មីកា
១ នៅគ្រាយ៉ូថាម+ អេហាស+ និងហេសេគា+ដែលជាស្ដេចស្រុកយូដា+ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់មីកា*+នៃក្រុងម៉ូរ៉ាស៊ីត។ ពេលនោះ គាត់បានទទួលការបើកបង្ហាញពីព្រះ ស្ដីអំពីក្រុងសាម៉ារីនិងក្រុងយេរូសាឡិមដូចតទៅ៖
២ «ឱបណ្ដាជនទាំងឡាយអើយ! ចូរស្ដាប់ចុះ។
ឱផែនដីនិងអ្វីដែលនៅផែនដីអើយ! ចូរផ្ទៀងត្រចៀកស្ដាប់។
ព្រះយេហូវ៉ាស្ថិតនៅវិហារបរិសុទ្ធរបស់លោក
សូមឲ្យព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត ធ្វើជាសាក្សីទាស់នឹងអ្នករាល់គ្នា។+
៣ ព្រោះមើល! ព្រះយេហូវ៉ាកំពុងចេញពីលំនៅរបស់លោក
លោកនឹងចុះមក ហើយដើរលើទីខ្ពស់ៗនៅផែនដី។
៤ ជ្រលងនឹងប្រេះចេញពីគ្នា
ហើយភ្នំទាំងឡាយនឹងរលាយនៅក្រោមជើងលោក+
ដូចក្រមួនត្រូវភ្លើង និងដូចទឹកហូរចុះតាមជម្រាលភ្នំ។
៥ រឿងទាំងនេះកើតឡើង ដោយសារតែការបះបោរប្រឆាំងរបស់យ៉ាកុប
និងព្រោះតែអំពើខុសឆ្គងរបស់ពូជពង្សអ៊ីស្រាអែល។+
តើអ្នកណាទទួលខុសត្រូវចំពោះការបះបោរប្រឆាំងរបស់យ៉ាកុប?
តើមិនមែនជាអ្នកក្រុងសាម៉ារីទេឬ?+
តើអ្នកណាទទួលខុសត្រូវចំពោះទីខ្ពស់ៗនៅស្រុកយូដា?+
តើមិនមែនជាអ្នកក្រុងយេរូសាឡិមទេឬ?
៦ ខ្ញុំនឹងធ្វើឲ្យក្រុងសាម៉ារីទៅជាគំនរបាក់បែកនៅឯវាល
ហើយទៅជាចម្ការទំពាំងបាយជូរ។
ខ្ញុំនឹងបោះថ្មនៃក្រុងនោះទៅក្នុងជ្រលង ឲ្យនៅសល់តែគ្រឹះប៉ុណ្ណោះ។
៧ រូបចម្លាក់ទាំងអស់របស់នាង នឹងត្រូវបំបាក់បំបែកឲ្យខ្ទេចខ្ទី+
ហើយថ្លៃឈ្នួលនៃការប្រព្រឹត្តអំពើពេស្យាចាររបស់នាង នឹងត្រូវដុតក្នុងភ្លើង។+
ខ្ញុំនឹងបំផ្លាញរូបព្រះទាំងអស់របស់នាង។
ព្រោះនាងបានរូបទាំងនោះពីថ្លៃឈ្នួលនៃអំពើពេស្យាចារ
ហើយរូបទាំងនោះនឹងទៅជាថ្លៃឈ្នួលនៃអំពើពេស្យាចារម្ដងទៀត»។
៨ ដោយសាររឿងនេះ ខ្ញុំនឹងទ្រហោយំហើយទួញសោក+
ខ្ញុំនឹងដើរដោយជើងទទេនិងដោយគ្មានសម្លៀកបំពាក់ក្រៅ។+
សំឡេងទ្រហោយំរបស់ខ្ញុំប្រៀបដូចជាសំឡេងឆ្កែចចកលូ
ហើយសំឡេងយំកាន់ទុក្ខរបស់ខ្ញុំប្រៀបដូចជាសំឡេងសត្វអូទ្រីស។
សេចក្ដីវេទនានេះរាលដាលទៅដល់ខ្លោងទ្វារក្រុងរបស់រាស្ត្រខ្ញុំគឺដល់ក្រុងយេរូសាឡិម។+
១០ «អ្នកមិនត្រូវប្រកាសរឿងនេះនៅក្នុងក្រុងកាថទេ
ហើយមិនត្រូវយំស្រណោះឡើយ។
ឱអ្នកមកពីតំបន់បេតអាប្រាអើយ ចូរននៀលនៅលើដីទៅ។
១១ ឱអ្នកមកពីតំបន់សាភាអើយ! ចូរឆ្លងទៅដោយសេចក្ដីអាម៉ាស់និងភាពអាក្រាតទៅ។
រីឯអ្នកក្រុងសាអាណានវិញ ពួកគេមិនបានចេញមកក្រៅទេ។
ក្នុងក្រុងបេតអេសែលនឹងមានការទ្រហោយំ ហើយពួកគេនឹងលែងគាំទ្រអ្នកទៀត។
១២ អ្នកក្រុងម៉ារូតបានរង់ចាំទទួលសេចក្ដីល្អ
តែសេចក្ដីអាក្រក់ពីព្រះយេហូវ៉ាបានធ្លាក់លើខ្លោងទ្វារក្រុងយេរូសាឡិមវិញ។
១៣ ឱអ្នកក្រុងឡាគីសអើយ!+ ចូរទឹមរទេះសេះទៅ។
អ្នកហើយជាអ្នកនាំកូនស្រីស៊ីយ៉ូនឲ្យប្រព្រឹត្តអំពើខុសឆ្គង
ព្រោះនៅក្នុងអ្នកឃើញមានការបះបោរប្រឆាំងនៃអ៊ីស្រាអែល។+
១៤ ហេតុនេះ អ្នកនឹងឲ្យអំណោយដល់ក្រុងម៉ូរ៉ាស៊ីតកាថសម្រាប់ការចាកចេញទៅ។
រីឯពួកអ្នកក្រុងអាក់ស៊ីប+វិញ ពួកគេបានបោកបញ្ឆោតបណ្ដាស្ដេចស្រុកអ៊ីស្រាអែល។
១៥ ឱអ្នកក្រុងម៉ារីសារអើយ!+ ខ្ញុំនឹងនាំពួកឈ្លានពានមកឯអ្នក។+
សិរីរុងរឿងរបស់អ៊ីស្រាអែលនឹងទៅឆ្ងាយរហូតដល់ក្រុងអាឌូឡាម។+
១៦ ចូរកោរសក់យំស្រណោះកូនៗជាទីស្រឡាញ់របស់អ្នកទៅ។