យេរេមា
៤៣ ពេលយេរេមាបានប្រាប់បណ្ដាជននូវប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ាជាព្រះរបស់ពួកគេ គឺជាពាក្យដែលព្រះយេហូវ៉ាបានចាត់គាត់ឲ្យទៅប្រាប់ពួកគេ ២ នោះអាសារៀជាកូនហូសាយ៉ា យ៉ូហាណាន+ជាកូនការៀ និងពួកបុរសទាំងអស់ដែលប្រព្រឹត្តឥតកោតក្រែង បាននិយាយទៅកាន់យេរេមាថា៖ «អ្វីដែលអ្នកនិយាយគឺមិនពិតទេ! ព្រះយេហូវ៉ាជាព្រះរបស់យើងមិនបានចាត់អ្នកឲ្យមកប្រាប់យើងថា៖ ‹កុំទៅរស់នៅក្នុងស្រុកអេហ្ស៊ីប›នោះទេ។ ៣ ប៉ុន្តែ បារូក+ជាកូននេរាបានញុះញង់អ្នកឲ្យទាស់នឹងយើង ក្នុងបំណងឲ្យយើងធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកខាល់ដេដើម្បីឲ្យពួកគេសម្លាប់យើង ឬនាំយើងទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូនប៉ុណ្ណោះ»។+
៤ ដូច្នេះ យ៉ូហាណានជាកូនការៀ និងពួកមេទ័ព ព្រមទាំងបណ្ដាជនទាំងអស់ មិនបានធ្វើតាមបង្គាប់ព្រះយេហូវ៉ាដែលឲ្យពួកគេបន្តរស់នៅក្នុងស្រុកយូដាទេ។ ៥ ផ្ទុយទៅវិញ យ៉ូហាណានជាកូនការៀនិងពួកមេទ័ព បាននាំពួកយូដាដែលនៅសេសសល់ទៅជាមួយ គឺអស់អ្នកដែលបានខ្ចាត់ខ្ចាយទៅរស់នៅក្នុងស្រុកនានា ហើយត្រឡប់មករស់នៅក្នុងស្រុកយូដាវិញ។+ ៦ ពួកគេបាននាំយកបុរស ស្ត្រី កូនក្មេង និងកូនស្រីៗរបស់ស្ដេចស្រុកយូដា ព្រមទាំងអ្នកឯទៀត ដែលនេប៊ូសារ៉ាដាន+ជាមេលើពួកអង្គរក្សស្ដេចស្រុកបាប៊ីឡូន បានទុកឲ្យនៅក្រោមការមើលខុសត្រូវរបស់កេដាលៀ+ជាកូនអាហាយខាម+ដែលជាកូនសាផាន+ ពួកគេក៏បាននាំយកយេរេមាជាអ្នកប្រកាសទំនាយ និងបារូកជាកូននេរាទៅជាមួយដែរ។ ៧ ពួកគេបានធ្វើដំណើរទៅដល់ក្រុងថាផានីស+ក្នុងស្រុកអេហ្ស៊ីប ព្រោះពួកគេមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ាទេ។
៨ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកកាន់យេរេមានៅក្រុងថាផានីសដូចតទៅ៖ ៩ «ចូរយកថ្មធំៗទៅលាក់ក្រោមកម្រាលឥដ្ឋ ហើយបូកបាយអពីលើ ត្រង់ច្រកចូលវិមានផារ៉ូក្នុងក្រុងថាផានីស នៅចំពោះមុខបុរសជនជាតិយូដា។ ១០ រួចមក អ្នកត្រូវនិយាយទៅពួកគេថា៖ ‹ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ «មើល! ខ្ញុំនឹងឲ្យគេទៅហៅនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនជាអ្នកបម្រើខ្ញុំឲ្យមក+ ហើយខ្ញុំនឹងដាក់បល្ល័ង្កគាត់នៅលើថ្មធំៗដែលខ្ញុំបានលាក់។ រួចគាត់នឹងដំឡើងត្រសាលនៃរាជ្យគាត់នៅលើថ្មទាំងនោះ។+ ១១ គាត់នឹងមកវាយប្រហារស្រុកអេហ្ស៊ីប។+ ពេលនោះ អ្នកណាដែលត្រូវស្លាប់ដោយដាវ នឹងស្លាប់ដោយដាវ។ អ្នកណាដែលត្រូវស្លាប់ដោយរោគរាតត្បាត នឹងស្លាប់ដោយរោគរាតត្បាត។ អ្នកណាដែលត្រូវគេចាប់យកទៅធ្វើជាឈ្លើយ នឹងធ្វើជាឈ្លើយ។+ ១២ ខ្ញុំនឹងដុតបំផ្លាញវិហារទាំងប៉ុន្មានរបស់ព្រះនានាក្នុងស្រុកអេហ្ស៊ីប+ ហើយស្ដេចនោះនឹងដុតបំផ្លាញអ្វីទាំងនោះចោល រួចប្រមូលព្រះរបស់ពួកគេយកទៅ។ គាត់នឹងយកស្រុកអេហ្ស៊ីបមករុំលើខ្លួន ដូចជាគង្វាលយកសម្លៀកបំពាក់មកពាក់ដែរ។ ក្រោយមក គាត់នឹងចាកចេញទៅដោយសុខសាន្ត។* ១៣ គ្រានោះ គាត់នឹងវាយកម្ទេចបង្គោលទាំងប៉ុន្មាននៅក្រុងបេតសេមែស*ក្នុងស្រុកអេហ្ស៊ីប ថែមទាំងដុតបំផ្លាញវិហារទាំងឡាយរបស់ព្រះនានាក្នុងស្រុកនោះផងដែរ»›»។