អេសាយ
១៤ ព្រោះព្រះយេហូវ៉ានឹងបង្ហាញចិត្តមេត្តាចំពោះយ៉ាកុប+ ហើយលោកនឹងជ្រើសរើសអ៊ីស្រាអែលម្ដងទៀត។+ លោកនឹងនាំពួកគេឲ្យទៅរស់នៅក្នុងស្រុករបស់ខ្លួន+ ហើយជនបរទេសនឹងមកជ្រកកោនជាមួយនឹងពួកគេ ព្រមទាំងនៅជាប់នឹងពូជពង្សយ៉ាកុប។+ ២ ប្រជាជាតិនានានឹងនាំពួកគេត្រឡប់ទៅទីលំនៅរបស់ខ្លួនវិញ ហើយពូជពង្សអ៊ីស្រាអែលនឹងយកពួកគេធ្វើជាខ្ញុំបម្រើប្រុសស្រី+ក្នុងទឹកដីរបស់ព្រះយេហូវ៉ា។ ពួកគេនឹងធ្វើជាម្ចាស់លើពួកអ្នកដែលធ្លាប់យកពួកគេធ្វើជាឈ្លើយ ហើយពួកគេនឹងត្រួតត្រាលើអស់អ្នកដែលធ្លាប់បង្ខំពួកគេឲ្យធ្វើការ។
៣ នៅថ្ងៃដែលព្រះយេហូវ៉ាជួយអ្នករាល់គ្នាឲ្យរួចផុតពីការឈឺចាប់ ទុក្ខវេទនា និងពីភាពជាខ្ញុំបម្រើដ៏សែនពិបាក+ ៤ អ្នករាល់គ្នានឹងពោលសុភាសិតនេះទាស់នឹងស្ដេចស្រុកបាប៊ីឡូនថា៖
«អ្នកដែលបង្ខំគេឲ្យធ្វើការបានបាត់ទៅហើយ!
អ្នកដែលសង្កត់សង្កិនគេ លែងមានទៀត!+
៥ ព្រះយេហូវ៉ាបានបំបាក់ដំបងរបស់ជនទុច្ចរិត
និងព្រនង់របស់ពួកអ្នកគ្រប់គ្រង+
៦ គឺអ្នកដែលវាយប្រហារបណ្ដាជនឥតល្ហែដោយកំហឹង+
គឺអ្នកដែលបង្ក្រាបប្រជាជាតិដោយការបៀតបៀនឥតស្បើយ។+
៧ ឥឡូវផែនដីទាំងមូលបានស្រាកស្រាន្ត និងសុខសាន្តហើយ។
បណ្ដាជនស្រែកឡើងដោយអំណរ។+
៨ សូម្បីតែដើមយូនីពើក៏អរសប្បាយចំពោះអ្វីដែលបានកើតឡើងដល់អ្នក
ហើយដើមស៊ីដារនៅតំបន់លីបង់ក៏អរសប្បាយដែរ។
ដើមទាំងនោះនិយាយថា៖ ‹តាំងពីអ្នកបានរលំមក
គ្មានអ្នកកាប់ឈើណាមកកាប់យើងទៀតទេ›។
៩ ពេលអ្នកចុះទៅក្នុងផ្នូរ នឹងមានការជ្រួលច្របល់ជាខ្លាំង។
មនុស្សស្លាប់នឹងភ្ញាក់ឡើងទទួលស្វាគមន៍អ្នក
គឺពួកមេដឹកនាំទាំងឡាយនៅផែនដី ជាអ្នកដែលជិះជាន់សង្កត់សង្កិនគេ។
កាលអ្នកទៅដល់ បណ្ដាស្ដេចនៃប្រជាជាតិនានានឹងក្រោកពីបល្ល័ង្កមកទទួលអ្នក។
១០ អ្នកទាំងនោះក៏និយាយមកអ្នកថា៖
‹តើអ្នកទៅជាខ្សោយដូចយើងដែរឬ? តើអ្នកទៅជាដូចយើងដែរឬ?
១១ អំណួតរបស់អ្នកបានត្រូវទម្លាក់ទៅក្នុងផ្នូរ
ព្រមជាមួយនឹងឧបករណ៍ភ្លេងមានខ្សែរបស់អ្នកផង។+
នៅក្រោមអ្នក មានដង្កូវពាសពេញដូចជាគ្រែ
ហើយមានដង្កូវគ្របលើអ្នកដូចជាផួយដែរ›។
១២ ឱអ្នកដែលភ្លឺចិញ្ចាចចិញ្ចែង ជាកូននៃពន្លឺអើយ!
