ម៉ាថាយ
១៦ នៅទីនេះ ពួកផារិស៊ីនិងពួកសាឌូស៊ីបានមកឯលោក ហើយខំល្បងលដោយសុំលោកសម្ដែងនូវសញ្ញាសម្គាល់មួយពីលើមេឃឲ្យពួកគេឃើញ។ ២ លោកតបឆ្លើយទៅពួកគេថា៖ «[[នៅពេលល្ងាច អ្នករាល់គ្នាមានទម្លាប់និយាយថា៖ ‹មេឃក្រហមឆ្អៅ ដូច្នេះ នឹងមានអាកាសធាតុល្អ› ៣ ហើយព្រឹកឡើងក៏ថា៖ ‹ថ្ងៃនេះនឹងមានភ្លៀងហើយក៏នឹងត្រជាក់ផង ព្រោះមេឃក្រហមឆ្អៅ ហើយស្រទំ›។ អ្នកចេះបកស្រាយលក្ខណៈនៃផ្ទៃមេឃមែន តែមិនចេះបកស្រាយសញ្ញាសម្គាល់នៃសម័យនេះឡើយ]]* ៤ មនុស្សជំនាន់នេះដែលទុច្ចរិតហើយមិនស្មោះត្រង់នឹងព្រះ* ចេះតែរកមើលសញ្ញាសម្គាល់ ប៉ុន្តែគ្មានសញ្ញាសម្គាល់ណានឹងត្រូវសម្ដែងឲ្យពួកគេឃើញឡើយ ក្រៅពីសញ្ញាសម្គាល់នៃយ៉ូណាស»។ ពេលមានប្រសាសន៍ចប់ហើយ លោកបានចេញពីពួកគេទៅ។
៥ រួចមក អ្នកកាន់តាមលោកបានឆ្លងទៅត្រើយម្ខាង ហើយភ្លេចយកនំប៉័ងទៅជាមួយ។ ៦ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរប្រុងស្មារតីជានិច្ច ហើយប្រុងប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី និងពួកសាឌូស៊ី»។ ៧ ដូច្នេះ ពួកគាត់ចាប់ផ្ដើមជជែកគ្នាថា៖ «យើងមិនបានយកនំប៉័ងមកជាមួយទេ»។ ៨ លោកយេស៊ូជ្រាបអំពីរឿងនេះ ក៏បានសួរថា៖ «អ្នកមានជំនឿតិចអើយ! ហេតុអ្វីកំពុងជជែកគ្នាដោយសារគ្មាននំប៉័ងដូច្នេះ? ៩ តើអ្នករាល់គ្នានៅតែមិនយល់ទេឬ? ឬក៏អ្នកមិនចាំទេថា អ្នកបានប្រមូលអាហារប៉ុន្មានកញ្ជើ ពេលដែលមាននំប៉័ងប្រាំដុំសម្រាប់បុរសប្រាំពាន់នាក់? ១០ ឬក៏អ្នកមិនចាំទេថាអ្នកបានប្រមូលអាហារប៉ុន្មានកញ្ឆេ ពេលដែលមាននំប៉័ងប្រាំពីរដុំសម្រាប់បុរសបួនពាន់នាក់នោះ? ១១ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ថា ខ្ញុំមិនមែននិយាយអំពីនំប៉័ងនោះ? ប៉ុន្តែ ចូរប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី និងពួកសាឌូស៊ី»។ ១២ នោះពួកគាត់បានយល់ថា លោកមិនមែនប្រាប់ឲ្យប្រុងប្រយ័ត្ននឹងដំបែនំប៉័ងនោះទេ ប៉ុន្តែបានប្រាប់ឲ្យប្រុងប្រយ័ត្ននឹងសេចក្ដីបង្រៀនរបស់ពួកផារិស៊ី និងពួកសាឌូស៊ីវិញ។
១៣ លុះពេលដែលលោកបានទៅដល់តំបន់សេសារៀភីលីពហើយ នោះលោកយេស៊ូសួរអ្នកកាន់តាមលោកថា៖ «តើមនុស្សទាំងឡាយថាកូនមនុស្សជាអ្នកណា?»។ ១៤ ពួកគាត់បានឆ្លើយថា៖ «អ្នកខ្លះថាលោកជាយ៉ូហានដែលជាអ្នកជ្រមុជទឹក អ្នកខ្លះទៀតថាលោកជាអេលីយ៉ា ហើយអ្នកឯទៀតថាលោកជាយេរេមា ឬអ្នកប្រកាសទំនាយមួយរូប»។ ១៥ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នកថាខ្ញុំជាអ្នកណា?»