យេរេមា
៤៩ ស្ដីអំពីជនជាតិអាំម៉ូន+ ព្រះយេហូវ៉ាមានប្រសាសន៍ដូចតទៅ៖
«តើអ៊ីស្រាអែលគ្មានកូនប្រុសឬ? តើគាត់គ្មានអ្នកស្នងមត៌កឬ?
ហេតុអ្វីបានជាម៉ាលខាម+ដណ្ដើមយកទឹកដីរបស់ពួកកាដដូច្នេះ?+
ម្ដេចក៏រាស្ត្ររបស់គាត់រស់នៅក្នុងបណ្ដាក្រុងរបស់ពួកអ៊ីស្រាអែលបែបនេះ?»។
២ «ព្រះយេហូវ៉ាប្រកាសថា៖ ‹មើល! នឹងមានគ្រាមកដល់
ដែលខ្ញុំនឹងបណ្ដាលឲ្យឮសំឡេងព្រមានអំពីសង្គ្រាម*ទាស់នឹងក្រុងរ៉ាបា+របស់ជនជាតិអាំម៉ូន។+
ក្រុងនោះនឹងទៅជាទីទួលស្ងាត់សូន្យ
ហើយក្រុងតូចៗដែលនៅជុំវិញ នឹងត្រូវគេដុតបំផ្លាញចោល›។
‹ពួកអ៊ីស្រាអែលនឹងដណ្ដើមយកទឹកដីរបស់ខ្លួនមកវិញ ជាទឹកដីដែលសត្រូវបានចាប់យក›។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។
៣ ឱក្រុងហែសបូនអើយ! ចូរទ្រហោយំទៅ ព្រោះក្រុងអៃបានត្រូវបំផ្លាញហើយ!
ឱក្រុងតូចៗដែលនៅជុំវិញក្រុងរ៉ាបាអើយ! ចូរស្រែកឡើង។
ចូរនាំគ្នាស្លៀកបាវចុះ។ ចូរយំសោក ហើយដើរចុះឡើងនៅក្បែរក្រោលថ្ម*ទៅ
ព្រោះម៉ាលខាមនឹងត្រូវគេនិរទេស
ជាមួយនឹងពួកអ្នកគ្រប់គ្រងនិងពួកសង្ឃរបស់គាត់។+
៤ ឱកូនស្រីមិនស្មោះត្រង់អើយ! នាងហើយដែលទុកចិត្តលើទ្រព្យសម្បត្តិរបស់ខ្លួន
ហើយនិយាយថា៖ «តើអ្នកណាហ៊ានមកទាស់នឹងខ្ញុំ?»។
ហេតុអ្វីបានជានាងអួតអំពីតំបន់វាលទំនាប
និងតំបន់ដែលមានជីជាតិរបស់ខ្លួនដូច្នេះ?›»។
៥ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត និងជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌ប្រកាសថា៖ ‹មើល! ខ្ញុំនឹងនាំការដ៏គួរឲ្យភ័យខ្លាចធ្លាក់មកលើនាង
គឺពីពួកអ្នកដែលនៅជុំវិញនាង។
នាងនឹងខ្ចាត់ខ្ចាយទៅគ្រប់ទិសទី ហើយគ្មានអ្នកណាប្រមូលមកវិញឡើយ›»។
៦ «‹ក្រោយពីនោះ ខ្ញុំនឹងប្រមូលជនជាតិអាំម៉ូនដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។
៧ ស្ដីអំពីស្រុកអេដំ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖
«តើលែងមានប្រាជ្ញានៅទឹកដីថេម៉ានហើយឬ?+
ចុះយោបល់ល្អៗពីអ្នកចេះដឹង ឥឡូវទៅណាបាត់ហើយ?
តើប្រាជ្ញារបស់គេរលាយសូន្យទៅឬ?
៨ ឱពួកអ្នករស់នៅតំបន់ដេដាន់អើយ!+ ចូររត់បកក្រោយវិញ!
ហើយទៅរស់នៅក្នុងទីជម្រៅចុះ!
