អ្នកសម្រេចក្ដី
៣ ព្រះយេហូវ៉ាទុកឲ្យប្រជាជាតិទាំងនេះនៅសល់ ដើម្បីល្បងលបណ្ដាជនអ៊ីស្រាអែលទាំងអស់ដែលមិនធ្លាប់ចូលសមរភូមិច្បាំងនឹងជនជាតិកាណាន+ ២ (នេះគឺដើម្បីឲ្យកូនចៅអ៊ីស្រាអែលជំនាន់ក្រោយមានបទពិសោធន៍ធ្វើសង្គ្រាម ដោយសារពួកគេមិនធ្លាប់ជួបស្ថានភាពបែបនោះទេ)។ ៣ ពួកអ្នកទាំងនេះមាន មេដឹកនាំទាំងប្រាំនាក់របស់ពួកភីលីស្ទីន+ ជនជាតិកាណានទាំងអស់ ពួកអ្នកក្រុងស៊ីដូន+ និងជនជាតិហេវី+ដែលរស់នៅលើភ្នំលីបង់+ ចាប់ពីភ្នំបាលហឺម៉ូន លាតសន្ធឹងដល់លេបូហាម៉ាត។*+ ៤ ពួកគេបានត្រូវទុកឲ្យរស់នៅ ដើម្បីល្បងលឲ្យដឹងថា តើជនជាតិអ៊ីស្រាអែលនឹងធ្វើតាមបញ្ញត្តិដែលព្រះយេហូវ៉ាបានឲ្យបុព្វបុរសពួកគេតាមរយៈម៉ូសេឬយ៉ាងណា?+ ៥ ដូច្នេះ ជនជាតិអ៊ីស្រាអែលក៏បន្តរស់នៅក្នុងចំណោមជនជាតិកាណាន+ ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។ ៦ ជនជាតិអ៊ីស្រាអែលឲ្យកូនប្រុសខ្លួនយកកូនស្រីៗរបស់ជនជាតិទាំងនេះធ្វើជាប្រពន្ធ ហើយលើកកូនស្រីខ្លួនឲ្យទៅកូនប្រុសៗរបស់ពួកគេ។ ជនជាតិអ៊ីស្រាអែលចាប់ផ្ដើមបម្រើព្រះផ្សេងៗរបស់ជនជាតិទាំងនេះ។+
៧ ម្ល៉ោះហើយ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើដែលព្រះយេហូវ៉ាមិនពេញចិត្ត ហើយពួកគេភ្លេចព្រះយេហូវ៉ាជាព្រះរបស់ពួកគេ រួចបែរទៅគោរពបូជាព្រះបាល+និងបង្គោលឈើពិសិដ្ឋ។*+ ៨ ហេតុនេះ ព្រះយេហូវ៉ាខឹងជនជាតិអ៊ីស្រាអែលខ្លាំងណាស់ បានជាលោកប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់គូសានរីសាថេមដែលជាស្ដេចនៃតំបន់មេសូប៉ូតាមា។* ជនជាតិអ៊ីស្រាអែលនៅក្រោមការគ្រប់គ្រងរបស់ស្ដេចគូសានរីសាថេមអស់រយៈពេល៨ឆ្នាំ។ ៩ ពេលជនជាតិអ៊ីស្រាអែលស្រែករកព្រះយេហូវ៉ាឲ្យជួយ+ ព្រះយេហូវ៉ាបានតែងតាំងឲ្យមានអ្នកសង្គ្រោះម្នាក់។+ អ្នកនោះឈ្មោះអុតនាល+ជាកូនប្រុសកេណាស និងត្រូវជាក្មួយរបស់កាលែប។ ១០ ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាក៏មានឥទ្ធិពលទៅលើអុតនាល+ ហើយគាត់បានទៅជាអ្នកសម្រេចក្ដីរបស់ជនជាតិអ៊ីស្រាអែល។ ពេលគាត់ចេញទៅច្បាំង ព្រះយេហូវ៉ាបានប្រគល់គូសានរីសាថេមជាស្ដេចនៃតំបន់មេសូប៉ូតាមា*ទៅក្នុងកណ្ដាប់ដៃគាត់ បានជាគាត់អាចយកឈ្នះគូសានរីសាថេមបាន។ ១១ រួចទឹកដីនោះមានសេចក្ដីសុខសាន្តអស់រយៈពេល៤០ឆ្នាំ។ ក្រោយមក អុតនាលកូនប្រុសកេណាសបានទទួលមរណភាព។
១២ ម្ដងទៀត ជនជាតិអ៊ីស្រាអែលបានចាប់ផ្ដើមប្រព្រឹត្តអំពើដែលព្រះយេហូវ៉ាមិនពេញចិត្ត។+ ហេតុនេះ ព្រះយេហូវ៉ាអនុញ្ញាតឲ្យអេកឡូនជាស្ដេចស្រុកម៉ូអាប់+មានប្រៀបលើពួកគេ ដោយសារពួកគេបានប្រព្រឹត្តអំពើដែលព្រះយេហូវ៉ាមិនពេញចិត្ត។ ១៣ មិនត្រឹមតែប៉ុណ្ណោះ អេកឡូនក៏បានហៅជនជាតិអាំម៉ូន+និងជនជាតិអាម៉ាលេក+ឲ្យមកច្បាំងនឹងជនជាតិអ៊ីស្រាអែលដែរ។ ពួកគេបានវាយប្រហារ ហើយដណ្ដើមយកក្រុងដើមលម៉ើ។+ ១៤ ជនជាតិអ៊ីស្រាអែលនៅក្រោមចំណុះអេកឡូនជាស្ដេចស្រុកម៉ូអាប់អស់រយៈពេល១៨ឆ្នាំ។+ ១៥ រួចជនជាតិអ៊ីស្រាអែលអង្វរសុំព្រះយេហូវ៉ាឲ្យជួយពួកគេ។+ ព្រះយេហូវ៉ាក៏តែងតាំងអ៊ីហឺតឲ្យជួយសង្គ្រោះពួកគេ។+ អ៊ីហឺត+ជាកូនប្រុសកេរ៉ាពីកុលសម្ព័ន្ធបេនយ៉ាមីន+ គាត់ជាមនុស្សដែលប្រើដៃឆ្វេង។+ ក្រោយមក ជនជាតិអ៊ីស្រាអែលឲ្យគាត់យកសួយអាករទៅជូនអេកឡូនដែលជាស្ដេចស្រុកម៉ូអាប់។ ១៦ អ៊ីហឺតបានធ្វើដាវមួយដែលមានមុខពីរ ប្រវែងមួយហត្ថ។* គាត់ក្រវាត់ដាវនោះនៅភ្លៅស្ដាំក្រោមអាវរបស់គាត់។ ១៧ រួចមក អ៊ីហឺតបានយកសួយអាករទៅឲ្យអេកឡូន។ រីឯអេកឡូនស្ដេចស្រុកម៉ូអាប់ គាត់ធាត់ខ្លាំងណាស់។
១៨ ក្រោយពីឲ្យសួយអាកររួចរាល់ហើយ អ៊ីហឺតនិងពួកបុរសដែលមកជាមួយ ក៏ចាកចេញទៅវិញ។ ១៩ ប៉ុន្តែ ពេលធ្វើដំណើរទៅដល់ក្រុងគីលកាល+នៅម្ដុំរូបសំណាក* អ៊ីហឺតបានត្រឡប់មកជួបអេកឡូនវិញ។ គាត់និយាយទៅអេកឡូនថា៖ «ឱស្ដេចជាម្ចាស់ ខ្ញុំមានសារសម្ងាត់ចង់ជម្រាបលោក»។ ឮដូច្នោះ ស្ដេចបញ្ជាថា៖ «ចូរនាំគ្នាចេញសិនទៅ!»