អេសាយ
១៧ សេចក្ដីប្រកាសទាស់នឹងក្រុងដាម៉ាស់មានដូចតទៅ៖+
«មើល! ក្រុងដាម៉ាស់នឹងត្រូវសាបសូន្យទៅ ហើយក្រុងនោះនឹងក្លាយទៅជាសំណង់បាក់បែកវិញ។+
២ ក្រុងអារ៉ូអ៊ើរ*+នឹងត្រូវបោះបង់ចោល
ក្រុងនោះនឹងក្លាយទៅជាកន្លែងដែលហ្វូងចៀមដេកនៅ
ហើយគ្មានអ្នកណាមកបំភ័យពួកវាឡើយ។
៣ ក្រុងរឹងមាំទាំងប៉ុន្មាននៅអេប្រាអ៊ីមនឹងលែងមានទៀត+
ហើយរាជាណាចក្រដាម៉ាស់ក៏នឹងសាបសូន្យទៅដែរ។+
ឯពួកអ្នកដែលនៅសេសសល់ក្នុងស្រុកស៊ីរី នឹងលែងមានភាពរុងរឿងទៀត
ដូចជាពួកអ៊ីស្រាអែលបាត់បង់ភាពរុងរឿងរបស់ខ្លួនដែរ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
៤ «នៅគ្រានោះ ភាពថ្កុំថ្កើងរបស់យ៉ាកុបនឹងរលាយបាត់ទៅ
ហើយរាងកាយធំធាត់របស់គាត់នឹងទៅជាស្គមកំព្រឹងវិញ។
៥ យ៉ាកុបនឹងប្រៀបដូចជាកួរស្រូវដែលនៅសល់បន្តិចបន្តួច
ក្នុងវាលស្រែនៅជ្រលង*រេផែម+ក្រោយពីច្រូតកាត់រួច
គឺដូចកួរស្រូវដែលគេទុកចោលឲ្យអ្នកឯទៀតរើសយក។
៦ អ៊ីស្រាអែលនឹងប្រៀបដូចជាផ្លែអូលីវដែលនៅសល់បន្តិចបន្តួច
ក្រោយពីគេវាយជម្រុះពីដើម
គឺនៅសល់តែពីរបីផ្លែប៉ុណ្ណោះនៅលើមែកខ្ពស់បំផុត
ហើយនៅសល់តែបួនប្រាំផ្លែប៉ុណ្ណោះនៅលើមែកឯទៀត»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាព្រះនៃអ៊ីស្រាអែល។
៧ នៅគ្រានោះ មនុស្សនឹងងើយមើលទៅលើរកព្រះដែលជាអ្នកបង្កើតខ្លួន ហើយភ្នែកគាត់នឹងសម្លឹងទៅឯព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល។ ៨ គាត់នឹងមិនមើលទៅទីបូជា+ដែលជាស្នាដៃរបស់ខ្លួនទេ+ ហើយគាត់ក៏នឹងមិនយកភ្នែកមើលបង្គោលឈើពិសិដ្ឋ*ឬជើងតាំងដុតគ្រឿងក្រអូបដែលគាត់បានធ្វើនោះដែរ។
៩ នៅគ្រានោះ ក្រុងរឹងមាំទាំងឡាយរបស់គាត់នឹងប្រៀបដូចជាលំនៅដែលគេទុកចោលក្នុងព្រៃ+ នឹងគ្មាននរណាអាស្រ័យនៅទៀតឡើយ។
ក្រុងទាំងនោះនឹងប្រៀបដូចជាមែកដែលគេបោះចោលនៅខាងមុខពួកអ៊ីស្រាអែល។
១០ ព្រោះអ្នកបានភ្លេចព្រះ+ដែលជាអ្នកសង្គ្រោះអ្នកហើយ
អ្នកមិនបាននឹកឃើញថ្មដា+ដែលជាទីពឹងជ្រករបស់អ្នកទេ។
ហេតុនេះហើយបានជាអ្នកដាំដំណាំដ៏ស្រស់បំព្រង
រួចយកខ្នែងរបស់មនុស្សចម្លែក*ទៅបំបៅជាមួយនឹងដំណាំនោះ។
១១ នៅពេលថ្ងៃ អ្នកធ្វើរបងព័ទ្ធជុំវិញដំណាំរបស់អ្នកយ៉ាងយកចិត្តទុកដាក់
លុះព្រឹកឡើង គ្រាប់ពូជដែលអ្នកបានសាបព្រោះលូតលាស់យ៉ាងលឿន។
ប៉ុន្តែ នឹងគ្មានផលអ្វីទេ មានតែជំងឺនិងការឈឺចាប់ដែលមិនចេះធូរស្បើយប៉ុណ្ណោះ។+
១២ ចូរស្ដាប់ចុះ! មានសូរសំឡេងចលាចលរបស់មនុស្សជាច្រើន
សូរសំឡេងពួកគេដូចជាសំឡេងរលកសមុទ្របក់បោក!
សម្រែកកំហឹងរបស់ប្រជាជាតិទាំងឡាយ
ឮសូរដូចជាសន្ធឹកទឹកហូរយ៉ាងខ្លាំង!
១៣ ប្រជាជាតិនានានឹងស្រែកឡើង ឮសូរសន្ធឹកដូចទឹកហូរគ្រាំគ្រេង។
លោកនឹងប្រដៅតម្រង់ពួកគេ ហើយពួកគេនឹងរត់ទៅកន្លែងឆ្ងាយ
ហើយត្រូវខ្ចាត់ខ្ចាយដូចជាអង្កាមនៅលើភ្នំ ពេលត្រូវខ្យល់បក់ផាត់
និងដូចជាបន្លាក្រៀមស្វិតត្រូវខ្យល់ព្យុះកួចយកទៅ។
១៤ នៅពេលល្ងាច មានការភ័យរន្ធត់។
ពេលភ្លឺស្រាងៗ នឹងលែងមានពួកគេទៀត។
នេះហើយជាលទ្ធផលរបស់ពួកអ្នកដែលប្លន់យើង
និងជាសំណងដល់ពួកអ្នកដែលប្លន់ទ្រព្យរបស់យើង។