ការបើកបង្ហាញ
៩ ពេលដែលទេវតាទីប្រាំផ្លុំត្រែរបស់គាត់ ខ្ញុំឃើញផ្កាយមួយដែលបានធ្លាក់ដល់ផែនដី។ ផ្កាយនោះបានទទួលកូនសោនៃទីជ្រៅបំផុត។ ២ ពេលដែលផ្កាយនោះបើកទីជ្រៅបំផុត មានផ្សែងចេញមកពីរណ្ដៅនោះ ដូចផ្សែងពីឡដ៏ធំមួយ ហើយថ្ងៃនិងមេឃបានទៅជាងងឹតដោយសារផ្សែងពីរណ្ដៅនោះ។ ៣ មានកណ្ដូបចេញពីផ្សែងនោះមកលើផែនដី។ កណ្ដូបទាំងនោះបានទទួលអំណាចដូចអំណាចរបស់ខ្យាដំរីនៅផែនដី។ ៤ ហើយពួកគេបានត្រូវប្រាប់មិនឲ្យបង្ខូចតិណជាតិណានៅផែនដី ឬរុក្ខជាតិ ឬដើមឈើឡើយ គ្រាន់តែធ្វើទុក្ខដល់មនុស្សដែលមិនមានត្រារបស់ព្រះនៅថ្ងាសពួកគេប៉ុណ្ណោះ។
៥ ហើយកណ្ដូបបានទទួលការអនុញ្ញាត មិនមែនឲ្យសម្លាប់មនុស្សទាំងនោះទេ តែដើម្បីធ្វើទារុណកម្មដល់ពួកគេអស់ប្រាំខែ ហើយទារុណកម្មដែលពួកគេទទួលគឺដូចពេលដែលខ្យាដំរីទិចមនុស្ស។ ៦ នៅគ្រានោះ មនុស្សនឹងរកវិធីស្លាប់ តែរកមិនឃើញ ហើយពួកគេចង់ស្លាប់ តែសេចក្ដីស្លាប់នឹងរត់ចេញពីពួកគេ។
៧ ឯលក្ខណៈរបស់កណ្ដូបទាំងនោះគឺស្រដៀងនឹងសេះដែលបានត្រូវរៀបចំសម្រាប់ចម្បាំង ហើយលើក្បាលកណ្ដូបទាំងនោះមានអ្វីដែលមើលទៅដូចមកុដមាស ឯមុខគឺដូចមុខមនុស្ស ៨ តែសក់របស់កណ្ដូបទាំងនោះគឺដូចសក់ស្ត្រី ហើយធ្មេញគឺដូចធ្មេញតោ ៩ កណ្ដូបទាំងនោះមានអាវការពារដើមទ្រូងដូចអាវការពារធ្វើពីដែក ឯសន្ធឹកស្លាបគឺដូចសន្ធឹករទេះសេះជាច្រើនកំពុងស្រូតទៅច្បាំង។ ១០ ម្យ៉ាងទៀត កន្ទុយនិងទ្រនិចរបស់កណ្ដូបទាំងនោះគឺដូចកន្ទុយនិងទ្រនិចរបស់ខ្យាដំរី ហើយក្នុងកន្ទុយមានអំណាចធ្វើទុក្ខដល់មនុស្សទាំងនោះអស់ប្រាំខែ។ ១១ កណ្ដូបទាំងនោះមានស្តេច ពោលគឺទេវតានៃទីជ្រៅបំផុត។ ទេវតានោះមានឈ្មោះថាអាបាដូន* ជាភាសាហេប្រឺ តែជាភាសាក្រិចលោកមានឈ្មោះថាអាប៉ូលីយ៉ូន។*
១២ សេចក្ដីវេទនាទីមួយបានកន្លងផុតទៅហើយ។ មើល! សេចក្ដីវេទនាពីរទៀតនឹងមកបន្ទាប់ពីការទាំងនេះ។
១៣ ពេលដែលទេវតាទីប្រាំមួយផ្លុំត្រែរបស់គាត់ ខ្ញុំឮសំឡេងមួយបន្លឺចេញមកពីជ្រុង* ទាំងប៉ុន្មានរបស់ទីបូជាធ្វើពីមាស ដែលនៅមុខព្រះ។ ១៤ សំឡេងនោះបន្លឺទៅកាន់ទេវតាទីប្រាំមួយដែលមានត្រែថា៖ «ចូរស្រាយទេវតាទាំងបួនដែលជាប់ចំណងនៅទន្លេអឺប្រាត ជាទន្លេដ៏ធំ»។ ១៥ រួចគាត់ស្រាយទេវតាទាំងបួននោះ ដែលបានត្រូវរៀបចំសម្រាប់ម៉ោង ថ្ងៃ ខែ និងឆ្នាំ ដើម្បីសម្លាប់មួយភាគបីនៃមនុស្សទាំងនោះ។
១៦ ឯចំនួនទាហានសេះគឺពីរម៉ឺនគុណនឹងមួយម៉ឺន ខ្ញុំបានឮអំពីចំនួនពួកគេ។ ១៧ ក្នុងអ្វីដែលបានត្រូវបង្ហាញឲ្យខ្ញុំឃើញក្នុងគំនិត ខ្ញុំឃើញថាសេះនិងពួកអ្នកដែលជិះសេះទាំងនោះមានលក្ខណៈដូចតទៅនេះ៖ អាវការពារដើមទ្រូងរបស់ពួកគេ មានពណ៌ក្រហមដូចភ្លើង ពណ៌ខៀវចាស់ និងពណ៌លឿងដូចស្ពាន់ធ័រ ឯក្បាលសេះទាំងនោះគឺដូចក្បាលតោ ហើយមានភ្លើង ផ្សែងនិងស្ពាន់ធ័រចេញពីមាត់សេះទាំងនោះ។ ១៨ មួយភាគបីនៃមនុស្សទាំងនោះបានត្រូវសម្លាប់ដោយសេចក្ដីវេទនាទាំងបីនេះ គឺភ្លើង ផ្សែង និងស្ពាន់ធ័រដែលចេញពីមាត់សេះទាំងនោះ។ ១៩ ព្រោះអំណាចរបស់សេះទាំងនោះគឺនៅក្នុងមាត់និងកន្ទុយរបស់ពួកវា ព្រោះកន្ទុយរបស់ពួកវាដូចពស់ ក៏មានក្បាល ហើយពួកវាធ្វើទុក្ខដោយអ្វីៗទាំងនោះ។
២០ ប៉ុន្តែមនុស្សទាំងប៉ុន្មានទៀតដែលមិនបានត្រូវសម្លាប់ដោយសេចក្ដីវេទនាទាំងនោះ មិនបានប្រែចិត្តពីស្នាដៃរបស់ពួកគេដោយឈប់គោរពបូជាពួកវិញ្ញាណកំណាច* និងរូបព្រះធ្វើពីប្រាក់ មាស ស្ពាន់ ថ្ម និងឈើ ជារូបដែលមើលមិនឃើញ ស្ដាប់មិនឮ ហើយដើរមិនបាននោះទេ។ ២១ ពួកគេក៏មិនបានប្រែចិត្តពីឃាតកម្ម ការទាក់ទងនឹងពួកវិញ្ញាណអាក្រក់ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* និងពីចោរកម្មរបស់ពួកគេដែរ។