អ្នកបានធ្លាក់ពីលើមេឃហើយ! អ្នកធ្លាប់បំផ្លាញប្រជាជាតិនានា
តែឥឡូវអ្នកបានត្រូវកាត់ទម្លាក់មកផែនដីហើយ!+
១៣ អ្នកបានគិតក្នុងចិត្តថា៖ ‹ខ្ញុំនឹងឡើងទៅលើមេឃ+
ខ្ញុំនឹងលើកបល្ល័ង្កខ្ញុំឲ្យខ្ពស់ជាងផ្កាយរបស់ព្រះ+
ខ្ញុំនឹងអង្គុយនៅលើភ្នំនៃការជួបជុំគ្នា
គឺនៅកន្លែងឆ្ងាយបំផុតនៃភាគខាងជើង។+
១៤ ខ្ញុំនឹងឡើងទៅឲ្យខ្ពស់ហួសពពក
ខ្ញុំនឹងធ្វើខ្លួនឲ្យដូចជាព្រះដ៏ខ្ពង់ខ្ពស់បំផុត›។
១៥ ប៉ុន្តែ អ្នកនឹងត្រូវទម្លាក់ចុះទៅក្នុងផ្នូរ គឺក្នុងរណ្ដៅដ៏ជ្រៅបំផុតវិញ។
១៦ អស់អ្នកដែលឃើញអ្នក នឹងសម្លឹងមើលអ្នក
ពួកគេនឹងពិនិត្យមើលយ៉ាងហ្មត់ចត់ ហើយនិយាយថា៖
‹តើនេះជាអ្នកដែលធ្លាប់ធ្វើឲ្យផែនដីរង្គោះរង្គើឬ?
តើគាត់ជាអ្នកដែលបានធ្វើឲ្យរាជាណាចក្រទាំងឡាយភ័យរន្ធត់ឬ?+
១៧ តើគាត់ជាអ្នកដែលធ្វើឲ្យពិភពលោករលីងទៅដូចជាតំបន់ស្ងាត់ជ្រងំ
ហើយបំផ្លាញក្រុងទាំងប៉ុន្មានឬ?+
តើគាត់មែនឬដែលមិនបានដោះលែងពួកអ្នកទោសរបស់គាត់នោះ?›។+
១៨ ឯបណ្ដាស្ដេចឯទៀតនៃប្រជាជាតិនានា
សុទ្ធតែបានត្រូវបញ្ចុះដោយមានកិត្តិយស
គឺពួកគេបានត្រូវបញ្ចុះក្នុងផ្នូររៀងៗខ្លួន។
១៩ ចំណែកអ្នកវិញ អ្នកនឹងត្រូវទុកចោល គ្មានផ្នូរសម្រាប់បញ្ចុះទេ
គឺដូចជាពន្លក*ដែលគួរឲ្យខ្ពើមឆ្អើម
ហើយមានសាកសពនៃអ្នកដែលស្លាប់ដោយដាវគ្របលើអ្នក
អ្នកនិងអ្នកទាំងនោះនឹងត្រូវបោះទម្លាក់ទៅក្នុងរណ្ដៅមួយដែលពេញទៅដោយថ្ម
អ្នកប្រៀបដូចជាខ្មោចសត្វដែលគេដើរជាន់។
២០ អ្នកនឹងមិនត្រូវបញ្ចុះក្នុងផ្នូរដូចស្ដេចឯទៀតទេ
ព្រោះអ្នកបានបំផ្លាញស្រុកខ្លួន និងបានសម្លាប់រាស្ត្រខ្លួន។
ឈ្មោះរបស់កូនចៅពួកអ្នកប្រព្រឹត្តអាក្រក់នឹងគ្មានអ្នកណាលើកឡើងទៀតឡើយ។
២១ ចូរត្រៀមសម្លាប់កូនចៅរបស់គាត់ទៅ
ព្រោះតែទោសកំហុសរបស់បុព្វបុរសពួកគេ
ដើម្បីកុំឲ្យពួកគេក្រោកឡើងកាន់កាប់លើផែនដី
និងបង្កើតក្រុងពេញពាសដីឡើយ»។
២២ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ប្រកាសថា៖ «ខ្ញុំនឹងក្រោកឡើងប្រឆាំងនឹងពួកគេ»។+