។* ពួកអ្នកបម្រើទាំងអស់ក៏ចេញទៅ។ ២០ កាលដែលស្ដេចកំពុងអង្គុយតែម្នាក់ឯងនៅក្នុងបន្ទប់ត្រជាក់ខាងលើ នោះអ៊ីហឺតចូលទៅជិតស្ដេច ហើយនិយាយថា៖ «ខ្ញុំមានសារពីព្រះចង់ជម្រាបលោកម្ចាស់»។ អេកឡូនក៏ក្រោកពីកន្លែងអង្គុយ។ ២១ រួចអ៊ីហឺតលូកដៃឆ្វេងទៅដកដាវពីភ្លៅស្ដាំ ចាក់ពោះស្ដេច ២២ ហើយដងដាវក៏លិចកប់ចូលក្នុងខ្លាញ់ ព្រោះអ៊ីហឺតមិនបានទាញដាវចេញពីពោះស្ដេចទេ រួចលាមកក៏ធ្លាយចេញមក។ ២៣ បន្ទាប់មក អ៊ីហឺតចេញតាមរានហាល* រួចបិទទ្វារចាក់សោបន្ទប់ខាងលើនោះ។ ២៤ ក្រោយពីអ៊ីហឺតចេញទៅ ពួកអ្នកបម្រើស្ដេចបានមកបន្ទប់ខាងលើនោះ តែឃើញទ្វារចាក់សោ ដូច្នេះក៏និយាយគ្នាថា៖ «ស្ដេចច្បាស់ជាកំពុងបន្ទោបង់ក្នុងបន្ទប់ត្រជាក់ហើយ»។ ២៥ ប៉ុន្តែ កាលដែលពួកគេចាំយូរទៅនៅតែមិនឃើញស្ដេចចេញមក ពួកគេក៏តាំងព្រួយចិត្ត* ហើយយកសោចាក់ទ្វារបើក ស្រាប់តែឃើញម្ចាស់របស់ខ្លួនដេកស្លាប់!
២៦ អំឡុងពេលដែលពួកអ្នកបម្រើទាំងនោះកំពុងរង់ចាំស្ដេច អ៊ីហឺតបានគេចខ្លួនឆ្ងាយហួសកន្លែងដែលមានរូបសំណាក*+ រួចទៅដល់សៃរ៉ាដោយសុវត្ថិភាព។ ២៧ ពេលអ៊ីហឺតទៅដល់ទីនោះ គាត់ផ្លុំស្នែងឡើង+នៅតំបន់ភ្នំរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។+ ពេលឮសំឡេងផ្លុំស្នែង បណ្ដាជនអ៊ីស្រាអែលនាំគ្នាចុះពីតំបន់ភ្នំ ហើយអ៊ីហឺតនាំមុខពួកគេ។ ២៨ អ៊ីហឺតនិយាយទៅពួកគេថា៖ «ចូរមកតាមខ្ញុំ ព្រោះព្រះយេហូវ៉ាបានប្រគល់ជនជាតិម៉ូអាប់ដែលជាសត្រូវ មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។ ម្ល៉ោះហើយ ពួកគេទៅតាមគាត់ រួចចាប់យកទន្លេយ៉ូដាន់ត្រង់កន្លែងទឹករាក់ៗ ដើម្បីកុំឲ្យជនជាតិម៉ូអាប់ណាម្នាក់ឆ្លងកាត់ឡើយ។ ២៩ ដំណាលគ្នានោះ ពួកគេសម្លាប់ជនជាតិម៉ូអាប់អស់ប្រហែល១០.០០០នាក់+ ដែលសុទ្ធតែជាមនុស្សមាំមួននិងក្លាហាន គ្មានអ្នកណាម្នាក់រត់រួចឡើយ។+ ៣០ ចាប់ពីថ្ងៃនោះមក ជនជាតិម៉ូអាប់នៅក្រោមការគ្រប់គ្រងរបស់ជនជាតិអ៊ីស្រាអែល ហើយទឹកដីបានស្ងប់សង្គ្រាមអស់រយៈពេល៨០ឆ្នាំ។+
៣១ ក្រោយពីអ៊ីហឺតស្លាប់ សាមកើរ+ជាកូនប្រុសអេណាត ក៏ជាអ្នកដែលបានជួយសង្គ្រោះជនជាតិអ៊ីស្រាអែលដែរ។ សាមកើរបានសម្លាប់ជនជាតិភីលីស្ទីនអស់៦០០នាក់+ ដោយប្រើជន្លួញគោ។+