យេរេមា
៣០ ប្រសាសន៍របស់ព្រះយេហូវ៉ាតាមរយៈយេរេមាមានដូចតទៅ៖ ២ «ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹ចូរកត់ទុកពាក្យទាំងអស់ដែលខ្ញុំប្រាប់អ្នកក្នុងសៀវភៅ។ ៣ ព្រោះខ្ញុំយេហូវ៉ាប្រកាសថា៖ «មើល! នឹងមានគ្រាមកដល់ដែលខ្ញុំនឹងប្រមូលរាស្ត្រខ្ញុំដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ គឺទាំងពួកអ៊ីស្រាអែលទាំងពួកយូដា+ ហើយពួកគេនឹងរស់នៅលើទឹកដីដែលខ្ញុំបានប្រគល់ដល់បុព្វបុរសរបស់ពួកគេម្ដងទៀត»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា›»។
៤ ពាក្យដែលព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ពួកអ៊ីស្រាអែលនិងពួកយូដា មានដូចតទៅ៖
៥ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «មានឮសូរសំឡេងនៃការភ័យខ្លាច
និងការភ័យតក់ស្លុត ហើយគ្មានសេចក្ដីសុខសាន្តទេ។
៦ សូមសួរទៅមើល តើបុរសអាចសម្រាលកូនបានទេ?
ចុះហេតុអ្វីក៏ខ្ញុំឃើញពួកបុរសខ្លាំងក្លា យកដៃឱបពោះ
ដូចជាស្ត្រីឈឺពោះសម្រាលកូនដូច្នេះ?+
ម្ដេចក៏គ្រប់គ្នាមានមុខស្លេកស្លាំងបែបនេះ?
៧ ព្រោះមើល! ថ្ងៃនោះជាថ្ងៃដ៏គួរឲ្យស្ញែងខ្លាច*+គ្មានថ្ងៃណាដូចថ្ងៃនោះទេ។
នោះជាគ្រាដែលយ៉ាកុបមានទុក្ខលំបាក។
ប៉ុន្តែ គាត់នឹងត្រូវសង្គ្រោះឲ្យរួចផុតពីការទាំងនោះ»។
៨ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ប្រកាសថា៖ «នៅថ្ងៃនោះ ខ្ញុំនឹងបំបាក់នឹមចេញពី កគាត់ ហើយផ្ដាច់ខ្សែនឹមជាពីរ។ គ្មានជនបរទេសណាហ៊ានចាប់គាត់*ធ្វើជាខ្ញុំបម្រើទៀតទេ។ ៩ រាស្ត្រខ្ញុំនឹងបម្រើខ្ញុំជាយេហូវ៉ាដែលជាព្រះរបស់ពួកគេ ព្រមទាំងបម្រើដាវីឌជាស្ដេចរបស់ពួកគេ ជាអ្នកដែលខ្ញុំនឹងតាំងឡើងឲ្យគ្រប់គ្រងលើពួកគេ»។+
១០ ព្រះយេហូវ៉ាប្រកាសថា៖ «ឯអ្នកវិញ ឱយ៉ាកុបជាអ្នកបម្រើខ្ញុំអើយ! កុំភ័យខ្លាចឡើយ
ឱអ៊ីស្រាអែលអើយ! កុំតក់ស្លុតឲ្យសោះ។+
ព្រោះខ្ញុំនឹងសង្គ្រោះអ្នកពីកន្លែងឆ្ងាយ
ថែមទាំងរំដោះកូនចៅអ្នកពីស្រុកដែលពួកគេជាប់ជាឈ្លើយទៀតផង។+
យ៉ាកុបនឹងត្រឡប់មកវិញ ហើយរស់នៅដោយស្ងៀមស្ងាត់គ្មានអ្នកណារំខានឡើយ ហើយក៏គ្មានអ្នកណាមកបំភ័យរាស្ត្រខ្ញុំដែរ»។+
១១ ព្រះយេហូវ៉ាប្រកាសថា៖ «ព្រោះខ្ញុំនៅជាមួយអ្នក ដើម្បីសង្គ្រោះអ្នក។
ប៉ុន្តែ ខ្ញុំនឹងបំផ្លាញប្រជាជាតិទាំងឡាយដែលខ្ញុំអនុញ្ញាតឲ្យចាប់អ្នក។+
ចំណែកអ្នកវិញ ខ្ញុំនឹងមិនបំផ្លាញទេ។+
ខ្ញុំនឹងប្រដៅតម្រង់អ្នកដល់កម្រិតត្រឹមត្រូវ
ខ្ញុំនឹងមិនឲ្យអ្នករួចពីទោសឡើយ»។+
១២ ព្រោះព្រះយេហូវ៉ាមានប្រសាសន៍ថា៖
«របួសរបស់អ្នកនឹងមិនជាទេ+ ហើយដំបៅរបស់អ្នកក៏មិនជាសះដែរ។
១៣ គ្មាននរណារកយុត្តិធម៌ឲ្យអ្នកទេ
ហើយក៏គ្មាននរណារុំរបួសឲ្យអ្នកដែរ។
គ្មានថ្នាំណាអាចព្យាបាលអ្នកបានឡើយ។
១៤ រីឯគូស្នេហ៍របស់អ្នកវិញ ពួកគេបានភ្លេចអ្នកហើយ។+
ពួកគេមិនទាំងនឹកនាដល់អ្នកផង។
ព្រោះខ្ញុំបានវាយប្រហារអ្នក ដូចសត្រូវវាយប្រហារអ្នកដែរ+
ហើយខ្ញុំដាក់ទោសអ្នក ដូចជនគ្មានមេត្តាដាក់ទោសអ្នកឯទៀត
ដោយសារតែទោសកំហុសធ្ងន់ធ្ងរនិងអំពើខុសឆ្គងជាច្រើនរបស់អ្នក។+
១៥ តើអ្នកគួរស្រែកថ្ងូរនឹងរបួសខ្លួនឬ?
