មីកា
៧ វេទនាដល់ខ្ញុំហើយ! ខ្ញុំប្រៀបដូចជាអ្នកដែលឃ្លាន
តែរកមិនបានផ្លែទំពាំងបាយជូរសូម្បីតែមួយចង្កោម
ឬផ្លែល្វាតូចសូម្បីតែមួយផ្លែដើម្បីបរិភាគ
ក្រោយពីគេប្រមូលផលផ្លែរដូវក្ដៅ
ហើយក្រោយពីគេប្រមូលផ្លែទំពាំងបាយជូរដែលនៅសល់។
២ អ្នកដែលមានភក្ដីភាព បានវិនាសអស់ពីផែនដី
ក្នុងចំណោមបណ្ដាជនគ្មានមនុស្សទៀងត្រង់ទេ។+
ពួកគេគ្រប់គ្នាពួនឆ្មក់ចាំសម្លាប់គេ។+
ពួកគេម្នាក់ៗបានដាក់អន្ទាក់ចាប់បងប្អូនខ្លួន។
៣ ដៃពួកគេពូកែប្រព្រឹត្តអំពើអាក្រក់ណាស់+
អ្នកគ្រប់គ្រងទាមទារអំណោយ អ្នកសម្រេចក្ដីទាររករង្វាន់+
និងអ្នកមានមុខមាត់ប្រាប់ឲ្យគេដឹងនូវបំណងចិត្តខ្លួន+
រួចពួកអ្នកទាំងនោះរួមគំនិតគ្នា។
៤ មនុស្សប្រសើរបំផុតក្នុងចំណោមពួកគេ ប្រៀបដូចជាបន្លា
ហើយជនទៀងត្រង់បំផុតក្នុងចំណោមពួកគេ គឺអាក្រក់ជាងគុម្ពបន្លាទៅទៀត។
ថ្ងៃដែលពួកអ្នកចាំយាមធ្លាប់ប្រាប់ គឺថ្ងៃវិនិច្ឆ័យទោសអ្នករាល់គ្នានឹងមកដល់ជាមិនខាន។+
ពួកគេនឹងភ័យស្លន់ស្លោខ្លាំងណាស់។+
៥ កុំជឿមិត្តភក្ដិ ឬទុកចិត្តកល្យាណមិត្តរបស់ខ្លួនឡើយ។+
ចូរប្រយ័ត្នអ្វីដែលអ្នកនិយាយទៅកាន់ស្រីដែលអ្នកដេកឱប។
៦ ព្រោះកូនប្រុសស្អប់ឪពុកខ្លួន កូនស្រីក្រោកឡើងទាស់នឹងម្ដាយខ្លួន+
ហើយកូនប្រសាស្រីទាស់នឹងម្ដាយក្មេក។+
សត្រូវរបស់មនុស្សគឺមកពីពួកអ្នកដែលនៅក្នុងផ្ទះជាមួយនឹងពួកគេ។+
៧ ចំណែកខ្ញុំវិញ ខ្ញុំនឹងទន្ទឹងចាំព្រះយេហូវ៉ា+
ខ្ញុំនឹងរង់ចាំព្រះនៃសេចក្ដីសង្គ្រោះរបស់ខ្ញុំដោយចិត្តអត់ធ្មត់។+
ព្រះរបស់ខ្ញុំនឹងស្ដាប់សំឡេងខ្ញុំ។+
៨ ឱសត្រូវ*ខ្ញុំអើយ! កុំអរសប្បាយឡើយ។
ទោះជាខ្ញុំដួលក៏ដោយ ក៏ខ្ញុំនឹងក្រោកឡើងបាន
ទោះជាខ្ញុំស្ថិតក្នុងភាពងងឹតក្ដី ក៏ខ្ញុំមានព្រះយេហូវ៉ាជាពន្លឺរបស់ខ្ញុំដែរ។
៩ ដោយសារខ្ញុំបានប្រព្រឹត្តខុសឆ្គងទាស់នឹងព្រះយេហូវ៉ា+
នោះខ្ញុំនឹងរងសេចក្ដីក្រោធរបស់លោក
រហូតដល់លោកការពារក្ដីរបស់ខ្ញុំ ហើយរកយុត្តិធម៌ឲ្យខ្ញុំ។
លោកនឹងនាំខ្ញុំចេញទៅឯពន្លឺ
ខ្ញុំនឹងឃើញសេចក្ដីសុចរិតរបស់លោកជាមិនខាន។
១០ ពេលនោះ សត្រូវខ្ញុំនឹងឃើញដែរ
