ការបើកបង្ហាញ
១ ការបើកបង្ហាញដោយលោកយេស៊ូគ្រិស្ត* ជាអ្វីដែលព្រះបានផ្ដល់ឲ្យលោក ដើម្បីបង្ហាញពួកខ្ញុំបម្រើរបស់លោកឲ្យឃើញអ្វីដែលត្រូវកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ លោកបានចាត់ទេវតារបស់លោក ហើយតាមរយៈទេវតានោះ លោកប្រើនិមិត្តរូបដើម្បីបើកបង្ហាញការទាំងនោះដល់ខ្ញុំបម្រើរបស់លោក គឺយ៉ូហាន ២ ដែលបានធ្វើជាសាក្សីបញ្ជាក់អំពីបណ្ដាំរបស់ព្រះ និងអំពីសក្ខីភាពរបស់លោកយេស៊ូគ្រិស្ត គឺគាត់បានបញ្ជាក់អំពីអ្វីៗទាំងអស់ដែលគាត់ឃើញ។ ៣ អ្នកណាដែលអានទំនាយនេះឲ្យអ្នកឯទៀតស្ដាប់ និងអ្នកដែលឮហើយប្រព្រឹត្តតាមអ្វីដែលបានត្រូវសរសេរក្នុងទំនាយនេះ អ្នកទាំងនោះមានសុភមង្គលហើយ ពីព្រោះពេលកំណត់គឺជិតដល់ហើយ។
៤ ពីខ្ញុំ យ៉ូហាន ជូនចំពោះក្រុមជំនុំទាំងប្រាំពីរនៅតំបន់អាស៊ី៖*
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់និងសេចក្ដីសុខសាន្តពី«លោកដែលមានជីវិតរស់នៅកាលពីមុន ដែលមានជីវិតរស់នៅឥឡូវនេះ ហើយដែលនឹងមកដល់» ព្រមទាំងពីសកម្មពល* ទាំងប្រាំពីរដែលនៅមុខបល្ល័ង្ករបស់លោក ៥ ហើយពីលោកយេស៊ូគ្រិស្ត ដែលជា«សាក្សីដ៏ស្មោះត្រង់» ជា«បុត្រច្បងនិងជាអ្នកដែលបានរស់ពីស្លាប់ឡើងវិញមុនគេ» និងជា«អ្នកគ្រប់គ្រងលើស្តេចទាំងឡាយនៅផែនដី»។
លោកស្រឡាញ់យើង ហើយបានរំដោះយើងពីការខុសឆ្គង* របស់យើងតាមរយៈឈាមរបស់លោកផ្ទាល់ ៦ រួចលោកធ្វើឲ្យយើងទៅជាស្តេចនិងជាសង្ឃរបស់ព្រះដែលជាបិតារបស់លោក។ សូមឲ្យលោកបានប្រកបដោយសិរីរុងរឿងនិងកម្លាំងខ្លាំងក្លាជារៀងរហូត។ អាមេន។
៧ មើល! លោកនឹងមកជាមួយនឹងពពក ហើយភ្នែកមនុស្សទាំងអស់នឹងឃើញលោក រួមទាំងពួកអ្នកដែលបានចាក់លោក។ ហើយដោយសារលោក កុលសម្ព័ន្ធទាំងអស់នៅផែនដីនឹងគក់ទ្រូងដោយក្ដីទុក្ខព្រួយ។ មែនហើយ អាមេន។
៨ ព្រះយេហូវ៉ាដែលជាព្រះមានប្រសាសន៍ថា៖ «ខ្ញុំជាអាលផានិងអូមេហ្គា* ជាអ្នកដែលមានជីវិតរស់នៅកាលពីមុន ដែលមានជីវិតរស់នៅឥឡូវនេះ និងដែលនឹងមកដល់ ហើយដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។
