមេឃថ្មីនិងផែនដីថ្មី ព្រោះមេឃនិងផែនដីដែលមានពីមុនបានកន្លងបាត់ទៅហើយ ឯសមុទ្រក៏លែងមានទៀត។ ២ ខ្ញុំក៏ឃើញក្រុងបរិសុទ្ធ គឺក្រុងយេរូសាឡិមថ្មីចុះមកពីព្រះនៅស្ថានសួគ៌ ហើយក្រុងនោះបានត្រូវរៀបចំដូចកូនក្រមុំដែលបានតុបតែងខ្លួនដើម្បីស្វាមីរបស់នាង។ ៣ រួចមក ខ្ញុំឮសំឡេងមួយបន្លឺយ៉ាងខ្លាំងចេញពីបល្ល័ង្កមកថា៖ «មើល! ត្រសាលរបស់ព្រះនៅជាមួយនឹងមនុស្សជាតិ ហើយលោកនឹងអាស្រ័យនៅជាមួយនឹងពួកគេ ឯពួកគេនឹងធ្វើជារាស្ត្ររបស់លោក។ ហើយព្រះនឹងនៅជាមួយនឹងពួកគេដោយខ្លួនលោកផ្ទាល់។ ៤ លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ។ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបានកន្លងបាត់អស់ហើយ»។
៥ លោកដែលអង្គុយលើបល្ល័ង្កមានប្រសាសន៍ថា៖ «មើល! ខ្ញុំកំពុងធ្វើអ្វីៗទាំងអស់ថ្មី»។ ម្យ៉ាងទៀត លោកមានប្រសាសន៍ថា៖ «ចូរសរសេរ ពីព្រោះពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយក៏ពិតត្រង់»។ ៦ លោកក៏មានប្រសាសន៍មកខ្ញុំថា៖ «ការទាំងនោះបានសម្រេចហើយ! ខ្ញុំជាអាលផានិងអូមេហ្គា* ជាដើមនិងជាចុង។ ខ្ញុំនឹងឲ្យទឹកពីរន្ធនៃទឹកដែលផ្ដល់ជីវិតដល់អ្នកណាដែលស្រេក ដោយឥតគិតថ្លៃ។ ៧ អ្នកណាដែលឈ្នះនឹងទទួលអ្វីៗទាំងនោះជាមត៌ក ហើយខ្ញុំនឹងធ្វើជាព្រះរបស់អ្នកនោះ ឯអ្នកនោះនឹងធ្វើជាកូនរបស់ខ្ញុំ។ ៨ ប៉ុន្តែពួកអ្នកដែលកំសាក ពួកអ្នកដែលគ្មានជំនឿ ពួកអ្នកដែលកខ្វក់និងគួរឲ្យស្អប់ខ្ពើម ពួកឃាតករ ពួកអ្នកដែលធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ពួកអ្នកដែលទាក់ទងនឹងវិញ្ញាណអាក្រក់ ពួកអ្នកដែលគោរពបូជារូបព្រះ និងអស់អ្នកដែលភូតភរ ពួកគេនឹងទទួលចំណែកក្នុងបឹងដែលឆេះដោយភ្លើងនិងស្ពាន់ធ័រ។ នេះតំណាងសេចក្ដីស្លាប់ទីពីរ»។
៩ ក្រោយមក ទេវតាមួយពីចំណោមទេវតាទាំងប្រាំពីរដែលមានចានគោមពេញទៅដោយសេចក្ដីវេទនាទាំងប្រាំពីរចុងក្រោយ បានមកហើយនិយាយមកកាន់ខ្ញុំថា៖ «ចូរមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំដែលជាភរិយារបស់កូនចៀម»។ ១០ ដូច្នេះ គាត់យកខ្ញុំដោយសកម្មពល* របស់ព្រះទៅឯភ្នំដ៏ធំនិងខ្ពស់ត្រដែតមួយ រួចគាត់បង្ហាញឲ្យខ្ញុំឃើញក្រុងយេរូសាឡិម ជាក្រុងបរិសុទ្ធ កំពុងចុះពីព្រះនៅស្ថានសួគ៌ ១១ ប្រកបដោយសិរីរុងរឿងរបស់ព្រះ។ រស្មីរបស់ក្រុងនោះគឺដូចត្បូងល្អវិសេស ដូចត្បូងយ៉ាស្បាដែលភ្លឺថ្លាដូចកែវចរណៃ។ ១២ ក្រុងនោះមានកំពែងដ៏ធំនិងខ្ពស់ណាស់ ព្រមទាំងមានទ្វារកំពែងដប់ពីរ ហើយនៅទ្វារកំពែងទាំងនោះមានទេវតាដប់ពីរ។ ម្យ៉ាងទៀត ឈ្មោះរបស់កុលសម្ព័ន្ធនៃកូនអ៊ីស្រាអែលទាំងដប់ពីរបានត្រូវសរសេរលើទ្វារទាំងនោះ។ ១៣ នៅខាងកើតមានទ្វារបី នៅខាងជើងមានទ្វារបី នៅខាងត្បូងមានទ្វារបី ហើយនៅខាងលិចមានទ្វារបី។ ១៤ កំពែងក្រុងនោះក៏មានថ្មគ្រឹះដប់ពីរ ហើយលើថ្មទាំងនោះមានឈ្មោះរបស់សាវ័កទាំងដប់ពីររបស់កូនចៀម។
