អ្នកទូន្មាន
១០ ដូចរុយងាប់បណ្ដាលឲ្យប្រេងក្រអូបរបស់អ្នកអប់ប្រេងទៅជាស្អុយនិងបែកពពុះ នោះអំពើល្ងង់ខ្លៅតិចតួចក៏អាចបង្ខូចកេរ្តិ៍ឈ្មោះរបស់មនុស្សដែលគេគោរព និងដែលគេចាត់ទុកថាមានប្រាជ្ញាដែរ។+
២ ចិត្តរបស់មនុស្សមានប្រាជ្ញានាំគាត់ឲ្យដើរតាមផ្លូវត្រឹមត្រូវ តែចិត្តរបស់មនុស្សល្ងីល្ងើនាំគាត់ឲ្យដើរតាមផ្លូវខុស។+ ៣ គ្រប់ទាំងផ្លូវដែលមនុស្សល្ងង់ខ្លៅ*ដើរ សឲ្យឃើញថាគាត់មិនចេះគិតពិចារណា+ ហើយគាត់ធ្វើឲ្យមនុស្សទាំងអស់ដឹងថាគាត់ជាមនុស្សល្ងង់ខ្លៅ។+
៤ បើអ្នកគ្រប់គ្រងណាម្នាក់ផ្ទុះកំហឹងនឹងអ្នក ចូរកុំចាកចេញពីកន្លែងរបស់អ្នកឡើយ+ ព្រោះចិត្តស្ងប់ជួយទប់ស្កាត់អំពើខុសឆ្គងធ្ងន់ធ្ងរ។+
៥ ខ្ញុំបានឃើញរឿងដ៏គួរឲ្យខ្លោចផ្សាដែលកើតឡើងនៅក្រោមថ្ងៃ គឺកំហុសដែលបង្កឡើងដោយពួកអ្នកមានអំណាច៖+ ៦ មនុស្សល្ងង់ខ្លៅបានកាន់ឋានៈខ្ពស់ តែមនុស្សដែលមានសមត្ថភាព*បន្តមានឋានៈទាបវិញ។
៧ ខ្ញុំធ្លាប់ឃើញពួកអ្នកបម្រើជិះសេះ តែពួកអ្នកគ្រប់គ្រងបែរជាដើរដូចអ្នកបម្រើទៅវិញ។+
៨ អ្នកណាដែលជីករណ្ដៅ អ្នកនោះអាចធ្លាក់ទៅក្នុងរណ្ដៅ+ ហើយអ្នកណាដែលទម្លាយជញ្ជាំងថ្ម អ្នកនោះអាចត្រូវពស់ចឹក។
៩ អ្នកដែលជីកថ្មអាចត្រូវរបួស ហើយអ្នកដែលកាប់ឈើអាចរងគ្រោះថ្នាក់។*
១០ បើអ្នកណាម្នាក់មានពូថៅដែលមានមុខរឹល តែមិនសំលៀងឲ្យមុតទេ នោះគាត់នឹងត្រូវបញ្ចេញកម្លាំងយ៉ាងច្រើន។ ប៉ុន្តែ ប្រាជ្ញាជួយឲ្យបានជោគជ័យ។
១១ បើពស់ចឹកមុនដែលគ្រូបានសូត្រមន្តអាគម តើអាគមដែលគាត់សូត្រនោះមានប្រយោជន៍អ្វី?
១២ ពាក្យពេចន៍របស់មនុស្សដែលមានប្រាជ្ញា នោះគួរឲ្យចង់ស្ដាប់។+ ប៉ុន្តែ សម្ដីដែលចេញពីមាត់មនុស្សល្ងីល្ងើ នាំឲ្យគាត់ជួបអន្តរាយ។+ ១៣ គាត់ចាប់ផ្ដើមដោយសម្ដីល្ងង់ខ្លៅ+ ហើយបញ្ចប់ដោយសម្ដីលីលាដែលនាំឲ្យវិនាស។ ១៤ ប៉ុន្តែ មនុស្សល្ងង់ខ្លៅនិយាយឥតឈប់។+
មនុស្សមិនដឹងថានឹងមានអ្វីកើតឡើងទេ។ តើអ្នកណាអាចប្រាប់គេបានថាក្រោយគេស្លាប់ទៅ នឹងមានអ្វីកើតឡើង?+
១៥ មនុស្សល្ងីល្ងើធ្វើការរហូតដល់អស់កម្លាំងរលីង ព្រោះសូម្បីតែផ្លូវទៅឯក្រុងវិញ ក៏គាត់មិនទាំងដឹងផង។
១៦ បើស្រុកណាមានកូនក្មេងឡើងធ្វើជាស្ដេច ហើយមានពួកមន្ត្រីធ្វើពិធីជប់លៀងតាំងពីព្រឹក ស្រុកនោះនឹងវេទនាហើយ!+ ១៧ ប៉ុន្តែ បើស្រុកណាមានពូជពង្សអ្នកមានឋានៈខ្ពស់ឡើងធ្វើជាស្ដេច ហើយមានពួកមន្ត្រីបរិភោគអាហារតាមត្រូវពេលដើម្បីឲ្យមានកម្លាំង មិនមែនដើម្បីឲ្យស្រវឹង ស្រុកនោះនឹងមានសេចក្ដីសុខហើយ!+
១៨ ការខ្ជិលច្រអូសនាំឲ្យដំបូលសំយាក ហើយដៃកម្ជិលនាំឲ្យផ្ទះលិចទឹក។+
១៩ អាហារ*នាំឲ្យសើចសប្បាយ ហើយស្រាទំពាំងបាយជូរធ្វើឲ្យជីវិតរីករាយ+ តែប្រាក់បំពេញសេចក្ដីត្រូវការគ្រប់បែបយ៉ាង។+
២០ កុំដាក់បណ្ដាសាស្ដេច សូម្បីតែនៅក្នុងចិត្ត*+ ហើយកុំដាក់បណ្ដាសាអ្នកមាន ពេលអ្នកនៅក្នុងបន្ទប់ដេកឡើយ។ ព្រោះបក្សាបក្សីអាចនាំសម្ដី*របស់អ្នក ឬសត្វស្លាបអាចពោលប្រាប់តាមពាក្យដែលចេញពីមាត់អ្នក។