«ខ្ញុំនឹងលុបបំបាត់ឈ្មោះស្រុកបាប៊ីឡូន ព្រមទាំងពួកអ្នកដែលនៅសេសសល់ និងកូនចៅពួកគេ រួមទាំងកូនចៅជំនាន់ក្រោយៗផងដែរ»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
២៣ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ប្រកាសថា៖ «ខ្ញុំនឹងធ្វើឲ្យស្រុកនោះទៅជាលំនៅរបស់សត្វកាំប្រមា និងទៅជាតំបន់វាលភក់ ហើយខ្ញុំនឹងបំផ្លាញស្រុកនោះឲ្យសាបសូន្យទៅ»។*+
២៤ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានស្បថថា៖
«នេះនឹងកើតឡើងដូចបំណងខ្ញុំ
ហើយនឹងក្លាយទៅជាការពិត ដូចដែលខ្ញុំបានសម្រេចហើយ។
២៥ ខ្ញុំនឹងកម្ទេចពួកអាស៊ីរីនៅក្នុងស្រុកខ្ញុំ
ហើយខ្ញុំនឹងជាន់ឈ្លីគាត់នៅលើភ្នំខ្ញុំ។+
ឯនឹមដែលគាត់បានដាក់ទៅលើរាស្ត្ររបស់ខ្ញុំ ខ្ញុំនឹងដាក់ចុះ
ហើយបន្ទុកដែលគាត់បានដាក់លើស្មារាស្ត្ររបស់ខ្ញុំ ក៏ខ្ញុំដកចេញដែរ»។+
២៦ នេះជាអ្វីដែលព្រះបានសម្រេចចិត្តធ្វើ ទាស់នឹងផែនដីទាំងមូល
លោកបានយារដៃបម្រុងនឹងវាយប្រហារប្រជាជាតិទាំងឡាយតាមរបៀបនេះ។
២៧ ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានសម្រេចចិត្តហើយ
តើអ្នកណាអាចរារាំងបាន?+
លោកបានយារដៃទៅហើយ តើអ្នកណាអាចកៀសចេញបាន?+
២៨ នៅឆ្នាំដែលស្ដេចអេហាសបានស្លាប់+ មានសេចក្ដីប្រកាសដូចតទៅ៖
២៩ «ពួកភីលីស្ទីនទាំងឡាយអើយ! កុំត្រេកអរ
ដោយសារតែដំបងរបស់បុគ្គលដែលវាយអ្នក បានត្រូវបំបាក់នោះឡើយ។
៣០ កាលដែលកូនច្បងរបស់មនុស្សតូចទាបមានអាហារបរិភោគឆ្អែត
ហើយមនុស្សក្រីក្រសម្រាន្តដោយសុខសាន្ត
ខ្ញុំនឹងធ្វើឲ្យរាស្ត្ររបស់អ្នកស្លាប់ដោយការអត់ឃ្លាន
ហើយពួកអ្នកដែលនៅសេសសល់នឹងត្រូវសម្លាប់។+
៣១ ឱខ្លោងទ្វារអើយ ចូរទ្រហោយំទៅ! ឱទីក្រុងអើយ ចូរស្រែកឡើង!
ឱពួកភីលីស្ទីនអើយ អ្នករាល់គ្នានឹងស្រយុតចិត្ត!
ព្រោះមានផ្សែងហុយមកពីទិសខាងជើង
ហើយទ័ពសត្រូវដើរមកជាមួយគ្នាឥតមានបាត់អ្នកណាម្នាក់ឡើយ»។
៣២ តើពួកគេគួរតបឆ្លើយទៅពួកអ្នកនាំសារនៃប្រជាជាតិយ៉ាងណាទៅ?
ពួកគេនឹងឆ្លើយថាព្រះយេហូវ៉ាបានដាក់គ្រឹះនៃក្រុងស៊ីយ៉ូន+
ហើយឆ្លើយថាពួកអ្នកតូចទាបក្នុងចំណោមរាស្ត្ររបស់លោកនឹងជ្រកកោនក្នុងក្រុងនោះ។