សៀវភៅម៉ាកុស
៧ ពួកផារិស៊ីនិងអ្នកជំនាញខាងច្បាប់ខ្លះបានមកពីក្រុងយេរូសាឡិម ហើយនាំគ្នាទៅឯលោក។+ ២ រួចពួកគេបានឃើញអ្នកកាន់តាមខ្លះរបស់លោកមិនបានលាងដៃមុនបរិភោគអាហារទេ ពោលគឺមិនបានលាងដៃតាមទំនៀមទម្លាប់ឡើយ ៣ (ព្រោះពួកផារិស៊ីនិងជនជាតិយូដាទាំងអស់មិនបរិភោគឡើយ លុះត្រាតែពួកគេបានលាងដៃរហូតដល់កែងដៃជាមុនសិន ដើម្បីកាន់តាមទំនៀមទម្លាប់របស់ពួកបុព្វបុរស។ ៤ ម្យ៉ាងទៀត ពេលត្រឡប់មកពីផ្សារ ពួកគេមិនបរិភោគឡើយ លុះត្រាតែបានសម្អាតខ្លួនជាមុនសិន ហើយក៏មានទំនៀមទម្លាប់ជាច្រើនទៀតពីសម័យមុនដែលពួកគេកាន់តាម ដូចជាការជ្រមុជពែង ថូ និងប្រដាប់ធ្វើពីស្ពាន់ក្នុងទឹកជាដើម)។+ ៥ ដូច្នេះ ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីទាំងនេះ បានសួរលោកថា៖ «ហេតុអ្វីអ្នកកាន់តាមលោកមិនធ្វើតាមទំនៀមទម្លាប់របស់ពួកបុព្វបុរសដូច្នេះ? ពួកគេបរិភោគអាហារដោយដៃមិនស្អាត»។+ ៦ លោកមានប្រសាសន៍ទៅពួកគេថា៖ «នែ! មនុស្សលាក់ពុត! គឺត្រូវណាស់ ដែលអេសាយបានប្រកាសទំនាយអំពីអ្នករាល់គ្នា ពេលគាត់សរសេរថា៖ ‹បណ្ដាជននេះគោរពខ្ញុំតែបបូរមាត់ទេ តែចិត្តរបស់ពួកគេបានឃ្លាតឆ្ងាយពីខ្ញុំ។+ ៧ គឺជាការឥតប្រយោជន៍ទេ ដែលពួកគេបន្តគោរពប្រណិប័តន៍ខ្ញុំ ពីព្រោះសេចក្ដីបង្រៀនរបស់ពួកគេគ្រាន់តែជាបង្គាប់របស់មនុស្សប៉ុណ្ណោះ›។+ ៨ អ្នករាល់គ្នាលះចោលបញ្ញត្ដិរបស់ព្រះ ហើយកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ»។+
៩ លោកមានប្រសាសន៍ទៅពួកគេតទៅទៀតថា៖ «អ្នករាល់គ្នាពូកែលើកចោលបញ្ញត្ដិរបស់ព្រះណាស់ ដើម្បីរក្សាទុកទំនៀមទម្លាប់របស់អ្នកវិញ។+ ១០ ជាឧទាហរណ៍ ម៉ូសេប្រាប់ថា៖ ‹ចូរគោរពឪពុកម្ដាយរបស់អ្នក›+ ហើយ‹អ្នកណាដែលនិយាយប្រមាថឪពុកម្ដាយ អ្នកនោះត្រូវស្លាប់›។+ ១១ ក៏ប៉ុន្តែ អ្នករាល់គ្នាថា៖ ‹បើអ្នកណាម្នាក់ប្រាប់ឪពុកម្ដាយថា៖ «អ្វីដែលខ្ញុំមាន ដែលអាចយកមកជួយឪពុកម្ដាយបាន គឺជាគ័របាន់ (មានន័យថាជាអ្វីដែលបានសន្យាប្រគល់ជូនព្រះ)»›។ ១២ អ្នករាល់គ្នាមិនឲ្យអ្នកនោះធ្វើអ្វីសោះដើម្បីឪពុកម្ដាយ។+ ១៣ ដូច្នេះ អ្នករាល់គ្នាធ្វើឲ្យបណ្ដាំរបស់ព្រះទៅជាអសារឥតការ ដោយសារទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានបង្រៀនតៗមក។+ អ្នកក៏ធ្វើអ្វីជាច្រើនទៀតដែលស្រដៀងនឹងនេះដែរ»។+ ១៤ ម្ល៉ោះហើយ លោកហៅបណ្ដាជនមកឯលោកម្ដងទៀត ហើយមានប្រសាសន៍ទៅពួកគេថា៖ «ចូរអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំ ហើយយល់អត្ថន័យចុះ។+ ១៥ គ្មានអ្វីពីខាងក្រៅចូលទៅក្នុងអ្នកណាម្នាក់ ដែលអាចធ្វើឲ្យអ្នកនោះមិនស្អាតបរិសុទ្ធឡើយ តែគឺជាអ្វីដែលចេញពីអ្នកនោះមក ដែលធ្វើឲ្យមិនស្អាតបរិសុទ្ធវិញ»។+ ១៦ *——
១៧ លុះក្រោយពីលោកបានចូលក្នុងផ្ទះមួយឆ្ងាយពីបណ្ដាជន ពួកអ្នកកាន់តាមចាប់ផ្ដើមសួរលោកអំពីឧទាហរណ៍នោះ។+ ១៨ ដូច្នេះ លោកសួរពួកគាត់ថា៖ «តើអ្នករាល់គ្នាក៏គ្មានសមត្ថភាពយល់ដឹងដូចពួកគេដែរឬ? តើអ្នកមិនដឹងទេឬ? គ្មានអ្វីពីខាងក្រៅចូលទៅក្នុងអ្នកណាម្នាក់ ដែលអាចធ្វើឲ្យអ្នកនោះមិនស្អាតបរិសុទ្ធឡើយ ១៩ ពីព្រោះរបស់នោះមិនចូលក្នុងចិត្តរបស់អ្នកនោះទេ តែចូលក្នុងពោះវៀន រួចចេញទៅកន្លែងបន្ទោបង់វិញ»។ ដោយនិយាយដូច្នេះ លោកបញ្ជាក់ថាអាហារគ្រប់យ៉ាងគឺស្អាតបរិសុទ្ធ។ ២០ លោកមានប្រសាសន៍តទៅទៀតថា៖ «គឺអ្វីដែលចេញពីក្នុងអ្នកណាម្នាក់មកទេ ដែលធ្វើឲ្យអ្នកនោះមិនស្អាតបរិសុទ្ធ។+ ២១ ព្រោះអ្វីដែលចេញពីក្នុងមនុស្សម្នាក់ ក៏ចេញពីក្នុងចិត្ត+ គឺចេញមកពីគំនិតអាក្រក់ ដែលនាំឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ធ្វើឃាតកម្ម លួច ២២ ផិតក្បត់ លោភលន់ ប្រព្រឹត្តអំពើទុច្ចរិត បោកបញ្ឆោត ប្រព្រឹត្តដោយឥតកោតក្រែង* ច្រណែនឈ្នានីស ជេរប្រមាថ ក្រអឺតក្រទម និងគ្មានវិចារណញ្ញាណ។ ២៣ អំពើទុច្ចរិតទាំងអស់នេះចេញពីក្នុងចិត្តមក ដែលធ្វើឲ្យមនុស្សម្នាក់មិនស្អាតបរិសុទ្ធ»។
