អេសាយ
២២ សេចក្ដីប្រកាសស្ដីអំពីជ្រលងនៃការបើកបង្ហាញពីព្រះ* មានដូចតទៅ៖+
តើមានរឿងអ្វីបានជាអ្នកនាំគ្នាឡើងទៅលើដំបូលផ្ទះខ្លួនដូច្នេះ?
២ អ្នកពេញទៅដោយការជ្រួលច្របល់
ក្រុងរបស់អ្នកអ៊ូអរនិងគគ្រឹកគគ្រេង។
ឯពួកអ្នកស្លាប់របស់អ្នកមិនបានស្លាប់ដោយដាវទេ
ហើយក៏មិនបានស្លាប់ក្នុងសង្គ្រាមដែរ។+
៣ ពួកអ្នកគ្រប់គ្រងផ្ដាច់ការលើអ្នកបានរត់ទៅជាមួយគ្នា។+
ពួកគេបានត្រូវចាប់ធ្វើជាអ្នកទោសដោយមិនចាំបាច់ប្រើធ្នូទេ។
អស់អ្នកដែលគេរកឃើញនឹងទៅជាអ្នកទោស+
ទោះជាពួកគេបានរត់ទៅឆ្ងាយក៏ដោយ។
៤ ហេតុនេះ ខ្ញុំបាននិយាយថា៖ «ចូរបែរមុខចេញពីខ្ញុំទៅ
ហើយខ្ញុំនឹងទ្រហោយំយ៉ាងខ្លាំង។+
កុំខំមកសម្រាលទុក្ខខ្ញុំ ដោយសារការបំផ្លាញជនរួមជាតិខ្ញុំឡើយ។+
៥ ព្រោះថ្ងៃនោះជាថ្ងៃជ្រួលច្របល់ ថ្ងៃបរាជ័យ និងជាថ្ងៃស្លន់ស្លោ+
មកពីព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាម្ចាស់ដ៏ឧត្ដមបំផុត ដែលកើតឡើងក្នុងជ្រលងនៃការបើកបង្ហាញពីព្រះ។
កំពែងក្រុងនឹងត្រូវបំបាក់បំបែក+
ហើយសម្រែកបណ្ដាជនស្រែកសុំជំនួយលាន់ឮខ្ទរខ្ទារទៅដល់ភ្នំ។
៦ ពួកអេឡាំ+ស្ពាយបំពង់ព្រួញ និងបររទេះចម្បាំង ដោយមានទាហានសេះទៅជាមួយ
ហើយជនជាតិគា+ត្រៀមខែលរបស់ខ្លួនជាស្រេច។
៧ នៅជ្រលង*ល្អបំផុតរបស់អ្នក នឹងមានពេញទៅដោយរទេះចម្បាំង
ហើយទាហានសេះនឹងតម្រៀបគ្នានៅឯខ្លោងទ្វារក្រុង
៨ ឯទីការពាររបស់យូដានឹងត្រូវដកចេញ។
«នៅគ្រានោះ អ្នកនឹងសម្លឹងមើលទៅឃ្លាំងដាក់គ្រឿងចម្បាំងនៅមន្ទីរព្រៃលីបង់+ ៩ ហើយអ្នកនឹងឃើញកំពែងបាក់បែកជាច្រើននៅក្រុងដាវីឌ។+ អ្នកនឹងប្រមូលទឹកពីអាងខាងក្រោម។+ ១០ អ្នកនឹងរាប់ផ្ទះនានានៅក្រុងយេរូសាឡិម រួចរំលំផ្ទះទាំងនោះដើម្បីយកមកពង្រឹងកំពែងក្រុង។ ១១ អ្នកនឹងធ្វើអាងធំមួយនៅចន្លោះកំពែងទាំងពីរ សម្រាប់ដាក់ទឹកពីអាងចាស់ តែអ្នកនឹងមិនពឹងផ្អែកទៅលើព្រះជាអ្នកបង្កើតដ៏ឧត្ដមដែលបានធ្វើវាទេ ហើយអ្នកក៏មិននឹកនាដល់លោកដែលបានបង្កើតវាតាំងពីយូរមកហើយដែរ។
១២ នៅគ្រានោះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមនិងជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌
នឹងតម្រូវឲ្យមានការយំទួញនិងការកាន់ទុក្ខ+
ព្រមទាំងឲ្យកោរសក់និងស្លៀកបាវផង។
១៣ ប៉ុន្តែមើល! មានពិធីជប់លៀងនិងការអរសប្បាយវិញ
មានការសម្លាប់គោនិងចៀម
ព្រមទាំងមានការបរិភោគសាច់និងផឹកស្រាទំពាំងបាយជូរទៀតផង។+
ព្រោះអ្នករាល់គ្នានឹងនិយាយថា៖ ‹ចូរយើងពិសាអាហារពិសាស្រាទៅព្រោះថ្ងៃស្អែកយើងនឹងស្លាប់ហើយ›»។+