ព្រោះខ្ញុំនឹងនាំអន្តរាយមកលើអេសាវ នៅគ្រាដែលខ្ញុំដាក់ទោសគាត់។
៩ ប្រសិនបើកម្មករមកប្រមូលផ្លែទំពាំងបាយជូរឲ្យអ្នក
តើពួកគេមិនទុកផ្លែខ្លះឲ្យនៅសល់ទេឬ? បើពួកចោរចូលមកនៅពេលយប់
ពួកគេគ្រាន់តែប្លន់យកតែអ្វីដែលពួកគេចង់យក មែនទេ?+
១០ ប៉ុន្តែ ខ្ញុំនឹងដកហូតអ្វីៗទាំងអស់ពីអេសាវ។
ខ្ញុំនឹងបើកបង្ហាញកន្លែងលាក់កំបាំងរបស់គាត់ ដើម្បីកុំឲ្យគាត់លាក់ខ្លួនទៀត។
ឯកូនៗគាត់ បងប្អូននិងអ្នកជិតខាងរបស់គាត់ ពួកគេទាំងអស់នឹងត្រូវបំផ្លាញចោល+ ហើយនឹងលែងមានគាត់តទៅទៀត។+
១១ ចូរទុកកូនកំព្រារបស់អ្នកចោល ខ្ញុំនឹងជួយទំនុកបម្រុងពួកគេ។
ចំណែកស្ត្រីមេម៉ាយរបស់អ្នកវិញ ពួកគេនឹងទុកចិត្តខ្ញុំ»។
១២ ព្រោះព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «មើល! បើអស់អ្នកដែលមិនបានទទួលការវិនិច្ឆ័យត្រូវផឹកស្រាពីពែងខ្ញុំ តើអ្នកស្មានថានឹងរួចពីទោសឬ? អ្នកនឹងមិនរួចពីទោសទេ ព្រោះអ្នកត្រូវផឹកពីពែងនោះជាដាច់ខាត»។+
១៣ ព្រះយេហូវ៉ាប្រកាសថា៖ «ខ្ញុំស្បថដោយនូវនាមខ្ញុំថាក្រុងបូសរ៉ានឹងរងបណ្ដាសា ការជេរប្រមាថ និងការហិនវិនាស។ ពេលអ្នកឯទៀតឮអំពីក្រុងនេះ ពួកគេនឹងភ័យតក់ស្លុត។+ ឯក្រុងតូចៗដែលនៅជុំវិញ ក៏នឹងត្រូវបំផ្លាញឲ្យសាបសូន្យជារៀងរហូតដែរ»។+
១៤ ខ្ញុំបានឮដំណឹងមួយពីព្រះយេហូវ៉ា
គឺទូតម្នាក់បានត្រូវចាត់ឲ្យទៅប្រកាសក្នុងចំណោមប្រជាជាតិនានាថា៖
«ចូរប្រមូលគ្នាមកច្បាំងនឹងនាង ហើយត្រៀមចូលប្រយុទ្ធទៅ»។+
១៥ «ព្រោះមើល! ខ្ញុំបានធ្វើឲ្យអ្នកលែងមានតម្លៃក្នុងចំណោមប្រជាជាតិទាំងឡាយទៀតហើយ។
ហើយអ្នកនឹងរងការមើលងាយ។+
១៦ ឱអ្នកដែលរស់នៅលើផ្ទាំងថ្មធំៗ
និងទីទួលខ្ពស់បំផុតដែលគ្មានអ្វីរំខានអើយ!
ការដែលអ្នកបំភ័យគេ និងចិត្តអំណួតរបស់អ្នកបានបញ្ឆោតអ្នកហើយ
ព្រោះទោះជាអ្នកសង់លំនៅខ្លួនខ្ពស់ដូចជាសម្បុកឥន្ទ្រីក្ដី
ក៏ខ្ញុំនឹងទម្លាក់អ្នកចុះមកក្រោមបានដែរ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
១៧ «ស្រុកអេដំនឹងក្លាយទៅជាកន្លែងដ៏គួរឲ្យរន្ធត់។+ អ្នកណាដែលដើរកាត់ទីនោះ នឹងមើលដោយភ័យតក់ស្លុត ហើយនឹកហួសចិត្តចំពោះអ្វីដែលបានកើតឡើងដល់ស្រុកនោះ។ ១៨ ដូចការបំផ្លាញក្រុងសូដុមនិងក្រុងកូម៉ូរ៉ា រួមទាំងក្រុងដែលនៅជុំវិញ»+ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ស្រុកអេដំនឹងគ្មានអ្នកណាតាំងទីលំនៅឬរស់នៅទីនោះទៀតទេ។+