ការឈឺចាប់នោះនឹងមិនធូរស្រាលទេ!
ដោយសារតែទោសកំហុសធ្ងន់ធ្ងរនិងអំពើខុសឆ្គងជាច្រើនរបស់អ្នកហើយ+
បានជាខ្ញុំប្រព្រឹត្តបែបនេះទៅលើអ្នក។
១៦ ចំណែកអស់អ្នកដែលលេបត្របាក់អ្នក អ្នកទាំងនោះនឹងត្រូវគេលេបត្របាក់វិញ។+
ពួកសត្រូវរបស់អ្នកនឹងត្រូវគេចាប់យកទៅធ្វើជាឈ្លើយ។+
ពួកអ្នកដែលប្លន់អ្នកនឹងត្រូវគេប្លន់វិញ
ហើយខ្ញុំនឹងធ្វើឲ្យពួកអ្នកដែលរឹបអូសទ្រព្យរបស់អ្នក ត្រូវគេរឹបអូសទ្រព្យវិញ»។+
១៧ ព្រះយេហូវ៉ាប្រកាសថា៖ «ប៉ុន្តែ ខ្ញុំនឹងរុំរបួសឲ្យអ្នកហើយធ្វើឲ្យអ្នកជាសះស្បើយ+
ទោះជាគេមិនទទួលស្គាល់អ្នក ហើយហៅអ្នកថា៖
‹ស៊ីយ៉ូនដែលគ្មាននរណាសួររក›»។+
១៨ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
«មើល! ខ្ញុំនឹងនាំកូនចៅយ៉ាកុបដែលបានជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ។+
ខ្ញុំនឹងបង្ហាញចិត្តអាណិតអាសូរ ហើយរៀបចំលំនៅឲ្យពួកគេម្ដងទៀត។
ក្រុងរបស់ពួកគេ នឹងត្រូវសង់នៅលើភ្នំឡើងវិញ+
ឯវិមានក៏នឹងត្រូវសង់នៅកន្លែងដើមដែរ។
១៩ ពេលនោះ ពួកគេនឹងច្រៀងថ្លែងអំណរគុណ ហើយស្រែកអរសប្បាយ។+
ខ្ញុំនឹងបង្កើនចំនួនពួកគេឲ្យច្រើនឡើង មិនមែនថយចុះឡើយ+
គឺខ្ញុំនឹងធ្វើឲ្យពួកគេមានចំនួនច្រើនអនេក*លែងមានចំនួនតិចតួចទៀតហើយ។+
២០ កូនចៅពួកគេនឹងចម្រុងចម្រើនដូចនៅសម័យមុនដែរ
ហើយពួកជំនុំរបស់ពួកគេនឹងត្រូវតាំងឡើងយ៉ាងមាំនៅចំពោះខ្ញុំ។+
ខ្ញុំនឹងដាក់ទោសអស់អ្នកដែលគាបសង្កត់ពួកគេ។+
២១ អ្នកដឹកនាំម្នាក់នឹងចេញមកពីចំណោមពួកគេ
គឺអ្នកគ្រប់គ្រងម្នាក់នឹងកើតចេញពីពួកគេ។
ខ្ញុំនឹងឲ្យគាត់ចូលមកជិតខ្ញុំ ហើយគាត់នឹងចូលមកជិតខ្ញុំមែន»។
«បើមិនដូច្នោះទេ តើអ្នកណាហ៊ានចូលមកជិតខ្ញុំទៅ?»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
២២ «អ្នករាល់គ្នានឹងធ្វើជារាស្ត្រខ្ញុំ+ ហើយខ្ញុំនឹងទៅជាព្រះរបស់អ្នករាល់គ្នា»។+
២៣ មើល! ខ្យល់ព្យុះរបស់ព្រះយេហូវ៉ានឹងបោកបក់ដោយកំហឹង+
ដូចជាព្យុះសង្ឃរាដែលនឹងបក់បោកទៅលើក្បាលជនទុច្ចរិត។
២៤ កំហឹងរបស់ព្រះយេហូវ៉ានឹងមិនរសាយទៅឡើយ
រហូតដល់លោកបំពេញតាមបំណងចិត្តរបស់លោក។+
នៅគ្រាចុងក្រោយបង្អស់ អ្នករាល់គ្នានឹងយល់អំពីរឿងនេះ។+