។ ១៦ ស៊ីម៉ូនពេត្រុសឆ្លើយថា៖ «លោកជាគ្រិស្ត ជាបុត្ររបស់ព្រះដែលមានជីវិតរស់នៅ»។ ១៧ លោកយេស៊ូមានប្រសាសន៍តបទៅគាត់ថា៖ «ស៊ីម៉ូន កូនយ៉ូណាស! អ្នកមានសុភមង្គលហើយ! ពីព្រោះនេះមិនមែនមនុស្សទេ ដែលបានបើកសម្ដែងឲ្យអ្នកដឹង ប៉ុន្តែគឺបិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌វិញ។ ១៨ ម្យ៉ាងទៀត ខ្ញុំប្រាប់អ្នកថា អ្នកគឺពេត្រុស* ហើយលើផ្ទាំងថ្មនេះ ខ្ញុំនឹងសាងក្រុមជំនុំរបស់ខ្ញុំ។ ទ្វារកំពែងផ្នូរ* នឹងមិនឈ្នះក្រុមជំនុំនោះឡើយ។ ១៩ ខ្ញុំនឹងឲ្យកូនសោនៃរាជាណាចក្រស្ថានសួគ៌ដល់អ្នក ហើយអ្វីដែលអ្នកចងនៅផែនដី នោះជាអ្វីដែលត្រូវបានចងនៅស្ថានសួគ៌ ហើយអ្វីដែលអ្នកស្រាយនៅផែនដី នោះជាអ្វីដែលត្រូវបានស្រាយនៅស្ថានសួគ៌»។ ២០ រួចមក លោកបង្គាប់យ៉ាងម៉ឺងម៉ាត់ទៅអ្នកកាន់តាម កុំឲ្យប្រាប់អ្នកណាថាលោកជាគ្រិស្ត។
២១ តាំងពីពេលនោះមក លោកយេស៊ូគ្រិស្តចាប់ផ្ដើមពន្យល់អ្នកកាន់តាមថា លោកត្រូវទៅក្រុងយេរូសាឡិម ហើយពួកបុរសចាស់ទុំ ពួកសង្ឃនាយក និងពួកអ្នកជំនាញខាងច្បាប់នឹងធ្វើឲ្យលោករងទុក្ខលំបាកជាច្រើន។ លោកក៏នឹងត្រូវគេសម្លាប់ ហើយនៅថ្ងៃទីបីលោកនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ ២២ ឮដូច្នេះ ពេត្រុសបាននាំលោកទៅឆ្ងាយពីពួកគាត់បន្ដិច រួចចាប់ផ្ដើមបន្ទោសលោកថា៖ «លោកម្ចាស់ សូមអាណិតខ្លួនផង ការនេះនឹងមិនកើតឡើងដល់លោកឡើយ»។ ២៣ ប៉ុន្តែលោកបែរចេញ រួចប្រាប់ពេត្រុសថា៖ «នែ! សាថាន* ចូរទៅឆ្ងាយពីខ្ញុំទៅ! អ្នកកំពុងដាក់ឧបសគ្គដែលអាចនាំឲ្យខ្ញុំជំពប់ដួល ពីព្រោះអ្នកមិនគិតតាមគំនិតរបស់ព្រះទេ តែគិតតាមគំនិតរបស់មនុស្សវិញ»។
២៤ រួចមក លោកយេស៊ូមានប្រសាសន៍ទៅអ្នកកាន់តាមលោកថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវប្រគល់ខ្លួនឲ្យព្រះ ហើយលីបង្គោលទារុណកម្ម* របស់ខ្លួន រួចមកតាមខ្ញុំជាដរាប។ ២៥ ព្រោះអ្នកណាដែលចង់រក្សាជីវិត* ខ្លួន អ្នកនោះនឹងបាត់បង់ជីវិត។ តែអ្នកណាដែលបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។ ២៦ ពីព្រោះតើមានប្រយោជន៍អ្វី ប្រសិនបើអ្នកណាម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិតខ្លួនវិញនោះ? ឬតើមនុស្សសុខចិត្តយកអ្វីមកប្ដូរនឹងជីវិតខ្លួន? ២៧ ព្រោះកូនមនុស្សត្រូវមកជាមួយនឹងបណ្ដាទេវតារបស់លោក ដោយមានសិរីរុងរឿងពីបិតារបស់លោក ហើយនឹងសងដល់គ្រប់គ្នាតាមការប្រព្រឹត្តរបស់ពួកគេរៀងខ្លួន។ ២៨ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកខ្លះដែលកំពុងឈរនៅទីនេះ នឹងមិនស្លាប់ឡើយ ទាល់តែបានឃើញកូនមនុស្សមកជាស្តេចជាមុនសិន»។