១៩ «មើល! មានបុគ្គលម្នាក់នឹងឡើងមកទាស់នឹងវាលស្មៅសុខសាន្ត ដូចជាតោ+ចេញពីព្រៃស្ដុកតាមដងទន្លេយ៉ូដាន់ ប៉ុន្តែមួយប៉ប្រិចភ្នែក ខ្ញុំនឹងធ្វើឲ្យគាត់រត់ចេញពីនាង។ ខ្ញុំនឹងតែងតាំងបុគ្គលម្នាក់ឲ្យគ្រប់គ្រងលើនាង។ ព្រោះតើមានអ្នកណាដូចខ្ញុំ ហើយអាចប្រជែងជាមួយនឹងខ្ញុំ? តើគង្វាលណាអាចតតាំងនឹងខ្ញុំបាន?+ ២០ ហេតុនេះ បណ្ដាជនទាំងឡាយអើយ! ចូរស្ដាប់នូវការសម្រេចដែលព្រះយេហូវ៉ាបានធ្វើទាស់នឹងស្រុកអេដំ និងអ្វីដែលលោកបានគិតទាស់នឹងពួកអ្នកដែលរស់នៅតំបន់ថេម៉ាន។ ប្រសាសន៍នោះមានដូចតទៅ៖+
ចៀមតូចៗនឹងត្រូវអូសយកចេញពីហ្វូងជាមិនខាន
គាត់នឹងធ្វើឲ្យលំនៅរបស់ពួកវាទៅជាតំបន់ស្ងាត់សូន្យ ដោយសារតែពួកគេ។+
២១ សំឡេងដួលរលំរបស់ពួកគេ ធ្វើឲ្យផែនដីរញ្ជួយ។
មើល! មានសំឡេងស្រែកឡើងយ៉ាងខ្លាំង!
សំឡេងនោះលាន់ឮទៅដល់សមុទ្រក្រហម។+
២២ មើល! សត្រូវនឹងត្រដាងស្លាប
ហើរឡើងដូចជាឥន្ទ្រី ហើយចុះមកក្រុងបូសរ៉ាយ៉ាងលឿន។+
នៅគ្រានោះ ទ័ពខ្លាំងពូកែរបស់អេដំនឹងភ័យញាប់ញ័រ
ដូចជាស្ត្រីហៀបនឹងសម្រាលកូន»។
២៣ ស្ដីអំពីក្រុងដាម៉ាស់+ ព្រះមានប្រសាសន៍ដូចតទៅ៖
«អ្នកក្រុងហាម៉ាត+និងអ្នកក្រុងអើផាតបានខ្មាស ព្រោះបានឮដំណឹងអាក្រក់។
ចិត្តពួកគេស្រយុតទៅដោយការភ័យខ្លាច
ចិត្តបណ្ដាជនដូចជាសមុទ្រកញ្ជ្រោលបក់បោកមិនចេះស្ងប់ទេ។
២៤ អ្នកក្រុងដាម៉ាស់ធ្លាក់ទឹកចិត្ត ហើយរត់ទៅទាំងភ័យតក់ស្លុត។
ពួកគេកើតទុក្ខនិងឈឺចាប់ជាខ្លាំង ដូចជាស្ត្រីហៀបនឹងសម្រាលកូន។
២៥ ហេតុអ្វីក្រុងដ៏រុងរឿងនិងសប្បាយរីករាយ
មិនទាន់ត្រូវគេបោះបង់ចោលដូច្នេះ?
២៦ មើល! ពួកយុវជនក្នុងក្រុងនោះ នឹងដួលស្លាប់នៅទីធ្លាសាធារណៈ
ហើយពួកទាហានទាំងអស់នឹងវិនាសទៅនៅថ្ងៃនោះ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
២៧ «ខ្ញុំនឹងដុតបំផ្លាញកំពែងក្រុងដាម៉ាស់
ហើយភ្លើងនោះនឹងឆាបឆេះប៉មរឹងមាំទាំងប៉ុន្មានរបស់បេនហាដាត»។+
២៨ ស្ដីអំពីទឹកដីកេដា+និងរាជាណាចក្រនានាក្នុងទឹកដីហាសោ ដែលនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនបានដណ្ដើមយក ព្រះយេហូវ៉ាបានមានប្រសាសន៍ដូចតទៅ៖
«ចូរឡើងទៅទឹកដីកេដា ហើយបំផ្លាញពួកអ្នកដែលនៅទិសខាងកើត។
២៩ ត្រសាលនិងហ្វូងចៀមរបស់ពួកគេ នឹងត្រូវចាប់យក
ព្រមទាំងក្រណាត់ត្រសាលនិងរបស់របរទាំងអស់។
ឯសត្វអូដ្ឋរបស់ពួកគេ ក៏នឹងត្រូវនាំយកទៅដែរ។
ពេលនោះ បណ្ដាជននឹងស្រែកទៅគេថា៖ ‹មានការភ័យតក់ស្លុតនៅគ្រប់ទិសទី!›»។
៣០ «ឱពួកអ្នកដែលរស់នៅទឹកដីហាសោអើយ! ចូររត់ទៅឲ្យឆ្ងាយទៅ!
