បទចម្រៀងសាឡូម៉ូន
៣ «ក្នុងពេលរាត្រី
ខ្ញុំគេងអាល័យនឹកដល់ម្ចាស់ស្នេហ៍។+
ខ្ញុំចង់ជួបគាត់ខ្លាំងណាស់ តែមិនឃើញគាត់ទេ។+
២ ខ្ញុំនឹងក្រោកឡើង ហើយដើរពាសពេញក្រុង
គឺដើរតាមផ្លូវនានានិងទីលានសាធារណៈ
ខ្ញុំនឹងតាមរកម្ចាស់ស្នេហ៍របស់ខ្ញុំឲ្យឃើញ។
ខ្ញុំចង់ជួបគាត់ខ្លាំងណាស់ តែមិនឃើញគាត់ទេ។
៣ ពួកអ្នកយាមដែលកំពុងល្បាតក្រុង ក៏បានឃើញខ្ញុំ។+
ដូច្នេះ ខ្ញុំសួរពួកគេថា៖ ‹តើឃើញម្ចាស់ស្នេហ៍ខ្ញុំទេ?›។
៤ ក្រោយពីខ្ញុំដើរហួសពួកគេបន្តិច
ខ្ញុំបានប្រទះឃើញម្ចាស់ស្នេហ៍របស់ខ្ញុំ។
ខ្ញុំក៏ឱបគាត់ជាប់ មិនព្រមលែងឡើយ
ទាល់តែខ្ញុំបាននាំគាត់ចូលទៅក្នុងផ្ទះរបស់ម្ដាយខ្ញុំ+
គឺចូលទៅបន្ទប់ខាងក្នុងផ្ទះរបស់ម្ដាយដែលបានបង្កើតខ្ញុំមក។
៥ ឱកូនស្រីនៃក្រុងយេរូសាឡិមអើយ ខ្ញុំសុំឲ្យពួកនាងស្បថ
ដោយយកប្រើសនិងក្ដាន់ញីនៅឯវាលជាសាក្សីថា៖
ពួកនាងមិនត្រូវជំរុញចិត្តខ្ញុំឲ្យស្រឡាញ់ទេ លុះត្រាតែអារម្មណ៍នោះផុសចេញពីចិត្តរបស់ខ្ញុំ»។+
៦ «តើអ្វីនោះដូចជាផ្សែងហុយទ្រលោមចេញពីតំបន់ស្ងាត់ជ្រងំ
វាជះក្លិនជ័រល្វីងទេសនិងម្សៅក្រអូប
រួមទាំងគ្រឿងក្រអូបគ្រប់យ៉ាងរបស់ពួកឈ្មួញ?»។+
៧ «មើលហ្ន៎! នោះជាគ្រែស្នែងរបស់សាឡូម៉ូន។
មានទាហានខ្លាំងក្លា៦០នាក់ហែហមមកជាមួយផង
ពួកគេសុទ្ធតែជាបុរសអង់អាចរបស់អ៊ីស្រាអែល។+
៨ បុរសទាំងអស់នោះប្រដាប់ដោយដាវ
ពួកគេថ្នឹកធ្វើសង្គ្រាមណាស់
ហើយមានដាវសៀតនៅចង្កេះគ្រប់ៗគ្នា
ដើម្បីចាំការពារ ក្រែងលោមានភាពតក់ស្លុតកើតឡើងនៅពេលយប់»។
៩ «នោះជាគ្រែស្នែងរបស់ស្ដេចសាឡូម៉ូន
គាត់បានធ្វើគ្រែស្នែងនោះពីឈើដែលមកពីភ្នំស្រុកលីបង់ទុកសម្រាប់គាត់ផ្ទាល់។+
១០ គាត់បានធ្វើបង្គោលគ្រែស្នែងពីប្រាក់
ហើយបង្អែកពីមាស។
ចំណែកឯកន្លែងអង្គុយវិញធ្វើពីរោមចៀមពណ៌ស្វាយ។
កូនស្រីនៃក្រុងយេរូសាឡិមបានតុបតែងផ្នែកខាងក្នុង
ដោយសេចក្ដីស្រឡាញ់»។