២៤ លោកយេស៊ូក្រោកឡើងចាកចេញពីទីនោះ រួចទៅតំបន់ទីរ៉ុសនិងស៊ីដូន។+ លោកចូលទៅក្នុងផ្ទះមួយ ដោយមិនចង់ឲ្យអ្នកណាដឹង តែមិនអាចគេចពីភ្នែករបស់មនុស្សបានឡើយ។ ២៥ ភ្លាមៗនោះ ស្ត្រីម្នាក់បានឮអំពីលោក រួចនាងបានទៅក្រាបនៅជិតជើងលោក។ នាងមានកូនស្រីតូចម្នាក់ដែលមានវិញ្ញាណអសោចចូល។+ ២៦ ស្ត្រីនោះជាជនជាតិក្រិច តែសញ្ជាតិស៊ីរ៉ូភេនីស៊ី។ នាងបានសុំលោកម្ដងហើយម្ដងទៀតឲ្យបណ្ដេញវិញ្ញាណកំណាចចេញពីកូនស្រីរបស់នាង។ ២៧ ប៉ុន្តែ លោកមានប្រសាសន៍ទៅនាងថា៖ «ត្រូវឲ្យកូនក្មេងបរិភោគឆ្អែតជាមុនសិន ព្រោះគឺមិនត្រឹមត្រូវទេ បើយកនំប៉័ងរបស់កូនក្មេង ហើយបោះទៅឲ្យឆ្កែតូចៗវិញ»។+ ២៨ ក៏ប៉ុន្តែ នាងតបឆ្លើយថា៖ «ពិតមែនហើយលោក តែទោះជាយ៉ាងនោះក្ដី ឆ្កែតូចៗដែលនៅក្រោមតុស៊ីកម្ទេចនំប៉័ងរបស់កូនក្មេងទាំងនោះ»។ ២៩ ឮដូច្នេះ លោកមានប្រសាសន៍ទៅនាងថា៖ «ដោយសារនាងនិយាយយ៉ាងនេះ ចូរទៅចុះ! វិញ្ញាណកំណាចបានចេញពីកូនស្រីរបស់នាងហើយ»។+ ៣០ ដូច្នេះ នាងក៏ត្រឡប់ទៅផ្ទះវិញ រួចឃើញកូនកំពុងដេកលើគ្រែ ហើយវិញ្ញាណកំណាចនោះបានចេញពីកូនរបស់នាង។+
៣១ លោកបានចេញពីតំបន់ទីរ៉ុស ឆ្ពោះទៅសមុទ្រកាលីឡេ ដោយកាត់តាមតំបន់ស៊ីដូននិងតំបន់ដេកាប៉ូល។*+ ៣២ នៅទីនោះ ពួកគេបាននាំបុរសម្នាក់មករកលោក។ បុរសនោះថ្លង់មិនអាចគ្រលាស់អណ្ដាតនិយាយបាន+ ហើយពួកគេបានអង្វរសុំលោកឲ្យដាក់ដៃលើគាត់។ ៣៣ ក្រោយមក លោកនាំបុរសនោះទៅឆ្ងាយពីបណ្ដាជន។ រួចលោកដាក់ម្រាមដៃរបស់លោកក្នុងត្រចៀកគាត់ ហើយស្ដោះទឹកមាត់ បន្ទាប់មកពាល់អណ្ដាតរបស់គាត់+ ៣៤ ហើយលោកងើយភ្នែកមើលមេឃ ដកដង្ហើមវែង រួចមានប្រសាសន៍ទៅគាត់ថា៖ «អេផាថា» ដែលមានន័យថា«ចូរបើកឡើង»។ ៣៥ រំពេចនោះ គាត់ក៏អាចស្ដាប់ឮ+ ហើយអាចគ្រលាស់អណ្ដាតបាន រួចចាប់ផ្ដើមនិយាយដូចធម្មតា។ ៣៦ រួចមក លោកបានបង្គាប់ពួកគេកុំឲ្យប្រាប់អ្នកណាឲ្យសោះ។+ ប៉ុន្តែ លោកកាន់តែហាម ពួកគេកាន់តែប្រកាសអំពីរឿងនោះ។+ ៣៧ បណ្ដាជនភ្ញាក់ផ្អើលក្រៃលែង+ ហើយបាននិយាយថា៖ «លោកបានធ្វើអ្វីៗទាំងអស់យ៉ាងល្អប្រសើរ សូម្បីតែមនុស្សថ្លង់ ក៏លោកធ្វើឲ្យស្ដាប់ឮ ហើយមនុស្សគ ក៏លោកធ្វើឲ្យនិយាយបានដែរ»។+