៩ ខ្ញុំ យ៉ូហាន ដែលជាបងប្រុសរបស់អ្នករាល់គ្នានិងជាអ្នករួមចំណែកជាមួយនឹងអ្នករាល់គ្នាក្នុងសេចក្ដីវេទនា ក្នុងរាជាណាចក្រ និងក្នុងការស៊ូទ្រាំក្នុងនាមជាអ្នកកាន់តាមលោកយេស៊ូបាននៅកោះហៅថាប៉ាត់ម៉ុស ដោយសារខ្ញុំនិយាយអំពីព្រះនិងធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូ។ ១០ ដោយឥទ្ធិពលនៃសកម្មពលរបស់ព្រះ ខ្ញុំបាននៅថ្ងៃរបស់លោកម្ចាស់ ហើយនៅខាងក្រោយខ្ញុំ ខ្ញុំឮសំឡេងមួយលាន់ឮយ៉ាងខ្លាំង ដូចសំឡេងត្រែ។ ១១ សំឡេងនោះបន្លឺឡើងថា៖ «អ្វីដែលអ្នកឃើញ ចូរសរសេរក្នុងរមូរមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរ គឺក្រុមជំនុំនៅក្រុងអេភេសូរ ក្រុងស្មៀរណា ក្រុងពើកាម៉ុម ក្រុងធាទេរ៉ា ក្រុងសាដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។
១២ រួចខ្ញុំបែរទៅរកសំឡេងដែលកំពុងបន្លឺមកកាន់ខ្ញុំ ហើយខ្ញុំឃើញជើងចង្កៀងមាសប្រាំពីរ ១៣ នៅកណ្ដាលជើងចង្កៀងទាំងនោះ ខ្ញុំឃើញមនុស្សម្នាក់ដូចកូនមនុស្ស ដែលមានសម្លៀកបំពាក់វែងដល់ជើង ហើយមានខ្សែក្រវាត់មាសក្រវាត់នៅដើមទ្រូង។ ១៤ ម្យ៉ាងទៀត សក់ក្បាលរបស់លោកសស្គុសដូចរោមចៀម ឯភ្នែករបស់លោកភ្លឺដូចអណ្ដាតភ្លើង ១៥ ជើងរបស់លោកដូចស្ពាន់សុទ្ធដែលកំពុងភ្លឺក្នុងឡ ហើយសំឡេងលោកដូចសន្ធឹកទឹកហូរ។ ១៦ លោកមានផ្កាយប្រាំពីរនៅក្នុងដៃស្ដាំរបស់លោក ហើយមានដាវមួយវែងយ៉ាងមុតដែលមានមុខពីរចេញពីមាត់របស់លោក ឯមុខរបស់លោកភ្លឺដូចថ្ងៃពេលដែលកំពុងពេញកម្ដៅ។ ១៧ ពេលដែលខ្ញុំឃើញលោក ខ្ញុំដួលនៅក្បែរជើងរបស់លោក ដូចមនុស្សស្លាប់។
រួចលោកដាក់ដៃស្ដាំលើខ្ញុំ ហើយមានប្រសាសន៍ថា៖ «កុំខ្លាចឡើយ។ ខ្ញុំជាអ្នកមុនបង្អស់ និងជាអ្នកក្រោយបង្អស់ ១៨ ហើយជាអ្នកដែលមានជីវិតរស់នៅ ខ្ញុំបានស្លាប់ តែមើល! ខ្ញុំរស់ជារៀងរហូត ហើយខ្ញុំមានកូនសោនៃសេចក្ដីស្លាប់និងកូនសោនៃផ្នូរ។* ១៩ ដូច្នេះ ចូរសរសេរអ្វីៗដែលអ្នកបានឃើញ អ្វីៗដែលកំពុងកើតឡើង និងអ្វីៗដែលនឹងកើតឡើងបន្ទាប់ពីនេះ។ ២០ ចំណែកអាថ៌កំបាំងដ៏ពិសិដ្ឋអំពីផ្កាយប្រាំពីរដែលអ្នកបានឃើញនៅក្នុងដៃស្ដាំរបស់ខ្ញុំ និងអំពីជើងចង្កៀងមាសប្រាំពីរ៖ ផ្កាយទាំងប្រាំពីរតំណាងពួកទេវតានៃក្រុមជំនុំទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរ តំណាងក្រុមជំនុំប្រាំពីរ។