១៤ ក្រោយនោះ ខ្ញុំបានឮសំឡេងព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ថា៖ «‹អ្នករាល់គ្នានឹងមិនទទួលការអភ័យទោសចំពោះកំហុសនេះទេ លុះត្រាតែអ្នករាល់គ្នាស្លាប់›។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមនិងជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌»។
១៥ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាម្ចាស់ដ៏ឧត្ដមបានមានប្រសាសន៍ថែមទៀតថា៖ «ចូរទៅជួបសេបណា+ជាអ្នកត្រួតត្រាលើវិមានស្ដេច ហើយប្រាប់គាត់ថា៖ ១៦ ‹តើអ្នកមានការអីបានជាមកទីនេះ? តើអ្នកណាអនុញ្ញាតឲ្យអ្នកដាប់ថ្មធ្វើទីបញ្ចុះសពសម្រាប់ខ្លួន?›។ ពេលនោះ សេបណាកំពុងដាប់ថ្មធ្វើទីបញ្ចុះសពនៅលើទីខ្ពស់ គឺគាត់កំពុងរៀបចំកន្លែងបញ្ចុះសពសម្រាប់ខ្លួន។ ១៧ ‹មើល! ព្រះយេហូវ៉ានឹងបោះទម្លាក់អ្នកទៅក្រោម ហើយលោកនឹងចាប់អ្នកយ៉ាងជាប់។ ១៨ រួចលោកនឹងរុំអ្នកយ៉ាងណែន ហើយបោះអ្នកដូចជាបាល់ទៅទីវាលធំទូលាយ។ អ្នកនឹងស្លាប់នៅទីនោះជាមួយនឹងរទេះចម្បាំងដ៏រុងរឿងរបស់អ្នក។ នោះនឹងនាំមកនូវសេចក្ដីអាម៉ាស់ដល់ពូជពង្សរបស់ម្ចាស់អ្នក។ ១៩ ខ្ញុំនឹងដកតំណែងអ្នក រួចបណ្ដេញអ្នកចេញពីមុខងាររបស់អ្នក។
២០ «‹នៅគ្រានោះ ខ្ញុំនឹងហៅអេលាគីម+ជាអ្នកបម្រើខ្ញុំ ដែលត្រូវជាកូនរបស់ហ៊ីលគីយ៉ាឲ្យមក ២១ រួចខ្ញុំនឹងយកសម្លៀកបំពាក់របស់អ្នកទៅបំពាក់ឲ្យគាត់វិញ ហើយយកខ្សែក្រវាត់របស់អ្នក ទៅចងចង្កេះគាត់យ៉ាងជាប់។+ ខ្ញុំនឹងប្រគល់សិទ្ធិអំណាចរបស់អ្នកទៅក្នុងដៃគាត់។ គាត់នឹងប្រៀបដូចជាឪពុកដល់អ្នកក្រុងយេរូសាឡិមនិងដល់ពូជពង្សយូដា។ ២២ ខ្ញុំនឹងប្រគល់កូនសោនៃពូជពង្សដាវីឌ+ឲ្យគាត់មើលការខុសត្រូវ។* បើគាត់បើក គ្មានអ្នកណាបិទបានទេ ហើយបើគាត់បិទ ក៏គ្មានអ្នកណាបើកបានដែរ។ ២៣ ខ្ញុំនឹងតាំងគាត់ឲ្យមាំ ដូចដែកគោលដែលគេបោះភ្ជាប់លើជញ្ជាំង ហើយគាត់នឹងប្រៀបដូចជាបល្ល័ង្កដ៏រុងរឿងដល់ពូជពង្សរបស់ឪពុកគាត់។ ២៤ ភាពរុងរឿងទាំងអស់នៃពូជពង្សរបស់ឪពុកគាត់នឹងអាស្រ័យលើគាត់ ហើយកូនចៅទាំងអស់នឹងពឹងផ្អែកលើគាត់ ប្រៀបដូចជាភាជនៈតូច ចានគោម និងថូធំៗ ដែលគេព្យួរលើដែកគោលដែរ។
២៥ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានប្រកាសថា៖ ‹នៅគ្រានោះ ដែកគោលដែលគេបោះភ្ជាប់នៅលើជញ្ជាំងដ៏មាំ នឹងត្រូវដកចេញ+ គឺនឹងត្រូវកាត់ទម្លាក់ចោល។ ដូច្នេះ ភាជនៈទាំងប៉ុន្មានដែលគេព្យួរលើដែកគោលនោះនឹងធ្លាក់ចុះ ហើយបាក់បែកខ្ទេចខ្ទីអស់។ ព្រោះព្រះយេហូវ៉ាផ្ទាល់បានមានប្រសាសន៍ហើយ›»។