ចូរទៅរស់នៅក្នុងទីជម្រៅចុះ!»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
«ព្រោះនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនបានរៀបផែនការទាស់នឹងអ្នក
គឺរៀបគម្រោងប្រឆាំងនឹងអ្នកហើយ»។
៣១ ព្រះយេហូវ៉ាប្រកាសថា៖ «ចូរឡើងទៅទាស់នឹងប្រជាជាតិដែលមានសន្តិភាព!
គឺពួកអ្នកដែលរស់នៅដោយសុខសាន្ត។
ប្រជាជាតិនោះគ្មានទ្វារក្រុងឬរនុកទេ ហើយពួកគេរស់នៅដាច់ដោយឡែកពីអ្នកឯទៀត។
៣២ ហ្វូងអូដ្ឋរបស់ពួកគេនឹងត្រូវគេដណ្ដើមយក
ហើយហ្វូងសត្វឯទៀតដ៏ច្រើនសន្ធឹកសន្ធាប់ ក៏ត្រូវគេចាប់យកដែរ។
ខ្ញុំនឹងកម្ចាត់កម្ចាយពួកគេទៅគ្រប់ទីកន្លែង
គឺពួកអ្នកដែលកាត់តម្រឹមសក់ត្រឹមសៀតផ្កា។+
ខ្ញុំនឹងនាំមហន្តរាយធ្លាក់មកលើពួកគេពីគ្រប់ទិសទី»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៣៣ «ទឹកដីហាសោនឹងទៅជាលំនៅរបស់ឆ្កែព្រៃ
គឺទៅជាកន្លែងស្ងាត់ជ្រងំជារៀងរហូត។
នៅទីនោះនឹងគ្មានមនុស្សរស់នៅ
ហើយគ្មានអ្នកណាតាំងលំនៅលើទឹកដីនោះទៀតឡើយ»។
៣៤ នៅដើមរាជ្យសេដេគា+ស្ដេចស្រុកយូដា ព្រះយេហូវ៉ាបានមានប្រសាសន៍អំពីស្រុកអេឡាំ+ តាមរយៈយេរេមាថា៖ ៣៥ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹មើល! ខ្ញុំនឹងបំបាក់ធ្នូរបស់ពួកអេឡាំ+ ជាប្រភពកម្លាំងដ៏ខ្លាំងក្លារបស់ពួកគេ។ ៣៦ ខ្ញុំនឹងនាំខ្យល់ទាំងបួនទិសបក់បោកមកលើស្រុកអេឡាំ ហើយខ្ញុំនឹងកម្ចាត់កម្ចាយពួកអ្នកស្រុកនោះទៅគ្រប់ទិស។ ពួកគេនឹងខ្ចាត់ខ្ចាយទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងអស់›»។
៣៧ ព្រះយេហូវ៉ាប្រកាសថា៖ «ខ្ញុំនឹងកម្ទេចពួកអេឡាំនៅមុខពួកសត្រូវ និងពួកអ្នកដែលតាមរកជីវិតពួកគេ។ ខ្ញុំនឹងបញ្ចេញកំហឹងរបស់ខ្ញុំដោយធ្វើឲ្យមានសេចក្ដីវេទនាធ្លាក់ទៅលើពួកគេ ហើយខ្ញុំនឹងបណ្ដាលឲ្យពួកសត្រូវដេញតាមប្រហារពួកគេដោយដាវ រហូតដល់ពួកគេវិនាសអស់គ្មានសល់»។
៣៨ ព្រះយេហូវ៉ាប្រកាសថា៖ «ខ្ញុំនឹងតាំងបល្ល័ង្កខ្ញុំនៅស្រុកអេឡាំ+ ហើយខ្ញុំនឹងប្រហារស្ដេចនិងពួកអ្នកគ្រប់គ្រងនៅទីនោះ»។
៣៩ «ប៉ុន្តែ នៅគ្រាចុងក្រោយបង្អស់ ខ្ញុំនឹងប្រមូលពួកអេឡាំដែលជាប់ជាឈ្លើយមកវិញ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។