១៥ ឯអ្នកដែលកំពុងនិយាយជាមួយនឹងខ្ញុំកាន់ដើមត្រែងមាសមួយនៅដៃ ដើម្បីប្រើជាប្រដាប់វាស់ក្រុងនោះ ព្រមទាំងទ្វារនិងកំពែងរបស់ក្រុងនោះផង។ ១៦ ក្រុងនោះមានរាងបួនជ្រុងស្មើ ឯបណ្ដោយនិងទទឹងនៃក្រុងនោះគឺស្មើគ្នា។ រួចគាត់យកដើមត្រែងនោះ ហើយវាស់ក្រុងនោះឃើញមានមួយម៉ឺនពីរពាន់ស្ដាដ។* បណ្ដោយ ទទឹង និងកម្ពស់នៃក្រុងនោះគឺស្មើគ្នា។ ១៧ គាត់ក៏វាស់កំពែងក្រុងនោះ ឃើញមានមួយរយសែសិបបួនហត្ថ* តាមរង្វាស់របស់មនុស្សដែលជារង្វាស់របស់ទេវតាដែរ។ ១៨ កំពែងក្រុងនោះធ្វើពីត្បូងយ៉ាស្បា ហើយក្រុងនោះធ្វើពីមាសសុទ្ធដែលថ្លាដូចកញ្ចក់។ ១៩ គ្រឹះនានានៃកំពែងស្អាតរបស់ក្រុងនោះបានត្រូវធ្វើពីត្បូងវិសេសគ្រប់ប្រភេទ៖ គ្រឹះទីមួយបានត្រូវធ្វើពីត្បូងយ៉ាស្បា ទីពីរត្បូងកណ្ដៀង ទីបីត្បូងខាលសេដូនី ទីបួនត្បូងមរកត ២០ ទីប្រាំត្បូងសាដូនិច ទីប្រាំមួយត្បូងសាដៀស ទីប្រាំពីរត្បូងគ្រីសូឡែត ទីប្រាំបីត្បូងបេរីល ទីប្រាំបួនត្បូងថូផាស ទីដប់ត្បូងគ្រីសូប្រេស ទីដប់មួយត្បូងហៃយ៉ាស៊ីន ទីដប់ពីរត្បូងអេម៉ាទេស។ ២១ ម្យ៉ាងទៀត ទ្វារទាំងដប់ពីរ គឺជាគជ់ខ្យងដប់ពីរ ដោយទ្វារនីមួយៗធ្វើពីគជ់ខ្យងមួយ។ ហើយផ្លូវធំក្នុងក្រុងនោះធ្វើពីមាសសុទ្ធ ហើយក៏ថ្លាដូចកញ្ចក់។
២២ ខ្ញុំមិនឃើញវិហារនៅក្នុងក្រុងនោះទេ ព្រោះព្រះយេហូវ៉ាដែលជាព្រះមានឫទ្ធានុភាពខ្លាំងក្លាបំផុត លោកនិងកូនចៀមជាវិហារនៃក្រុងនោះ។ ២៣ មិនត្រូវការថ្ងៃឬខែបំភ្លឺក្រុងនោះទេ ពីព្រោះសិរីរុងរឿងរបស់ព្រះបានបំភ្លឺក្រុងនោះ ហើយកូនចៀមជាចង្កៀងនៃក្រុងនោះ។ ២៤ ប្រជាជាតិនានានឹងដើរដោយសារពន្លឺនៃក្រុងនោះ ហើយស្តេចទាំងឡាយនៅផែនដីនឹងនាំសិរីរុងរឿងរបស់ពួកគេចូលក្នុងក្រុងនោះ។ ២៥ ទ្វារក្រុងនោះនឹងមិនត្រូវបិទនៅពេលថ្ងៃឡើយ ហើយនៅក្រុងនោះនឹងគ្មានយប់ទេ។ ២៦ សិរីរុងរឿងនិងកិត្ដិយសនៃប្រជាជាតិនានានឹងត្រូវនាំចូលក្រុងនោះ។ ២៧ ប៉ុន្តែអ្វីដែលមិនពិសិដ្ឋ ពួកអ្នកដែលប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ហើយភូតភរនឹងមិនចូលក្នុងក្រុងនោះទេ មានតែពួកអ្នកដែលមានឈ្មោះក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះនឹងចូល។