-
បណ្ដាស្ដេចទី២ ១៨:២៨-៣៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ បន្ទាប់មក រ៉ាបសាកេក៏ឈរបន្លឺសំឡេងខ្លាំងៗជាភាសារបស់ជនជាតិយូដាថា៖ «ចូរស្ដាប់ប្រសាសន៍របស់ស្ដេចស្រុកអាស៊ីរីជាស្ដេចដ៏ខ្លាំងក្លា។+ ២៩ លោកមានប្រសាសន៍ដូច្នេះថា៖ ‹កុំចាញ់បញ្ឆោតរបស់ហេសេគាឲ្យសោះ ព្រោះគាត់មិនអាចសង្គ្រោះអ្នករាល់គ្នាពីកណ្ដាប់ដៃខ្ញុំបានឡើយ។+ ៣០ កុំជឿតាមហេសេគា ទៅទុកចិត្តព្រះយេហូវ៉ា ដោយសារតែគាត់និយាយថា៖ «ព្រះយេហូវ៉ាច្បាស់ជាសង្គ្រោះយើងមិនខាន ហើយក្រុងនេះនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស៊ីរីនោះទេ»។+ ៣១ កុំស្ដាប់ហេសេគាឲ្យសោះ ព្រោះស្ដេចស្រុកអាស៊ីរីបានមានប្រសាសន៍ដូច្នេះថា៖ «ចូរព្រមចុះចូលនឹងខ្ញុំទៅ អ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរនិងផ្លែល្វាពីចម្ការរបស់ខ្លួន ហើយគ្រប់គ្នានឹងផឹកទឹកពីអណ្ដូងរបស់ខ្លួន ៣២ រហូតដល់ខ្ញុំនាំអ្នករាល់គ្នាទៅនៅស្រុកមួយដូចស្រុកអ្នករាល់គ្នាដែរ+ គឺស្រុកដែលពោរពេញទៅដោយស្រូវ ស្រាថ្មី* នំប៉័ង និងចម្ការទំពាំងបាយជូរ ផ្លែអូលីវ និងទឹកឃ្មុំ។ អ្នករាល់គ្នាអាចរស់រាន ឥតស្លាប់ឡើយ។ កុំស្ដាប់ហេសេគាឲ្យសោះ ព្រោះគាត់បញ្ឆោតអ្នករាល់គ្នាទេ ដោយនិយាយថា៖ ‹ព្រះយេហូវ៉ានឹងសង្គ្រោះយើងរាល់គ្នា›។ ៣៣ ក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណាអាចសង្គ្រោះពួកគេពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស៊ីរីបានទេ។ ៣៤ សូម្បីតែព្រះនៃក្រុងហាម៉ាត+និងក្រុងអើផាត ព្រះនៃក្រុងសេផាវែម+ ក្រុងហេណានិងក្រុងអ៊ីវ៉ា ក៏មិនអាចសង្គ្រោះស្រុកសាម៉ារីពីកណ្ដាប់ដៃរបស់ខ្ញុំបានដែរ។+ ៣៥ បើបណ្ដាព្រះទាំងនោះមិនអាចសង្គ្រោះទឹកដីរបស់ពួកគេពីកណ្ដាប់ដៃខ្ញុំបានទៅហើយ ចុះទម្រាំព្រះយេហូវ៉ា តើនឹងអាចសង្គ្រោះក្រុងយេរូសាឡិមពីកណ្ដាប់ដៃខ្ញុំម្ដេចបាន?»›»។+
-