ហើយសេចក្ដីអាម៉ាស់នឹងគ្របលើនាងដែលនិយាយមកខ្ញុំថា៖
«តើព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅឯណា?»។+
ប៉ុន្តែ ភ្នែកខ្ញុំនឹងសម្លឹងទៅនាង។
មើល! នាងនឹងត្រូវគេជាន់ឈ្លីដូចភក់នៅតាមផ្លូវ។
១១ នៅថ្ងៃនោះ កំពែងរបស់អ្នកនឹងត្រូវសង់ឡើង
ហើយព្រំប្រទល់ទឹកដីនឹងត្រូវពង្រីក។*
១២ នៅថ្ងៃនោះ ពួកគេនឹងមកឯអ្នក
គឺចេញមកពីស្រុកអាស៊ីរីនិងបណ្ដាក្រុងក្នុងស្រុកអេហ្ស៊ីប
ចាប់ពីស្រុកអេហ្ស៊ីបរហូតដល់ទន្លេអឺប្រាត
ពីសមុទ្រមួយទៅសមុទ្រមួយ ហើយពីភ្នំមួយទៅភ្នំមួយ។+
១៣ ស្រុកនោះនឹងទៅជាកន្លែងស្ងាត់ជ្រងំ ដោយសារតែពួកអ្នកស្រុក
គឺដោយសារអ្វីដែលពួកគេបានធ្វើ។
១៤ សូមឃ្វាលរាស្ត្ររបស់លោកដោយដំបង គឺហ្វូងចៀមជាមត៌ករបស់លោក+
និងជាអ្នកដែលរស់នៅតែឯងក្នុងព្រៃ គឺនៅកណ្ដាលចម្ការ។
សូមឲ្យពួកគេបរិភោគនៅតំបន់បាសាននិងតំបន់គីលាត+ ដូចនៅគ្រាមុនដែរ។
១៥ «ដូចនៅគ្រាដែលអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប
ខ្ញុំនឹងបង្ហាញការអស្ចារ្យជាច្រើនដល់អ្នករាល់គ្នា។+
១៦ ប្រជាជាតិនានានឹងឃើញ ហើយអាម៉ាស់មុខ ទោះជាពួកគេខ្លាំងក្លាក៏ដោយ។+
ពួកគេនឹងយកដៃខ្ទប់មាត់ខ្លួន ហើយត្រចៀកពួកគេនឹងស្ដាប់លែងឮទៀត។
១៧ ពួកគេនឹងលិឍធូលីដីដូចសត្វពស់។+
ដូចជាសត្វលូនវារនៅដី ពួកគេនឹងចេញពីបន្ទាយដ៏រឹងមាំរបស់ខ្លួនទាំងញាប់ញ័រ។
ពួកគេនឹងមកឯព្រះយេហូវ៉ាជាព្រះនៃយើង ដោយការភ័យខ្លាច
ហើយពួកគេនឹងកោតខ្លាចលោក»។+
១៨ តើមានព្រះណាដូចលោក?
ព្រោះលោកតែងអភ័យទោសកំហុសឆ្គង និងមើលរំលងទោសកំហុស+របស់ពួកអ្នកសេសសល់ដែលជាមត៌ករបស់លោក។+
លោកនឹងមិនខឹងរហូតឡើយ
ព្រោះលោករីករាយបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។+
១៩ លោកនឹងបង្ហាញសេចក្ដីមេត្តាករុណាដល់យើងម្ដងទៀត+ ហើយលោកនឹងជាន់កម្ទេចកំហុសឆ្គងរបស់យើង។
លោកនឹងបោះអំពើខុសឆ្គងទាំងអស់របស់យើងទៅក្នុងសមុទ្រជ្រៅ។+
២០ លោកនឹងបង្ហាញភាពស្មោះត្រង់ចំពោះយ៉ាកុប
និងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអាប្រាហាំ
ដូចលោកបានស្បថនឹងបុព្វបុរសរបស់យើង តាំងពីសម័យបុរាណ។+